គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ដឹកនាំសកម្មជន និងអ្នកគាំទ្រប្រមាណជិត ២០០នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃឃោសនាដំបូង។ ចំណែកគណបក្សតូចៗមួយចំនួនទៀត មិនទាន់ត្រៀមធ្វើយុទ្ធនាការឃោសនាទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ នៅឡើយទេ។
សម្រាប់យុទ្ធនាការរកសន្លឹកឆ្នោតនៅថ្ងៃដំបូង គឺថ្ងៃទី២០ ខែឧសភា គេនៅមិនទាន់ឃើញគណបក្សនយោបាយតូចៗ ចេញដង្ហែក្បួនឃោសនាបោះឆ្នោតក្នុងលក្ខណៈទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ នៅឡើយទេ ដោយគ្រាន់តែរៀបចំឃោសនានៅតាមឃុំ-សង្កាត់ ដែលមានបេក្ខជនឈរឈ្មោះបោះឆ្នោតនៅតាមបណ្ដាខេត្ត-ក្រុងនានា។
គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ដែលទើបបង្កើតឡើងថ្មីក្រោយបែកបាក់ពីគណបក្សហ៊្វុនស៊ិនប៉ិចនោះ បានដឹកនាំសកម្មជន និងអ្នកគាំទ្ររបស់ខ្លួនជិត ២០០នាក់ ដែលមានអាវ និងមួកពណ៌ខៀវ ដង្ហែក្បួនឃោសនានៅតាមផ្លូវសំខាន់ៗជុំវិញខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ ឲ្យដឹងថា មូលហេតុដែលអ្នកចូលរួមតិចនៅថ្ងៃឃោសនាដំបូងនេះ ដោយសារពុំបានត្រៀមលក្ខណៈជាមុន។ ទោះជាយ៉ាងណា លោក ញឹក ប៊ុនឆៃ អះអាងថា គណបក្សរបស់លោកនឹងជួបជុំដង្ហែក្បួនឃោសនាទ្រង់ទ្រាយធំនៅតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា។
ចំពោះសារនយោបាយសម្រាប់ការឃោសនាបោះឆ្នោតនោះ លោក ញឹក ប៊ុនឆៃ បានយកគោលនយោបាយមូលដ្ឋានរបស់គណបក្សខ្មែររួបរួមជាតិ ចំនួន ៩ចំណុច រួមមាន ទី១ ការបង្ក្រាប ទប់ស្កាត់អំពើចោរកម្ម អំពើអសីលធម៌ ទី២ ពង្រឹងអភិបាលកិច្ចល្អ តម្លាភាព ទី៣ លុបបំបាត់អំពើអយុត្តិធម៌ ទី៤ ធ្វើឲ្យប្រជាពលរដ្ឋមានចំណូលច្រើន ទី៥ បង្កើតការងារ ទី៦ ប្រឆាំងការបំផ្លាញធនធានធម្មជាតិ ទី៧ ប្រឆាំងការរំលោភបំពានដណ្ដើមដីធ្លីពីប្រជាពលរដ្ឋ ទី៨ លើកកម្ពស់សមភាពយេនឌ័រ ទី៩ ខិតខំប្រមែប្រមូលប្រភពធនធានដើម្បីជួសជុល សាងសង់ហេដ្ឋារចនាសម្ព័ន្ធ។
លោក ញឹក ប៊ុនឆៃ៖ «គោលនយោបាយអាទិភាពនៅមូលដ្ឋានទាំង ៩ចំណុច យើងធ្វើជាខិត្តប័ណ្ណដើម្បីចែក ប៉ុន្តែក្នុងនោះ ខ្ញុំក៏មានសារសំឡេងផ្ទាល់របស់ខ្ញុំដែលបានអធិប្បាយអំពីគោលនយោបាយសំខាន់ៗ ដែលទាក់ទិនដល់មូលដ្ឋានឃុំ-សង្កាត់ គឺយកទៅចាក់នៅតាមក្បួនហែនោះផងដែរ»។
ការដង្ហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សខ្មែររួបរួមជាតិ នៅថ្ងៃដំបូងនេះ គេសង្កេតឃើញថា បានប្រព្រឹត្តទៅដោយរលូនពុំមានបញ្ហាអ្វីគួរអោយកត់សម្គាល់ឡើយ។ ក្នុងពេលឃោសនានោះសកម្មជន និងអ្នកគាំទ្រ ក៏នាំគ្នាចុះចែកខិត្តប័ណ្ណស្ដីពីគោលនយោបាយរបស់គណបក្សខ្លួនដល់ប្រជាពលរដ្ឋដែរ។
រីឯគណបក្សនយោបាយតូចៗផ្សេងទៀត មិនទាន់បានត្រៀមខ្លួនដើម្បីចេញដង្ហែក្បួនឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងរាជធានីភ្នំពេញ នៅឡើយទេ ប៉ុន្តែសម្រេចរៀបចំការឃោសនារកសំឡេងឆ្នោតនៅតាមឃុំ-សង្កាត់ ស្ថិតនៅតាមបណ្ដាខេត្តផ្សេងៗវិញ។
ចំពោះគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានសម្រេចរើសខេត្តកំពង់ចាម ជាខេត្តចាប់ផ្ដើមដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត៕