Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គណៈប្រតិភូ​២០​ស្ថាប័ន​គោរព​វិញ្ញាណក្ខន្ធ​សព​ទាហាន​មួក​ខៀវ​ម្នាក់​នៅ​ខេត្ត​សៀមរាប

$
0
0

សព​យោធិន​ម្នាក់​ក្នុង​ចំណោម ៣​នាក់​ទៀត​ដែល​ជា​កង​រក្សា​សន្តិភាព ហើយ​បាន​ពលី​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល បាន​បញ្ជូន​មក​ដល់​លំនៅឋាន​នា​ភូមិ​កំពង់ក្ដី ស្រុក​ជីក្រែង ខេត្ត​សៀមរាប ហើយ​កាល​ពី​វេលា​ម៉ោង ២​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ខែ​ឧសភា។

នៅ​ឯ​លំនៅឋាន​គ្រួសារ​នៃ​សព​របស់​យោធិន​ពលី ឈ្មោះ អ៊ឹម សំ គឺ​មាន​មន្ត្រី​រាជការ កម្លាំង​ប្រដាប់​អាវុធ ព្រម​ទាំង​ពលរដ្ឋ និង​សិស្សានុសិស្ស​ជាច្រើន បាន​មក​ចូលរួម​កកកុញ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ និង​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី​ខ្មែរ។

គណៈប្រតិភូ​ចំនួន ២០​ស្ថាប័ន និង​អង្គភាព បាន​នាំ​គ្នា​ទៅ​គោរព​វិញ្ញាណក្ខន្ធ​យោធិន​ពលី​ដែល​ជា​កង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ម្នាក់​នៅ​ឯ​លំនៅឋាន​នា​ភូមិ​កំពង់ក្ដី ស្រុក​ជីក្រែង ចម្ងាយ​ប្រមាណ ៧០​គីឡូម៉ែត្រ ភាគ​ខាង​កើត​ពី​ទី​រួម​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​ឧសភា។

ការ​នាំ​គ្នា​ចូល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នេះ បន្ទាប់​ពី​សព​របស់​លោក​វរសេនីយ៍ត្រី អ៊ឹម សំ ដែល​ជា​កង​កម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ម្នាក់​ក្នុង​ចំណោម ៣​នាក់​ផ្សេង​ទៀត ដែល​ពលី​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល នោះ ត្រូវ​រដ្ឋាភិបាល និង​អង្គការ​សហប្រជាជាតិ បញ្ជូន​មក​ដល់​លំនៅឋាន​វិញ​មក។

អគ្គនាយក​រង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព បោស​សម្អាត​មីន និង​សំណល់​សង្គ្រាម ដែល​ជា​អ្នក​នាំ​សព​យោធិន​ពលី​មក​ឲ្យ​ក្រុម​គ្រួសារ គឺ​លោក​ឧត្តមសេនីយ៍ឯក អ៊ុំ វ៉ាន់ថា។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​ឧសភា ថា សព​របស់​យោធិន​ទាំង ៤​រូប​ដែល​ពលី​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល នោះ បាន​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ម៉ោង​ជាង ៨​យប់​ថ្ងៃ​ទី​២១ ខែ​ឧសភា ដោយ​ប្រមុខ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ជា​អធិបតី​នៃ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ផង។ បន្ទាប់​មក រូប​លោក​ក៏​ទទួល​ភារកិច្ច​ដឹក​សព​របស់​យោធិន​ពលី​ឈ្មោះ អ៊ឹម សំ មក​កាន់​លំនៅឋាន ហើយ​បាន​មក​ដល់​ភូមិ​កំពង់ក្ដី ស្រុក​ជីក្រែង ខេត្ត​សៀមរាប កាល​ពី​វេលា​ម៉ោង ២​ទៀប​ភ្លឺ​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​ឧសភា។

លោក​ឧត្តមសេនីយ៍ អ៊ុំ វ៉ាន់ថា បញ្ជាក់​ថា ប្រមុខ​រដ្ឋាភិបាល និង​ក្រសួង​ការពារ​ជាតិ នៃ​ប្រទេស​កម្ពុជា បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​ចំពោះ​សព​យោធិន​ទាំង ៤​រូប ដែល​ពលី​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ក្នុង​បុព្វហេតុ​ជួយ​រក្សា​សន្តិភាព​ឲ្យ​អង្គការ​សហប្រជាជាតិ នេះ៖ «ពលីកម្ម​ដ៏​ធំធេង​នេះ​ស្ដែង​ឲ្យ​ឃើញ​នូវ​វីរភាព​ដ៏​ក្លាហាន​របស់​វីរ​កងទ័ព​កម្ពុជា ដែល​បាន​ចេញ​ទៅបំពេញ​ការងារសន្តិភាព​នៅ​លើ​ទឹកដី​អាហ្វ្រិក​កណ្ដាល ក៏ដូចជា​បណ្ដា​ប្រទេស​មួយ​ចំនួននៅ​លើ​សកលលោក​នេះ​ដែរ»

