Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បេក្ខជន​​បក្ស​កាន់​អំណាច​នៅ​​ខេត្ត​តាកែវ​ប្ដឹង​គ.ជ.ប​ឱ្យ​លុប​ឈ្មោះ​បេក្ខជន​បក្ស​ប្រឆាំង

$
0
0

សមាជិក​ក្រុមប្រឹក្សា​ឃុំ​លេខ​រៀង​ទី​២ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្ដែត ខេត្ត​តាកែវ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ ឱ្យ​លុប​ឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​លេខ​រៀង​ទី​១ គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​បញ្ជី​បោះឆ្នោត បន្ទាប់​ពី​ចោទ​ប្រកាន់​ថា បាន​រារាំង​ក្បួន​ឃោសនា​របស់​ខ្លួន។ ប៉ុន្តែ​បេក្ខជន​គណបក្ស​ប្រឆាំង​បាន​ទាត់​ចោល​ការ​ចោទ​ប្រកាន់​នេះ នឹង​បាន​ប្ដឹង​បក​ទៅ​វិញ​ថា បេក្ខជន​ឃុំ​បក្ស​កាន់​អំណាច​ទៅ​វិញ​ទេ ដែល​ជេរប្រមាថ​ថា គណបក្ស​ខ្លួន​ជា​គណបក្ស​សម្លាប់​មនុស្ស។

​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្ដែត ខេត្ត​តាកែវ បាន​បកស្រាយ​ថា ខ្លួន​មិន​បាន​រារាំង​ការ​ដង្ហែ​ក្បួន​ឃោសនា​បោះ​ឆ្នោត​ឃុំ-​សង្កាត់ របស់​ក្រុម​បេក្ខជន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឡើយ ផ្ទុយ​ទៅ​វិញ ខាង​បេក្ខជន​បក្ស​កាន់​អំណាច​ទេ ដែល​បាន​ជេរ​ប្រមាថ​បក្ស​ខ្លួន​ថា ជា​បក្ស​សម្លាប់​មនុស្ស។

បេក្ខជន​ទី​មួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ព្រៃខ្លា លោក កែវ អ៊ាត ថ្លែង​ប្រាប់​អាស៊ីសេរី​ថា ខ្លួន​បាន​រៀបចំ​ប្ដឹង​បក​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ ចំពោះ​សកម្មជន​គណបក្ស​កាន់​អំណាច​ម្នាក់​ឈ្មោះ ថៃ ធល ដែល​បាន​ជេរ​ប្រមាថ​គណបក្ស​លោក​តាម​រយៈ​មេក្រូ​ថា ជា​គណបក្ស​សម្លាប់​មនុស្ស៖ «»។

​លោក​បន្ត​ថា ដំបូង​ឡើយ គណបក្ស​លោក​មិន​បាន​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-​សង្កាត់​ឡើយ គឺ​ធ្វើ​នៅ​មួយ​កន្លែង​ប៉ុណ្ណោះ ចាប់​ពី​ម៉ោង​៨ ដល់​ម៉ោង ១១​ព្រឹក ស្ថិត​នៅ​ក្នុង​ភូមិ​តាំងរាសី ឃុំ​ព្រៃខ្លា ដែល​ជា​ទីតាំង​ខាង គ.ឃ.ប ឃុំ​កំណត់​ឱ្យ។ លោក​បញ្ជាក់​ទៀត​ថា ក្រោយ​មក​ស្រាប់​តែ​ក្បួន​ដង្ហែ​ឃោសនា​បោះ​ឆ្នោត​ឃុំ​របស់​បក្ស​កាន់​អំណាច​ដែល​ដឹកនាំ​ដោយ​លោកស្រី ប៉ិច ឈីម ជា​បេក្ខជន​លេខ​រៀង​ទី​២ បាន​ដង្ហែ​មក​ដល់ និង​សុំ​ឱ្យ​ពួក​លោក​បើក​ផ្លូវ ប៉ុន្តែ​នៅ​ពេល​ពួក​លោក​សម្រេច​បើក​ផ្លូវ​ឱ្យ​ហើយ បែរ​ជា​លោក ថៃ ធល ដែល​ជា​អ្នក​កាន់​មេក្រូ បាន​ជេរ​ប្រមាថ​តែម្ដង។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​រៀបចំ​ប្ដឹង​បក គឺ​ដោយសារ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​នៅ​ពេល​លោក​អនុគ្រោះ​ឱ្យ​ហើយ តែ​បែរ​ជា​ប្ដឹង​លោក​ទៅ​វិញ។

