Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគមន៍​ខេត្ត​រតនគិរី​ចោទ​កូន​ប្រធាន​ភូមិ​ឡែ​ថា​កាប់​ឈើ​មូល​ក្នុង​ព្រៃ​ការពារ

$
0
0

តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ចោទ​ប្រកាន់​កូន​ប្រុស​ប្រធាន​ភូមិ ថា​គំរាម​សមាជិក​សហគមន៍​ដែល​ជូន​ដំណើរ​សកម្មជន​អង្គការ​អាដហុក (ADHOC) ចុះ​ពិនិត្យ​ព្រៃ​ការពារ ខណៈ​កូន​ប្រុស​មេ​ភូមិ កំពុង​ដឹក​ជញ្ជូន​ឈើ​ដែល​ពួក​គេ​កាប់​យក​ពី​ក្នុង​ព្រៃ​អភិរក្ស។

តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​ឡែ អះអាង​ថា នឹង​រៀបចំ​ពាក្យ​ប្ដឹង​កូន​ប្រុស​មេ​ភូមិ​ឡែ ទៅ​ស្ថាប័ន​អយ្យការ​ពី​បទ​កាប់​យក​ឈើ​ក្នុង​ព្រៃ​ការពារ និង​គំរាម​ក្រុម​ល្បាត​សហគមន៍​ដែល​ចុះ​ពិនិត្យ​កន្លែង​កាប់​យក​ឈើ​ខុស​ច្បាប់​នោះ។

ក្រុម​ល្បាត​សហគមន៍​បី​នាក់ រួម​ដំណើរ​ជាមួយ​មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា បាន​ចុះ​ទៅ​មើល​ទីតាំង​កាប់​ឈើ​មួយ​កន្លែង​ក្នុង​តំបន់​ព្រៃ​ការពារ​សហគមន៍ ហើយ​បាន​ប្រទះ​ឃើញ​កូន​ប្រុស​ប្រធាន​ភូមិ គឺ​លោក សល់ វិត និង​បក្សពួក​មាន​គ្នា ៨​នាក់ កំពុង​ជញ្ជូន​ឈើ​ដែល​ពួក​គេ​អារ​យក​ពី​ព្រៃ ដាក់​លើ​រថយន្ត។ គ្រា​នោះ កូន​ប្រធាន​ភូមិ​បាន​កាន់​ដំបង​ដើរ​មក​គំរាម​ក្រុម​ល្បាត​មិន​ឲ្យ​ថត​សកម្មភាព និង​រថយន្ត​ពួក​គេ ព្រម​ទាំង​ទាញ​យក​ទូរស័ព្ទ​អនុប្រធាន​សហគមន៍​មក​ពិនិត្យ​រក​រូបថត​ដែល​គេ​សង្ស័យ​ថា សហគមន៍​បាន​ថត​ទុក។

អនុប្រធាន​សហគមន៍​ភូមិ​ឡែ កញ្ញា រម៉ាស់ គុជ បញ្ជាក់​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ថា សហគមន៍ និង​មន្ត្រី​សិទ្ធិ​មនុស្ស បាន​ផ្តល់​ព័ត៌មាន​នេះ​ជូន​អាជ្ញាធរ​ឃុំ​ភ្លាម​ក្រោយ​ការ​គំរាម។ កញ្ញា​បញ្ជាក់​ថា កូន​ប្រធាន​ភូមិ​ឡែ គឺ​ជា​មុខ​សញ្ញា​អ្នក​ពាក់ព័ន្ធ​កាប់​យក​ឈើ​មូល​ក្នុង​ព្រៃ​ការពារ លក់​ទៅ​ឲ្យ​ឈ្មួញ​ច្រើន​ខែ​មក​ហើយ បើ​ទោះ​បី​សហគមន៍​បាន​ធ្វើ​របាយការណ៍​សុំ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់ ក៏ប៉ុន្តែ​មិន​ឃើញ​មាន​ចំណាត់ការ​អ្វី​ឡើយ៖ «គាត់​ថា​បើ​ចង់​សុខ កុំ​ថត បើ​មិន​ចង់​សុខ ថត​ទៅ ប្រយ័ត្ន! គាត់​ខ្លាច​ខ្ញុំ​ថត​គាត់​កំពុង​លើក​ឈើ​ដាក់​ឡាន»

ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ កូន​ប្រុស​ប្រធាន​ភូមិ គឺ​លោក សល់ វិត បដិសេធ​ថា​មិន​បាន​គំរាម​សហគមន៍ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ទេ ក៏ប៉ុន្តែ​ទទួល​ស្គាល់​ថា ពិត​ជា​កាប់​យក​ឈើ​មក​ធ្វើ​លំនៅឋាន។ លោក​ថា ឈើ​ក្នុង​ព្រៃ​ការពារ​ត្រូវ​បាន​សមាជិក​សហគមន៍​ភូមិ​ឡែ និង​សហគមន៍​ជិត​ខាង​ចូល​កាប់​អស់​ស្ទើរ​គ្មាន​សល់ ដោយសារ​តែ​ក្រុម​សមត្ថកិច្ច​នៅ​តំបន់​នោះ គឺ​ជា​អ្នក​ទទួល​យក​ផល​ប្រយោជន៍​ពី​អ្នក​កាប់​ឈើ៖ «ខ្ញុំ​អារ​ជា​លក្ខណៈ​គ្រឿង​ផ្ទះ​ខ្ញុំ​ទេ ថ្ងៃ​មុន​អាដហុក​ចូល​ទៅ​ខ្ញុំ សួរ​មនុស្ស​ស្រី ខ្ញុំ​ថា​ថត​ស្អី​ខ្ញុំ​ដឹក​សសរ​ផ្ទះ​ខ្ញុំ​ទេ។ ខ្ញុំ​អត់​មាន​ដឹក​ឈើ​ប្រណិត​ស្អី»

អាជ្ញាធរ​ឃុំ​ប៉ាតេ រួម​ជាមួយ​សហគមន៍​ភូមិ​ឡែ គ្រោង​ដាក់​ពាក្យ​ប្ដឹង​សមាជិក​សហគមន៍ ១១​នាក់ ក្នុង​នោះ​មាន​កូន​ប្រុស​ប្រធាន​ភូមិ ទៅ​ស្ថាប័ន​អយ្យការ​ដោយសារ​តែ​ពាក្យ​ប្ដឹង​របស់​សហគមន៍​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់ មិន​ឃើញ​មាន​ចំណាត់ការ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ។

មេ​ឃុំ​លំជ័រ លោក សេវ ស្វាន បញ្ជាក់​ថា សហគមន៍​បាន​ផ្តល់​ព័ត៌មាន​ទាក់ទិន​ការ​គំរាម​របស់​កូន​ប្រធាន​ភូមិ និង​ការ​កាប់​ឈើ​ក្នុង​ព្រៃ។ ហេតុ​នេះ លោក​នឹង​ធ្វើ​របាយការណ៍​បន្ថែម​ករណី​នេះ​ជូន​អាជ្ញាធរ​ស្រុក៖ «ធ្វើ​របាយការណ៍​ទៅ​ស្រុក យើង​ទៅ​មើល​ជាក់ស្តែង​មើល​ឈើ​ហ្នឹង​យ៉ាង​ម៉េច»

មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក (ADHOC) លោក សេង ហាន បាន​ថត​រូប​ឈើ​ដែល​ក្រុម​ជន​ល្មើស​កាប់​នៅ​ក្នុង​ព្រៃ​ការពារ ដើម្បី​ធ្វើ​របាយការណ៍​អង្កេត​បទល្មើស​ព្រៃ​ឈើ​នៅ​ភូមិ​ឡែ។ លោក​ថា សកម្មភាព​កូន​ប្រុស​មេ​ភូមិ​នៅ​ក្នុង​ព្រៃ គឺ​ជា​ការ​គំរាម​កំហែង​សហគមន៍ និង​មន្ត្រី​សិទ្ធិ​មនុស្ស៖ «ទង្វើ​ទាំងអស់​ហ្នឹង​ជា​ទង្វើ​ខុស​ច្បាប់ អាជ្ញាធរ​គួរ​តែ​ចុះ​ទប់ស្កាត់»

កាល​ពី​ចុង​ខែ​មីនា ក្រុម​ល្បាត​សហគមន៍ និង​មន្ត្រី​អាដហុក រង​ការ​គំរាម​សម្លាប់​ពី​សមាជិក​សហគមន៍​អ្នក​កាប់​យក​ឈើ​ក្នុង​ព្រៃ​ការពារ ខណៈ​ពួក​គេ​ចុះ​ពិនិត្យ​មើល​កន្លែង​កាប់​ឈើ​ក្នុង​ព្រៃ​ការពារ​ភូមិ​ឡែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles