គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចាប់ផ្ដើមយុទ្ធនាការឃោសនាថ្ងៃដំបូងរបស់ខ្លួន នៅថ្ងៃទី២០ ខែឧសភា នៅតាមរាជធានី និងបណ្ដាខេត្តមួយចំនួន។
ខេត្តរតនគិរី
គណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី បើកយុទ្ធនាការហែក្បួនទ្រង់ទ្រាយធំនៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤។ ដោយឡែកគណបក្សសង្គ្រោះជាតិនាំគ្នាហែក្បួនទ្រង់ទ្រាយតូចនៅតាមឃុំ-សង្កាត់។
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជាង ៣ពាន់នាក់ អមដោយរថយន្តជាង ២០០គ្រឿង និងម៉ូតូជាង ៣០០គ្រឿង នាំគ្នាហែក្បួនឃោសនាបោះឆ្នោតនៅព្រឹកថ្ងៃទី២០ ខែឧសភា នៅក្រុងបានលុង។ ចំណែកគណបក្សសង្គ្រោះជាតិ វិញបានរៀបចំការហែក្បួនទ្រង់ទ្រាយតូចនៅថ្ងៃឃោសនាបោះឆ្នោតដំបូងនេះ ដោយមានតែសកម្មជនគាំទ្រគណបក្សនេះប្រមាណ ៥០នាក់ ពាក់អាវ និងមួកស្លាកសញ្ញាព្រះអាទិត្យរះ មានរថយន្តមួយគ្រឿងបំពាក់ដោយឧគ្ឃោសនស័ព្ទស្រែកជ័យឃោស លើកតម្កើងគណបក្សសង្គ្រោះជាតិ និងអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។
ខេត្តព្រះសីហនុ
គណបក្សនយោបាយធំពីរប្រចាំខេត្តព្រះសីហនុ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបើកយុទ្ធនាការឃោសនាទ្រង់ទ្រាយធំនៅតាមមូលដ្ឋានមួយចំនួន។
មន្ត្រីដឹកនាំគណបក្សនីមួយៗ បានបង្ហាញមុខនៅក្នុងពិធីជួបជុំសមាជិកគាំទ្រខ្លួនតាមទីស្នាក់ការគណបក្សនៅតាមមូលដ្ឋាននីមួយៗ និងបានផ្ញើសារទៅម្ចាស់ឆ្នោតឲ្យបោះឆ្នោតជូនបក្សរបស់ខ្លួន។
អ្នកសង្កេតការណ៍បោះឆ្នោតអង្គការខុមហ្វ្រែល (COMFREl) អះអាងថា ថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតនៅខេត្តព្រះសីហនុនេះ មានដំណើរការល្អប្រសើរ។
ខេត្តកំពង់ឆ្នាំង
ថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅខេត្តកំពង់ឆ្នាំង មានគណបក្ស៣ គឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សខ្មែររួបរួមជាតិ បានរៀបចំពិធីជួបជុំបើកយុទ្ធនាការ និងដង្ហែក្បួន។ រយៈពេល ១ថ្ងៃពេញនៃយុទ្ធនាការពុំមានការរំខាន ឬភាពមិនប្រក្រតីកើតឡើងចំពោះគណបក្សនយោបាយឡើយ។
ខេត្តកំពង់ចាម
មន្ត្រីអាជ្ញាធរខេត្ត និងមន្ត្រីគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ចាម លើកឡើងថា ស្ថានភាពឃោសនាបោះឆ្នោតថ្ងៃទី១ ដែលត្រូវនៅថ្ងៃទី២០ ខែឧសភា គឺមិនមានបញ្ហាចោទឡើងទេ។ មន្ត្រីគណបក្សប្រឆាំងអះអាងថា ប្រជាពលរដ្ឋ និងសកម្មជនដែលចូលរួមការឃោសនា គឺមានរបៀបរៀបរយ និងបានថែរក្សាភាពថ្លៃថ្នូររបស់ខ្លួន។ ស្នងការនគរបាលខេត្តយល់ថា ប្រសិនបើគ្រប់គណបក្សនយោបាយគោរពតាមច្បាប់ស្ដីពីការឃោសនាបោះឆ្នោតបានត្រឹមត្រូវ សកម្មភាពទៅថ្ងៃមុខទៀតនឹងគ្មានបញ្ហាចោទឡើងទេ។
សូមរង់ចាំស្ដាប់សេចក្ដីរាយការណ៍ពិស្ដារជុំវិញព័ត៌មាននេះក្នុងកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី...