ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ជៀសវាងការគំរាមកំហែងផ្នែកនយោបាយ ខណៈគណបក្សនយោបាយបានបើកយុទ្ធនាការរយៈពេលពីរសប្ដាហ៍ សម្រាប់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤។
អ្នកនាំពាក្យសម្រាប់តំបន់អាស៊ីខាងកើត នៃក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី អាលីសា អែដវឺតស៍ (Alicia Edwards) បានថ្លែងពីទីក្រុងវ៉ាស៊ីនតុន ថា សហរដ្ឋអាមេរិក ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថាគ្មានការគំរាមកំហែងលើបរិយាកាសនយោបាយ និងស្នើឲ្យរដ្ឋាភិបាលគោរពសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានសហរដ្ឋអាមេរិក អេ.ភី (AP)។
មន្ត្រីនាំពាក្យរបស់គណបក្សកាន់អំណាច លោក សុខ ឥសាន យល់ថា សភាពការណ៍នយោបាយមុនការបោះឆ្នោតនេះ គឺកំពុងដំណើរការល្អ គ្មានការគំរាមកំហែងទេ៖ «»។
ទោះបីជាយ៉ាងណា ក្រុមសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ដែលឃ្លាំមើលប្រទេសកម្ពុជា អះអាងថា រដ្ឋាភិបាលកំពុងប្រើប្រព័ន្ធតុលាការដើម្បីគំរាមកំហែងអ្នករិះគន់រដ្ឋាភិបាល និងគូប្រកួតនយោបាយ។ ការអះអាងនេះ ត្រូវមន្ត្រីរដ្ឋាភិបាលតែងតែច្រានចោល។
នៅប៉ុន្មានថ្ងៃមុនការចាប់ផ្ដើមយុទ្ធនាការបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា ប្រទេសកម្ពុជា នឹងមានសង្គ្រាម ប្រសិនបើគណបក្សប្រជាជនកម្ពុជា របស់លោកដែលកាន់អំណាចជាង ៣ទសវត្សរ៍ ចាញ់ឆ្នោត។
រីឯលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ វិញ ក៏ព្រមានដែរថា កងកម្លាំងប្រដាប់អាវុធរបស់លោក នឹង «វ៉ៃឲ្យបែកធ្មេញ» ដល់ជនណាដែលតវ៉ាលទ្ធផលបោះឆ្នោតពេលគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ យល់ថា ការអំពាវនាវរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅពេលនេះ នឹងជំរុញឲ្យអ្នកបោះឆ្នោតកម្ពុជា សម្រេចចិត្តដោយគ្មានការភ័យខ្លាចដោយសារការគំរាមកំហែង៖ «»។
អ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ បានថ្លែងនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនលោកថា ការបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃទី៤ មិថុនា មានសារសំខាន់ ដោយសារមូលហេតុមួយ គឺវានឹងជាការស្ទាបស្ទង់កម្លាំងគាំទ្រសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំក្រោយ។
កាលពីការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រ ៦០ភាគរយពីអ្នកបោះឆ្នោត ហើយគណបក្សប្រឆាំងបានជាង ៣០ភាគរយ ក៏ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០១៣ ធ្វើឲ្យគណបក្សកាន់អំណាចបាត់សំឡេងគាំទ្រជាង ២០អាសនៈ ដោយសារការកើនឡើងនូវសំឡេងគាំទ្ររបស់គណបក្សប្រឆាំង៕