គណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ឧសភា ធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំនៅក្រុងប៉ោយប៉ែត។ នៅក្នុងយុទ្ធនាការនេះមានអ្នកគាំទ្រចូលរួមប្រមាណ ៣ពាន់នាក់ ហែក្បួនតាមដងផ្លូវសំខាន់ៗនៅក្នុងក្រុងនេះ។ ចំណែកគណបក្សប្រជាជនកម្ពុជា ក្នុងខេត្តនេះ ពុំមានការហែក្បួនទ្រង់ទ្រាយធំដូចការឃោសនារកសំឡេងឆ្នោតនៅថ្ងៃដំបូងឡើយ។ ដោយឡែកគណបក្សផ្សេងៗទៀត ក៏ពុំមានការហែក្បួនទ្រង់ទ្រាយធំនៅថ្ងៃឃោសនាថ្ងៃទីពីរនេះដែរ។
ថ្នាក់ដឹកនាំគណបក្សប្រឆាំងជាច្រើននាក់ បានប្រមូលផ្ដុំគ្នាឃោសនារកសំឡេងឆ្នោតនៅក្នុងខេត្តបន្ទាយមានជ័យ មានដូចជាអនុប្រធានបក្ស អ្នកស្រី មូរ សុខហួរ លោក សោ ចាន់ដេត សមាជិកព្រឹទ្ធសភា និងសមាជិកសភាមួយចំនួនទៀតចូលរួមដែរ។
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ជំរុញឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជូនគណបក្សខ្លួនឲ្យបានគ្រប់គ្នា។ អ្នកស្រីសង្កត់ធ្ងន់ថា ប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោតបានធ្វើជាចៅសង្កាត់ប៉ោយប៉ែត លោក ចៅ វាសនា អតីតចៅសង្កាត់រងទី២ នឹងបានចេញពីពន្ធនាគារឆាប់រហ័ស ពីព្រោះលោកជាប់ទោសគឺជារឿងនយោបាយ៖ «ដូច្នេះយើងជូតទឹកភ្នែករបស់យើង រួចដើរទៅមុខ ដើម្បីយុត្តិធម៌ ហើយមិនត្រឹមតែសង្កាត់ប៉ោយប៉ែត ទេ គឺគ្រប់ឃុំ-សង្កាត់ទាំងអស់នៅក្រុងប៉ោយប៉ែត ទាំងមូលដើម្បីយុត្តិធម៌»។
សមាជិកគណបក្សប្រឆាំងបានជួបជុំគ្នាម៉ោងប្រមាណ ៨កន្លះព្រឹកនៅវត្តថ្មី សង្កាត់ប៉ោយប៉ែត និងបានថ្លែងសារនយោបាយទៅកាន់អ្នកគាំទ្រប្រមាណកន្លះម៉ោង រួចហែក្បួនឆ្ពោះទៅរង្វង់មូលច្រកព្រំដែនកម្ពុជា-ថៃ។ អ្នកចូលរួមហែក្បួនភាគច្រើនជាពលរដ្ឋក្រីក្រ មានដូចជាកម្មករសំណង់ និងអ្នករត់ម៉ូតឌុប ជាដើម ធ្វើដំណើរដោយម៉ូតូប្រមាណ ១ពាន់គ្រឿង និងមានម៉ូតូកង់បីមួយចំនួនទៀត ព្រមទាំងមានរថយន្តបំពាក់ឧបករណ៍បំពងសំឡេងចំនួនជាង ១០គ្រឿង។
សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក សោ ចាន់ដេត មានប្រសាសន៍ថា បើសិនជាចៅសង្កាត់គណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត ពលរដ្ឋនៅសង្កាត់ប៉ោយប៉ែត នឹងមានការអភិវឌ្ឍរីកចម្រើនឆាប់រហ័សប្រកបដោយតម្លាភាព និងពុំមានបញ្ហាអំពើពុករលួយរាល់ការធ្វើលិខិតស្នាមផ្សេងៗនោះឡើយ៖ «កាលណាព្រះអាទិត្យរះពេញផ្ទះពេញភូមិយើងហើយ ពេលនោះខ្មោចព្រាយបិសាច វានឹងរត់ចេញពីភូមិយើងអស់ហើយ ពេលនោះផ្ទះយើងក៏អស់ចង្រៃដែរ ខ្មែរគ្រប់គ្នានឹងមានសេចក្ដីសុខជាពុំខាន»។
ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ លោក សួន បវរ មានប្រសាសន៍ថា គណបក្សខ្លួនពុំមានការហែក្បួនទ្រង់ទ្រាយធំក្នុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្ងៃទីពីរ និងថ្ងៃបន្តបន្ទាប់នោះទេ គឺគ្រាន់តែជួបជុំគ្នាឃោសនានៅតាមស្នាក់ការគណបក្សឃុំ-សង្កាត់រៀងៗខ្លួន។ លោកបន្ថែមថា មូលហេតុដែលមិនធ្វើយុទ្ធនាការធំតាមដងផ្លូវ ដោយសារគោរពតាមបទបញ្ជាគណៈកម្មការជាតិរៀបចំការបោះឆ្នោត៖ «ការហែធំជួនកាលខុសក្បួនគេទៅវិញទេ ព្រោះគេឲ្យហែរកសំឡេងឆ្នោតទៅតាមឃុំ-សង្កាត់របស់ខ្លួន។ ជួនកាលប្រព្រឹត្តខុស ប្រយ័ត្នប្ដឹង ព្រោះបញ្ហានេះ គណបក្សផ្សេងៗគេមានសិទ្ធិប្ដឹង»។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅសង្កាត់ប៉ោយប៉ែត ភាគច្រើនសម្ដែងអារម្មណ៍សាទរនឹងការហែក្បួនរបស់គណបក្សប្រឆាំង និងគណបក្សដទៃទៀត ហើយចង់បានថ្នាក់ដឹកនាំក្រុមប្រឹក្សាសង្កាត់មួយនេះមានសមត្ថភាពអភិវឌ្ឍនៅក្នុងមូលដ្ឋានឲ្យបានរីកចម្រើន និងមានសន្តិសុខល្អ៖ «យើងប្រជាពលរដ្ឋបានអ្នកដឹកនាំដូចម្ដាយឪពុក និងកូន គឺមើលសុខទុក្ខពលរដ្ឋឲ្យសមរម្យ។ ចៅសង្កាត់កន្លងមកមិនសូវអភិវឌ្ឍផ្លូវថ្នល់ទេ ព្រោះផ្លូវភក់ពិបាកធ្វើដំណើរណាស់។ ខ្ញុំមិនគិតថាមកពីគណបក្សណាទេ បើជាប់ឆ្នោតហើយធ្វើផ្លូវឲ្យបានល្អដើម្បីធ្វើដំណើរស្រួលផង»។
អាស៊ីសេរី ពុំអាចរកប្រភពទាក់ទងគណបក្សផ្សេងទៀត ដើម្បីសុំអត្ថាធិប្បាយជុំវិញការហែក្បួនឃោសនារកសំឡេងឆ្នោតបាននៅឡើយទេនៅថ្ងៃទី២១ ឧសភា។
ទោះជាយ៉ាងណា នៅក្រុងប៉ោយប៉ែត ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្ងៃទីពីរ ពុំមានគណបក្សផ្សេងក្រៅពីគណបក្សប្រឆាំងនោះទេ នៅថ្ងៃទី២១ ឧសភា នោះ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ហែក្បួនធំនៅក្រុងប៉ោយប៉ែត នៅថ្ងៃឃោសនាដំបូង គឺមានអ្នកគាំទ្រចូលរួមប្រហែលគណបក្សសង្គ្រោះជាតិ ដែរ។ ក៏ប៉ុន្តែលោកកត់សម្គាល់ថា សមត្ថកិច្ចការពារ និងធ្វើចរាចរក្បួនហែទាំងពីរគណបក្សខុសគ្នា ដោយក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជា មានប៉ូលិសជាច្រើននាក់ហែហមការពារយ៉ាងយកចិត្តទុកដាក់ ចំណែកគណបក្សសង្គ្រោះជាតិ វិញ ពុំមានសមត្ថកិច្ចជួយសម្រួលចរាចរណ៍ឲ្យបានជាដុំកំភួននោះទេ៖ «ហើយគណបក្សខ្លះហែទៅច្រើនមែន តែលទ្ធផលឆ្នោតបានតិច ដូចការបោះឆ្នោតសភាឆ្នាំ២០១៣ អ៊ីចឹង។ គណបក្សកាន់អំណាចមានអ្នកហែច្រើន តែបានកៅអីតិច ចំណែកបក្សប្រឆាំងអ្នកចូលរួមហែតិច តែបានកៅអីច្រើន»។
គណបក្សសង្គ្រោះជាតិ នៅខេត្តមួយនេះគ្រោងជួបគ្នាធំម្ដងទៀតនៅថ្ងៃទី២៥ ឧសភា ក្នុងស្រុកមង្គលបុរី។
នៅខេត្តបន្ទាយមានជ័យ មានពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចមានជាង ៣សែន ២ម៉ឺននាក់ (៣២៣.៩៥៦នាក់) ក្នុងចំណោម ៦៥ឃុំ-សង្កាត់។ ចំណែកពលរដ្ឋដែលពុំមានឯកសារគ្រប់គ្រាន់សម្រាប់បោះឆ្នោតដូចជាគ្មានអត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាក់អត្តសញ្ញាណ មានជិត ១ម៉ឺននាក់ ក្នុងនោះនៅក្រុងប៉ោយប៉ែត ប្រមាណ ១ពាន់នាក់។ នៅខេត្តជាប់ព្រំដែនថៃ មួយនេះមានគណបក្សនយោបាយប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ នេះចំនួន ៧គណបក្ស ក្នុងនោះមានចំនួនពីរគណបក្សនយោបាយដែលបានដាក់បេក្ខជនគ្រប់ឃុំ-សង្កាត់ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ៕