Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ទស្សនៈ​ពលរដ្ឋ​មួយ​ចំនួន​អំពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថ្ងៃ​ដំបូង​នៅ​ភ្នំពេញ

$
0
0

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ មើល​ឃើញ​ថា ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថ្ងៃ​ដំបូង​របស់​គណបក្ស​នយោបាយ បាន​ជះ​ឥទ្ធិពល​តិចតួច​ដល់​សកម្មភាព​រស់នៅ រៀន​សូត្រ និង​ការ​ធ្វើ​អាជីវកម្ម​របស់​ពួក​គេ។

និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​នីតិសាស្ត្រ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច លោក ហេង ទីមឃារ៉ាលី យល់​ថា ការ​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ហែ​កាត់​មុខ​សាលា​ច្បាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​និស្សិត​ក្នុង​សាកលវិទ្យាល័យ​ទេ។ និស្សិត​រូប​នេះ​ថា សំឡេង​ឧគ្ឃោសនស័ព្ទ​ក្នុង​ក្បួន មិន​បាន​រំខាន​ខ្លាំង​ដល់​ការ​សិក្សា​ទេ ហើយ​ក្បួន​ហែ​ក៏​មាន​ភាព​ល្អ​ប្រសើរ​ជាង​ការ​ហែ​ក្បួន​ឃោសនា​កាល​ពី​ឆ្នាំ​២០១៣ ដែរ៖ «ការ​ហែ​គណបក្ស​ឆ្នាំ​នេះ គឺ​វា​អត់​មាន​បង្ក​ភាព​អចលាចល​ដូច​ឆ្នាំ​មុនៗ​ទេ ដូច​កាល​ឆ្នាំ​២០១៣ ទេ ក្នុង​ឆ្នាំ​២០១៧ នេះ ការ​ហែ​គណបក្ស​វា​មាន​សភាព​ស្ងប់ស្ងាត់ ហើយ​វា​អត់​មាន​ការ​រំខាន​ដល់​សិស្សានុសិស្ស​តាម​សាលា»

ចំណែកឯ​ការ​ចែក​ខិត្តប័ណ្ណ​ឃោសនា​គណបក្ស​វិញ និស្សិត ហេង ទីមឃារ៉ាលី ថា​មិន​មាន​ការ​ចែក​នៅ​ខាង​មុខ​របង ឬ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ដូច​មុនៗ​ទេ។

អាជីវករ​លក់​ឧបករណ៍​កសិកម្ម​នៅ​សង្កាត់​ទួលទំពូង លោក អ៊ឹង ឆាយ ថា​នៅ​ផ្លូវ​ម្ដុំ​កន្លែង​លោក​លក់ មិន​មាន​គណបក្ស​នយោបាយ​ហែ​ក្បួន ឬ​ឃោសនា​ទេ​នៅ​ថ្ងៃ​ដំបូង ប៉ុន្តែ​អតិថិជន​របស់​លោក​មាន​ការ​ធ្លាក់​ចុះ​ជាង​ថ្ងៃ​ធម្មតា។ អាជីវករ​រូប​នេះ​យល់​ថា ដោយសារ​អតិថិជន​លោក​ភាគច្រើន​ជា​កសិករ ដូច្នេះ​ថ្ងៃ​ដំបូង​ពួក​គេ​អាច​យក​ពេលវេលា​ទៅ​ហែ​ក្បួន​ឃោសនា​ឲ្យ​គណបក្ស​របស់​គេ៖ «គាត់​ទៅ​ចូលរួម​កម្មវិធី​គេ ហ្នឹង​ហើយ​ចូលរួម​ហែ​គណបក្ស​ចឹង​ទៅ វា​ធ្វើ​ឲ្យ​បាត់បង់​ភាគរយ​តិចតួច វា​មិន​ជា​ច្រើន»

ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ពលរដ្ឋ​ហាក់​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​ចូលរួម​ប៉ុន្មាន​ទេ ក្រៅ​ពី​សមាជិក​របស់​គណបក្ស​នយោបាយ។ សកម្មភាព​អាជីវកម្ម ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការងារ​ជា​ធម្មតា។ ចំណែក​សាលារៀន មន្ទីរពេទ្យ ស្ថាប័ន​ជាតិ​ធំៗ ក៏​មាន​ដំណើរការ​ធម្មតា​ដែរ។

ក្នុង​ចំណោម ៦​គណបក្ស គណបក្ស​ប្រជាជន​កម្ពុជា បាន​បិទ​ខិត្តប័ណ្ណ​ឃោសនា​នៅ​តាម​ជញ្ជាំង​របង​ផ្ទះ​វីឡា​ធំៗ​ច្រើន​ជាង​គេ។ ចំណែក​ទី​សាធារណៈ​តាម​ដង​ផ្លូវ ដូចជា​បង្គោល​ភ្លើង ដើម​ឈើ របង​ស្ថាប័ន​រដ្ឋ មិន​មាន​បិទ​ខិត្តប័ណ្ណ​ឃោសនា​របស់​គណបក្ស​នយោបាយ​ទេ។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ លោក មាស ឆព្វណ្ណ ថា​ការ​ឃោសនា​របស់​គ្រប់​គណបក្ស​ទាំង​៦ នៅ​ថ្ងៃ​ដំបូង​នេះ មិន​ទាន់​មាន​បញ្ហា ឬ​បណ្ដឹង​របស់​គណបក្ស​នយោបាយ​នៅ​ឡើយ​នោះ​ទេ៖ «ព្រោះ​យើង​បាន​សម្របសម្រួល​ជូន​គាត់​ទាំងអស់ គឺ​យើង​មាន​ម៉ូតូ​បើក​ផ្លូវ ហើយ​និង​ឡាន PEC របស់​យើង​ហ្នឹង ក៏​យើង​បើក​ផ្លូវ​បម្រើ​ជូន​គាត់​ដែរ។ ចឹង​មក​ដល់​ម៉ោង​នេះ គឺ​អត់​មាន​អី​ទាំងអស់»

នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជាមួយ​តំណាង​គណបក្ស​នយោបាយ​ទាំង ៦ បាន​សម្រេច​បង្កើត​គណៈ​បញ្ជាការ​ស្រាល ដើម្បី​ដោះស្រាយ​ពាក្យ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការ​ហែ​ក្បួន​ឃោសនា​នៅ​រាជធានី​ភ្នំពេញ។ គណៈ​បញ្ជាការ​ស្រាល​នេះ​មាន​តំណាង គ..ប រាជធានី​ភ្នំពេញ អាជ្ញាធរ​ក្រុង និង​តំណាង​គណបក្ស​ទាំង​៦ ដែល​បាន​ចុះ​បញ្ជី​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ​ក្រុង​ភ្នំពេញ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព និង​ជា​សមាជិក​បន្ទប់​ស្ថានការណ៍​ការ​បោះឆ្នោត លោក យង់ គិមអេង សង្កេត​ឃើញ​ថា ការ​ឃោសនា​នៅ​ថ្ងៃ​ដំបូង​នេះ​ដំណើរការ​ទៅ​ដោយ​ល្អ​ប្រសើរ។ ទោះ​បី​ការ​ហែ​ក្បួន​ឃោសនា​ឃុំ-សង្កាត់​ថ្ងៃ​ដំបូង មិន​ធំ​ដូច​ការ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ថ្នាក់​ជាតិ តែ​ការ​ឃោសនា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ នេះ ច្រើន​ជាង​ការ​ឃោសនា​ឃុំ-សង្កាត់​កាល​ពី​ឆ្នាំ​២០១២៖ «មិន​សូវ​មាន​ភាព​អ៊ឹកធឹក​ដូច​ឃោសនា​ការ​បោះឆ្នោត​ជាតិ​ទេ​បាទ»

យុទ្ធនាការ​នៃ​ការ​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នេះ គ..ប បាន​ណែនាំ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ហាម​ប្រើ​ពាក្យ​អសុរោះ ឬ​ជេរ​ប្រមាថ ដែល​នាំ​ឲ្យ​កើត​មាន​អំពើ​ហិង្សា។ មេ​ដឹកនាំ​គណបក្ស​នយោបាយ​ជាច្រើន បាន​ណែនាំ​ឲ្យ​សមាជិក​ខ្លួន​និយាយ​តែ​គោល​នយោបាយ​បក្ស​ខ្លួន​តែ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles