Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

អាជ្ញាធរ​បង្ខំ​ឱ្យ​ស្ត្រី​ម្នាក់​ធ្វើ​កិច្ចសន្យា​ឈប់​ផ្ដល់​ព័ត៌មាន​រឿង​ប៉ូលិស​ចាប់​សកម្មជន​បក្ស​ប្រឆាំង ៣​នាក់​នៅ​វត្ត​ថាន់

$
0
0

ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង​ម្នាក់​អះអាង​ថា ប៉ូលិស​បាន​បង្ខំ​ឱ្យ​លោកស្រី​ធ្វើ​កិច្ចសន្យា​មិន​ឱ្យ​បញ្ចេញ​ព័ត៌មាន​អំពី​រឿង​អាជ្ញាធរ​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង ៣​នាក់​នៅ​វត្ត​ថាន់​នោះ ទៅ​អ្នកសារព័ត៌មាន​ឡើយ ជា​ថ្នូរ​នឹង​ការ​ដោះលែង​។ លោកស្រី​ថា បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​លោកស្រី​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់។

ប្រពន្ធ​លេខា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង​លោក ជុំ ពុទ្ធី គឺ​លោកស្រី សុវណ្ណា ថ្លែង​កាល​ពី​រសៀល ថ្ងៃ​ទី៧ ខែ​សីហា ថា ប៉ូលិស​ចាប់ខ្លួន​ពួក​លោក​ស្រី ៤​នាក់ ដោយ​អយុត្តិធម៌​ក្នុង​ពេលដែល​ពួក​លោក​ស្រី​ចុះ​ឃ្លាំមើល​អាជ្ញាធរ ឃាត់​ព្រះ​កាយ​ព្រះសង្ឃ​ខ្មែរ​ថាវរៈ នៅ​ក្នុង​វត្ត​ថា​ន់ ខណ្ឌ​ចំការមន កាលពី​យប់​ថ្ងៃ​ទី៤ ខែ​សីហា។

ស្ត្រី​មាន​ផ្ទៃពោះ ៣​ខែ​រូប​នេះ ឱ្យ​ដឹង​ថា ប៉ូលិស​បាន​នាំ​ខ្លួន​លោកស្រី និង​សកម្មជន​បក្ស​ប្រឆាំង ៣​នាក់ ទៅ​ឃុំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​មួយ​យប់ និង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មួយ​យប់​ទៀត​។ លោកស្រី​បញ្ជាក់​ថា ក្នុង​ពេល​ឃុំខ្លួន ប៉ូលិស​បាន​សួរចម្លើយ​ពួក​លោក​ស្រី នៅ​បន្ទប់​ដាច់ដោយឡែក​ពី​គ្នា​តាំង​ពី​ព្រឹក​រហូតដល់​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៦ ខែ​សីហា៖ «គេ​មាន​បន្ទប់​របស់​គេ ប៉ុន្តែ​បន្ទប់​ហ្នឹង​មិន​គួរ​ឱ្យ​ដេក​ទេ បន្ទប់ទឹក​ឆ្អេះ​ស្អុយ​ឆ្អាប​មាន​សំរាម​ពេញ​ក្នុង​ហ្នឹងហើយ​ពួក​ខ្ញុំ​ចេញ​មក​ដេក​ខាងក្រៅ​កន្លែង​ទ្វារ​ច្រក គេ​ដើរ​ទំហ ១​ម៉ែត្រ​២​តឹក​ទេ បណ្ដោយ ៦​ម៉ែត្រ​ថ្លង់​ក៏​ថ្លង់​ស្អុយ​ក៏​ស្អុយ​ឆ្អេះ​ក៏​ឆ្អេះ​ពិបាក​ខ្លាំង​ណាស់​។ ហើយ​ចោទប្រកាន់​ខ្ញុំ​ពី​បទ​ញុះញង់​បង្ក​អសន្តិសុខ​សង្គម។ ខ្ញុំ​ថា​ខ្ញុំ​អត់​បាន​ធ្វើ​ស្អី​ទេ រូបថត​ជា​ភស្តុតាង​ក៏​គ្មាន​ដែរ រឿង​អី​បាន​ចោទប្រកាន់​ខ្ញុំ​ដល់​ថ្នាក់​នេះ ទី​២​មើល​មក​ខ្ញុំ​ផង ខ្ញុំ​អត់​មាន​កម្លាំងកំហែង​ណា​តវ៉ា​ជាមួយ​អស់លោក​ទេ ខ្ញុំ​ចាញ់កូន​រាល់ថ្ងៃ​បាយ​មិន​បាន​ហូប​ទឹក​មិន​បាន ផឹក​មិន​បាន ខ្ញុំ​មាន​កម្លាំង​ណា​តវ៉ា​ជាមួយ​អស់លោក»

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​នោះ រួមមាន​លេខា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង​លោក ជុំ ពុទ្ធី សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ លោក ជួប ផេង ព្រមទាំង​លោក អ៊ុក សំអូន ជា​ចៅសង្កាត់​ដង្កោ ជាប់ឆ្នោត​គណបក្ស​ប្រឆាំង។ លោកស្រី សុវណ្ណា ឱ្យ​ដឹង​ថា ប៉ូលិស​បាន​ចោទប្រកាន់​អ្នក​ទាំង​៣ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​។ ចំណែក​លោកស្រី​ត្រូវ​បាន​ដោះលែង​វិញ កាល​ពី​រសៀល​ថ្ងៃ​ទី៦ ខែ​សីហា ដោយ​ប៉ូលិស បាន​បង្ខំ​ឱ្យ​លោកស្រី​ផ្ដិតមេដៃ​ធ្វើ​កិច្ចសន្យា មិន​ឱ្យ​ផ្ដល់​ព័ត៌មាន​ពី​ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ ដល់​អ្នកសារព័ត៌មាន​ឡើយ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក ស ថេត និង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ សីហា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នក​ទទួល។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា ចាត់​ទុក​ទង្វើ​របស់​ប៉ូលិស​នេះ ថា ជា​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ លើ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ របស់​ប្រជាពលរដ្ឋ​។ អាជ្ញាធរ​ធ្វើ​បែប​នេះ គឺ​ខុសច្បាប់​។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ ចុះ​ឃ្លាំមើល​អាជ្ញាធរ​ឃាត់​ព្រះ​កាយ​ព្រះសង្ឃ នៅ​ក្នុង​វត្ត គឺជា​ការ​ប្រើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ស្របតាម​រដ្ឋធម្មនុញ្ញ៖ «ខ្ញុំ​យល់​ថា ការប្រើប្រាស់​សេរីភាព​បញ្ចេញមតិ​ចូលរួម​ចំណែក​កិច្ចការ​សង្គម​សេដ្ឋកិច្ច និង​នយោបាយ​ខ្ញុំ​ថា​មិនមែន​ជា​អំពើ​ញុះញង់​ទេ ផ្ទុយទៅវិញ​នេះ​គ្រាន់តែ​ជា​លេស​ដែល​មិន​សម​ហេតុផល​ក្នុង​ការ​ចោទប្រកាន់​ពួក​គាត់​ហ្នឹង​ទេ។ ពីព្រោះ​ជាទូទៅ​យើង​ឃើញ​ហើយ​អ្នក​ដែល​និយាយ​អ្នក​ដែល​ចូលរួម​ចំណែក​ស្អីៗ​ទាំងអស់​ហ្នឹង​ដូចជា​មិន​មាន​ឃើញ​អី​កើតហេតុ ទៅជា​អំពើ​ណាមួយ​បង្ក​ឱ្យ​មាន​ការ​ខូចខាត​ដល់​សង្គម​ដោយសារតែ​អំពើ​របស់​ពួកគាត់​ទេ»

សកម្មជន​គណបក្សប្រឆាំង​ទាំង​៣​នាក់ ត្រូវ​បាន​ប៉ូលិស​បញ្ជូន​ចេញ ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី៦ ខែ សីហា បន្ទប់​ពី​សួរចម្លើយ​ចប់​។ រហូតមកដល់​រសៀល​ថ្ងៃ​ទី ០៧ ខែ សីហា សាច់ញាតិ នៅ​មិនទាន់​ដឹង​ថា អាជ្ញាធរ​បញ្ជូន​ពួកគាត់ ទៅ​ឃុំខ្លួន​នៅ​កន្លែង​ណា​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​នៅ​ក្រៅ​ប្រទេស​សរសេរ​លិខិត​ទៅ​សមាជិក​ព្រឹទ្ធសភា​អាមេរិក ករណី​លោក រ៉ុង ឈុន

$
0
0

អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចំនួន ២០ បាន​រួម​គ្នា​សរសេរ​លិខិត​មួយ​ច្បាប់ ទៅ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​អ្នកស្រី ដាយអាន់ ហ្វាញស្តាញ (Dianne Feinstein) ដោយ​ស្នើសុំ​ឱ្យ​អ្នកស្រី ជួយ​អន្តរាគមន៍ ដោះលែង​លោក រ៉ុង ឈុន ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។

នៅ​ក្នុង​លិខិត​រួមគ្នា​មួយ ដែល​តំណាង​ដោយ​អង្គការ​មូលនិធិ​ខ្មែរ​សាមគ្គី ចុះ​ថ្ងៃ​ទី៤ ខែ​សីហា ដែល​អាស៊ីសេរី ទើប​ទទួល​បាន កាល​ពី​ថ្ងៃ​ទី៧ ខែ​សីហា អង្គការ​ទាំង ២០ ដែល​ភាគច្រើន​មាន​ទីតាំង​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​មួយ​ចំនួន​នៅ​ប្រទេស​កាណាដា និង​អូស្ត្រាលី ថា លោក រ៉ុង ឈុន ត្រូវ​បាន​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ ចាប់ខ្លួន​ដោយសារតែ​លោក​ឈឺឆ្អាល​បញ្ហា​ជាតិ ជាពិសេស​បញ្ហា​ដែល​វៀតណាម​រំលោភ​ចូល​ដី​ខ្មែរ​។ អង្គការ​ទាំងនេះ ចាត់​ទុក​ការ​ចាប់ខ្លួន​នេះ ថា​ជា​រឿង​នយោបាយ និង​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​។ ពួកគេ​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ និង​បញ្ឈប់​ការ​ចាប់​ខ្លួន​តាមតែ​អំពើ​ចិត្ត​បែបនេះ។

ជុំវិញ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​នេះ កន្លង​មក​សមាជិកសភា​សហរដ្ឋអាមេរិក បាន​អនុម័ត​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០២០ ដែល​សព្វថ្ងៃ​កំពុង​ស្ថិត​ក្នុង​ដៃ​គណៈកម្មាធិការ​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ និង​អនុម័ត​។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក ក៏បាន​ចាត់វិធានការ​ទណ្ឌកម្ម​មួយ​ចំនួន រួមមាន​ការ​ដក​ជំនួយ​ទាំងស្រុង​ពី​កម្ពុជា លើកលែងតែ​ជំនួយ​មនុស្សធម៌ និង​ទណ្ឌកម្ម​បុគ្គល លើ​មន្ត្រី​គ្រាក់ៗ​នៃ​របប​ក្រុងភ្នំពេញ ដោយ​អនុវត្ត​ច្បាប់​ដាក់ទណ្ឌកម្ម​សាកល ឬ the Global Magnitsky Act

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កូន​សកម្មជន​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង​ពីរ​នាក់​ប្រឈម​បោះបង់​ការ​សិក្សា​ក្រោយ​ឪពុក​ស្លាប់

$
0
0

កូន​សកម្មជន​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង ពីរ​នាក់ ប្រឈម​បោះបង់​ការសិក្សា ក្រោយ​ពី​ឪពុក​គឺ​លោក សែន សទ្ធា ស្លាប់​ទៅ ពុំ​មាន​អ្នកផ្គត់ផ្គង់​ថវិកា​ឱ្យ​រៀន​សូត្រ​បន្ត​ទៀត​។ សហគមន៍​ព្រៃឡង់​បារម្ភ ពី​ជោគវាសនា ការ​សិក្សា​របស់​កូនៗ​លោក និង​អំពាវនាវ​ដល់​សប្បុរស​ជន​ជួយ​ផ្គត់ផ្គង់​ការ​សិក្សា​របស់​កូនៗ​គាត់​។ លោក សែន សទ្ធា ដែល​ជា​សកម្ម​ជ​ព្រៃឡង់​លេចធ្លោ​ម្នាក់ បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ អំឡុង​ពេល​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ កាលពី​ខែ​កក្កដា​កន្លង​ទៅ។

កូនស្រី​លោក សែន សទ្ធា កញ្ញា ឡៃ រច្ចនី កំពុង​សិក្សា​ថ្នាក់​ទី ១១ នៃ​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច ខេត្ត​ស្ទឹងត្រែង​។ កញ្ញា​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៧ ខែ​សីហា ថា គ្រួសារ​កញ្ញា គ្មាន​ទ្រព្យសម្បត្តិ​ជា​ដុំកំភួន​នោះ​ទេ ហើយ​ការ​ចំណាយ​លើ​ការសិក្សា​ទៀតសោត ឪពុក​ជា​ជន​បង្គោល ផ្គត់ផ្គង់​សព្វបែបយ៉ាង​។ កញ្ញា​បារម្ភ​ថា ក្រោយពី​ឪពុក​ស្លាប់​ទៅ នឹង​ប្រឈម​ខ្វះខាត​សម្រាប់​បន្ត​ការសិក្សា​ថ្នាក់​ទី​១២ នៅ​ឆ្នាំក្រោយ ព្រោះ​ការសិក្សា​នៅ​ទី​រួម​ខេត្ត​ត្រូវ​ចំណាយ​ប្រាក់​ជាង ២០០​ដុល្លារ ក្នុង​មួយ​ខែៗ សម្រាប់​ថ្លៃ​បន្ទប់​ជួល ការ​ហូបចុក និង​ផ្គត់ផ្គង់​ការសិក្សា​ជាដើម​។ រីឯ​ម្ដាយ ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់​ទ្រទ្រង់​លើ​ការសិក្សា​របស់​កញ្ញា​បាន​នោះ​ទេ៖ «ការ​ប៉ា​ខ្ញុំ​នៅ​រស់ ដូចជា​ខោអាវ ពេល​ចូល​កង កាបូប​រៀន និង​សៀវភៅ គាត់​ទិញ​ឱ្យ តែ​ខ្វះខាត​ច្រើន​ដូចជា​ខោអាវ​រៀន​។ ខ្ញុំ​ខ្លាច​តែ​ដល់​ខ្ញុំ ប្រលង​ទី​១២ ខ្លាច​តែ​ខ្ញុំ​គ្មាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​ខ្ញុំ​រៀន និង​ការចាយវាយ ព្រោះ​បើ​ខ្ញុំ​រៀន​ទី​១២ ខ្ញុំ​ខ្លាច​មិន​បាន​រៀន​បន្ត​ទៅ​មុខ​ទៀត»

កញ្ញា ឡៃ រច្ចនី បន្ថែម​ថា ក្នុង​ពេល​អនាគត កញ្ញា​ចង់​ក្លាយ​ជា​វិចិត្រករ និង​ជា​អ្នកការពារ​ធនធាន​ធម្មជាតិ​ដ៏​ឆ្នើម​ម្នាក់ ព្រោះ​ការងារ​ជា​អ្នកការពារ​ព្រៃឈើ គឺជា​បំណង​ប្រាថ្នា របស់​ឪពុក ដែល​ចង់​អភិរក្ស​ព្រៃឈើ​ឱ្យ​មាន​ប្រសិទ្ធភាព​។ កញ្ញា​នៅចាំ​ថា កាល​ឪពុក​នៅ​មាន​ជីវិត គាត់​សុខចិត្ត​អត់ឃ្លាន សន្សំ​ប្រាក់ ដើម្បី​ឱ្យ​កូនៗ​រៀន​សូត្រ​ខ្ពង់ខ្ពស់ យកចំណេះ​ដឹង​ជួយ​ជាតិ​៖ «ខ្ញុំ​ចង់​ការពារ និង​ស្រឡាញ់​ព្រៃឈើ​ដូច​ប៉ា​ខ្ញុំ​ដែរ ខ្ញុំ​ឃើញ​ព្រៃឈើ​ស្អាត ខ្ញុំ​មិន​ចង់​ឱ្យ​កាប់​បំផ្លាញ ខ្ញុំគេ​ឃើញ​គេ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ញុំ​ស្ដាយ ហើយ​ខ្ញុំ​ក៏​ចង់​មាន មុខរបរ​ផ្ទាល់ខ្លួន និង​រៀន​ឱ្យ​ខ្ពស់ ខ្ញុំ​ចង់​ធ្វើ​វិចិត្រករ ដើម្បី​មាន​មុខ​របរ​ផ្ទាល់ខ្លួន»

នាយក​សាលាបឋមសិក្សា​អូរឡង់ អ្នកស្រី សែន ហុន ប្រាប់​អាស៊ីសេរី​ថា យុវតី រច្ចនី គឺជា​សិស្ស​ពូកែ និង​ឆ្លាត​ជាងគេ ហើយ​នាង​រៀន​ជាប់​លេខ​១ និង​លេខ ២​ស្ទើរ​ជាង​រៀងរាល់​ខែ ចាប់​តាំង​ពី​ថ្នាក់​ទី១ រហូតដល់​ថ្នាក់​ទី ៦​។ លោកស្រី​បារម្ភ​ថា បើ​គ្មាន​ការ​ជួយជ្រោមជ្រែង ពី​ខាងក្រៅ​ទេ កត្តា​ជីវភាព​នឹង​រុញច្រាន​ឱ្យ​យុវតី​រូប​នេះ បោះបង់​ការសិក្សា​។ អ្នកស្រី​នៅ​ចាំ​ថា កាល​លោក សែន សទ្ធា នៅ​មាន​ជីវិត លោក​បាន​ដើរ​ខ្ចីបុល​គេ ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ការសិក្សា​របស់​កូនៗ​៖ «ថ្នាក់​ទី​១ ទី​២ រហូតដល់ ទី​៣ និង​ទី ៤ គាត់​ជាប់​លេខ​១ រហូត គាត់​ជា​សិស្ស​ពូកែ​ដែល​លោកគ្រូ។ ចូល​ថ្នាក់​ទី ៦ ឆមាស​ទី​១ គាត់​បាន​លេខ ១ ឆមាស​ទី​២ គាត់​ជាប់​លេខ ២​។ គាត់​ជា​សិស្ស​សុភាពរាបសារ ចូលចិត្ត​ការសិក្សា អ៊ីចឹង​បាន​ឪពុក​គាត់ ខ្នះខ្នែង ជីវភាព​ក្រ​ប៉ុណ្ណា​ក៏ដោយ គាត់​ប្រឹង​ឱ្យ​កូន​រៀន រហូត​គាត់​ជូ​ល ផ្ទះ​គេ​នៅ​ខេត្ត​។ ជីវភាព​គាត់​ក្រ​ណាស់​ហើយ ក្រ​ជាទីបំផុត»

សព្វថ្ងៃ យុវតី ឡៃ រច្ចនី និង​ប្អូនប្រុស​ម្នាក់ទៀត ឈ្មោះ ឡៃមុន្នីរត៍ រៀន​ថ្នាក់​ទី​៩ កំពុង​ស្នាក់នៅ​បន្ទប់​ជួល មួយ​កន្លែង​ក្នុង​ក្រុង​ស្ទឹងត្រែង ដើម្បី​បន្ត​ការសិក្សា​។ រីឯ​ផ្ទះ​របស់​ពួកគេ ឋិត​នៅ​ភូមិ​អូរឡង់ ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ប្រមាណ ៥០ គីឡូម៉ែត្រ​។ លំនៅឋាន​របស់​ពួកគេ សាងសង់​នៅ​លើ​ដី​ចំណី​មាត់​ទន្លេ​មេគង្គ​ត្រើយ​ខាងកើត មាន​ទំហំ ៤​ម៉ែត្រ គុណ ៦​ម៉ែត្រ សង់​ផ្ទាល់​ដី ប្រក់​ស័ង្កសី ជញ្ជាំង​បិទ​មិនទាន់​ជុំ​។ ចំណែក​ម្ដាយ​មានមុខ​របរ លក់​នំ​បញ្ចុក​បន្តិច​បន្តួច​ក្នុង​ភូមិ។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​កក្កដា សកម្មជន​បរិស្ថាន លោក ហេង ស្រស់ និង លោក សែន សទ្ធា បាន​ចុះ​អង្កេត​បទល្មើស​ព្រៃឈើ ក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ជាប់​ព្រៃ​ឡង់ ខេត្ត​ក្រចេះ ហើយ​ក្នុង​គ្រា​ស្នាក់​នៅផ្ទះ​អ្នកភូមិ​ម្នាក់ ស្រាប់តែ​ត្រូវ​បាន​មេ​សន្តិសុខ​ក្រុមហ៊ុន​ស៊ីងបាយអូថេក ប្រាប់​ឱ្យ​ពួកគេ​ចាក​ចេញ​ពី​ទីនោះ​ជាបន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ នឹង​មិន​អាច​រួចខ្លួន​ឡើយ។ ដំណឹង​នេះ ធ្វើ​ឱ្យ​ពួកគេ​ភ័យខ្លាច និង​បារម្ភ​ពី​សុវត្ថិភាព រួច​បាន​បង្ខំចិត្ត​ចាកចេញ​ពី​ភូមិ​ទាំង​យប់​បណ្តាល​ឱ្យ​ដួល​ម៉ូតូ ហើយ​លោក សែន សទ្ធា បាន​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​នោះ។ បញ្ហា​នេះ​មន្ត្រី​សង្គម​ស៊ីវិល និង​សហគមន៍​ព្រៃ​ឡង់ ទាមទារ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ ស៊ើបអង្កេត​រក​ការពិត ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ជនរងគ្រោះ ដែល​បាន​លះបង់​ការពារ​ប្រយោជន៍​ជាតិ។

ម្តាយ​កញ្ញា រច្ចនី គឺ​លោកស្រី អ៊ិន ភឿន វ័យ ៤៧​ឆ្នាំ បារម្ភ​ថា ការ​បាត់បង់​ប្តី បាន​រុញច្រាន​ឱ្យ​ជីវភាព គ្រួសារ និង​ការសិក្សា​របស់​កូនៗ​ជួប​ការ​លំបាក​ខ្លាំង​។ លោកស្រី​ថា មុខរបរ លក់​នំ​បញ្ចុក ទទួល​បាន​ប្រាក់ចំណេញ​តិចតួច គ្រាន់តែ​ផ្គត់ផ្គង់​ការ​ហូបចុក​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ មិន​អាច​ជួយ​ការសិក្សា​របស់​កូន​បាន​គ្រប់គ្រាន់​ទេ៖ «ការងារ​គាត់​ទៅ​បម្រើ​ជាតិ គាត់​ត្រូវតែ​ទៅ ទោះបី​ខ្ញុំ​ជេរ​គាត់​យ៉ាងណា ក៏​គាត់​មិន​ស្ដាប់​ខ្ញុំ​ទេ​។ គាត់​ថា គាត់​ត្រូវតែ​តស៊ូ ដើម្បី​ឱ្យ​ព្រៃ​គង់វង្ស ដើម្បី​ឱ្យ​កូនចៅ​ទៅ​មុខ​ទៀត​។ ខ្ញុំ​ព្រួយបារម្ភ​ព្រោះ​អី​កូន​ខ្ញុំ ចូលរៀន​សូត្រ បន្ត​ទៅ​មុខ​ទៀត ខ្ញុំ​អត់​មានលទ្ធភាព អត់​ពី​ប្ដី​ទៅ ខ្ញុំ​គ្មាន​លទ្ធភាព​រកលុយ​ឱ្យ​កូន​ទៅ​រៀន​ទេ»

សមាជិក​ក្រុម​ស្នូល​ព្រៃឡង់ ខេត្ត​ក្រចេះ លោក ឯក សុវណ្ណា ថ្លែង​ថា បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ គ្មាន​កញ្ចប់​ថវិកា សម្រាប់​ជួយ​ក្រុម​គ្រួសារ លោក សែន សទ្ធា ជា​ដុំកំភួន​បាន​នោះ​ទេ​។ លោក​បន្ថែម​ថា ក្តី​ស្រមៃ របស់​លោក សែន សទ្ធា ចង់​ឱ្យ​កូនៗ រៀន​បាន​ខ្ពស់ ក៏ប៉ុន្តែ​បំណង​ប្រាថ្នា​នេះ​បាន​រលាយ​ទាំងស្រុង ដោយសារតែ​លោក​បាត់បង់​ជីវិត​។ លោក​ថា ប្រសិនបើ​មាន​សប្បុរសជន​ណា​ចង់​ជួយ ដើម្បី​ឱ្យ​ក្តី​ស្រមៃ របស់​សកម្មជន​ព្រៃ​ឡង់​រូប​នេះ​បាន​ដូច​បំណង សូម​ទាក់ទង​មក​គណៈកម្មការ​សហគមន៍​ព្រៃ​ឡង់ តាម​លេខ​ទូរ​សព្ទ 012 63-77- 49«គោលជំហរ និង​ក្តី​រំពឹង គឺ​ទៅលើ​ឪពុក ដោយសារតែ​បង សែន សទ្ធា ហ្នឹង​អ្វី​ដែល​សំខាន់ គាត់​ស្រឡាញ់​ការសិក្សា គាត់​ចង់​ឱ្យ​កូន​សិក្សា ប៉ុន្តែ ក្តី​ស្រមៃ​ត្រូវ​រលាយ ដោយសារ​ខ្លួន​គាត់​ស្លាប់។ ប្រសិនបើ​មាន​បងប្អូន​អាណិត​ស្រឡាញ់ និង​ស្រឡាញ់​គាត់ ជួយ​ការសិក្សា​កូន​គាត់​កាន់តែ​ល្អ ដើម្បី​ឱ្យ​គាត់​សម្រេច​បំណង​ប្រាថ្នា»

លោក ឯក សុវណ្ណា បន្ថែម​ថា ការ​យក​ជីវិត​ទៅ​ប្ដូរ បំណង​ការពារ​ព្រៃ របស់​លោក សែន សទ្ធា គឺជា​ការ​លះបង់​ធំធេង​ណាស់ ដើម្បី​ប្រយោជន៍​ព្រៃ​ឡង់ និង​សង្គមជាតិ​។ ហេតុនេះ លោក​អំពាវនាវ​ឱ្យ​សប្បុរសជន ជួយ​ដល់​ក្រុម​គ្រួសារ សកម្មជន​ព្រៃ​ឡង់​រូប​នេះ ដើម្បី​លើកទឹកចិត្ត ពលរដ្ឋ​ផ្សេងទៀត ដែល​ហ៊ាន​លះបង់​រហូតដល់​អាយុជីវិត​ដើម្បី​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ស្រប​តាម​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​ទីក្រុង​ភ្នំពេញ​ត្អូញត្អែរ​រឿង​ជំនន់​ទឹក​ភ្លៀង

$
0
0

ប្រជា​ពលរដ្ឋ ក្នុង​ទីក្រុង ភ្នំពេញ​ស្ទើរ​គ្រប់​ខណ្ឌ​សង្កាត់​ទាំងអស់ ត្អូញត្អែរ​រឿង​ជំនន់​ទឹកភ្លៀង ដែល​បណ្ដាល​ឱ្យ​ទឹក​លិច​ផ្លូវ​ធ្វើដំណើរ​មិន​បាន បាត់បង់​ទ្រព្យសម្បត្តិ និង​កូនចៅ​របស់​ពួកគាត់​ងាយ​ប្រឈម​ការ​លង់ទឹក​។ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ឆ្លើយ​ថា​មកពី​ភ្លៀង​ធំ​ពេក ទើប​ទប់​ជំនន់​មិន​ឈ្នះ តែ​ខាង​អង្គការ​សង្គម​ស៊ីវិល​ថា ទឹក​លិច​ក្រុង​ព្រោះតែ​ការ​លុប​បឹងបួ​អស់។

ប្រជាពលរដ្ឋ​នៅ សង្កាត់​ដេប៉ូ​១ ខណ្ឌ​ទួលគោក​លោកស្រី លីម សក្តា ត្អូញ​ថា ភ្នំពេញ​ឥឡូវ​ជំនន់​ទឹកភ្លៀង​ចង់​រាល់ថ្ងៃ ហើយ​ពេល​ភ្លៀង​ម្ដងៗ ទឹក​ហូរ​ពី​ថ្នល់​ចូល​មក​ផ្ទះ​ផង ទឹកផុស ពី​លូ​ឡើង​មក​ផង ទប់​មិន​ឈ្នះ​ទាល់តែ​ទឹក​ស្រក់​ទៅ​ដោយ​ខ្លួនឯង។

លោកស្រី លីម សក្ដា ថា ពេល​ទឹក​លិច​ផ្ទះ​ម្ដងៗ​លោកស្រី តែងតែ បង្ខាំង​កូន​តូច​ឲ្យ​នៅ​លើ គ្រែ​រាប់​ម៉ោង ហើយ​បិទ​កុងតាក់​ភ្លើង​ទៀត ព្រោះ​ខ្លាច​ភ្លើង​ឆក់​។ ចំណែក នៅ​ក្នុង​ផ្ទះ​វិញ លោកស្រី​ថា នៅ​ពេល​ទឹក​ស្រក​អស់ ទោះជា​ជូត​ស្ងួត​ហើយក៏​ដោយ ក៏​នៅតែ​ជាប់​ចំហាយ​ក្លិន​អសោច នៃ​ទឹក​លូ​ដែរ ហើយ​ក្លិន​មិនល្អ​នេះ​បាន​ធ្វើ​ឲ្យ​លោកស្រី និង​កូន​​តូច មាន​ជំងឺ​ផ្ដាសាយ​ជាប្រចាំ៖ «ឱ‌! មេឃ​ស្រទំៗ អីចឹង​ខ្លាច​តែ​ភ្លៀង អត់​ហ៊ាន​ទៅ​ណា​ឆ្ងាយ​ទេ ព្រោះ​ខ្លាច​លិច​ដូច​ពី​ម្សិល ពី​ម្សិល​បាចទឹក​មួយ​ល្ងាច​ហើយ ឥឡូវ​មិន​បាច់​និយាយ​ច្រើន​ទេ ភ្លៀង​តែ​កន្លះ​ម៉ោង​ក៏​លិច​ដែរ លិច​ទាំង​អស់ហ្នឹង លិច​ចូល​ផ្ទះ​។ ខ្សែភ្លើង​អី​នៅ​ពាសពេញ តែ​ទឹក​វា​ចូល​ទៅ​វា​លំបាក ព្រោះ​វា​មាន​ស្តុក​អីវ៉ែអីវ៉ាន់ មាន​អង្ករ មានអី​មាន​អាកុល មាន​អី ពេញ​ទឹក​ពេញ​ដី​ហ្នឹង កុំ​តែ​មាន​អីវ៉ាន់​អត់​អី​ទេ លិច​បណ្ដែត​ទាំង​មនុស្ស​ទៀត ក៏​អត់​អី​ដែរ អី ៗ ទៅ»

ចំណែក ប្រជាពលរដ្ឋ​នៅ​សង្កាត់​ស្ទឹងមានជ័យ លោកស្រី សេង អមរា ត្អូញត្អែរ​ថា រាល់ថ្ងៃ​នៅ​កន្លែងធ្វើការ​ឲ្យ​តែ​ឃើញ​មេឃ​ងងឹត លោកស្រី​ចេះតែ​ខ្វល់ខ្វាយ​ក្នុង​ចិត្ត​ខ្លាច​កូន​តូច ៗ​នៅផ្ទះ​ចុះ​លេង​ទឹក បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់។

លោកស្រី​បន្ត​ថា ពេល​មាន​ភ្លៀង​ធ្លាក់ ទឹក​លិច​តាម​ផ្លូវ ធ្វើ​ឱ្យ​លោកស្រី​ត្រូវ​ចំណាយ​ពេល​យ៉ាងតិច​ក៏ ២​ម៉ោង​ដែរ ទើប​មក​ដល់​ផ្ទះ ដែល​ធម្មតា​ចំណាយ​ពេល​ត្រឹម​កន្លះ​ម៉ោង​ប៉ុណ្ណោះ៖ «ព្រោះ​អី​ផ្លូវ​ដេអិន ផ្លូវ​ឃ្លាំង​រំសេវ​អី​លិច​អស់ហើយ ផ្លូវ​ទាបៗ តាម​ភូមិ​លិច​តើ​អ៊ុំ ខ្ញុំ​ឥឡូវ​នៅ​ភូមិ​ឫស្សី ភូមិ​ឫស្សី​លិច​ដែរ​ហ្នឹង ម្សិលមិញ​លិច​ឡើង​ត្រឹម​ជង្គង់​។ អត់​ដែល​លិច​អីចឹង​ទេ ម្សិលមិញ​លិច​ទីស្នាក់ការ​ភូមិ ដោយសារ​ស្រុក​យើង​លុប​បឹង លុប​អី​ហ៎ ដល់​អីចឹង​រក​ផ្លូវ​ហូរ​ទឹក​អត់​មាន​លូ​តូច​ៗ»

រីឯ​បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ឈ្មោះ​ចៅ សំអឿន នៅ​សង្កាត់​លេខ ១​ខណ្ឌ​ឫស្សីកែវ​ថា ជំនន់​ទឹកភ្លៀង​នេះ​ឮ​តែ​ថា​អាជ្ញាធរ​លើក​ផែន​ការណ៍​ទប់​ស្កាត់ៗ រាប់​ឆ្នាំ​មក​ហើយ តែ​ជំនន់​ទឹកភ្លៀង​នៅ​តែ​មាន​ដដែល ។​បុរស​រត់​ម៉ូតូឌុប​រូប​នេះ​បន្ត​ទៀត​ថា ពេលណា​លោក​ឃើញ​មេឃងងឹត​ភ្លៀង​ម្ដងៗ លោក​ដឹង​ច្បាស់​ថា ថ្ងៃ​ហ្នឹង​លោក​អត់ លុយ​សម្រាប់​ទិញ​ម្ហូបអាហារ​ឲ្យ​ប្រពន្ធ​កូន​ទៀតហើយ ព្រោះ​ផ្លូវ​នឹង​លិច​គ្រប់ទិសទី មិន​អាច​រត់​ម៉ូតូឌុប​បាន៖ «មាន​ពេលខ្លះ​ភ្លៀង​មួយ​ម៉ោង​វា ត្រូវតែ​លិច លិច​ជាបន្ទាន់​ហ្មង បាទ លិច​ហ្នឹង​វា​មិន​ស្រក​ទៅវិញ​ដោយ​ឆាប់​ទេ​បង ដោយសារ​ទឹក​ហូរ​វា​មិនទាន់ ដោយសារ​ប្រព័ន្ធ​លូ​យើង​មានការ​កកស្ទះ​។ កំពុងតែ​រត់ៗ ចឹ​ង​ទៅ​ទឹក​លិច រលត់​ម៉ូតូ អូស​ម៉ូតូ​រាប់​គីឡូ​ដី​ណា​បង អីចឹង​ទៅ​ឲ្យ​លំបាក​ក្នុង​ការ​រក​ប្រាក់ ចិញ្ចឹម​កូនចិញ្ចឹម​ប្រពន្ធ ឃើញ​ថា លំបាក​ណាស់​បង»

ឆ្លើយតប​នឹង​កង្វល់​របស់​ប្រជាពលរដ្ឋ​នេះ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី៨ សីហា​នេះ​ថា ទឹក​លិច​ទីក្រុង​ភ្នំពេញ​ពេលនេះ មក​អំពី​ភ្លៀង​ខ្លាំង មិន​មាន​មូលហេតុ​អ្វី​ក្រៅ​ពី​នេះ​ទេ​។ លោក​បន្ត​ថា ជំនន់​ទឹកភ្លៀង​ពេលនេះ​ខ្ពស់​ណាស់ កើន​រហូត​ទៅដល់ ១០៥) មីលីម៉ែត្រ។ លោក​ថា ជា​ធម្មតា កម្ពស់​ទឹកតែ​ត្រឹម ៧០មីលីម៉ែត្រ គឺ​ពិបាក​ទប់ទល់​ណាស់​ទៅ ហើយ​ស្ថាន​បែបនេះ​មិនមែន​កើតមាន​តែ​នៅ​កម្ពុជា​ទេ តែ​ប្រទេស​ជឿនលឿន​ក៏​មាន​ស្ថានភាព​ដូច​កម្ពុជា​ដែរ។

លោក ឃួង ស្រេង អះអាង​ទៀត​ថា ឆ្នាំនេះ​មិន​ដូច​ឆ្នាំ​មុនៗ​ទេ ព្រោះ​ទឹក​ជន់​លិច​យូរ​ត្រឹម​កន្លះ​ម៉ោង គឺ​ស្រក​ទៅវិញ​ហើយ ហើយ​ពេលនេះ​អាជ្ញាធរ​កំពុងតែ​ខ្នះខ្នែង​ស្ដារ​ប្រឡាយ និង​បន្ថែមចំនួន​ម៉ាស៊ីន​បូម​រំដោះ​ទឹក​ចេញពី​ក្រុង​ឱ្យ​ឲ្យ​បាន​ឆាប់​ជាង​នេះ​ទៀត៖ «ការពិត​គឺ​បញ្ហា មិនមែន​បញ្ហា​មកពី​ការ​លុប​បឹង​ទេ ការ​លុប​ទាំងអស់​នេះ សុទ្ធ​មានការ ការអភិវឌ្ឍន៍​សុទ្ធតែ​មានការ គិតគូរ​ពី​អ្នកបច្ចេកទេស​ជាន់ខ្ពស់ ជុំវិញ​បញ្ហា​ការ​រំដោះ​ទឹក ការ​ទប់​ទល់នឹង​បញ្ហា​ទឹកជំនន់​។​ល​។ បាន​យ៉ាង​ល្អ​ប្រសើរ មិនមែន​ជា​បញ្ហា​ហ្នឹង​ទេ ។ ប៉ុន្តែ​គឺ​បញ្ហា​មួយ​ដែល​ទឹកភ្លៀង​ឡើង​រហូតដល់​ទៅ ១០៥​មីលីម៉ែត្រ នេះ​ជា​សត្យានុម័ត​ទូទាំង​ពិភពលោក មិនមែន​ដោយឡែក​តែ​ទីក្រុង​ភ្នំពេញ​ទេ»

ផ្ទុយ​ពី​ការ​បញ្ជាក់​របស់​អាជ្ញាធរ​នេះ ប្រធាន​អង្គការ​សមាគម​ធាងត្នោត លោក សឿង សារ៉ន សង្កេត​ឃើញ​ថា ជំនន់​ទឹកភ្លៀង​នៅ​ភ្នំពេញ​កើតឡើង​កាន់តែ​ខ្លាំង ក៏​ព្រោះតែ​ការ​លុប​បឹង​មួយ​ចំនួន​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ ដែល​ជា​អាង​សម្រាប់​ផ្ទុក​ទឹកភ្លៀង​នេះ​ឯង។

លោក សឿង សារ៉ន លើកឡើង​ទៀត​ថា ដើម្បី​ទប់ស្កាត់​ជំនន់​ទឹកភ្លៀង​នេះ ឲ្យ​មាន​ប្រសិទ្ធភាព អាជ្ញាធរ​គួរតែ​សហការ​ជាមួយ​នឹង​អង្គការក្រៅរដ្ឋាភិបាល​ជា​ដៃគូ​នានា ហើយ​លើក​ផែនការ​ឱ្យ​ច្បាស់លាស់​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ៖ «រដ្ឋាភិបាល​គួរ​តែ​សិក្សា​អំពី​ផល​ប៉ះពាល់ អំពី​ការអភិវឌ្ឍន៍​ឡើងវិញ និង​ចេញផ្សាយ​ជា​សាធារណៈ ហើយ​ឲ្យ​មាន​អ្នក​ជំនាញ​គ្រប់​ភាគី​ពាក់ព័ន្ធ ចូលរួម​ដើម្បី​ពិគ្រោះ​យោបល់ និង​សិក្សា និង​កែលំអ​លើ​ប្រពន្ធ​ដែល​ទាក់ទង​ទៅ​ហ្នឹង​ទឹក​ក្នុង​រាជធានី​ភ្នំពេញ​ហ្នឹង​បាទ»

របាយការណ៍ ២៥​ទំព័រ របស់​សមាគម​ធាងត្នោត ដែល​ចេញផ្សាយ​កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៩ បាន​លាតត្រដាង​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ធ្ងន់ធ្ងរ បណ្ដាលមកពី អភិវឌ្ឍន៍​ទីក្រុង​រណប និង​បុរី​ជាច្រើន បាន​ចាប់ផ្ដើម​ចាក់​ដី​ខ្សាច់​លុប​បឹង​ធម្មជាតិ និង​តំបន់​ដី​សើម​ក្នុង​រាជធានី​ភ្នំពេញ ចាប់​តាំង​ពី​ឆ្នាំ​២០០៣ រហូត​មក​។ សមាគម​ធាងត្នោត​រក​ឃើញ​ថា បឹង​ធម្មជាតិ​ចំនួន​១៦ ត្រូវ​បាន​លុប​ទាំងស្រុង ហើយ​បឹង​ចំនួន​១០​ទៀត កំពុង​ចាក់​លុប​ខ្លះ​ៗ ក្នុងចំណោម​បឹង​ធម្មជាតិ​ចំនួន ២៦ នៅ​រាជធានី​ភ្នំពេញ​ដែល​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០​មក ។ ក្នុង​នោះ​មាន​បឹង​មួយ​ចំនួន ដែល​ការពារ​ដោយ​អនុក្រឹត្យ កំពុង​ប្រឈម​ការ​ចាក់​លុប​ដូចគ្នា​ដែរ។

របាយការណ៍​បន្ថែម​ថា បឹង​ធម្មជាតិ និង​តំបន់​ដី​សើម​នៅ​រាជធានី​ភ្នំពេញ អាច​ប្រឈម​នឹង​ការ​បាត់​ទាំងស្រុង ហើយ​ប្រសិនបើ​ស្ថានភាព​ដូច​បច្ចុប្បន្ន​នៅតែ​បន្ត​ទីក្រុង​ភ្នំពេញ និង​តំបន់​ជុំវិញ នឹង​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់ បាត់បង់​ត្រី បាត់បង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កង្វក់​បែប​ធម្មជាតិ និង​ប៉ះពាល់​ជីវភាព​ប្រជា​ពលរដ្ឋ នៅ​មូលដ្ឋាន​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​កោះកុង​ប្រកាស​មិន​ចាក​ចេញ​ពីមុខ​សាលា​ខេត្ត​បើ​មិន​​បាន​ដំណោះស្រាយ

$
0
0

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជិត​៣០០​គ្រួសារ មកពី​បី​ឃុំ ក្នុងស្រុក​គិរីសាគរ ប្រកាស​ថា ពួកគេ​សុខចិត្ត​ដេក​តាម​ចិញ្ចើម​ផ្លូវ​មុខ​សាលាខេត្ត​កោះកុង ដោយ​មិន​ព្រម​ចាកចេញ​ទៅ​ណា​ទេ បើ​អភិបាលខេត្ត​មិន​ដោះស្រាយ​ជូន​ពលរដ្ឋ។ ការប្រកាស​ជំហរ​នេះ ដោយសារ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនទាន់​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​ពលរដ្ឋ​ទាក់ទង​នឹង​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​ជាង ១២​ឆ្នាំ ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន (Union Development Group) នៅ​ឡើយ​ទេ។

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ខេត្ត​កោះកុង បាន​បោះតង់​នៅ​មុខ​សាលាខេត្ត​កោះកុង អស់​រយៈពេល​១៥​ថ្ងៃ​មក​ហើយ រង់ចាំ​អភិបាលខេត្ត​ជួយ​អន្តរាគមន៍​ដល់​ពួកគេ​។ ពួកគេ​រំពឹង​ថា អភិបាលខេត្ត​អ្នកស្រី មិថុនា ភូថង នឹង​ដោះស្រាយ​ជូន​ពលរដ្ឋ​ដូច​ប្រសាសន៍​លោក ហ៊ុន សែន ដែល​បាន​ណែនាំ ឱ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ព្យាយាម​ដោះស្រាយ​បញ្ហា​ដីធ្លី។

តំណាង​ពលរដ្ឋ​សហគមន៍​គីរីសាគរ លោកស្រី ឆាយ គឹមឃ ដែល​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​ក្នុង​រោង​តង់ ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ថ្នាក់​ជាតិ​បញ្ចប់​ជម្លោះដីធ្លី​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​យូញៀន របស់​ឈ្មួញ​ចិន​ដោយ​កាត់​ឆ្វៀល​ដី​ពី​ក្រុមហ៊ុន​ជូន​ប្រជាពលរដ្ឋ​វិញ​។ លោកស្រី​រម្លឹក​ថា ជម្លោះដីធ្លី​ជាង​១២​ឆ្នាំ​មកនេះ​ក្រុម​ពលរដ្ឋ​មិនបាន​ប្រើប្រាស់​ដី​ដើម្បី​អាស្រ័យ​ផល​នោះ​ឡើយ៖ «ម្ចាស់​ដី​មិនបាន​ចំណេញ​លើ​ការ​អភិវឌ្ឍន៍​ហ្នឹង​ទេ ខ្ញុំ​ស្នើសុំ​ទៅ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​ហ្នឹង​ឱ្យ​ពលរដ្ឋ​ឱ្យ​ពួក​ខ្ញុំ​អាស្រ័យ​ផល​ឡើងវិញ»

ពលរដ្ឋ​ម្នាក់ទៀត​មក​ពី​ឃុំ​កោះស្ដេច លោកស្រី សាំង ពុយ ឱ្យ​អាស៊ីសេរី​ដឹង​ថា ពលរដ្ឋ​ទាំងអស់​គ្នា​ប្ដេជ្ញា​ថា បើ​មិន​ទទួល​បាន​ដំណោះស្រាយ​ទេ ពួកគេ​មិន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ​។ លោកស្រី​ឱ្យដឹង​ថា ក្នុង​ការ​ទាមទារ​រយៈ​ពេល​កន្លះ​ខែ​មកនេះ ពលរដ្ឋ​បាន​ដាក់​ញត្តិ​ទៅ​សាលាខេត្ត និង​ក្រសួង​ដែនដី ប៉ុន្តែ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​ឬ​ការ​ឆ្លើយ​តប​នៅឡើយ​ទេ៖ «ទទូច​ដដែល​ទេ​សុំ​ឱ្យ​ជួយ​ដោះស្រាយ​ហើយ​កន្លង​មក​ថ្មីៗ​នេះ សម្ដេច​គាត់​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​កាត់​ឆ្វៀល​ដី ឱ្យ​ ប្រជាពលរដ្ឋ​រស់នៅ​គម្រប​ព្រៃឈើ​អ៊ីចឹង យើង​មាន​សង្ឃឹម»

ជុំវិញ​ការ​ទាមទារ​របស់​ពលរដ្ឋ​នេះ អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង និង​អ្នកនាំពាក្យ​ក្រសួង​ដែនដី លោក សេង ឡូត នៅ​ថ្ងៃ​ទី៨ ខែ​សីហា ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ទេ ដោយ​អ្នក​ទាំងពីរ​ចុច​បិទ​ទូរស័ព្ទ​ពេល​ហៅ​ចូល។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​នៃ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត យល់​ថា ការ​អូស​បន្លាយ​បញ្ហា​ដីធ្លី​ជាង​១២​ឆ្នាំ​មកនេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​ជួប​បញ្ហា​ជីវភាព។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់៖ «នាង​ខ្ញុំ​យល់ថា ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំងអស់​ពន្លឿន​ដោះស្រាយ​បញ្ចប់​ទៅ​ដើម្បី​កុំ​ឱ្យ​វិបត្តិ​នេះ​អូស​បន្លាយ​ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ»

ក្រុមហ៊ុន ចិន យូញៀន ឌីវេឡុបមិន គ្រុប បាន​ជួល​ដី​ពី​រដ្ឋាភិបាល កាល​ពី​ឆ្នាំ​២០០៨ ក្នុង​ភូមិ​សាស្ត្រ ឃុំ​ចំនួន​៥ នៃ​ស្រុក​បុទុមសាគរ និង​ស្រុក​គីរីសាគរ ខេត្ត​កោះកុង លើ​ទំហំ​ផ្ទៃដី​ចំនួន ៣​ម៉ឺន ៦​ពាន់​ហិកតារ​ដើម្បី​ធ្វើជា​តំបន់​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ដែល​រួមមាន​ការសាងសង់​ព្រលាន​យន្តហោះ​និង​ទីលាន​វាយកូនគោល​ដែល​មាន​តម្លៃ​សរុប​ចំនួន ៥​ពាន់​លាន​ដុល្លារ។ កាល​ពី​ឆ្នាំ​២០១១ ក្រុមហ៊ុន​ចិន​មួយ​នេះ​បាន​ជួល​ដី​ពី​រដ្ឋាភិបាល​ជាង ៩​ពាន់​ហិកតារ​ថែម​ទៀត។ ការ​ផ្តល់​ដី​សម្បទាន​នេះ​គឺ​បាន​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ ហើយ​មកដល់ពេលនេះ​នៅ​មិន​ទាន់​ដោះស្រាយ​ចេញ​នៅ​ឡើយ​។ កាលពី​ឆ្នាំ​២០១៨ ក្រុមហ៊ុន​ចិន​មួយ​នេះ​បាន​ដុត​កម្ទេច​ផ្ទះ និង​កាប់​បំផ្លាញ​ផលដំណាំ​នៅ​តំបន់​ថ្មពាន ក្នុង​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ៕

 

ក្រសួង​មហាផ្ទៃ​ដាក់​កំហិត​ឲ្យ​មន្ត្រី​ជ្រើសរើស​ការងារ​តែមួយ​គត់ រវាង​ក្របខ័ណ្ឌ​រដ្ឋ និង​មេធាវី

$
0
0

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដាក់​កំហិត​ឲ្យ​មន្ត្រី​រាជការ​នៅ​ក្នុង​ក្រសួង​នេះ ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​មេធាវី ជ្រើសរើស​ការងារ​តែមួយគត់ រវាង​ក្របខ័ណ្ឌ​រដ្ឋ និង​ការងារ​មេធាវី​។ អ្នកឃ្លាំមើល និង​មេធាវី ស្វាគមន៍​ចំណាត់​ការ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង រក​ឃើញ​ថា មន្ត្រីរាជការ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ នៃ​ក្រសួង​នេះ កំពុង​ប្រកប​វិជ្ជាជីវៈ​មេធាវី ទាំង​ខ្លួន កំពុង​បំពេញ​មុខងារ​ជា​មន្ត្រី​សាធារណៈ​។ លោក ស ខេង អះអាង​ថា ការ​ប្រកប​វិជ្ជាជីវៈ​ទាំងពីរ ក្នុង​ពេល​តែមួយ គឺ​ផ្ទុយ​ពី​ច្បាប់​គ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល ច្បាប់​គ្រប់គ្រង​មន្ត្រី​នគរបាល​ជាតិ មន្ត្រី​ពន្ធនាគារ និង​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​លក្ខន្តិក​មេធាវី។