ក្រុម​គ្រួសារ​របស់​យោធិន​ពលី អ៊ឹម សំ ឲ្យ​ដឹង​ថា គេ​នឹង​ធ្វើ​ពិធី​បុណ្យ​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​ប្ដី​ជា​ទី​ស្រឡាញ់​នេះ​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ច័ន្ទ រហូត​ទៅ​ដល់​ថ្ងៃ​ពុធ ទី​២៤ ខែ​ឧសភា មុន​នឹង​បញ្ចុះ​សព​នេះ​ទៅ​តាម​ប្រពៃណី​ខ្មែរ។

ភរិយា​របស់​សព​យោធិន​ពលី អ្នកស្រី តាន់ ភារ័ត្ន មាន​ប្រសាសន៍​ថា អ្នកស្រី​មាន​អារម្មណ៍​ស្ងប់​ចិត្ត​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ដឹក​សព​ស្វាមី​របស់​អ្នកស្រី មក​ឲ្យ​ក្រុម​គ្រួសារ​ឃើញ​មុខ​ជា​ចុង​ក្រោយ​នេះ។

ទោះ​យ៉ាង​ណា អ្នកស្រី តាន់ ភារ័ត្ន នៅ​តែ​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​រស់នៅ​របស់​នាង និង​កូន​ប្រុស​តូច​ម្នាក់ បន្ទាប់​ពី​ប្ដី​ដែល​ជា​ជំហរ​គ្រួសារ​ដ៏​រឹងមាំ បាន​លាចាក​លោក​ទៅ​គ្មាន​ត្រឡប់​វិញ​នេះ៖ «ប្ដី​របស់​ខ្ញុំ​ដែល​ពលី​ជីវិត​នេះ ធ្វើ​ឲ្យក្រុម​គ្រួសារ​សោកស្ដាយ​បំផុត ប៉ុន្តែ​ក៏​មាន​មោទនភាព​ដែរ ពីព្រោះ​តែ​ប្ដី​របស់​ខ្ញុំ​បាន​ពលី​ក្នុង​បុព្វហេតុ​ប្រទេស​ជាតិ និង​ពិភពលោក»

នៅ​ឯ​លំនៅឋាន​ភូមិ​កំពង់ក្ដី ស្រុក​ជីក្រែង ចាប់​តាំង​តែ​ពី​ព្រឹក​ព្រលឹម គឺ​មាន​រថយន្ត​របស់​កង​កម្លាំង​រក្សា​សន្តិភាព​នៃ​អង្គការ​សហប្រជាជាតិ ដាក់​តម្រៀប​ជួរ​នៅ​មុខ​រោង​បុណ្យ​សព​ត្រៀបត្រា ព្រម​ទាំង​មាន​កង​ត្រែ​កិត្តិយស កង​រាជ​អាវុធហត្ថ ឈរ​យាម​មឈូស​សព ហើយ​គណៈប្រតិភូ​ជាច្រើន​ស្ថាប័ន​បាន​នាំ​យក​កម្រង​ផ្កា​ចូល​គោរព​វិញ្ញាណក្ខន្ធ​យោធិន​ពលី អ៊ឹម សំ ជា​បន្តបន្ទាប់​គ្នា។

អ៊ឹម សំ គឺ​ជា​ទាហាន​មួក​ខៀវ​ម្នាក់​ដែល​រក្សា​សន្តិភាព​ឲ្យ​អង្គការ​សហប្រជាជាតិ ជា​អ្នក​បើកបរ ហើយ​គាត់​បាន​ស្លាប់​ជាមួយ​យោធិន ៣​នាក់​ផ្សេង​ទៀត​ឈ្មោះ ស៊ាង នរិន្ទ ជា​ជំនួយការ​ត្រួត​ពិនិត្យ​គុណភាព មាន​ទី​កំណើត​នៅ​រាជធានី​ភ្នំពេញ ឈ្មោះ មុំ តុលា ជា​ជំនួយការ​បើកបរ​អ៊ិសស្កាវ៉ាទ័រ (Excavator) មាន​ទី​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់ និង​ឈ្មោះ ម៉ៅ អេង ជា​បុគ្គលិក​ពេទ្យ មាន​ទី​កំណើត​នៅ​ខេត្ត​ស្វាយរៀង។ ពួក​គាត់​បាន​ស្លាប់​ដោយសារ​តែ​ពួក​ឧទ្ទាម​បាញ់​ប្រហារ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles