Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បេក្ខភាព​ក្រុមប្រឹក្សា​សង្កាត់​បក្ស​ប្រឆាំង​នៅ​សៀមរាប​ចោទ​ថា​មាន​ជន​ប្រដាប់​អាវុធ​តាម​គំរាម

$
0
0

បេក្ខនារី​ក្រុមប្រឹក្សា​សង្កាត់​គោកចក ក្រុង​សៀមរាប លំដាប់​លេខ​រៀង​ទី​២ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ អះអាង​ថា ជន​ប្រដាប់​អាវុធ​ម្នាក់ ដែល​គ្រង​ឯកសណ្ឋាន​របៀប​ជា​មន្ត្រី​កងរាជអាវុធហត្ថ បាន​ទៅ​ធ្វើ​សកម្មភាព​គំរាមកំហែង​ដល់​លំនៅឋាន​របស់​គាត់​ឯ​ភូមិ​គោតត្នោត សង្កាត់​គោកចក កាល​ពី​ថ្ងៃ​ត្រង់ ថ្ងៃ​សៅរ៍ ទី​២០ ខែ​ឧសភា។

​សកម្មភាព​ជន​ប្រដាប់​អាវុធ​ដែល​ទៅ​ដល់​ផ្ទះ​បេក្ខនារី​លំដាប់​លេខ​រៀង​ទី​២ នោះ ធ្វើ​ឡើង​បន្ទាប់​ពី​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ថ្ងៃ​ដំបូង បាន​ចាប់​ផ្ដើម​ឡើង​រយៈ​ពេល​ប្រហែល​ជាង ៣​ម៉ោង។

បេក្ខនារី​លំដាប់​លេខ​រៀង​ទី​២ សម្រាប់​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​គោកចក នោះ គឺ​កញ្ញា ចាន់ សុមាលី។ កញ្ញា​អះអាង​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​ឧសភា ថា កាល​ពី​ព្រឹក​ថ្ងៃ​ដដែល ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​ទៅ​ភូមិ​របស់​នាង ដោយ​ចែក​ខិត្តប័ណ្ណ​ឃោសនា ព្រម​ទាំង​លើក​ស្លាក​គណបក្ស​នៅ​នឹង​ផ្ទះ​របស់​នាង​ផង។ ស្រាប់​តែ​វេលា​ម៉ោង​ជាង ១២​ថ្ងៃ​ត្រង់ មាន​បុរស​ម្នាក់​គ្រង​ឯកសណ្ឋាន​របៀប​ជា​មន្ត្រី​កងរាជអាវុធហត្ថ ប្រដាប់​ដោយ​អាវុធ​ជិះ​ម៉ូតូ ១​គ្រឿង​ទៅ​ដល់​ផ្ទះ​របស់​នាង ហើយ​សួរ​ដេញដោល​ជុំវិញ​ការ​លើក​ស្លាក​គណបក្ស ព្រម​ទាំង​ថតរូប​ជា​ច្រើន​ប៉ុស្តិ៍។

​កញ្ញា ចាន់ សុមាលី អាយុ ២៥​ឆ្នាំ បញ្ជាក់​ថា សកម្មភាព​នេះ​ធ្វើ​ឱ្យ​នាង​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​សុវត្ថិភាព​ក្រុម​គ្រួសារ​ទាំង​មូល៖ «គាត់​ក៏​ថតរូប​បន្ត​ទៀត​ប្រហែល​ជា ២-​៣​ប៉ុស្តិ៍​ទៀត គាត់​ក៏​បត់​ម៉ូតូ​ជិះ​ទៅ​វិញ។ គណបក្ស​នយោបាយ​គឺ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​លើក​ស្លាក​សញ្ញា​ទាំង​ឡាយ ហេតុ​អ្វី​ក៏​កម្លាំង​ប្រដាប់​អាវុធ​ម្នាក់​នោះ​មក​តាមដាន​ជា​លក្ខណៈ​គំរាម​ដូច​នេះ»

បេក្ខនារី​លំដាប់​លេខ​រៀង​ទី​១​នៃ​គណបក្ស​សង្គ្រោះ​ជាតិ សង្កាត់​គោកចក អ្នកស្រី យឹម ផល្លី បាន​ចោទ​ប្រកាន់​ថា សកម្មភាព​នោះ​គឺ​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ ដោយ​អ្នកស្រី​ក៏​ដាក់​ពាក្យ​ប្ដឹង​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​សង្កាត់​គោកចក រួច​ហើយ​ដែរ។

​អ្នកស្រី យឹម ផល្លី លើក​ឡើង​ថា តាម​គោលការណ៍​របស់​រដ្ឋាភិបាល គឺ​លើក​ទឹក​ចិត្ត​ឱ្យ​ស្ត្រី​ចូលរួម​នៅ​ក្នុង​ឆាក​នយោបាយ​ឱ្យ​បាន​ច្រើន ប៉ុន្តែ​ហេតុអ្វី​បាន​ជា​មាន​កម្លាំង​ប្រដាប់​អាវុធ​ខ្លះ ប្រើ​រូបភាព​គំរាមកំហែង​ទៅ​លើ​បេក្ខនារី​ដែល​កំពុងតែ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ដូច្នេះ​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles