Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​យុត្តិធម៌​ប្ដឹង​អ្នក​លួច​ទំព័រ​ហ្វេសប៊ុក​យក​ទៅ​ឃោសនា​ឲ្យ​បក្ស​ប្រឆាំង

$
0
0

ក្រសួង​យុត្តិធម៌ ដាក់​ពាក្យ​បណ្ដឹង​ជូន​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ជួយ​ស្វែងរក​ចាប់​ខ្លួន​ជន​ដៃ​ដល់ និង​អ្នក​ពាក់ព័ន្ធ​ដែល​លួច​ចូល​គ្រប់គ្រង​គណនី​ហ្វេសប៊ុក (Facebook) របស់​ក្រសួង ហើយ​បាន​យក​ទៅ​ផ្សព្វផ្សាយ​ការ​ឃោសនា​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ចំពោះ​បញ្ហា​នេះ គណបក្ស​ប្រឆាំង​ថា​មិន​មាន​ការ​ព្រួយ​បារម្ភ​នោះ​ទេ ដោយសារ​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​នោះ​ទេ។

ក្រៅ​តែ​ពី​មាន​បញ្ហា​ចោរកម្ម ការ​លួច ឆក់ ប្លន់​យក​ទ្រព្យ​សម្បត្តិ និង​សម្ភារ​ផ្ទាល់​ខ្លួន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​កក្រើក​នោះ ការ​លួច​យក​គណនី​ហ្វេសប៊ុក និង​អ៊ីមែល (Email) វិញ ក៏​កំពុង​ក្លាយ​ជា​រឿង​ដ៏​ក្តៅ​គគុក និង​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែរ។

ចំពោះ​បញ្ហា​ចោរ​បច្ចេកវិទ្យា ឬ​ហែកឃើរ (Hacker) នេះ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បាន​ដាក់​ពាក្យ​បណ្ដឹង​ចំនួន​ពីរ​ក្នុង​ពេល​តែ​មួយ គឺ​ពាក្យ​បណ្ដឹង​មួយ​តំណាង​ឲ្យ​ក្រសួង និង​ពាក្យ​បណ្ដឹង​មួយ​ទៀត​ក្នុង​នាម​ខ្លួន​លោក​ផ្ទាល់ ដាក់​ជូន​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ជួយ​អន្តរាគមន៍​ស្វែងរក​ចាប់​ខ្លួន​ជន​ដៃ​ដល់ និង​អ្នក​ពាក់ព័ន្ធ​ទាំងឡាយ ដែល​បាន​លួច​ចូល​គ្រប់គ្រង​គណនី​ហ្វេសប៊ុក និង​អ៊ីមែល​ផ្ទាល់​ខ្លួន​របស់​លោក និង​គណនី​ហ្វេសប៊ុក​របស់​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា មក​ផ្ដន្ទាទោស​តាម​ច្បាប់។

ពាក្យ​បណ្ដឹង​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក គឹម សន្តិភាព ចុះ​ថ្ងៃ​ទី​២០ ខែ​ឧសភា បង្ហាញ​ថា សម្រាប់​គណនី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ក្រសួង​យុត្តិធម៌ ដែល​ត្រូវ​បាន​ជន​អនាមិក​លួច​យក​ទៅ​គ្រប់គ្រង​រួច​មក​នោះ គឺ​បាន​ចែកចាយ ឬ​ផ្សព្វផ្សាយ​នូវ​សកម្មភាព​នយោបាយ​ក្បួន​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ផ្សាយ​បន្ត​ពី​គណនី​ហ្វេសប៊ុក ឬ​ផេក​ឈ្មោះ សម រង្ស៊ី កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ ខាង​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​លើ​ពាក្យ​បណ្ដឹង​របស់​លោក ដោយ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា​ករណី​នេះ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម ឬ​បក្សពួក​របស់​អ្នក​ណា​មួយ​នោះ​ទេ។ លោក គឹម សន្តិភាព បន្ត​ថា គណនី​ហ្វេសប៊ុក​របស់​ក្រសួង​យុត្តិធម៌ និង​គណនី​ហ្វេសប៊ុក​របស់​លោក រួម​ទាំង​អ៊ីមែល នៅ​មិន​ទាន់​អាច​ដំណើរការ​បាន​នៅ​ឡើយ​ទេ ហើយ​លោក​កំពុង​បារម្ភ«គោល​បំណង​អ្នក​ដែល​លួច​គ្រប់គ្រង​ផេក​ផ្លូវការ​របស់​ក្រសួង​យុត្តិធម៌ ក៏ដូចជា​ផេក​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ និង​អ៊ីមែល​របស់​ខ្ញុំ គឺ​ច្បាស់លាស់​ណាស់​ថា​ជា​គោល​បំណង​ទុច្ចរិត ព្រោះ​ការ​លួច​ចូល​គ្រប់គ្រង​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់ ទី​១។ ទី​២ សម្រាប់​គោល​បំណង​ផ្សេងៗ​ទៀត​របស់​អ្នក​ដែល​លួច​នេះ គឺ​យើង​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ក្នុង​គោល​បំណង​អ្វី​ទេ ប៉ុន្តែ​យើង​ដឹង​ថា​ជា​គោល​បំណង​ទុច្ចរិត​ទៅ​ហើយ ដែល​ធ្វើ​ការ​លួច​យក​គ្រប់គ្រង​ដើម្បី​បាន​ទិន្នន័យ​ខាង​ក្នុង​របស់​គេ ឬ​ក៏​កែប្រែ​ទិន្នន័យ​ណា​មួយ​របស់​ម្ចាស់​ដើម ដើម្បី​បង្កើត​ការ​ភ័ន្តច្រឡំ»

ចំពោះ​បញ្ហា​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធិ និង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ ដោយ​លោក​ទាំង​ពីរ​ពុំ​ទទួល​ទូរស័ព្ទ។

រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា លោក​មិន​ព្រួយ​បារម្ភ​នោះ​ទេ ដោយសារ​ករណី​នេះ​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​អី​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ ហើយ​លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹមត្រូវ និង​អព្យាក្រឹត្យ«អ្នក​ផ្សព្វផ្សាយ​នេះ យើង​អត់​ដឹង​ទេ ពីព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ មាន​មធ្យោបាយ​គ្រប់គ្រាន់​ក្នុង​ការ​ផ្សព្វផ្សាយ មិន​ចាំបាច់​ទៅ​ហែក​ហ្វេសប៊ុក​ដែល​មនុស្ស​ប៉ុន្មាន​នាក់​ហ្នឹង​មើល​នោះ​ទេ គឺ​ផេក​របស់​ឯកឧត្តម​ប្រធាន សម រង្ស៊ី មាន​ជាង ៤​លាន​នាក់ ហើយ​គេ​ផ្សព្វផ្សាយ​បន្ត​ផ្ទាល់ វា​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ មិន​ត្រូវការ​ទៅ​ប៉ះពាល់​ផេក​អ្នក​ណា​ទេ ហើយ​ក៏​មិន​ដឹង​ថា​អ្នក​ណា​ជា​អ្នក​ទៅ​ធ្វើ​បែប​ហ្នឹង​ដែរ។ យើង​ក៏​មិន​គាំទ្រ​ឲ្យ​ធ្វើ​អ៊ីចឹង​ដែរ ព្រោះ​សូម្បី​តែ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ធ្លាប់​រងគ្រោះ​ដោយសារ​គេ​ហែក​ចូល​គណនី​ហ្វេសប៊ុក និង​អ៊ីមែល​ដែរ បាទ

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ គណនី​ហ្វេសប៊ុក និង​អ៊ីមែល​របស់​លោក នៅ​មិន​ទាន់​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​អ្វី​នោះ​ទេ។ ចំណែក​គណនី​ហ្វេសប៊ុក​របស់​ក្រសួង​យុត្តិធម៌ ក៏​មិន​ទាន់​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​អ្វី​ដែល​ថ្មី ក្រៅ​តែ​ពី​ការ​ផ្សព្វផ្សាយ​នូវ​សកម្មភាព​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឡើយ។

កន្លង​ទៅ អ៊ីមែល និង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​របស់​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​ធំៗ​មួយ​ចំនួន អ្នក​ល្បីៗ និង​អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ដូចជា ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជាដើម ក៏​ត្រូវ​បាន​ជន​អនាមិក​លួច​ចូល​គ្រប់គ្រង​ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។

ទោះ​យ៉ាង​ណា​ក្តី គេ​សង្កេត​ឃើញ​ថា នៅ​ពេល​គេហទំព័រ​របស់​ស្ថាប័ន​រដ្ឋាភិបាល​រង​ការ​លុកលុយ​នោះ ទោះ​ហែកឃើរ​មាន​សមត្ថភាព​យ៉ាង​ណា​ក្តី ក៏​ពួក​គេ​ភាគច្រើន​គេច​មិន​រួច​ពី​កណ្ដាប់ដៃ​សមត្ថកិច្ច​ឡើយ។ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៤ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រួម​សហការ​ជាមួយ​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​សហរដ្ឋ​អាមេរិក (FBI) បាន​ចាប់​ខ្លួន​យុវជន ២​នាក់ ជា​និស្សិត​ឆ្នាំ​ទី​៣ នៃ​វិទ្យាស្ថាន​ស៊ីតិច (SETEC) ក្រោយ​ពី​ពួក​គេ​បាន​វាយ​ប្រហារ​បណ្ដាញ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ស្ថាប័ន​ជាតិ និង​ឯកជន​ជាង ៣០ ប៉ុន្តែ​ចុង​ក្រោយ ហែកឃើរទាំង​ពីរ ត្រូវ​បាន​តុលាការ​ដោះលែង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles