បន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ ដែលជាសម្ព័ន្ធអង្គការសមាគមចំនួន៣៨ នៅកម្ពុជា អំពាវនាវរកអ្នកសង្កេតការណ៍បោះឆ្នោតបន្ថែម ខណៈកាលបរិច្ឆេទនៃការឈប់ទទួលអ្នកសង្កេតការណ៍កាន់តែខិតជិតមកដល់។ បន្ទប់ស្ថានការណ៍បោះឆ្នោតឆ្នាំ២០១៧ នៅខ្វះអ្នកសង្កេតការណ៍ជាង ៣ពាន់នាក់ទៀតគិតមកដល់ថ្ងៃទី២១ ឧសភា។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស បញ្ជាក់ប្រាប់អាស៊ីសេរី នៅថ្ងៃទី២១ ឧសភា ថា មូលហេតុដែលបន្ទប់ស្ថានការណ៍បោះឆ្នោតមិនទាន់ជ្រើសរើសបានអ្នកសង្កេតការណ៍គ្រប់ចំនួននេះ ដោយសារតែតំបន់មួយចំនួនស្ថិតនៅដាច់ស្រយាលខ្លាំង ខ្វះមធ្យោបាយទាក់ទង ហើយក៏ពិបាកចូលទៅដល់តំបន់ទាំងនោះដែរ។
តំបន់ដាច់ស្រយាលទាំងនោះមាននៅខេត្តកំពង់ធំ មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ កោះកុង និងខេត្តប៉ៃលិន ជាដើម៖ «ឥឡូវនេះយើងដាក់មនុស្សពីខេត្តទៅតាមស្រុក ចុះទៅរើសតែម្តង។ និយាយឲ្យចំ យើងប្រើគ្រប់មធ្យោបាយក្នុងការរើស ព្រោះកន្លែងដែលនៅសល់ជាកន្លែងពិបាកជាងគេ ពិបាកក្នុងការរើស ដោយសារតែដាច់ស្រយាល។ កន្លែងខ្លះ សេវាទូរស័ព្ទមិនមានផង! អ៊ីចឹងទៅយើងមានការលំបាក ក៏ប៉ុន្តែចាំមើលលទ្ធផលជាក់ស្តែង ព្រោះឥឡូវនេះយើងមិនទាន់អាចសម្រេចយ៉ាងម៉េចនៅឡើយទេ ព្រោះស្ថិតក្នុងដំណើរការជ្រើសរើស»។
បន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ គ្រោងជ្រើសរើសអ្នកសង្កេតការណ៍ឲ្យបាន ១៤.៥០០នាក់ ដើម្បីដាក់អ្នកសង្កេតការណ៍ទាំងនោះនៅគ្រប់ការិយាល័យបោះឆ្នោតទាំងជាង ២ម៉ឺន ២ពាន់ការិយាល័យ (២២.១៤៨ការិយាល័យ) នៅទូទាំងប្រទេស ក៏ប៉ុន្តែមកដល់ត្រឹមថ្ងៃទី២១ ឧសភា សម្ព័ន្ធអង្គការ-សមាគមនេះ ទើបជ្រើសរើសបានអ្នកសង្កេតការណ៍ចំនួន ១ម៉ឺន ១ពាន់នាក់ប៉ុណ្ណោះ ខណៈការទទួលស្គាល់អ្នកសង្កេតការណ៍ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងផុតកំណត់នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។
លោក កន សាវាង្ស លើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនចុះឈ្មោះស្ម័គ្រចិត្តជាអ្នកសង្កេតការណ៍បោះឆ្នោតបន្ថែមទៀត ដើម្បីតាមដានឃ្លាំមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នៅថ្ងៃទី៤ មិថុនា ខាងមុខនេះឲ្យមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌៖ «យើងមានថវិកាមិនច្រើនទេ មានតែ ១០ដុល្លារទេសម្រាប់ការអង្កេតការណ៍បោះឆ្នោត ប៉ុន្តែយ៉ាងហោចណាស់ការចូលរួមនេះ គឺជាបទពិសោធន៍សម្រាប់បងប្អូនប្រជាពលរដ្ឋផង ហើយជាសាក្សីផងដែរ។ អ៊ីចឹងយើងសង្ឃឹមថា បងប្អូនមួយចំនួនលោកអាចមានការចូលរួម (ជាអ្នកសង្កេតការណ៍)»។
មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិចំនួនជាង ៤ម៉ឺន ៦ពាន់នាក់ (៤៦.៦៣៩នាក់) អ្នកសង្កេតការណ៍អន្តរជាតិចំនួន ៧៥នាក់ និងភ្នាក់ងារគណបក្សនយោបាយចំនួនជាង ៥ម៉ឺន ៨ពាន់នាក់ (៥៨.៤១០នាក់) ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នេះ។ លោកបញ្ជាក់ថា គ.ជ.ប នឹងឈប់ទទួលអ្នកសង្កេតការណ៍ជាតិនៅត្រឹមថ្ងៃទី២៤ ឧសភា ហើយអ្នកសង្កេតការណ៍អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយនៅថ្ងៃទី៣០ ឧសភា ខាងមុខ។
នៅពេលបោះឆ្នោតម្តងៗ ឧបាយកលទុច្ចរិតជាច្រើនប្រភេទត្រូវបានអ្នកនយោបាយមួយចំនួនប្រើប្រាស់ ដើម្បីមានប្រៀបជាងដៃគូប្រកួតប្រជែង។ ឧបាយកលទុច្ចរិតទាំងនោះរួមមាន ការគំរាមកំហែង ការបំភិតបំភ័យ ការទិញសន្លឹកឆ្នោតដោយសម្ភារ ឬលុយកាក់ ការលួងលោមទិញទឹកចិត្ត ការបង្ខំឲ្យធ្វើសម្បថ និងការកត់លេខឯកសារបញ្ជាក់អត្តសញ្ញាណ ជាដើម។
អ្នកជំនាញខាងកិច្ចការងារបោះឆ្នោតរកឃើញថា កាលពីការបោះឆ្នោតអាណត្តិមុន ឧបាយកលទុច្ចរិតដែលត្រូវបានអ្នកនយោបាយប្រើច្រើនជាងគេ គឺការបង្ខំឲ្យអ្នកបោះឆ្នោតស្បថស្បែថាបោះឆ្នោតឲ្យគណបក្សរបស់គេ។ ចំណែកអាណត្តិនេះ នៅមុនយុទ្ធនាការឃោសនាបោះឆ្នោតមកដល់ ប្រមុខដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃគណបក្សកាន់អំណាច បានគំរាមពីភ្លើងសង្គ្រាម បើសិនជាគណបក្សរបស់ពួកគេចាញ់ឆ្នោត ដែលប្រការនេះ ត្រូវបានអ្នកវិភាគ និងអ្នកជំនាញខាងកិច្ចការបោះឆ្នោត ចាត់ទុកថាជារឿងខុសច្បាប់។
អ្នកជំនាញខាងកិច្ចការបោះឆ្នោត ស្នើឲ្យប្រជាពលរដ្ឋត្រូវទៅបោះឆ្នោត និងត្រូវបោះឆ្នោតតាមឆន្ទៈរបស់ខ្លួន ទោះបីជាមានបេក្ខជន ឬគណបក្សនយោបាយណាមួយឲ្យលុយ ឲ្យសម្ភារ ឲ្យធ្វើសម្បថ ឬបំភិតបំភ័យយ៉ាងណាក៏ដោយ ព្រោះអ្នកបោះឆ្នោតត្រូវចងចាំថា ការបោះឆ្នោតធ្វើឡើងដោយសម្ងាត់ គ្មាននរណាអាចដឹងបានឡើយ។ អ្នកបោះឆ្នោតក៏ត្រូវជួយពិនិត្យ និងផ្តល់ព័ត៌មានអំពីឧបាយកលទុច្ចរិត ឬភាពមិនប្រក្រតីក្នុងថ្ងៃបោះឆ្នោត ទៅស្ថាប័នរៀបចំការបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ឬភ្នាក់ងារគណបក្សនយោបាយ។
ចំណែកឯព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ក៏បានអំពាវនាវជាឱឡារិកឲ្យជនរួមជាតិអ្នកបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួន កុំឲ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សណាមួយឲ្យសោះ ព្រោះការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ គឺជាការបោះឆ្នោតជាទូទៅ ជាសាកល ដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស៕