ទោះ​យ៉ាងណា លោក ស ខេង មិន​ប្រើ​វិធានការ​លុប​ឈ្មោះ មន្ត្រីរាជការ​ទាំង​នោះ​ចោល​ទេ ដោយ​កំហិត​ឲ្យ​មន្ត្រី​ជ្រើសរើស​ការងារ​មួយ ក្នុង​ចំណោម មន្ត្រីរាជការ ឬ​ទៅ​ប្រកប​វិជ្ជាជីវៈ​មេធាវី​។ លោក ផ្ដល់ ជម្រើស​ឲ្យ​មន្ត្រី​ដែល​មាន​មុខងារ ជា​មេធាវី​ផង ជា​មន្ត្រី​ក្រសួងមហាផ្ទៃ​ផង អាច​ដាក់​ពាក្យសុំ មិន​ប្រកប​វិជ្ជាជីវៈ ឬ​សុំ​នៅ​ក្រៅ​បញ្ជី​មេធាវី តាមច្បាប់​គោលការណ៍​ច្បាប់​ស្ដីពី​លក្ខន្តិក​មេធាវី ឬ ជ្រើស​យក​មុខ​ងារ​មេធាវី ដោយ​សុំលាលែង​ក្របខ័ណ្ឌ​មន្ត្រីរាជការ ឬ​សុំ​ស្ថិត​ក្នុង​ភាព​ទំនេរ ដោយ​គ្មាន​ប្រាប់​បៀវត្ស តាម​បែបបទ នីតិវិធី​របស់​ក្រសួង​មហាផ្ទៃ។

កន្លង​មក លោក ស ខេង ធ្លាប់​បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​មាន​ងារ​ជា​ឧកញ៉ា​ផង ជា​មន្ត្រី​ក្រសួង​មហាផ្ទៃ​ផង លាលែង​ក្របខ័ណ្ឌ ឬ​លាលែង​ងារ​ជា​ឧកញ៉ា ម្ដង​ហើយ កាល​ពី​ឆ្នាំ​២០១៩។

ចំណែក​ពាក់ព័ន្ធ​នឹង​ការងារ​ប្រកប​វិជ្ជាជីវៈ​មេធាវី​នេះ​ដែរ លោក ស ខេង បញ្ជា​ឲ្យ​អង្គភាព​នានា ចំណុះ ឲ្យ​ក្រសួង​មហាផ្ទៃ ត្រូវ​ចាត់ការ​ស្រាវជ្រាវ និង​រៀបចំ​បញ្ជី​ឈ្មោះ មន្ត្រីរាជការ ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​មេធាវី ដាក់​ឲ្យ​អនុវត្ត​លាឈប់​ពី​ក្របខ័ណ្ឌ ឬ​លាឈប់​ពី​វិជ្ជាជីវៈ​មេធាវី។

សមាជិក​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សមាជិក​ការិយាល័យ​មេធាវី ប៊ី​ប៊ី​ស៊ី (BBC) លោក​មេធាវី សួស វណ្ណៈ គាំទ្រ វិធានការ​នេះ​។ លោក ថា ច្បាប់​ស្ដីពី​លក្ខន្តិក​មេធាវី តម្រូវ​ឲ្យ​មាន​វិសមត្ថភាព​ការងារ ឬ​មិន​អាច​ប្រកបការងារ​ផ្សេង ប៉ុន្តែ លោក សង្កេត​ឃើញ​ថា មាន​មន្ត្រីរាជការ​ខ្លះ ដែល​មាន​ឋានៈ​ធំៗ នៅ​ក្រសួងមហាផ្ទៃ កំពុង​ប្រកប​វិជ្ជាជីវៈ​មេធាវី​ពិតមែន។

លោក​មេធាវី សួស វណ្ណៈ យល់ថា ការ​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី របស់​មន្ត្រីរាជការ គឺ​ខុសច្បាប់​មេធាវី ហើយ​បណ្ដាល​ឲ្យ​ការ​បំពេញ​មុខងារ​រដ្ឋ ធ្លាក់​ចុះ​ពិតមែន​។ ជាង​នេះ​ទៅ​ទៀត លោក​មេធាវី ប្រាប់​ថា ការ​បណ្ដោយ​ឲ្យ​មន្ត្រីរាជការ អាច​ប្រកប​វិជ្ជាជីវៈ​មេធាវី​បាន ជា​ការ​ប៉ះពាល់​ដល់​តម្រូវ​ការ​ការងារ របស់​យុវជន ដោយសារ​និស្សិត​ជំនាន់​ក្រោយ ពិបាក​ទទួល​បាន​ឱកាស​ការងារ​ក្នុង​វិស័យ​ច្បាប់ ព្រោះ​មន្ត្រីរាជការ​ដែល​មាន​ការងារ​ស្រាប់ បាន​ដណ្ដើម​យក​ការងារ​ទាំងនោះ៖ «ប្រកប​វិជ្ជាជីវៈ​សេរី​ហ្នឹង គេ​តម្រូវ​ឲ្យ​គ្រប់​បុគ្គល​ទាំងឡាយ​ហ្នឹង ដែល​ត្រូវ​ប្រកប​មុខងារ​ជា​មេធាវី​ហ្នឹង បើសិនជា​ចង់​ធ្វើ​ត្រូវតែ​លះបង់​ពី​ការងារ​ផ្សេងៗ​។ ដាក់ពាក្យ​ឈប់ resign អ្វី ពី​កន្លែង​ផ្សេងៗ អាហ្នឹង មក​ប្រកប​វិជ្ជាជីវៈ​ហ្នឹង​មួយ​បាន​។ តែ​បើសិនជា​មក​ប្រកប​មុខងារ​មេធាវី​ផង ធ្វើ​ប៉ូលិស​ផង អ្វី​ផង អា​ហ្នឹង​អត់​ត្រូវ​ទេ គឺ​ខុសច្បាប់​ទាំងស្រុង​ហ្មង ខុស​លក្ខន្តិក​មេធាវី​ហ្មង​ណា​។ អ៊ីចឹង​បាន​ថា សេចក្ដី​សម្រេច​ហ្នឹង​ល្អ​ហើយ ឈាន​ទៅ​រក​តម្លាភាព»

ចំណែក​នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា ការ​កំហិត​របស់​ក្រសួងមហាផ្ទៃ​នេះ ជា​គំរូ​ល្អ សម្រាប់​ក្រសួង ស្ថាប័ន​ផ្សេងទៀត​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ លើកទឹកចិត្ត ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់ ដាក់​កំហិត សម្រាប់​មន្ត្រីរាជការ ដែល​កំពុង​បំពេញ​មុខងារ​សាធារណៈ មិន​ត្រូវ​ប្រកប​វិជ្ជាជីវៈ​មេធាវី ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​ស្ដីពី​លក្ខន្តិក​មេធាវី៖ «អ៊ីចឹង អានេះ វា​ជា​ចំណុច​មួយ ដែល​ចាប់ផ្ដើម​កែទម្រង់​ដែរ​ហើយ ពីព្រោះ​មិន​ទុក​បញ្ហា​ដែល​មិនល្អ​នេះ មិន​ចេះតែ​បន្ត​ទៀត​ទេ ធ្វើ​ម្ដេច​ដើម្បី​លើកកម្ពស់​នៃ​ស្ថាប័ន​វិជ្ជាជីវៈ​មេធាវី​នៃ​គណៈមេធាវី​ហ្នឹង ឲ្យ​វា​មានតម្លៃ​កាន់តែ​ខ្ពស់ ហើយ​និង​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​អនុវត្ត​វិជ្ជាជីវៈ​របស់​ខ្លួន​នោះ​ណា»

បច្ចុប្បន្ន កម្ពុជា​មាន​មេធាវី​ជាង​ពីរ​ពាន់ (.១៥៧)​នាក់ ក្នុង​នោះ មាន​មេធាវី​ពេញ​សិទ្ធិ​កំពុង​ប្រកប​វិជ្ជាជីវៈ (.៥៧៩​នាក់​) មេធាវី​កំពុង​ធ្វើ​កម្មសិក្សា (៤០៨​នាក់​) មេធាវី​មិន​ប្រកប​វិជ្ជាជីវៈ (១១៣​នាក់​) មេធាវី​សុំ​នៅ​ក្រៅ​បញ្ជី (២៧​នាក់​) មេធាវី​ហាមឃាត់​សិទ្ធិ​ប្រកប​វិជ្ជាជីវៈ (០២​នាក់​) មេធាវី​ផ្អាក​ពីមុខ​របរ (០២​នាក់​) និង​មេធាវី ដែល​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី (២០​នាក់)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នកវិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា សន្តិភាព​ដែល​កម្ពុជា​មាន​សព្វ​ថ្ងៃជា​សន្តិភាព​ផ្នូរ​ខ្មោច

$
0
0

អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​លោក ហ៊ុន សែន ថា ការ​និយាយ​ពី​ការ​ថែរក្សា​សន្តិភាព ដូច​លោក​កំពុង​លើកឡើង​សព្វថ្ងៃ​នេះ​គឺ ជា​សន្តិភាព​ក្លែងក្លាយ ឬ​ជា​សន្តិភាព​ផ្នូរ​ខ្មោច ។ ប្រតិកម្ម​បែប​នេះ​ធ្វើឡើង​ក្រោយ ពេល​លោក ហ៊ុន សែន ថ្លែង​ក្នុង​មហាសន្និបាត​នៃ​ក្តី​សង្ឃឹម ថ្ងៃ​ទី​០៩ ខែសីហា​នេះ អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​នានា​រួមគ្នា​ថែរក្សា និង​ការ​កសាង សន្តិភាព និង​សន្តិសុខ ដែល​លោក​ថា គឺជា​អាទិភាព​ខ្ពស់​បំផុត​សម្រាប់​ប្រទេស​នីមួយៗ

អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា ការ​ថែរក្សា​សន្តិភាព​ដោយ​ការ​រំលាយ​គណបក្សប្រឆាំង និង​ចាប់​មនុស្ស ដាក់គុក​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់ ដូចដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​សព្វថ្ងៃ​នេះ មិនមែន​ដើម្បី​ថែរក្សា​សន្តិភាព​នោះ​ទេ ផ្ទុយទៅវិញ​គឺ​ដើម្បី​រក្សា​អំណាច​លោក ហ៊ុន សែន និង​បក្ស​របស់​លោក​ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ លើកឡើង​ថា សង្គម​មួយ​ដែល​មាន​សន្តិភាព​ពិតប្រាកដ​ត្រូវ​មាន​យុត្តិធម៌​សង្គម សេរីភាព និង​ប្រជាធិបតេយ្យ ប៉ុន្តែ​លោក​ថា សង្គម​កម្ពុជា​សព្វថ្ងៃ​ពោរពេញ​ដោយ​អយុត្តិធម៌​សង្គម សិទ្ធិ​ពលរដ្ឋ​កំពុង​រង​ការ​រំលោភបំពាន​ពី​ក្រុម​អាជ្ញាធរ ហើយ​ព្រំដែន​ក៏​ត្រូវ​ប្រទេសជិតខាង​រំលោភបំពាន ដូច្នេះ​កម្ពុជា​សព្វថ្ងៃ​គ្មាន​សន្តិភាព​ពិត​ប្រា​ដក​នោះ​ទេ​។ លោក​ថា មេដឹកនាំ​ផ្ដាច់ការ​តែង​យក​ពាក្យ​សន្តិភាព និង​អធិបតេយ្យ​មក​បន្លំ​ពលរដ្ឋ។ «»

លោក គឹម សុខ រិះគន់​បែបនេះ ក្រោយពី​លោក ហ៊ុន សែន ថ្លែង​ក្នុង​មហាសន្និបាត​នៃ​ក្តី​សង្ឃឹម​ដោយ​ប្រាប់​ទៅ​មេដឹកនាំ​ក្នុង​ពិភពលោក​ថា ការ​កសាង និង​ការ​ថែរក្សា​សន្តិភាព និង​សន្តិសុខ​នៅ​លើ​សកលលោក​ទាំងមូល​គឺជា​មូលដ្ឋានគ្រឹះ​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​អភិវឌ្ឍ​។ មេដឹកនាំ​ដែល​រង​ការ​រិះគន់​ថា រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​រូប​នេះ​លើកឡើង​ទៀត​ថា ការ​កសាង និង​ថែរក្សា​ឱ្យ​ខាង​តែ​សន្តិភាព គឺជា​ទិ​ភាព​ខ្ពស់​បំផុត​សម្រាប់​ប្រទេស​នីមួយៗ។

រីឯ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស លោក អ៊ុំ សំអាន យល់​ថា សន្តិភាព​ដែល​លោក ហ៊ុន សែន ទាមទារ​ឱ្យ​ថែរក្សា​នោះ​គឺជា​សន្តិភាព​ផ្នូរ​ខ្មោច​ប៉ុណ្ណោះ ដោយសារ​ពលរដ្ឋ​គ្មាន​សិទ្ធិ​បញ្ចេញមតិ បាត់បង់​ដីធ្លី និង​ត្រូវ​បង្ខំចិត្ត​ចំណាកស្រុក​រក​ការងារ​នៅ​ក្រៅ​ប្រទេស​ជាដើម​។ លោក​បន្ត​ថា សន្តិភាព​សព្វថ្ងៃ​នេះ​គឺ​មាន​សម្រាប់​តែ​គ្រួសារ និង​បក្ស​ពួក​លោក ហ៊ុន សែន មួយ​ក្រុម​តូច​ប៉ុណ្ណោះ ប៉ុន្តែ​ពលរដ្ឋ​ស្ទើរ​មួយ​ប្រទេស​កំពុង​ជួប​គ្រោះថ្នាក់​។ តំណាងរាស្ត្រ​គណបក្សប្រឆាំង​រូប​នេះ​ស្នើ​ទៅ​លោក ហ៊ុន សែន ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​បើ​ចង់​រក្សា​សន្តិភាព​មែន​នោះ។

អ្នកវិភាគ​លើក​ឡើង​ថា សន្តិភាព របស់​កម្ពុជា ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​សភាព​ភ័យខ្លាច និង​ទុក្ខ​ព្រួយ។ សន្តិភាព​ពិតប្រាកដ​នោះ គឺ មិនមែន​និយាយ​ផ្ចង់​ឆ្ពោះ​ទៅ​ត្រឹមតែ​ការ​ទម្លាក់​អាវុធ​តែ​ម្យ៉ាង​ទេ វា​មានន័យ “ ជ្រាលជ្រៅ​ដល់ ការ​រក្សា​ក្ដី​ស្ងប់ សតិអារម្មណ៍ មិន​ក្ដៅ​ក្រហល់ក្រហាយ​របស់​ប្រជារាស្ត្រ​នៃ​សង្គមជាតិ “ ថែម​ទៀត​ផង​។ ភាព​ស្ងប់​សុខ​ក្នុង​សង្គម​មួយ ដែល​អាច​កើតមានឡើង​បាន លុះត្រាតែ “ មេដឹកនាំ ឈប់​លោភលន់ ឈប់​ល្មោភ​អំណាច ឈប់​ដើរតួ​កាច​សាហាវ ហើយ​ងាក​មក​ប្រកាន់​នូវ​ទសពិធរាជធម៌ “ ដែល​ជា​ធម៌​ទាំង​១០ ក្នុង​គម្ពីរ​ភាពជា​អ្នកដឹកនាំ​។​ល​។ ម្យ៉ាងវិញទៀត ន័យ​សន្តិភាព តាម​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត វិញ គឺ​មានន័យថា សេចក្ដី​ស្ងប់ សេចក្ដី​សាន្តត្រាណ ដំណើរ​សះ​ជា​នឹង​គ្នា។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នកគាំទ្រ​ជិត​ពាក់កណ្ដាល​ប្រទេស វាយ​បង្ក្រាប​ចាប់​ដាក់គុក​សកម្មជន​ប្រឆាំង ឬ​អ្នក​រិះគន់​ឥត​ស្រាកស្រាន្ត។ កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ សហគមន៍​អឺរ៉ុប​បានសម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ បើ​គ្មាន​ការប្រែប្រួល​ទេ ថ្ងៃ​ទី​១២ ខែ​សីហា​ខាងមុខនេះ កម្ពុជា​នឹង​បាត់ EBA ២០%

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ​ចង់​ឲ្យ​រដ្ឋ​ផ្ដល់​ប្រាក់ ៥​ម៉ឺន​រៀល​នា​ថ្ងៃ​ភ្ជុំបិណ្ឌ ដូច​មន្ត្រី​រាជការ

$
0
0

ពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ​ខ្លះ ចង់​ឲ្យ​រដ្ឋាភិបាល ឧបត្ថម្ភ​ប្រាក់​ប្រាំ​ម៉ឺន​រៀល សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅ​ពេល​ខាងមុខ ដូច​ឲ្យ​មន្ត្រីរាជការ​ដែរ។ អ្នកឃ្លាំមើល​យល់​ថា រដ្ឋាភិបាល​គួរ​ដាក់​ចេញ​គោលនយោបាយ​នេះ ដើម្បី​ជួយ​ពលរដ្ឋ​ក្រីក្រ មាន​លទ្ធភាព ទៅ​ធ្វើ​បុណ្យ​ភ្ជុំបិណ្ឌ។

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន់ ពៅ ជំរុញ​ឲ្យ​រដ្ឋាភិបាល បង្កើត​គោល​នយោបាយ​ឧបត្ថម្ភ​លុយ​រដ្ឋ សម្រាប់​ជន​ក្រីក្រ និង​ក្រុម​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្នុង​ឱកាស​បុណ្យទាន​ជាតិ​ធំៗ ដូច​មន្ត្រីរាជការ​ដែរ​។ លោក ថា បើ​រដ្ឋាភិបាល​ដាក់​ចេញ​គោលនយោបាយ​នេះ នឹង​ជួយ​លើកកម្ពស់​ជីវិត​ដល់​អ្នក​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ ឲ្យ​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​សាសនា៖ «ខ្ញុំ​គិត​ថា ៥​ម៉ឺន​រៀល បើសិនជា​រដ្ឋ​ជួយ វា​ជា​ចំណុច​សំខាន់ ពីព្រោះ​មនុស្ស​ឥឡូវ​វា​កំពុងតែ​អត់​។ សេដ្ឋកិច្ច​ធ្លាក់​ចុះ ប្រាក់ចំណូល​ធ្លាក់​ចុះ មនុស្ស​កំពុង​ខ្វះខាត​លុយ​ចាយ​ប្រចាំថ្ងៃ បើសិនជា​បាន ៥​ម៉ឺន​រៀល ក៏​អាច​ដោះ​ទាល់​បាន​មួយ​អាទិត្យ ពីរ​អាទិត្យ​ដែរ សម្រាប់​អ្នក​រើស​អេតចាយ អ្នក​រស់នៅ​ក្រោម​ស្ពាន​អ្វី​ហ្នឹង»

សំណើ​នេះ​ក្រោយ​ពេល រដ្ឋាភិបាល ប្រកាស​ថា នឹង​ផ្ដល់​ថវិកា​រដ្ឋ​ចំនួន ៥​ម៉ឺន​រៀល សម្រាប់​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ឲ្យ​មន្ត្រីរាជការ​ទាំងអស់ ទាំង​មន្ត្រី​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រី​នគរបាល​ជាតិ មន្ត្រី​ពន្ធនាគារ យោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ មន្ត្រីរាជការ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មន្ត្រី​ខុទ្ទកាល័យ សមាជិក​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធាន​ភូមិ មន្ត្រី​ជាប់កិច្ចសន្យា បុគ្គលិក​អណ្ដែត និវត្តជន​ដែល​បាត់បង់​សម្បទា​វិជ្ជាជីវៈ​។ ក្រុម​គ្រួសារ​នៃ​ជន​ពលី និង​រងគ្រោះ ដែល​ជា​អតីត​យុទ្ធជន ក៏​ទទួល​ថវិកា​ចំនួន ៥​ម៉ឺន​រៀល ក្នុង​មួយ​គ្រួសារ​ដែរ។

អនុក្រឹត្យ​ចេញផ្សាយ កាល​ពី​ថ្ងៃ​ទី៦ សីហា មិន​បាន​បង្ហាញ​ថា រដ្ឋ​នឹង​ចំណាយ​ថវិកា​ចំនួន​ប៉ុន្មាន​ឡើយ ចំពោះ​គោលនយោបាយ ឧបត្ថម្ភ​សាច់ប្រាក់ ៥​ម៉ឺន​រៀល​នេះ​។ តែ​រដ្ឋាភិបាល តែង​ឧបត្ថម្ភ​លុយ​រដ្ឋ ចំនួន​៥​ម៉ឺន​រៀល ឲ្យ​មន្ត្រីរាជការ ២​ដង​ក្នុង​មួយ​ឆ្នាំ គឺ​សម្រាប់​បុណ្យចូលឆ្នាំ​ខ្មែរ និង​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ជា​រៀងរាល់​ឆ្នាំ​។ កន្លងមក រដ្ឋាភិបាល ក៏​មិនដែល​បាន​បង្ហាញ​តួលេខ​ថវិកា​រដ្ឋ ដែល​បាន​ចំណាយ​សម្រាប់​គោល​នយោបាយ​នេះ​ដែរ ខណៈ​តួលេខ​មន្ត្រីរាជការ​សរុប​ទាំងអស់ មាន​ជាង​ពីរ​សែន (២២៣.៦០២)​នាក់។

តែ​យ៉ាងណា លោក វន់ ពៅ ស្វាគមន៍​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ លើកទឹកចិត្ត ដល់​មន្ត្រីរាជការ ចំនួន ៥​ម៉ឺន​រៀល ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ចូលឆ្នាំ​ខ្មែរ​។ លោក​យល់​ថា ប្រាក់​លើកទឹកចិត្ត​ទាំងនេះ បាន​មក​ពី​ការ​បង់ពន្ធ​របស់​ពលរដ្ឋ ដូច្នេះ​មន្ត្រីរាជការ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​បំពេញ​តួនាទី ដើម្បី​បម្រើ​ពលរដ្ឋ៖ «ការ​លើកទឹកចិត្ត​នេះ​ទៀតសោត វា​ជា​ការ​ជំរុញ​ឲ្យ​មន្ត្រីរាជការ​ទាំងអស់​ត្រូវ​គិត​ថា ខ្លួន​ជា​អ្នកទទួល​ថវិកា​ពី​ប្រជាពលរដ្ឋ ព្រោះ​ពលរដ្ឋ​ជា​អ្នក​បង់ពន្ធ​។ អ៊ីចឹង ក្នុង​ឱកាស​នេះ​ដែរ សូម​ឲ្យ​មន្ត្រីរាជការ​បម្រើ​ពលរដ្ឋ ដោយ​ភាព​ស្មោះត្រង់ ដោយ​មិន​ប្រកាន់​និន្នាការ ឬក៏​បម្រើ​ប្រជាពលរដ្ឋ ទៅតាម​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែង»

អ្នក​ប្រកប​របរ​រើស​អេតចាយ នៅ​ទីលាន​ចាក់សំរាម ក្នុង​ខណ្ឌ​ដង្កោ លោកស្រី សំអុល វ៉ារី ប្រាប់​ថា លោកស្រី​ក៏​ចង់​ឲ្យ​រដ្ឋាភិបាល បង្កើត​គោល​នយោបាយ ជួយឧបត្ថម្ភ​ពលរដ្ឋ​ក្រីក្រ ក្នុង​ពិធី​បុណ្យទាន​ធំៗ​ដែរ ដើម្បី​ឲ្យ​អ្នក​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ មានលទ្ធភាព​ទៅ ធ្វើបុណ្យ​នៅ​តាម​វត្ត​អារាម​ដែរ៖ «បាន​ទៅ​ក៏​អ បើ​មិនបាន​ក៏​សប្បាយចិត្ត​ដែរ ព្រោះ​បាន​ទៅលើ​មន្ត្រីរាជការ ដែល​ការពារ​ប្រជាជន​យើង​ដែរ លោកគ្រូ»

ស្ត្រី​រើស​អេតចាយ នៅ​តំបន់​បឹង​ជើងឯក​ម្នាក់ទៀត គឺ លោកស្រី ម៉ិល សារី ប្រាប់​ថា លោកស្រី ក៏​ចង់​ឲ្យ​រដ្ឋាភិបាល ផ្ដល់​ប្រាក់ ៥​ម៉ឺន​រៀល ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​ដែរ ពិសេស​គឺ​ផ្ដល់​ឲ្យ​ស្ត្រី​ប្រកប​របរ​រើស​អេតចាយ ដែល​កំពុង​មាន​ផ្ទៃពោះ៖ «អ្នកខ្លះ​ពោះ​ធំ មិន​អាច​ទៅ​រើស​សំរាម​បាន អ៊ីចឹង​អ្នកខ្លះ​គាត់​ទៅ​រើស មិន​បាន អត់​លុយ​ទៅ​ស្រុក គាត់​ក៏​ទៅ​វត្ត​យាម​ស្បែក​ជើង​អ៊ីចឹង​ទៅ»

ស្ត្រី​រើស​អេតចាយ​ម្នាក់ទៀត ដែល​កំពុង​រស់នៅ​ក្នុង​ខ្ទម​តោកយ៉ាក​មួយ ក្បែរ​សំយាប​ផ្ទះ​គេ នៅ​ក្នុង​សហគមន៍​ជម្លោះដីធ្លី​បុរី​កីឡា អ្នកស្រី ស៊ឹម រី ចង់​ឲ្យ​រដ្ឋាភិបាល ជួយឧបត្ថម្ភ​លុយ​ខ្លះ សម្រាប់​អ្នកក្រីក្រ រស់​តាម​សំយាប​ផ្ទះ​គេ ដូច​គ្រួសារ​លោកស្រី ក្នុង​ឱកាស​បុណ្យទាន​ម្ដងៗ​។ ស្ត្រី​អ្នក​រើស​អេតចាយ​រូប​នេះ ប្រាប់​ថា រាល់​ឆ្នាំ​គ្រួសារ​លោកស្រី គ្មាន​លទ្ធភាព​ទៅ​វត្ត​ធ្វើបុណ្យ ឬ​បាន​ទៅលេង​ស្រុកកំណើត​នៅ​ខេត្ត​ស្វាយរៀង​ទេ ដោយសារ​អ្នកស្រី និង​ប្ដី​ពិការ​ជើង​ទាំងសងខាង ត្រូវ​នាំគ្នា ទៅ​សុំ​ទាន និង​យាម​ស្បែកជើង ឲ្យ​អ្នក​មក​ធ្វើបុណ្យ នៅ​វត្ត​ព្រះពុទ្ធ​មានបុណ្យ៖ «មួយ​ព្រឹក​បាន មួយ​ម៉ឺន​ជាង ជួន​បាន​ពីរ​ម៉ឺន ជួន​ថ្ងៃ​ខ្លះ​បាន​ច្រើន ជួនកាល​ថ្ងៃ​ខ្លះ​អត់​ក៏​មាន​ដែរ បាន​បាយ​ពី​វត្ត​ហូប​។ យាម​ពីរ​នាក់​ប្តី ប្តី​ខ្ញុំ​ពិការ​ជើង​ហើយ​ខ្ញុំ​យាម​ពីរ​នាក់​ប្តី​ប្រពន្ធ ព្រោះ​អត់​មាន​លុយ ។ ពេលខ្លះ​លាង​ចាន​លាង​អី​ឲ្យ​គេ​ទៅ ជួន​ក៏​បោក​ខោអាវ​ឲ្យ​គេ»

ជុំវិញ​ករណី​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា លោក តូច ចាន់នី និង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី​០៩ សីហា ដោយសារ ទូរស័ព្ទ​រោទ៍ មិន​មាន​អ្នកទទួល។

រៀងរាល់​ឆ្នាំ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក្រុម​អ្នក​រើស​អេតចាយ និង​ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន តែង​នាំគ្នា​សុំទាន និង​យាម​ស្បែកជើង នៅ​តាម​វត្ត​អារាម និង​សុំ​ម្ហូបអាហារ​ពី​ព្រះសង្ឃ​មក​បរិភោគ។ ពួកគេ យល់ថា បើ​រដ្ឋាភិបាល ផ្ដល់​ប្រាក់​ឧបត្ថម្ភ​បន្តិចបន្តួច​ក្នុង​ពេល​ភ្ជុំបិណ្ឌ គឺ​ពួកគេ នឹង​អាច​មាន​លទ្ធភាព​ទៅ​លេង​ស្រុកកំណើត និង​ធ្វើ​បុណ្យទាន​តាម​ប្រពៃណី​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​ស្នើ​ឱ្យ​រដ្ឋ​ការពារ​សុវត្ថិភាព​ដីធ្លី

$
0
0

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី បាន​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក លើក​ទី២៦ និង​លើក​ទី១៦ នៅ​កម្ពុជា ចំនួន ៤៦​ទីតាំង​ផ្សេងៗ​គ្នា ទូទាំង ៥​ស្រុក ក្រោម​ប្រធានបទ ស្នើ​ឱ្យ​រដ្ឋាភិបាល ការពារ​សុវត្ថិភាព​ភាព​ដីធ្លី។ ការ​ប្រារព្ធ​ទិវា​នេះ ពួកគេ​មិន​បាន​ហែ​ក្បូន​ទ្រង់ទ្រាយ​ធំ​ដូច​ឆ្នាំ​មុនៗ​នោះ​ទេ។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច លោក គ្រើង តុលា ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី៩ ខែ​សីហា ថា ក្នុងចំណោម ៤៦​ទីតាំង ដែល​ពួកគេ​ប្រារព្ធ​ទិវា​នេះ មាន ៤​ទីតាំង ដែល​មាន​ការ​ជួបជុំ​មនុស្ស​ច្រើន ធ្វើ​ពិធី​សែន​ព្រេន រាំ ប្រគុំ​តន្ត្រី និង​ច្រៀង​ភាសា​ជនជាតិ​ដើម​ភាគតិច​ជាដើម​។ លោក​ថា អាជ្ញាធរ​មិនបាន រារាំង​ពួកគេ​មិន​ឱ្យ​ប្រារព្ធ​ទិវា​នេះ​ទេ ដោយ​គ្រាន់តែ​ផ្ដល់​ដំណឹង ហាម​មិន​ឱ្យ​ពលរដ្ឋ​ជួបជុំ​គ្នា​ច្រើន ក្រោម​ហេតុផល ទប់ស្កាត់​ជំងឺ​កូវីដ១៩។

លោក គ្រើង តុលា ថា បន្ថែម​ថា ក្រុម​ជនជាតិ​ដើម​ភាគតិច បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល ការពារ​សុវត្ថិភាព​ដីធ្លី ជា​ប្រធានបទ​សំខាន់ ព្រោះ​ការរំលោភ​ដីធ្លី និង ភាព​យឺតយ៉ាវ ការចុះបញ្ជី​ដី​សមូហភាព ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ មិនទាន់​ដោះស្រាយ​ឱ្យ​ដាច់​ស្រឡះ ជាច្រើន​ឆ្នាំ​មក​ហើយ​។ លោក​ថា ប្រការ​នេះ បាន​ផ្តល់​ឱកាស ឱ្យ​អ្នក​មាន​អំណាច រំលោភ​ដី​សហគមន៍ និង​បំពាន​ដី​ព្រៃ​អភិរក្ស រាប់ពាន់​ហិកតារ ប៉ះពាល់ សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ធ្ងន់ធ្ងរ​៖ «ចំពោះ​ការ​ការ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច យើង​ឃើញ​ថា មាន​ច្បាប់​ហូរហែ និង​លើកទឹកចិត្ត ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន នៅតែ​មាន​ការ​គៀប​សង្កត់ មាន​ការ​រារាំង និង​បំភិតបំភ័យ គំរាមកំហែង​ធ្ងន់»

លោក គ្រើង តុលា បន្ថែម​ថា ជនជាតិដើម​ភាគតិច​ជាច្រើន​នាក់ បាន​ស្លៀកពាក់​ប្រពៃណី ជួបជុំគ្នា​នៅ​ឃុំ​ប៊ូស្រា ឃុំ​ដាក់ដាំ និង​ស្រុក​កោះ​ញែក បង្ហាញ​ទស្សនាទាន ក្នុង​បដា ស្នើ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី សម្ដែង​ឆន្ទៈ​ជាក់លាក់ ការពារ​សិទ្ធិ​ដីធ្លី ធនធានធម្មជាតិ ប្រពៃណី​វប្បធម៌ ជនជាតិ​ដើម​ភាគតិច ដែល​កំពុង​រង​ការ​រំលោភបំពាន​ខ្លាំងក្លា ពី​សំណាក់​បុគ្គល​មានអំណាច ជាពិសេស មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល។

​ជនជាតិ​ដើម​ភាគតិច ៦២២
ទិដ្ឋភាព​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​អន្តរជាតិ នៅ​ថ្ងៃ​ទី៩ សីហា ២០២០។ Photo Provided

ប្រធាន​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច ខេត្ត​មណ្ឌលគិរី អ្នកស្រី ភ្លឹក ភីរម្យ មើល​ឃើញ​ថា ការរំលោភ​ដីធ្លី គឺជា​ក្តី​កង្វល់​យ៉ាងខ្លាំង ដែល​ជនជាតិ​ដើម​ភាគតិច​គ្រប់​តំបន់ រង​ផល​ប៉ះពាល់ និង​ប៉ះទង្គិច​ជាមួយ បុគ្គល​មានអំណាច និង​មន្ត្រីរាជការ រំលោភ​សិទ្ធិ​ពួកគេ​។ ហេតុនេះ ពួកគេ​ចង់​ឱ្យ​រដ្ឋាភិបាល បង្ហាញ​ជំហរ​ច្បាស់លាស់ ការពារ​សុវត្ថិភាព​ដីធ្លី ការពារ​ព្រៃ​អភិរក្ស និង​ព្រៃ​របស់​រដ្ឋ ដែល​កំពុង​ទទួលរង​ការ​បំពារបំពាន​៖ «ដូចជា​នៅ​អូររាំង​មាន​ភ្នំ ប្រវត្តិសាស្ត្រ ត្រូវ​បាន​ទិញ​លក់​អ៊ីចឹង​។ ប្រពៃណី​វប្បធម៌​ពួក​ខ្ញុំ តំបន់​អារក្ស តំបន់​កប់ខ្មោច គេ​ធ្វើ​ព្រលាន​យន្តហោះ​ថ្មីៗ មានការ​ទន្ទ្រាន​ដី​កប់ខ្មោច​ដែរ​។ យើង​ឃើញ​ថា សុវត្ថិភាព​ដីធ្លី សម្រាប់ ២ ឆ្នាំនេះ ពិបាក​មែនទែន យើង​គិត​ថា យើង​យក​ប្រធានបទ​នេះ វា​ស្រប​ខាង​ក្រសួង គណៈកម្មការ​រាស់​វែង​ដីធ្លី​គេ​ធ្វើ​ឆ្នាំ​នេះ​ដែរ»

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក សុក សេរ៉ា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​មិន​បាន​ហាមឃាត់​ការ​ប្រារព្ធ​ទិវា របស់​ជនជាតិភាគតិច​នោះ​ទេ លើកលែង​ពលរដ្ឋ​ធ្វើ​អ្វី​ខុស​ពី គោលការណ៍​របស់​រដ្ឋាភិបាល និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​។ លោក​ថា ស្ទើរ​ជា​រៀងរាល់​ឆ្នាំ អាជ្ញាធរ​ខេត្ត​តែង​ចូលរួម គាំទ្រ​ការ​ប្រារព្ធ​ទិវា​នេះ៖ «បើ​ធ្វើ​ប្រារព្ធ​ទៅតាម​ច្បាប់ និង​តាម​គោលការណ៍ ពុំ​មាន​អ្វី​ត្រូវ​ហាមឃាត់​ទេ លុះត្រាតែ​ធ្វើ​អ្វី​ខុស​ពី​មុន​។ ខុស​ពី​រដ្ឋាភិបាល បាន​ណែនាំ ក៏ដូចជា​ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​ណែនាំ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី សង្កេត​ឃើញ​ថា ពលរដ្ឋ​លើក​យក​ប្រធានបទ ការពារ​សុវត្ថិភាព​ដីធ្លី គឺជា​ចំណុច​រស៊ើប​មួយ ដែល​រដ្ឋាភិបាល គួរតែ​ពង្រឹង​សមត្ថភាព​ដោះស្រាយ ឱ្យ​មាន​ប្រសិទ្ធភាព ព្រោះ​ជម្លោះដីធ្លី នៅតែ​កើតមាន​ច្រើន ដោះស្រាយ​មិន​ចេញ ប៉ះពាល់​ជីវភាព ប្រព័ន្ធ​សេដ្ឋកិច្ច និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ជនជាតិ​ដើម​ភាគតិច ជា​ប្រព័ន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សិស្ស​ជាង ៣០០​នាក់ ផ្ដិត​មេដៃ​ប្ដឹង​នាយក​សាលា​ឯកជន​មួយ​នៅ​ភ្នំពេញ​ពី​បទ​ឆបោក

$
0
0

សិស្ស​ជាង ៣០០​នាក់ រៀន​នៅ​សាលា​ភាសា​អង់គ្លេស អន្តរជាតិ​ឃីងស្លាយធ៍ (The King slight International school) ក្នុង​រាជធានី​ភ្នំពេញ ប្រតិកម្ម ចំពោះ​គណៈ​គ្រប់គ្រង​សាលា​មួយ​នេះ​ថា មិន​ផ្ដល់​សំណង​សមរម្យ ក្រោយពី​សាលា​ប្រកាស​បិទទ្វារ កាល​ពី​ពេល​ថ្មីៗ​នេះ​។ ពួកគេ​អះអាង​ថា គណៈ​គ្រប់គ្រង​សាលា​មួយ​នេះ មិន​បាន​បង្ហាញ​មុខ​បកស្រាយ ឱ្យ​ច្បាស់លាស់​នោះ​ទេ។

សិស្ស​ជាង ៣០០​នាក់ រស់នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៨ សីហា​ថា ពួកគេ​កំពុង​នាំគ្នា​ផ្ដិតមេដៃ ប្ដឹង​នាយក​សាលា​ឯកជន​មួយ​នេះ​ឈ្មោះ ហ៊ូ ចំរើន ទៅ​មន្ទីរអប់រំ រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​ជួយ​រក​យុត្តិធម៌ បន្ទាប់ពី​សាលា​បាន​ប្រកាស​បិទទ្វារ ដោយ​មិន​ផ្ដល់​សំណង​ត្រឹមត្រូវ តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​។ ក្រុម​សិស្សានុសិស្ស​ទាមទារ​ឱ្យ​នាយក​សាលា ចេញមុខ​បកស្រាយ​ឱ្យ​ច្បាស់ និង​ទទួលខុសត្រូវ ក្នុង​ការ​ផ្ដល់​ប្រាក់​ដែល​ពួកគេ​បាន​បង់ថ្លៃ​សាលា​ជូន​ពួកគេ​វិញ។

តំណាង​សិស្ស កញ្ញា ជី លីដា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៩ សីហា ថា ពួកគេ​កំពុង​កើត​ទុក​មិន​សុខចិត្ត ព្រោះ​គណៈ​គ្រប់គ្រង​សាលា បាន​គេច​វេះ​មិន​បង្ហាញខ្លួន ដោះស្រាយ​បញ្ហា​នេះ​។ កញ្ញា​អះអាង​ថា បាន​បង់​ប្រាក់​ចំនួន ៣២៤​ដុល្លារ ទៅ​សាលា​ដើម្បី​សិក្សា ៤​ត្រីមាស តែ​កញ្ញា​សិក្សា​បានតែ​រយៈពេល ១ ខែ​ប៉ុណ្ណោះ សាលា​បាន​បិទទ្វារ ហើយ​សាលា​បាន​ប្រគល់​ប្រាក់​ជូន​កញ្ញា​វិញ ត្រឹមតែ​១០​ដុល្លារ​ប៉ុណ្ណោះ​។ កញ្ញា​បន្ត​ថា សិស្ស​ភាគច្រើន​បង្ហាញ​ការ​ខឹង​សម្បារ និង​ត្រៀម​ប្តឹង ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ៖ «ខាង​សាលា​អត់​ចេញមុខ​បកស្រាយ​ឱ្យ​ច្បាស់លាស់ ជា​ផ្លូវការ​ទេ គាត់​ខ​ល​មក​ម្តង​ម្នាក់ ហើយ​ព័ត៌មាន​អត់​ច្បាស់ សម្រាប់​ខ្ញុំ​ផ្ទាល់​គាត់​តេ (ខល) មក ថា ឱ្យ​ខ្ញុំ​ហ្នឹង​យក ១០​ដុល្លារ​។ និយាយ​ទៅ ធ្វើ​ម៉េច​ឱ្យ​ខ្ញុំ​ព្រម​ទទួល​យក ១០​ដុល្លារ​។ តែ​ខ្ញុំ​អត់​ទទួល​ទេ ខ្ញុំ​អត់​សុខចិត្ត ខ្ញុំ​ចង់​ឱ្យ​នាយក​សាលា ចេញមុខ​បកស្រាយ​ជា​ផ្លូវការ»

តំណាង​សិស្ស​ម្នាក់ទៀត រស់នៅ​ខេត្ត​កំពង់ស្ពឺ គឺ​លោក ហួន តុងហៀង ប្រាប់​អាស៊ីសេរី​ថា សិស្ស​ជាង ៣០០​នាក់ ភាគច្រើន បង់លុយ​ចំនួន ៣២៤​ដុល្លារ សិក្សា ៤​ត្រីមាស ក៏ប៉ុន្តែ​ពួកគេ​ភាគច្រើន មិន​បាន​សិក្សា​តាម​កាលកំណត់​នោះ​ទេ ដោយ​សិស្ស​ខ្លះ​មិន​បាន​រៀន ខ្លះ​ទៀត​រៀន​បាន​មួយ​ខែ រហូត​ដល់ ៣​ខែ សាលា​បិទទ្វារ​ប្រកាស​ក្ស័យធន កាល​ពី​ថ្ងៃ​ទី៣ ខែ​សីហា នេះ​។ លោក​សង្ស័យ​ថា សាលា​ឯកជន​មួយ​នេះ មាន​ចេតនា​ឆបោក​ពួកគេ ក្រោម​លេស​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ខណៈ​ដែល​បុគ្គលិក​សាលា​នេះ មិន​បាន​អនុវត្ត​ដូច​ការសន្យា​នៅ​ចំពោះ​មុខ​សិស្ស​នោះ​ទេ៖ «ទង្វើ​របស់​សាលា​គឺ បោកប្រាស់​សិស្ស​ហើយ​បង ព្រោះ​អី និយាយ​ទៅ​ពេល​ដំបូង សាលា​បាន​និយាយ​ថា នៅ​ពេល​យើង​ចុះឈ្មោះ​ចូលរៀន យើង​អត់​មាន​លុយ ខ្វះ​លុយ​អ៊ីចឹង គាត់​និយាយ​ថា យើង​អាច​រក​បងប្អូន ឱ្យ​ខ្ចី​លុយ ធ្វើ​ម៉េច​ឱ្យ​បាន​លុយ​ឱ្យ​គាត់​។ នៅ​ពេល​គាត់​បិទ​សាលា គាត់​និយាយ​ថា ចុះ​ប្អូន​ឯង​មិន​យល់​ពីសា​លា? សាលា​ក្ស័យធន។ សិស្ស​ទាំងអស់​កើតទុក្ខ​មិន​សុខចិត្ត សាលា​ផ្ដល់​សំណង​មិន​សមរម្យ គឺ​លក្ខណ​បោក​បញ្ឆោត​សិស្ស​ហ្មង»

សាលាបង្រៀន​ភាសា​អង់គ្លេស អន្តរជាតិ ឃីង ស្លាយធ៍ មាន​ទីតាំង​ឋិត​នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ សិស្សានុសិស្ស​អះអាង​ថា នាយក​គ្រប់គ្រង​សាលា​នេះ ឈ្មោះ ហ៊ូ ចំរើន ធ្វើ​ការ​នៅ​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​។ សាលា​នេះ ប្រកាស​បិទទ្វារ កាល​ថ្ងៃ​ទី៣ សីហា និង​បាន​ផ្ដល់​ដំណឹង​ឱ្យ​សិស្សានុសិស្ស មក​ការិយាល័យ ភ្ជាប់​វិក្កយបត្រ​បង់​ប្រាក់ ដើម្បី​ឱ្យ​សាលា​ផ្ដល់​សំណង​ជាក់ស្ដែង​។ ក្រុម​សិស្សានុសិស្ស​អះអាង​ថា លុយ​ដែល​សាលា​ប្រមូល​បាន ពី​ពួកគេ សរុប ប្រមាណ ១០​ម៉ឺន​ដុល្លារ។

អាស៊ីសេរី​មិន​អាច​ទាក់ទង នាយក​សាលា លោក ហ៊ូ ចំរើន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី៨ សីហា ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

ឯ​អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សុវាចា មាន​ប្រសាសន៍​ថា ក្រសួង​មិន​ទាន់​ទទួល​ដំណឹង​នេះ​នៅ​ឡើយ​ទេ។ លោក​ថា ករណី​នេះ អាណាព្យាបាល​សិស្ស អាច​ពិភាក្សា​ដោយ ទ្វេភាគី ជាមួយ​តំណាង​គ្រឹះ​ស្ថាប័ន​សិក្សា​ឯកជន ហើយ​មន្ទីរអប់រំ មាន​ភារកិច្ច​ចូលរួម​សម្របសម្រួល ដោះស្រាយ​បញ្ហា​នេះ៖ «ទាក់ទង​ហ្នឹង ការងារ​ខាងលើ​នេះ គួរ​មានការ​សម្របសម្រួល​ទ្វេភាគី រវាង​គ្រឹះស្ថានសិក្សា​ឯកជន និង​មាតាបិតា ប្រកបដោយ​សន្តិវិធី​ជាពិសេស​ក្នុង​បរិបទ​កូវីដ​១៩ ចំពោះ​មុខ​នេះ»

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម លោក សន ជ័យ ពន្យល់​ថា គ្រឹះស្ថានសិក្សា​ឯកជន គឺជា​ស្ថាប័ន​ឯកជន មុននឹង​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន រដ្ឋ​តម្រូវ​ឱ្យ​តម្កល់​ប្រាក់​ទុក សម្រាប់​ត្រៀម​បង្ការ​ហានិភ័យ​នានា។ ហេតុនេះ​លោក​ថា ការ​ប្រកាស​បិទទ្វារ​របស់​សាលា​មួយ​នេះ គួរតែ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ ឱ្យ​ចប់​សព្វគ្រប់ ហើយ​ក្រសួង​អប់រំ មាន​តួនាទី​ចូលរួម​ដោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ៕

ពលរដ្ឋ​មួយ​ចំនួន​កាន់តែ​ផ្ទុះ​កំហឹង​រឿង​អាជ្ញាធរ​ចាប់​សកម្មជន​នយោបាយ និង​​សង្គម​ដាក់គុកបន្តបន្ទាប់

$
0
0

ប្រជាពលរដ្ឋ​មួយ​ចំនួន​ផ្ទុះ​កំហឹង​កាន់តែ​ខ្លាំង​ដោយសារ​មិន​ពេញចិត្ត​រឿង​អាជ្ញាធរ​ចាប់​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់។ ពួកគាត់ ចាត់​ទុក​ការ​ចាប់ខ្លួន​នេះ ថា ជា​រឿង​អយុត្តិធម៌ ធ្វើ​បាប​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដើម្បី​បំបិទមាត់ កុំ​ឱ្យ​ពួកគាត់​រិះគន់​រដ្ឋាភិបាល។

សកម្មជន​ការពារ​ព្រៃឈើ​ម្នាក់​នៅ​ខេត្ត​ក្រចេះ លោក ហេង ស្រស់ ថ្លែង​នៅ​ថ្ងៃ​ទី​៩ សីហា ថា លោក​ឈឺចាប់​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​អាជ្ញាធរ​ចាប់​លោក រ៉ុង ឈុន និង ក្រុម​អ្នក​តវ៉ា​គាំទ្រ​គាត់​ដាក់គុក​ដោយ​អយុត្តិធម៌​ប្រមាណ ២​សប្ដាហ៍ កន្លង​មក​នេះ។ លោក​បន្ថែម​ថា ការ​ចាប់ខ្លួន​នេះ​មិនបាន​ផល​ចំណេញ​អ្វី​ដល់​ជាតិ​ឡើយ ផ្ទុយទៅវិញ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​ឈឺចាប់ ព្រោះ​បាត់បង់​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​ពី​ទុក្ខ​កង្វល់​របស់​ពួកគាត់៖ «នេះ​ជា​ការ​គំរាមកំហែង​ដល់​សកម្មជន​ដទៃ​ទៀត ដែល​គាត់​ធ្វើការ​ពាក់ព័ន្ធ​រឿង​ព្រំដែន​រឿង​បរិស្ថាន​សកម្មជន​ធ្វើការ​ផ្នែក​ដីធ្លី និង​អ្នកធ្វើការ​ជាមួយ​កម្មករ វា​ជា​ការ​គំរាមកំហែង​ដល់​សកម្មជន​ទាំងនោះ»

ចំណែក​ក្រុម​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ព្រៃវែង​វិញ ប្រាប់​អាស៊ីសេរី​ថា លោក រ៉ុង ឈុន និង​មនុស្ស​មួយ​ចំនួន​ទៀត ដែល​អាជ្ញាធរ​ចាប់ខ្លួន​ថ្មីៗ​នេះ ជា​មនុស្ស​ស្លូតត្រង់ មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ច្បាប់​ទេ ដូច្នេះ​តុលាការ​ត្រូវតែ​ដោះលែង​ពួកគាត់​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ ក្រុម​ពលរដ្ឋ​ទាំងនេះ បញ្ជាក់​ទៀត​ថា អ្នក​តាមដាន​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស តែងតែ​ប្រជុំ​គ្នា​រិះគន់​រដ្ឋាភិបាល​ចំពោះ​ការ​ចាប់ខ្លួន​ពលរដ្ឋ​នេះ​នៅ​តាម​តុ​កាហ្វេ។ ពួកគាត់​ព្រួយបារម្ភ​ថា ប្រសិនបើ​អាជ្ញាធរ​នៅតែ​បន្ត​ចាប់​មនុស្ស​ដោយ​អយុត្តធម៌​បែបនេះ​ទៀត នោះ​ពលរដ្ឋ​អាច​នឹង​តវ៉ា​បណ្ដេញ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចុះ​ចេញពី​តំណែង​នៅ​ពេល​ខាងមុខ៖ «ព្រោះ​វា​ជួប​បញ្ហា​ច្រើន​រាល់ថ្ងៃ​គាត់​អត់​អាច​ផ្ទុះ​ដូច​បូស ប៉ុន្តែ​រាល់​ថ្ងៃ​នេះ ឃើញ​ហេតុការណ៍​ចំឡែកៗ​ដូចជា​អត់​ការងារ​ធ្វើ​និង​ជំពាក់​បំណុល​ធនាគារ​ក៏​ច្រើន​ដែរ។ អីចឹង​បញ្ហា​ហ្នឹង​ធ្វើ​ឱ្យ​គាត់​នៅ​មិន​បាន។ ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​ណាមួយ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​នឹង​ក្រោក​ឈរ​ឡើង​ដើម្បី​ទម្លាក់​លោក ហ៊ុន សែន ចេញពី​តំណាង។ ព្រោះថា​របប​ដឹកនាំ​សព្វថ្ងៃ​ផ្ដាច់ការ និង​តិរច្ឆាន​បំផុត​គឺ​គ្មាន​ភាព​យុត្តិធម៌​សម្រាប់​រាស្ត្រ​មានតែ​ការ​ធ្វើ​បាប​ជិះជាន់ ដូច​ជា​ការ​ប្លន់​ដីធ្លី និយាយ​រួម​សព្វបែបយ៉ាង។ ដូច្នេះ​ត្រូវតែ​ក្រោក​ឈរ​ឡើង​ដើម្បី​ការពារ​ប្រទេស​យើង កុំ​ឱ្យ​បាត់បង់​ដោយសារ​ស្នាដៃ​របស់​លោក ហ៊ុន សែន»

ទាក់ទង​នឹង​បញ្ហា​នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន មានប្រសាសន៍ថា ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន គឺជា​រឿង​ត្រឹមត្រូវ ដោយសារតែ​លោក​និយាយ​ផ្ដេសផ្ដាស​ខុស​ពី​ការពិត​ដែល​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង៖ «គាត់​ចង់​ថា មហា​វីរបុរស​ក៏បាន​គាត់​ចង់​ថា​មហាជាតិ​អី ព្រះឥន្ទ​របស់​គាត់​ក៏បាន វា​ស៊ីសង​តែ​គាត់​យល់​ទេ។ ក៏ប៉ុន្តែ​វា​មិន​ស្ថិត​លើ​គាត់​យល់​មួយ​ក្ដាប់​តូច​ហ្នឹង វា​លើ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស»

ផ្ទុយ​ពី​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​នេះ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា កត់សំគាល់​ថា ការ​ចាប់​លោក រ៉ុង ឈុន សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​បន្តបន្ទាប់​មកនេះ គឺជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​។​លោក​នៅតែ​មើល​ឃើញ​ថា សកម្មភាព​របស់​ពល​រដ្ឋ​ទាំងនោះ​មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​អ្វី​ឡើយ៖ «ដូច្នេះ​យើង​មើល​ឃើញ​ថា សកម្មភាព​ដែល​ពួកគាត់​បាន​ចូល​ទៅ​តាមដាន​សកម្មភាព​អំពី​បញ្ហា​ព្រះសង្ឃ បញ្ហា​អី​នៅ​យប់​មុន​នេះ គឺថា​មិន​មាន​អ្វី​ដែល​ជា​អំពើ​ល្មើសច្បាប់​ទេ។ ដូច្នេះ​មិន​ដឹង​ថា តើ​អាជ្ញាធរ​លោក​យក​គោលការណ៍ ឬក៏​ច្បាប់​ណា​ដើម្បី​ឃាត់​ខ្លួន​អ្នក​ដែល​ចូល​តាមដាន​រឿង​អីចឹង​ទេ​ខ្ញុំ​អត់​យល់​ដែរ»

ចាប់​តាំង​ពី​ដើមខែ​សីហា​មក​យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ៤​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ដាក់​ពន្ធនាគារ​ព្រៃស ដោយសារ​ពួកគាត់​ចូលរួម​តវ៉ា​ឱ្យ​តុលាការ​ដោះលែង​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា លោក រ៉ុង ឈុន ប៉ុន្តែ​ក្នុង​នោះ​ស្ត្រី​មាន​ផ្ទៃពោះ ៣​ខែ​ម្នាក់ គឺ​លោកស្រី សុវណ្ណា ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​វិញ កាលពី​ថ្ងៃ​ទី​៦ សីហា បន្ទាប់​ឃុំខ្លួន​លោកស្រី​សួរចម្លើយ​អស់ ២​យប់ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន និង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​បង្ក​អសន្តិសុខ​នៅ​ក្នុង​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រពន្ធ​សកម្មជន​បក្ស​សង្គ្រោះជាតិ ៧​នាក់​ចូល​ជួប​មន្ត្រី​ទូត​សហភាព​អឺរ៉ុប​តាម​ការ​អញ្ជើញ

$
0
0

តំណាង​ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៧​នាក់ ចូល​ជួប​មន្ត្រី​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ តាម​ការ​អញ្ជើញ​របស់​ស្ថានទូត នៅ​ព្រឹក​ថ្ងៃ​ទី​១០ សីហា បន្ទាប់ពី​ពួកគាត់ បាន​ដាក់​ញត្តិ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ដោះលែង​អ្នក​ជាប់ឃុំ ដោយ​មូលហេតុ​នយោបាយ​ទាំងនោះ។ នៅ​ក្នុង​ជំនួប​នោះ​មន្ត្រី​ស្ថានទូត​បាន​ផ្ដល់​ចម្លើយ​ថា ស្ថានទូត​នឹង​ជួយ​អន្តរាគមន៍​តាម​ការ​ស្នើ​សុំ​របស់​ក្រុម​ស្ត្រី​ទាំងនោះ។

ប្រពន្ធ​ចៅសង្កាត់​ផ្សារ​ដេប៉ូ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ឃឹម ភាណា គឺ​លោកស្រី សុខ បូលីម៉ា ថ្លែង​ថា មន្ត្រី​ស្ថានទូត​សហភាព​អឺរ៉ុប​បាន​ប្រាប់​ពួក​លោក​ស្រី​ថា សហភាព​អឺរ៉ុប​នឹង​សម្រេច​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​ភាគរយ​ពី​កម្ពុជា នៅ​ថ្ងៃ​ទី១២ សីហា ដោយសារតែ​រដ្ឋាភិបាល​បាន​អនុវត្ត​ផ្គើន​នឹង​សហភាព​អឺរ៉ុប ជាពិសេស​ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ​ជាច្រើន​នាក់​ដាក់​ពន្ធនាគារ​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ៖ «គាត់​ថា គោលការណ៍​ប្រជាធិបតេយ្យ​ក្លែងក្លាយ​របស់​លោក ហ៊ុន សែន នៅ​ដដែល ចាប់​ដាក់គុក​វាយដំ​ដដែល​អត់​មាន​កែ​អត្តចរិត​របស់​គាត់​ទេ ដល់​អីចឹង​សហភាព​អឺរ៉ុប​គេ​ធ្វើតាម​ច្បាប់​របស់​គេ។ ពួក​ខ្ញុំ​នៅតែ​តវ៉ា​លុះ​ត្រា​តែ​មាន​ដំណោះស្រាយ​នយោបាយ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​សម្ដែង​មតិ អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​សារព័ត៌មាន​មាន​សិទ្ធិ​ពេញលេញ​បំពេញការងារ​របស់​ខ្លួន»

លោក​ស្ត្រី​បន្ថែម​ថា ក្រៅ​ពី​នេះ​ពួក​លោក​ស្រី​ក៏បាន​ស្នើ​សុំ​ឱ្យ​មន្ត្រី​ស្ថានទូត​សហភាព​អឺរ៉ុប​ជួយ​អន្តរាគមន៍​ដោះលែង​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​លោក រ៉ុង ឈុន និង​អ្នក​ទោស​នយោបាយ​ព្រមទាំង​សកម្មជន​សង្គម​ជាង ២០​នាក់​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ឱ្យ​មាន​សេរីភាព​និង​ឱ្យ​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។ មន្ត្រី​ស្ថានទូត បាន​សន្យា​ថា នឹង​បន្ត​តាម​ឃ្លាំមើល​រឿង​នេះ​បន្ថែម​ទៀត។

ការ​ចូល​ជួប​មន្ត្រី​ស្ថានទូត​សហភាព​អឺរ៉ុប​នេះ​អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កង​សន្តិសុខ​ប្រមាណ ២០​នាក់​អុកឡុក​រំខាន​ដល់​ក្រុម​យុវជន​ដែល​ទៅ​ផ្ដល់​កម្លាំងចិត្ត​ដល់​ក្រុម​ស្ត្រី​ទាំងនោះ នៅ​ម្ខាង​ផ្លូវ​មុខ​ស្ថានទូត​សហភាព​អឺរ៉ុប​ផង​ដែរ​។​ក្រុម​កង​សន្តិសុខ​ទាំងនោះ បាន​គំរាម​ឲ្យ​យុវជន​ឈប់​ឡាយ​វីដេអូ​ផ្ទាល់ និង​បណ្ដេញ​ពួកគេ​ឲ្យ​ចាកចេញ​ពីមុខ​ស្ថានទូត។ ទោះ​យ៉ាងណា ក្រុម​យុវជន ប្រកែក​ដាច់ អហង្ការ​ថា ពួកគេ​មិន​អាច​ចាក​ចេញពី​ទីនោះ​ឡើយ ព្រោះ​ពួកគេ មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ច្បាប់ ហើយ​ពួកគេ​សុខចិត្ត​ឲ្យ​អាជ្ញាធរ​ចាប់​ទៅ​ដាក់គុក។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​ថា រដ្ឋាភិបាល​គណបក្ស​របស់​លោក​មិន​ខ្វល់​ចំពោះ​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ២០% របស់​សហភាព​អឺរ៉ុប​នោះ​ទេ​។​លោក​បញ្ជាក់​ថា មូលហេតុ​ដែល​អាជ្ញាធរ​ចាប់ខ្លួន​លោក រ៉ុង ឈុន និង​សកម្មជន​គណបក្សប្រឆាំង​ដាក់​ពន្ធនាគារ ដោយសារតែ​ពួកគេ​ប្រព្រឹត្ត​ខុសច្បាប់​ដែល​បង្ក​ឱ្យ​មាន​ភាព វឹកវរ​នៅ​ក្នុង​សង្គម៖ «បញ្ហា​សំខាន់​ត្រូវ​ណែ​នាំ​ឱ្យ​ប្រពន្ធ​ហ្នឹង​ណែនាំ​ប្ដី​កុំ​ឱ្យ​ធ្វើ​ខុសច្បាប់ ហើយ​បើ​ថា​ប្ដី​និង​ប្រពន្ធ​ត្រូវរ៉ូវ​គ្នា​ធ្វើ​ខុសច្បាប់​វា​ជា​រឿង​របស់​គាត់​ទេ មិនមែន​ជា​កំហុស​របស់​រដ្ឋាភិបាល​ទេ បើ​គាត់​ធ្វើ​ត្រូវ​ច្បាប់​រួចខ្លួន បើ​គាត់​មិន​ត្រូវ​ច្បាប់​ទេ គេ​ចាប់​រឿង​តែ​ប៉ុណ្ណឹង»

ផ្ទុយ​ពី​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​នេះ​ប្រធាន​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​លោក នី សុខា មាន​ប្រសាសន៍​ថា ការ​ចាប់ខ្លួន​នេះ​ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ច្រើនជាង​ការអនុវត្ត​ច្បាប់។ លោក​បន្ថែម​ថា ប្រសិន​រដ្ឋាភិបាល​នៅតែ​មិន​គោរព​សិទ្ធិមនុស្ស និង​ចាប់ចង​សកម្មជន​នយោបាយ​តាម​អំពើ​ចិត្ត​ទៀត​នោះ កម្ពុជា​នឹង​ខាត​បង់​សេដ្ឋកិច្ច​កាន់តែ​ច្រើន​នៅ​ពេល​ខាង​មុខ៖ «ការ​ព្រួយ​បារម្ភ​របស់​យើង​នៅ​ក្នុង​សង្គម​របស់​យើង​បើ​សិន​ជា​មាន​បញ្ហា​តទៅ​មុខ ហើយ​មិនមែន​មានតែ​ពន្ធ​អ៊ី​ប៊ី​អេ តែមួយ​ទេវា​អាច​មាន​កត្តា​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត ជាពិសេស​ប្រទេស​ប៉ែក​ខាង​អឺរ៉ុប​អីហ្នឹង។ យើង​ពិតជា​មាន​រង​ផល​ប៉ះពាល់​អំពី​បញ្ហា​ហ្នឹងហើយ​ពិភពលោក​កំពុងតែ​រងគ្រោះ​រឿង​ជំងឺ​កូវីដ​១៩ ផង»

ចាប់​តាំង​ពី​ខែ​មករា មក មាន​មន្ត្រី​សហព័ន្ធ​សហជីព​កម្ពុជា និង​សកម្មជន​សង្គម​ព្រមទាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២១​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស។តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ខ្លះ​ទៀត​ត្រូវ​បាន​ចោទប្រកាន់ ពី​បទ​ជេរប្រមាថ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល និង​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម។

ក្រុម​ស្ត្រី​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ទាំងនេះ​បាន​ចាត់​ទុក​ការចោទប្រកាន់​របស់​តុលាការ​នេះ​ថា ជា​រឿង​អយុត្តិធម៌​ធ្វើ​បាប​ពលរដ្ឋ​ស្លូតត្រង់​ដែល​គ្មាន​កំហុស។ ពួកគាត់​គ្រោង​ប្រមូល​គ្នា​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងនោះ នៅ​ថ្ងៃ​សុក្រ ទី​១៤ សីហា ហើយ​បន្ត​តវ៉ា​ទៅ​មុខ​ទៀត រហូត​មាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នក​ស្រី អ៊ុក ឆាយវី ជូប​គ្រោះថ្នាក់​ចរាចរណ៍​របួស​ធ្ងន់

$
0
0

ប្រធាន​សមាគម​គ្រូបង្រៀន​​ឯករាជ​កម្ពុជា អ្នក​ស្រី អ៊ុក ឆាយ៉ាវី ជួប​គ្រោះថ្នាក់​ចរាចរ​​​រង​របួស​​​ធ្ងន់​ក្នុង​ពេល​ដែល​អ្នក​ស្រី​ធ្វើ​ដំណើរ​ជា​មួយ​ប្ដី​របស់​គាត់​​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី១០ សីហា។

អ្នក​ស្រី​ អ៊ុក ឆាយ៉ាវី ប្រាប់​អាស៊ី​សេរី​នៅ​មុន​នេះ​បន្តិច​ថា ​​គ្រោះ​ថ្នាក់​ចរាចរ​នេះ​ជា​ការ​ប៉ុនប៉ង​ធ្វើ​បាប​អ្នក​ស្រី​ ពីព្រោះ​មាន​បុរស​ម្នាក់​ពាក់អាវ​បាន​ចាប់​ដៃ​ម៉ូតូ​របស់​អ្នក​ស្រី ​​បណ្ដាល​ឱ្យ​ដួល​​សន្លប់​ នៅ​ភូមិ​ចិន​កោះ​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល៖ «​​​របួស​ដែល​ធ្ងន់​ជាង​គេ​នៅ​បាតដៃ​ខាង​ឆ្វេង ដេរ​ច្រើន​ថ្នេរ​ ហើយ​មាត់​និង​ផ្ទៃ​មុខ​ខ្ញុំ​ប៉ោង​ខ្ញុំ​បុក​នឹង​ដៃ​ចង្កូត​ម៉ូតូ​ វា​កញ្ឆក់​ដៃ​ចង្កូត​ផ្ដួល​យើង​តែ​ម្ដង​។ខ្ញុំ​អំពាវនាវ​ឱ្យ​​ប្រជាពលរដ្ឋ​ទាំង​អស់​យើង​នាំ​គ្នា​ងើប​ឡើង​ កុំ​ខ្លាច​ទោះ​បី​ជា​ខ្ញុំ​​ប៉ះពាល់​ក្នុង​ការ​គេ​ធ្វើ​ស៊ី​មែន​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​ជំហរ​រឹងមាំ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ប្រជាធិបតេយ្យ​ពី​ក្នុង​ពន្ធនាគារ​ទាំង​អស់​វិញ​»

ភ្លាមៗ​ក្រោយ​ពេល​គ្រោះ​ថ្នាក់​ចរាចរ​លោក​ស្រីអ៊ុក ឆាយ៉ាំវី ​ត្រូវ​បាន​ប្ដី​របស់​គាត់​​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឯកជន​មួយ​កន្លែង​នៅ​ស្រុក​កៀនស្វាយ ។​​ ​​បច្ចុប្បន្ន​លោក​ស្រី​​​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​ទៅ​​​សម្រាក​ព្យាបាល​ជំងឺ​នៅ​ផ្ទះ​សាច់​ញាតិ​វិញ​ហើយ​នៅ​​ខេត្ត​កណ្ដាល​ ដោយសារ​​​ចង់​រក្សា​ភាព​ស្ងប់ស្ងាត់។

ថ្មីៗ នេះ​អ្នកស្រី អ៊ុក ឆាយវី ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក រ៉ុង ឈុន នោះ តែង​តែ​ដឹក​នាំ​កម្មករ ​និង​ក្រុង​យុវជន​តវ៉ា​នៅ​មុខ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​​លោក រ៉ុង ឈុន ជា​បន្ត​បន្ទាប់៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​កាន់អំណាច​ថា មិន​ទារ EBA ២០​% ពី​អឺរ៉ុប​ទៀត​ឡើយ ខណៈ​ឱសានវាទ​កាន់តែ​ខើច

$
0
0

គណបក្ស​កាន់អំណាច​អះអាង​ជាថ្មី​ទៀត​ថា រដ្ឋាភិបាល​នឹង​មិន​ទាមទារ​ប្រព័ន្ធ​អនុគ្រោះ EBA ចំនួន ២០% ដែល​សហភាព​អឺរ៉ុប​បាន​ដក​នោះ ត្រឡប់​មក​វិញ​ឡើយ។ ការ​លើកឡើង​បែបនេះ គឺ​នៅ​ស្រប​ពេល​សេចក្ដី​សម្រេច​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០% នឹង​ចូលជាធរមាន​នៅ​ថ្ងៃពុធ ទី១២ សីហា​ខាង​មុខ​នេះ។ អង្គការ​សង្គម​ស៊ីវិល​ថា នេះ​ជា​ជំហរ​ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​កម្មករ។

មន្ត្រី​ជាន់ខ្ពស់​របប​លោក ហ៊ុន សែន លើក​ឡើង​ថា ការ​បង់ពន្ធ ២០​% លើ​មុខ​ទំនិញ​ដែល​ត្រូវ​នាំទៅ​សហភាព​អឺរ៉ុប​នោះ មិន​មែន​ជា​រឿង​ធំដុំ​ឡើយ ហើយ​កម្ពុជា​មាន​លទ្ធភាព​បង់ពន្ធ​ទៅ​តាម​ការ​កំណត់​របស់​សហភាព​អឺរ៉ុប។

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន អះអាង​នៅ​ថ្ងៃ​ទី១០ សីហា​ថា កម្ពុជា​នៅ​តែ​នាំ​ទំនិញ​ទៅ​សហភាព​អឺរ៉ុប​ដដែល ទោះជា​ត្រូវ​ពង់​ពន្ធ​ក៏​ដោយ។ លោក​បន្ត​ថា ការ​បង់ពន្ធ គឺជា​បន្ទុក​សម្រាប់​អ្នក​នាំ​ចេញ មិន​ពាក់ព័ន្ធ​នឹង​អត្ថ​ប្រយោជន៍​ដែល​កម្មករ​ត្រូវ​ទទួល​បាន​នោះ​ឡើយ៖ «អត់​មាន​ឆ្លើយតប អត់មាន​ទៅ​ទាមទារ​ស្អី​ទេ អត់មាន​ធ្វើបាតុកម្ម​ទៅ EU ដើម្បី​ទុក​អា ២០% ហ្នឹង​ទេ។ គេ​ទារ​ពន្ធ ២០% យើង​បង់​ឱ្យ​គេ​ទៅ វា​មាន​អ្វី។ អា​ហ្នឹង​វា​ជា​រឿង​ធម្មតា​តើ ការ​ធ្វើ​ជំនួញ។ បើ​គេ​អនុគ្រោះ​ពន្ធ​ឱ្យ​យើង យើង​អត់​បង់​ទៅ បើ​គេ​យកពន្ធ យើង​បង់​ឱ្យ​គេ​ទៅ»

គណៈកម្មការ​អឺរ៉ុប​បានសម្រេច​ចិត្ត​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០% ពី​កម្ពុជា កាលពី​ថ្ងៃទី១២ កុម្ភៈ ហើយ​សេចក្ដី​សម្រេច​នេះ​នឹង​ត្រូវ​ចូលជាធរមាន​នៅ​ថ្ងៃ​ទី១២ សីហា។ គណៈកម្មការ​អឺរ៉ុប​សម្រេចចិត្ត​បែប​នេះ បន្ទាប់ពី​ពិនិត្យ​យ៉ាង​ដិត​ដល់ ដោយ​រក​ឃើញ​ថា របប​លោក ហ៊ុន សែន បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ ផ្ទុយពី​គោលការណ៍​ពាណិជ្ជកម្ម​អឺរ៉ុប។

ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ទាំងនោះ មាន​ជា​អាទិ៍ ការ​ចាប់​ខ្លួន​លោក កឹម សុខា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ផាត់​គណបក្ស​នេះ​ចេញពី​ការបោះឆ្នោត ការ​យក​អាសនៈ​របស់​បក្ស​ប្រឆាំង​ទៅ​ចែក​គ្នា​កាន់កាប់ ការ​គាប​សង្កត់​លើ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​បង្ក្រាប​ឥតស្រាក​សាន្ត​លើ​មេដឹកនាំ​សហជីព អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ឯករាជ្យ ជាដើម។

គណៈកម្មការ​អឺរ៉ុប​បាន​ទុក​ពេល​ជាច្រើន​ខែ​ឱ្យ​របប​លោក ហ៊ុន សែន ស្ដារ​ស្ថានភាព​ទាំងនេះ​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ ប្រសិនបើ​ចង់​រក្សា​ឋានៈ​អនុគ្រោះ​ពន្ធ EBA នេះ​បន្ត​ទៅទៀត។ ទោះ​ជា​យ៉ាង​ណា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​អនុវត្ត​តាម​សំណើ​របស់​សហភាព​អឺរ៉ុប​ឡើយ ដោយ​សម្អាង​ថា សំណើ​នេះ​ប៉ះពាល់​ដល់​អធិបតេយ្យ​ជាតិ ហើយ​បាន​ទៅ​ស្រ​វ៉ា​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន​វិញ។ កិច្ច​ព្រមព្រៀង ដែល​នឹង​លើកចោល​រនាំង​ពន្ធគយ​រវាង​កម្ពុជា និង​ចិន​នេះ ទំនងជា​ត្រូវ​ចុះហត្ថលេខា​ដោយ​មេដឹកនាំ​ប្រទេស​ទាំងពីរ​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា អះអាង​ថា សំណើ​របស់​សហភាព​អឺរ៉ុប​មិន​ធ្វើ​ឱ្យ​កម្ពុជា​ខូចខាត​អ្វី​ឡើយ ពោល​គឺ​មិន​ធ្វើ​ឱ្យ​កម្ពុជា​បាត់​ទឹកដី ហើយក៏​មិនមែន​ឱ្យ​កម្ពុជា ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច ឬ​ព្រៃ​ឈើ​ទៅ​ក្រុមហ៊ុន​អឺរ៉ុប​នោះ​ដែរ។ ផ្ទុយទៅវិញ សំណើ​ទាំងនោះ គឺ​ស្រប​ទៅតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​កម្ពុជា។ លោក​យល់ថា សហភាព​អឺរ៉ុប​កំពុងតែ​ជួយ​រក្សា​ទីផ្សារ​សម្រាប់​កម្ពុជា ហើយ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន នឹង​មិន​ផ្តល់​ប្រយោជន៍​ច្រើន​ដូច​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឡើយ។

លោក មឿន តុលា បន្ថែម​ថា ជំហរ​របស់​រដ្ឋាភិបាល​រឿង EBA នេះ អាច​ឱ្យ​សាធារណជន​វាយតម្លៃ​យ៉ាង​ច្បាស់​ថា តើ​រដ្ឋាភិបាល​បច្ចុប្បន្ន​កំពុង​គិតគូរ​ប្រយោជន៍​ពលរដ្ឋ​ជាធំ ឬក៏​គិត ពី​អំណាច​របស់​ខ្លួន​ជាធំ៖ «បើ​ទោះជា​វា២០​% ក៏​ដោយ ក៏ប៉ុន្តែ​មូលហេតុ​ដែល​សហភាព​អឺរ៉ុប​បាន​ប្រកាស​ថា គេ​ដក​ហ្នឹង គឺ​ដោយសារ​យើង​មិន​បាន​គោរព​សិទ្ធិ​កម្មករ មិន​បាន​គោរព​សិទ្ធិពល​រដ្ឋ​របស់​ខ្លួន ដើរ​ចេញ​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ​ជា​ដើម។ នេះ​ជា​ចំណុច​មួយ​ដែល​អាច​ងាយ​នឹង​មានផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​អនាគត​នៃ​ទីផ្សារ​ទំនិញ​របស់​យើង​ដែរ ហើយ​គេ​ដក ២០% នេះ ខ្ញុំ​ជឿ​ថា ប្រហែលជា​មិន​ចប់​ត្រឹមហ្នឹង​ទេ។ បើ​យើង​មិន​ត្រឡប់​មក​គន្លង​ប្រជាធិបតេយ្យ គោរព​សិទ្ធិពល​រដ្ឋ​យើង គោរព​សិទ្ធិ​ការងារ​របស់​យើង​វិញ​ហ្នឹង មិន​ដឹង​ថា ថ្ងៃក្រោយ​វា​អាច​មាន​ភាគរយ​ណា​ទៀត ដែល​អាច​បាត់​បង់​ទៀត»

ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ និង​ម៉ាក​យី​ហោ​ល្បីៗ បាន​ប្រកាស​រួចហើយ​ថា ប្រសិនបើ​កម្ពុជា​អនុវត្ត​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប និង​គំនិត​ផ្ដួចផ្ដើម​ជា​យុទ្ធសាស្ត្រ​មួយ​ចំនួន​ទាក់ទង​នឹង​ឧស្សាហកម្ម​កាត់ដេរ​តាម​បែប​ទំនើប នោះ​កម្ពុជា​នឹង​នៅតែ​ជាគោល​ដៅ​ដ៏​ទាក់ទាញ​នៃ​ការ​ផ្គត់ផ្គង់​ទំនិញ។ ផ្ទុយទៅវិញ បើ​គ្មាន​ការ​អនុគ្រោះ​ពន្ធ EBA ទេ នោះ​កម្ពុជា​នឹង​ពិបាក​ផ្លាស់​ប្ដូរ​ឧស្សាហកម្ម​វាយនភណ្ឌ​របស់​ខ្លួន។ ជាពិសេស ករណី​នេះ​នឹង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ការ​វិនិយោគ​ក្នុង​ថ្ងៃ​អនាគត ព្រមទាំង​ការ​រំពឹង​ទុក និង​ជំនឿ​ចិត្ត ដែល​ជា​ធាតុផ្សំ​ពីរ​ដ៏​សំខាន់​នៃ​ឧស្សាហកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់។

មន្ត្រី​ជាន់ខ្ពស់​សហភាព​អឺរ៉ុប ទាំង​នៅ​ក្នុង​គណៈកម្មការ​ជំនាញ និង​សភា​អឺរ៉ុប នៅតែ​ដាស់តឿន​របប​លោក ហ៊ុន សែន ម្ដង​ហើយ​ម្ដង​ទៀត​ឱ្យ​ស្ដារ​ស្ថានការណ៍​កម្ពុជា​ឡើងវិញ ទោះ​ជា​ឱសានវាទ​កាន់​តែ​ខើច​ក៏​ដោយ។ កាយវិការ​បែប​នេះ ធ្វើ​ឱ្យ​ក្រុម​អ្នក​សង្កេត​ការណ៍​វាយតម្លៃ​បាន​ថា សហភាព​អឺរ៉ុប​មិន​ចង់​ដក​ផ្នែក​ណា​មួយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ឡើយ។ តែ​គឺ​របប​លោក ហ៊ុន សែន ទៅវិញ​ទេ ដែល​បង្ខំ​ឱ្យ​សហភាព​អឺរ៉ុប​គ្មាន​ផ្លូវ​ជ្រើសរើស ដើម្បី​រក្សា​គុណ​តម្លៃ​របស់​ខ្លួន ក្នុងនាម​ជា​ក្រុម​ប្រទេស​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ព្រមាន​បង្ក្រាប និង​លុប​ឈ្មោះ​គណបក្ស​ខ្មែរ​ឈ្នះ បើ​ហ៊ាន​ធ្វើ​បាតុកម្ម​ទាមទារ​ដោះ​លែង លោក រ៉ុង ឈុន នៅ​ទីលាន​ប្រជាធិបតេយ្យ

$
0
0

អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ខ្មែរ​ឈ្នះ ធ្វើ​បាតុកម្មទាមទារ​ដោះ​លែង លោក រ៉ុង ឈុន តាម​ការ​ស្នើសុំ​នោះ​ទេ ដោយ​សំអាង​ហេតុផល​ថា ថែរក្សា​សណ្ដាប់ធ្នាប់​សាធារណៈ ការ​ធ្វើបាតុកម្ម​ជា​ការ​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​តុលាការ និង​បញ្ហា​វិបត្តិ​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩ (Covid-19) ជាដើម។

អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​ឈ្នះ លោក យិន ឈឿន ប្រាប់​អាស៊ី​សេរី​ថា ក្នុង​កិច្ចប្រជុំ នៅ​រសៀល​ថ្ងៃ​ទី១០ សីហា អាជ្ញាធរ​ចម្រុះ បាន​ព្រមាន​បង្ក្រាប​នៅនឹង​កន្លែង និង​ការ​លុប​គណបក្ស​ខ្មែរ​ឈ្នះ​ចេញពី​បញ្ជី​ក្រសួង​មហាផ្ទៃ ប្រសិនបើ​ជម្នះ​ធ្វើ​បាតុកម្ម​ប្រឆាំង​បម្រាប​របស់​អាជ្ញាធរ។ លោក យិន ឈឿន ហៅ​ការព្រមាន​នេះ​ថា ជា​ការរំលោភ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​គណបក្ស​នយោបាយ និង​អះអាង​ថា គណបក្ស​របស់​លោក នៅ​តែ​រក្សា​ជំហរ​ធ្វើ​បាតុកម្ម​ដដែល ប៉ុន្តែ​រង់ចាំ​ការ​សម្រេច​ពី​កិច្ច​គណបក្ស​ជាថ្មី​សិន នៅ​ថ្ងៃ​ទី១២ សីហា។

លោក យិន ឈឿន អះអាង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​រំលោភ​ច្បាប់​បាតុកម្ម ព្រោះ​អាជ្ញាធរ​មិន​អាច​រារាំង​ការ​ធ្វើបាតុកម្ម សម្ដែង​មតិ ដោយ​អហិង្សា​បាន​ទេ។ លោក​អះអាង​ថា ការ​ធ្វើ​បាតុកម្ម មិន​ចាំបាច់​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​អនុញ្ញាត ព្រោះ​ច្បាប់​គ្រាន់តែ​ឲ្យ​ជូនដំណឹង​ប៉ុណ្ណោះ មិន​បាន​ឲ្យ​សុំ​ការ​អនុញ្ញាត​ទេ។

គណបក្ស​ខ្មែរ​ឈ្នះ គ្រោង​ធ្វើ​បាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី នៅ​ខណ្ឌ​ឫស្សីកែវ រយៈ​ពេល ៤ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី១៦ ថ្ងៃ​ទី២០ ថ្ងៃ​ទី២៣ និង​ថ្ងៃ​ទី៣០ សីហា ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង លោក រ៉ុង ឈុន។ តាម​គម្រោង​គណបក្ស​នេះ រំពឹង​ថា នឹង​មាន​អ្នក​ចូលរួម​ច្រើន ទាំង​គ្រូប​ង្រៀន កម្មករ និង​ព្រះសង្ឃ ហើយ​ក្រុម​បាតុករ នឹង​សម្ដែង​មតិ ហែ​ក្បួន​បាតុកម្ម ក្នុង​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ចាប់​ពី​ម៉ោង ៧ព្រឹក ដល់​ម៉ោង ៥ល្ងាច។

នាយក​ទីចាត់ការ​កិច្ចការ​ច្បាប់ និង​សិទ្ធិ​មនុស្ស នៃ​សាលា​រាជធានី​ភ្នំពេញ លោក កាំង លាងគ្រី បដិសេធ​មិន​ផ្ដល់​បទ​សម្ភាសន៍​ទេ ដោយ​បង្វែរឲ្យ​សួរ​ទៅ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្ដី វិញ ខណៈ​មន្ត្រី​នាំ​ពាក្យ​រូប​នេះ មិន​ទទួល​ទូរស័ព្ទ។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង កញ្ញា លី ស្រី​ស្រស់ សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ព្យាយាម​គ្រប់គ្រង​ពលរដ្ឋ មិន​ឲ្យ​មាន​លទ្ធភាព ធ្វើ​សកម្មភាព​តវ៉ា ទាមទារ​ដោះ​លែង លោក រ៉ុង ឈុន បាន​ឡើយ ហើយ​អាជ្ញាធរ បាន​រឹតត្បិត​ខ្លាំង រាល់​ក្រុម​អ្នក​តវ៉ា​ទាមទារ​ដោះ​លែង លោក រ៉ុង ឈុន ទាំង​អស់ រួម​ទាំង​ក្រុម​យុវជន។ កញ្ញា​យល់​ថា រដ្ឋាភិបាល​ទំនង​ជា​ព្រួយ​បារម្ភ​ថា ការ​ធ្វើ​បាតុកម្ម​ទាំង​ឡាយ អាច​រីក​ធំ ទើប​ចាត់​វិធានការ​គ្រប់គ្រង​មិន​ឲ្យ​មាន​បាតុកម្ម​កើត​ឡើង។ ប៉ុន្តែ​យ៉ាង​ណា​ក្ដី អ្នក​វិភាគ​រូប​នេះ ចង់​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​របស់​ពលរដ្ឋ ជា​ជាង​ការ​រារាំង​ពលរដ្ឋ មិន​ឲ្យ​បញ្ចេញ​សិទ្ធិ​សេរីភាព​របស់​ខ្លួន៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


យុទ្ធនាការ​បញ្ចប់​អំពើ​និទណ្ឌភាព មាន​អ្នកចូលរួម​ចុះ​ហត្ថលេខា​ជិត ១ម៉ឺន ៣ពាន់​នាក់

$
0
0

យុទ្ធនាការ​បញ្ចប់​អំពើ​និទណ្ឌភាព មាន​អ្នកចូលរួម​ចុះ​ហត្ថលេខា​ជិត ១២.៨៣៥​នាក់ គិត​មក​ត្រឹម​យប់​ថ្ងៃ​ទី១១ ខែសីហា។

ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ក្នុង និង​នៅ​ក្រៅ​ប្រទេស គាំទ្រ​យុទ្ធនាការ​បញ្ចប់​និ​ទណ្ឌ​ភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា​នេះ ដោយ​គ្រោង​ប្រមូល​ស្នាមមេដៃ​ប្រជាពលរដ្ឋ​ប្រមាណ​កន្លះ​លាន​នាក់ ដើម្បី​ដាក់​ញត្តិ​ទៅ​តុលាការ​អន្តរជាតិ​នានា ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ក្រុម​ជន​រង​គ្រោះ មួយ​ចំនួន ដែល​រួមមាន​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី អ្នកស្រី​ពិសិដ្ឋ ពី​លី​កា ដែល​ជាតា​រា​ភាពយន្ត និង​ជា​សាស្ត្រា​ចារ្យ​សាលា​វិចិត្រ​សិល្បៈ ព្រះតេជព្រះគុណ សំ ប៊ុ​នធឿន លោក ជា វិជ្ជា ប្រធាន​សហជីពកម្មករ លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ និង​អ្នកសារព័ត៌មាន សកម្មជន​នយោបាយ និង​មន្ត្រី​សហជីព ព្រមទាំង​ប្រជាពលរដ្ឋ​ផ្សេងទៀត​ដែល​បាន​ស្លាប់​ដោយ​អយុត្តិធម៌ ក្រោម​របបគ្រប់គ្រង​របស់​លោក ហ៊ុន សែន។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខ​ហួរ ថ្លែង​ថា អ្នកស្រី​រីករាយ​ដែល​បាន​ឃើញ​ពលរដ្ឋ​ច្រើន​បន្ត​ចូលរួម​យុទ្ធនាការ​នេះ ដែល​មានន័យថា ពលរដ្ឋ​ចង់​បញ្ចប់​វប្បធម៌​និទណ្ឌភាព​ពិតប្រាកដ​មែន៖ «ក្នុងរយៈពេល​ខ្លី​មិន​ដល់ ១ខែ​ផង យើង​ទទួល​បាន​ស្នាមមេដៃ​ជាង ១ម៉ឺន​នាក់ ដែល​ជា​ស្នាមមេដៃ​ដែលគេ​ចង់​រួម​កម្លាំង​ជាមួយ​យើង​ក្នុង​ការ​បញ្ចប់​និទណ្ឌភាព មានន័យថា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​កាប់សម្លាប់​ទាំងឡាយ​នោះ ដែល​ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​អ្នកនោះ​ត្រូវតែ​ប្រឈមមុខ​ជាមួយ​តុលាការ​ឯករាជ្យ»

អ្នកស្រី​ថា យុទ្ធនាការ​នេះ​នឹង​មិនកំណត់​ពេលវេលា​បញ្ចប់​ពេលណា​នៅឡើយ​ទេ លុះត្រាតែ​ទទួល​បាន​យុត្តិធម៌។ អ្នកស្រី​រីករាយ​ដែល​បាន​ឃើញ​សន្ទុះ​នៃ​ការចូលរួម​ពី​ពលរដ្ឋ​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាមមេដៃ ឬ​ហត្ថលេខា​គាំទ្រ​នេះ តាម​បណ្ដាញ​អ៊ិនធើណិ​ត តាម​គេហទំព័រ change.org ក្រោម​ប្រធានបទ​ជា​ភាសា​អង់គ្លេស​ថា “Together We Fight to End Impunity​” ឬ​ប្រែ​ថា យើង​រួមគ្នា​តស៊ូ​លុបបំបាត់​អំពើ​និ​ទណ្ឌ​ភាព”៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុម​ចិន​ដាក់​ញត្តិ​ស្នើ​ដោះលែង​តំណាង​ពលរដ្ឋ​ម្នាក់

$
0
0

ពលរដ្ឋ​រស់នៅ​ខេត្ត​ត្បូងឃ្មុំ មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុម​ចិន ហា​មិនី​វីន អី​នវេ​សមែន (Hamenivent Investment) បាន​ធ្វើដំណើរ​មក​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌ និង​ក្រសួងមហាផ្ទៃ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១១ ខែសីហា​។ ពួក​គេ​ស្នើ​ឱ្យ​ស្ថាប័ន​ទាំងនេះ​អន្តរាគមន៍ ដោះលែង​តំណាង​ពលរដ្ឋ​ម្នាក់ និង​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ ឈប់​គំរាមកំហែង និង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ដែល​តវ៉ា​ការពារ​ដី​សហគមន៍។

ពលរដ្ឋ ៣៦ នាក់​តំណាង​ឱ្យ​ពលរដ្ឋ ១២៨គ្រួសារ​រស់នៅ​ភូមិ ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោ​រ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ឱ្យ​ដឹង​នៅ​ថ្ងៃទី១១ ខែសីហា​ថា មូលហេតុ​ដែល​ពួក​គេ​មក​ដាក់​ញត្តិ​ដោយសារតែ​ក្រុមហ៊ុន​ចិន បាន​រំលោភ​ដី​សហគមន៍​ជាង ១ពាន់​ហិកតារ​អស់ទាំង​ស្រុង ដោយមាន​កម្លាំង​សមត្ថកិច្ច​រាប់​រយ​នាក់ គំរាមកំហែង​លើ​ពលរដ្ឋ​មិន​ឱ្យ​តវ៉ា។

តំណាង​ពលរដ្ឋ លោក ថា លីដា ឱ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ និង​ក្រសួង​យុត្តិធម៌​បាន​ទទួល​ញត្តិ​របស់​ពួក​គេ​រួចហើយ នៅ​ថ្ងៃទី១១ ខែសីហា​។ លោក​ថា អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ នៅតែ​ពង្រាយ​កម្លាំង​សមត្ថកិច្ច យាមកាម​ឱ្យ​ក្រុមហ៊ុន ចិន ដែល​កំពុង​ឈូស ឆាយ​រំលោភ​ដី​សហគមន៍ និង​គំរាម​ពលរដ្ឋ​មិន​ឱ្យ​ចូល​តំបន់​នោះ។ លោក​ថា មកទល់​ពេលនេះ មាន​ពលរដ្ឋ​ជាង ៣០នាក់ កំពុង​សម្ងំ​លាក់ខ្លួន​ក្នុង​ព្រៃ មិន​ហ៊ាន​ចេញ​មក​លំនៅឋាន​វិញ​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​ចាប់ខ្លួន។ រី​ឯ​តំណាង​ពលរដ្ឋ ១ទៀត កំពុង​ជាប់​ពន្ធ​នា​គារ ដោយសារ​តែ​តវ៉ា​ទាមទារ​ដី​សហគមន៍៖ «៣២គ្រួសារ​ហ្នឹង​មិនទាន់​ត្រលប់​ចូល​មូលដ្ឋាន​វិញ​ទេ ដោយសារ​តែ​តាម​មូលដ្ឋាន មាន​ការ​គំរាម​កំហែង​ពលរដ្ឋ ដែល​តវ៉ា​ដីធ្លី។ ប្រសិនជាពលរដ្ឋ​ចូល​ទៅវិញ​គេ​គំរាម​ថា នឹង​ចាប់​ពលរដ្ឋ។ ក្រុមហ៊ុន​គេ​នៅ​បន្ត​ឈូស​ឆាយ គេ​នៅ​សាងសង់​ជា​រោង និង​ខ្ទម កន្លែង​ស្នាក់នៅ​របស់​គេ មាន​អាជ្ញាធរ​គេ​នៅ​យាម​ការពារ ក្រុមហ៊ុន​ហ្នឹង មិន​ឱ្យ​ពលរដ្ឋ​ទៅ​ដី​នោះ​ទេ ហើយ​បើសិនជា នរណា​ចូល​គេ​នឹង​ចាប់​ទាំងអស់»

ពលរដ្ឋ​មាន​ជម្លោះដីធ្លី លោក សែម ចំណាន ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ​ខេត្ត​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​សិប​គ្រួសារ​លំបាក​វេទនា និង​ខ្វះ​ស្បៀងអាហារ ដោយសារតែ​រត់គេច​ពី​ការ​គំរាមកំហែង និង​ការ​ធ្វើ​ទុក​បុកម្នេញ ពីសំណាក់​អាជ្ញាធរ។ លោក​ថា ពលរដ្ឋ​ចង់ឱ្យ​អាជ្ញាធរ​ខេត្ត បកស្រាយ​ឱ្យ​ច្បាស់​ទាក់ទិន​ជម្លោះដីធ្លី​នេះ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ក្រុមហ៊ុន​ចិនបាន​ទិញ​ដី​ពី​ពលរដ្ឋ​ដែល​មាន​ប្លង់​កម្មសិទ្ធិ ឬរឹង​ត្រឹមត្រូវ៖ «លោក សុខ សារិទ្ធ អភិបាលស្រុក​តំបែរ​ហ្នឹង គឺ​គាត់​បាន​និយាយ​ថា ភាគច្រើន​គឺ​ដី​ហ្នឹង គេ​បាន​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​រួចរាល់​អស់ហើយ។ អីចឹង តើ​ដោះស្រាយ​របៀប​ម៉េច? ដោះស្រាយ​តាមរយៈ​អី​គេ? ១ ខ្ញុំ​ចង់​សួរ ហើយ​មួយទៀត ដី​ហ្នឹង​គាត់​ថា ក្រុមហ៊ុន គេ​មាន​ប្លង់ និង​ប័ណ្ណ​កម្មសិទ្ធិ​គ្រប់គ្រាន់។ អីចឹង​ខ្ញុំ​ចង់​សួរ​ថា តើ​ជនជាតិ​បរទេស​មាន​សិទ្ធិ​ទិញ​ដី មិនមែន​ជា​ស្រុកកំណើត​ខ្លួនឯង​បាន​ដែរ​ឬទេ ដែល​យើង​មិនមែន​ជនជាតិ​ជាខ្មែរ

ខ្លឹមសារ​ញត្តិ​មានស្នាម​មេដៃ តំណាង​ពលរដ្ឋ ៤នាក់ តំណាង​ឱ្យ​ពលរដ្ឋ ១២៨គ្រួសារ បញ្ជាក់​ថា កាលពី​សប្តាហ៍​មុន អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ បាន​ប្រើ​កម្លាំង​សមត្ថកិច្ច រួម​ទាំង​ប្រជា​ការពារ​ភូមិ ៤០០នាក់ ប្រើ​ហិង្សា​ចាប់ខ្លួន និង​បង្ខំ​ឱ្យ​ពលរដ្ឋ​ផ្ដិត​មេដៃ​ឈប់​តវ៉ា ទាមទារ​ដី​ពី​ក្រុមហ៊ុន​ចិន។ ពួក​គាត់​ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌ ដោះលែង​តំណាង​ពលរដ្ឋ​ម្នាក់ គឺ​លោក សែម សាង ដែល​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​សប្តាហ៍​មុន។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ផាត សុ​ផា​និ​ត និង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ តែ​ពួក​លោក​បាន​ចុច​ផ្តាច់​ទូរសព្ទ នៅ​ថ្ងៃទី១១ សីហា។ ចំណែក អភិបាលខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទ​សោភ័ណ្ឌ អភិបាលស្រុក​តំបែរ លោក សុខ សារិ​ទ្ធ និងតំណាង​ក្រុមហ៊ុន​ចិន ហា​មិនី​វេន អ៊ិ​នវេ​សមេន (Hamenivent Investment​) ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។ មន្ត្រី​សម្របសម្រួល​សមា​គម​អាដ​ហុក ខេត្ត​ត្បូងឃ្មុំ លោក ឡេង សេង​ហាន យល់ថា ការ​ចាប់ខ្លួន​ពលរដ្ឋ​ក្នុង​រឿង​ជម្លោះដីធ្លី​នេះ គឺជា​ទង្វើ​ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​ថា ក្រសួងមហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ គួរតែ​ពន្លឿន​ដោះស្រាយ​ញត្តិ​របស់​ពលរដ្ឋ និង​ត្រូវ​បកស្រាយ​ឱ្យ​ច្បាស់ ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នេះ៖ «សូម​ឱ្យ​ថ្នាក់​ជាតិ ពិនិត្យ និង​ទទួលយក​សំណើ​របស់​ពលរដ្ឋ តាម​ការ​ស្នើសុំ​របស់​គាត់ ហើយ​ចុះ​ស្រាវជ្រាវ រក​ឱ្យ​ឃើញ​នូវ​ភាព​ស្របច្បាប់​ជូន​ពលរដ្ឋ ដើម្បី​ឱ្យ​ពលរដ្ឋ​អស់ចិត្ត ថា​តើ​រវាង​ក្រុមហ៊ុន មួយ​ណា​ត្រឹមត្រូវ ស្របតាម​គោលការណ៍​ច្បាប់»

ព្រៃ​សហគមន៍​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោ​រ មាន​ទំហំ​ជាង ១ពាន់ ២រយ ហិកតារ (.២៣០) នៅ​ជាប់​ព្រែក​ឆ្លូង ក្នុង​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ។ ព្រៃ​សហគមន៍​នេះ មាន​ទឹកជន់​លិច​ជា​រៀងរាល់​ឆ្នាំ សម្បូរ​ដោយ​ត្រី និង​សត្វស្លាប​រស់នៅ ហើយ​អ្នកភូមិ​រាប់​រយ​គ្រួសារ តែង​ប្រមូល​ផល​នេសាទ​នៅ​ខែវស្សា និង​ធ្វើ​កសិកម្ម នៅ​រដូវប្រាំង។ ក្រុម​ពលរដ្ឋ​ចោទ​ថា អាជ្ញាធរ​មួយ​ចំនួន បាន​ឃុបឃិត​គ្នា លួច​លក់​ដី​ព្រៃ​សហគមន៍​អស់​មួយ​ផ្នែក​ធំ ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន និង​បាន​ឃុបឃិត​គ្នា​ធ្វើ​ប្លង់​ជា​ប្រព័ន្ធ៕

ទិដ្ឋភាព​អ្នក​ភូមិ​ប្រឈម​នឹង​កង​ប្រដាប់​អាវុធ​ខេត្ត​ត្បូងឃ្មុំ ការពារ​ក្រុមហ៊ុន​ចិន និង​ហាម​មិន​ឱ្យ​ពលរដ្ឋ​តវ៉ា​រឿង​វិវាទ​ដីធ្លី​នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ កាល​ពី​ថ្ងៃ​ទី៣ សីហា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ
ទិដ្ឋភាព​អ្នក​ភូមិ​ប្រឈម​នឹង​កង​ប្រដាប់​អាវុធ​ខេត្ត​ត្បូងឃ្មុំ ការពារ​ក្រុមហ៊ុន​ចិន និង​ហាម​មិន​ឱ្យ​ពលរដ្ឋ​តវ៉ា​រឿង​វិវាទ​ដីធ្លី​នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ កាល​ពី​ថ្ងៃ​ទី៣ សីហា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ

កង​ប្រដាប់​អាវុធ​ខេត្ត​ត្បូងឃ្មុំ ដែល​អាជ្ញាធរ​យក​ទៅ​ការពារ​ក្រុមហ៊ុន​ចិន និង​ហាម​មិន​ឱ្យ​ពលរដ្ឋ​តវ៉ា​រឿង​វិវាទ​ដីធ្លី​នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ កាល​ពី​ថ្ងៃ​ទី៣ សីហា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ
កង​ប្រដាប់​អាវុធ​ខេត្ត​ត្បូងឃ្មុំ ដែល​អាជ្ញាធរ​យក​ទៅ​ការពារ​ក្រុមហ៊ុន​ចិន និង​ហាម​មិន​ឱ្យ​ពលរដ្ឋ​តវ៉ា​រឿង​វិវាទ​ដីធ្លី​នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ កាល​ពី​ថ្ងៃ​ទី៣ សីហា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ

ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​មក​ដាក់​ញត្តិ​នៅ​ភ្នំពេញ នៅ​ពី​ថ្ងៃ​ទី១១ សីហា ឆ្នាំ២០២០ ស្វែងរក​ដំណោះ​ស្រាយ​រឿង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ។ រូប៖ ពលរដ្ឋ
ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​មក​ដាក់​ញត្តិ​នៅ​ភ្នំពេញ នៅ​ពី​ថ្ងៃ​ទី១១ សីហា ឆ្នាំ២០២០ ស្វែងរក​ដំណោះ​ស្រាយ​រឿង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្ស​ស្នោ ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ។ រូប៖ ពលរដ្ឋ

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្ថានភាព​របួស​​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​អ្នក​ស្រី អ៊ុក ឆាយ៉ាវី កាន់​តែ​ធ្ងន់ធ្ងរ បន្ទាប់​ពី​ជន​មិន​ស្គាល់​មុខ​ទាញ​ម៉ូតូ​ដួល​សន្លប់

$
0
0

ស្ថានភាព​របួស​របស់​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ អ្នក​ស្រី​ អ៊ុក ឆាយ៉ាវី កាន់​តែ​ធ្ងន់ធ្ងរ ​បន្ទាប់​ពី​ជន​មិន​ស្គាល់​​មុខ​បាន​ទាញ​ម៉ូតូ​​អ្នក​ស្រី​បណ្ដាល​ឲ្យ​ដួល​​សន្លប់​កាល​ពី​រសៀល​ថ្ងៃ​ទី១០ សីហា។ កូន​ស្រី​ជន​រងគ្រោះ​ចាត់​ទុក​គ្រោះ​ថ្នាក់​ចរាចរ​​​​លើ​ម្ដាយ​របស់​នាង​ថា ជា​ការ​ប៉ុនប៉ង​សម្លាប់​អ្នក​ស្រី អ៊ុក ឆាយ៉ាវី​ ហើយ​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ស្វែង​រក​ចាប់​ដៃដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

កូន​ស្រី​​អ្នក​ស្រី អ៊ុក ឆាយ៉ាវី គឺ​កញ្ញា យិន ម៉ូលីនី ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី១១ សីហា​ថា ម្ដាយ​របស់​កញ្ញា​​​ហើម​មាត់​ និង​ជាំភ្នែក ​​ព្រមទាំង​​មាន​សភាព​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង​ ជា​ពិសេស​ដៃ​ខាង​ឆ្វេង​មិន​អាច​កាន់​អ្វី​បាន​នោះ​ទេ​​។​កញ្ញា​បន្ថែម​ថា ​បច្ចុប្បន្ន​ម្ដាយ​របស់​​​​​កញ្ញា​​​សម្រាក​​ព្យាបាល​ជំងឺ​នៅ​ផ្ទះ​​​ ហើយ​​​​ពិសារ​បបរ​បាន​តិចតួច ដោយ​មិន​អាច​និយាយ​ស្ដី​បាន​ច្រើន​ដូច​ពេល​មុន​​ឡើយ។កញ្ញា​បន្ត​ថា ​​កញ្ញា​​នឹង​​ប្ដឹង​ប៉ូលិស​ឱ្យ​រក​​យុត្តិធម៌​ដល់​ម្ដាយ​របស់​នាង​​​ក្នុង​ពេល​ឆាប់ៗ ​ដោយ​មិន​លើក​លែង​ឡើយ ​ពី​ព្រោះ​​​កញ្ញា​យល់​ថា គ្រោះ​ថ្នាក់​ចរាចរ​នេះ ​ជា​ការ​ប៉ុនប៉ង​ធ្វើ​បាប​​ម្ដាយ​របស់​​នាង៖ «នេះ​ជា​ការ​ឈឺ​ចាប់​មួយ​ដែល​ខ្ញុំ​ទទួល​យក​មិន​បាន​ទេ​ ប៉ា​គាត់​ខល​មក​​ភ្លាម​គឺ​ខ្ញុំ​ស្លុត​អស់​ហើយ​។​រឿង​នេះ​អាច​នឹង​ប៉ុនប៉ង​សម្លាប់​ ដោយសារ​តែ​ពេល​ហ្នឹង​​ប៉ា​ខ្ញុំ​មិន​សូវ​ត្រូវ​អី​ទេ​ អីចឹង​ប៉ា​ខ្ញុំ​ជា​សាក្សី​​នៅ​កន្លែង​កើត​ហេតុ​ គឺ​គាត់​ឃើញ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ពាក់​អាវ​ធំ​ហើយ​បាក់​មួក​សុវត្ថិភាព​ជិះ​ម៉ូតូ​ធំ​ គឺ​​ គាត់​ជិះ​មក​បំណង​ផ្ដួល​​កន្ត្រាក់​ម៉ូតូ​ម៉ាក់​ខ្ញុំ​ឱ្យ​ដួល​​តែ​ម្ដង»

នៅ​ថ្ងៃ​​ទី១១ សីហា មាន​ក្រុម​យុវជន​ កម្មករ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ បាន​បណ្ដាក់​គ្នា​ទៅ​សួរសុខទុក្ខ​អ្នកស្រី អ៊ុក ឆាយ៉ាវី ដល់​ផ្ទះ​របស់​គាត់ នៅ​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល​ជា​បន្ត​បន្ទាប់។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ អ្នក​ស្រី អ៊ុក ឆាយ៉ាវី ជួប​គ្រោះថ្នាក់​ចរាចរ​​​​ក្នុង​ពេល​ដែល​អ្នក​ស្រី​ធ្វើ​ដំណើរ​ជា​មួយ​ប្ដី​របស់​គាត់​​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី១០ សីហា។ អ្នកស្រី អ៊ុក ឆាយ៉ាវី អះអាង​ថា គ្រោះ​ថ្នាក់​ចរាចរ​នេះ កើត​ឡើង​ដោយសារ​តែ​បុរស​ពីរ​នាក់​ពាក់អាវ​ខ្មៅ​បាន​ចាប់​រុញ​ដៃ​ចង្កូត​ម៉ូតូ​របស់​អ្នក​ស្រី បណ្ដាល​ឱ្យ​ដួល​សន្លប់ នៅ​ភូមិ​ចិន​កោះ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។

 

ទាក់​ទង​នឹង​បញ្ហា​នេះ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ី​សេរី​ថា​ ប៉ូលិស​មិន​ទាន់​មាន​វិធានការណ៍​ចំពោះ​គ្រោះថ្នាក់​ចរាចរ​របស់​អ្នក​ស្រី អ៊ុក ឆាយ៉ាវី នេះ​នៅ​ឡើយ​ទេ ដោយសារ​​មិន​ទាន់​មាន​បណ្ដឹង​ពី​សាមីខ្លួន​នៅ​ឡើយ៖ «អីចឹង​គាត់​នឹង​ដើរ​បោក​ក្បាល​ដួល​ណា​​បាត់​ទៅ​ ហើយ​គាត់​បង្ហោះ​ហ្វេសប៊ុក​ទៅ​ឱ្យ​គេ​ទៅ​រក​យុត្តិធម៌​យ៉ាង​ម៉េច​កើត វា​មាន​ការ​ប្ដឹង​​ត្រូវ​ទៅ​ធ្វើ​កំណត់​ហេតុ​ ត្រូវ​និយាយ​ហេតុ​ការណ៍​ប្រាប់​គេ​បាន​គេ​​មាន​មូលដ្ឋាន​សម្រាប់​ស្រាវជ្រាវ​ស៊ើបអង្កេត។ តែ​បើ​គ្រាន់​តែ​គាត់​ស្រែក​តាម​ហ្វេសប៊ុក​ឱ្យ​គេ​ទៅ​រក​មនុស្ស​នៅ​ណា​ គេ​ទៅ​ធ្វើ​កំណត់​ហេតុ​ជា​មួយ​គាត់​នៅ​ណា​ គេ​ទៅ​រក​គាត់​ដល់​ផ្ទះ​ឬ​ដល់​ស្នាក់​ការ​ប៉ូលិស​ ឱ្យ​គាត់​យល់​អីចឹង​វិញ​ផង»

ទោះ​ជា​យ៉ាង​ណា​​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​អាដហុក (Adhoc) លោក នី សុខា ​មាន​ប្រសាសន៍​ថា ​ថ្វី​ត្បិត​តែ​ជនរងគ្រោះ​​ពុំ​ទាន់​​ប្ដឹង​ប៉ូលិស​ឱ្យ​​​ជួយ​រក​យុត្តិធម៌​ក៏​ដោយ​ក៏​សមត្ថកិច្ច​ មាន​កាតព្វកិច្ច​ស៊ើបអង្កេត​​រក​មូលហេតុ​​​ជាក់លាក់​អំពី​គ្រោះ​ថ្នាក់​ចរាចរ​នេះ​ដែរ​ ដើម្បី​ការពារ​​​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​​។លោក ​បញ្ជាក់​ថា ​ប្រសិន​បើ​អាជ្ញាធរ​មិន​ស្រាវជ្រាវ​​លើ​រឿង​នេះ​ឱ្យ​បាន​ដឹង​ហេតុ​ផល​ច្បាស់​​លាស់​ទេ​ នោះ​នឹង​រង​ការ​រិះគន់​ពី​​​ប្រជា​ពលរដ្ឋ​​​​​ថា​ ​អាជ្ញាធរ​នៅ​ពីក្រោយ​ខ្នង​គ្រោះ​ថ្នាក់​ចរាចរ​នេះ​​​ជា​មិន​ខាន​ឡើយ៖ «ខ្ញុំ​គិត​ថា​ជា​តួនាទី​របស់​សមត្ថកិច្ច​​កុំ​បដិសេធ​កុំ​ព្យាយាម​រុញ​រឿង​ហ្នឹង​ចេញ​ គួរតែ​លោក​ព្យាយាម​ស្រាវជ្រាវ​ និង​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​រងគ្រោះ​ហ្នឹង​គាត់​ដាក់​ពាក្យ​បណ្ដឹង​ ហើយ​ធ្វើ​យ៉ាង​ណា​ដោះស្រាយ​បណ្ដឹង​របស់​គាត់​ ខិតខំ ស្វះស្វែង​រក​អ្នក​ដៃដល់​ដែល​បាន​ប្រព្រឹត្ត​ក្នុង​រឿង​ហ្នឹង​ យើង​មិន​ថា​តើ​​រឿង​ហ្នឹង​ជា​មូលហេតុ​អី​ទេ​ ប៉ុន្តែ​គ្រាន់​តែ​ថា ព្យាយាម​ធ្វើ​យ៉ាង​ម៉េច​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​យើង​នឹង​ដឹង​ការ​ពិត​ហើយ»

អ្នក​ស្រី អ៊ុក ឆាយ៉ាវី ជា​មនុស្ស​ស្និទ្ធ​នឹង​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា លោក រ៉ុង ឈុន​ ហើយ​អ្នក​ស្រី​តែងតែ​ដឹក​នាំ​ក្រុម​យុវជន​និង​កម្មករ តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទាមទារ​ឱ្យ​តុលាការ​ដោះលែង​លោក​ រ៉ុង ឈុន ជា​បន្ត​បន្ទាប់។ ចាប់​តាំង​ពី​ការ​តវ៉ា​នេះ​មក អ្នក​ស្រី​ត្រូវ​បាន​​មនុស្ស​​ប្លែក​​មុខ​ជា​ច្រើន​នាក់​ជិះ​ម៉ូតូ​តាមដាន​អ្នក​ស្រី​រហូត​មក។

អ្នក​ស្រី អ៊ុក ឆាយ៉ាវី អះអាង​ថា បើ​ទោះ​ពី​ជា​អ្នក​ស្រី​ជួប​គ្រោះ​ថ្នាក់​ចរាចរ​បែប​នេះ​ក្ដី គឺ​អ្នក​ស្រី​នៅ​តែ​ប្រកាន់​ជំហរ​ដឹក​នាំ​ពលរដ្ឋ​តវ៉ា​ស្វែង​រក​យុត្តិធម៌​ជូន​លោក រ៉ុង ឈុន ដដែល៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន ​សែន និង​មន្ត្រី​របស់​លោក រក្សា​ភាព​ស្ងៀមស្ងាត់ រឿង​នាឡិកាដៃ​តម្លៃ​ខ្ទង់​លាន​ដុល្លារ

$
0
0

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​មន្ត្រី​របស់​លោក ​រក្សា​ភាព​ស្ងៀមស្ងាត់ ​មិន​បក​ស្រាយ​អ្វី​ទាំង​អស់​រឿង​ប្រើប្រាស់​នាឡិកាដៃ​តម្លៃ​រាប់​លាន​ដុល្លារ ​ខណៈ​មានការ​រិះគន់​ថា ​នាឡិកា​ដៃ​នេះ ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។ អ្នកវិភាគ​ និង​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម ​យល់ថា ​ការ​រក្សា​ភាព​ស្ងៀម​ស្ងាត់​នេះ ​ព្រោះ​ពួក​គេ​គ្មាន​លេស​សមរម្យ។

ខុស​ពី​សព្វមួយដង ​នៅពេល​មានការ​រិះគន់​ឬ​ចោទប្រកាន់​ធ្ងន់ធ្ងរ​អ្វីមួយ​ ជាទូទៅ​ លោក​ ហ៊ុន ​សែន តែងតែ​ចេញមុខ​ប្រតិកម្ម​ភ្លាមៗ ប៉ុន្តែ​ករណី​ពលរដ្ឋ​រិះគន់​លោក​ប្រើប្រាស់​នាឡិកាដៃ​តម្លៃ​រាប់​លាន​ដុល្លារ​នៅ​ពេល​នេះ ​លោក ​ហ៊ុន សែន បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ ហើយ​សូម្បីតែ​មន្ត្រី​របស់​លោក​ ក៏​មិន​ហ៊ាន​បក​ស្រាយ​អ្វី​ដែរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយតប​ដដែល​ថា ការ​ប្រើប្រាស់​នាឡិកា​នោះ គឺ​រឿង​ឯកជនភាព​របស់​លោក​នាយករដ្ឋមន្ត្រី។ ដូច្នេះ​លោក​សុំ​មិន​បកស្រាយ​អ្វី​លើស​ពី​នេះ​ឡើយ៖ «ខ្ញុំ​មិន​អាច​និយាយ​លើស​ពី​នេះ​បាន​ទេ ពាក់ព័ន្ធ​ដល់​ឯកជន​ភាព ហើយ​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល ​ដូច្នេះ​ទោះបី​បងប្អូន​ចង់​ដឹង​យ៉ាងណា ​ក៏​ខ្ញុំ​មិន​និយាយ​ដែរ»

ចំពោះ​មន្ទិល​សង្ស័យ​ថា ​លោក​ ហ៊ុន ​សែន ​ទទួល​បាន​នាឡិកា​ដៃ​ពី​មហាសេដ្ឋី និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra) នោះ លោក សុខ ឥសាន ថា លោក​មិន​បាន​ដឹង​នោះ​ទេ។ ទោះ​យ៉ាង​ណា​លោក សុខ ឥសាន ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា​ នាឡិកា​ដៃ​ដ៏​ប្រណិត​នោះ​ អាច​ជា​កាដូ​របស់​មហាសេដ្ឋី​ណា​មួយ ​ហើយ​មេ​បក្ស​របស់​លោក​សក្ដិសម ក្នុង​ការ​ប្រើប្រាស់​របស់​មាន​តម្លៃ​ប្រភេទ​នេះ។

អាស៊ី​សេរី នៅ​មិន​ទាន់​អាច​ទាក់ទង​មហាសេដ្ឋី​ថៃ លោក ថាក់ ស៊ីន បាន​នៅ​ឡើយ​ទេ។

ចំណែក​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​លោក ផៃ ស៊ីផាន លើក​ឡើង​ស្រដៀង​លោក សុខ ឥសាន ដែរ​ថា លោក​មិន​អាច​ឆ្លើយ​តប​អ្វី​បាន​ទេ​អំពី​រឿង​នាឡិកា​ដៃ​របស់​នាយក​រដ្ឋមន្ត្រី ព្រោះ​លោក​ចាត់​ទុក​ថា ជា​រឿង​ឯកជន៖ «ខ្ញុំ​អត់​ដឹង​ថា គាត់​មាន​នាឡិកា​នេះ​ផង ទី១ ហើយ​តើ​នាឡិកា​នេះ បាន​មាន​ដោយសារ​អី​ក៏​អត់​ដឹង​ដែរ តើ​ខ្ញុំ​ឆ្លើយ​ម៉េច​កើត។ សុំ​ទោស ព្រោះ​នេះ​ជា​រឿង​ឯកជន​ទេ»

កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ថ្មីៗ នេះ បណ្ដាញ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ិនធើណិត​ឈ្មោះ​ថា វ៉ាយស៍ (VICE) ​បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ថា លោក លោក ហ៊ុន សែន ជានា​យក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ក្រីក្រ​មួយ​មាន​ប្រាក់ខែ​ត្រឹម​ជាង ១០លាន​រៀល ឬ​ប្រមាណ ២ពាន់ ៥រយ (២៥.០០០) ដុល្លារ​អាមេរិក​នោះ បែរជា​មាន​នាឡិកា​ដៃ​ប្រណិត​ជា​ច្រើន​គ្រឿង ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ។ សារ​ព័ត៌មាន​អន្តរជាតិ​នេះ សរសេរ​យ៉ាង​លម្អិត​ថា នាឡិកា​ដៃ​ដ៏​ប្រណិត​មួយ​គ្រឿង​ថ្មីទៀត ដែល​លោក ហ៊ុន សែន កំពុង​ពាក់​ក្នុង​ពេល​ថ្មីៗ នេះ គឺ​ជា​ប្រភេទ​នាឡិកា​ដៃ​ម៉ាក ផាថេក ហ្វីលីប (Patek Philip) ផលិត​នៅ​ប្រទេស​ស្វីស​ផលិត​អំឡុង​ឆ្នាំ២០១៤-២០១៦ មាន​តម្លៃ ១លាន ២សែន​ដុល្លារ ហើយ​បច្ចុប្បន្ន​នាឡិកា​ប្រភេទ​នេះ មាន​តម្លៃ​ដល់ ៣លាន​ដុល្លារ​នៅ​ពេល​គេ​ដាក់​ឲ្យ​ដេញ​ថ្លៃ។ នាឡិកា​នេះ គឺ​ផលិត​ចេញពី​មាស​ពណ៌​ស ហើយ​រចនា​ដោយ​ដៃ​យ៉ាង​ពិសេស។ ជា​មួយ​គ្នា​នេះ​គេ​ក៏​ប្រទះឃើញ​ថា​លោក ហ៊ុន សែន ធ្លាប់​ពាក់​នាឡិកា​ជាច្រើន​ដែល​មានតម្លៃ​សរុប​ដល់​ទៅ ៩លាន​ដុល្លារ ក្នុង​នោះ​ក៏​មាន​នាឡិកា​ម៉ាក រីឆាត មៀល (Rechard Mill Sapphire Dragon Tuorbilon) ដែល​ជា​ប្រភេទ​កម្រ គឺ​មាន​តែ ៥៥គ្រឿង​លើ​ពិភពលោក​ទៀត​ផង។

ក្រោយ​ការ​ផ្សាយ​អត្ថបទ​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ថា ជា​រឿង​អាម៉ាស់​បំផុត​ដែល​លោក​ ហ៊ុន ​សែន គឺ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ក្រីក្រ​មួយ បែរ​ជា​មាន​លទ្ធភាព​ប្រើប្រាស់​នាឡិកា​ដៃ​តម្លៃ​រាប់​លាន​ដុល្លារ។ ពួក​គេ​សង្ស័យ​ថា នាឡិកា​ដៃ​នេះ បាន​មក​ពី​អំពើ​ពុក​រលួយ។

អ្នក​វិភាគ​នយោបាយ​និង​សង្គម​លោក គឹម សុខ លើក​ឡើង​ថា ការ​ដែល​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក មិន​បក​ស្រាយ​លម្អិត​រឿង​នាឡិកា​ដៃ​តម្លៃ​ខ្ពស់​កប់​ពពក​នេះ ព្រោះ​ពួក​គេ គ្មាន​លេស​សមរម្យ ​ដើម្បី​កុហក​ពលរដ្ឋ​នោះ​ទេ ដូច្នេះ​ពួក​គេ ​នៅ​ស្ងៀម​ល្អ​ជាង​និយាយ។ លោក គឹម សុខ បន្ត​ថា ភាព​មាន​បាន​ និង​ភាព​ហ៊ឺហា​របស់​លោក ហ៊ុន សែន ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​ក្រីក្រ​មួយ មិន​អាច​ចាត់​ទុក​ជា​រឿង​សាមញ្ញ ​និង​រឿង​ឯកជន​នោះ​ទេ ប៉ុន្តែ​លោក​ជឿ​ថា វា​អាច​កើត​ចេញ​ពី​អំពើ​ពុក​រលួយ​ជាច្រើន​ប្រភព។ បន្ថែម​ពី​នេះ ​លោក​យល់​ថា គ្មាន​កាដូ​ឯណា​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នោះ​ទេ ប្រសិន​បើ​គ្មាន​ការ​ដោះ​ដូរ​ជា​សម្ងាត់​ណា​មួយ​រវាង លោក ហ៊ុន សែន និង​ម្ចាស់​នាឡិកាដៃ​នោះ៖ «គ្មាន​អ្នក​ជំនួញ​ណា ដែល​ប្រគល់​នូវ​អំណោយ​រាប់​លាន​ដុល្លារ​ហើយ មិន​ទទួល​បាន​ការ​អនុគ្រោះ​ណាមួយ​ពី​មេ​ដឹក​នាំ​ជាតិ​ណាមួយ​ទេ បើ​អ៊ីចឹង​គេ​ចេះ​តែ​ឲ្យ​អ្នក​នេះ​អ្នក​នោះ​គ្រប់​គ្នា​ហើយ។ នេះ​មិន​មែន​ជា​រឿង​ឯកជន​ទេ ប៉ុន្តែ​គឺ​ជា​ការ​ប្រើ​តួនាទី​ខុស​ក្នុង​ឈ្មោះ​គាត់​ជា​អ្នក​ដឹក​នាំ​ជាតិ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​ជាតិ និង​បំផ្លាញ​ផល​ប្រយោជន៍​ជាតិ​។ រឿង​ទាំង​អស់​នេះ​ក្នុង​ន័យ​ច្បាប់​ទោះបីជា​ប្រទេស​ណា​ក៏​ដោយ គេ​ត្រូវ​មាន​ការ​ស៊ើប​អង្កេត។នៅ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ កុំ​ថា​ឡើយ​ដល់​រាប់​លាន​ដុល្លារ សូម្បី​តែ​មាន​មិន​ប្រក្រតី​ត្រឹម​តែ​បន្តិច​បន្តួច​ក្នុង​បរិមាណ​រាប់​ពាន់​ដុល្លារ គឺ​គេ​ស៊ើប​អង្កេត​ភ្លាមៗ គឺ​គេ​មិន​ទុក​ឲ្យ​នៅ​យូរ​ទេ ព្រោះ​វា​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​អនុវត្ត​ច្បាប់ និង​ការអភិវឌ្ឍន៍​ស្រុក​គេ»

ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការប្រើប្រាស់​នាឡិកា​ដៃ​តម្លៃ​រាប់​លាន​ដុល្លារ​នេះ ​ស្ថាប័ន​មួយ​ចំនួន ដែល​បង្កើត​ឡើង​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ មិនបាន​ប្រកាស​ពី​វិធានការ​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ។

អាស៊ី​សេរី បាន​ព្យាយាម​ទូរស័ព្ទ​ជា​ច្រើន​លើក​ទៅ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​លោក ​ឱម ​យ៉ិនទៀង ​ដែល​ជា​មនុស្ស​ជំនិត​យូរ​មក​ហើយ​របស់​លោក​ ហ៊ុន សែន និង​ប្រធាន​គណៈកម្មការ​ទី១០ នៃ​រដ្ឋសភា គឺ​គណៈកម្មការ​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើ​ពុក​រលួយ លោក ប៉ែន ស៊ីម៉ន ប៉ុន្តែ ទូរស័ព្ទ​ចូល ត្រូវ​បាន​ចុច​ផ្ដាច់​ជា​បន្ត​បន្ទាប់។ ចំណែក​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ពីរ​រូប​ទៀត ​គឺ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក​ កើត រិទ្ធិ និង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល ​លោក​ កែវ ​រ៉េមី ​ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ។

អ្នក​វិភាគ​នយោបាយ​និង​សង្គម​លោក គឹម ​សុខ ថ្លែង​ថា ក្រុម​មេ​ដឹក​នាំ​ស្ថាប័ន​ដែល​មាន​តួនាទី ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ទាំងនេះ​ គឺ​សុទ្ធ​សឹង​តែ​ជា​មនុស្ស​ជំនិត​របស់​លោក ​ហ៊ុន ​សែន ​និង​ត្រូវ​បាន​តែងតាំង​ដោយ​លោក ហ៊ុន សែន ដូច្នេះ​លោក ​យល់ថា ​ការ​តវ៉ា​ទាមទារ​របស់​សាធារណជន​ឲ្យ​បើក​ការ​ស៊ើប​អង្កេត គឺ​ទំនង​ជា​មិន​អាច​មាន​ប្រសិទ្ធភាព​នោះ​ទេ ​ដោយសារតែ​បច្ចុប្បន្ន​នេះ​ អំណាច​គ្រប់គ្រង​បែប​យ៉ាង​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​លោក​ ហ៊ុន ​សែន ​សូម្បីតែ​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ក៏​ដោយ​ចុះ៖ «បទ​អំពើ​ពុក​រលួយ គឺ​ជា​បទឧក្រិដ្ឋ ​ទាល់​តែ​មាន​ការ​ស៊ើប​អង្កេត ឆ្លងកាត់​តុលាការ​មួយ​យុត្តិធម៌​ច្បាស់លាស់​ត្រឹមត្រូវ ហើយ​ដើម្បី​ឆ្លង​កាត់​តុលាការ​យុត្តិធម៌​ច្បាស់លាស់​នេះ គឺ​ទាល់តែ​ប្រទេស​យើង​ វិល​ទៅ​កាន់​ប្រជាធិបតេយ្យ​ ដូច្នេះ​ខ្ញុំ​គិត​ថា ជា​តួនាទី​របស់​ប្រជា ពលរដ្ឋ​នៅ​ពេល​នេះ ដើម្បី​ប្រើ​សិទ្ធិ​របស់​ខ្លួន ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ទៅកាន់​ប្រជាធិបតេយ្យ»

តាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ គឺ​មន្ត្រី​រាជការ​ស៊ីវិល តាម​ក្រសួង​ស្ថាប័ន​រដ្ឋ ចាប់​ពី​ប្រធាន​នាយកដ្ឋាន យោធា នគរបាល មន្ត្រី​តុលាការ និង​អ្នក​ដែល​ត្រូវ​បាន​តែងតាំង​ពី​ការ​បោះ​ឆ្នោត រួម​មាន សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និង​ក្រុមប្រឹក្សា​ខេត្ត ក្រុង​ស្រុក​ខណ្ឌ ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ត្រូវ​ជាប់​កាតព្វកិច្ច ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ក្នុង​រយៈ​ពេល ២ឆ្នាំ​ម្ដង។ ការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​នេះ ​ដើម្បី​ទប់​ស្កាត់​អំពើ​ពុក​រលួយ ​និង​តាមដាន​ភាព​ស្អាតស្អំ​របស់​មន្ត្រី​រាជការ​សាធារណៈ។

អ្នក​តាមដាន​បញ្ហា​សង្គម និង​នយោបាយ គឺ​ព្រះតេជព្រះគុណ យស ហ៊ុត ខេមចារោ ដែល​គង់​នៅ​ប្រទេស​បារាំង មាន​ថេរ​ដីកា​ថា ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​ក្រីក្រ​មួយ ​ប៉ុន្តែ​មានទ្រព្យ​សម្បត្តិ​មហាសាល ខុស​ប្រក្រតី និង​ប្រើ​ប្រាស់​គ្រឿង​អលង្ការ​ដ៏​ប្រណិត ​និង​មាន​តម្លៃ​ខ្ពស់​បែបនេះ ​គឺ​មិន​អាច​ចាត់ទុកថា ​ជា​រឿង​ឯកជន​នោះ​ទេ។ ព្រះតេជព្រះគុណ មាន​មន្ទិល​ថា ​គំនរ​ទ្រព្យសម្បត្តិ​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន​ នេះ គឺ​បាន​មកពី​ភាព​មិន​សុចរិត​ត្រឹមត្រូវ​តាមផ្លូវច្បាប់​នោះ​ទេ។ ព្រះតេជព្រះគុណ​ បន្ត​ថា​ ប្រសិនបើ​មេដឹកនាំ​ប្រទេស​ដែល​មាន​ព្រហ្មវិហារ​ធម៌ និង​បម្រើ​ប្រជារាស្ត្រ និង​ប្រទេស​ជាតិ​ ដោយ​ស្មោះ​ត្រង់​នោះ ​មិន​គួរ​សប្បាយ​ត្រេកអរ​ជា​មួយ​ទ្រព្យ​សម្បត្តិ​ឡើយ ហើយ​ប្រសិន​បើ​នាឡិកា​ដៃ​តម្លៃ​រាប់​លាន​ដុល្លារ​នោះ គឺ​ជា​កាដូ​របស់​នរណា​ម្នាក់​ក៏​ដោយ គួរ​តែ​លះបង់​សម្រាប់​បម្រើ​ផល​ប្រយោជន៍​សាធារណៈ៖ «បើ​យើង​ចង់​ធ្វើនយោបាយ​ ធ្វើ​អ្នក​ដឹក​នាំ​អី​ហ្នឹង​កុំ​គិត​ពី​រឿង​ទ្រព្យ​សម្បត្តិ។ បើ​យើង​ធ្វើ​អ្នក​ជំនួញ​ធ្វើមុខ​របរ​អី​ដទៃ​ទៀត​ គឺ​អាច​ធ្វើ​ជា​សេដ្ឋី ​ឬ​មហា​សេដ្ឋី​អី​បាន ប៉ុន្តែ​អ្នក នយោបាយ​មិន​ត្រូវ​គិតគូរ​ពី​រឿង​ទ្រព្យ​សម្បត្តិ​ទេ​ ព្រោះ​វា​ខុស​តែ​ម្ដង»

នៅ​ឆ្នាំ២០១១ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ទ្រព្យសម្បត្តិ​ជា​សម្ងាត់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ដោយ​មិន​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ។ កាល​នោះ លោក​នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​ថា លោក​មិន​មាន​ប្រភព​ចំណូល​អ្វី​ផ្សេង​ទៀត​នោះ​ទេ ក្រៅ​ពី​ប្រាក់​បៀវត្សរ៍​ចំនួន ៤លាន ៦សែន​រៀល ឬ​ស្មើ​ប្រមាណ ២ពាន់ ៥រយ (.៥០០) ដុល្លារ​ក្នុង​មួយ​ខែ។

ទោះជា​យ៉ាង​ណា កាល​ពី​ឆ្នាំ​២០១៦ អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​បង្ហាញ​ថា ត្រកូល "ហ៊ុន" កំពុង​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​ធំៗ របស់​កម្ពុជា ដោយ​អំពើ​ពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន។ក្នុង​របាយការណ៍​នោះ រក​ឃើញ​ថា គ្រួសារ​ត្រកូល "ហ៊ុន" បាន​កាន់កាប់​ផ្ទាល់ ឬ​កាន់​កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ដើមទុន​ចុះបញ្ជី​ជាង ២០០លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​បាន​ដាក់​ភាគ​ហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ ដូចជា Apple, Unilever, Visa, Nestle, Honda និង​ក្រុមហ៊ុន​ចំនួន ១១៤​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស។ ចំនួន​ទឹក​ប្រាក់​ជាង ២០០​លាន​ដុល្លារ​នេះ ជា​ចំនួន​ទឹកប្រាក់​ដែល​ដាក់​ចេញ​អោយ​ឃើញ​ក្នុង​ក្រុមហ៊ុន​របស់​ត្រកូល "ហ៊ុន" ដែល​បាន​ចុះ​បញ្ជី​ក្នុង​ក្រសួង​ពាណិជ្ជកម្ម ប៉ុន្តែ​អង្គការ គ្លូបល វីតនេស (Global Witness) អះអាង​ថា ពួកគេ​មាន​ភាគហ៊ុន​ច្រើន​ជាង​នេះ ហើយ​ដែល​មិន​ប្រកាស​ឲ្យ​ដឹង​ជា​តម្លាភាព ប៉ុន្តែ​ប្រើ​អ្នក​ក្លែងក្លាយ និង​ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន​ផ្សេងៗ។

ព្រះតេជព្រះគុណ ​យស ​ហ៊ុតខេមចារោ ​មាន​ថេរ​ដីកា​ថា លោក ហ៊ុន សែន តែង​វិធី និង​ប្រើ​​​ល្បិច​កល​​មិន​ស្រប​ច្បាប់​គ្រប់​បែប​យ៉ាង​ ដើម្បី​ក្រាញ​នៅ​ក្នុង​អំណាច ​ដោយសារ​មេ​ដឹក​នាំ​រូប​នេះ ​ដឹងខ្លួន​ឯង​ច្បាស់​ណាស់​ថា លោក ​មាន​កំហុស​ជាច្រើន ហើយ​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់ ​ប្រសិនបើ​លោក​បាត់បង់​អំណាច។ ​យ៉ាង​ណា​ក៏​ដោយ​ចុះ​ ព្រះតេជព្រះគុណ​ យល់​ថា ​យូរ ឬ​ឆាប់​ គឺ ​លោក ​ហ៊ុន ​សែន​ នឹង​មិន​អាច​គេច​ផុត​ពី​ការ​អំពើ​បាប​របស់​លោក​នោះ​ទេ៖ «គឺ​ថា អំណាច​ពលរដ្ឋ​នោះ​ឯង​ទើប​អាច​ដោះ​ស្រាយ​បញ្ហា​នេះ មិន​មាន​ដំណោះស្រាយ​ពីណា​មក​ទេ។ពលរដ្ឋ​កាន់តែ​ចេះដឹង ​ពលរដ្ឋ​កាន់តែ​ភ្ញាក់​រលឹក​ ដឹង​ការ​ពិត អី​ទាំង​អស់​នេះ ហើយ​មាន​ចិត្ត​ក្លាហាន​បំពេញ​ករណីយកិច្ច​របស់​ខ្លួន ប្រើប្រាស់​សិទ្ធិ​សេរីភាព​ដូច​មាន ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​រើ​បម្រះ​ទាំង​អស់​គ្នា​ងើប​ឡើង​ទាំង​អស់​គ្នា​ទាំង​លាន​ទាំង​លាន​នាក់​ដើម្បី​រក​យុត្តិធម៌ កុំ​ងើប​ឡើង​ម្នាក់ ឬ​ពីរ​នាក់ ​វា​មិន​សូវ​បាន​ការ​អី​ទេ ​ដូច​ជាប់​អន្ទាក់​គេ​អ៊ីចឹង ​តែ​បើ​ងើប​ឡើង​ច្រើន​លាន​ទាំង​អស់​គ្នា​ នឹង​បាន​ជោគជ័យ​ហើយ​អត់មាន​បញ្ហា​អី​ទេ»។​

ក្រោម​ការ​ដឹក​នាំ​របស់​លោក ​ហ៊ុន ​សែន ​ជាង ៣០ឆ្នាំ​មក​នេះ ភាព​ក្រីក្រ ​និង​អំពើ​ពុក​រលួយ​នៅ​តែ​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ធនាគារ​ពិភពលោក (World Bank) បាន​ព្យាករណ៍​ថា ក្នុង​ឆ្នាំ២០២០ នេះ ចំនួន​អ្នកក្រ​នៅ​កម្ពុជា​នឹង​កើន​ឡើង​ដល់ ៤លាន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ជាង ១៥លាន​នាក់។ ចំណែក​អង្គការ​តម្លាភាព​អន្តរជាតិ ​(Transparency International) ​បាន​ដាក់​ប្រទេស​កម្ពុជា​នៅ​ក្នុង​លំដាប់​ថ្នាក់​ទី១៦១ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០​ ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ខ្លាំង។

បើ​ទោះ​បី​ជា ​លោក ​ហ៊ុន សែន ​និង​មន្ត្រី​របស់​លោក ​សុទ្ធតែ​ចាប់​ផ្តើម​កសាង​ជីវភាព​ពី​បាត​ដៃ​ទទេ ក្រោយ​របប​ខ្មែរ​ក្រហម​ ហើយ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ប្រចាំខែ​ទាប​ក្តី ​ប៉ុន្តែ​មន្ត្រី​ភាគ​ច្រើន​នៃ​ក្រុម​របស់​លោក ​ហ៊ុន ​សែន ​សុទ្ធតែ​មានទ្រព្យ​សម្បត្តិ​ដែល​សឹង​មិន​គួរ​ឲ្យ​ជឿ។

អ្នកឃ្លាំមើល​បញ្ហា​សង្គម ​និង​នយោបាយ​ យល់ថា ​ទ្រព្យ​សម្បត្តិ​​ទាំងនោះ​ ដោយសារ​ក្រុម​លោក​ ហ៊ុន​ សែន ​បាន​បង្កើត​ប្រព័ន្ធ​នយោបាយ​មួយ​ដែល​អាច​ជួយ​ឲ្យ​ពួកគេ​កាន់អំណាច​បាន​យូរ​ និង​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​គឺ​ប្រព័ន្ធ​នយោបាយ ’’បរិបាលកិច្ច គឺ ឯង​ជួយ​អញ អញ​ជួយ​ឯង’’៕

នាឡិកា ហ៊ុន សែន
នាឡិកា​ដែល​លោក ហ៊ុន សែន ពាក់ ត្រូវ​បាន​អ្នក​រិះគន់​ថា មាន​តម្លៃ​ខ្ទង់​លាន​ដុល្លារ។ រូប៖ ហ្វេសប៊ុក​ឈ្មោះ Insane Luxury

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្មករ​រោងចក្រ​សោកស្ដាយ ដែល​រដ្ឋាភិបាល​គ្មាន​វិធានការ​រក្សា EBA និង​បង្ក​ទុក្ខ​លំបាក​ដល់​ពួក​គេ

$
0
0

ក្រុម​កម្មករ​រោងចក្រ​មួយ​ចំនួន ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ការងារ​ធ្វើ ​និង​សោក​ស្ដាយ ​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​បណ្ដោយ​ឲ្យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA ​២០ភាគ​រយ​របស់​សហភាព​អឺរ៉ុប។ ពួកគេ​លើក​ឡើង​ថា​ ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ ពេល​នេះ ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា គិតតែពី​អំណាច​ខ្លួន​ឯង ​ដោយ​មិន​ខ្វាយខ្វល់​អំពី​ប្រយោជន៍​កម្មករ​ទូទាំង​ប្រទេស​នោះ​ទេ។

ក្រុម​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ បង្ហាញ​ការ​ព្រួយ​បារម្ភ​ដូចៗ គ្នា​ថា​ ស្ថានភាព​ការងារ​របស់​ពួក​គេ​ នឹង​គ្មាន​ស្ថិរភាព ​ហើយ​ជីវភាព​របស់​ពួក​គេ​នឹង​កាន់​តែ​ធ្លាក់​ចុះ​ ខណៈ​ដែល​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប ដាក់លើ​ប្រទេស​កម្ពុជា នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃ​ពុធ​ទី១២​ ខែ​សីហា​ ដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជា​ មិន​បាន​កែ​លម្អ​ស្ថានការណ៍​សិទ្ធិមនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។ ​

កម្មករ​រោងចក្រ យីដា (YI Da) ផលិត​ខោ​ខូវប៊យ លោកស្រី ដោក សុវណ្ណ រៀបរាប់​ថា គ្រាន់​តែ​វិបត្តិ ជំងឺ​កូវីដ​តែ​មួយ​មុខ បាន​ធ្វើ​ឲ្យ​កម្មករ និង​រោងចក្រ​រងគ្រោះ​ត្រដរ​ខ្យល់​ទៅ​ហើយ ទម្រាំ​សហភាព​អឺរ៉ុប កាន់​ផ្ដាច់ EBA ២០ភាគ​រយ​ទៀត គឺ​កម្មករ នឹង​ពិបាក​រស់​បំផុត។ លោកស្រី ជឿជាក់​ថា​ ការ​បាត់បង់ EBA ២០ភាគ​រយ​នេះ មិន​មែន​ជា​រឿង​តូចតាច​នោះ​ទេ ដូច្នេះ​រោងចក្រ​ជា​ច្រើន​ដែល​នាំ​ផលិតផល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប អាច​នឹង​បិទ​ទ្វារ ហើយ​រោងចក្រ​ដែល​នាំ​ផលិតផល​ទៅ​កាន់​ប្រទេស​ផ្សេង​ក្រៅ​ពី​អឺរ៉ុប ក៏​អាច​រង​ផល​ប៉ះពាល់​មួយ​ចំនួន​ផង​ដែរ៖ «យើង​មើល​គ្រាន់​តែ​មួយ​រយៈ​ពេល​ខ្លី​នៃ​ជំងឺ​កូរ៉ូណា យើង​មាន​ផល​ប៉ះពាល់​រឿង​លុយ​បង់​ធនាគារ រឿង​អាហារ​ហូបចុក។ ដូច្នេះ​រឿង​ដែល​រោងចក្រ​បិទ​ទ្វារ​នេះ មាន​បញ្ហា​រួច​ហើយ ហើយ​ការ​ផ្តល់​លុយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ចំនួន ៤០ដុល្លារ​នោះ គឺ​មាន​ការ​ពិបាក​មែនទែន យឺតយ៉ាវ​ខ្លាំង​ទម្រាំ​កម្មករ​ទទួល​បាន​លុយ​នោះ។ បន្ទាប់​មក​ទៀត ក្រុមហ៊ុន​បាន​ជួយ​ឧបត្ថម្ភ​ដល់​កម្មករ ៣០ដុល្លារ​ដែរ តែ​ប៉ុណ្ណឹង​វា​មិន​គ្រាប់​ទេ។ កម្មករ​យើង​ទទួល​ហានិភ័យ​ច្រើន ហើយ​អ្នក​ខ្លះ​រហូត​ដល់​លក់​ដី​ទៀត​ផង»

លោកស្រី​បន្ថែម​ថា កម្មករ​ក្នុង​រោងចក្រ​តែងតែ​ជជែក និង​សួរ​នាំ​គ្នា​អំពី​បញ្ហា EBA ហើយ​អ្នក​ខ្លះ​ខក​ចិត្ត​ដែល​រដ្ឋាភិបាល មិន​អាច​ដោះ​ស្រាយ​រឿង​នេះ​បាន។

កម្មករ​មួយ​រូប​ទៀត ធ្វើ​ការ​ក្នុង​រោងចក្រ​ផលិត​ខោ​អាវ​កីឡា នៅ​សង្កាត់​ភ្នំពេញ​ថ្មី គឺ​លោកស្រី យ៉ន យឺត ថ្លែង​ថា កម្មករ​ភាគ​ច្រើន សុទ្ធតែ​បាន​ដឹង​ឮ​ពី​ការ​បាត់បង់ EBA ហើយ​សុទ្ធតែ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ការងារ​ធ្វើ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ លោកស្រី ឲ្យ​ដឹង​ដែរ​ថា ថ្មីៗ នេះ តំណាង​រោង​ចក្រ បាន​ជូន​ដំណឹង​ដល់​កម្មករ​ថា រោងចក្រ​អាច​នឹង​ពិបាក​ក្នុង​ការ​បន្ត​ឈរ​ជើង​នៅ​កម្ពុជា ក្រោយ​បាត់បង់ EBA«ទុក្ខ​លំបាក​របស់​ពួក​ខ្ញុំ​ជា​កម្មករ គឺ​ទី​មួយ រឿង​គ្រួសារ បើ​យើង​មាន​ការ​ធ្វើ​យើង​អាច​មាន​លុយ​ខ្លះ​ផ្ញើ​ទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ហើយ​ទី២ ពួក​ខ្ញុំ ជំពាក់​លុយ​ខាង​មីក្រូ​ហិរញ្ញវត្ថុ ត្រូវ​បង់​ឲ្យ​គេ​រាល់​ខែ ហើយ​បើ​សម្រាប់​ខ្ញុំ​ត្រូវ​បង់​ឲ្យ​គេ​មួយ​ខែ ១៧០ដុល្លារ ដូច្នេះ​វា​អស់​ជាង​ពាក់​កណ្ដាល​នៃ​ប្រាក់ខែ​ខ្ញុំ​បាត់​ទៅ​ហើយ។ បាត់បង់ EBA នេះ ខ្ញុំ​សោក​ស្ដាយ​ខ្លាំង រក​អ្វី​ប្រៀប​ពុំ​បាន​ទេ ព្រោះ​អី​ចំណេះ​ចេះ​ដឹង​ដូច​ជា​ពួក​ខ្ញុំ ធម្មតា​ធ្វើ​បាន​តែ​ជា​ការងារ​រោងចក្រ​អ៊ីចឹង មិន​អាច​ទៅ​ធ្វើ​ការងារ​អី​ផ្សេង​បាន​ទេ។ ពួក​ខ្ញុំ​ប្រឈម​មុខ​ខ្លាំង ហើយ​សោក​ស្ដាយ​ខ្លាំង​បំផុត ដែល​រដ្ឋាភិបាល ធ្វើ​ឲ្យ​កម្មករ​ប្រឈម​មុខ និង​ពិបាក​វេទនា​ដល់​ពួក​ខ្ញុំ»

កាល​ពី​ខែមិថុនាកន្លង​ទៅ អង្គការ​ចំនួន​ ៣ រួម​មាន អង្គការ លីកាដូ សម្ព័ន្ធ​សហជីព​កម្ពុជា និង​អង្គការ​សង់ត្រាល់ បាន​ចេញ​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​សង្ខេប​មួយ​ស្ដីពី​ភាព​ជំពាក់​បំណុល​ច្រើនលើស​លុប​ក្នុង​វិស័យ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា។ របាយការណ៍ បង្ហាញ​ថា កម្មករ​ធ្វើ​ការ​​ក្នុង​វិស័យ​កាត់ដេរ​ស្ទើរ​ទាំង​អស់ ​ធ្លាក់​ខ្លួន​​ជំពាក់​បំណុល​វ័ណ្ឌ​ក និង​គ្មាន​លទ្ធភាព​សង​បំណុល​វិញ ប្រសិន​បើ​ការងារ​របស់​ពួក​គេ​ត្រូវ​បន្ត​ព្យួរ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ។ នេះ​មិន​ទាន់​រាប់​បញ្ចូល​អំពី​ផល​ប៉ះពាល់ បង្ក​ឡើង​ដោយ​ការ​បាត់​បង់ EBA នៅ​ឡើយ​ផង ។

កម្មករ​ម្នាក់​ទៀត​ធ្វើ​ការ​ក្នុង​រោងចក្រ​នៅ​ខេត្ត​ស្វាយរៀង លើក​ឡើង​ថា ក្រោយ​បាត់​បង់ EBA នេះ គឺ​កម្មករ​ទូទាំង​ប្រទេស នឹង​អាច​ជួប​គ្រោះ​ធំ​ពីរ​យ៉ាង គឺ​ទី១ កម្មករ​មួយ​ចំនួន អាច​នឹង​បាត់បង់​ការងារ​ធ្វើ​តែ​ម្តង​ដោយសារ​រោងចក្រ​បិទ​ទ្វារ ។ ករណី​ទី២ ទោះ​បី​ជា​កម្មករ​មួយ​ចំនួន​ទៀត អាច​នៅ​មាន​ការងារ​ធ្វើ​ក្តី ក៏​ពួក​គេ​នឹង​បាត់​បង់​អត្ថប្រយោជន៍​ផ្សេងៗ ហើយ​រោងចក្រ នឹង​ឆ្លៀត​ឱកាស ឈប់​ដំឡើង​ប្រាក់​ខែ​ដូច​ឆ្នាំ​មុនៗ ទៀត​ផង៖ «ចង់​ស្នើ​ទៅ​ក្រសួង​ការងារ និង​រដ្ឋាភិបាល បើក​ចិត្ត​ឲ្យ​ទូលាយ និង​សម្លឹង​ឲ្យ​វែង​ឆ្ងាយ​ពី​អនាគត​របស់​កម្មករ ព្រោះថា កម្មករ​រោងចក្រ​នៅ​ស្រុក​ខ្មែរ នេះ ខ្ទង់​ថា ៩៥ភាគ​រយ​ដែល​ជំពាក់​បំណុល​ខាង​ធនាគារ ម្ល៉ោះ​ហើយ​គាត់​ពិបាក​ក្នុង​លទ្ធភាព​រក​សង​ធនាគារ​ណាស់ ហើយ​យើង​ក៏​មិន​ចង់​ឃើញ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​លំបាក​វេទនា​ដែរ»

ទោះ​យ៉ាង​ណា​ក្ដី កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា សុខ ឥសាន អះអាង​ជាថ្មី​ទៀត​ថា រដ្ឋាភិបាល​នឹង​មិន​ទាមទារ​ប្រព័ន្ធ​អនុគ្រោះ EBA ចំនួន ២០% ដែល​សហភាព​អឺរ៉ុប​បាន​ដក​នោះ ត្រឡប់​មក​វិញ​ឡើយ។

កម្មការិនី​ម្នាក់​ធ្វើ​ការ​នៅ​រោងចក្រ ប៊ឺរី អឹភើរែល ខេមបូឌា (Berry Apparel (Cambodia) លោកស្រី វង្ស យូរី រៀបរាប់​ថា កម្មករ​ភាគ​ច្រើន មិន​សប្បាយ​ចិត្ត​នោះ​ទេ ពេល​ឮ​ដំណឹង​ថា រដ្ឋាភិបាល មិន​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​តាម​សំណើ​របស់​សហភាព​អឺរ៉ុប ដើម្បី​រក្សា​ប្រពន្ធ​អនុគ្រោះ ព័ន្ធEBA។ លោកស្រី ស្ដី​បន្ទោស​ថា អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​នេះ គឺ​កំពុង​បង្ក​ទុក្ខ​លំបាក​ដល់​កម្មករ៖ «ពេល​ណា​ដក EBA ពួក​ខ្ញុំ​នឹង​ខ្វះ​ខាត អត់​មាន​ការងារ​ធ្វើ ហើយ​ពួក​ខ្ញុំ​នឹង​លំបាក។ បញ្ហា​ទី១ យើង​កំពុង​ល្បី​រឿង​កូវីដ​ស្រាប់​ផង ដូច្នេះ​រោងចក្រ អាច​នឹង​បិទ។ យើង​នឹង​ពិបាក​រឿង​ជីវភាព​ក្នុង​គ្រួសារ ដោយសារ​បង​ប្អូន​មួយ​ចំនួន បាន​ខ្ចី​លុយ​ធនាគារ ហើយ​ពេល​ខ្លះ​ធនាគារ ក៏​អត់​មាន​យោគយល់​ពួក​ខ្ញុំ​ដែរ»

គណៈកម្មការ​អឺរ៉ុប បាន​សម្រេច​ចិត្ត​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០% ពី​កម្ពុជា កាលពី​ថ្ងៃ​ទី១២ កុម្ភៈ ហើយ​សេចក្ដី​សម្រេច​នេះ​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី១២ សីហា។ គណៈកម្មការ​អឺរ៉ុប​សម្រេច​ចិត្ត​បែប​នេះ បន្ទាប់ពី​ពិនិត្យ​យ៉ាង​ដិត​ដល់ ដោយ​រក​ឃើញ​ថា របប​លោក ហ៊ុន សែន បាន​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ ផ្ទុយពី​គោលការណ៍​ពាណិជ្ជកម្ម​​អឺរ៉ុប។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ធ្លាប់​ព្យាករណ៍​ថា កម្មករ ៧៥០.០០០​នាក់​នឹង​ប្រឈម​ភាព​​​​អត់​ការ​ងារ​ធ្វើ នៅ​ពេល​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ចំនួន ២០ភាគ​រយ ហើយ​នៅ​ពេល​នោះ ក្រុម​គ្រួសារ​របស់​​កម្មករ​​ ខ្ទង់ ៣លាន​នាក់​​ផ្សេង​ទៀត​ នឹង​ទទួល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នេះ​ដែរ។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា សង្កត់​ធ្ងន់​ទៀត​ថា ការដែល​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​នឹង​បាត់បង់​ការ​បញ្ជា​ទិញ​ថែម​​ទៀត ហើយ​នឹង​ធ្វើ​ឲ្យ​បាត់បង់​ឱកាស​ការងារ​សម្រាប់​កម្មករ ហើយ​ឱកាស​ការងារ​នេះ នឹង​បាត់​បង់​ជា​រៀង​រហូត៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live