Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

សមាជិកសភា​អាស៊ាន​ថា ការ​ចាប់​លោក រ៉ុង ឈុន ជា​ការ​បង្ក្រាប​លើ​សំឡេង​ឯករាជ្យ និង​សំឡេង​ប្រឆាំង

$
0
0

ក្រុម​សមាជិកសភា​អាស៊ាន ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី៥ សីហានេះ ដោយ​ថ្កោលទោស​របប​ក្រុងភ្នំពេញ​ចំពោះ​ការ​ចាប់ខ្លួន​មេដឹកនាំ​សហជីព និង​ជា​អ្នកការពារ​សិទ្ធិមនុស្ស គឺ​លោក រ៉ុង ឈុន។ សមាជិកសភា​អាស៊ាន​ថា របប​លោក ហ៊ុន សែន គួរតែ​ជួយ​ដោះស្រាយ​ទុក្ខ​កង្វល់​ពលរដ្ឋ មិនមែន​ចាប់ខ្លួន​អ្នកការពារ​សិទ្ធិពល​រដ្ឋ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា ក្រសួង​យុត្តិធម៌​ថា ករណី​នេះ​ជា​ការអនុវត្ត​ច្បាប់។

អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក រ៉ុង ឈុន ជាបន្ទាន់ និង​ទម្លាក់​ចោលការ​ចោទប្រកាន់​ប្រឆាំង​នឹង​មេដឹកនាំ​សហជីព​រូប​នេះ​ដោយ​ឥត​លក្ខខណ្ឌ។ អង្គការ​ដែល​ប្រមូល​ផ្តុំ​ដោយ​សមាជិកសភា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ ក៏​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន​បញ្ឈប់​ការ​បង្រ្កាប​លើ​អ្នក​ទាំងឡាយ​ណា​ដែល​លើកឡើង​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន​ដែរ។

សមាជិក​សភា​ហ្វីលីពីន អ្នកស្រី សារ៉ា អេឡាហ្គូ (Sarah Elago) លើកឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា លោក រ៉ុង ឈុន ទទួល​រង​ទណ្ឌកម្ម​ដោយសារ​តែ​គាត់​បាន​ធ្វើ​អ្វី ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​ធ្វើ គឺ​ការ​ដោះ​ស្រាយ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​រឿង​ដីធ្លី និង​ជីវភាព​រស់​នៅ៖ «ការ​ចាប់ និង​ឃុំខ្លួន​លោក រ៉ុង ឈុន ឆ្លុះ​បញ្ចាំង​ពី​បរិយាកាស​បង្ក្រាប​យ៉ាង​ធ្ងន់ធ្ងរ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស ដែល​បំពេញ​ការងារ​របស់​ខ្លួន​នៅ​ក្រោម​របប​លោក ហ៊ុន សែន។ ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ត្រូវ​តែ​មាន​សិទ្ធិ​បញ្ចេញ​ទុក្ខ​កង្វល់​របស់​ពួក​គេ ដោយ​មិន​ភ័យ​ខ្លាច​ការ​សក​សឹក។ លោក រ៉ុង ឈុន ត្រូវ​តែ​ទទួល​បាន​ការ​ដោះ​លែង និង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ជា​បន្ទាន់»

ចំណែក​សមាជិក​អង្គការ APHR និង​ជា​អតីត​សមាជិក​សភា​ថៃ លោក ចាំណាន ច័ន្ទរឿង (Chamnan Chanruang) មានប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​ក្រីក្រ និង​ងាយ​រងគ្រោះ កំពុង​ប៉ះពាល់​ខ្លាំង​ដោយសារ​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ-១៩ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​ទៅ​ចាប់​អ្នក​ដែល​ចេញមុខ​ជួយ​ពលរដ្ឋ​រង​គ្រោះ ដូច​ជា លោក រ៉ុង ឈុន នេះ​ទេ។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ធានា​សន្តិសុខ​សង្គម​ដល់​ពលរដ្ឋ និង​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​ក្រោយ​វិបត្តិ​កូវីដ-១៩។

អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) ចាត់​ទុក​ករណី​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ​ថា ជា​និន្នាការ​គួរ​ឱ្យ​ព្រួយបារម្ភ​នៃ​ការ​បង្ក្រាប​ឥត​ឈប់ឈរ​លើ​សង្គម​ស៊ីវិល ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ និង​អ្នកនយោបាយ​ប្រឆាំង​នៅ​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​តប​ថា វិធាន​ច្បាប់​លើ​លោក រ៉ុង ឈុន មាន​មូលដ្ឋាន​ច្បាស់លាស់ ផ្អែក​លើ​អង្គហេតុ និង​អង្គច្បាប់។ លោក​បញ្ជាក់​ថា ការ​តវ៉ា និង​ការ​ទាមទារ​ទាំងឡាយ នឹង​មិន​មាន​ឥទ្ធិពល​លើ​តុលាការ​នោះ​ទេ៖ «

ទោះ​បី​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​បក​ស្រាយ​បែប​នេះ​ក៏​ដោយ ក៏​ក្រុម​ពលរដ្ឋ យុវជន គ្រូបង្រៀន និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ នៅតែ​ជឿ​ថា ករណី​នេះ​ជា​ការ​បង្ក្រាប​លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ មិនមែន​ជា​ការ​អនុវត្ត​តាមច្បាប់​នោះ​ឡើយ។ ពួក​គេ​បន្ត​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះ​លែង​លោក រ៉ុង ឈុន ជា​បន្ទាន់ ព្រោះ​ការ​ចាប់ខ្លួន​លោក មាន​ន័យ​ស្មើនឹង​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ដែល​ស្រឡាញ់​ទឹក​ដី និង​យុត្តិធម៌​សង្គម​យ៉ាង​ដូច្នេះ​ដែរ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណ​រ៉ា ថ្លែង​ថា ទង្វើ​របស់​លោក រ៉ុង ឈុន មិន​មាន​អ្វី​ខុស​ច្បាប់ ឬ​ដល់​ថ្នាក់​ត្រូវ​ចាប់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ដោយសារ​លោក​ជាច​លក​រន​យោ​បាយ​ដែល​អាច​ទាញ​ទម្លាក់​ប្រជាប្រិយ​ភាព​របស់​រដ្ឋាភិបាល ទើប​អាជ្ញាធរ​ចាប់​ខ្លួន​លោក«

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ជា​អ្នក​ការពារ​សិទ្ធិ​កម្មករ គ្រូបង្រៀន និង​ប្រជាពលរដ្ឋ​រងគ្រោះ រាប់​សិប​ឆ្នាំ​មក​ហើយ។ លោក​ក៏​ជា​ជា​សកម្ម​ជន​នយោបាយ​ដ៏​លេចធ្លោ​មួយ​រូប ដែល​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ ដើម្បី​បុព្វហេតុ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​តែងតែ​ចេញ​មុខ​រិះគន់​រឿង​ព្រំដែន និង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​នានា ប្រព្រឹត្ត​ដោយ​អាជ្ញាធរ ហើយ​ទាមទារ​ឱ្យ​មាន​ដំណោះ​ស្រាយ​បញ្ហា​ទាំង​នោះ​ស្រប​តាម​ច្បាប់ និង​ឈរ​លើ​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជាធំ។

ទោះ​ជា​បែប​នេះ​ក្ដី លោក​មិន​ទទួល​បាន​ការ​កោត​សរសើរ ឬ​គាំទ្រ​ពី​រដ្ឋាភិបាល​នោះ​ទេ។ អ្វី​ដែល​លោក​តែង​ទទួល​បាន គឺ​ការ​ប្រមាថ ការ​គំរាមកំហែង ការ​ចាប់​ខ្លួន ការ​ចោទ​ប្រកាន់ និង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សហគមន៍​ភូមិ​ស្រែប្រាំង ខេត្ត​ត្បូង​ឃ្មុំ​ថា សមត្ថកិច្ច​ជាង ២០០នាក់​បាន​គំរាម និង​ចាប់​ខ្លួន​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី

$
0
0

ពលរដ្ឋ​ជាង ១០០​គ្រួសារ ​រស់​នៅ​ខេត្ត​ត្បូង​ឃ្មុំ ​អះអាង​ថា ​សមត្ថកិច្ច​ចម្រុះ​ និង​ប្រជា​ការពារ​ភូមិ​រាប់​រយ​នាក់ ​បាន​ដើរ​គំរាម​ពលរដ្ឋ​ មិន​ឱ្យ​តវ៉ា​ការពារ​ដី​សហគមន៍​ស្រែ​ប្រាំង​ជាង ១ពាន់​ហិកតារ ​ដែល​ក្រុមហ៊ុន​ចិន​ឈ្មោះ ហាមិនីវីន អីនវេសមែន (Hamenivent Investment) រំលោភ​យក​ទាំង​ស្រុង។ អ្នក​ភូមិ​ថា សមត្ថកិច្ច​បាន​ប្រើ​ហិង្សា​លើ​ពលរដ្ឋ ១០នាក់ និង​ចាប់​ខ្លួន​ពលរដ្ឋ​ជា​ច្រើន​នាក់ ដើម្បី​គំរាម​ឱ្យ​ឈប់​​តវ៉ា។

ពលរដ្ឋ​ជាង ១០០​នាក់ ​រស់​នៅ​ភូមិ​ស្រែប្រាំង ​និង​ភូមិ​បុស្ស​ស្នោ ឃុំ​ត្រពាំង​ព្រីង​ ស្រុក​តំបែរ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៥ សីហា​ថា ប្រជា​ការពារ​ភូមិ ​និង​កម្លាំង​សមត្ថកិច្ច ​ជាង​ ២០០​នាក់​ ប្រើប្រាស់​រថយន្ត ៥០​គ្រឿង ​កំពុង​កាង ​ការពារ​សុវត្ថិភាព ​ក្រុមហ៊ុន​ចិន ​ហាមិនីវីន អីនវេសមែន (Hamenivent Investment) ដែល​កំពុង​ឈូស​ឆាយ​រំលោភ​ដី សហគមន៍​ស្រែប្រាំង​ទាំងស្រុង។

តំណាង​ពលរដ្ឋ ​លោក​ សែម ចំណាន ​ឱ្យ​ដឹង​ថា ​សមត្ថកិច្ច​ចម្រុះ​កាន់​ដំបង​ឆក់​ បាន​ប្រើ​ហិង្សា​លើ​ពលរដ្ឋ ១០នាក់​ ក្នុង​នោះ​មាន ៥នាក់​ដួល​សន្លប់។ លោក​ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន ​ពលរដ្ឋ ២១នាក់​យក​ទៅ​ឃុំ​ខ្លួន ១យប់ នៅ​ស្នងការ​នគរបាល​ខេត្ត និង​បាន​ដោះលែង​មក​វិញ ២០នាក់ នៅ​សល់​ម្នាក់​ទៀត​បញ្ជូន​ទៅ​តុលាការ។ លោក​បន្ថែម​ថា មក​ទល់​ពេល​នេះ សមត្ថកិច្ច និង​ប្រជា​ការពារ​ភូមិ ​រាប់​សិប​នាក់ បាន​ដើរ​គំរាម​ពលរដ្ឋ​តាម​ផ្ទះ ដើម្បី​បង្ខំ​ឱ្យ​ឈប់​តវ៉ា ​ទាមទារ​ដី​សហគមន៍។ ចំណែក ​អ្នក​ភូមិ​ជាង ៥០នាក់​ទៀត បាន​រត់​ចូល​ព្រៃ​គេច​ខ្លួន៖ «បញ្ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​នាក់ ​បាន​ទៅ​ចាប់​ប្រជា​ពលរដ្ឋ​ វ៉ៃ​ធ្វើ​បាប ​ឆក់​ឱ្យ​សន្លប់​ ព្រម​ទាំង​ដក​ហូត​ទូរស័ព្ទ​របស់​ពួក​គាត់។ ក្រុមហ៊ុន​ចិន​ កំពុង​ឈូស​ឆាយ ​មិន​ឱ្យ​ពលរដ្ឋ​ណា ​ចូល​ទៅ​បាន​ទេ ហើយ​កង​កម្លាំង​សមត្ថកិច្ច​ និង​ប្រជា​ការពារ​ភូមិ គឺ​ដើរ​គំរាម​ពលរដ្ឋ​ឱ្យ​ផ្ដិត​មេ​ដៃ ​តាម​ផ្ទះ​តែ​ម្ដង បើ​យើង​នៅ​តែ​តវ៉ា ​គេ​នឹង​ចាប់​ដាក់​គុក»

តំណាង​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ​ គឺ​លោក​ស្រី សុត ណុន ត្អូញ​ថា ដី​សហគមន៍​ស្រែ​ប្រាំង​ជាង​ ១ពាន់​ហិកតារ គឺ​ជា​ដង្ហើម​សេដ្ឋកិច្ច​ពលរដ្ឋ​ចំនួន ២ភូមិ​ ធ្វើ​ស្រែ​ប្រដេញ​ទឹក​ និង​នេសាទ​ត្រី ​ក៏​ប៉ុន្តែ​បើ​ក្រុមហ៊ុន​រំលោភ​យក​ នឹង​ធ្វើ​ឱ្យ​អ្នកភូមិ​បាត់បង់​ទី​កន្លែង​អាស្រ័យ​ផល​ចិញ្ចឹម​ជីវិត។ លោក​ស្រី​ថា​ ក្រុមហ៊ុន​ចិន​ បាន​បោះ​ទីតាំង​រំលោភ​ដី​ព្រៃ​សហគមន៍​ទាំង​មូល ​ដោយ​មាន​សមត្ថកិច្ច​រាប់​រយ​នាក់ ​ឈរ​ជើង​ការពារ​ និង​គំរាម​ចាប់​ខ្លួន​ពលរដ្ឋ​ណា​ហ៊ាន​ងើប​តវ៉ា៖ «គេ​ឱ្យ​សារភាព ​ឈប់​តវ៉ា​ដី​ ឥលូវ​ហ្នឹង គេ​កំពុង​ដើរ​គំរាម​កំហែង​តាម​ភូមិ ​សម្លុត​ព័ទ្ធ​ចាប់​ពលរដ្ឋ​តាម​ព្រៃ ​ខាង​សមត្ថកិច្ច​ក្នុង​ភូមិ និង​ខាង​ប្រជា​ការពារ​ភូមិ។ វា (ក្រុមហ៊ុន) បម្រុង​រំលោភ​ដី​ហ្នឹង​ទាំងមូល​តែ​ម្ដង​ ចាប់​មនុស្ស​នៅ​មុខ​ពួក​គាត់​ ឆក់ ​ជាន់ ​ស្រី​ក៏​វ៉ៃ​ដែរ។ ពួក​ខ្ញុំ​ប៊ិះ​ហ្នឹង​ចូល​ឡាន ​ពួក​វា សុទ្ធតែ​មាន​របាំង​រាំង»

ទោះ​យ៉ាង​ណា​ស្នងការ ​ខេត្ត​ត្បូង​ឃ្មុំ​លោក បែន រ័ត្ន បដិសេធ​ថា នគរបាល​មិន​បាន​ប្រើ​ហិង្សា​លើ​ក្រុម​ពលរដ្ឋ​ដែល​តវ៉ា​នោះ​ទេ។ លោក​ទទួល​ស្គាល់​ថា នគរបាល​ បាន​ចាប់​ខ្លួន​ពលរដ្ឋ ២១នាក់ ហើយ​បាន​ដោះ​លែង​ទៅ​វិញ ២០នាក់ ហើយ​នៅ​សល់​ម្នាក់ ព្រោះ​ជាប់​បណ្ដឹង​នៅ​តុលាការ ករណី​ប្រើ​អំពើ​ហិង្សា។ លោក​បញ្ជាក់​ថា​ នគរបាល​ចុះ​ប្រតិបត្តិការ ធ្វើឡើង​ទៅ​តាម​បញ្ជា​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត«ពេល​ចេញ​ប្រតិបត្តិ​ការ​ម្តងៗ នៅ​ពេល​ដែល​មាន​បញ្ជា​ពី​គណៈ​បញ្ជា​ការ​ឯកភាព​ខេត្ត​ ឱ្យ​ទៅ​មួយ​ភ្លែត​អ៊ីចឹង​ទៅ ​មក​វិញ​។ ​គ្មាន​ពី​ណា ​វ៉ៃ​គាត់​បែក​ក្បាល​ដូច​គាត់​លើក​អ៊ីចឹង​ទេ ​ឥលូវ​ឱ្យ​គាត់​បង្ហាញ​ទៅ ​អង្គការ​មិនមែន​រដ្ឋាភិបាល ​និង​បង្ហាញ​ទៅ​ណា​ក៏​បាន​វា​វ៉ៃ​គាត់​ត្រង់​ណា ​មាន​ស្នាម​មាន​របួស​នោះ? វា​អត់​មាន»

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​បន្ថែម​ពី​អភិបាល​ខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ បាន​ទេ​នៅ​ថ្ងៃ​ទី៥ សីហា ដោយ​លោក​មិន​លើ​ក​ទូរស័ព្ទ។ ចំណែក​តំណាង​ក្រុមហ៊ុន​ចិន ហាមិនីវេន ​អ៊ិនវេសមេន (Hamenivent Investment) ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ នៅ​ថ្ងៃ​ដដែល​នេះ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិមនុស្ស ​នៃ​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ លោក អំ សំអាត ​យល់​ថា ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​ត្បូង​ឃ្មុំ ​ប្រើ​ហិង្សា ​ដើម្បី​ដោះ​ស្រាយ​វិវាទ​ដីធ្លី​នេះ គឺ​ជា​រំលោភ​សិទ្ធិមនុស្ស ហើយ​នឹង​នាំ​ឱ្យ​ពលរដ្ឋ​រង​ទុក្ខ​ម្ដង​ហើយ​ម្ដង​ទៀត។ លោក​ថា អាជ្ញាធរ​មាន​តួនាទី​បម្រើ​ពលរដ្ឋ ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា«អាជ្ញាធរ​គឺ​ជា​អ្នក​បម្រើ​ពលរដ្ឋ ​ពលរដ្ឋ​ជួប​ទុក្ខ​លំបាក​ គឺ​អាជ្ញាធរ​ជា​អ្នក​ដោះ​ស្រាយ ​ហើយ​បើ​សិន​ជា​បញ្ហា​គំរាម​កំហែង ​បំភ័យ​ពលរដ្ឋ​ អា​ហ្នឹង​មិនមែន​ជា​តួនាទី​របស់​អាជ្ញាធរ​ទេ។ រឿង​ហ្នឹង​គួរ​តែ​មាន​វិធាន​ការ​ហើយ​ ក្នុង​ការ​ដោះស្រាយ​សម្រាប់​ពួក​គាត់»

ព្រៃ​សហគមន៍​ភូមិ​ស្រែប្រាំង​ មាន​ទំហំ​ជាង​ ១ពាន់​ហិកតារ​ នៅ​ជាប់​ព្រែក​ឆ្លូង ឋិតនៅ​ភូមិ​ស្រែប្រាំង​ និង​ភូមិ​បុស្ស​ស្នោ​រ ឃុំ​ត្រពាំងព្រីង​ ស្រុក​តំបែរ​ ខេត្ត​ត្បូង​ឃ្មុំ។ ព្រៃ​សហគមន៍​នេះ​ មាន​ទឹក​ជន់​លិច​ជា​រៀង​រាល់​ឆ្នាំ សម្បូរ​ដោយ​ត្រី និង​សត្វ​ស្លាប​រស់​នៅ​ ហើយ​អ្នក​ភូមិ​រាប់​រយ​គ្រួសារ​ តែង​ប្រមូល​ផល​នេសាទ​នៅ​ខែ​វស្សា និង​ធ្វើ​កសិកម្ម​ នៅ​រដូវ​ប្រាំង។ ក្រុម​ពលរដ្ឋ​ថា​ អាជ្ញាធរ​មួយ​ចំនួន​ បាន​ឃុបឃិត​គ្នា​ លួច​លក់​ដី​ព្រៃ​សហគមន៍​អស់​មួយ​ផ្នែក​ធំ ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន និង​បាន​ឃុបឃិត​គ្នា​ធ្វើ​ប្លង់​ជា​ប្រព័ន្ធ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បទសម្ភាសន៍៖ អ្នក​វិភាគ​ថា កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​មាន​ស្ថានភាព​អាក្រក់​ជាង​គេ​នៅ​ក្នុង​តំបន់​ពី​រឿង​នយោបាយ សិទ្ធិមនុស្ស និង​ពាណិជ្ជកម្ម

$
0
0

នៅ​សល់​តែ ៧ថ្ងៃ​ទៀត​ទេ សហភាព​អឺរ៉ុប​នឹង​ចាប់​ផ្ដើម​គិត​ពន្ធ​ចំនួន ២០% លើ​ទំនិញ​គ្រប់​មុខ​របស់​កម្ពុជា​លើកលែង​តែ​អាវុធ ឬ​ហៅ​ថា EBA។ បញ្ហា​នេះ អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា កម្ពុជា​នឹង​មាន​ហានិភ័យ​ខ្លាំង​ជាង​គេ លើ​វិស័យ​ពាណិជ្ជកម្ម នយោបាយ និង​សិទ្ធិមនុស្ស បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា នៅ​ក្រោយ​ពី​ថ្ងៃ​ទី១២ ខែ​សីហា​នេះ​ត​ទៅ រដ្ឋាភិបាល​កម្ពុជា​នឹង​រង​សម្ពាធ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ពី​សហភាព​អឺរ៉ុប និង​ប្រទេស​លោក​សេរី ដែល​គេ​នឹង​អាច​ដាក់​សម្ពាធ​ផ្នែក​នយោបាយ និង​ពាណិជ្ជកម្ម​នេះ​កាន់​តែ​ខ្លាំង បើ​ទោះ​បី​ជា​រដ្ឋាភិបាល​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី FTA ជាមួយ​ចិន​ក៏​ដោយ ក៏​មិន​អាច​ទប់ទល់​នឹង​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​អឺរ៉ុប​បាន​ដែរ។

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង​នៃ​បទ​សម្ភាសន៍​អំពី​បញ្ហា​នេះ​​រវាង​លោក ទីន ហ្សាការីយ៉ា និង​លោក ឯម សុវណ្ណារ៉ា អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ...

អាជ្ញាធរ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​ថាវរៈ ៨អង្គ ទៅ​ខេត្ត​បាត់ដំបង​វិញ រីឯ ២អង្គ​ទៀត​គ្មាន​​ដំណឹង

$
0
0

មន្ត្រី​សង្ឃ​និង​អាជ្ញាធរ​បាន​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ចំនួន ៨អង្គ ត្រឡប់​ទៅ​ខេត្ត​បាត់ដំបង​វិញ នៅ​រសៀល​ថ្ងៃ​ទី៥ សីហា ស្រប​ពេល​ដែល​ព្រះសង្ឃ ២អង្គ​ផ្សេង​ទៀត​បាន​បាត់​ដំណឹង បន្ទាប់​ពី​អាជ្ញាធរ​ឃុំ​ព្រះ​កាយ​ព្រះអង្គ​មួយ​យប់​នៅ​រាជធានី​ភ្នំពេញ។ ក្រុម​យុវជន​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ព្រះសង្ឃ​ដោយ​ខុស​ច្បាប់។

តំណាង​យុវជន​ខ្មែរ​ថាវរៈ លោក ហ៊ុន វណ្ណៈ ថ្លែង​ថា អាជ្ញាធរ​និង​មន្ត្រី​សង្ឃរាជ​ធានី​ភ្នំពេញ បាន​ឃុំ​ព្រះ​កាយ​ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ចំនួន ៨អង្គ​នៅ​វត្តបទុមវតី​អស់​ជា​ច្រើន​ម៉ោង ទើប​បញ្ជូន​ព្រះអង្គ​តាម​រថយន្ត​ទៅ​ខេត្ត​បាត់ដំបង​វិញ។ លោក​បន្ត​ថា អាជ្ញាធរ​និង​មន្ត្រី​សង្ឃរាជ​ធានី​ភ្នំពេញ​បាន​ដកហូត​ទូរស័ព្ទ​របស់​ព្រះសង្ឃ​ទាំង ៨អង្គ ទុក​នៅ​វត្តបទុមវតី ហើយ​ព្យាយាម​រារាំង​ពួក​លោក​មិន​ឱ្យ​ចូល​ទៅ​មើល​ព្រះអង្គ​ក្នុង​វត្ត​នេះ​ឡើយ៖ «ហើយ​បន្ទាប់​មក​យើង​បាន​សួរ​អាជ្ញាធរ​ថា មាន​ឃើញ​ព្រះសង្ឃ​នៅ​ក្នុង​ហ្នឹង​គាត់​អត់​បាន​ឆ្លើយឆ្លង​ទេ ប៉ុន្តែ​គាត់​រុញច្រាន​គាត់​ព្យាយាម​បណ្ដេញ​ពួក​យើង​ចេញ ហើយ​មាន​ការ​ប្រតាយប្រតប់​ជាមួយ​យុវជន​យើង​ទៀត ហើយ​ក្ដិច​គាត់​ឡើង​ជាំ​ដៃ។ រដ្ឋាភិបាល​ដូច​ឥទ្ធិពល​របស់​ព្រះសង្ឃ​ក្នុង​ការស្វែងរក​យុត្តិធម៌​ជូន​សង្គម​ហ្នឹងហើយ​ក៏​ប្រើប្រាស់​គ្រប់​មធ្យោបាយ ជា​ពិសេស ក្រសួង​ធម្មការ និង​សាសនា​ហ្នឹង ដើម្បី​ដាក់​សម្ពាធ​សព្វ​បែប​យ៉ាង​កុំ​ឱ្យ​ព្រះសង្ឃ​ចូលរួម​ការងារ​សង្គម ជាពិសេស​ទាមទារ​ឱ្យ​ដោះលែង​លោ​ករ៉ុង ឈុន ហ្នឹង»

លោក ហ៊ុន វណ្ណៈ ឱ្យ​ដឹង​ទៀត​ថា មាន​ព្រះសង្ឃ​ឯករាជ្យ ២ អង្គ គឺ​ព្រះ​តេជគុណ ប៊ូ បេត និង​ព្រះអង្គ សុវណ្ណឌី បាន​បាត់​ដំណឹង​តាំងពី​យប់​រហូតមកដល់​ម៉ោង ៤រសៀល​ថ្ងៃ​ទី៥ សីហា ពុំ​ដឹង​អាជ្ញាធរ​បញ្ជូន​ព្រះអង្គ​ទៅ​កន្លែងណា​នៅឡើយ​ទេ។

មន្ត្រី​សង្ឃរាជ​ធានី​ភ្នំពេញ បាន​ឃាត់​ព្រះ​កាយ​ព្រះសង្ឃ​ទាំង ៨អង្គ​នៅ​វត្ត​ប្រយូរវង្ស ក្នុង​ខណ្ឌ​ចំការ​មន នៅ​ពេល​ព្រះអង្គ​កំពុង​គង់​នៅ​ភ្នំពេញ ដើម្បី​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​ក្រុម​យុវជន ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះ​លែង​លោក រ៉ុង ឈុន វិញ។

ទាក់ទង​នឹង​បញ្ហា​នេះ ជំនួយការ​ព្រះមេ​គុណ រាជធានី​ភ្នំពេញ ព្រះ​តេជគុណ សំ​អូន មាន​ថេរ​ដីកា​ថា ព្រះអង្គ​ពុំ​បាន​ដឹង​ថា បណ្ដាញ​ព្រះសង្ឃ​ឯករាជ​ទាំង ២អង្គ​នោះ គង់នៅ​កន្លែងណា​នោះ​ទេ។ ចំណែក​ព្រះសង្ឃ ខ្មែរ​ថាវរៈ ទាំង ៨អង្គ ត្រូវ​បាន​មន្ត្រី​សង្ឃ​បញ្ជូន​ទៅ​ខេត្ត​បាត់ដំបង​វិញ​ដោយ​សុវត្ថិភាព​ហើយ។ ព្រះអង្គ បញ្ជាក់​ថា មូលហេតុ​ដែល​បញ្ជូន​ព្រះសង្ឃ​ទាំងនោះ​ទៅ​ខេត្ត​បាត់ដំបង​វិញ ដោយសារ​ព្រះអង្គ​បាន​ចាក​ចេញ​ពី​វត្ត​នៅ​ក្នុង​រដូវ​ចូល​ព្រះវស្សា៖ «អាត្មា​ដឹង​តែ ៨អង្គ​នេះ​ទេ ណែនាំ​អប់រំ​ធម៌​វិន័យ​របស់​អ្នកបួស​ក្នុង​កិច្ច​ចូល​ព្រះវស្សា ដោយ​មិន​និមន្ត​ទៅ​ទី អគោចរ ដោយ​មិន​មានការ​និមន្ត ហើយ​មិន​អាច​សុំ​និមន្ត​ទៅដើរ​លែង​អី​បានទេ។ ទាល់តែ​មាន​កិច្ច​រវល់​ដូចជា​ញោម​ឈឺ ឬ​ព្រះ​ឧបជ្ឈា​ឈឺ​អី​ជា​រឿង​សំខាន់ ឬ​កិច្ច​រាជការ​និមន្ត​អី បាន​អាច​និមន្ត​បាន​ក្នុង​វស្សា លើក​សត្តាហៈ​ករណីយ​បាន»

អាស៊ី​សេរី​មិន​អាច​ទាក់​អ្នក​នាំ​ពាក្យ​ក្រសួងធម្មការ និង​សាសនា លោក សេង សុមុនី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បន្ថែម​ពី​ការ​បាត់​ព្រះ​កាយ​ព្រះសង្ឃ​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី៥ សីហា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) លោក នី សុខា ចាត់​ទុក​ការ​ឃាត់​ព្រះ​កាយ​ព្រះសង្ឃ​ដោយសារ​តែ​ក្រុម​ព្រះ​សង្ឃ​ចូលរួម​តវ៉ា​ឱ្យ​ដោះ​លែង​លោក រ៉ុង ឈុន នេះ​ថា ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ លោក​បញ្ជាក់​ថា ព្រោះ​ការ​តវ៉ា​នេះ ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដោយ​ស្រប​ច្បាប់ ដូច្នេះ ព្រះសង្ឃ​ទាំងនោះ​មិនបាន​ប្រព្រឹត្ត​ខុសច្បាប់​ឡើយ៖ «ការ​ដែល​លើក​ឡើង​អំពី​ថា​នេះ​ការ​ចូល​ព្រះវស្សា​ការ​អី​ហ្នឹង​ខ្ញុំ​គិត​ថា នេះ​គ្រាន់តែ​ជា លេស​ទេ​មិន​មែន​ជា​រឿង​ពិត​ទេ។ រឿង​ពិត​គឺ​ថា វា​មាន​មូលហេតុ​របស់​វា គឺ​ដោយសារ​ព្រះសង្ឃ​លោក​ចូល​ក្នុង​ការ​ទាមទារ ទើប​មាន​បញ្ហា​ហ្នឹង​កើត​ឡើង​អ៊ីចឹង ខ្ញុំ​គិត​អ្វី​ដែល​ធ្វើ​នេះ ជា​ការ​មួយ​សំដៅ​ដល់​ការ​រឹតត្បិត​ទៅដល់​សេរីភាព​របស់​ព្រះសង្ឃ​ហើយ»

ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ទាំង ៨អង្គ គង់នៅ​ខេត្ត​បាត់ដំបង បាន​និមន្ត​ទៅ​ចូល​ធ្វើ​បាតុកម្ម​ជាមួយ​ក្រុម​យុវជន​ប្រមាណ ១០០នាក់​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន តាំងពី​ថ្ងៃ​ទី២ សីហា​រហូត​មក៕

ព្រះសង្ឃ ថាវរៈ 080420
ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ចំនួន ៧អង្គ ដែល​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ចំការ​មន​ឃាត់​ព្រះ​កាយ នៅ​វត្តថាន់ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ប្រើ​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា​បណ្ដាល​ឲ្យ​យុវតី​ម្នាក់​របួស​ជើង ឯ​ម្នាក់​ទៀត​សន្លប់

$
0
0

អាជ្ញាធរ​ខណ្ឌ​៧​មករា ប្រើ​ហិង្សា​រុញច្រាន វាយ​ទាត់​ធាក់ ក្រុម​អ្នក​តវ៉ា ដែល​ទាមទារ​ឱ្យ​ដោះលែង លោក រ៉ុង ឈុន​ បណ្ដាល​ឲ្យ​យុវតី ​២នាក់ រង​របួស​​ និង​​សន្លប់​។ អាជ្ញាធរ​លើក​ហេតុ​ផល​​ថា ការ​បង្ក្រាប​នេះ ដើម្បី​​រៀបចំ​​សណ្ដាប់ធ្នាប់​សាធារណៈ ​តែអ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ចាត់​ទុក​ជា​អំពើ​​រំលោភ​​សិទ្ធិ​​​​ពលរដ្ឋ។

អាជ្ញាធរ និង​ក្រុម​សន្តិសុខ​ខណ្ឌ ៧មករា បាន​ព្យាយាម​ព័ទ្ធ និង​ស្ទាត់​ក្រុម​យុវជន មិន​ឲ្យ​ធ្វើ​សកម្មភាព​ស្រែក​​តវ៉ា​ទាមទារ​ដោះលែង​លោក រ៉ុង ឈុន ទាំង​នៅ​ម្ដុំ​តុលាការ​ក្រុង និង​តាម​ដង​ផ្លូវ​​ក្នុង​ក្រុង​ភ្នំពេញ។ អាជ្ញាធរ បាន​ព្យាយាម​ឲ្យ​ក្រុម​អ្នក​តវ៉ា បញ្ឈប់​សកម្មភាព​តវ៉ា​ ច្រើន​លើក​ច្រើន​សារ និង​គំរាម​​ប្រើ​ហិង្សា​បំបែក​ក្រុម​អ្នក​តវ៉ា​ បើ​នៅ​តែ​បន្ត​សកម្មភាព​ទាមទារ​ទៀត​ ដោយ​សំអាង​ថា ខុស​ច្បាប់​បាតុកម្ម និង ​​ខុស​គោល​ការណ៍​​ទប់​ស្កាត់​ការ​រីក​រាល​ដាល់​ជំងឺ​កូវីដ​១៩ (Covid-19)«ឥឡូវ​បំបែក​អត់​ទេ? ឥឡូវ​​ខ្ញុំ​សួរ​រក​លិខិត​អនុញ្ញាត​ពី​សាលា​ក្រុង​ ដែល​បង​ប្អូន​អ្នក​បង្ក​លក្ខណៈ ហែ​ច្រូង​ច្រាង​ដោយ​អត់​ច្បាប់​ហ្នឹង​នេះ។ បង្ក​លក្ខណៈ​បាត់​នូវ​សោភ័ណភាព​ ក៏​ដូច​ជា​សណ្ដាប់​ធ្នាប់​រាជធានី​ភ្នំពេញ។ បើ​អត់​មាន​ត្រូវ​តែ​បំបែក បើ​អត់​បំបែក ខ្ញុំ​​បំបែក​ហើយ»

ទោះ​ជា​រង​ការ​គំរាម​ច្រើន​លើក​ច្រើន​សារ ក៏​ក្រុម​អ្នក​តវ៉ា​ជិត​ ២០នាក់ ដែល​ភាគច្រើន​​ជា​យុវជន​ ​បាន​បន្ត​​ជម្នះ​​ធ្វើ​សកម្មភាព​នេះ​​ទៀត ដោយ​សម្អាង​ថា ​​រដ្ឋធម្មនុញ្ញ​បាន​បើក​សិទ្ធិ​សេរីភាព​​ឲ្យ​ពលរដ្ឋ អាច​ធ្វើ​សកម្មភាព ​តវ៉ា​​ទាមទារ​ដោយ​អហិង្សា​បាន។ ក្រុម​យុវជន​ និង​អាជ្ញាធរ បាន​ឈ្លោះ​​ប្រកែក​គ្នា​​​មួយ​សន្ទុះ​ រួច​ហើយ​​សន្តិសុខ​ខណ្ឌ​ ៧​មករា ដែល​សុទ្ធ​ជា​បុរស​ពេញ​កម្លាំង​​​​ បាន​រុញ​ច្រាន​ក្រុម​អ្នក​តវ៉ា​ ដែល​ភាគ​ច្រើន​គឺ​​ជា​យុវតី​ឲ្យ​ថយ​ក្រោយ​​ ​បណ្ដាល​ឲ្យ​ក្រុម​អ្នក​តវ៉ា​​ម្នាក់​រង​របួស​ជើង ដួល​លើ​ដី ងើប​លែង​រួច និង​ម្នាក់​ទៀត​សន្លប់។

អ្នក​តវ៉ា​ម្នាក់ ដែល​រង​របួស​ជើង​ទាំង​សង​ខាង កញ្ញា សូ មេត្តា អះអាង​ថា ​​អាជ្ញាធរ​ បាន​​រុញ​ច្រាន​ និង​ទាញ​ក្រវាត់​ ពួក​គេ​ឲ្យ​ដួល​លើ​ដី ហើយ​ឆ្លៀត​ពេល​ច្របូក​ច្របល់ បាន​ទាត់​ធាក់ ជាន់​ ក្រុម​អ្នក​តវ៉ា​​ ជា​ច្រើន​ជើង។ កញ្ញា​បញ្ជាក់​ថា ក្រុម​យុវជន​មិន​បាន​តប​ត ចំពោះ​ទង្វើ​ហិង្សា​ របស់​អាជ្ញាធរ​ទេ៖ «រុញ តែ​អា​ជើង​គាត់​ពី​ក្រោម​ហ្នឹង គាត់​​ព្យាយាម​មក​ទាត់​ខ្ញុំ​ ម្ខាង​ ប្រាំ​ ប្រាំមួយ​ជើង ហើយ​ស្បែក​ជើង​ប៉ូល​ អា​ស្រួច​ខ្មៅ ឈឺ​ណាស់។ ទាត់​ម្នាក់ បួន ប្រាំ​ជើង ដល់​ទាត់​ខ្ញុំ​ហើយ គាត់​ធ្វើ​សង្គ្រឺត​ធ្មេញ​ ចង់​ស៊ីសាច់​យើង ហើយ​​ពេល​ទាត់​ខ្ញុំ​ហើយ ដួល​ គាត់​មក​កន្ត្រាក់​អូស​ដៃ​ខ្ញុំ​ទៅ​ហ្មង តែ​គ្នា​ខ្ញុំ គាត់​មក​អូស​ដៃ ខ្ញុំ​ទាន់»

ចំណែក​អ្នក​​តវ៉ា​​ម្នាក់ គឺ កញ្ញា ជា គន្ធីន បាន​រង​របួស​សន្លប់​ នៅ​នឹង​កន្លែង និង​ជាំ​ឆ្អឹង​ជើង ដោយ​សារ​ការ​បង្ក្រាប។ យុវតី​វ័យ​ ១៨​ឆ្នាំ​រូប​នេះ អះអាង​ថា ក្រុម​អ្នក​តវ៉ា​ គ្មាន​កម្លាំង​តប​ត នឹង​ក្រុម​សន្តិសុខ​ខណ្ឌ​៧​មករា​ទេ ហើយ​ កញ្ញា​ រង​របួស​​ជើង និង​សន្លប់ ដោយសារ​ សន្តិសុខ​ខណ្ឌ ៧មករា ចាប់​កញ្ញា​អូស លើ​ដុំ​ថ្ម និង​ទាត់​ធាក់ ​ជា​ច្រើន​ជើង។

កញ្ញា ជា គន្ធីន ហៅ​ការ​បង្ក្រាប​លើ​ក្រុម​អ្នក​តវ៉ា ថា ជា​អំពើ​ឃោរឃៅ ព្រោះ​ខាង​អាជ្ញាធរ​ មិន​ព្រម​និយាយ​វែក​ញែក​ច្បាប់​ ជាមួយ​ក្រុម​អ្នក​តវ៉ា​ទេ តែ​សំអាង​ថា ត្រូវ​តែ​បំបែក​ក្រុម​អ្នក​តវ៉ា តាម​បញ្ជា​ថ្នាក់​លើ​។ យុវតី​រូប​នេះ​ ប្ដេជ្ញា​​​មិន​តក់​ស្លុត​ចំពោះ​ការ​ទាត់​ធាក់​នេះ​ទេ និង​បន្ត​ការ​ទាមទារ​ រក​យុត្តិធម៌ ជូន​ លោក រ៉ុង ឈុន បន្ត​ទៀត៖ «ពេល​ហ្នឹង ខ្ញុំ​ជួយ​បង​មេត្តា ដោយ​សារ​បង​មេត្តា​ ត្រូវ​ជើង។ ពេល​ឃើញ គាត់ ​(អាជ្ញាធរ) ទាត់ ខ្ញុំ​យក​ជើង​ខ្ញុំ ទៅ​រាំង គាត់​ទាត់​ខ្ញុំ​ពីរ​បី​ជើង ហើយ​ចាប់​ទាញ ចាប់​អូស។ ចាប់​ទាញ​ដៃ​ខ្ញុំ ហើយ​អូស​មក​ទង្គិច​លើ​ផ្លូវ លើ​ថ្នល់ កន្លែង​ម៉ូតូ​គេ​ជិះ​ហ្នឹង ហើយ​ត្រកៀត​របស់​ខ្ញុំ​ហ្នឹង ក៏​ត្រូវ​ជាមួយ​នឹង​ដុំ​ថ្ម ក៏​គ្រេច​ទៅ។ ពេល​ហ្នឹង វា​អត់​ទាន់​ឈឺ​អ្វី​ប៉ុន្មាន​ទេ ក៏​ខ្ញុំ​ដើរ​មក​ យក​ស្បែក​ជើង យក​អ្វី ហើយ​ថា អាជ្ញាធរ​ធ្វើ​បាប​ស្ត្រី អ្វី​អ៊ីចឹង។ ពេល​ហ្នឹង ក៏​ទន់​ដៃ​ទន់​ជើង សន្លប់​​ទៅ​តែ​ម្ដង។ វា​ថប់​ដង្ហើម​ ហើយ​ដឹង​ខ្លួន ពេល​ដែល​មីង​ យក​ប្រេង​កូឡា យក​អ្វី មក​រឹត»

ជុំវិញ​ការ​ប្រើ​អំពើ​ហិង្សា​នេះ អាស៊ី​សេរី បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្ដី ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន ស្នងការ​រាជធានី​ភ្នំពេញ លោក ស ថេត និង​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន តែ​ក្រុម​មន្ត្រី​ទាំង​នេះ​មិន​ទទួល​ទូរស័ព្ទ នៅ​ថ្ងៃ​ទី៥ សីហា។

នាយក​រង​​អង្គការ​លីកាដូ ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ លោក អំ សំអាត សោកស្ដាយ​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ ជា​បន្ត​បន្ទាប់​ លើ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី។ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ ជំរុញ​ ឲ្យ​អាជ្ញាធរ​ គួរ​​តែ​សម្រប​សម្រួល​​ រក​ដំណោះ​ស្រាយ​ ឲ្យ​ក្រុម​អ្នក​តវ៉ា ទើប​ជា​រឿង​ប្រសើរ៖ «ហើយ​បើ​សិន​ជា​ បាតុកម្ម ឬ​ក៏​តវ៉ា​ដោយ​សន្តិវិធី មើល​ទៅ​មិន​ប៉ះពាល់​ទៅ​ដល់​សន្តិសុខ​ សណ្ដាប់​ធ្នាប់​សាធារណៈ ឬ​ក៏​សិទ្ធិ​បុគ្គល​ណា​ទេ អា​ហ្នឹង វា​គួរ​តែ​មាន​ការ​សម្រប​សម្រួល​គ្នា អនុញ្ញាត​ទៅ ព្រោះ​នៅ​ក្នុង​ច្បាប់​បាតុកម្ម ស្ដីពី​​សន្តិវិធី បើ​ទោះ​ជា​និយាយ​អំពី​​ការ​ជូន​ដំណឹង​មែន ក៏​ប៉ុន្តែ​បើ​បាតុកម្ម ឬ​ក៏​ការ​តវ៉ា​ហ្នឹង ​ធ្វើ​ដោយ​មិន​បាន​ជូន​ដំណឹង​​​ តែ​បើ​សិន​ថា អាជ្ញាធរ​យល់​ថា មិន​មាន​អំពើ​ហិង្សា​ទេ គួរ​តែ​មាន​ការ​សម្រប​សម្រួល​គ្នា​មួយ ដែល​មាន​ការ​ទទួល​យក​បាន»

ក្រោយ​រង​អំពើ​ហិង្សា​ ក្រុម​អ្នក​តវ៉ា បាន​រំសាយ​ការ​តវ៉ា តាម​ដង​ផ្លូវ នៅ​ម្ដុំ​​តុលាការ​ក្រុង​ ហើយ​​ពួកគេ​បាន​ដឹក​​យុវតី ២នាក់ ដែល​រង​របួស​ ទៅ​អង្គការ​លីកាដូ ដើម្បី​​សុំ​ពឹង​ពាក់​ ឲ្យ​គ្រូពេទ្យ​​ប្រចាំ​អង្គការ​លីកាដូ ជួយ​ព្យាបាល​។ ក្រុម​យុវជន ក៏​បាន​បន្ត​ដំណើរ​ ទៅ​តវ៉ា នៅ​មុខ​វត្ត​បទុមវតី​ បន្ត​ទៀត នៅ​ពេល​រសៀល ដើម្បី​ទាមទារ​សុំ ​ជួប​ព្រះ​សង្ឃ​ច្រើន​អង្គ ដែល​ត្រូវ​អាជ្ញាធរ​​​ឃាត់​ខ្លួន ដោយសារ​ចូល​រួម​ តវ៉ា​ទាមទារ​ដោះ​លែង​លោក រ៉ុង ឈុន នៅ​មុខ​តុលាការ។

ចំណែក​ដំណើរ​ការ​​ សំណុំ​រឿង​ក្ដី​របស់​លោក រ៉ុង ឈុន តាម​ផ្លូវ​តុលាការ​វិញ ក្រុម​មេធាវី​ កំពុង​បន្ត​នីតិវិធី​ ប្ដឹង​សុំ​ឲ្យ​កូន​ក្ដី បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។ លោក​មេធាវី សំ សុគង់ ឲ្យ​ដឹង​ថា ក្រុម​មេធាវី បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​ចៅក្រម​នៃ​សាលា​ដំបូង​រាជធានី​ នៅ​ថ្ងៃ​ទី៥ សីហា ដើម្បី​ស្នើសុំ​ឲ្យ​ លោក រ៉ុង ឈុន បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អង្គការ​អប់រំ​អន្តរជាតិ​សរសេរ​លិខិត​ទៅ​លោក ហ៊ុន សែន ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន

$
0
0

អង្គការ​អប់រំ​អន្តរជាតិ (Education International) សរសេរ​លិខិត​ទៅ​លោក ហ៊ុន សែន ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ជាបន្ទាន់។

នៅ​ក្នុង​លិខិត ចុះ​ថ្ងៃ​ទី៥ ខែ សីហា ប្រធាន​អង្គការ​អប់រំ​អន្តរជាតិ ដែល​តំណាង​ឲ្យ​បុគ្គលិក​អប់រំ​ជិត ៣៣ លាន​នាក់ តំណាង​អង្គការ​ជិត ៤០០ និង ១៧៨ ប្រទេស លោក ដេវីដ អែតវើត (David Edwards) បញ្ជាក់​ថា អង្គការ​នេះ និង​សមាជិក​ទាំងអស់ ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​រលក​នៃ​ការ​បង្ក្រាប​អ្នក​តវ៉ា​នៅ​កម្ពុជា​។ លោក​បន្ត​ថា សហជីព​នៅ​កម្ពុជា ត្រូវ​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​សម្ដែង​ក្តី​ព្រួយបារម្ភ​របស់​ខ្លួន ដោយ​មិន​ត្រូវ​មាន​ទោសពៃរ៍ ដោយសារ​ការ​ហ៊ាន​បញ្ចេញមតិ ដើម្បី​ប្រយោជន៍​កម្មករ​នោះ​ទេ។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា ដែល​មាន​ធានា​ក្នុង​អនុសញ្ញា​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​អនុសញ្ញា​អន្តរជាតិ​ឯទៀត​ស្ដីពី​សិទ្ធិមនុស្ស។

មុននឹង​ការ​ចាប់ខ្លួន លោក រ៉ុង ឈុន ដែល​ជា​ប្រធាន​សហភាព​កម្ពុជា ជាទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ផង​នោះ ធ្លាប់​សរសេរ​លិខិត​ទៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទាមទារ​ឲ្យ​របប​ក្រុងភ្នំពេញ ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ចៀសវាង​បាត់ EBA ២០%​។ លោក​ធ្លាប់​បាន​ព្រមាន​របប​នេះ ថា​កម្មករ​នឹង​ក្រោក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​បាត់ EBA នេះ​។ ថ្មីៗ​នេះ លោក​ក៏បាន​ចេញមុខ​តវ៉ា ឲ្យ​ដោះលែង​គ្រូបង្រៀន​ជាច្រើន​នាក់ ដែល​អាជ្ញាធរ​ចាប់ខ្លួន ដោយសារតែ​ការ​បញ្ចេញមតិ​។ ចុងក្រោយ​នេះ លោក​បាន​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​កម្ពុជា​វៀតណាម និង​ចេញ​របាយការណ៍​អំពី​ភាព​មិនប្រក្រតី​នៅ​តំបន់​នោះ​។​

ជុំវិញ​រឿង​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ ប្រធាន​អង្គការ​អប់រំ​អន្តរជាតិ ថា​អង្គការ​នេះ នឹង​បន្ត​តាមដាន​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នេះ យ៉ាង​យកចិត្តទុកដាក់​បំផុត និង​ឈរ​ប្រកៀក​ស្មា​គ្នា ជាមួយ​អង្គការ​ដទៃ​ទៀត ដែល​ជា​សមាជិក ដើម្បី​តវ៉ា​ជំទាស់​នឹង​ការរំលោភ​សិទ្ធិមនុស្ស​នេះ។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ ពី​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​បាន​នៅឡើយ​ទេ ជុំវិញ​លិខិត​នេះ​។ ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​នៃ​របប​នេះ ថាបើ​ចង់​ជួយ​អ្នក​ជាប់ឃុំ ដូចជា​រូបលោក រ៉ុង ឈុន​នេះ គឺ​មានតែ​ប្រឹង​ស្វែងរក​មេធាវី​ពូកែៗ ដើម្បី​ការពារ​ក្តី​តាម​ផ្លូវ​តុលាការ​ប៉ុណ្ណោះ។

ទោះជា​យ៉ាង​ណាក្តី​នៅ​ក្នុង​ប្រវត្តិ​កាត់​សេចក្តី​នៅ​ក្នុង​តុលាការ​កម្ពុជា ក្រោម​ការគ្រប់គ្រង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គេ​សង្កេត​ឃើញ​ថា ស្ទើរតែ​គ្មាន​សំណុំរឿង​នយោបាយ​របស់​បក្ស​ប្រឆាំង ឬ​អង្គការ​សង្គម​ស៊ីវិល ឬ​សហជីព​ឈ្នះ​ក្តី ក្នុង​រឿង​ប្ដឹងផ្ដល់​ជាមួយ​រដ្ឋាភិបាល​ម្តង​ណា​ឡើយ បើ​ទោះ​ជា​មាន​មេធាវី​ល្អ​យ៉ាងណាក៏ដោយ​។ ប្រធាន​តុលាការ​គ្រប់​ជាន់ថ្នាក់ សុទ្ធ​តែ​ជា​សមាជិក​នយោបាយ​របស់​គណបក្ស​កាន់អំណាច ដែល​ផ្ទុយ​ពី​គោលការណ៍​នីតិរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ ព្រមាន​របប​ក្រុងភ្នំពេញ អំពី​ផលវិបាក​កាន់តែ​ធ្ងន់ជាង​បាត់​ត្រឹម EBA 20%

$
0
0

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ ព្រមាន​របប​ក្រុងភ្នំពេញ អំពី​ផលវិបាក​កាន់តែ​ធ្ងន់ជាង​បាត់​ត្រឹមតែ EBA 20%។ ចំណែក​ឯ អ្នកវិភាគ​នយោបាយ និង​សង្គម យល់ឃើញ​ថា ផលវិបាក​នេះ នឹង​រឹតតែ​ធ្វើឲ្យ​កម្ពុជា ជួប​បញ្ហា​បន្ថែម ទៅលើ​វិបត្តិសេដ្ឋកិច្ច ដោយសារតែ​ជំងឺ​កូវីដ-១៩។

នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៥ ខែសីហា​ថា លោក ហ៊ុន សែន យល់​ខុស​ធ្ងន់​មួយ អំពី​ស្ថានភាព​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មួយ​ផ្នែក ពី​កម្ពុជា​របស់​គណៈកម្មការ​អឺរ៉ុប​នោះ។ លោក​បន្ថែម លោក ហ៊ុន សែន ប្រហែល​គិត​ថា គណៈកម្មការ​អឺរ៉ុប ដក EBA ត្រឹម​តែ ២០% រួច​ហើយ​លែង​ដក​ទៀត ទើប​របប​ក្រុងភ្នំពេញ​ហ៊ាន​ចាប់ខ្លួន​មេ​សហជីព​កម្មករ​លោក រ៉ុង ឈុន និង​អ្នក​ដទៃ​ទៀត​យ៉ាង​រំភើយ​បែប​នេះ៖ «គណៈកម្មការ​អឺរ៉ុប ដក​តែ ២០% សិន​បែប​នេះ គឺ​គេ​ធ្វើ​សម្បទាន​ឲ្យ​កម្ពុជា​នោះ​ទេ! តាម​ពិត​គេ​ត្រូវ​ដក​ច្រើនជាង​នេះ​ឆ្ងាយ​ណាស់ ព្រោះ​កម្ពុជា​បាន​រំលោភ​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ​យ៉ាង​ច្រើន​សន្ធឹក។ គណៈកម្មការ​អឺរ៉ុប​បាន​ប្រាប់​ពួក​យើង​ខ្ញុំ​ថា គេ​ធ្វើ​បែប​នេះ គឺ​ដោយសារ​ចង់​ទុក​ឱកាស​ឲ្យ​លោក ហ៊ុន សែន បាន​កែ​ខ្លួន»

ក្នុង​ករណី​ដែល​មិន​កែខ្លួន​បែប​នេះ លោក ប្រ៊ែដ អាដាម ថា​កម្ពុជា​ចៀស​មិន​ផុត​ពី​វិធានការ​បន្ថែម មិនមែន​ត្រឹមតែ​ពី​សហភាព​អឺរ៉ុប​ទេ តែ​ពី​សហគមន៍​អន្តរជាតិ​ទាំងមូល​ផង៖ «គណៈកម្មការ​អឺរ៉ុប ប្រាប់​យើង​ខ្ញុំ​បន្ថែម​ទៀត​ថា ពួក​គេ​បាន​ត្រៀម​បម្រុង​វិធានការ​ធ្ងន់ជាង​នេះ ដើម្បី​ចាត់ការ​កម្ពុជា បើ​ស្ថានការណ៍​កាន់​តែ​អាក្រក់​បែបនេះ»

ការព្រមាន​របស់​មន្ត្រី​ជាន់ខ្ពស់​អន្តរជាតិ​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កាលកំណត់ ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា នឹង​ចូលជាធរមាន​នៅ ៦ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

គណៈកម្មការ​អឺរ៉ុប កាលពី​ថ្ងៃ​ទី១២ ខែកុម្ភៈ សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​% ពី​កម្ពុជា ដោយសារ​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ។ គណៈកម្មការ​នេះ ទុក​ពេល​ជាច្រើន​ខែ ឲ្យ​របប​ក្រុងភ្នំពេញ​ស្ដារ​ស្ថានភាព​អាក្រក់​នេះ​ឡើងវិញ។

ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ គណៈកម្មការ​នេះ បញ្ជាក់​ប្រាប់​អាស៊ី​សេរី ថា​គ្មាន​ឃើញ​ការ​វិវឌ្ឍ​ជា​ដុំ​កំភួន​ណា​មួយ ដែល​អាច​ធ្វើឲ្យ​គណៈកម្មការ​អឺរ៉ុប អាច​ប្ដូរ​ចិត្ត​បាន​នោះ​ឡើយ។ ដូច្នេះ នៅ​ថ្ងៃ​ទី១២ ខែ​សីហា​ខាងមុខនេះ កម្ពុជា​នឹង​បាត់ EBA ២០% ជា​កំហិត។

លោក ប្រ៊ែដ អាដាម បន្ត​ទៀត​ថា ការណ៍​ដែល​គណៈកម្មការ​អឺរ៉ុប មិន​ផ្លាស់​ប្ដូរ​ចិត្ត និង​នៅ​តែ​ដក EBA ពី​កម្ពុជា គឺ​ស​បញ្ជាក់​ឲ្យ​ឃើញ​សហភាព​អឺរ៉ុប លែង​រវីរវល់​រឿង​កម្ពុជា​ដូច​មុន​ទៀត​ហើយ។ លោក​ថា សហភាព​អឺរ៉ុប បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​ជួយ​កម្ពុជា​អស់​រយៈពេល​ជាង ២០ឆ្នាំ​មក​នេះ គឺ​ខិតខំ​ជួយ​ស្ដារ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជីវភាព​គ្រាន់​បើ​នឹង​គេ។ ប៉ុន្តែ មិន​នឹក​ស្មាន​ថា លោក ហ៊ុន សែន ធ្វើ​ឲ្យ​អាក់​សទ្ធា​របស់​សហគមន៍​អន្តរជាតិ អស់​បែប​នេះ​សោះ។

លោក ប្រ៊ែដ អា​ដាម ថា​ការ​មានះ​របស់​លោក ហ៊ុន សែន ដែល​មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ រហូត​ធ្វើឲ្យ​បាត់ EBA មួយ​ផ្នែក ក្នុង​ស្ថានភាព​ដែល​ប្រទេស​កម្ពុជា កំពុង​តែ​ញាំញី​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយសារ​តែ​វិបត្តិ​ជំងឺ​កូវីដ-១៩ បែប​នេះ គឺ​វា​លើស​ពី​រឿង​អកុសល​បំផុត​ទៅ​ទៀត សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ៖ «ខ្ញុំ​គិត​ថា រឿង​មិន​ត្រឹមតែ​អកុសល​ទេ គឺ​វា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ជា​ពិសេស ក្នុង​ពេល​កំពុង​ជួប​វិបត្តិ​ដោយសារ​ជំងឺឆ្លង​ជា​សាកល​នេះ ព្រោះ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ដាំ​ក្បាល​ចុះ​ស្រាប់ ការនាំចេញ​ក៏​ថយ​ចុះ​យ៉ាង​គំហុក ការផលិត​តាម​រោងចក្រ​ក៏​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង និង​ពលរដ្ឋ​ជា​ច្រើន​បាត់បង់​មុខរបរ និង​ការងារ​ធ្វើ។ ដូច្នេះ នេះ​គឺ​ជា​ពេល​វេលា​ដ៏​អាក្រក់​បំផុត​មួយ ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ទន់​ខ្សោយ​ដូចជា​កម្ពុជា ប្រឹង​ពើង​ទ្រូង និង​ផ្គើន​ដាក់​សហគមន៍​អន្តរជាតិ​បែប​នេះ»

ភាព​ផ្គើន និង​ពើងទ្រូងដាក់​សហភាព​អឺរ៉ុប​នេះ លោក ហ៊ុន សែន ធ្លាប់​អួតអាង​ជាប្រចាំ​ទៅ​ហើយ ថា​ទោះ​បាត់ EBA កុំថាឡើយ ២០% បើ​ទោះ​បាត់​ទាំងអស់ ក៏​កម្ពុជា​មិន​ស្លាប់​ដែរ ព្រោះ​ស៊ាំ​នឹង​ទណ្ឌកម្ម​អន្តរជាតិ​ឆ្អែត​ទៅ​ហើយ។ លោក​ក៏​ធ្លាប់​អះអាង​ថា មិន​ធ្វើតាម​សហភាព​អឺរ៉ុប​ទេ ព្រោះ​បើ​ធ្វើតាម គឺ​ដូចជា​ឱន​ក្បាល​ដាក់​សហភាព​អឺរ៉ុប​ពេក ដែល​ធ្វើឲ្យ​បាត់​អធិបតេយ្យ​កម្ពុជា ជាដើម។ប៉ុន្តែ អ្នកវិភាគ​សង្គម និង​នយោបាយ លោក គឹម សុខ ថា​ភាព​មានះ​របស់​លោក ហ៊ុន សែន នេះ​មិនមែន​ដើម្បី​ការពារ​អធិបតេយ្យ​កម្ពុជា​ឯ​ណា​នោះ​ទេ គឺ​លោក ហ៊ុន សែន ចង់​ការពារ​អំណាច និង​ផលប្រយោជន៍​សម្រាប់​ក្រុម​គ្រួសារ និង​បក្ស​ពួក​របស់​ខ្លួន​តែប៉ុណ្ណោះ។ លោក គឹម សុខ បន្ថែម​ទៀត​ថា ការបាត់បង់ EBA ២០​% នេះ មាន​ទំហំ​ធំធេង​ជាង​ការស្មាន​របស់​លោក ហ៊ុន សែន ដែល​ថា​តិចតួច​នោះ៖ «ការ​ដាក់ ២០ ភាគ​រយ មាន​តែ​តួលេខ​នៅ​លើ​មុខ​ទំនិញ​ទេ ប៉ុន្តែ​ជា​ចិត្តសាស្ត្រ​វិញ មាន ៥០ - ៦០ភាគ​រយ យ៉ាង​តិច ពីព្រោះ​ដាក់ ២០ភាគ​រយ អ្នក​វិនិយោគ​គេ​គិត​ហើយ ចុះ​ពេល​ហ្នឹង​ដាក់ ២០ភាគ​រយ ចុះ​ថ្ងៃ​ស្អែក ឆ្នាំ​ក្រោយ តើ​ដាក់​ប៉ុន្មានទៀត​ទៅ បើ​រដ្ឋាភិបាល​នៅតែ​មិន​វិល​ទៅកាន់​ប្រជាធិបតេយ្យ។ ដូច្នេះ​ហើយ​វា​ប៉ះពាល់​ទៅដល់​ទឹកចិត្ត​អ្នក​វិនិយោគ។ អ្នក​វិនិយោគ​គេ​មិន​មានស្មារតី​សុខ​ស្រួល នៅ​ក្នុង​ការ​រកស៊ី​នៅ​ប្រទេស​កម្ពុជា​ទេ»

ស្រប​ពេល​ដែល​ថ្ងៃ​ដែល​អនុវត្ត​សេចក្ដី​សម្រេច​ដក EBA ជិត​ចូល​មកដល់ របប​ក្រុងភ្នំពេញ​ចាប់​ផ្ដើម​ធ្វើទុក្ខ​បុក​ម្នេញ និង​បង្ក្រាប​ប្រជាពលរដ្ឋ ដែល​ហ៊ាន​ក្រោក​តវ៉ា​ប្រឆាំង​នឹង​របប​នេះ កាន់តែ​ខ្លាំង។ ការ​បង្ក្រាប​នេះ ផ្ដើម​ចេញពី​ការ​ចាប់​ប្រធាន​សហជីព​លោក រ៉ុន ឈុន និង​ចំណាត់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ប្រជា​ពលរដ្ឋ មិន​ឲ្យ​ចេញ​តវ៉ា។

លោក ប្រ៊ែដ អាដាម ថា​ក្នុង​ស្ថានភាព​បែប​នេះ សហគមន៍​អន្តរជាតិ អាច​ដាក់​សម្ពាធ​របប​ក្រុង​ភ្នំពេញ​បាន ដោយ​រូបភាព​នៃ​ការ​ផ្ដាច់​ជីពចរ​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច។ ការ​ផ្ដាច់​ជីពចរ​នេះ គឺ​លោក​សំដៅ​លើ​ទណ្ឌកម្ម​លើ​បុគ្គល ក្នុង​ជួរ​ថ្នាក់ដឹកនាំ​នៃ​របប​សព្វថ្ងៃ ដូចជា​ការ​បង្កក​ទ្រព្យ​សម្បត្តិ និង​បិទ​ទិដ្ឋាការ​ជា​ដើម ព្រោះ​មន្ត្រី​គ្រាក់ៗ រួម​ទាំង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ផង សុទ្ធតែ​មាន​ទ្រព្យ​នៅ​បរទេស​យ៉ាង​សន្ធឹក៖ «ខ្ញុំ​ថា​វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត គឺ​តាម​រក​ប្រភព​នៃ​អំពើ​ពុក​រលួយ ដែល​មន្ត្រី និង​អ្នក​ទាំងអស់​នោះ​ប្រព្រឹត្ត និង​ប្រភព​ទ្រព្យសម្បត្តិ​ពួក​គេ។ ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ជា​ការ​សំខាន់​មួយ​ដែរ ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​ការ​តាម​រក​ប្រភព​គណនី​ធនាគារ​របស់​ពួក​គេ ដែល​លាក់​ទុក​នៅ​ក្រៅ​ប្រទេស។ មានតែ​ធ្វើ​បែប​នេះ​ទេ ទើប​ធ្វើឲ្យ​អ្នក​ទាំង​នោះ​ដឹង​ខ្លួន និង​ឈឺចាប់»

ជា​សារ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ដើម្បី​ចាត់ការ​លើ​មន្ត្រី​របប​ក្រុង​ភ្នំពេញ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ បន្ថែម​វិធានការ​ដាក់​ទណ្ឌកម្ម និង​សម្ពាធ​លើ​របប​ក្រុង​ភ្នំពេញ ដោយ​ផ្ដោត​លើ​ទណ្ឌកម្ម​បុគ្គល​ទាំងនេះ។

កន្លងមក​យន្តការ​តាមរយៈ​ច្បាប់​ដាក់ទណ្ឌកម្ម​សាល​កល ឬ the Global Magnitsky Act ត្រូវ​បាន​សហរដ្ឋអាមេរិក អនុវត្ត​លើ​មន្ត្រី​គ្រាក់ ​នៃ​របប​ក្រុងភ្នំពេញ ជា​បណ្តើរៗ ហើយ។ រដ្ឋាភិបាល​ប្រទេស​លោក​សេរី​មួយ​ចំនួន​ទៀត ក៏​កំពុង​ពិចារណា​យន្តការ​នេះ កំពុង​ដាំ​ក្បាល​ចុះ​ស្រាប់ ការ​នាំ​ចេញ​ក៏​ថយ​ចុះ​យ៉ាង​គំហុក ការ​ផលិត​តាម​រោងចក្រ​ក៏​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង និង​ពលរដ្ឋ​ជាច្រើន​បាត់បង់​មុខ​របរ និង​ការងារ​ធ្វើ។ ដូច្នេះ នេះ​គឺជា​ពេលវេលា​ដ៏​អាក្រក់​បំផុត​មួយ ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ទន់​ខ្សោយ​ដូច​ជា​កម្ពុជា ប្រឹង​ពើង​ទ្រូង និង​ផ្គើន​ដាក់​សហគមន៍​អន្តរជាតិ​បែប​នេះ»

ភាព​ផ្គើន និង​ពើង​ទ្រូង​ដាក់​សហភាព​អឺរ៉ុប​នេះ លោក ហ៊ុន សែន ធ្លាប់​អួតអាង​ជា​ប្រចាំ​ទៅ​ហើយ​ថា ទោះ​បាត់ EBA កុំ​ថា​ឡើយ ២០% បើ​ទោះ​បាត់​ទាំង​អស់ ក៏​កម្ពុជា​មិន​ស្លាប់​ដែរ ព្រោះ​ស៊ាំ​នឹង​ទណ្ឌកម្ម​អន្តរជាតិ​ឆ្អែត​ទៅ​ហើយ។ លោក​ក៏​ធ្លាប់​អះអាង​ថា មិន​ធ្វើតាម​សហភាព​អឺរ៉ុប​ទេ ព្រោះ​បើ​ធ្វើតាម គឺ​ដូចជា​ឱន​ក្បាល​ដាក់​សហភាព​អឺរ៉ុប​ពេក ដែល​ធ្វើឲ្យ​បាត់​អធិបតេយ្យ​កម្ពុជា​ជា​ដើម។ ប៉ុន្តែ អ្នក​វិភាគ​សង្គម និង​នយោបាយ លោក គឹម សុខ ថា​ភាព​មានះ​របស់​លោក ហ៊ុន សែន នេះ​មិនមែន​ដើម្បី​ការពារ​អធិបតេយ្យ​កម្ពុជា​ឯ​ណា​នោះ​ទេ គឺ​លោក ហ៊ុន សែន ចង់​ការពារ​អំណាច និង​ផល​ប្រយោជន៍​សម្រាប់​ក្រុម​គ្រួសារ និង​បក្ស​ពួក​របស់​ខ្លួន​តែប៉ុណ្ណោះ។ លោក គឹម សុខ បន្ថែម​ទៀត​ថា ការ​បាត់បង់ EBA ២០% នេះ មាន​ទំហំ​ធំធេង​ជាង​ការស្មាន​របស់​លោក ហ៊ុន សែន ដែល​ថា​តិចតួច​នោះ៖ «ការ​ដាក់ ២០ភាគ​រយ មានតែ​តួលេខ​នៅ​លើ​មុខ​ទំនិញ​ទេ ប៉ុន្តែ​ជា​ចិត្តសាស្ត្រ​វិញ មាន ៥០-៦០ភាគ​រយ យ៉ាងតិច ពីព្រោះ​ដាក់ ២០ភាគ​រយ អ្នក​វិនិយោគ​គេ​គិត​ហើយ ចុះ​ពេល​ហ្នឹង​ដាក់ ២០ភាគ​រយ ចុះ​ថ្ងៃ​ស្អែក ឆ្នាំ​ក្រោយ តើ​ដាក់​ប៉ុន្មានទៀត​ទៅ បើ​រដ្ឋាភិបាល​នៅ​តែ​មិន​វិល​ទៅ​កាន់​ប្រជាធិបតេយ្យ។ ដូច្នេះ​ហើយ​វា​ប៉ះពាល់​ទៅ​ដល់​ទឹក​ចិត្ត​អ្នក​វិនិយោគ។ អ្នក​វិនិយោគ​គេ​មិន​មាន​ស្មារតី​សុខ​ស្រួល នៅ​ក្នុង​ការ​រកស៊ី​នៅ​ប្រទេស​កម្ពុជា​ទេ»

ស្រប​ពេល​ដែល​ថ្ងៃ​ដែល​អនុវត្ត​សេចក្ដី​សម្រេច​ដក EBA ជិត​ចូល​មកដល់ របប​ក្រុងភ្នំពេញ​ចាប់​ផ្ដើម​ធ្វើទុក្ខ​បុក​ម្នេញ និង​បង្ក្រាប​ប្រជាពលរដ្ឋ ដែល​ហ៊ាន​ក្រោក​តវ៉ា​ប្រឆាំង​នឹង​របប​នេះ កាន់​តែ​ខ្លាំង។ ការ​បង្ក្រាប​នេះ ផ្ដើម​ចេញពី​ការ​ចាប់​ប្រធាន​សហជីព​លោក រ៉ុន ឈុន និង​ចំណាត់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចេញ​តវ៉ា។

លោក ប្រ៊ែដ អាដាម ថា ក្នុង​ស្ថានភាព​បែប​នេះ សហគមន៍​អន្តរជាតិ អាច​ដាក់​សម្ពាធ​របប​ក្រុង​ភ្នំពេញ​បាន ដោយ​រូបភាព​នៃ​ការ​ផ្ដាច់​ជីពចរ​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច។ ការ​ផ្ដាច់​ជីពចរ​នេះ គឺ​លោក​សំដៅ​លើ​ទណ្ឌកម្ម​លើ​បុគ្គល ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​នៃ​របប​សព្វថ្ងៃ ដូចជា ការ​បង្កក​ទ្រព្យ​សម្បត្តិ និង​បិទ​ទិដ្ឋាការ​ជា​ដើម ព្រោះ​មន្ត្រី​គ្រាក់ៗ រួម​ទាំង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ផង សុទ្ធតែ​មាន​ទ្រព្យ​នៅ​បរទេស​យ៉ាង​សន្ធឹក៖ «ខ្ញុំ​ថា​វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត គឺ​តាម​រក​ប្រភព​នៃ​អំពើ​ពុក​រលួយ ដែល​មន្ត្រី និង​អ្នក​ទាំងអស់​នោះ​ប្រព្រឹត្ត និង​ប្រភព​ទ្រព្យ​សម្បត្តិ​ពួក​គេ។ ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ជា​ការ​សំខាន់​មួយ​ដែរ ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​ការ​តាម​រក​ប្រភព​គណនី​ធនាគារ​របស់​ពួក​គេ ដែល​លាក់​ទុក​នៅ​ក្រៅ​ប្រទេស។ មាន​តែ​ធ្វើ​បែប​នេះ​ទេ ទើប​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ដឹង​ខ្លួន និង​ឈឺ​ចាប់»

ជា​សារ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ដើម្បី​ចាត់​ការ​លើ​មន្ត្រី​របប​ក្រុង​ភ្នំពេញ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ បន្ថែម​វិធានការ​ដាក់​ទណ្ឌកម្ម និង​សម្ពាធ​លើ​របប​ក្រុង​ភ្នំពេញ ដោយ​ផ្ដោត​លើ​ទណ្ឌកម្ម​បុគ្គល​ទាំង​នេះ។

កន្លងមក​យន្តការ​តាមរយៈ​ច្បាប់​ដាក់ទណ្ឌកម្ម​សាល​កល ឬ the Global Magnitsky Act ត្រូវ​បាន​សហរដ្ឋអាមេរិក អនុវត្ត​លើ​មន្ត្រី​គ្រាក់ៗ នៃ​របប​ក្រុង​ភ្នំពេញ ជា​បណ្ដើរៗ ហើយ។ រដ្ឋាភិបាល​ប្រទេស​លោកសេរី​មួយ​ចំនួន​ទៀត ក៏​កំពុង​ពិចារណា​យន្តការ​នេះ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព្រះសង្ឃ​៦​អង្គ គេច​ព្រះ​កាយ​ដើម្បី​សុវត្ថិភាព ក្រោយ​ចូលរួម​ទាមទារ​ដោះលែង លោក រ៉ុង ឈុន

$
0
0

ព្រះសង្ឃ​ចំនួន​៦​អង្គ​ដែល​គង់នៅ​វត្ត​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ កំពុង​ភៀស​ព្រះ​កាយ​ដោយ​ព្រួយបារម្ភ​ពី​សុវត្ថិភាព បន្ទាប់ពី​បាន​ចូលរួម​សកម្មភាព​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស។ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​បារម្ភ​ពី​ស្ថានភាព​នៃ​ការ​ភ័យខ្លាច​នាំ​ឱ្យ​ភៀស​ព្រះ​កាយ​នេះ ក្នុង​គ្រា​ដែល​ព្រះសង្ឃ​ចូលរួម​សកម្មភាព​សង្គម ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។

ព្រះសង្ឃ​ដែល​បាន​ភៀស​ព្រះកាយ​បាន​ឱ្យ​អាស៊ីសេរី​ដឹង​ថា ព្រះតេជព្រះគុណ​ព្រួយបារម្ភ​ពី​សុវត្ថិភាព បន្ទាប់ពី​បាន​ឃើញ​អាជ្ញាធរ​និង​មន្ត្រី​សង្ឃរាជ​ធានី​ភ្នំពេញ​ចាប់​បញ្ជូន​ព្រះសង្ឃ​សមាជិក​ខ្មែរ​ថាវរៈ​ត្រឡប់​ទៅ​ខេត្ត​បាត់ដំបង​វិញ ហើយ​ព្រមាន​មិន​ឱ្យ​ចូលរួម​សកម្មភាព​តស៊ូ​មតិ​ទាមទារ​ដោះលែង​លោក រ៉ុង ឈុន។

ព្រះសង្ឃ​មួយ​អង្គ​ដែល​គង់នៅ​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ ក្នុងចំណោម​ព្រះសង្ឃ​ភៀស​ព្រះកាយ ៦​អង្គ សុំ​លាក់​ព្រះនាម ឱ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី​៥ សីហា ថា ព្រះតេជព្រះគុណ​បាន​ចូលរួម​សកម្មភាព​តវ៉ា​ទាមទារ​ដោះលែង​លោក រ៉ុង ឈុន ៣​ថ្ងៃ​ជាប់​គ្នា ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣ សីហា ដោយ​ព្រះអង្គ​ជ្រាប​ពី​តម្រុយ​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ព្រះសង្ឃ ទើប​ព្រះសង្ឃ​៦​អង្គ មិន​ហ៊ាន​ចូល​វត្ត និង​គេច​ព្រះ​កាយ​ផ្អាក​ចូលរួម​ការ​តវ៉ា​មួយ​គ្រា​សិន​៖ «អាត្មា​នៅ​ទីក្រុង​ភ្នំពេញ​គេ​តាម​ប្រមាញ់​យើង​វា​ពិបាក រឿង​ផ្លូវ​គេ​គូស​ឱ្យ​យើង​ដើរ វា​ពិបាក​ណាស់​។ អាត្មា​ធ្វើ​សកម្មភាព ២-៣​ថ្ងៃ​ហ្នឹង​វា ពិបាក អាជ្ញាធរ​គេ​មិន​ឱ្យ​យើង​ចូលរួម ហើយ​ឃើញ​យុវជន​គាត់​តវ៉ា​ខ្លាំងក្លា​ណាស់​។ យើង​ធ្វើ​មិន​ឈ្នះ​ពួក​អាជ្ញាធរ​គេ ឃាត់ឃាំង​គេ​ធ្វើទុក្ខបុកម្នេញ​តាម​សកម្មភាព​ដែល​មើល​ឃើញ​ញោម​! ព្រះសង្ឃ​ក៏​មិន​ឱ្យ​យើង​ចូលរួម​ដល់​យប់មិញ​ទទួល​គេ​ចាប់​គេ​អី ផ្ទុះ​សារាយ​​ទៅ​ធ្វើ​ឱ្យ​ពួក​អាត្មា​ភៀស​ព្រះកាយ​ចេញពី​វត្ត​នីមួយ​គ្រប់​អង្គ​ទៅ»

ក្ដី​បារម្ភ​នេះ បន្ទាប់ពី​មន្ត្រី​សង្ឃ​និង​អាជ្ញាធរ​បាន​បញ្ជូន​ព្រះសង្ឃ​ឯករាជ្យ និង​ព្រះសង្ឃ​ជា​សមាជិក​ខ្មែរ​ថាវរៈ​៨​អង្គ ត្រឡប់​ទៅ​ខេត្ត​បាត់ដំបង​វិញ កាលពី​រសៀល​ថ្ងៃ​ទី​៥ សីហា​។ មន្ត្រី​សង្ឃរាជ​ធានី​ភ្នំពេញ បាន​ឃាត់​ព្រះ​កាយ​ព្រះសង្ឃ​ទាំង ៨​អង្គ​នៅ​វត្ត​នួនមណីយរាម ហៅ​វត្ត​ថាន់ ក្នុង​ខណ្ឌ​ចំការមន នៅ​ពេល​ព្រះអង្គ​កំពុង​គង់នៅ ដើម្បី​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​ក្រុម​យុវជន​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក រ៉ុង ឈុន នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ។

ទាក់ទង​នឹង​ដំណឹង​ពី​ការ​ភៀស​ព្រះកាយ​នេះ ជំនួយការ​ព្រះ​មេគុណ​រាជធានី​ភ្នំពេញ​ព្រះតេជព្រះគុណ សំ អូន មាន​ថេរ​ដីកា​ថា ព្រះអង្គ​ពុំបាន​ដឹង​ថា ព្រះសង្ឃ​អង្គណា​បាត់​ព្រះកាយ ឬ​ភៀស​ព្រះ​កាយ​នោះ​ទេ​។ ចំណែក​ព្រះសង្ឃ​ទាំង​៨​អង្គ ត្រូវ​បាន​មន្ត្រី​សង្ឃ​បញ្ជូន​ទៅ​ខេត្ត​បាត់ដំបង​វិញ ព្រោះតែ​ព្រះសង្ឃ​ទាំងនោះ​បាន​ចាក​ចេញពី​វត្ត​នៅ​ក្នុង​រដូវ​ចូល​ព្រះវស្សា ប្រាសចាក​ធម៌​វិន័យ។

ថ្វីបើ​អះអាង​ពី​ចំណាត់ការ​លើ​ព្រះសង្ឃ​យ៉ាង​នេះ​ក្ដី ក្រុម​យុវជន​ដែល​ទាមទារ​ដោះលែង​លោក រ៉ុង ឈុន ថ្កោលទោស​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ព្រះសង្ឃ​ដោយ​ខុសច្បាប់។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​ព័ត៌មាន​ពី​ការ​ភ័យព្រួយ​ពី​សុវត្ថិភាព​របស់​ព្រះសង្ឃ​ទាំងនោះ​ដែរ​។ លោក​ពន្យល់​ថា សកម្មភាព​ណាមួយ​ក្នុង​រូបភាព​រារាំង​ព្រះសង្ឃ​មិន​ឱ្យ​ចូលរួម​នេះ គឺជា​ការរំលោភ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ដែល​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​អន្តរជាតិ​។ លោក​បញ្ជាក់​ថា រីឯ​ការ​យក​ធម៌​វិន័យ​មក​ដាក់​គំនាប​ព្រះអង្គ​នេះ​ទៀតសោត គ្រាន់តែ​ជាហេតុ​ផល​មួយ ប៉ុន្តែ​មិន​គួរ​ឱ្យ​ព្រះសង្ឃ​មានការ​ភ័យខ្លាច​បែប​នេះ​ឡើយ​៖ «បញ្ហា​នេះ​គួរ​មានការ​សម្របសម្រួល​ណាមួយ​ប្រកបដោយ​សន្តិវិធី​ទៅ ដើម្បី​កុំ​ឱ្យ​ព្រះអង្គ​ទាំងអស់​មាន​អារម្មណ៍​ភ័យខ្លាច​ឬក៏​ភៀស​ព្រះកាយ​ចេញ​ព្រោះ​ទាក់ទង​ផ្លូវច្បាប់​មិនទាន់​មានអី​ខុស​នោះ​ទេ​។ ចង់​ឱ្យ​មានការ​ដោះស្រាយ​គ្នា ឬ​សម្របសម្រួល​ដើម្បី​ឱ្យ​ដើរ​តាម​ពុទ្ធឱវាទ​ទៅ​និង​គោរព​ព្រះសង្ឃ​ក្នុងនាម​សិទ្ធិពល​រដ្ឋ​ឱ្យ​រលូន​ទាំង​ផ្នែក​ពុទ្ធចក្រ​នោះ»

ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ទាំង​៨​អង្គ​គង់នៅ​ខេត្ត​បាត់ដំបង បាន​និមន្ត​ចូល​ធ្វើ​បាតុកម្ម​ជាមួយ​ក្រុម​យុវជន និង​ពលរដ្ឋ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន តាំង​ពី​ថ្ងៃ​ទី​១ ខែ​សីហា រហូត​មក​។ សមាជិក​ក្រុម​ខ្មែរថាវរៈ យុវតី ឈឿន ដារ៉ាវី ឱ្យ​ដឹង​ថា ព្រះសង្ឃ​ដែល​បាន​ភៀស​ព្រះ​កាយ និង​មិន​អាច​ទាក់ទង​បាន​សរុប ៦​អង្គ ក្នុង​នោះ​មាន​ព្រះនាម ស៊ឹម សុវណ្ណ ឌី និង​ព្រះតេជព្រះគុណ ប៊ូ បេត រួម​ទាំង​ព្រះសង្ឃ ៤​អង្គ​ផ្សេងទៀត​ដែល​បាត់​ព័ត៌មាន ភៀស​ព្រះ​កាយ​ផ្អាក​ចូលរួម​តវ៉ា ដើម្បី​សុវត្ថិភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សកម្មជន​ព្រៃឡង់​ម្នាក់​មក​បំភ្លឺ​នៅ​កងអាវុធហត្ថ​កំពង់ធំ ក្រោយ​រង​​បណ្ដឹង​ពី​ឈ្មួញ​ឈើ

$
0
0

មន្ត្រី​អាវុធហត្ថ​ស្រុក​សណ្ដាន់​កោះហៅ​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ​ម្នាក់ មក​សួរនាំ បន្ទាប់ពី​ទទួល​ពាក្យ​បណ្ដឹង ពី​ឈ្មួញ​ឈើ​។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត​ករណី​នេះ​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​កុំ​ឱ្យ​អ្នកការពារ​ព្រៃឈើ​ក្លាយ​ជា​ជនរងគ្រោះ ដោយសារតែ​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ។

មន្ត្រី​អាវុធហត្ថ​ស្រុក​សណ្ដាន់ បាន​កោះហៅ សមាជិក​សហគមន៍​ព្រៃឡង់ លោក ចាន់ ធឿន មក​សួរនាំ​ជាង ១​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ទី៦ សីហា ក្រោយពី​អ្នកការពារ​ព្រៃឈើ​រូប​នេះ បាន​ថត​គោយន្ត​ដឹក​ឈើ​ខុសច្បាប់ កាលពី​ចុងខែ​កក្កដា​កន្លង​ទៅ។ ចំណែក បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ២០​នាក់ បាន លើកគ្នា​ឃ្លាំមើល នៅ​ស្នាក់ ការ​មន្ត្រី​អាវុធហត្ថ ស្រុក​សណ្ដាន់។

សមាជិក​សហគមន៍​ព្រៃឡង់ លោក ចាន់ ធឿន ឱ្យ​ដឹង​ថា ឈ្មួញ​ឈើ​ឈ្មោះ សេង យ៉ាងគួ បាន​ប្តឹង​លោក​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ និង​ទាមទារ​ប្រាក់​សំណង ២ ពាន់​ដុល្លារ​។ លោក​បញ្ជាក់​ថា លោក សេង យ៉ាងគួ គឺជា​កូន​មេបញ្ជាការ​រង​កង​អាវុធហត្ថ​ខេត្ត​កំពង់ធំ និង​ជា​ឈ្មួញ​រកស៊ី​ឈើ ច្រើន​ឆ្នាំ​មក​ហើយ​។ លោក​បញ្ជាក់​ថា កាល​ពីពេល​ថ្មីៗ​នេះ លោក​បាន​ថត​គោយន្ត​ដឹក​ឈើ​ចេញពី​ព្រៃ​ឡង់ ហើយ​ឈ្មួញ​ឈើ​រូប​នេះ បាន​ស្ទុះ​ប្រទាញប្រទង់ ដណ្ដើម​ទូរស័ព្ទ​ពី​លោក រួច​ក៏​ប្តឹង​លោក ទៅ​មន្ត្រី​អាវុធហត្ថ ៖ «ចោទ​ខ្ញុំ​ពី​បទ​ថា ខ្ញុំ​កាក់​កាឡេថង (​គោយន្ត​) ថា គេ​ដឹក​ឈើ​ធ្វើ​ផ្ទះ ហើយ​ទាញ​យក​ទូរស័ព្ទ​ថត និង​ទាញ​កាំបិត​គំរាម​គេ​។ រាល់ថ្ងៃ​អស់ហើយ​ឈើ​នៅ​ព្រៃ​ឡង់​ដឹក​ឈើ​រាល់ថ្ងៃ បាន​ខ្ញុំ​យក​ទូរស័ព្ទ​ថត​បង្ហោះ​ទេ និង​ផ្ញើ​បណ្ដាញ​ព្រៃឡង់»

ឆ្លើយតប​ការ​លើកឡើង​នេះ ដើម​បណ្តឹង លោក សេង យ៉ាងគួ និយាយ​ថា មូលហេតុ​ដែល​លោក​ប្តឹង ដោយសារ​សកម្មជន​ព្រៃ​ឡង់​រូប​នេះ បាន​ថតរូប លោក​ដឹក​ឈើ​ធ្វើ​ផ្ទះ​បន្តិចបន្តួច ។ លោក​ថា ឈើ​ដែល​ដឹក​តាម​គោយន្ត​នោះ លោក​ទិញ​ពី​ពលរដ្ឋ​នៅ​មូលដ្ឋាន មិនមែន​ជា​ឈើ ដឹក​ចេញពី​ព្រៃ​ឡង់​នោះ​ទេ​។ បន្ថែម​ពី​នេះ​ទៀត លោក​មិន​ចង់​ឱ្យ​មានរឿង​វែងឆ្ងាយ​នោះ​ទេ ប្រសិនបើ សហគមន៍​ព្រៃ​ឡង់​ឯកភាព​សម្របសម្រួល​បញ្ចប់​រឿង ត្រឹម​អាវុធហត្ថ​ស្រុក​សណ្ដាន់ ៖ «ប្តឹង​គាត់​ពី​បទ គាត់​មក​ថត​ខ្ញុំ ដោយសារ​គ្មាន​ការអនុញ្ញាត​ពី​ខ្ញុំ​។ ដឹក​ឈើ​ក្នុង​ភូមិ​តើ ឈើ​ជជុស ដែល​អ្នកភូមិ​គេ​លក់​អស់ហើយ នៅ​សល់ ខ្ញុំ​សុំ​ទិញ​គេ​។ បើ​សិន​គាត់ ព្រម​សម្របសម្រួល ខ្ញុំ​ព្រម​នៅ​កន្លែង​ហ្នឹង​ហើយ បើសិនជា​គាត់​មិន​ព្រម ស្រេច​តែ​សមត្ថកិច្ច​គេ​បញ្ជូន​ទៅទៀត»

មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សណ្ដាន់ លោក លក វង្ស បញ្ជាក់​យ៉ាង​ខ្លី​ថា ភារកិច្ច​របស់​សមត្ថកិច្ច ត្រូវតែ​កោះហៅ​មក​សួរនាំ ក្រោយ​ពី​ទទួល​ពាក្យ​បណ្ដឹង​។ លោក​ថា សំណុំ​រឿង​នេះ មិនទាន់​ចប់​នៅឡើយ​ទេ ព្រោះ​ភាគី​សងខាង​មិនទាន់​សម្របសម្រួល​គ្នា ហើយ​លោក​បាន​ដោះលែង សកម្មជន​ព្រៃ​ឡង់​ទៅផ្ទះ​វិញ​ហើយ៖ «គេ​ប្ដឹង យើង​ហៅ​សួរនាំ មានអី ! តែ​ប៉ុណ្ណឹង​តើ​។ បើ​អត់​មាន​ពាក់ព័ន្ធ​អី ឱ្យ​ទៅ​វិញ​ហើយ បើ​ប្រជាជន​គេ​ប្ដឹង​យើង​ត្រូវតែ​សួរនាំ»

ប្រធាន​បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​កំពង់ធំ លោក ហឿន សុភាព មើល​ឃើញ​ថា អ្នកការពារ​ព្រៃឈើ បាន​ក្លាយ​ជា​ជនរងគ្រោះ ដោយសារតែ​ការពារ​ធនធានធម្មជាតិ​ទៅវិញ​។ ចំណែក អ្នក​រកស៊ី​ឈើ​ខុសច្បាប់​បែរជា​ប្ដឹង​អ្នកការពារ​ព្រៃឈើ ដោយសារតែ​ប៉ះពាល់​ប្រយោជន៍​របស់​ខ្លួន​៖ «ពាក្យ​បណ្ដឹង​ហ្នឹង​បទល្មើស ខាង​ដឹក​ឈើ គាត់​ទៅ​ដាក់​ពាក្យ​បណ្ដឹង តែ​មន្ត្រី​សមត្ថកិច្ច​ក៏​មិនបាន​ស្រាវជ្រាវ ឱ្យ​ច្បាស់​ថា ជនរងគ្រោះ​ជា​អ្នកណា​? ហើយ​ជនរងគ្រោះ គឺជា​បណ្ដាញ​ព្រៃឡង់ ជា​អ្នក​ដែល​ជួយ​ការពារ ធនធានធម្មជាតិ​។ ប៉ុន្តែ​ពេលនេះ វា​ទៅជា ខាង​បទល្មើស​ខុសច្បាប់ ទៅ​ខាង​បណ្ដឹង ដែល​គេ​ចោទ​យើង​រឿង​អី​ផ្សេងៗ»

ឯមន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ សង្កេត​ឃើញ​ថា អ្នក​រកស៊ី​ឈើ​ខុសច្បាប់​ភាគច្រើន មាន​ខ្នងបង្អែក​អ្នក​មានអំណាច​កាង​ការពារ​។ លោក​ថា អាជ្ញាធរ​គួរតែ​ស៊ើបអង្កេត​រឿង​នេះ ឱ្យ​ច្បាស់លាស់ និង​ត្រូវ​អនុវត្ត​ច្បាប់ លើ​អ្នក​ដែល​ដឹក​ឈើ​ខុសច្បាប់​ផង​ដែរ៖ «ឈ្មួញ​ទាំងអស់​ហ្នឹង គេ​រកស៊ី​មកដល់ពេលនេះ មាន​ស្គាល់ ឬ​មាន​ខ្នង ឬ​បាន​សូកប៉ាន់ ទៅ​មន្ត្រី​នគរបាល​យុត្តិធម៌ ដែល​ទទួលខុសត្រូវ រឿង​ព្រៃឈើ​ហ្នឹងហើយ​។ បើសិនជា ឈ្មួញ​ហ្នឹង មិន​មាន​អាង​សមត្ថកិច្ច​នៅ​ពីក្រោយ​ទេ ប្រាកដជា​មិន​ហ៊ាន​ប្រើ​បណ្ដឹង​ហ្នឹង​ទេ»

ក្រុម​ស្នូល​ព្រៃឡង់​ខេត្ត​កំពង់ធំ បន្ថែម​ថា ពួកគេ​នឹង​បន្ត​ឃ្លាំមើល​ដំណើរការ សំណុំ​រឿង​នេះ ហើយ​ពួកគេ​ប្ដេជ្ញា​ថា នឹង​ថតរូប​បទល្មើស​ព្រៃឈើ​គ្រប់​រូបភាព បើ​ទោះ​បី​ជា​រង​ការ​គំរាមកំហែង​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុមហ៊ុន​អាកាសចរណ៍ អាណា (ANA) ផ្អាក​ការហោះហើរ​មក​កម្ពុជា រហូតដល់​ចុងខែ​កញ្ញា​

$
0
0

ក្រុមហ៊ុន​អាកាសចរណ៍ អាណា (All Nippon Airways-ANA) ប្រកាស​ផ្អាក​ការ​ហោះហើរ​មក​កម្ពុជា រហូត​ដល់​ចុងខែ​កញ្ញា ឆ្នាំ២០២០ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ (Covid-19)។

សេចក្ដី​ប្រកាស​របស់​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ជប៉ុន ឲ្យដឹង​ថា ការ​ផ្អាក​ជើង​ហោះហើរ​ពី​ទីក្រុង​ណារីតា (Narita) មក​ភ្នំពេញ នេះ គឺ​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​ទី៥ ខែសីហា រហូត​ដល់​មាន​ការ​ជូន​ដំណឹង​នា​ពេល​ក្រោយ។ ចំណែក​ឯ​ក្រុមហ៊ុន​អាកាសចរណ៍​វិញ ក៏​បាន​ស្នើ​អតិថិជន​ក្នុង​ស្រុក និង​នៅ​ក្រៅ​ប្រទេស​ផ្សេង​ទៀត ត្រូវ​ទាក់ទង​មក​ក្រុមហ៊ុន​ជាមុន​សិន មុន​នឹង​ចេញ​ដំណើរ ដោយសារ​បច្ចុប្បន្ន​នេះ មាន​ការ​ផ្លាស់​ប្ដូរ​ជើង​ហោះហើរ​ជា​ច្រើន​ដោយ​កាត់​បន្ថយ​ជើង​ហោះហើរ។

ក្រុមហ៊ុន​អាកាសចរណ៍ (ANA) គឺ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ​បំផុត​មួយ​របស់​ជប៉ុន បាន​ចាប់​ផ្ដើម​ការ​ហោះហើរ​ជា​លើក​ដំបូង​មក​ទីក្រុង​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី១ ខែកញ្ញា ឆ្នាំ២០១៦ ដោយ​ហោះហើរ ៧ជើង​ក្នុង ១សប្ដាហ៍ និង​ប្រើប្រាស់​ប្រភេទ​យន្តហោះ ប៊ូអ៊ីង ៧៨៧។ ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេង​ទៀត ដូចជា កូរៀន អ៊ែរ (Korean Air) និង​ក្រុមហ៊ុន​អាកាសចរណ៍ អាស្យ៉ាណា (Asiana Airlines) បាន​កាត់​បន្ថយ​ជើង​យន្តហោះ​រាល់ថ្ងៃ​មក​កម្ពុជា មក​ត្រឹម ៣ដង​ក្នុង​មួយ​សប្ដាហ៍​វិញ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ និង​សកម្មជន គាំទ្រ​សកម្មភាព​របស់​ក្រុម​យុវជន​ដែល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន

$
0
0

ក្រុម​ពលរដ្ឋ កម្មករ និង​សកម្មជន គាំទ្រ​សកម្មភាព​ក្រុម​យុវជន​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន ព្រោះ​លោក រ៉ុង ឈុន គ្មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ក្រុង​ភ្នំពេញ​នោះ​ទេ។ ជាមួយគ្នា​នេះ ក្រុម​ពលរដ្ឋ​ថ្កោលទោស​ទង្វើ​បង្ក្រាប​របស់​អាជ្ញាធរ ដោយ​ចាត់ទុកជា​ការ​រឹតត្បិត​សិទ្ធ​សេរីភាព​របស់​ប្រជាពលរដ្ឋ។

កម្មករ​រោង​ចក្រ​វ៉ាយអូលែ​ត (VIOLET APPAREL CAMBODIA CO,.LTD) លោកស្រី ចាន់ ម៉ាលីណា ឱ្យ​ដឹង​ថា លោកស្រី​គាំទ្រ​សកម្មភាព​របស់​ក្រុម​យុវជន​ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​លោក រ៉ុង ឈុន។ លោកស្រី​ថា លោក រ៉ុង ឈុន ជា​អ្នកការពារ​សិទ្ធិមនុស្ស ដែល​ហ៊ាន​បញ្ចេញមតិ​ការពារ​ប្រយោជន៍ជាតិ និង​ទឹកដី​របស់​ខ្លួន តែ​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ ចាប់​ឃុំខ្លួន និង​ចោទប្រកាន់​ទាំង​អយុត្តិធម៌៖ «ឲ្យតែ​មាន​អ្នកណា​ដែល​ស្ម័គ្រចិត្ត​ជួយ​កម្មករ ជួយ​ប្រជាជន រៀង​រើ​បម្រះ​តិច គាត់​គិតតែពី​ចាប់​អញ្ចឹង អ៊ីចឹង​ដឹង​មាន​ន័យ​ស្អីៗ ទេ មិនបាច់​ចាំ​បោះឆ្នោត មិនបាច់​មាន​ធ្វើ​ស្អីៗ គាំទ្រ មាន​បក្ស​ស្អីៗ មក​ទេ ឲ្យ​មានតែ​គាត់​ហ្មង​ទៅ បើ​ងាក​ចាប់ៗ ចឹង ហើយ​គាត់​គិតតែពី​គាត់​ត្រូវ​រហូត​ចឹង។ បើ​តាម​ពួក​ខ្ញុំ​គិត​ថា គាត់​ចាប់​ហ្នឹង​ដោយសារ​អី ដោយសារ​គាត់​ខ្លាច​កម្មករ​ហ្នឹង​បះបោរ កម្មករ​ហ្នឹង​គាំទ្រ ដូច​ថា បើសិនជា​ចាប់​គាត់​មួយ​ទៅ កម្មករ​អត់មាន​នរណា​ហ៊ាន​បះបោរ ស្អីៗ ក៏​គ្មាន​ហ៊ាន​តវ៉ា គាត់​បញ្ជា​ទៅ​ណា​ទៅ​ហ្នឹង តាមតែ​ចិត្ត​គាត់​ចង់​បញ្ជា»

ចំណែក ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ លោក ម៉ាត់ វណ្ណ​នី យល់ឃើញ​ថា ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន ជា​រឿង​នយោបាយ។ លោក​គាំទ្រ​សកម្មភាព​របស់​ក្រុម​យុវជន​ចំពោះ​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង លោក រ៉ុង ឈុន បើ​ទោះបីជា​មានការ​បង្ក្រាប និង​ការរំលោភ​សិទ្ធិមនុស្ស​ពី​រដ្ឋាភិបាល​កម្ពុជា។ លោក​ស្នើ​ដល់​គ្រប់​គណបក្ស​នយោបាយ​គួរ​ចូលរួម​ឈឺឆ្អាល​អំពី​ភាព​អយុត្តិធម៌​ដែល​កើតមាន​ជាបន្តបន្ទាប់​នេះ៖ «ខ្ញុំ​គឺ​គាំទ្រ​ពេញទំហឹង​សម្រាប់​ការចូលរួម​នេះ។ វា​ជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ណាស់​អានេះ បើ​យោង​តាមច្បាប់​រដ្ឋធម្មនុញ្ញ​មាត្រា ៣៥ បាន​ន័យ​ច្បាស់​ហើយ។ អាជ្ញាធរ​អត់មាន​អី​ប្រកែក​រួច​ទេ ពីព្រោះ​ថា ការ​ធ្វើ​របស់​យុវជន​ហ្នឹង វា​អនុលោម​ទៅ​តាម​ច្បាប់ ប៉ុន្តែ​អ្នក​កំហុស​ឆ្គង​នេះ គឺ​អាជ្ញាធរ​ទេ ដែល​ការ​បង្ក្រាប​អី​ហ្នឹង ត្រូវ​យកលេស​អី​សព្វបែបយ៉ាង​ហ្នឹង អា​ហ្នឹង​យើង​មើល​ឃើញ​ទាំង​អស់​គ្នា​ហើយ យើង​ឃើញ​ថា មាន​រូបភាព​នយោបាយ​ជា​ដដែលៗ ហ្នឹង។ អា​ហ្នឹង​ដោយសារ​អី ដោយសារតែ​គាត់​ភ័យខ្លាច​ប្រជាពលរដ្ឋ​គេ​ខឹង​សម្បារ។ គេ​ចាំតែ​ថ្ងៃណាមួយ​ដែលគេ​មាន​ឱកាស​ហ្នឹង​គេ​នឹង​ងើប​ធ្វើការ​តវ៉ា ទាមទារ​សិទ្ធ​សេរីភាព គេ​ទាមទារ​អា​សន្លឹកឆ្នោត​ដែល​បាត់បង់​ទៅវិញ​នោះ អា​ហ្នឹង​ចង់​ ឬ​មិន​ចង់ អាជ្ញាធរ​គាត់​អនុវត្ត​តាម​បែប​នយោបាយ​ហើយ»

ស្រដៀងគ្នា​នេះ យុវតី​មួយ​រូប​នៅ​រាជធានី​ភ្នំពេញ កញ្ញា យិន ម៉ូលីនី ឲ្យដឹង​ថា កញ្ញា​គាំទ្រ​ការ​តវ៉ា​របស់​ក្រុម​យុវជន និង​ថ្កោលទោស​ការ​បង្ក្រាប និង​ការ​បៀតបៀន​របស់​ក្រុម​អាជ្ញាធរ​មក​លើ​យុវជន និង​ពលរដ្ឋ​ផ្សេង​ទៀត ដែល​ទាមទារ​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន៖ «ខ្ញុំ​មិន​គាំទ្រ​សម្រាប់​វិធានការ​ដែល​ខាង​សមត្ថកិច្ច​គាត់​ចាត់ការ​មក​លើ​ក្រុម​អ្នក​ទាមទារ​នោះ​ឡើយ ខ្ញុំ​សូម​ស្នើសុំ​ទៅ​ខាង​រាជរដ្ឋាភិបាល ក្រុម​សមត្ថកិច្ច​ទាំងអស់​ឲ្យ​ជួយការ​ពារ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពេល​ទាមទារ​រក​ភាព​យុត្តិធម៌​សម្រាប់​លោក រ៉ុង ឈុន មិនមែន​មក​បំពុល​ពួក​ខ្ញុំ មិនមែន​មក​ដេញ​វ៉ៃ​ពួក​ខ្ញុំ ពីព្រោះ​ពួក​ខ្ញុំ​មិន​មែន​បាន​ទៅ​សម្លាប់​មនុស្ស មិនមែន​បាន​ទៅ​ប្លន់​ដី​ប្រជា​ពលរដ្ឋ​ទេ។ សូមឲ្យ​ខាង​អាជ្ញាធរ​មាន​ការ​ការពារ​យក​ក្ដី​ស្រឡាញ់ ដាក់​លើ​ប្រជាពលរដ្ឋ មិន​មែន​យក​ទង្វើ​ហិង្សា​យក​មក​ដាក់​លើ​ពួក​ខ្ញុំ​ឡើយ»

ដូចគ្នា​នេះ​ដែរ ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​សង្កាត់​អូរ​ចា លោក រុន ចន្ធី សោក​ស្ដាយ​ចំពោះ​របប​ក្រុងភ្នំពេញ ដែល​បង្ក្រាប​មក​លើ​អ្នក​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​និយាយ​ការ​ពិត​អំពី​បញ្ហា​សង្គម។ លោក​ចាត់​ទុក​សកម្មភាព​របស់​ក្រុម​យុវជន ពលរដ្ឋ កម្មករ និង​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ថា ជា​រឿង​ត្រឹមត្រូវ​បំផុត៖ «វា​ជា​រូបភាព​មួយ​ដែល​រំលោភ​ទៅលើ​សិទ្ធិ​មនុស្ស ហើយ​នឹង​សិទ្ធិ​របស់​ពលរដ្ឋ ហើយ​បំពាន​ទៅលើ​ច្បាប់​ទាំង​អស់​ហ្នឹង។ ហើយ​អ្វី​ដែល​លោក រ៉ុង ឈុន ធ្វើ​នេះ បើ​យើង​មើល​ទៅ គឺ​ជា​រឿង​មួយ​ដែល​ល្អ​ដែល​គាត់​មាន​សកម្មភាព​ក្នុង​ការ​ទាមទារ​រក​ផល​ប្រយោជន៍​ទៅ​ដល់​កម្មករ​កម្មការិនី ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បន្ទាត់​ព្រំដែន។ ខ្ញុំ​ឃើញ​ថា ជា​រឿង​មួយ​ល្អ ព្រោះ​គាត់​បាន​ផ្សាយ​ដំណឹង បាន​ផ្តល់​ព័ត៌មាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យដឹង​អំពី​បញ្ហា​យួន​ឈ្លានពាន​ទឹកដី​ខ្មែរ ហើយ​វា​គួរ​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត និង​ឲ្យ​តម្លៃ​ទៅ​លើ​គាត់ តែ​អ្វី​ដែល​យើង​ឃើញ​ទៅវិញ យើង​ឃើញ​មាន​ការ​ចាប់​ខ្លួន​នេះ យើង​ពិត​ជា​សោក​ស្ដាយ ហើយ​មិន​គួរឲ្យ​មាន​រឿង​ទាំង​នេះ​កើត​ឡើង​ជា​បន្ត​បន្ទាប់។ រាល់​ជន​ទាំង​ឡាយ​ណា​ដែល​និយាយ​ការ​ពិត ដែល​ទាក់ទង​នឹង​ផល​ប្រយោជន៍​សង្គម​ហ្នឹង ច្រើន​តែ​របប​លោក ហ៊ុន សែន ហ្នឹង​ធ្វើបាប​ជា​រឿយៗ មាន​ចាប់​ដាក់​គុក មាន​រត់​ចោល​ស្រុក ហើយ​ដូចជា​បាញ់សម្លាប់​អី​ជា​ដើម​ផ្សេងៗ នេះ​ជា​អ្វី​ដែល​យើង​សោក​ស្ដាយ»

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន លោក រ៉ុង ឈុន កាលពី​យប់​ថ្ងៃទី៣១ កក្កដា ដោយ​ចោទ​លោក​ពី​បទ “ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ក្រោយពេល​លោក​និយាយ​រិះគន់​រឿង​ព្រំដែន​កម្ពុជា​-វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ។ ពេលនេះ លោក រ៉ុង ឈុន កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស រង់ចាំ​សវនាការ​របស់​តុលាការ។

ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ បាន​ធ្វើ​ឱ្យ​ក្រុម​ពលរដ្ឋ កម្មករ និង​យុវជន​មួយ​ចំនួន ផ្ទុះ​កំហឹង ហើយ​នាំគ្នា​ប្រមូល​ផ្ដុំ​ស្រែក​តវ៉ា សុំ​ឱ្យ​តុលាការ​ដោះលែង​លោក​វិញ។ ទោះ​ជា​យ៉ាង​ណា ការ​ប្រមូល​ផ្ដុំ​ស្រែក​ទាមទារ​នេះ បាន​រង​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​អាជ្ញាធរ​ជា​ហូរហែ។ ជា​ឧទាហរណ៍ កាល​ពី​ថ្ងៃ​ទី៥ សីហា កងកម្លាំង​សន្តិសុខ​ខណ្ឌ ៧មករា បានប្រើ​ហិង្សា​រុញច្រាន វាយ​ទាត់​ធាក់ ក្រុម​អ្នក​តវ៉ា បណ្ដាលឲ្យ​យុវតី​ម្នាក់​រង​របួស និង​ម្នាក់​សន្លប់។ ករណី​ខ្លះ​ទៀត​ក្រុម​អ្នក​តវ៉ា​ដែល​ភាគ​ច្រើន​ជា​យុវតី​អះអាង​ថា ពួក​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​ដែល​ជា​មនុស្ស​ប្រុស​ពេញ​កម្លាំង បាន​បន្លំ​បៀតបៀន​ពួក​គេ​ទៀត​ផង។ ក្រៅពី​នេះ អាជ្ញាធរ​បាន​ចាប់​ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ចំនួន ៨អង្គ បញ្ជូន​ទៅ​ខេត្ត​បាត់ដំបង​វិញ​ទាំង​បង្ខំ ក្រោយ​ពេល​ព្រះអង្គ​ចូលរួម​បាតុកម្ម​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​លោក រ៉ុង ឈុន។

យុវជន​មាតា​ធម្មជាតិ​កញ្ញា ឈឿន ដារ៉ាវី ដែល​សកម្ម​ក្នុង​ការ​តវ៉ា និង​ផ្សាយ​ពី​បាតុកម្ម​ទាំងនោះ​តាម​ហ្វេសប៊ុក ចាត់​ទុក​ទង្វើ​របស់​ក្រុម​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ថា ជា​ការ​បំបិទ​សិទ្ធិពល​រដ្ឋ និង​ជាសកម្ម​ភាព​កំពុង​បម្រើ​ផលប្រយោជន៍​ឲ្យ​បរទេស ច្រើនជាង​ជាតិ​របស់​ខ្លួន៖ «ពួក​យើង​នៅតែ​ព្យាយាម​ក្នុង​ការ​ដើរ ស្រែក​ដង្ហើយ​ហៅរក​យុត្តិធម៌ មិនបាន​ពី​តុលាការ​ក៏ដោយ គឺ​យើង​ទាមទារ​ឲ្យ​អន្តរជាតិ​ហ្នឹង​មើល​ឃើញ​ថា ប្រទេសខ្មែរ​យើង​គឺ​កំពុងតែ​ជួប​នឹង​ភាព​អយុត្តិធម៌ យើង​មើល​ឃើញ​ថា តុលាការ​មិន​ឯករាជ្យ ក្រសួង​យុត្តិធម៌​ក៏​យើង​មើល​ឃើញ​ថា ពិតជា​អយុត្តិធម៌​ក្នុង​ការចូលរួម​រារាំង មិន​ឲ្យ​ពួក​ខ្ញុំ​ហ្នឹង​ធ្វើការ​តស៊ូ​មតិ​ទាមទារ​រក​យុត្តិធម៌ ដើម្បី​សង្គម ដើម្បី​លោក រ៉ុង ឈុន ដែល​ជា​បុគ្គល​ស្នេហាជាតិ ការពារ​ទឹកដី​បែប​ហ្នឹង»

ទាក់ទង​នឹង​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ជាតិ​-អន្តរជាតិ បាន​ចេញ សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ករណី​នេះ​ជា​បន្តបន្ទាប់ ដោយ​ពិនិត្យ​ឃើញ​ថា នេះ​ជា​ការរំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ។ ពួក​គេ​បន្ត​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង និង​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​លោក រ៉ុង ឈុន ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង ២នាក់ និង​បន្ត​សាកសួរ ២នាក់​ទៀត​នៅ​ស្នងការ​រាជធានី​ភ្នំពេញ បន្ទាប់ពី​ចូលរួម​តវ៉ា​ដោះលែង​លោក រ៉ុង ឈុន

$
0
0

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ដោះលែង សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ២នាក់​វិញ​ហើយ ក្រោយពី​បាន​ចាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៤នាក់ បញ្ជូន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី៤ សីហា។ ប៉ុន្តែ​សកម្មជន ២នាក់​ទៀត​កំពុង​ស្ថិត ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​នៅឡើយ។ ការ​ចាប់ខ្លួន​នេះ ក្នុង​ពេល​ដែល​ពួក​គេ ចុះ​ឃ្លាំមើល​អាជ្ញាធរ​ឃាត់​ព្រះ​កាយ​ព្រះសង្ឃ ៨អង្គ​​នៅ​វត្ត​ថាន់ ខណ្ឌ​ចំការមន។ មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ចាប់ខ្លួន​នេះ ថា ជា​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​មក​លើ​មន្ត្រី​បក្ស​ប្រឆាំង។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ២នាក់​ដែល​អាជ្ញាធរ​ដោះលែង​នោះ​រួមមាន លោកស្រី ឈិន សុវណ្ណា និង​លោក អ៊ុក សំអូន ជា​ចៅសង្កាត់​ដង្កោ ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​កាល​ពី​យប់​ថ្ងៃ​ទី៦ សីហា ម្សិលមិញ។ កូន​ប្រុស​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី ឈិន សុវណ្ណា គឺ​លោក ជុំ ពុទ្ធោ ឲ្យ​អាស៊ី​សេរី​ដឹង​ថា ម្ដាយ​របស់​លោក បាន​មក​ដល់​ផ្ទះ​វិញ​ហើយ។ លោក​ចាត់​ទុក​ការ​បន្ត​ឃុំខ្លួន​ឪពុក​លោក​នេះ​ថា​ថា រឿង​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន ពី​ព្រោះ​ឪពុក​របស់​លោក​មិនបាន​ប្រព្រឹត្ត​ខុសច្បាប់​អ្វី​ឡើយ៖ «ខ្ញុំ​និយាយ​ជាមួយ​ប៉ាវ​ខ្ញុំ​បានតែ​មួយភ្លែត​ទេ​ដោយសារ​ប៉ូលិសគេ​ឈប់​ឱ្យ​និយាយ។ ខ្ញុំ​សំណូមពរ​ឱ្យ​ដោះលែង​ប៉ាវ​ខ្ញុំ​វិញ​ទៅ​ប៉ាវ​ខ្ញុំ​គាត់​អត់មាន​ខុស​អី​ទេ»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ឲ្យដឹង​ថា សកម្មជន ២នាក់​ផ្សេងទៀត កំពុង​ឋិតនៅ​ក្នុង​ស្នងការ​ក្រុងភ្នំពេញ​នៅឡើយ។

កាលពី​យប់​ថ្ងៃ​ទី៤ សីហា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៤នាក់ បាន​ចុះ​ឃ្លាំង​មើល​ករណី​អាជ្ញាធរ​ឃាត់​ព្រះ​កាយ​ព្រះសង្ឃ​ខ្មែរ​ថាវរៈ ចំនួន ៨អង្គ ក្នុង​វត្តនួនមនីយ​រាម ហៅ​វត្ត​ថាន់ ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ហើយ​ប៉ូលិស​បាន​ឃាត់ខ្លួន​ពួក​គេ​សាកសួរ និង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ សកម្មជន​គណបក្ស​ប្រឆាំង​ទាំង ៤នាក់​នេះ តែងតែ​ចូលរួម​តវ៉ា​ជាមួយ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​តុលាការ​ដោះលែង ប្រធាន​សហព័ន្ធសហជីពកម្ពុជា លោក រ៉ុង ឈុន។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត និង​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹម​ខឿន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ការ​ឃុំខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ទាំង ២នាក់​បានទេ​នៅ​ថ្ងៃ​ទី៦ សីហា ដោយ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ចំណែក​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ករណី​ចាប់ខ្លួន​នេះ គឺជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ការ​ជួប​ប្រជុំ​និង​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ។ លោក​ចាត់​ទុក​វិធានការ​នេះ​ថា ជា​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ ដើម្បី​រាំង​ខ្ទប់​កុំ​ឱ្យ​ពួក​គាត់​ចូលរួម​តវ៉ា​ប្រឆាំង​នឹង​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល៖ «នេះ​ជា​ការរារាំង​មួយ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មិន​អាច​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​បាន។ យើង​គិត​ហើយ​ថា ស្ថានភាព​បច្ចុប្បន្ន​នេះ​ទាំង​សហគមន៍​អឺរ៉ុប​អី​គេ​កំពុង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​សិទ្ធិមនុស្ស​បញ្ហា​ប្រជាធិបតេយ្យ​អី​ហ្នឹង យើង​ឃើញ​ថា មិន​មានការ​រីកចម្រើន​ទេវា​បែរ​ជា​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ។ តាម​ការ​មើល​របស់ខ្ញុំ​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​គឺ លំបាក​កាន់តែ​ខ្លាំង​ឡើង​អំពី​ការ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ហ្នឹង»

ចាប់ពី​ខែមករា ឆ្នាំ២០២០ មក​អាជ្ញាធរ​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២១នាក់​ហើយ ក្នុង​នោះ​ចំនួន ១៧នាក់ ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស។ ពួក​គេ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​រួមគំនិតក្បត់ ញុះញង់​កុំ​ឲ្យ​យោធា​ស្ដាប់​បង្គាប់ និង ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​ខ្លះ​ទៀត​ត្រូវ​បាន​ចោទ​ប្រកាន់ ពី​បទ​ជេរប្រមាថ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

HRWទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ហិង្សា​លើ​គ្រួសារ​​សមាជិក​បក្ស​ប្រឆាំង​កំពុង​ជាប់ឃុំ

$
0
0

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉​ច្ឆ (Human Rights Watch) ទាមទារ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​បញ្ឈប់​ការ​យាយី និង​ការ​បណ្តេញ​ដោយ​ហិង្សា​លើ​ក្រុម​គ្រួសារ​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជាប់​ពន្ធនាគារ ដែល​ពួកគាត់​តែង​ចេញ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ជា​រៀងរាល់ថ្ងៃ​សុក្រ ដើម្បី​ប្រឆាំង​នឹង​ការ​ចាប់​ឃុំខ្លួន​ទាំង​យុត្តិធម៌​នេះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ទទូច​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ក្រុម គ្រួសារ​របស់​សមាជិក​បក្ស​ប្រឆាំង បន្ត​ការ​តវ៉ា​ដោយ​សន្តិវិធី និង​ដោះលែង​សកម្មជន​នយោបាយ ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ដោយ​មិន​ត្រឹមត្រូវ​ទាំងនោះ។

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មានប្រសាសន៍​ក្នុង​សេចក្តី​ថ្លែងការណ៍ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ថា ករណី​ក្រុម​ប៉ូលិស និង​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ចាប់​អូស​ស្ត្រី អ្នក​តវ៉ា​តាម​ដង​ផ្លូវ និង​ចាប់​បោះ​ពួកគេ​ចូល​ក្នុង​ឡាន គឺ​កំពុង​បង្កើន​ការ​ព្រួយបារម្ភ​ជា​សកល​ចំពោះ​ការ​រំលោភបំពាន របស់ ប៉ូលិស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក ហ្វីល រ៉ូបឺត​សុន បន្ត​ថា អាជ្ញាធរ​កម្ពុជា គួរ​បញ្ឈប់​ទង្វើ​ហិង្សា​ប្រឆាំង​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ជាបន្ទាន់ និង​ត្រូវ​គោរព​សិទ្ធិ​សេរីភាព បញ្ចេញមតិ និង​ការ​ជួបជុំ​របស់​ប្រជាពលរដ្ឋ។

ប្រពន្ធ និង​កូនៗ រួម​ទាំង​សាច់ញាតិ​របស់​សមាជិក​បក្ស​ប្រឆាំង តែងតែ​ជួបជុំគ្នា​តវ៉ា​នៅ​ខាង​មុខ​សាលាដំបូង រាជធានី​ភ្នំពេញ ជា​រៀងរាល់ថ្ងៃ​សុក្រ ចាប់ពី​ថ្ងៃទី​១៩ ខែ​មិថុនា​មក ដើម្បី​ទាមទារ​ឲ្យ​តុលាការ ដោះលែង​អ្នក​ជាប់ឃុំ​ដោយ​មូលហេតុ​នយោបាយ​ទាំងនោះ​ឡើងវិញ​។ ការ​តវ៉ា​ដោយ​សន្តិវិធី​របស់​ពួកគេ តែងតែ​ត្រូវ​បង្ក្រាប​ដោយ​ហិង្សា ជាពិសេស​ការ​តវ៉ា​លើក​ទី​៧ កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​កក្កដា កង​សន្តិសុខ​ខណ្ឌ​៧ មករា បាន​រារាំង​មិន​ឲ្យ​ពួកគេ​ជួបជុំ​តវ៉ា​នៅ​ខាង​មុខ​តុលាការ​ឡើយ​។ ក្រុម​សន្តិសុខ​ទាំង​នោះ​បាន​ដណ្ដើម​បដា និង​រុញច្រាន​ស្ត្រី​អ្នក​តវ៉ា​មួយ​ចំនួន​ផ្ទប់​នឹង​ដី ហើយ​ចាប់​អូស​តាម​ដង​ផ្លូវ និង​ចាប់ខ្លួន​ស្ត្រី​តវ៉ា​ម្នាក់ គឺ​លោកស្រី សាត ផា បោះ​ចូល​ក្នុង​ឡាន​ដឹក​ទៅ​សាលា​ខណ្ឌ​ដើម្បី​សួរចម្លើយ និង​បង្ខំ​ឲ្យ​ចុះ​កិច្ច​សន្យា​ឈប់​ចូលរួម​តវ៉ា មុននឹង​ដោះលែង លោកស្រី​វិញ។

ប្រពន្ធ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ធន់ គឺ​លោក ស្រី សេង ចាន់ថន និយាយ​ថា ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ គឺជា​រឿង ត្រឹមត្រូវ ដោយសារ​ការ​តវ៉ា​របស់​ពួក​លោកស្រី កំពុង​ទទួលរង​ការ​ធ្វើទុក្ខបុកម្នេញ​កាន់តែ​ធ្ងន់ធ្ងរ​។ លោកស្រី បន្ត​ថា ការ​ខិតខំ​តស៊ូ​តវ៉ា​នេះ ដោយសារ​ការ​ចាប់​ឃុំខ្លួន​ប្តី​លោកស្រី និង​សកម្មជន​នយោបាយ​ដទៃ​ទៀត ធ្វើឡើង​ដោយ​មិន​ត្រឹមត្រូវ​តាមច្បាប់ និង​អយុត្តិធម៌​បំផុត៖ «ពួក​ខ្ញុំ​នៅតែ​បន្ត​ទៀត អត់​មាន​រាថយ​ទេ ទោះបី​ពួកគេ​ធ្វើបាប ធ្វើ​កម្ម​ប៉ុណ្ណា​ក្តី លុះត្រាតែ​ដោះលែង​ត្រឡប់​មក​វិញ»

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ថ្កោល​ចំពោះ​ការ​យាយី​នេះ និង​បាន​រំលឹក​រដ្ឋាភិបាល កម្ពុជា​អំពី​ការ​បើកចំហរ​ឡើងវិញ នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

ទាក់ទង​នឹង​ករណី​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាលខណ្ឌ​៧​មករា លោក លីម សុភា និង​ស្នងការ​ក្រុងភ្នំពេញ លោក ស ថេត បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល នៅ​ថ្ងៃ​ទី​៦ ខែ​សីហា។

ចំណែក អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន ឆ្លើយតប​តាម​បណ្ដាញ​តេឡេក្រាម​(Telegram) ដោយ​ចោទ​ប្រកាន់​ថា សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ គឺ​ធ្វើ​ឡើង​ក្នុង គោលដៅ​ការពារ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង ហើយ​លោក​ចាត់ទុកថា វិធានការ​របស់​សមត្ថកិច្ច គឺ​មិនមែន​ជា​ការ​បង្ក្រាប ឬ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​អ្នក​អនុវត្ត​សិទ្ធិ​សេរីភាព​តាម​ផ្លូវ ច្បាប់​នោះ​ទេ៖ «ក៏ប៉ុន្តែ​ជា​វិធានការ​ច្បាប់ និង​វិធានការ​ចាំបាច់​ឆ្លើយតប​ទៅ​នឹង​សកម្មភាព​ទាំងឡាយ​ណា​ដែល​បំពាន​ច្បាប់​ដូចជា​សកម្មភាព​តវ៉ា​ដែល​មិនបាន​ជូនដំណឹង ទៅ​អាជ្ញាធរ​សាធារណៈ សកម្មភាព​តវ៉ា​ជួបជុំ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ សន្តិសុខ​សង្គម សកម្មភាព​ដែល​ជា​ការ​ដាក់​សម្ពាធ​ដល់​ស្ថាប័នរដ្ឋ​ជាពិសេស​ស្ថាប័ន​តុលាការ​ដែល​ជា ស្ថាប័ន​ឯករាជ្យ​ជាដើម​។ល។ »

ផ្ទុយ​ពី​ការ​លើកឡើង​នេះ អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ លើកឡើង​ថា បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ បាន​កំណត់​ថា ការប្រើប្រាស់​កម្លាំង គឺ​ទាល់តែ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ចាំបាច់​បំផុត​។ ចំណែក គោលការណ៍​ជា​មូលដ្ឋាន​របស់​អង្គការ សហប្រជាជាតិ​ស្ដីពី​ការប្រើប្រាស់​កម្លាំង​និង​អាវុធ​ដោយ​មន្ត្រី​អនុវត្ត​ច្បាប់ ចែងថា មន្ត្រី​អនុវត្ត​ច្បាប់ គួរតែ​អនុវត្ត​មធ្យោបាយ​អហិង្សា​មុន​ពេល​ប្រើ​កម្លាំង និង​អាវុធ​។ ដូច្នេះ​មានន័យថា សកម្មភាព​តវ៉ា​ដោយ​សន្តិវិធី​របស់​សមាជិក​គ្រួសារ​បក្ស​ប្រឆាំង គឺ​មិន​ស្ថិត​ក្នុង​ស្ថានភាព​ចាំបាច់​ដែល​ប្រើប្រាស់​កម្លាំង​នោះ​ទេ។

ប្រពន្ធ​លោក ស៊ុន ធន់ លោកស្រី សេង ចាន់ថន ថ្លែង​ថា ការ​លើក​ហេតុផល​អំពី​សណ្ដាប់ធ្នាប់​សាធារណៈ​របស់​អាជ្ញាធរ​នោះ គឺ​គ្រាន់តែ​ជា​លេស ដើម្បី​បង្ក្រាប​ក្រុម​អ្នកតវ៉ា​ប៉ុណ្ណោះ ព្រោះ​ពួកគេ ខ្លាច​ការ​តវ៉ា​គ្រប់​រូបភាព​។ ភរិយា​របស់​សមាជិក​បក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់ សកម្មភាព​របស់​អ្នក​តវ៉ា មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​អ្វី​ឡើយ ដោយសារ​អ្នក​តវ៉ា បាន​ឈរ​តវ៉ា​នៅ​មួយ​កន្លែង​នៅ​ជ្រុង​ម្ខាង​នៃ​ចិញ្ចើម​ផ្លូវ៖ «ខ្ញុំ​ឈឺចាប់​ជាង​ខ្លួន​ចំពោះ​ទង្វើ​ពួក​រដ្ឋាភិបាល និង​ពួក​សន្តិសុខ ដែល​មក​ធ្វើបាប​ពួក​នាង​ខ្ញុំ​។ ពួក​ខ្ញុំ​ឈឺចាប់​ណាស់​រក​អ្វី​ប្រៀបផ្ទឹម​មិន​បានទេ​។ ពួក​ខ្ញុំ​នឹង​នៅតែ​តស៊ូ ឲ្យ​បាន​ខ្លាំងក្លា​ជាទីបំផុត»

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន លើកឡើង​ថា រដ្ឋាភិបាល លោក ហ៊ុន សែន កំពុងតែ​បង្ក្រាប​យ៉ាង​សាហាវ ទៅលើ​អ្នក​តវ៉ា​ដោយ​អហិង្សា ដោយ​មិន​អើពើ​ចំពោះ​ការ​អង្វរករ​របស់​ពួកគេ​ឡើយ​។ លោក ហ្វីល រ៉ូបឺតសុន សង្កត់ធ្ងន់​ថា រដ្ឋាភិបាល និង​ម្ចាស់​ជំនួយ បរទេស ត្រូវតែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​របស់​អ្នក​តវ៉ា​ដោយ​សន្តិវិធី ព្រោះ​ការស្វែងរក​យុត្តិធម៌​សម្រាប់​សាច់ញាតិ​ដែល​ត្រូវ​បាន​គេ​ចាប់​ឃុំខ្លួន​ទាំង​អយុត្តិធម៌ គឺ​មិនមែន​ជា​បទឧក្រិដ្ឋ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច​ចោទប្រកាន់​ជនជាតិ​ចិន​ម្នាក់ និង​ខ្មែរ​ម្នាក់​ពី​បទ​រត់ពន្ធ​គ្រឿងញៀន​ខុសច្បាប់

$
0
0

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមឃឿន មាន​ប្រសាសន៍​ថា សមត្ថកិច្ច​បាន​ចោទ​ប្រកាន់​ជន​ជាតិ​ចិន​ម្នាក់ និង​ខ្មែរ​ម្នាក់​ពី​បទ​រត់ពន្ធ​ថ្នាំញៀន​ខុស​ច្បាប់។

ការ​ចោទ​ប្រកាន់​នេះ​ធ្វើឡើង​ក្រោយ​ពី​ពួក​គេ​បាន​នាំ​យក​ថ្នាំញៀន​ប្រមាណ​ជាង ២០០គីឡូ​ក្រាម​ពី​ប្រទេស​ភូមា ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ក្នុង​គោល​បំណង​នាំ​ចេញ​ទៅ​ប្រទេស​ទីបី៖ «ជនសង្ស័យ​ខ្មែរ​ម្នាក់ និង​ចិន​ម្នាក់​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ។ អ្នក​ពាក់ព័ន្ធ​ដ៏​ទៃ​ទៀត យើង​កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត​តាម​ចាប់​ខ្លួន និង​កំណត់​មុខសញ្ញា។ ចំពោះ​មាន​ចំនួន​ប៉ុន្មាន​នាក់​នោះ មិន​អាច​ជម្រាប​បាន​ទេ»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក គុជ គឹមឡុង តែ​លោក​មិន​លើក​ទូរស័ព្ទ។

នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី៣ សីហា បាន​ឆ្មក់​ចូល​ផ្ទះ​ជួល​មួយ​កន្លែង​មាន​ទីតាំង នៅ​ខណ្ឌ​ជ្រោយចង្វា ក្រុងភ្នំពេញ បាន​ឃាត់​ចាប់​ជនជាតិ​ចិន​ម្នាក់ និង​ជនជាតិ​ខ្មែរ​ម្នាក់​ជា​មួយ​នឹង​វត្ថុ​តាង​គ្រឿងញៀន​ចំនួន ១៩៨ដុំ មាន​ទម្ងន់​សរុប​ជាង ២០០​គីឡូក្រាម ដែល​ជនសង្ស័យ​បាន​លាក់​ក្នុង​កេស​ឥដ្ឋការ៉ូ​ធ្វើពីឈើ​បន្លំ​ជា​គ្រឿង​សង្ហារិម ក្នុង​គោលបំណង​នាំចេញ​ទៅ​លក់​នៅ​ក្រៅ ប្រទេស៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

យុវជន​ខ្មែរ​ក្រោម​ចោទ​ថា វៀតណាម​ព្យាយាម​បំបាត់​ប្រពៃណី​ប្រណាំង​ទូកង របស់​ខ្មែរ​ក្រោម

$
0
0

យុវជន​ខ្មែរ​កម្ពុជា​ក្រោម ហៅ​ការ​ប្រារព្ធ​ទិវា​អុំទូកង​ខ្មែរ ខុសរដូវ​កាលដែល​រៀបចំឡើង​ដោយ​អាជ្ញាធរ​វៀតណាម​នោះ​ជា​ការ​បន្សាប វប្បធម៌​ប្រពៃណី ប្រណាំង​ទូក​ង របស់​ខ្មែរ​កម្ពុជា​ក្រោម។

ក្ដី​បារម្ភ​របស់​យុវជន​ខ្មែរ​ក្រោម ធ្វើ​ឡើង​បន្ទាប់ពី​អាជ្ញាធរ​វៀតណាម​បាន​ចាត់តាំង​មហោស្រព​កីឡា នៃ​តំបន់​ដែនដី​សណ្ដរ ទន្លេ​មេគង្គ​លើក​ទី ៨ នៅ​ខត្ត​ព្រះ​ត្រពាំង ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា ត្រា វិញ (Tra Vinh) កាលពី​ថ្ងៃ​ទី​២ សីហា​កន្លង​ទៅ​នេះ។

យុវជន​ខ្មែរ​ក្រោម​ម្នាក់​នៅ​ខេត្ត​ព្រះ​ត្រពាំង​ឈ្មោះ ថាច់ កឿង ថ្លែង​ថា លោក​មិន​ពេញចិត្ត​ចំពោះ​កម្មវិធី​នេះ​ឡើយ ទោះជា​អាជ្ញាធរ​វៀតណាម​អះអាងថា ធ្វើឡើង​ដើម្បី​ខ្មែរ​ក៏ដោយ ព្រោះ​កម្មវិធី​នេះ​គ្មាន​រៀបចំ​តាម​ទំនៀមទម្លាប់​ខ្មែរ​នោះ​ទេ​។ ចំណែក​ពិធីករ និង​ពិធី​ការិនី​វិញ លោក​ថា សុទ្ធតែ​ជា​ជនជាតិ​វៀតណាម រីឯ​បដា​ទាំងឡាយ​ក៏​គ្មាន​អក្សរ​ខ្មែរ​នោះ​ដែរ។

យុវជន​ខ្មែរ​ក្រោម​រូប​នេះ យល់ថា​អាជ្ញាធរ​វៀតណាម​រៀបចំ​កម្មវិធី​អុំ​ទូកង​របស់​ខ្មែរ​ខុសរដូវ​កាល​ដូច្នេះ គឺ​ក្នុង​គោលបំណង បន្សាប​ប្រពៃណី​អុំទូក​របស់​ខ្មែរ​ឲ្យ​សាប​បន្តិច​ម្ដងៗ និង​ទីបំផុត ប្រពៃណី​នេះ​នឹង​ក្លាយទៅជា​របស់​វៀតណាម ឬ ក៏​ត្រូវ​សាបសូន្យ ដោយ​ខ្លួនឯង៖ «ពីព្រោះ​យើង​នៅសល់ ៤​ខែ​ទៀត នៅសល់​តែ​៤​ខែ​ទៀត គឺ​បុណ្យ​ប្រឡង​បង្គ្រប់​តែម្ដង អីចឹង​គេ​ធ្វើ​នេះ គឺ​ដើម្បី​រារាំង​ខ្មែរ​យើង​ឲ្យ​ហើយ ។ ហើយ​គេ​ផ្ដល់​ទឹកប្រាក់​ហ្នឹង​ហ្អា៎ អ្នកមាន​ជ័យ​លាភី​ហ្នឹង​គេ​ផ្ដល់​ទឹកប្រាក់​ឲ្យ​ថោក​ដើម្បី​ឲ្យ​ខ្មែរ​របស់​យើង​ហ្នឹង​បាក់​ទឹកចិត្ត គ្មាន​កម្លាំងចិត្ត​ទៅ​ប្រឡង​នៅ​ថ្ងៃ​អកអំបុក​សំពះ​ព្រះ​ខែ​ទៀត ហ្នឹង​គេ​រារាំង​ក្បាល​ខ្មែរ​យើង​ឲ្យ​ហើយ ហ្នឹង​តាមតែ​ខួរក្បាល​ខ្ញុំ​គិត ខ្ញុំ​មើល​ឃើញ​ប៉ុណ្ណឹង»

 

ប្រធាន​គណៈកម្មការ​ទូ​កង​វត្ត​ព្រែកចេក ខេត្ត​ឃ្លាំង លោក ត្រាំ ឌាង ប្រាប់​ថា លោក​មិន​ចង់​ទៅ​ចូលរួម​ប្រណាំង​ទូក ដែល​រៀបចំ​ខុស​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​នេះ​ទេ តែ​បើ​មិន​ទៅ​ខ្លាច​អាជ្ញាធរ​វៀតណាម ចោទ​ថា ប្រឆាំង​គេ៖ «ទោះបី​យើង​ដឹង​ហើយ ថា​បុណ្យអុំទូក​នេះ ធ្វើឡើង​វា​ខុស​ប្រពៃណី ខុសរដូវ តើ​ឲ្យ​ធ្វើ​យ៉ាង​ម៉េច រដ្ឋ​គេ​អញ្ជើញ​ឲ្យ​ទៅ តម្រូវ​ឲ្យ​ទៅ យើង​ត្រូវតែ​ទៅ បើ​យើង​អត់​ទៅ​ថ្ងៃ​ណាមួយ គេ​ដាក់ទោស​យើង ចង់​ធ្វើបាប​យើង ដាក់ទោស​យើង​ច្រើនបែប ច្រើន​យ៉ាង​ណាស់ យើង​មិន​អាច​ប៉ាន់ស្មាន​ទេ​ណា ធ្វើទុក្ខបុកម្នេញ បើ​មិន​អ៊ីចឹង វា​អញ្ជើញ​ចុះ អញ្ជើញ​យើង ខាត​ពេល​វេលា​របស់​យើង»

ព្រះចៅអធិការ​វត្ត​កាដួក ខេត្ត​ក្រមួនស ព្រះនាម កៀង សម័យ ព្រះជន្ម​៧៥ វស្សា​មាន​ថេរដីកា​ប្រាប់​អាស៊ីសេរី​ថា កម្មវិធី​ប្រណាំង​ទូក​របស់​ខ្មែរ​ក្រោម​ពេលនេះ ចង់​អស់​តម្លៃ​ហើយ ព្រោះ​អាជ្ញាធរ​វៀតណាម​តែងតែ​យក​ល្បែង​ទូក​នេះ​ទៅលេង​ជា​ល្បែងភ្នាល់ និង​ល្បែង​កម្សាន្ត ក្នុង​កម្មវិធី​បុណ្យជាតិ​ធំៗ​របស់​គេ។ ចំណែក​ទម្រង់​សិល្បៈ​វប្បធម៌​ខ្មែរ​ក្រោម ដទៃ​ទៀត​វិញ ព្រះអង្គ​ថា ក៏​កំពុង​ត្រូវ​បាន​វៀតណាម​យក​ទៅ​ប្រែ​កាឡៃ​ដែរ៖ «រាល់ថ្ងៃ​ហ្នឹង អា​របាំ អា​ចម្រៀង​ហ្នឹង បទ​ភ្លេង​អី​ហ្នឹង គេ​បំភ្លៃ​បណ្ដើរៗ ហើយ​ហ្នឹង​ណា ឥឡូវ​ហ្នឹង​អា​របាំ​គោះត្រឡោក​ហ្នឹង នៅ​តាម​ភូមិ​ស្រុក​យើង​វា​ផ្សេង ប៉ុន្តែ អា​នៅ​ទូរទស្សន៍ អា​ផ្សាយ​ទៅ​អន្តរជាតិ​អី​ហ្នឹង វា​ទៅជា​របាំ​គោះត្រឡោក របស់​ជនជាតិ​ខ្មែរ​មើល ៗ អា​របាំ​គោះត្រឡោក​ហ្នឹង​មិនមែន​កូន​ខ្មែរ​ទេ អ៊ីចឹង​វា​ធ្វើ​ខ្វាក់ខ្វើចៗ ហើយ​វា​យក​ទៅ​ផ្សាយ​នៅ​ហ្នឹង យើង​ថា​រក​ខ្មែរ​ហ្នឹង​មាន​អ្នក​ណាមួយ​ឈានមុខ​តវ៉ា​អី ដើម្បី​សុំ​បំបាត់ អា​ហ្នឹង​ចោល​ទៅ គ្មាន»

ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ​នៅ​ដែនដី​កម្ពុជា​ក្រោម តែងតែ​ប្រារព្ធ​ធ្វើ​រយៈពេល ៣ ថ្ងៃ គឺ​ពី​ថ្ងៃ ១៤ កើត​ដល់​ថ្ងៃ​១​រោច​ខែកត្តិក​ជា​រៀងរាល់​ឆ្នាំ។

ឯកសារ​ប្រជុំ​ទំនៀមទម្លាប់​ខ្មែរ​ឱ្យ​ដឹង​ថា កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​រំលឹក​ទៅដល់​កងទ័ពជើងទឹក​ដ៏​ខ្លាំងក្លា​របស់​កម្ពុជា​ក្រោម ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ពញា​តាត​ជា​ស្ដេចត្រាញ់​នៅ​ស្រុក​បាសាក់​កម្ពុជា​ក្រោម ក្នុង​សម័យ​លង្វែក រាជ​ព្រះបាទ​អង្គ​ចន្ទ​ទី​១៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


មេធាវី​អះអាងថា លោក កឹម សុខា នៅតែ​បន្ត​ធ្វើការ​សកម្មភាព​ទាំងឡាយ​ដែល​តុលាការ​អនុញ្ញាត

$
0
0

បើ​ទោះ​ជាមួយ​រយៈ​នេះ​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា មិន​បាន​បង្ហាញ​វត្តមាន​របស់​ខ្លួន​នៅ​ទី​សាធារណៈ ដូច​មុនៗ​ក្ដី​ក៏​មេធាវី​របស់​លោក​ឱ្យ​ដឹង​ថា លោក កឹម សុខា នៅតែ​បន្ត​ធ្វើ​សកម្មភាព​ទាំងឡាយ​ណា​ដែល​តុលាការ​បាន​អនុញ្ញាត ដែល​ក្នុង​នោះ​ក៏​មាន​ធ្វើដំណើរ​តាម​បណ្ដា​ខេត្ត​ជួប​ពលរដ្ឋ​ដែរ​។ រីឯ​អ្នកវិភាគ យល់ថា ការ​រក្សា​ភាព​ស្ងៀមស្ងាត់​របស់​លោក កឹម សុខា មិន​ផ្ដល់​ផល​ចំណេញ​ដល់​លោក ក្នុងនាម​ជា​អ្នកនយោបាយ​នោះ​ទេ។

លោក​មេធាវី ចាន់ ចេន មាន​ប្រសាសន៍ថា លោក កឹម សុខា នៅតែ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន រួម​ទាំង​សិទ្ធិ​ធ្វើដំណើរ​ក្នុង​ប្រទេស​ដដែល លើកលែងតែ​ការ​ចេញ​ក្រៅ​ប្រទេស និង​សិទ្ធិ​ធ្វើ​នយោបាយ ដែល​តុលាការ​បាន​ហាមឃាត់​។ ទោះ​យ៉ាងណា លោក​មេធាវី មិនទាន់​អាច​បញ្ជាក់​បានទេ​ថា លោក កឹម សុខា នឹង​ធ្វើ​ដំណើរ​ទៅតាម​ខេត្ត​ទៀត ឬ​យ៉ាងណា​នោះ​ដែរ៖ «ដោយសារ​ខ្ញុំ​អត់ បាន​ជួប​គាត់​(​លោក កឹម សុខា​) ខ្ញុំ​ធ្វើ​អត្ថាធិប្បាយ​អី​អត់​កើត​ទេ​ណា ប៉ុន្តែ​ដូច​ជម្រាប​ប្រាប់​លោក​អ៊ីចឹង​អ្វី​ដែល​មិន​ស្ថិត​ក្នុង​បម្រាម​ជា​សិទ្ធិ​របស់​លោក»

កាល​ពី​អំឡុង​ខែ​កក្កដា លោក កឹម សុខា បាន​ធ្វើ​ដំណើរ​ទៅតាម​ខេត្ត​មួយ​ចំនួន បាន​ជួប​សួរសុខទុក្ខ​អតីត​សហការី​របស់​លោក ទៅ​កន្លែង​សក្ការ​មួយ​ចំនួន ធ្វើ​ពិធី​បួងសួង​សុំ​ក្ដី​សុខ ដើរ​មើល​ប្រាសាទ​បុរាណ ហើយ​លោក​ក៏បាន​ជជែក​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ផង​ដែរ។

ប៉ុន្តែ​ភ្លាមៗ​ក្រោយ​រូបថត​សកម្មភាព​របស់​លោក កឹម សុខា ចុះ​តាម​ខេត្ត ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ព្រោងព្រាត ខាត​តុលាការ​ចាត់វិធានការ​ទប់ស្កាត់​ភ្លាម ដោយ​ចាត់ទុកថា​ជា​សកម្មភាព​នយោបាយ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ចៅក្រម កូយ សៅ បាន​ចេញ​លិខិត​មួយ​ព្រមាន​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​ទទួល​របាយការណ៍​ពី​មន្ត្រី​នគរបាល​យុត្តិធម៌ ដែល​ទទួលបន្ទុក​តាម​ដាន លោក កឹម សុខា ឱ្យដឹងថា លោក កឹម សុខា បាន​ធ្វើ​សកម្មភាព​មួយ​ចំនួន ជាពិសេស​នៅ​តាម​បណ្ដា​ខេត្ត ដោយ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ និង​ប្រមូលផ្ដុំ​ជួបជុំ​អ្នកគាំទ្រ​របស់​ខ្លួន​ក្រោម​រូបភាព​ផ្សេងៗ។ លិខិត​ចុះ​កាលពី​ថ្ងៃ​ទី២០ ខែ​កក្កដា បន្ត​ទៀត​ថា សកម្មភាព​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ឈាន​ទៅ​ហួស​ព្រំដែន ឬ​នាំ​ទៅ​ដល់​ការ​បំពាន​លើ​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។

បើ​ទោះ​បី​ជា​តុលាការ​ឃុំខ្លួន​លោក កឹម សុខា ក្នុង​ផ្ទះ​ទៀត​ក៏ដោយ ក៏​តុលាការ​បាន​កម្រិត​ព្រំដែន ដោយ​មិន​អនុញ្ញាត​ឱ្យ​លោក​ធ្វើដំណើរ​ចេញទៅ​ក្រៅ​ប្រទេស និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ពាក់ព័ន្ធ​នឹង​សកម្មភាព​ជាច្រើន​ទៀត​របស់​លោក កឹម សុខា ដែល​តុលាការ​កំណត់​ថា ជា​សកម្មភាព​នយោបាយ។

លិខិត​ព្រមាន​របស់​លោក កូយ សៅ នោះ រង​ប្រតិកម្ម​ជាច្រើន​ពី​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា។ សហ​មេធាវី​មួយរូប គឺ​អ្នកស្រី ម៉េង សុភា​រី សរសេរ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​អ្នកស្រី ភ្លាមៗ​ក្រោយ​ឃើញ​លិខិត​នោះ ថា លោក កឹម សុខា តែងតែ​គោរព​ច្បាប់ ទាំង​ពេល​កន្លង​មក ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។ អ្នកស្រី​បន្ថែម​ថា លោក កឹម សុខា យល់ដឹង​ច្បាស់​ណាស់​នូវ​អ្វី ដែល​គាត់​មាន​សិទ្ធិ និង​អ្វី​ដែល​គាត់​មិន​មាន​សិទ្ធិ។ អ្នកស្រី​បន្ត​ថា លិខិត​មួយ​សន្លឹក​នោះ បញ្ជាក់​ជូន​សាធារណជន ទាំង​ជាតិ​និង​អន្តរជាតិ ឱ្យ​យល់ឃើញ​កាន់តែ​ច្បាស់​ហើយ ថា​លោក កឹម សុខា សូម្បីតែ​ច្បាប់​មិន​បាន​ហាមឃាត់​សិទ្ធិ​ដើរហើរ​ក្នុង​ប្រទេស ឬ​ជួប​ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​រាប់អាន សម្ដែង​នូវ​ក្ដី​នឹក​រលឹក​គាត់ ឬ​ទៅ​កន្លែង​សក្ការបូជា ក៏​ត្រូវ​ទទួល​ការ​ក្រើនរម្លឹក ឬ​អាច ថា ជា​ការ​ផ្ដល់​ភ្លើង​លឿង​ភ្លាមៗ ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ផង​ដែរ។

ទោះជា​មាន​ប្រតិកម្ម​យ៉ាង​នេះ​ក្ដី ចាប់​ពី​ពេល​នោះ​មក គេ​មិន​បាន​ឃើញ លោក កឹម សុខា ឬ​មេធាវី លោក កឹម សុខា និង​មន្ត្រី​ដែល​នៅ​ស្និទ្ធ​នឹង​លោក កឹម សុខា បង្ហាញ​រូបភាព​នៃ​ការ​ធ្វើ​ដំណើរ​របស់​លោក កឹម សុខា ទៀត​នោះ​ទេ គិត​ត្រឹម​ថ្ងៃ​ទី៦ ខែ​សីហា។

ទោះជា​យ៉ាងណា ស្រប​ពេល​តុលាការ​ព្រមាន​លោក កឹម សុខា រឿង​ចេញទៅ​ទីសាធារណៈ​ជួប​ពលរដ្ឋ​នេះ លោក កឹម សុខា បាន​ទៅ​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) នៅ​ថ្ងៃ​ទី៦ សីហា​។ លោក ប៉ាទ្រីក ម័រ​ហ្វី សរសេរ​លើ​បណ្តាញ​ធ្វីតធ័រ (Twitter) ថា លោក​បាន​ពិភាក្សា​ជាមួយ​លោក កឹម សុខា អំពី​ខួប​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ក្នុង​នោះ​ក៏​រួមបញ្ចូល​ទាំង​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ផ្នែក​សេដ្ឋកិច្ច អំឡុង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ផង​ដែរ​។ លោក ប៉ាទ្រីក ម័រហ្វី បញ្ជាក់​ទៀត​ថា លោក​តែងតែ​កោតសរសើរ​ចំពោះ​ភាព​រាប​សារ និង​ការ​លះបង់​របស់​លោក កឹម សុខា ចំពោះ​ប្រទេស​កម្ពុជា។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត សេង សារី យល់​ថា ក្នុង​ស្ថានភាព​នេះ លោក កឹម សុខា គឺ​មិន​ត្រូវ​បំពាន​បម្រាម​របស់​តុលាការ​នោះ​ទេ។ ប៉ុន្តែ លោក កឹម សុខា ក៏​មិន​គួរ​នៅ​ស្ងៀម​ដែរ ខណៈ​លោក​មាន​សិទ្ធិ​ដើរហើរ​ជួប​ពលរដ្ឋ​នោះ។ អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ដដែល បន្ត​ថា អ្វី​ដែល​លោក កឹម សុខា ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ពេល​ធ្វើដំណើរ​ចេញ​ក្រៅ​លើក​នេះ ទាមទារ​ឱ្យ​អ្នក​ហែហម​អម​ដំណើរ​លោក មិន​ត្រូវ​ប្រើប្រាស់​សារ​នយោបាយ​តាម​បណ្ដាញ​សង្គម​ដែល​ករណី​នេះ​អាច​ធ្វើ​ឱ្យ​តុលាការ​ចោទប្រកាន់៖ «ក្នុង​មាន​ជា​អ្នកនយោបាយ​ជាពិសេស​ជា​អ្នកនយោបាយ​ដែល​មាន​ប្រជាប្រិយភាព ជា​អ្នកនយោបាយ​លេចធ្លោ​ក្នុងចំណោម​អ្នកនយោបាយ​ខ្មែរ​តែ​ប៉ុន្មាន​ហ្នឹង សម្រាប់​ខ្ញុំ​ការ​ការ​ស្ងប់ស្ងាត់​មិនមែន​ការ​ធ្វើ​នយោបាយ​បែប​អហិង្សា​ទេ ជា​ការ​ធ្វើ​នយោបាយ​បែប​ភ័យខ្លាច​ទៅ​វិញ ដូច្នេះ​ហើយ​យើង​គ្រាន់តែ​កុំ​បំពាន​នូវ​ច្បាប់​ទៅ កុំ​បំពាន​នូវ​បម្រាម​តុលាការ​ទៅ»

ប្រធាន​គណបក្ស​សង្គ្រោះជាតិ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​ឃុំ​ក្នុង​ផ្ទះ​ក្រោយ​រង​ការចោទប្រកាន់ ពី​ទោស​ក្បត់ជាតិ កាលពី​ឆ្នាំ​២០១៧ ប៉ុន្តែ​កាល​ពី​ចុង​ឆ្នាំ​២០១៩ តុលាការ​បាន​បន្ធូរបន្ថយ​ការ​ត្រួតពិនិត្យ ដោយ​អនុញ្ញាត​ធ្វើដំណើរ​ក្នុង​ប្រទេស តែ​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ។ នៅ​ពេល​តុលាការ​ចេញ​លិខិត ព្រមាន​ពី​សកម្មភាព​ចុះ​តាម​បណ្ដា​ខេត្ត​នានា កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា លោក កឹម សុខា បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា លោក​នៅតែ​នឹករលឹក ចង់​ជួប ចង់​ស្ដាប់ និង​ចង់​និយាយ​ឆ្លើយឆ្លង​សួរសុខទុក្ខ​ជាមួយ​ពលរដ្ឋ នៅ​ទីកន្លែង​នានា​បន្ត​ទៀត ឱ្យ​តែ​មានឱកាស៕

សហគមន៍​ព្រៃឈើ​ភ្នំ​ត្នោត​កំពុង​រង​ការ​ទន្ទ្រាន​ពី​អ្នក​មាន​អំណាច ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ការពារ​ដី​ព្រៃ

$
0
0

ប្រជា​សហគមន៍​ដែល​ជា​ជន​ពិការ​ភ្នែក ដូនជី និង តា​អាចារ្យ នៅ​ក្នុង​ឃុំល្បើក ស្រុក​ឈូក ខេត្តកំពត ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​បណ្ដេញ​ពលរដ្ឋ​មួយ​ចំនួន​ដែល​ចូល ទន្ទ្រាន​យក​ដី​សហគមន៍​ដែល​ពួកគេ​បាន​លះបង់​ដី​ចម្ការ​ផ្ទាល់ខ្លួន​ដើម្បី​បង្កើត​ជា​ព្រៃ​សហគមន៍​នោះ​។ រីឯ​សកម្មជន​ព្រៃឈើ​លើកឡើង​ថា មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ពុំបាន​ចូលរួម​ការពារ​ព្រៃឈើ​ជាមួយ​សហគមន៍​នោះ​ទេ ប៉ុន្តែ​ឃុបឃិត​ទន្ទ្រាន​យក​ដី​ព្រៃ​សហគមន៍​នោះ​ដែរ។

លោក ឡុង លាភ អាយុ​៥០ ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត ជា​ជន​ពិការ​ភ្នែក​ទាំងពីរ​គឺជា​សកម្មជន​ការពារ​ព្រៃឈើ​ដ៏​សកម្ម​ម្នាក់ ក្នុងចំណោម​សកម្មជន​ដទៃ​ទៀត ដែល​បាន​លះបង់​ដីចម្ការ​ផ្ទាល់ខ្លួន ដើម្បី​បង្កើត​ជា​សហគមន៍​ព្រៃឈើ​ភ្នំ​ត្នោត​។​

ប្រជា​សហគមន៍​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ បណ្តេញ​បុគ្គល​មួយ​ចំនួន​ដែល​ទន្ទ្រាន​យក​ដី​សហគមន៍​ប្រគល់​មក​ឱ្យ​ពួកគាត់​វិញ។

អង្គុយ​នៅ​ក្នុង​វត្ត​មួយ ជាមួយ​ប្រជា​សហគមន៍​ដទៃ​ទៀត ដែល​ជា​ដូនជី តាអាចារ្យ ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ ក្រោយពី​ដើមឈើ​ដែល​ជា​ព្រំ​សម្គាល់​ដី​សហគមន៍ ទទួលរង​ការ​កា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប់​ទន្ទ្រាន លោក ឡុង លាភ ថ្លែង​ថា ពួកលោក​ដែល​រស់នៅ​ក្នុង​ឃុំ​ល្បើក បាន​លះបង់​ដី​ចម្ការ​ផ្ទាល់ខ្លួន​ម្នាក់ៗ ពី​បី​ទៅ​បួន​ហិកតារ បង្កើត​សហគមន៍​ព្រៃឈើ​ភ្នំ​ត្នោត ដើម្បី​អភិរក្ស​ព្រៃឈើ​ទុក​សម្រាប់​កូនៗ​ជំនាន់​ក្រោយ ប៉ុន្តែ​ព្រៃ​សហគមន៍​នេះ តែងតែ​រង​ការទន្ទ្រាន​ពី​អ្នក​មាន​អំណាច ដែល​អះអាង​ថា បាន​ទិញ​ពី​អ្នកភូមិ។

លោក​អះអាង​ថា កាលពី​ថ្ងៃ​ទី​២៨ កក្កដា កន្លងទៅ លោក គាវ ហាក់ឡុង ដែល​បាន​ទន្ទ្រាន​យក​ដី​សហគមន៍​កាលពី​១០​ឆ្នាំមុន បាន​មក​ឈូស​ព្រំ​ដី​សហគមន៍​សាជាថ្មី​ទៀត​។ ប៉ុន្តែ​សកម្មភាព​នេះ បាន​ផ្អាក​វិញ បន្ទាប់ពី​ប្រជា​សហគមន៍​នាំគ្នា​ទៅ​រារាំង​នឹង​រឹបអូស​យក​វត្ថុតាង​មក​ដាក់​នៅ​សាលាឃុំ​ដើម្បី​ឱ្យ​លោក​មេឃុំ​ជួយ​អន្តរាគមន៍​៖ «មានតែ​រក​ផ្នែក​ច្បាប់ នឹង​ដោះស្រាយ​រឿង​នេះ​បញ្ចប់ ពីព្រោះ​រ៉ាំរ៉ៃ​ជាង​១០​ឆ្នាំ​ហើយ ល្មម​ហើយ ល្មម​នឹង​បញ្ចប់ ជាង​១០​ឆ្នាំ​មិន​តិច​ទេ»

បើ​ទោះជា​ពិការ​ភ្នែក​ទាំងសងខាង លោក ឡុង លាភ ដែល​មាន​កូន​បួន​នាក់​នៅ​ក្នុង​បន្ទុក​នោះ លោក​ពុំ​ដែល​ខកខាន​ម្តងណា​ទេ ក្នុង​ការ​ចុះ​ល្បាត​ប្រឆាំង​បទល្មើស​ព្រៃឈើ និង​ទប់ស្កាត់​ការទន្ទ្រាន​ដី​ព្រៃ​សហគមន៍​។ ប្រជា​សហគមន៍​បាន​ដឹក​លោក​ចូល​ទៅ​ព្រៃ​សហគមន៍ តាម​ម៉ូតូ បើ​ទោះ​បី​ជា​លោក មើល​មិន​ឃើញ​ថា តើ​ព្រៃ​សហគមន៍​របស់​លោកមា​ន​រូបរាង​យ៉ាងដូចម្ដេច​ក្ដី។

ពាក់​វ៉ែនតា​ខ្មៅ បុរស​ពិការ​ភ្នែក​ដោយសារតែ​គ្រាប់មីន​នៅ​ក្នុង​សម័យ​សង្គ្រាម​រូប​នេះ ថ្លែង​ថា លោក​ស្រលាញ់​ទីនេះ ព្រោះ​លោក​យល់ថា ទីណា​មាន​ព្រៃឈើ​ទីនោះ​គឺជា​ប្រភព​ទឹក​៖ «ឆន្ទៈ​យើង​នឹង​ទៅ ឆន្ទៈ​យើង​នឹង​ការពារ​មិន​ខ្វះ​ទេ​ប្អូន អា​រឿង​មធ្យោបាយ​ទៅ កុំ​ថា​មើល​មិន​ឃើញ​ប្រហែល​ខ្ញុំ​នេះ អង្កេត​ទាំង​ដៃ​អង្គត់​ទាំង​ជើង​ទៀត​ក៏​ដោយ​ចុះ ឱ្យ​ថា​មាន​ឆន្ទៈ​ទៅ មាន​ឆន្ទៈ​ធ្វើការ មាន​ឆន្ទៈ​កសាង មាន​ឆន្ទៈ​ការពារ មាន​ឆន្ទៈ​ស្រលាញ់ កុំ​ថា​ប្រហែល​ខ្ញុំ​នឹង សូម្បី​អង្គត់​ទាំង​ដៃ អង្គត់​ទាំង​ជើង​ទៀត​ក៏​នៅតែ​មាន​អ្នកគាំទ្រ​នឹង​ជួយ​គ្រប់​យុទ្ធវិធី​ដោះស្រាយ​បញ្ហា​នឹង​បាន​ដែរ»

លោក ឡុង លាភ ដឹង​យ៉ាង​ច្បាស់​ថា ការងារ​ដែល​លោក​ធ្វើ​សព្វថ្ងៃ​នេះ​នឹង​ប្រឈម​ឧបសគ្គ ប៉ុន្តែ​លោក​ពុំ​ដែល​មានការ​ភ័យខ្លាច និង​គិត​ថា ឈប់​ធ្វើ​កិច្ចការ​នេះ​ម្ដង​ណា​ឡើយ​។ លោក​ថា បើ​លោក​មិន​ការពារ​ទេ ព្រៃ​សហគមន៍​នឹង​បាត់​ស្រប​ពេល​ដី​កំពុងតែ​ឡើងថ្លៃ​។ ប៉ុន្តែ​អ្វី​ដែល​លោក​ចង់បាន​បំផុត​នោះ គឺ​លោក​ចង់​ឱ្យ​អាជ្ញាធរ​ចូលរួម​ជាមួយ​សហគមន៍​ដែរ​៖ «រឿង​ភ័យខ្លាច បើកាលណា​យើង​ភ័យ បើកាលណា​យើង​ខ្លាច ពួក​អ្នក ពួក​ជនល្មើស ពួក​ជន​បំផ្លាញ​ជាតិប្រមាណ​ម្នាក់ ពីរ​នាក់​ហ្នឹង គឺ​យើង​មិន​អាច​ធ្វើ​អី​កើត​ទេ»

សមាជិក​សហគមន៍​ម្នាក់ទៀត​គឺ លោក យឹម យន់ អាយុ​៦៣ ឆ្នាំ អះអាង​ថា បុគ្គល​ឈ្មោះ គាវ ហាក់​ឡុង ជា​អ្នក​ដែល​ធ្លាប់​បាន​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​សហគមន៍​កាលពី​ឆ្នាំ២០១៥ កន្លង​ទៅ។ ហើយ​នៅ​ពេល​ថ្មីៗ​នេះ​បាន​មក​ឈូស​ដី​សា​ជា​ថ្មី​ទៀត។ ប្រជា​សហគមន៍​កំពុង​ព្រួយបារម្ភ​អំពី​ការបាត់បង់​ព្រៃ​សហគមន៍​នេះ ដោយសារតែ​កន្លងទៅ​ពួកគាត់​បាន​រាយការណ៍​ករណី​ឈូស​ឆាយ​ព្រៃ​សហគមន៍​ទៅ​អាជ្ញាធរ​ជំនាញ​ដូចជា​រដ្ឋបាល​ព្រៃឈើ និង​អភិបាលខេត្ត​ជាច្រើន​ដង ប៉ុន្តែ​នៅតែ​មិនទាន់​ឃើញ​មាន​វិធានការ​និង​ដំណោះស្រាយ​៖ «ធ្វើ​លិខិត របាយការណ៍​ជូន​ទៅ​ថ្នាក់លើ ថ្នាក់លើ​អត់​ដោះស្រាយ​ឱ្យ ប្រជាពលរដ្ឋ​មិន​ដឹង​គិត​យ៉ាងម៉េច​ឥឡូវ​។ ខ្ញុំ​ទៅ​ខាង​ខេត្ត​ពី​ម្សិលមិញ​ខាង​ខេត្ត​គាត់​ថា ឱ្យ​យើង​ធ្វើ​មក យើង​ធ្វើ​ផ្តិត​មេដៃ ប្រជាពលរដ្ឋ អឺ ហា ហុកសិប​គ្រួសារ​អី​មក មក​ផ្ទាល់​ខ្លួនឯង​ហ្មង ដឺ​រ៉េ​រក​ហ្មង​បាន​ដល់ បើ​មិន​អញ្ចឹង​អត់​បាន​ដល់​ទេ»

កាល​ពី​ចុង​ឆ្នាំ ២០១៥ ប្រជា​សហគមន៍​ប្តឹង​លោក គាវ ហាក់ឡុង ទៅ​តុលាការ​រឿង​កាប់​រាន​ដី​ព្រៃ​សហគមន៍​ចំនួន ៦​ហិកតារ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​ដំណោះស្រាយ​អ្វី​នៅឡើយ​ទេ។

លោក យឹម យន់ ថា ពលរដ្ឋ​ប្រជា​សហគមន៍​បាន​ចំណាយ​កម្លាំង​ញើស​ឈាម និង​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ព្រៃ និង​ដី​សហគមន៍​បាន​នៅ​គង់វង្ស​។ លោក​ថា ព្រៃ​សហគមន៍​នេះ ពីរ​ទៅ​បី​ឆ្នាំ​ម្តង តែងតែ​មាន​អ្នក​ចូល​មក​ទន្ទ្រាន​។ ពួក​លោក​កំពុងតែ​មានការ​ព្រួយបារម្ភ​ថា តើ​ទៅ​ថ្ងៃក្រោយ​ពួកគាត់​ការពារ​ព្រៃ​នេះ​បាន​រឺ​អត់​នោះ​? ពីព្រោះ​អ្នក​មាន​អំណាច​មួយ​ចំនួន​កំពុងតែ​ទន្ទ្រាន​យក​៖ «បាទៗ ខ្ញុំ​ចង់​អឺ ឱ្យ​ដក​ដី​ហ្នឹង​ជូន​សហគមន៍​របស់​យើងខ្ញុំ​វិញ របស់​យើងខ្ញុំ​សហគមន៍​ទាំងអស់​គ្នា​វិញ លោក​គ្រូ។ ព្រោះ​ដី​ហ្នឹង​យើង​ថែ​រក្សា​មាន​បង្គោល មាន​ប្លង់​អឺ​មាន​ផែនទី​អី​រួចជាស្រេច មាននៅ​សាលាឃុំ​។ បាទៗ ដី​ធ្លាប់​ថែរក្សា​មក ចង់​ឱ្យ​តែ​គង់វង្ស​ទេ បាទ»

កំពុង​ជជែក​គ្នា​ជាមួយ​ប្រជា​សហគមន៍​ដទៃ​ទៀត​នៅ​ក្នុង​វត្ត ដើម្បី​រក​វិធីសាស្ត្រ​ទប់ទល់​នឹង​អ្នក​ទន្ទ្រាន​យក​ដី ប្រជា​សហគមន៍​រូប​នេះ​បន្ត​ថា ពលរដ្ឋ​ដែល​រស់នៅ​អាស្រ័យ​ផល​ពី​ព្រៃ​សហគមន៍​នេះ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខ្លាច​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នេះ ត្រូវ​វិនាស​ហិនហោច​នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​។ ប្រសិនបើ​គ្មាន​ការ​អន្តរាគមន៍​ដោះស្រាយ​ពី​មន្ត្រី​ជំនាញ​ថ្នាក់​ខេត្ត​ឱ្យ​បាន​ទាន់​ពេល​វេលា​ទេ​នោះ។

សហគមន៍​ព្រៃឈើ​ភ្នំ​ត្នោត មាន​ផ្ទៃដី ៤៥៨ ហិកតារ បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០០៥ ដោយមាន​ការ​ទទួលស្គាល់​ពី​ក្រសួងកសិកម្ម និង​អាជ្ញាធរ​ខេត្ត​កំពត។ ព្រៃ​សហគមន៍​នេះ ជា​កន្លែង​ដែល​ប្រជាពលរដ្ឋ ៣ ភូមិ គឺ​ភូមិ​ទួល ភូមិ​ត្រពាំង​គុយ និង​ភូមិ​ត្រពាំង​គគីរ នៃ​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត ពឹង​អាស្រ័យ​ផល​ដោយ​ការ​ជីក​ទំពាំង ឃ្វាលគោ និង​កាប់​ឫស្សី​ជាដើម។

អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក គាវ ហាក់ឡុង ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ពី​ពលរដ្ឋ​បានទេ​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា។

ប៉ុន្តែ​កាលពី​ចុង​ឆ្នាំ ២០១៥ ពេល​ដែល​ប្រជា​សហគមន៍​ប្តឹង លោក​ទៅ​តុលាការ​រឿង​កាប់​រាន​ដី​ព្រៃ​សហគមន៍​ចំនួន ៦ ហិកតារ​នោះ លោក​បាន​បដិសេធ​ថា លោក​មិន​បាន​រំលោភ​យក​ដី​ព្រៃ​សហគមន៍​នោះ​ឡើយ​។ ប៉ុន្តែ​លោក​អះអាង​ថា ដី​ដែល​លោក​បាន​ឈូស​ឆាយ​រួច និង​គ្រោង​ឈូស​ឆាយ​បន្ថែម​ទៀត​នោះ ជា​ដី​ដែល​លោក​បាន​ទិញ​ពី​ប្រជាពលរដ្ឋ ៦០​គ្រួសារ កាល​ពី​ឆ្នាំ​២០០៨ កន្លង​ទៅ និង​មាន​ឯកសារ​សម្គាល់​ច្បាស់​លាស់។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពត លោក ជួន សារ៉ា បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​ពី​រឿង​បទល្មើស​កាប់​រាន​ដី​ព្រៃ​សហគមន៍​នៅ​ខេត្ត​កំពត​នេះ​ទេ ដោយ​លោក​ឆ្លើយ​ថា ទូរស័ព្ទ​របស់​លោក​ខ្សោយ​សេវា។ចំណែក​មេឃុំ​ល្បើក លោក ឯម ភៀង ស្ទាក់ស្ទើរ​ក្នុង​ការ​ឆ្លើយ ដោយ​អះអាង​ថា ការ​ឈូសឆាយ​ដី​នេះ ត្រូវ​បាន​ផ្អាក​ហើយ បន្ទាប់ពី​អាជ្ញាធរ​ឃុំ​បាន​ចុះ​ទៅ​ហាមឃាត់ ហើយ​លោក​ក៏​បាន​ផ្តល់​ព័ត៌មាន​នេះ​ទៅ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ដែរ ប៉ុន្តែ​លោក​ពុំ​ទាន់​ទទួល​បាន​ដំណោះស្រាយ​ពី​ថ្នាក់លើ​យ៉ាងណា​នោះ​ទេ។

រីឯ​អភិបាល​ខេត្ត​កំពត លោក ជាវ តាយ វិញ បាន​បដិសេធ​ពុំ​ធ្វើការ​អត្ថាធិប្បាយ​ទេ ដោយ​លោក​មាន​ប្រសាសន៍​ថា ជាប់រវល់ រួច​ចុច​ទូរស័ព្ទ​បិទ បើ​ទោះ​ជា​អ្នកយកព័ត៌មាន​អាស៊ីសេរី​បាន​ទូរស័ព្ទ​ទៅជា​ច្រើន​លើក​ទៀត​ក្តី។

ចំណែក​សកម្មជន​ព្រៃឈើ លោក ហេង ស្រស់ ថ្លែង​ថា ព្រៃ​សហគមន៍ ស្ទើរតែ​ទូទាំង​ប្រទេស​ត្រូវ​បាន​រង​នូវ​ការ​កាប់បំផ្លាញ រឺក៏​ទន្ទ្រាន​យក ពី​អ្នកមាន​លុយ​មានអំណាច​។ មន្ត្រី​ជំនាញ​ដែល​មាន​តួនាទី​ថែរក្សា និង​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ពុំបាន​ចូលរួម​ការពារ​នោះ​ទេ​។ តែ​ផ្ទុយទៅវិញ​មន្ត្រី​មួយ​ចំនួន បែរជា​ចូល​ដៃ​ចូល​ជើង​ជាមួយ​ឈ្មួញ​ទៅវិញ​ដើម្បី​បំផ្លាញ​ព្រៃ​សហគមន៍​៖ «បាទ​វា​ជា​រឿង អឺៗ គួរ​ឱ្យ​ខ្មាសអៀន​បំផុត ដែល​អាជ្ញាធរ​ទាំងអស់​នោះ គាត់​អឺ មិន​បាន​ទប់ស្កាត់​កុំ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ បែរ​ជា អឺ​ជន​ពិការ​ម្នាក់ បែរជា​ទៅ​តស៊ូ​ការពារ​នូវ​ធនធានធម្មជាតិ ដែល​ជា​សម្បត្តិ​ជាតិ​របស់​ខ្លួន ហើយ​វា​ជា​រឿង​មួយ​ដែល ក្នុងនាម​យើង​ជា​សកម្មជន​យើង​សោកស្ដាយ មែនទែន ចំពោះ​អាជ្ញាធរ​គ្រប់​ភាគី​ទាំងអស់​ដែល​គាត់ ភាគច្រើន​មិន​បាន​ចូលរួម​ទប់ស្កាត់​ដើម្បី​កុំ​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​តំបន់​ព្រៃ​សហគមន៍​មួយ​ចំនួន»

លោក​ថា អាជ្ញាធរ​ទូទាំង​ប្រទេស​គួរតែ​ចូលរួម​ការពារ​ព្រៃ​សហគមន៍​ជាមួយ​ប្រជា​សហគមន៍ ជាជាង​ដើរ​លាប​ពណ៌​ដាក់គ្នា និង​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​ព្រៃឈើ ពីព្រោះ​ព្រៃឈើ​គឺជា​សម្បត្តិ​របស់​ជាតិ​ពុំ​មែន​របស់​បុគ្គល​ណា​ម្នាក់​ផ្ដាច់មុខ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តំណាង​ក្រុមប្រឹក្សា​សហជីព​ជាតិ​ចំនួន១៥ ស្នើសុំ​ទៅ​ក្រសួង​ការងារ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ក្រុម​កម្មករ​ដោយសារ​កូវីដ១៩ និង​បញ្ហា EBA

$
0
0

តំណាង​ក្រុមប្រឹក្សា​សហជីព​ជាតិ ដែល​មាន​សមាជិក​ស្ថាបនិក​ចំនួន១៥ បាន​ដាក់​លិខិត​ទៅ​ក្រសួង​ការងារ ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​​ដោះ​ស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន នៅ​ក្នុង​វិស័យ​ការងារ​របស់​ក្រុម​កម្មករ កាត់ដេរ​សំលៀកបំពាក់ ក្រោយ​ពេល​ដែល​សហគមន៍​អឺរ៉ុប នឹង​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា នៅ​ថ្ងៃ​ទី១២ សីហា​ខាង​មុខ។ បន្ថែម​ពី​បញ្ហាEBA នេះ ក្រុម​សហជីព ក៏​ព្រួយបារម្ភ​ផង​ដែរ ពី​បញ្ហា​ផល​ប៉ះពាល់​នានា ដោយសារ​ជំងឺ​កូវីដ១៩។

តំណាង​ក្រុមប្រឹក្សា​សហជីព​ជាតិ ដែល​ធ្វើការ​លើ​វិស័យ​ការងារ យល់​ឃើញ​ថា ចាប់​តាំង​ពី​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ រហូត​មក​ដល់​បច្ចុប្បន្ន​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក​មក។ បញ្ហា​ប្រឈម​ខ្លាំង​ក្នុង​វិស័យ​ការងារ​ជា​ច្រើន​មិន​ទាន់​បាន​ដោះ​ស្រាយ ហើយ​បញ្ហា​ខ្លះ​នាំ​ឲ្យ​មាន​ផល​លំបាក​យ៉ាង​ខ្លាំង​ដល់​កម្មករ​និយោជិត ដែល​រង​ផល​ប៉ះពាល់​ផល​ដែរ។

នៅ​ក្នុង​លិខិត​របស់​តំណាង​ក្រុមប្រឹក្សា​សហជីព​ជាតិ ដែល​មាន​សមាជិក​ស្ថាបនិក​ចំនួន១៥ ដាក់​ជូន​ទៅ​ក្រសួង​ការងារ​កាលពី​ថ្ងៃ​ទី៧ សីហា បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​ចំនួន ៩ចំណុច ដែល​រួមមាន​ស្នើ​ឲ្យ​រដ្ឋាភិបាល បន្ត​ចរចា និង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង តាម​កម្មវិធី​ដូច​បាន​កំណត់ ដើម្បីឲ្យ​កម្មករ​និយោជិក ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ និង​ថ្លៃថ្នូរ​នៅ​ឆ្នាំ​បន្ទាប់ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ការងារ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​មាត្រា ១៤៤ ច្បាប់​ស្ដីពី​ការ​កាត់​បន្ថយ​ប្រយោជន៍​ការងារ​វេន​យប់​ពី ១៣០% មក​ត្រឹម ១០០​% និង​មាត្រា១៦២ ស្ដីពី​ការ​លុប​ចោល​ថ្ងៃបុណ្យ​ចំ​ថ្ងៃឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ជា​ដើម។

ប្រធាន​ក្រុមប្រឹក្សា​ជាតិ​សហជីព លោក អាត់ ធន់ បញ្ជាក់​ថា មូលហេតុ​នៃ​ការ​ដាក់​លិខិត​នេះ​ឡើង គឺ​ដោយសារតែ រាល់​បញ្ហា​ដែល​កើតមានឡើង​ក្រោយពី​វិបត្តិ​កូវីដ១៩ នេះ​បាន​ប៉ះពាល់​ដល់​កម្មករ និង​បញ្ហា​ប្រឈម​ផ្សេងៗ។

លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវតែ​លុបចោល​លិខិត​ពីរ​ចុះ​នៅ​ថ្ងៃ​ទី២៩ មិថុនា ឆ្នាំ២០២០ របស់​នាយកដ្ឋាន​វិវាទ​ការងារ ដែល​អនុញ្ញាត​ឲ្យ និយោជក​បិទ​សហគ្រាស​ក្រោយពី​បាន​ព្យួរ​ការងារ​ចំនួន ២ខែ ដោយ​មិនបាច់​បង់​សោហ៊ុយ​សំណង​ជំងឺចិត្ត និង​ប្រាក់បំណាច់​ទូទាត់​ដល់​កម្មករ។ លោក​ក៏​ស្នើ​ឲ្យ​ចោល​សេចក្ដី​ជូន​ដំណឹង​របស់ក្រ​សួង​ការងារ​ចុះ​ថ្ងៃ​ទី២ មិថុនា ឆ្នាំ២០២០ ស្ដីពី​ការ​ពន្យារ​ពេល​បើក​ប្រាក់​អតីតភាព​ការងារ ដែល​មាន​មុន​ឆ្នាំ២០១៩ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ឆ្នាំ២០២០។

លោក​បន្ថែម​ថា លិខិត​ទាំងពីរ​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅលើ​ក្រុម​កម្មករ​[] ដោយសារតែ​និយោជក​ទាំងអស់​ព្យាយាម​បិទ​ក្រុមហ៊ុន​[] ដោយ​មិនបាន​ទូទាត់​ត្រឹមត្រូវ ដោយ​យោង​លិខិត​របស់ក្រ​សួង។ ប៉ុន្តែ​តាម​ធាតុ​ពិត​ក្រុមហ៊ុន​មិនបាន​បិទ​ទេ ក្រុមហ៊ុន​អាច​បើក​ឡើងវិញ​នៅ​ពេល​ណាមួយ​ក៏បាន៖ «និយោជក​មួយ​ចំនួន​គាត់​អត់​ចង់​បិទ​តាម​ច្បាប់​ក្ស័យធន​ទេ ពី​ព្រោះ​គាត់​គេ​មិន​អាច​ឱ្យ​រកស៊ី​ទៀត​ឈ្មោះ​គាត់​ក៏​ខូច​កេរ្តិ៍ឈ្មោះ​ដែរ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ គាត់​លើក​លេស​នៃ​ការដែល​ក្រសួង​ចេញ​លិខិត​ហ្នឹង​គាត់​បើក​លុយឲ្យ​កម្មករ​តិចតួច គាត់​បញ្ឈប់​កម្មករ​គាត់​ដូច​បិទ​អ៊ីចឹង។បន្ទាប់​មក​គាត់​បើក​ឡើង​វិញ។ អ៊ីចឹង​គាត់​មាន​ខាត​អី ។ សហជីព​ក៏​បញ្ឈប់​ចោល អតីតភាព​កម្មករ ១០ដុល្លា សម្រាប់ ១០ឆ្នាំ​ហ្នឹង​ក៏​លុប​ចោល កម្មករ​ថ្មី​គ្មាន​អ្នក​ណា​តវ៉ា ប្រាក់​ឈ្នួល​ទាប ហើយ​លក្ខខណ្ឌ​ក៏​ពិបាក។ អ៊ីចឹង​គាត់​ជា​អ្នក​ជោគជ័យ​ហើយ​គាត់​មិន​ជាប់​លក្ខខណ្ឌ​អ្វី​ទាំងអស់ បើ​តាមច្បាប់​គាត់​មិន​អាច​ទៅ​រកស៊ី​អ្វី​បានទេ ដល់​គាត់​មិនបាន​អនុវត្ត​បិទ​តាម​ច្បាប់​ផង អ៊ីចឹង​គាត់​រកស៊ី​ធម្មតា​ទៅ»

អាស៊ី​សេរី​បាន​ទាក់ទង​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ តែ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នកទទួល។នាយក​ប្រតិបត្តិ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ដែល​ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី នៅ​យប់​ថ្ងៃ​ទី៧ ខែសីហា​ថា ចាប់​តាំង​ពី​មាន​ជំងឺ​កូវីដ១៩ ដែល​បាន​ផ្ទុះឡើង​ចុង​ឆ្នាំ២០១៩ មាន​រោងចក្រ​ចំនួន៧៥ បាន​បិទទ្វារ ហើយ​នៅ​ក្នុង​រយៈ​ពេល ៧ខែ ឆ្នាំ២០២០ នេះ មាន​រោងចក្រ​ចំនួន៨៣ បាន​ប្រកាស​បិទទ្វារ​ជា​ផ្លូវការ និង មាន​រោងចក្រ​ចំនួន៤៥០ ទៀត បាន​ដាក់ពាក្យ​ដើម្បី​ព្យួរ​ការងារ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​កម្មករ​ជាង ១៥ម៉ឺន​នាក់។

វិស័យ​កាត់ដេរ​កម្ពុជា​ផ្តល់​ការងារ​ដល់​កម្មករ​ជាង ៨ សែន​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី​វ័យ​ក្មេង​មក​ពី​ទី​ជនបទ ហើយ​បាន​គ្រប​ដណ្ដប់​លើ ៨០ភាគ​រយ​នៃ​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។របាយការណ៍​របស់ក្រ​សួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា កម្ពុជា​នាំចេញ​ផលិតផល​សំលៀកបំពាក់​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៦.៤០០ លាន ដុល្លារ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ក្នុងរយៈពេល ១០ ខែ​ក្នុង​ឆ្នាំ ២០១៩។

រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក អិត សំ​ហេង ធ្លាប់​មាន​ប្រសាសន៍​នៅ​ក្នុង​គេហទំព័រ​របស់​ក្រសួង​ការងារ​ថា ការ​លេចឡើង​នូវ​ជំងឺ​កូវីដ-១៩ នា​ពេល​ថ្មីៗ នេះ បាន​បង្ក​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ទៀត បន្ថែម លើ​បញ្ហា​ដែល​មាន​ស្រាប់ ជាពិសេស គឺ​សង្គ្រាម​ពាណិជ្ជកម្ម និង​ការ​ថមថយ​កំណើន​សេដ្ឋកិច្ច សម្រាប់​សកលលោក និង​កម្ពុជា​ផង​ដែរ។

លោក​បញ្ជាក់​ថា ដើម្បី​កាត់បន្ថយ​ផល ប៉ះពាល់ រក្សា​លំនឹង​អាជីវកម្ម និង លំនឹង​ជីវភាព​ជូន កម្មករ​និយោជិត​ទាំង​អស់ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ វិធានការ​អន្តរាគមន៍​បន្ទាន់​ជាបន្តបន្ទាប់ ដល់​វិស័យ​ដែល​ទទួលរង​ផល​ប៉ះពាល់​ធ្ងន់ជាង​គេ គឺ​វិស័យ​អាជីវកម្ម ទេសចរណ៍ និង​វិស័យ​កាត់ដេរ​សំលៀកបំពាក់ ស្បែកជើង និង​កាបូប។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​តំណាង​ក្រុមប្រឹក្សា​សហជីព​ជាតិ ទាមទារ​ឲ្យ​ក្រសួង​ការងារ បន្ត​ពង្រីក​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន៧០ ដុល្លារ ជូន​កម្មករ និយោជិត​នៅ​ក្នុង​វិស័យ​ផ្សេងៗ ទៀត ក្រៅពី​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង។ ព្រមទាំង​បន្ត​ការពិភាក្សា​ជាមួយ​សហគមន៍​អឺរ៉ុប ដើម្បី​ធ្វើ​យ៉ាងណា​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA បន្ត​ទៅទៀត​ឲ្យ​កម្ពុជា ដើម្បី​ចៀស​វៀង​ផល​ប៉ះពាល់​ដល់​កម្មករ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អាមេរិក កើន​ឡើង ២៣% ក្នុង​អំឡុង ៦ខែ ដើម​ឆ្នាំ២០២០

$
0
0

​កម្ពុជា នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក កើនឡើង២៣% ក្នុង​អំឡុង​ពេល ៦ខែ ដើម​ឆ្នាំ២០២០ ដែល​មាន​ទំហំ​ទឹក​ប្រាក់ ចំនួន ២,៧៥ពាន់​លាន​ដុល្លារ ហើយ​បើ​ធៀប​ទៅ​នឹង​អំឡុង​ពេល​ដូចគ្នា កាលពី​ឆ្នាំ២០១៩ គឺ​មាន​ទំហំ​ទឹកប្រាក់ ជិត ២,២៤ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​តួលេខ​ពី​ការិយាល័យ​ជំរឿន​របស់​សហរដ្ឋអាមេរិក។

ចំណែក​ទិន្នន័យ​ការិយាល័យ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​អាមេរិក បង្ហាញ​ថា​ទំនិញ​ដែល​នាំចេញ​ពី​កម្ពុជា​ទាំង​នេះ រួម​មាន កាបូបដៃ កាបូប​យួរ និង​វ៉ាលីស គឺ​ត្រូវ​បាន​រាប់បញ្ចូល ក្នុង​ផលិតផល​សំលៀកបំពាក់ ស្បែកជើង ដែល​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក (GSP) ចាប់ពី​ខែកក្កដា ឆ្នាំ២០១៦ កន្លង​មក។ ទិន្នន័យ​ដដែល​នេះ ក៏បាន​បង្ហាញ​ថា ការនាំចូល​ទំនិញ​ពី​សហរដ្ឋអាមេរិក មក​កម្ពុជា​វិញ គឺ​មានការ​ធ្លាក់​ចុះ ជាង ៤៥% ពី​ចំនួន ២៦៥លាន​ដុល្លារ មក​ចំនួន ជិត ១៤៥លាន​ដុល្លារ (១៤៤,) បើ​ធៀប​រយៈ​ពេល ៦ខែ​ដូចគ្នា ក្នុង​ឆ្នាំ២០២០ ទៅ​នឹង ឆ្នាំ២០១៩។

ទោះបីជា​ការ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក​កើន​ឡើង ប៉ុន្តែ​ការនាំចេញ​ផលិតផល​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​ពី​កម្ពុជា ទៅ​ទីផ្សារ​អន្តរជាតិ​ទាំងមូល ក្នុង​ឆមាស​ទី១ នៃ​ឆ្នាំ២០២០ នេះ បាន​ថយ​ចុះ។ អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ឲ្យដឹង​ថា ការ​ថយ​ចុះ​នេះ មាន​ចំនួន​ជាង ៥% (.%) ពី​ចំនួន ៤ពាន់​លាន​ដុល្លារ មក​ត្រឹម ៣,៧៨ពាន់​លាន​ដុល្លារ បើ​ធៀប​អំឡុង​ដូចគ្នា​កាលពី ឆ្នាំ ២០១៩។ លោក​បញ្ជាក់​ផង​ដែរ​ថា មូលហេតុ​ចម្បង​ដែល​នាំឲ្យ​ថយ​ចុះ​នេះ គឺ​ដោយសារ វិបត្តិ​ជំងឺ​កូវីដ១៩។ ស្ថិតិ​ក្រសួង​ការងារ​ឲ្យដឹង​ថា ក្នុង​ឆមាស​ទី១ រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង​នៅ​កម្ពុជា​ចំនួន ៤៥០ បាន​ព្យួរ​ការងារ ខណៈ​ដែល ៨៣រោងចក្រ​ផ្សេង​ទៀត​បាន​បិទទ្វារ។ ចំណែក​រោងចក្រ​ចំនួន ១០ បាន​បង្វែរ​ទៅ​ផលិត​ម៉ាស់​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អង្គការ​ការពារ​​អ្នក​ការពារ​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក រ៉ុង ឈុន

$
0
0

អង្គការ​មូលនិធិ​អន្តរជាតិ​ដើម្បី​ការពារ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស ឬ​ហៅថា Front Line Defenders ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អៀរឡង់ (Ireland) ថ្កោលទោស​ទង្វើ​របស់​អាជ្ញាធរ​កម្ពុជា​ដែល​បាន​ចាប់ខ្លួន​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន។ អង្គការ​នេះ​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​លោក រ៉ុង ឈុន ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​។ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ហៅ​ការ​អំពាវនាវ​របស់​អង្គការ​អន្តរជាតិ​នេះ​ថា ជា​ការ​ការពារ «​កូនជឹង​» របស់​ខ្លួន​ឱ្យ​រួច​ផុត​ពី​ការ​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់​។ មន្ត្រី​សិទ្ធិមនុស្ស​ក្នុង​ស្រុក​ថា រដ្ឋាភិបាល គួរតែ​ថ្លឹងថ្លែង​ឱ្យ​បាន​ច្បាស់លាស់​ចំពោះ​ការ​អំពាវនាវ​របស់​អង្គការ​អន្តរជាតិ​ទាំងនេះ ដើម្បី​កុំ​ឱ្យ​កម្ពុជា​ទទួល​ទណ្ឌកម្ម​រឹត​តែ​ខ្លាំង​ឡើង​ថែមទៀត​ពី​សហគមន៍​អន្តរជាតិ។

ដោយ​ហៅ​ទង្វើ​ចុងក្រោយ​នៃ​ការ​ចាប់ខ្លួន​មេ​សហជីព​កម្ពុជា​ដ៏​ល្បីឈ្មោះ គឺ​លោក រ៉ុង ឈុន ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ថា ជា​បរិយាកាស​ចាត់​​ទុក​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ជា​សត្រូវ​នោះ ក្រៅពី​សម្ដែង​ក្តី​បារម្ភ​ខ្លាំង អង្គការ​ការពារ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​មួយ​នេះ ថ្កោលទោស​ការ​ចាប់ខ្លួន និង​បទ​ចោទ​ប្រឆាំង​នឹង​លោក រ៉ុង ឈុន។ អង្គការ​អន្តរជាតិ​នេះ​ថា ការ​ថ្កោលទោស​ទង្វើ​របស់​អាជ្ញាធរ​កម្ពុជា​នេះ គឺ​ដោយសារតែ​ខ្លួន​យល់​ថា លោក រ៉ុង ឈុន បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​របស់​អាជ្ញាធរ​រដ្ឋាភិបាល ដោយសារតែ​សកម្មភាព​ស្របច្បាប់ និង​ដោយ​សន្តិវិធី​តែមួយគត់​របស់​លោក​ក្នុង​ការ​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ក្នុង​សេចក្តី​ថ្លែងការណ៍​ផ្សាយ​ថ្ងៃ​ទី៧ សីហា អង្គការ​មូលនិធិ​អន្តរជាតិ​ដើម្បី​ការពារ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស Front Line Defenders ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក រ៉ុង ឈុន ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​។ អង្គការ​នេះ ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ធានា​ថា លោក រ៉ុង ឈុន ត្រូវបាន​ផ្តល់​ឱ្យ​នូវ​សិទ្ធិ​ទទួល​បាន​មេធាវី​ការពារ​ក្តី​ដោយ​ស្របច្បាប់ និង​អាច​ជួប​សមាជិក​ក្រុម​គ្រួសារ​លោក ស្របតាម​កាតព្វកិច្ច​របស់​កម្ពុជា​ដែល​ត្រូវ​គោរព​តាមច្បាប់​ជាតិ និង​អន្តរជាតិ​នានា។

ឆ្លើយតប​នឹង​ការ​អំពាវនាវ​នេះ មន្ត្រី​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន ហៅ​ការ​ជំរុញ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន នេះ ថា​ធ្វើឡើង​ដើម្បី​ការពារ «​កូនជឹង​» របស់​អង្គការ​អន្តរជាតិ​ទាំងនោះ​ឱ្យ​រួច​ផុត​ពី​ការទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់។ ដូច​សព​មួយដង លោក​ថា មានតែ​ការ​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់​ទេ ទើប​អាច​ដោះ​បន្ទុក​លោក រ៉ុង ឈុន បាន៖ «សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ទាំងអស់​នេះ វា​ជា​រឿង​ធម្មតា​ទេ ដែល​គេ​តែងតែ​ធ្វើ​ដើម្បី​ការពារ​កូនជឹង និង​ដៃជើង​របស់​គេ​ឱ្យ​រួច​ផុត​ពី​ការទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់​។ ក៏ប៉ុន្តែ ជា​គោលការណ៍​ច្បាប់ ការ​តវ៉ា ការ​ថ្លែងការណ៍ ការរិះគន់ មិនមែន​ជា​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់ ដែល​អាច​ការពារ​លោក រ៉ុង ឈុន បានទេ។ មធ្យោបាយ​តាម​ផ្លូវ​ច្បាប់​ក្នុង​សង្គម​ប្រជាធិបតេយ្យ​មានតែ​មួយ​គេ គឺ​ការចូលរួម​ក្នុង​ដំណើរការ​នីតិវិធី​តុលាការ​ធ្វើការ​ការពារ​ខ្លួន​តាម​​ផ្លូវ​ច្បាប់​... បង្ហាញ​មូលដ្ឋាន​សក្ខីកម្ម​ឱ្យ​បាន​រឹងមាំ​មក ដើម្បី​ដោះ​បន្ទុក​បង្ហាញ​ថា ខ្លួន​មិន​មាន​ពិរុទ្ធ​ដូច​ការ​ចោទ»

នីតិវិធី​ច្បាប់ និង​សង្គម​ប្រជាធិបតេយ្យ​ដែល​មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​តែង​លើក​យក​មក​សម្អាង​កប់ៗ​មាត់​ជារឿយៗ​នេះ មិន​ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​ជឿជាក់ និង​ទុកចិត្ត​ម្តង​ណា​នោះ​ឡើយ ដោយសារតែ​ឥទ្ធិពល​នយោបាយ​ដ៏​លើសលប់​របស់​គណបក្ស​កាន់អំណាច និង​អំពើពុករលួយ​របស់​ស្ថាប័នរដ្ឋ​។ ជាក់ស្ដែង កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​រំលោភច្បាប់​ជាងគេ​បំផុត ឈរ​នៅ​លេខ​១២៧ ជាប់​បាត​តារាង ក្នុងចំណោម​១២៨​ប្រទេស​នៅ​លើ​ពិភពលោក ក្នុង​សន្ទស្សន៍​នៃ​ការ​គោរព​ច្បាប់​ឆ្នាំ​២០២០ របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project)

យ៉ាងណាក៏ដោយ ជុំវិញ​ករណី​ចាប់ខ្លួន និង​ការ​អំពាវនាវ​ជា​បន្ត​បន្ទាប់ពី​សំណាក់​អង្គការ​សិទ្ធិមនុស្ស និង​សហជីព​ជាតិ និង​អន្តរជាតិ ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ជា​បន្ទាន់​នេះ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ លោក អំ សំអាត ថា រដ្ឋាភិបាល​គួរតែ​ថ្លឹងថ្លែង​ឱ្យ​បាន​ហ្មត់ចត់​ចំពោះ​បញ្ហា​នេះ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​រង​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប ក្នុង​រឿង​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ៊ី.ប៊ី.អេ (EBA) ២០% ស្រាប់​។ លោក​បារម្ភ​ថា ស្ថានភាព​នៃ​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ នឹង​រឹតតែ​ដាក់​បន្ទុក​បន្ថែម​ទៅលើ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​សហភាព​អឺរ៉ុប​អនុវត្ត​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​ខ្លួន៖ «សហគមន៍​អឺរ៉ុប ក៏​គេ​បាន​ដាក់​លក្ខខណ្ឌ​ទាក់ទង​នឹង​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នេះ​ដែរ​។ ថ្មីៗ​នេះ សហគមន៍​អឺរ៉ុប ក៏​រំឮក​ម្ដង​ទៀត ប៉ុន្តែ​ផ្ទុយទៅវិញ យើង​ឃើញ​ថា សកម្មភាព​នៃ​ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ យើង​បារម្ភ​ថា​ជា​បន្ទុក​មួយ​បន្ថែម​ទៀត»

លោក អំ សំអាត ថា ការ​អនុញ្ញាត​ឱ្យ​លោក រ៉ុង ឈុន បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បើសិនជា​មិន​មាន​ការ​ដោះលែង ឬ​លើកលែង​បទ​ចោទ​ប្រឆាំង​នឹង​លោក ក៏​អាច​ជា​ការណ៍​មួយ​ជួយ​សម្រួល​ស្ថានភាព​អាក្រក់​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ​បាន​ដែរ​។ ផ្ទុយទៅវិញ លោក​ថា បើ​អាជ្ញាធរ​រដ្ឋាភិបាល​នៅតែ​បន្ត​យាយី និង​ចាប់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស និង​មន្ត្រី​សហជីព​បែបនេះ នោះ​នឹង​រឹតតែ​ធ្វើ​ឱ្យ​ចំណាត់ថ្នាក់​នៃ​បញ្ហា​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​ធ្លាក់​ចុះ​ដុនដាប​ថែមទៀត។

ភ្លាមៗ​ក្រោយពី​អាជ្ញាធរ​កម្ពុជា បាន​ចាប់ខ្លួន​លោក រ៉ុង ឈុន កាលពី​យប់​អធ្រាត្រ​ថ្ងៃ​ទី៣១ កក្កដា ពោល​គឺ​នៅ​មិន​ដល់​មួយ​ម៉ោង​ក្រោយ​លោក​ផ្ដល់​បទសម្ភាសន៍​ជាមួយ​អាស៊ីសេរី​ពាក់ព័ន្ធ​នឹង​ការរំលោភ​យក​ដី​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ត្បូងឃ្មុំ ដោយ​អាជ្ញាធរ​វៀតណាម​មក អង្គការ​អន្តរជាតិ ជាពិសេស​សហជីព​អន្តរជាតិ​ធំៗ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ អំពាវនាវ​ឱ្យ​ដោះលែង និង​ទម្លាក់​បទ​ចោទ​ប្រឆាំង​លោក រ៉ុង ឈុន ជាបន្ទាន់​។ អង្គការ​ទាំងនោះ មាន​ដូចជា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch អង្គការ​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស APHR សហព័ន្ធ​សហជីព​សាកល (Global Union Federations) សហព័ន្ធ​សហជីព​អន្តរជាតិ ITUC ដែល​តំណាង​ឱ្យ​កម្មករ​និយោជិត​ក្នុង​វិស័យ​ការងារ​ជាង ២០០​លាន​នាក់ មកពី​១៦៣ ប្រទេស ហើយ​ចុង​ក្រោយនេះ គឺ​អង្គការ Front Line Defenders តែម្តង​។ ទន្ទឹម​នឹង​នេះ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ក្រុងភ្នំពេញ ថា ខ្លួន​ក៏​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ជុំវិញ​បញ្ហា​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ​ដែរ​។ ក្រៅពី​ករណី​លោក រ៉ុង ឈុន អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ និង​សហជីព​អន្តរជាតិ​ទាំងនេះ ក៏​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ធានា​ថា រាល់​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទាំងអស់ អាច​បំពេញ​សកម្មភាព​សិទ្ធិមនុស្ស​របស់​ពួកគេ​បាន​ដោយ​ស្របច្បាប់ ដោយ​គ្មាន​ការភ័យខ្លាច ចំពោះ​ការ​សង​សឹក និង​ការ​យាយី​ពី​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live