មន្ត្រីជំនាញបរិស្ថាន និងកងរាជអាវុធហត្ថ នៅខេត្តពោធិ៍សាត់ កំពុងវែករកមុខជនល្មើស និងអ្នកពាក់ព័ន្ធក្នុងបទល្មើសកាប់ឈើធ្នង់ជាង ៤០០ដុំ ដែលពលរដ្ឋប្រទះឃើញលាក់ទុកនៅក្នុងព្រៃនៃភូមិស្ទឹងថ្មី ស្រុកវាលវែង កាលពីថ្ងៃទី១៧ ឧសភា។ ប៉ុន្តែពលរដ្ឋមានជំនឿតិចតួច ថាសមត្ថកិច្ចអាចវែករកមុខជនល្មើសឃើញ ខណៈដែលបទល្មើសនៅតែបន្តកើតមាន។
មន្ត្រីជំនាញដែនជម្រកសត្វព្រៃភ្នំសំកុស និងមន្ត្រីកងរាជអាវុធហត្ថស្រុកវាលវែង កំពុងសួរនាំពលរដ្ឋមួយចំនួន ដើម្បីប្រមូលព័ត៌មាន ឬភស្តុតាងបទល្មើសដាក់ជូនតំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បន្ទាប់ពីរឹបអូសឈើឡាំងប្រភេទធ្នង់ជាង ៤០០ដុំ ទៅរក្សាទុកនៅទីចាត់ការដែនជម្រក។
ប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ លោក ប៉ាន់ មរកត ឲ្យដឹងនៅថ្ងៃទី១៩ ខែឧសភា ថា សមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញាជនល្មើសបាននៅឡើយ ដោយសារឈើទាំងនោះត្រូវបានគេលាក់ទុកនៅកណ្ដាលព្រៃ។ លោកថា ក្នុងពេលដែលសមត្ថកិច្ចស្រាវជ្រាវរកភស្តុតាងបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ មន្ត្រីដែនជម្រកក៏បានរាយការណ៍ទៅតំណាងអយ្យការរួចហើយដែរ៖ «ប្រជាពលរដ្ឋបានមកផ្ដល់ទិន្នន័យ និងភស្តុតាងមួយចំនួនហើយ ប៉ុន្តែក្ដាប់មុខសញ្ញាអត់ទាន់ច្បាស់ថាអ្នកណាឲ្យពិតប្រាកដ ព្រោះចេះតែឆ្លើយថាមួយពីរនោះណា ហើយយើងស៊ើបបន្តឲ្យច្បាប់ដើម្បីចោទកាន់ទៅតុលាការ»។
អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះពីមេបញ្ជាការកងរាជអាវុធហត្ថស្រុកវាលវែង លោក ពុធ ប៊ុនឈឿន បានទេនៅថ្ងៃទី១៩ ខែឧសភា ដោយលោកប្រាប់ថាកំពុងជាប់ប្រជុំ ខណៈអធិការស្រុកវាលវែង លោក ធាង ឡេង បដិសេធមិនអត្ថាធិប្បាយជុំវិញបញ្ហានេះ ដោយលោកប្រាប់ថា កម្លាំងនគរបាលស្រុករបស់លោកមិនត្រូវបានជំនាញសហការចុះបង្ក្រាបក្នុងករណីនេះទេ។
អ្នកស្រុកវាលវែង ភាគច្រើននាំគ្នាចូលព្រៃកាប់ឈើប្រណីតលក់ឲ្យឈ្មួញបន្ថែមលើមុខរបរធ្វើស្រែចម្ការរបស់ពួកគេ។ ក្រុមពលរដ្ឋឲ្យដឹងថា អ្នកភូមិរស់នៅចំណុច អូ.ដេ.កា (ODK) និងចំណុចអូរលាក់មាស នៃភូមិស្ទឹងថ្មី មានឈើចន្លោះពី ៤០ ទៅ ១០០ដុំ លាក់ទុកក្រោមផ្ទះជាប្រចាំសម្រាប់ទុកលក់ឲ្យឈ្មួញ ហើយកម្រឃើញអាជ្ញាធរមានសមត្ថកិច្ចទៅទប់ស្កាត់ ឬអប់រំផ្សព្វផ្សាយដល់ពលរដ្ឋណាស់។
អ្នកភូមិនៃឃុំប្រមោយ ស្រុកវាលវែង ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ពុំមានជំនឿថា សមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់នេះមានប្រសិទ្ធភាពឡើយ ហើយការរកឃើញឈើប្រណីតជាង ៤០០ដុំលើកនេះ ក៏លោកមិនភ្ញាក់ផ្អើលដែរ ព្រោះអាជីវកម្មឈើនៅក្នុងស្រុកមិនបានថមថយឡើយ បើទោះបីជារដ្ឋាភិបាលប្រកាសចាត់វិធានការក្ដៅលើបញ្ហាបទល្មើសព្រៃឈើក៏ដោយ៖ «បទល្មើសព្រៃឈើនៅតំបន់វាលវែងនេះ ខ្ញុំគិតថារលាយហិនហោចជាងពីមុនទៀត បើទោះបីជារដ្ឋាភិបាលខំទប់ស្កាត់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែពួកឈ្មួញ និងមន្ត្រីរដ្ឋាភិបាលស៊ុមគ្រលុំជាមួយពួកបរិស្ថាន និងមេបរិស្ថាន បើអ្នកណាបង់លុយទៅ កាប់ព្រៃបាន អ្នកណាអត់បង់ គេចាប់គាត់ទៅ»។
ទាក់ទងបញ្ហានេះ អភិបាលស្រុកវាលវែង លោក ហេង សុភាណា មានប្រសាសន៍ថា បញ្ហាព្រៃឈើ គឺឋិតនៅក្រោមការគ្រប់គ្រងរបស់មន្ត្រីជំនាញបរិស្ថាន និងរដ្ឋបាលព្រៃឈើ។ លោកទទួលស្គាល់ថា ពលរដ្ឋក្នុងស្រុករបស់លោកមួយចំនួននៅតែប្រកបមុខរបរចូលព្រៃកាប់ឈើ ប៉ុន្តែមានជាលក្ខណៈគ្រួសារប៉ុណ្ណោះ ដែលសមត្ថកិច្ចគ្រាន់តែហៅមកអប់រំឲ្យបញ្ឈប់ តែបទល្មើសធំៗចាំបាច់ត្រូវបង្ក្រាប៖ «ជាទូទៅប្រជាជនយើងដែលរកដើម្បីជីវភាព បើមានប៉ះពាល់តិចតួច យើងគ្រាន់តែឲ្យគាត់ធ្វើកិច្ចសន្យាអប់រំគាត់ ប៉ុន្តែបើធ្វើអាជីវកម្មទ្រង់ទ្រាយធំ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់»។
ពលរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាល បារម្ភបាត់បង់ព្រៃឈើអស់ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដោយសារអាជីវកម្មឈើនៅស្រុកភ្នំក្រវ៉ាញ និងស្រុកវាលវែង ជាពិសេសតំបន់អភិរក្សនៅតែបន្តកើតមាន ហើយទប់ស្កាត់មិនឈ្នះ។ ដោយឡែកករណីរកឃើញឈើប្រណីតប្រភេទធ្នង់ជាង ៤០០ដុំថ្មីនេះ ត្រូវគេសង្ស័យថា ជនល្មើសបានត្រូវរ៉ូវជាមួយសមត្ថកិច្ច ដើម្បីកាប់ឈើចេញពីក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស៕