​ទោះ​ជា​យ៉ាង​នេះ​ក្ដី លោកស្រី ប៉ិច ឈីម ដែល​បាន​ដាក់​ប្ដឹង​លោក កែវ អ៊ាត បញ្ជាក់​ថា នៅ​ពេល​គណបក្ស​លោកស្រី​ដង្ហែ​ក្បួន​ឃោសនា​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ និង​មក​ដល់​ត្រង់​ចំណុច​ភូមិ ដែល​ខាង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​បក្ស​ប្រឆាំង កំពុង​ឃោសនា គឺ​ពួកគេ​មាន​គ្នា​ចំនួន ១៥​នាក់ បាន​រារាំង​ដល់​ក្រុម​លោកស្រី​មិន​ឱ្យ​ឆ្លងកាត់​ផ្លូវ​ក្នុង​ភូមិ​នោះ​ឡើយ៖ «»។

​លោកស្រី​បន្ថែម​ថា ក្នុង​ពាក្យ​បណ្ដឹង​ដែល​ដាក់​ទៅ​ខាង គ.ជ.ប ឃុំ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា គឺ​បាន​ប្ដឹង​ទាមទារ​សំណង​ខូចខាត​ម្នាក់ៗ​ចំនួន ២០​លាន​រៀល និង​សុំ​ឱ្យ​លុប​ឈ្មោះ​លោក កែវ អ៊ាត និង​បក្សពួក​ទាំង ១៥​នាក់ ចេញ​ពី​បញ្ជី​បោះឆ្នោត។

ពាក់ព័ន្ធ​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ថ្លែង​ថា ខាង គ.ជ.ប ទទួល​បាន​បណ្ដឹង​នេះ​ហើយ ដោយ​ឡែក​ចំពោះ​ការ​សម្រេច​យ៉ាង​ណា​របស់ គ.ជ.ប និង​ដឹង​នៅ​ពេល​ក្រោយ បន្ទាប់​ពី គ.ជ.ប បញ្ជូន​ក្រុម​ការងារ​ជំនាញ​ទៅ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​ជុំវិញ​រឿង​នេះ៖ «»។

​ចំណែក​មន្ត្រី​ជាន់​ខ្ពស់​នៃ​កម្មវិធី​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស បញ្ជាក់​ថា ករណី​ចេញ​ឃោសនា​ដែល​តម្រូវ​ឱ្យ​និយាយ​អំពី​គោលនយោបាយ​របស់​ខ្លួន ប៉ុន្តែ​បែរ​ជា​ឆ្លៀត​ឱកាស​ជេរប្រមាថ​អ្នក​ដទៃ ឬ​បក្ស​នយោបាយ​ផ្សេង​ទៀត គឺ​ភាគី​នោះ​អាច​ប្ដឹង​ដើម្បី​ស្នើ​សុំ​ឱ្យ គ.ជ.ប ចាត់​វិធានការ​ទៅ​តាម​នីតិវិធី។ លោក​បន្ត​ថា រី​ឯ​អ្នក​រារាំង​ដល់​ក្បួន​ឃោសនា​របស់​បក្ស​ផ្សេង ក៏​ប្រឈម​នឹង​វិធានការ​ច្បាប់​របស់ គ.ជ.ប ដូច​គ្នា​ដែរ៖ «»។

​លោក ហង្ស ពុទ្ធា មន្ត្រី​នាំ​ពាក្យ គ.ជ.ប បញ្ជាក់​ថា បើ​គិត​ត្រឹម​ម៉ោង ៦​ល្ងាច​ថ្ងៃ​ទី​២០ ខែ​ឧសភា ដែល​ជា​ថ្ងៃ​ទី​១​នៃ​យុទ្ធនា​ការឃោសនា​ដំបូង គឺ​មាន​តែ​ករណី​ប្ដឹងផ្ដល់​គ្នា​មួយ​ករណី​ប៉ុណ្ណោះ ដែល​កើត​ឡើង​នៅ​ក្នុង​ឃុំ​ព្រៃខ្លា ខេត្ត​តាកែវ។ លោក​ស្នើ​ឱ្យ​អ្នក​នយោបាយ​ទាំង​អស់​គួរ​ប្រកាន់​យក​ចរិត​ចាស់​ទុំ និង​ឃោសនា​តែ​គោលនយោបាយ​របស់​ខ្លួន​បាន​ហើយ ដោយ​មិន​ត្រូវ​និយាយ​អ្វី​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គណបក្ស​នយោបាយ​ដទៃ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles