Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​នឹង​កោះ​ប្រជុំ​ជាមួយ​គណបក្ស​តូចៗ​ចំនួន​៤

$
0
0

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ នឹង​កោះ​ប្រជុំ​ជាមួយ​តំណាង​គណបក្ស​តូចៗ​ចំនួន​៤ នៅ​ថ្ងៃ​ទី​២៣ ឧសភា ដើម្បី​ពិភាក្សា​គ្នា​ស្ដីពី​ការ​ដង្ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ទាំងនេះ​នៅ​រាជធានី​ភ្នំពេញ។ ការ​ជួប​ប្រជុំ​នេះ ដោយសារ​គណបក្ស​តូចៗ​ទាំង​៤ ពុំ​អាច​ធ្វើ​ការ​ដង្ហែ​ក្បួន​ឃោសនា​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដូច​គណបក្ស​ធំ​ចំនួន​ពីរ​បាន គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

ថ្ងៃ​ទី​ពីរ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​រាជធានី​ភ្នំពេញ គេ​សង្កេត​ឃើញ​មាន​គណបក្ស​ចំនួន​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ចេញ​ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត ស្រប​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឯណោះ​វិញ បាន​ធ្វើ​ការ​ដង្ហែ​ក្បួន​ធំៗ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ លោក មាស ឆព្វណ្ណ ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២១ ឧសភា ថា សេចក្ដី​ណែនាំ​ជំពូក​លេខ ៧..៣ ដែល​កំណត់​ថា គណបក្ស​ណា​មួយ​ដែល​បាន​ដាក់​បេក្ខជន​របស់​ខ្លួន​មិន​គ្រប់​សង្កាត់​ទាំង​១០៥ នៅ​ទូទាំង​រាជធានី​ភ្នំពេញ គឺ​មិន​អាច​ធ្វើ​ការ​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​មាន​ទ្រង់ទ្រាយ​ធំ​ដូច​គណបក្ស​ដែល​មាន​បេក្ខភាព​នៅ​គ្រប់​សង្កាត់​ឡើយ។

លោក​បន្ត​ថា គណបក្ស​ដែល​មាន​បេក្ខជន​គ្រប់​សង្កាត់​នៅ​ទូទាំង​រាជធានី​ភ្នំពេញ មាន​តែ​ពីរ​គណបក្ស​ប៉ុណ្ណោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គណបក្ស​ទាំងនេះ​អាច​ចេញ​ហែ​ក្បួន​ឃោសនា​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​បាន ដោយឡែក​គណបក្ស​ចំនួន ៤​ផ្សេង​ទៀត ដូចជា​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គឺ​អាច​ដង្ហែ​ក្បួន​នៅ​តាម​សង្កាត់​ដែល​ពួក​គេ​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ប៉ុណ្ណោះ៖ «»

លោក​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ដល់​ដំណឹងមក​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ ថា​មាន​សកម្មជន​របស់​ខ្លួន​ចូលរួម​ដង្ហែ​ក្បួន​ឃោសនា​មាន​ប្រហែល ១១​ម៉ឺន​នាក់ ប៉ុន្តែ​ខាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ វិញ ពុំ​បាន​ផ្ដល់​ដំណឹង​មក​ឡើយ។

ទោះ​ជា​យ៉ាង​ណា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ចាប់​ផ្ដើម​ក្បួន​ដែល​មាន​អ្នក​ចូលរួម​ដង្ហែ​ភាគច្រើន​ជា​យុវជន​ប្រហែល ២​ពាន់​នាក់​ពី​ចំណុច​ទីស្នាក់ការ​របស់​ខ្លួន ដែល​ស្ថិត​នៅ​សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ផ្លូវ​ជាតិ​លេខ​៥ និង​បក​មក​វិញ​ត្រង់​ចំណុច​ផ្លូវ​ទំនប់​កប់ស្រូវ តាម​ផ្លូវ​មិត្តភាព​ហាណូយ-ភ្នំពេញ ដើម្បី​បញ្ចប់​ក្បួន​នៅ​ម្ដុំ​ច្បារអំពៅ។

លោក មាស ឆព្វណ្ណ អះអាង​ថា ការ​ពិភាក្សា​ជាមួយ​តំណាង​គណបក្ស​តូចៗ​ទាំង ៤ ខាង​មុខ គឺ​ដើម្បី​ជួយ​សម្រួល​ឲ្យ​គណបក្ស​ទាំងនេះ​បាន​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត៖ «»

ថ្ងៃ​ទី​ពីរ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២១ ឧសភា ដដែល​នេះ គេ​សង្កេត​ឃើញ​មាន​គណបក្ស​ចំនួន​ពីរ​ដែល​ជា​គណបក្ស​អាច​មាន​សំឡេង​ប្រកួត​ប្រជែង​ប្រហាក់ប្រហែល​គ្នា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​កំពុង​បុក​សម្រុក​ខ្លាំង​រក​សំឡេង​គាំទ្រ​រៀងៗ​ខ្លួន​ស្ទើរ​នៅ​ទូទាំង​ប្រទេស។

ស្រប​ពេល​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​ក្បួន​ដ៏​ធំ​នៅ​រាជធានី​ភ្នំពេញ ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​រៀបចំ​ក្បួន​ឃោសនា​នៅ​ក្នុង​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​ដឹកនាំ​ក្បួន​ធំ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​មួយ​នៃ​យុទ្ធនាការ​ឃោសនា​ដំបូង គឺ​ថ្ងៃ​ទី​២០ ឧសភា។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បញ្ជាក់​ថា គណបក្ស​របស់​លោក​មិន​ទាន់​កំណត់​ពេល​ជាក់លាក់ ដើម្បី​ដង្ហែ​ក្បួន​តាម​សង្កាត់​ដែល​មាន​ដាក់​បេក្ខជន​នៅ​ឡើយ​ទេ បន្ទាប់​ពី​ខាង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី បដិសេធ​មិន​ឲ្យ​ហែ​ក្បួន​ធំ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ។ លោក​បញ្ជាក់​ថា រយៈពេល​ពីរ​ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា គណបក្ស​របស់​លោក​បាន​ត្រឹម​ចុះ​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​នៅ​តាម​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ។

រីឯ​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ក៏​ថ្លែង​ថា គណបក្ស​របស់​លោក​បាន​ដើរ​ចែក​ខិត្តប័ណ្ណ​ឃោសនា​នៅ​ក្នុង​សង្កាត់​ចំនួន​៣១ ដែល​មាន​ដាក់​បេក្ខជន​នៅ​ឯ​រាជធានី​ភ្នំពេញ។

ចំពោះ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់​លោក ម៉ម សូណង់ដូ ក៏​មិន​ទាន់​ដឹង​អំពី​ការ​ដង្ហែ​ក្បួន​នៅ​រាជធានី​ភ្នំពេញ​ដែរ។

ពាក់ព័ន្ធ​នឹង​ការ​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ទាំង​ពីរ​ថ្ងៃ​នេះ ទាំង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) និង​មន្ត្រី​សង្គម​ស៊ីវិល វាយ​តម្លៃ​ប្រហាក់ប្រហែល​គ្នា​ថា បាន​ប្រព្រឹត្ត​ល្អ​ប្រសើរ និង​ពុំ​កើត​មាន​អំពើ​ហិង្សា​ធំ​ដុំ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ឡើយ បើ​ប្រៀបធៀប​នឹង​ការ​ឃោសនា​បោះឆ្នោត​កាល​ពី​អាណត្តិ​កន្លង​ទៅ។ មន្ត្រី​នាំ​ពាក្យ គ..ប លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ការ​ឃោសនា​នៅ​គ្រប់​ខេត្ត-ក្រុង​មិន​ទាន់​ឃើញ​មាន​បណ្ដឹង​អ្វី​ឡើយ ក្រៅ​តែ​ពាក្យ​បណ្ដឹង​មួយ​ករណី​នៅ​ក្នុង​ខេត្ត​តាកែវ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ប្ដឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាច​បញ្ជូន​មក​ដោះស្រាយ​នៅ គ..ប ថ្នាក់​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles