Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គណបក្ស​ប្រជាជន​ធ្វើ​យុទ្ធនាការ​ឃោសនា​ដំបូង​ដោយ​រំឭក​ពី​ការ​ចងចាំ​ក្នុង​របប​ខ្មែរ​ក្រហម

$
0
0

មើល​រូបភាព​​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ដំបូង

គណបក្ស​ប្រជាជន​កម្ពុជា ចាប់​ផ្ដើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថ្ងៃ​ដំបូង គឺ​មិន​ហែ​ក្បូន​ទ្រង់ទ្រាយ​ធំ​ទេ ដោយ​គណបក្ស​នេះ​ធ្វើ​អង្គ​មីទីង​រំលឹក​អំពី​ការ​ចងចាំ​ក្នុង​របប​ខ្មែរ​ក្រហម។ នៅ​ភ្នំពេញ អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ បើក​យុទ្ធនាការ​ដោយ​មាន​អ្នក​ចូលរួម​ជាង ៨​ម៉ឺន​នាក់។ ចំណែក​នៅ​តាម​បណ្ដា​ខេត្ត​នានា ក្រុម​មន្ត្រី​ធំៗ​នៃ​គណបក្ស​កាន់​អំណាច​ចាប់​ពី​រដ្ឋមន្ត្រី ដល់​មេទ័ព នាំ​គ្នា​បើក​យុទ្ធនាការ​ឃោសនា។

ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​នៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា ចាប់​ផ្ដើម​ដោយ​ការ​ជួប​ជុំ​គ្នា​ដើម្បី​យុទ្ធនាការ។ នៅ​ពេល​ជួបជុំ​គ្នា​រួច​ហើយ ពួកគេ​នាំ​គ្នា​ហែ​ក្បួន​បំបែក​គ្នា​វិល​ទៅ​ឃោសនា​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន។

ក្រៅ​តែ​ពី​ការ​ជួបជុំ​គ្នា​នេះ សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា នាំ​គ្នា​ចុះ​ទៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ដើម្បី​បង្ហាញ​ពី​គោលនយោបាយ និង​ណែនាំ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​បន្ត​ទៀត។

អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ ដែល​ដឹកនាំ​អង្គ​មីទីង​នេះ អះអាង​ថា ការ​អភិវឌ្ឍ​នឹង​នៅ​តែ​មាន​បើ​គណបក្ស​របស់​ខ្លួន​ឈ្នះ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់។

លោក សាយ ឈុំ ប្រាប់​ទៅ​សមាជិក​របស់​ខ្លួន​ឲ្យ​ខំ​ប្រឹងប្រែង​ណែនាំ​ពលរដ្ឋ​ស្គាល់​ពី​លេខ​រៀង និង​គោលនយោបាយ​របស់​គណបក្ស ដើម្បី​យក​ជ័យជំនះ​លើ​ការ​បោះឆ្នោត៖ «គណបក្ស​យើង​ជិត​ឈ្នះ​ឆ្នោត ព្រោះ​មាន​គោលនយោបាយ​ត្រឹមត្រូវ ដែល​ឆ្លើយ​តប​ទាំង​ស្រុង​ទៅ​នឹង​គោល​បំណង​របស់​ប្រជាជន»

​ដោយ​ឡែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​បង្ហាញ​វត្តមាន​នៃ​ការ​ជួប​ជុំ​នេះ​ទេ។ ប៉ុន្តែ​បាន​សរសេរ​សារ​នយោបាយ​តាម​ហ្វេសប៊ុក (Facebook) របស់​លោក ដោយ​អួតអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ពូកែ​កសាង​ច្រើន​លើសលប់​បំផុត​ដែល​បាន​ឃើញ​នឹង​ភ្នែក​ពិតៗ ដែល​ខុស​ពី​គណបក្ស​ផ្សេង​ពូកែ​ខាង​ថា និង​សន្យា​ខ្យល់។

​បេក្ខជន​ឈរ​ឈ្មោះ​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​សង្កាត់​ផ្សារថ្មី​ទី​២ លោក សួន សុភេន ឲ្យ​ដឹង​ថា នៅ​សង្កាត់​របស់​លោក​នឹង​ចាប់​ផ្ដើម​ហែ​ក្បួន​នៅ​ក្នុង​សង្កាត់​ចាប់​ពី​ថ្ងៃ​ទី​២១ ត​ទៅ។ លោក​ថា ក្រៅ​ពី​នេះ ក្រុម​ការងារ​ចុះ​តាម​ផ្ទះ​ជួប​ពលរដ្ឋ និង​ចាក់​ផ្សាយ​សំឡេង​ពី​គោលនយោបាយ​របស់​គណបក្ស​ឲ្យ​ពលរដ្ឋ​បាន​ដឹង៖ «ផែនការ​ហ្នឹង​គឺ​ដង្ហែ​តាម​ខណ្ឌ តាម​សង្កាត់ និង​តាម​ផ្លូវ​មួយ​ចំនួន​តាម​ការ​អនុញ្ញាត​របស់ គ.ជ.ប»

​ពលរដ្ឋ​ម្នាក់​រស់​នៅ​រាជធានី​ភ្នំពេញ លោក ដួង ខេមរា ប្រាប់​ថា ថ្ងៃ​ឃោសនា​បោះឆ្នោត​ដំបូង លោក​ឃើញ​តែ​គណបក្ស​នយោបាយ​ពីរ​ទេ​ធ្វើ​សកម្មភាព គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ថា ស្ដាប់​គោលនយោបាយ​គណបក្ស​ទាំង​ពីរ គឺ​មាន​លក្ខណៈ​ល្អ​ផ្សេងៗ​គ្នា ប៉ុន្តែ​លោក​នឹង​សម្រេច​បោះឆ្នោត​ទៅ​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ទាំង​ពីរ​នេះ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ៖ «អង្គុយ​ស្ដាប់​មិញ​គេ​ថា បោះ​ឆ្នោត​ឲ្យ​គេ​ទៅ​គេ​បោះ​ស្រាយ​បញ្ហា​ឲ្យ​ពលរដ្ឋ​សព្វ​មុខ»

​គណបក្ស​ប្រជាជន​កម្ពុជា បាន​គ្រប់គ្រង​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ស្ទើរ​ទូទាំង​ប្រទេស បាន​បី​អាណត្តិ​មក​ហើយ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់គ្រង​ប្រធាន​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ខេត្ត-​ក្រុង រាជធានី នឹង​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ព្រឹទ្ធ​សភា។ ប៉ុន្តែ​ក្រុម​អ្នក​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​យល់​ថា លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤​នេះ គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​គ្រប់គ្រង​ឃុំ​សង្កាត់​ដូច​អាណត្តិ​ទី​៣​ទៀត ព្រោះ​អាណត្តិ​នេះ សមាជិក​ក្រុមប្រឹក្សា​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ច្របាច់​បញ្ចូល​គ្នា​មក​ជា​គណបក្ស​សង្គ្រោះ​ជាតិ តែមួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles