Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

អ្នកវិភាគ៖ របប​ភ្នំពេញ​បង្ហាញ​ចរិត​ផ្ដាច់ការ​ដែល​គាំទ្រ​ការ​បង្ក្រាប​របស់​ចិន​លើ​ពលរដ្ឋ​ហុងកុង

$
0
0

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ថា សារ​គាំទ្រ​ការ​បង្ក្រាប​អ្នក​តវ៉ា​ទាមទារ​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង បង្ហាញ​ចរិត​មេដឹកនាំ​ផ្ដាច់ការ ដែល​ចិត្ត​ដូចគ្នា និង​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា កម្ពុជា​មិនមែន​ជា​រដ្ឋ​អធិបតេយ្យ​ដូច​ការ​អះអាង​របស់​របប​លោក ហ៊ុន សែន ជាប្រចាំ​នោះ​ទេ ប៉ុន្តែ កម្ពុជា​រដ្ឋ​រណប​បរទេស ដោយសារ​ឥរិយាបថ​របស់​មេដឹកនាំ​បច្ចុប្បន្ន៖ «ចំណុច​សំខាន់​ទី​មួយ សំខាន់​ជាងគេ​បង្អស់ តាម​ពិត​ទៅ​រដ្ឋាភិបាល​របប​លោក ហ៊ុន សែន និយាយ​អំពី​ហុងកុង​មែន ក៏ប៉ុន្តែ​គំនិត​របស់​ក្រុម​លោក ហ៊ុន សែន ចង់​បញ្ជាក់​ប្រាប់​ចិន​ប៉េកាំង ថា ខ្លួន​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​រស់នៅ​ក្រោម​ការ​បញ្ជា​របស់​ចិន​ប៉េកាំង​ទេ គឺ​គ្រប់​ទម្រង់​ទាំងអស់ ឱ្យ​តែ​អាច​ជួយ​ការពារ​អំណាច​នៃ​រដ្ឋាភិបាល​របប​លោក ហ៊ុន សែន បាន»

ប្រតិកម្ម​របស់​លោក គឹម សុខ ធ្វើ​ឡើយ​ក្រោយ​ក្រសួង​ការបរទេស នៃ​របប​លោក ហ៊ុន សែន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ កាលពី​ថ្ងៃ​ទី១៧ ខែ​សីហា គាំទ្រ​នូវ​រាល់​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ចិន ទៅលើ​ក្រុម​អ្នក​តវ៉ា​នៅ​ហុងកុង។

រហូតមកដល់​ពេល​នេះ ពលរដ្ឋ​ចិន​ហុងកុង រាប់​សែន​នាក់ ដែល​ភាគច្រើន​ជា​យុវ​និស្សិត បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ដោយ​សន្តិភាព អស់​រយៈពេល​ជាង ១១​សប្ដាហ៍​មក​ហើយ ដើម្បី​ទាមទារ​ប្រជាធិបតេយ្យ និង សិទ្ធិ​សម្រេច​ជោគវាសនា​ទីក្រុង​ហុងកុង ដោយ​ពលរដ្ឋ​ហុងកុង​ខ្លួនឯង ដោយ​មិន​ចង់​ឃើញ​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​ចិន ដូច​សព្វថ្ងៃ។ ការ​តវ៉ា​ដោយ​អហិង្សា នេះ​បាន​កើត​ទៅ​អំពើ​ហិង្សា ដោយ​ក្រុម​អ្នក​តវ៉ា បាន​ប៉ះទង្គិច​គ្នា​ជាមួយ​កម្លាំង​ប៉ូលិស ក្រោយ​មាន​វត្តមាន​ប៉ូលិស ហាមឃាត់​ដំណើរ​តវ៉ា នៅ​ព្រលាន​យន្តហោះ​នៅ​ទីក្រុង​ហុងកុង។ អ្នក​តវ៉ា​ជាង ៧០០​នាក់ (៧៤៨ នាក់​) ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​។ ការ​វាយដំ និង​ចាប់ខ្លួន​និស្សិត ដែល​តវ៉ា ពី​អាជ្ញាធរ​បែបនេះ ធ្វើ​ឱ្យ​គ្រូបង្រៀន​ជាច្រើន​ពាន់​នាក់ បាន​ក្រោក​តវ៉ា ទាមទារ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​វាយ​បង្ក្រាប​យុវជន ដែល​តវ៉ា​ទាមទារ​ប្រជាធិបតេយ្យ​បែបនេះ​តទៅ​ទៀត។

ជារួម បាតុកម្ម​ដែល​អូស​បន្លាយ​ពេល​យូរ និង​មិន​ទាន់​មាន​ដំណោះស្រាយ​នេះ គឺ​អ្នក​តវ៉ា​សុំ​ឱ្យ​រដ្ឋាភិបាល​ចិន ឈប់​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ពលរដ្ឋ​ហុងកុង ដោយ​ទុក​ឱ្យ​ពលរដ្ឋ​ហុងកុង មាន​ប្រជាធិបតេយ្យ និង​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើស​មេដឹកនាំ​របស់​ខ្លួន ដោយ​ខ្លួនឯង និង​ទាមទារ​សិទ្ធិ​សេរីភាព​ពេញ​លេញ។

រដ្ឋាភិបាល​ចិន មិន​ត្រឹមតែ មិន​ធ្វើតាម​សំណូមពរ​របស់​អ្នក​តវ៉ា​ទេ គឺ​មានតែ​បង្ក្រាប និង បង្កើន​កម្លាំង​សន្តិសុខ និង ប៉ូលិស​ដើម្បី​បង្ក្រាប​អ្នក​តវ៉ា និង ដាក់​ពង្រាយ​កម្លាំងយោធា និង​គ្រឿង​សព្វាវុធ​នៅ​ព្រំដែន​ចិន និង​ហុងកុង ដើម្បី​គំរាម​អ្នក​តវ៉ា​ថែម​ទៀត​ផង។

ទង្វើ​បែបនេះ រង​ការ​ថ្កោលទោស​ពី​អង្គការ​សិទ្ធិមនុស្ស និង​ប្រទេស​ប្រជាធិបតេយ្យ ប៉ុន្តែ​ទទួល​បាន​ការ​ស្វាគមន៍ និង​គាំទ្រ​យ៉ាង​កក់ក្ដៅ ពី​របប​លោក ហ៊ុន សែន។ លោក គឹម សុខ បន្ថែម​ថា ការណ៍​ដែល​របប​លោក ហ៊ុន សែន ត្រូវ​ថ្លែងការណ៍​គាំទ្រ​អំពើ​ហិង្សា​បង្ក្រាប​អ្នក​និយម​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង គឺជា​ការ​ចង់​ផ្ញើ​សារ​ដល់​អ្នក​និយម​ប្រជាធិបតេយ្យ នៅ​កម្ពុជា អំពី​ការ​មិន​លើកលែង​របស់​របប​នេះ ក្នុង​ការ​បង្ក្រាប​បែបនេះ​ដែរ៖ «មក​ពី​អ្វី​ដែល​ជា​ការ​ទាមទារ​របស់​បាតុករ​ហុងកុង​ហ្នឹង វា​ដូច​ទៅ​នឹង​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន គឺ​សិទ្ធិ​សម្រេច​វាសនា​ប្រទេសជាតិ នៅ​លើ​ប្រទេស​របស់​ខ្លួន។ បាតុករ​ហុងកុង ចង់​ឱ្យ​ពលរដ្ឋ​ហុងកុង​សម្រេច អំពី​វាសនា​ជាតិ​ហុងកុង​របស់​ខ្លួន។ ចំណែក​ឯ​នៅ​ប្រទេស​កម្ពុជា ពលរដ្ឋ​ខ្មែរ​ក៏​ចង់បាន ការសម្រេចចិត្ត​ដើម្បី​ដាក់​វាសនា​ជាតិខ្មែរ នៅ​ក្នុង​ដៃ​របស់​ខ្លួន​ដែរ។ ដូច្នេះ​ហើយ ប្រសិនបើ​បាតុករ​ហុងកុង​ទាមទារ​បាន គឺ​វា​នាំ​ឱ្យ​ក្រុម​លោក ហ៊ុន សែន រអើល​ខ្លួន ព្រោះ​កាលណា​បាតុករ​នៅ​ហុងកុង ទាមទារ​បាន វា​គឺជា​ចំណែក​ដ៏​ធំ​មួយ នៃ​ការ​លើក​ទឹកចិត្ត អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មិន​ឱ្យ​បាក់​ស្មារតី ក្នុង​ការ​តវ៉ា និង​តស៊ូ​ដើម្បី​ចង់​ឃើញ​ប្រទេស​របស់​ខ្លួន​វិល​ទៅ​រក​ដំណើរ​ប្រជាធិបតេយ្យ ជាពិសេស​ចាប់ផ្ដើម​ពី​ដំណើរការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ជាដើម»

ទោះបីជា​របប​លោក ហ៊ុន សែន មិន​ចាំបាច់​សរសេរ​សារ​គាំទ្រ​រដ្ឋាភិបាល​ចិន ក្នុង​ការ​បង្ក្រាប​អ្នក​តវ៉ា​នៅ​ហុងកុង ដើម្បី​បង្ហាញ​ថា ខ្លួន​គោរព​អធិបតេយ្យភាព​ប្រទេស​ដទៃ ក្នុង​សម្រេច​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​យ៉ាង​ណាក្តី ក៏​របប​លោក ហ៊ុន សែន នៅតែ​ត្រូវ​សរសេរ​សារ​ទៅ​ប្រទេស​នេះ ដោយ​បញ្ជាក់​ថា កម្ពុជា​គោរព​នយោបាយ​ចិន​តែមួយ ហើយ​ចាត់​ទុក​ស្ថានការណ៍​ដែល​កំពុង​វិវត្ត​នៅ​ទីក្រុង​ហុងកុង ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន។

លោក គឹម សុខ ចាត់​ទុក​របប​លោក ហ៊ុន សែន ថា កេង​ចំណេញ​ពី​ព្រឹត្តិការណ៍​បាតុកម្ម​នៅ​ហុងកុង ដើម្បី​ផ្គាប់ចិត្ត​ចៅហ្វាយនាយ​ចិន ដើម្បី​ជួយ​កាង​ការ​ក្រាញ​អំណាច​របស់​ខ្លួន​តែ​ប៉ុណ្ណោះ៖ «មែនទែន​ទៅ គឺ​លោក ហ៊ុន សែន ឆ្លៀត​យក​ឱកាស​ហ្នឹង ដើម្បី​យកចិត្ត​ចិន​ប៉េកាំង នៅ​ក្នុង​ការ​ទាញ​យក​កម្លាំង​សមានចិត្ត ទាំង​ការទូត​របស់​ចិន​ប៉េកាំង និង​ជំនួយ​គ្រប់​រូបភាព ទាំង​លុយកាក់​និង​អាវុធ ក្នុង​ការ​ការពារ​អំណាច​របស់​ខ្លួន​។ នៅ​ពេល​ដែល​ប្រទេស​ចិន កំពុង​មាន​បញ្ហា​ជាមួយ​ចិន​ហុងកុង​បែបនេះ វា​ជា​ឱកាស​នៃ​ការ​ឆ្លៀត​ប្រើ​ពេល​វេលា​ហ្នឹង ក្នុង​ការ​ចូល​ឱ្យ​កាន់តែ​កៀក ជាមួយ​នឹង​ចិន​ប៉េកាំង​កាន់តែ​ខ្លាំង​ឡើង»

របប​លោក ហ៊ុន សែន រង​ការ​រិះគន់​ថា បាន​ផ្ដេកផ្ដួល​ខ្លាំង​ជ្រុល ទៅ​រក​ប្រទេស​ចិន​កុម្មុយនិស្ត ដែល​ធ្វើ​ឱ្យ​របប​នេះ ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ចិន ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា រួម​ទាំង​វិស័យ​យោធា​ផង ដែល​ជា​ក្តី​កង្វល់​ដល់​សន្តិសុខ​ក្នុង​តំបន់​។ ថ្មីៗ​នេះ សារព័ត៌មាន​អាមេរិក The Wall Street Journal បាន​ចុះផ្សាយ​អំពី​កិច្ច​ព្រមព្រៀង​សម្ងាត់ ដែល​កម្ពុជា ចុះ​ជាមួយ​ចិន ក្នុង​ការ​យល់ព្រម​ឱ្យ​ចិន​គ្រប់គ្រង​មូលដ្ឋានទ័ព​រាម នៅ​ខេត្ត​ព្រះសីហនុ​។ មិនតែប៉ុណ្ណោះ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ឱ្យ​ចិន​កាន់កាប់​រយៈពេល ៩៩ ឆ្នាំ​នៅ​ក្នុង​ខេត្ត​កោះកុង​ឯណោះ ក៏​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ ព្រួយបារម្ភ​ខ្លាំង អំពី​ការសាងសង់​ព្រលាន​យន្តហោះ ដែល​អាច​ឱ្យ​យន្តហោះ​ចម្បាំង​ចិន​ប្រើប្រាស់​ជា​មូលដ្ឋានទ័ព​បាន ទោះ​របប​លោក ហ៊ុន សែន ប្រកែក​ថា មិន​ពិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​ខេត្ត​សៀមរាប​ស្នើ​ប្រធាន​មន្ទីរ​​សាធារណការ​​ថ្មី​​ឱ្យ​​យក​​ចិត្ត​​ទុក​ដាក់​​ស្ថាបនា​​ផ្លូវ​​ក្នុង​​ក្រុង

$
0
0

ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប ជំរុញ​ប្រធាន​មន្ទីរ​សាធារណៈ​ខេត្ត​សៀមរាប ដែល​ទើបតែ​ត្រូវ​បាន​តែងតាំង​ថ្មី ឱ្យ​យកចិត្តទុកដាក់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​ឱ្យ​មាន​គុណភាព​ខ្ពស់ ចៀសវាង​ការប្រព្រឹត្ត​អំពើពុករលួយ​។ ពួកគេ​អះអាង​ថា អតីត​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​សៀមរាប លោក គឹម ប៉ុណ្ណា អសមត្ថភាព បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ជាច្រើន​អាណត្តិ​មក​ហើយ និង​មិន​អើពើ​ការ​ជួសជុល​ផ្លូវ​ខូចខាត​ជាដើម។

ការ​លើកឡើង​នេះ គឺ​ក្រោយពី​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កាលពី​ថ្ងៃ​ទី​៩ សីហា បាន​ប្រកាស​ផ្ទេរ​ភារកិច្ច លោក គឹម ប៊ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​សៀមរាប មក​បម្រើ​ការងារ​នៅ​ទីស្ដីការក្រសួង​វិញ ដោយ​ដាក់ លោក គី វីវិន្ទ ប្រធាន​មន្ទីរ​សាធារណៈ​ការណ៍ ខេត្ត​ត្បូងឃ្មុំ​មក​ជំនួស​វិញ។

ក្រុម​ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​សៀមរាប​ត្អូញ​ថា លោក គឹម ប៊ុណ្ណា អតីត​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​សៀមរាប មិនបាន​យកចិត្តទុកដាក់ ជួសជុល​ផ្លូវលំ និង​កសាង​ផ្លូវ​ឱ្យ​មាន​របៀបរៀបរយ ដើម្បី​បំពេញ​តម្រូវការ​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​នោះ​ទេ​។ ពួកគេ​អះអាង​ថា ផ្លូវលំ​ក្នុង​ក្រុង​ជាច្រើន​ខ្សែ ដែល​ជា​តំបន់​ទីប្រជុំជន ខូច​បែក​ភក់ល្បាប់ លំបាក​ធ្វើដំណើរ​ជាច្រើន​ឆ្នាំ​មក​ហើយ។

ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប លោក អាង ឆាល ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ សីហា​ថា ក្តី​កង្វល់​ទាក់ទិន​ផ្លូវ​លំបាក​ធ្វើដំណើរ​ក្នុង​ក្រុង​សៀមរាប បាន​កើតមាន​ជាច្រើន​អាណត្តិ​មក​ហើយ​។ លោក​ថា ពលរដ្ឋ បាន​ទន្ទឹង​រង់ចាំ​អាជ្ញាធរ​កសាង​ផ្លូវ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក៏ប៉ុន្តែ​គ្មាន​អ្វី​ប្រែប្រួល​ទេ​។ លើស​ពី​នេះ ទៀត ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ពលរដ្ឋ​មិនទាន់​ឃើញ​មាន​មន្ត្រី​ណាមួយ ចេញមុខ​កសាង​ផ្លូវ​ក្នុង​ក្រុង​ឱ្យ​គ្រប់​ជ្រុងជ្រោយ មាន​គុណភាព​ខ្ពស់​ទាល់តែសោះ សូម្បី​ផ្លូវ​កន្លែង​ខ្លះ​ដាច់​ដោយ​ដុំៗ ខូចខាត​ច្រើន ក៏​ពុំ​ឃើញ​មាន​មន្ត្រី​ណា​ជួសជុល​ដែរ​។ លោក​រំពឹង​ថា​ប្រធាន​មន្ទីរ​សាធារណការ​​ថ្មី​នឹង​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​ឆាប់ៗ ដោយ​មិន​ប្រព្រឹត្ត​អំពើពុករលួយ​៖ «មាន​តំបន់​ជាច្រើន (​ផ្លូវ​) ដែល​អាជ្ញាធរ​លោក​អត់​មើល​ឃើញ​។ ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ តំបន់​ដែល​លំបាក​ផ្លូវ​នៅ​ដដែល ដូច​អត់​មាន​ឃើញ​ផ្លាស់ប្ដូរ​ផង។ អត់​ទាន់​ឃើញ មាន​សកម្មភាព​ណាមួយ​គួរ​ឱ្យ​ចាប់អារម្មណ៍​មើល​ទៅ គួរ​ឱ្យ​ពេញចិត្ត​សម្រាប់​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ទាល់​តែ​សោះ»

បុរស​ដដែល​បន្ថែម​ថា ភ្ញៀវ​ទេសចរ​រអ៊ូរទាំ ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ជាច្រើន ទាក់ទិន​ផ្លូវលំ​ជាច្រើន​ខ្សែ ត​ភ្ជាប់​ពី​ផ្លូវជាតិ ក្នុង​ក្រុង​សៀមរាប​ខូចខាត​ធ្ងន់ធ្ងរ បែក​ភក់ជ្រាំ​នៅ​រដូវវស្សា និង​ហុយ​ធូលី​ដី​នៅ​រដូវប្រាំង។ លោក​ថា ផ្លូវលំ​ជាច្រើន​ខ្សែ​ក្នុង​ក្រុង​ដែល​ជា​តំបន់​ទីប្រជុំជន រង​ការខូចខាត​ធ្ងន់ធ្ងរ​៖ «យើង​សង្ឃឹមថា អ្នកថ្មី​ហ្នឹង​លោក​ធ្វើ​ក្រុង​សៀមរាប​ដែល​មាន​សក្ដានុពល ទាក់ទិន​វិស័យ​ទេសចរណ៍ ឱ្យ​មាន​លក្ខណៈ​ទំនើប​រីកចម្រើន​ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ​ទាំងឡាយ​។ ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ មើល​ទៅ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ​។ ក្មេង​ខ្លះ​បើក​ម៉ូតូ​ខ្ចាយ​ទឹក ជា​តំបន់​ទេសចរណ៍​ទៅទៀត លោក​គួរតែ​គិត និង​ចាត់វិធានការ​ឱ្យ​បាន​ល្អ​ប្រសើរ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ប៉ាល់ ចន្ទរាតា ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​ការ​លើកឡើង​របស់​ពល​រដ្ឋ តែ​ទូរស័ព្ទ​ហៅ​ចូល គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​សៅរ៍ ទី​១៧ សីហា។

តែ​ទោះជា​យ៉ាងណាក្ដី លោក​ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា គោលការណ៍​របស់​ក្រសួង ត្រូវ​លុប​ជង្ហុក និង​ជួសជុល​ផ្លូវ គ្រប់កន្លែង​ទាំងអស់ ហើយ​ការ​ជួសជុល​ផ្លូវ​ធំៗ មន្ទីរ​សាធារណការ​ចាំបាច់​ត្រូវ​រាយការណ៍​ទៅ​ក្រសួង៖ «ក្រសួង​មិន​ព្រងើយកន្តើយ​ទេ បើ​មាន​គ្រលុក​មាន់​ច្រើន ក្នុង​ក្រុង ខ្ញុំ​គិត​ថា នេះ​ជា​គោលការណ៍​ក្រសួង​ក្តៅ​គគុក ទាក់ទង​ធ្វើ​ការ​កែ ធ្វើ​ម៉េច លុប​គ្រលុក​ឱ្យ​ស្អាត រហូត​ឱ្យ​ពលរដ្ឋ​បង្ហោះ កន្លែង​ណា​មាន​បញ្ហា​បង្ហោះ​ចូល Page ក្រសួង​ទៀត​។ ខ្ញុំ​គិត​ថា មិន​ធ្ងន់ធ្ងរ​ដូច​ការ​លើកឡើង​ទេ»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ក្រសួង​ត្រូវ​ពិនិត្យ​ពី​ចំណុច​សំខាន់​មួយ​ចំនួន​ថា តើ​អតីត​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​សៀមរាប បាន​រៀបចំ​ផែនការ​​អភិវឌ្ឍន៍​ស្របតាម​តម្រូវការ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ឬទេ​? តែ​ប្រសិន​ពុំបាន​លើក​ផែនការ​ឱ្យ​ស្របតាម​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ​ទេ រដ្ឋាភិបាល​ត្រូវតែ​ដក​ប្រធាន​មន្ទីរ​ចាស់​ជាបន្ទាន់។ លោក​​ផ្ដល់​មតិ​ថា ក្រសួង​គួរតែ​រៀបចំ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជា​លក្ខណៈ​ប្រជាធិបតេយ្យ ដែល​ជំរុញ​ប្រធាន​មន្ទីរ​សាមី​ថា ត្រូវ​ធ្វើ​ផែនការ ឆ្លុះបញ្ចាំង​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ ជាពិសេស ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​សុខុមាលភាព​ពលរដ្ឋ​នៅ​មូលដ្ឋាន៖ «គួរ​តែ​មាន​ការសាកល្បង​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ មាន​ន័យ​ថា ឱ្យ​ថ្នាក់ក្រោម ថ្នាក់​មន្ទីរ​ក្រោម​ធ្វើ​ផែនការ ដោយ​ឆ្លុះ​បញ្ចាំង​តម្រូវការ​ផ្សេងៗ​របស់​ពលរដ្ឋ​ជាពិសេស​ភាព​ចាំបាច់​នៃ​ទំនាក់ទំនង​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​ទេសចរ ដើម្បី​ចាត់​ទុក ជា​អត្ថិភាព​មួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង និង​សម្រាប់​សុខុមាលភាព​ពលរដ្ឋ​នៅ​មូលដ្ឋាន»

ទោះជា​យ៉ាងណាក្ដី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ លោក ស៊ុន ចាន់ថុល ចាត់​ទុក​ការ ការ​ផ្លាស់ប្ដូរ​ប្រធាន​មន្ទីរ​ពេលនេះ ជា​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ ក្នុង​ខេត្ត​សៀមរាប ហើយ​លោក​ក៏​ជំរុញ​ឱ្យ​ប្រធាន​មន្ទីរ​សាធារណការ​ថ្មី អនុវត្ត​សកម្មភាព ១០០​ថ្ងៃ ដើម្បី​បង្ហាញ​ស្នាដៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក សម រង្ស៊ី បញ្ជាក់​ថា លោក​នឹង​ត្រលប់​ទៅ​កម្ពុជា​វិញ​តាម​កាលកំណត់

$
0
0

មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព លោក សម រង្ស៊ី បញ្ជាក់​ជំហរ​ជាថ្មី​ថា រូប​លោក​និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស នឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ នៅ​ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ដើម្បី​ស្រោចស្រង់​ជាតិ​ចេញពី​របប​លោក ហ៊ុន សែន ឱ្យ​ទាន់​ពេល​វេលា​។ អ្នកវិភាគ មើល​ឃើញ​ថា ការកំណត់​ពេលវេលា​ទុក​មុន​ដល់​ទៅ​ជាង​២​ខែ​នេះ គឺជា​យុទ្ធសាស្ត្រ ស្ទាបស្ទង់​សន្ទុះ​អ្នកគាំទ្រ​របស់​បក្ស​ប្រឆាំង​ហើយ​អ្វីៗ​អាច​នឹង​ប្រែប្រួល​នៅ​វេលា​ចុងក្រោយ។

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី លើកឡើង​ថា ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ​នេះ គឺ​ជា​ពេល​ផ្ដាច់ព្រ័ត្រ ដើម្បី​បញ្ចប់​របប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ដែល​លោក​អះអាង​ថា បាន​បំផ្លិចបំផ្លាញ​សម្បត្តិ​ជាតិ លួច​ប្លន់​ដីធ្លី​ពី​ប្រជាពលរដ្ឋ ធ្វើ​ឱ្យ​ពលរដ្ឋ​ចំណាកស្រុក​រាប់​លាន​នាក់ ហើយ​បើកដៃ​ឱ្យ​ជនបរទេស​មាន​ជនជាតិ​ចិន និង​វៀតណាម មក​រស់​នៅ​លើ​ទឹកដី​ខ្មែរ​យ៉ាង​អនាធិបតេយ្យ។ «»

លោក សម រង្ស៊ី ថ្លែង​បែបនេះ​ប្រាប់​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​១៨ សីហា​។ លោក​បាន​អំពាវនាវ​ដល់​អ្នកស្នេហាជាតិ និង​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ​ទាំងអស់ ត្រូវ​រួម​កម្លាំង​គ្នា ដណ្ដើម​យក​ប្រទេស​កម្ពុជា​ពី​របប​ក្រុងភ្នំពេញ មក​គ្រប់គ្រង​វិញ ឱ្យ​ខាងតែ​បាន។ «»

អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ លើកឡើង​ថា ការប្រកាស​ធ្វើ​មាតុភូមិនិវត្តន៍​ជាថ្មី​នេះ គឺជា​បំណង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ប៉ុន្តែ​រឿង​នេះ​អាស្រ័យ​លើ​ការសម្រេច​របស់​គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះជាតិ។ លោក គឹម សុខ បន្ត​ថា ការ​កំណត់​ពេលវេលា​ទុក​មុន​ដល់​ទៅ​ជាង ២​ខែ​នេះ អាច​គឺជា​យុទ្ធសាស្ត្រ​ដើម្បី​ស្ទង់​កម្លាំង​គាំទ្រ ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​ក្រៅ​ស្រុក ព្រមទាំង​ពិនិត្យមើល​ជំហរ​របស់​សហគមន៍​អន្តរជាតិ។

ទោះជា​យ៉ាងណា លោក យល់​ថា ច្បាប់ HR 526 ដែល​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​កំពុង​រៀបចំ​ធ្វើ​ដើម្បី​ដាក់ទណ្ឌកម្ម​របប​លោក ហ៊ុន សែន អាច​ជា​ប្រយោជន៍​ដល់​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី វិញ​។ អ្នកវិភាគ​រូប​នេះ បញ្ជាក់​ថា នៅ​ពេល​ដែល​ច្បាប់​នេះ​ចេញ​ជា​ផ្លូវការ​ហើយ នោះ​អាច​ជា​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី ព្រោះ​ច្បាប់​នេះ មាន​ឥទ្ធិពល​ទៅលើ​ក្រុម​លោក ហ៊ុន សែន ងាក​មក​ការចរចា​រក​ដំណោះស្រាយ​នយោបាយ​ជាមួយ​បក្ស​ប្រឆាំង​វិញ។ «»

គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា លោក សម រង្ស៊ី នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា​ខាងមុខ ដែល​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា​។ មន្ត្រី​ជាន់ខ្ពស់​ទាំងឡាយ​របស់​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស រួម​ទាំង​សមាជិកសភា​អឺរ៉ុប​មួយ​ចំនួន​ផង នឹង​អម​ដំណើរ​លោក សម រង្ស៊ី ត្រឡប់​ទៅ​កម្ពុជា​វិញ​។ គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា ដំណើរ​វិលត្រឡប់​នេះ គឺ​ដើម្បី​ទៅ​ដោះស្រាយ​ការ​ជាប់​គាំង និង​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ជាតិ ដែល​របប​លោក ហ៊ុន សែន មិន​អាច​ដោះស្រាយ​បាន ជាពិសេស គឺ​ជួយ​កុំ​ឱ្យ​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហគមន៍​អឺរ៉ុប។

ទោះជា​យ៉ាងណា អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ បញ្ជាក់​ជំហរ​ថា សមត្ថកិច្ច​នឹង​ចាប់ខ្លួន​លោក សម រង្ស៊ី ទៅ​តាម​ដីកា​របស់​តុលាការ នៅ​ពេល​ណា​ដែល​លោក​មក​ដល់​ទឹកដី​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​ខេត្ត​កំពត​បន្ត​សាកសួរ​មន្ត្រី​បក្ស​ប្រឆាំង​រឿង​ប្រមូល​ផ្តុំ​សកម្មជន​សង្គ្រោះជាតិ

$
0
0

សមត្ថកិច្ច​ខេត្ត​កំពត បាន​នាំ​ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត និង​ជា​អនុប្រធាន​ប្រតិបត្តិ​បក្ស​ប្រឆាំង​ស្រុក​ឈូក លោក នុត ពេជ ទៅ​បន្ត​នីតិវិធី​ស៊ើបសួរ​នៅ​សាលាដំបូង​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី១៨ សីហា។ ក្រោយ​ការសាកសួរ​ប្រហែល ១​ម៉ោង ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​នាំគ្នា​ទៅ​ឡោមព័ទ្ធ និង​ឡើង​ឆែកឆេរ​ផ្ទះ​របស់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ទៀត​ផង។

សាច់ញាតិ​របស់ លោក នុត ពេជ ម្នាក់ ឱ្យ​អាស៊ីសេរី​ដឹង​ថា សមត្ថកិច្ច​ប្រហែល​៤០​នាក់ បាន​ជិះ​ឡាន​ទៅ​ឡោមព័ទ្ធ និង​ឆែកឆេរ​ផ្ទះ លោក នុត ពេជ នៅ​ភូមិ​ស្រង៉ែ ឃុំ​បឹងនិមល ស្រុក​ឈូក នៅ​ម៉ោង​ប្រមាណ​១១​កន្លះ ថ្ងៃ​ទី​១៨ សីហា។ សមត្ថកិច្ច​ប្រាប់​អ្នកផ្ទះ​របស់ លោក នុត ពេជ ថា ពួកគេ​មក​ឆែកឆេរ​ផ្ទះ ដើម្បី​រក​ឯកសារ​ភស្តុតាង​បន្ថែម​ទាក់ទង​នឹង​បទចោទប្រកាន់​របស់​តុលាការ​លើ​លោក នុត ពេជ។

សាច់ញាតិ​បន្ត​ថា ក្រោយ​ការ​ឆែកឆេរ​ជិត​មួយ​ម៉ោង សមត្ថកិច្ច​រក​មិន​ឃើញ ឯកសារ​បទល្មើស​ទេ តែ​សមត្ថកិច្ច​បាន​គំរាម កូនប្រុស​ច្បង​របស់ លោក នុត ពេជ ឱ្យ​ប្រគល់​ទូរស័ព្ទ​ដៃ លោក នុត ពេជ ឱ្យ​សមត្ថកិច្ច​។ កូនប្រុស​របស់ លោក នុត ពេជ អះអាង​ប្រាប់​សមត្ថកិច្ច​ថា មិន​បាន​ដឹង​ថា ទូរស័ព្ទ​របស់​ឪពុក នៅ​ទី​ណា​នោះ​ទេ​។ សាច់ញាតិ​ដដែល​ឱ្យ​ដឹង​ទៀត​ថា មក​ដល់​ពេល​នេះ ប្រពន្ធ និង​កូនៗ របស់​លោក នុត ពេជ កំពុង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន៖ «គាត់​គំរាម​ថា ត្រូវតែ​យក​ទូរស័ព្ទ​ឱ្យ​អ៊ីចឹង​ណា​។ បាទ​! តែ​អ្វី​ដែល​ជាក់ស្ដែង​ឥឡូវ​អត់​ដឹង​ថា ទូរស័ព្ទ​ហ្នឹង​នៅ​ទី​ណា​ឱ្យ​ពិតប្រាកដ​អ៊ីចឹង​ណា ព្រោះ កាលដែល​ចាប់ខ្លួន​គាត់​ហ្នឹង គឺ​កំពុងតែ​នៅ​វាលស្រែ គាត់​កំពុងតែ​លើក​ភ្លឺ​ស្រែ»

សមត្ថកិច្ច​ខេត្ត​កំពត បាន​ចុះទៅ​ឡោមព័ទ្ធ​ចាប់​ខ្លួន​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ស្រុក​ឈូក និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ស្រុក​ឈូក លោក នុត ពេជ អាយុ ៦៤​ឆ្នាំ ពី​ក្នុង​វាលស្រែ ពេល​លោក​កំពុង​ស្ទូងស្រូវ និង​លើក​ភ្លឺ​ស្រែ កាល​ពី​ថ្ងៃ​ទី​១៧ សីហា​។ ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​កំពត លោក អ៊ី ឃាង បាន​ចោទ​ប្រកាន់​សមាជិក​បក្ស​ប្រឆាំង​រូប​នេះ ពី​បទ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល និង​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ ប្រព្រឹត្តទៅ​កាល​ពី​ខែ​មេសា និង​ខែ​ឧសភា នៅ​ភូមិ​ព្រៃ​សំណាង​លើ ឃុំ​ខ្ជាយខាងជើង ស្រុក​ដងទង់។

អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត លោក ខាន់ សុផល និង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កំពត លោក ម៉ាន់ បូរ៉េត ប្រាប់​ថា ពួក​លោក សុទ្ធតែ​មិន​បាន​នៅ​ប្រចាំ​ការ​ថ្ងៃអាទិត្យ ដូច្នេះ​ពួក​លោក​មិន​ដឹង​ពី​ករណី​នេះ​ទេ។ ចំណែក​ព្រះរាជ​អាជ្ញារង​ម្នាក់ ដែល​នៅ​ប្រចាំការ​ថ្ងៃអាទិត្យ ប្រាប់​អាស៊ីសេរី​ថា លោក​មិន​អាច​ផ្ដល់​ព័ត៌មាន​បានទេ ដោយសារ​លោក​មិនមែន​ជា​អ្នកនាំពាក្យ។លោក នុត ពេជ គឺជា​មនុស្ស​ទី​១៥ ដែល​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន ដាក់​ពន្ធនាគារ ក្នុង​យុទ្ធនាការ​បង្ក្រាប​សកម្ម​ជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន នៅ​ឆ្នាំ​២០១៩ នេះ​។ សមាជិក​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន មាននៅ​ខេត្ត​ស្វាយរៀង ត្បូងឃ្មុំ ពោធិ៍សាត់ ព្រះសីហនុ និង​ខេត្ត​កំពត​។ ដោយឡែក​សកម្មជន​បក្ស​ប្រឆាំង​ជាង​១៤០ នាក់ ផ្សេងទៀត​នៅ​កន្លែង​ដទៃ ក៏​ត្រូវ​បាន​អាជ្ញាធរ កោះហៅ​ឱ្យ​ចូល​ខ្លួន និង​ចេញ​ដីកា​សាកសួរ ជា​បន្តបន្ទាប់​ដែរ គ្រាន់តែ​មិន​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ប៉ុណ្ណោះ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ថា បើ​ទោះ​ជា​សមាជិក​បក្ស​ប្រឆាំង​ថ្លែង​សារ​នយោបាយ ឬ​គាំទ្រ​អ្នកនយោបាយ​ណា​ក៏​ដោយ ក៏​នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ដែរ។ លោក​ថា លោក នុត ពេជ មិន​គួរ​ត្រូវ​បាន​ចោទប្រកាន់ និង​ចាប់ខ្លួន​ទេ ព្រោះ​សកម្មភាព​របស់​គាត់ មិន​បាន ប៉ះពាល់​ដល់​បុគ្គល​ណា​ម្នាក់​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ យល់ថា ការ​ប្រើ​បទ​ចោទ​ផ្ដេសផ្ដាស លើ​សមាជិក​បក្ស​ប្រឆាំង នឹង​នាំ​ឱ្យ​កេរ្តិ៍ឈ្មោះ​តុលាការ និង​រដ្ឋាភិបាល កាន់តែ​អាក្រក់៖ «ការ​ប្រើ​វិធានការ​បែបនេះ មិនមែន​ជា​វិធាន​មួយ ដែល​ធ្វើ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​នូវ​ស្ថានភាព​នយោបាយ​ទេ​។ វា​ផ្ទុយទៅវិញ ការ​ធ្វើ​បែបនេះ វា​ធ្វើ​ឱ្យ​ស្ថានភាព​នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ក្នុងពេលដែល​ប្រទេស​លោក​សេរី កំពុង​ដាក់​លក្ខខណ្ឌ​ឱ្យ​កម្ពុជា​វិល​ទៅ​រក​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ហ្នឹង»

កូនប្រុស​ម្នាក់ របស់​លោក នុត ពេជ គឺ​លោក សន់ ធានី ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី១៧ សីហា ថា ការ​ចាប់​ខ្លួន​ឪពុក​លោក អាច​ដោយសារតែ​គាត់​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច ក្រោយ​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង​រួចមក។ លោក សន់ ធានី ប្រាប់​ថា ឪពុក​លោក​មិន​បាន​ប្រព្រឹត្តិ​កំហុស​អ្វី​ទេ ហើយ​ក្រោយ​ពេល​រំលាយ​បក្ស​ប្រឆាំង គាត់​មិនបាន​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ដទៃ​ឡើយ ដោយ​សុខចិត្ត​នៅ​ប្រកប​របរ​ធ្វើស្រែ​វិញ។

តាំង​ពី​ត្រូវ​បាន​ចាប់ខ្លួន​ពី​វាលស្រែ​មក លោក នុត ពេជ មិន​ទាន់​បាន​ផ្លាស់ប្ដូរ​ខោអាវ​ស្ទូង​ស្រូវ ដែល​ប្រឡាក់​ដោយ​ដី​ភក់​នោះ​នៅឡើយ​ទេ​។ សមត្ថកិច្ច​ខេត្ត​កំពត​បាន​ដាក់​ខ្នោះដៃ និង​បណ្ដើរ​លោក​ដោយ​គ្មាន​ឱ្យ​ពាក់​ស្បែកជើង តាំង​ពី​វាលស្រែ រហូត​ដល់​ក្នុង​ពន្ធនាគារ​ខេត្ត។ ក្នុង​ពេល​បណ្ដើរ យក​ទៅ​សាកសួរ​នៅ​សាលាដំបូង​ខេត្ត​កំពត លោក​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​កោរសក់​ថែម​ទៀត​។ អ្នក​ការពារ​សិទ្ធិមនុស្ស​ថា នេះ​ជា​រូបភាព​នៃ​ការ​ធ្វើ​ទារុណកម្ម​លើ​ជន​ចាប់​ចោទ ដែល​ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​អប់រំ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ សិស្ស​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៩

$
0
0

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ឆ្នាំ​២០១៩ តាម​មណ្ឌល​ប្រឡង​អស់ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ សីហា​។ គេហទំព័រ​ហ្វេសប៊ុក (Facebook) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ផ្សាយ​ថា បញ្ជី​បិទ​ផ្សាយ​នោះ មាន​បញ្ជាក់​ឈ្មោះ លេខ​តុ លេខ​បន្ទប់ តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា បទបញ្ញត្តិ​ប្រឡង និង​ប្លង់​បន្ទប់​ប្រឡង។

គេហទំព័រ​ដដែល​បន្ត​ថា ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ គឺ​បិទ​នៅ​ក្ដារខៀន​ព័ត៌មាន​រួម​នៃ​មណ្ឌល​ប្រឡង​មួយ​ច្បាប់ និង​នៅ​តាម​បន្ទប់​ប្រឡង​នីមួយៗ ព្រមទាំង​មានការ​ប្រកាស​តាម​ឧគ្ឃោសនាស័ព្ទ​នៅ​តាម​មណ្ឌល​សំណេរ​គ្រប់​រាជធានី ខេត្ត​ផង​ដែរ។

ក្រសួង​អប់រំ មិន​បាន​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​បេក្ខជន តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទេ ព្រោះ​ក្រសួង​តម្រូវ​ឱ្យ​បេក្ខជន​ប្រឡង​ទាំងអស់​ត្រូវ​ទៅ​មើល​ឈ្មោះ​លេខ​តុ លេខ​បន្ទប់ នៅ​មណ្ឌល​ប្រឡង ដោយ​ផ្ទាល់ ដើម្បី​អាច​ស្គាល់​ទីតាំង​មណ្ឌល​ប្រឡង បន្ទប់​ប្រឡង ត្រៀមខ្លួន​ប្រឡង និង​ជៀសវាង​បញ្ហា​ជាយថាហេតុ។

ការ​ប្រឡង​បាក់​ឌុប ឆ្នាំ​២០១៩ នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល ២​ថ្ងៃ​ពេញ គឺ​ថ្ងៃ​ទី​១៩ និង​២០ សីហា។ បេក្ខជន​ចូលរួម​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ មាន​ជាង ១​សែន (១១៧.០២៤) នាក់ ចែក​ចេញជា​២​ផ្នែក គឺ​ផ្នែក​វិទ្យាសាស្ត្រ មាន ៧៥​មណ្ឌល និង​ផ្នែក​វិទ្យាសាស្ត្រ​សង្គម មាន​១២៧ មណ្ឌល។ ក្នុងចំណោម​មណ្ឌល​ប្រឡង​ចំនួន ២០២​មណ្ឌល ក្រសួង​អប់រំ បាន​ផ្លាស់ប្ដូរ​មណ្ឌល​ប្រឡង​មួយ ពី​សង្កាត់​ក្រាំង​អំពិល នៃ​ក្រុង​កំពត ឱ្យ​ទៅ​ប្រឡង​នៅ​មណ្ឌល​សាលារៀន គួង យ៉ុក នៅ​ក្រុង​កំពត​វិញ ដោយសារ​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​។ នៅ​មួយថ្ងៃ មុន​ការ​ប្រឡង​បាក់​ឌុប​នេះ ក្រសួងសុខាភិបាល ក៏បាន​ចុះទៅ​បាញ់ថ្នាំ​មូល​នៅ​តាម​មណ្ឌល​ប្រឡង​ខ្លះ​ដែរ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម នៅ​ក្នុង​ពេល​ប្រឡង​បាក់​ឌុប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

"អាជ្ញាធរ​គួរ​ស៊ើប​អង្កេត​លើ​រដ្ឋមន្ត្រី​កសិកម្ម​ដែល​​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​កាប់​ឈើ​ខុស​ច្បាប់"

$
0
0

សកម្មជន​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល ទាមទារ​ឱ្យ​គណៈកម្មការ​ជាតិ និង​តំណាង​អយ្យការ​ខេត្ត មណ្ឌលគិរី បើក​ការស៊ើបអង្កេត និង​នាំ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ឱ្យ​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ករណី​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៦ ធ្វើ​អាជីវកម្ម​ឈើ​ខុសច្បាប់ ក្នុង​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី បណ្ដាល​ឱ្យ​បាត់បង់​ព្រៃឈើ​ធំធេង ក្នុង​តំបន់​អភិរក្ស និង​ប៉ះពាល់​ដែន​ជម្រក​សត្វព្រៃ។

សកម្មជន​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា ក្រុមហ៊ុន​ចំនួន ៦ ដែល​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រសួង​កសិកម្ម វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ជាច្រើន​ម៉ឺន​ហិកតារ ឋិត​ក្នុងស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី គឺជា​ឃាតក​លាក់​មុខ បំផ្លាញ​ព្រៃឈើ​ធំធេង ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​ដោយ​ខុសច្បាប់​។ ពួកគេ​អះអាង ប្រភព​ចម្បង នាំ​ឱ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច និង​ព្រៃ​សហគមន៍ គឺ​ផ្ដើម​ចេញ​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ផ្សំ​គំនិត និង​អនុញ្ញាត​ឱ្យ​មាន​ភាព​មិនប្រក្រតី​នៃ​អាជីវកម្ម​ឈើ​ខុសច្បាប់​ជាប់​ព្រៃ​អភិរក្ស​ដោយ​លួចលាក់។

សកម្មជន​បរិស្ថាន​ដែល​ចុះ​អង្កេត​រឿង​នេះ លោក ហេង ស្រស់ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៨ សីហា ថា ការ​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​ឯកជន វិនិយោគ​ដំណាំ​ឧស្សាហកម្ម​ពី​សំណាក់​ក្រសួង​កសិកម្ម គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ ប៉ុន្តែ​ធាតុ​ពិត គឺ​ដើម្បី​កាប់​រំលំ​ដើមឈើ​ធំៗ​យក​លក់​ទៅ​ប្រទេស​វៀតណាម​ទៅវិញ​ទេ​។ លោក​ថា ពលរដ្ឋ​មូលដ្ឋាន និង​សកម្មជន​បរិស្ថាន បាន​ស្រែក​ឱ្យ​ក្រសួង​កសិកម្ម ស៊ើបអង្កេត​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​នោះ​ជា​ញឹកញាប់ ក៏ប៉ុន្តែ​ក្រសួង​មិនបាន​អើពើ​ទេ គឺ​បាន​ត្រឹម​តែ​ឆ្លើយ​ដោះសារ​យករួចខ្លួន​ប៉ុណ្ណោះ​។ លោក​ថា ក្រុមហ៊ុន​ទាំង ៦ នោះ ពុំបាន​ដាំ​ដំណាំ​អ្វី​ជា​ដុំកំភួន​ទេ មាន​តែ​បង្កើត​ទីតាំង​អារ​ឈើ និង​ឃ្លាំង​ប្រមូល​ឈើ​ប៉ុណ្ណោះ​៖ «ចំពោះ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​វិញ សម្រាប់​ខ្ញុំ​មិនដែល​ចាត់​ទុក​គាត់​ជា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ធ្វើ​ឱ្យ​មាន​ផលប្រយោជន៍​សម្រាប់​ជាតិ​ទេ បែរជា​គាត់​ស៊ីញេ​ឱ្យ​មានការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុម​ឧកញ៉ា​មួយ​ចំនួន ហាក់បីដូចជា​បើកភ្លើង​ខៀវ​ឱ្យ​ក្រុម​ឧក្រិដ្ឋកម្ម​ជន​ទាំងនោះ មានលទ្ធភាព​កាប់​បំផ្លាញ​ព្រៃឈើ និង​ប្រមូល​លុយ​ចេញពី​ការ​ការ​បំផ្លាញ​ធនធានធម្មជាតិ​របស់​ខ្មែរ​ទៅវិញ»

សកម្មជន​បរិស្ថាន​រូប​នេះ ទាមទារ​ឱ្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ស៊ើប​អង្កេត លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ឱ្យ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ព្រោះ​រដ្ឋមន្ត្រី​រូប​នេះ​ជា​អ្នក​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​ទាំងនេះ រកស៊ី​កាប់​ឈើ​ដោយ​ស្របច្បាប់ ដោយមាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ជា​អ្នក​ចូល​ដៃជើង​ជាមួយ​ក្រុមហ៊ុន​៖ «ដី​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង​គឺ​អត់​មាន​អ្វី​មាន​ភាព​ប្រសើរ​ឡើង​ទៅ​ទេ នៅ​ស្រុក​កោះ​ញែក​ហ្នឹង សូម្បីតែ​ដាំ​ដើមឈើ​អ្វី ដែល​តបស្នង​មក​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រជាជន​ខ្មែរ​មួយ​ដើម​ក៏​អត់​មាន​ទេ​។ គ្រាន់តែ​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​យក​ឈើ លក់​យក​លុយ​រាប់​លាន​ដុល្លារ​។ ហេតុអ្វី​មិន​បង្ក្រាប​អ្នក​ដើមចម ផ្ដល់​លទ្ធភាព​ឱ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោកស្រី វុឌ្ឍី ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នក​លើក នៅ​ថ្ងៃ​ទី១៨ សីហា។

ចំណែក​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី និយាយ​យ៉ាង​ខ្លី​ថា គណៈកម្មការ​ជាតិ​បាន​បញ្ជូន​សំណុំរឿង​ករណី​នេះ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​រួច​អស់ហើយ​។ ហេតុនេះ​លោក​បង្វែរ​សំណួរ​ទៅ​តំណាង​អយ្យការ​ខេត្ត​មណ្ឌលគិរី​វិញ​៖ «អាហ្នឹង​សួរ​ទៅ​ខាង​អយ្យការ ព្រោះ​យើង​បញ្ជូន (​សំណុំរឿង​)​អស់ហើយ​។ ប្រសិន​ខាង​សកម្មជន​បរិស្ថាន និង​សង្គម​ស៊ីវិល​គាត់​យល់ឃើញ​ម៉េច​? ឱ្យ​សួរ​ទៅ​ខាង​អយ្យការ»

អាស៊ីសេរី​ព្យាយាម​ទាក់ទង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក ម៉ម វ៉ាន់ដា និង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត លោក មាស ប្រុស ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​ដែរ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នក​លើក​នៅ​ថ្ងៃ​ដដែល​នេះ​។​

កាលពីដើម​ខែ​សីហា​កន្លង​ទៅ តំណាង​អយ្យការ​អម​សាលាដំបូង ខេត្ត​មណ្ឌលគិរី​បាន​កោះហៅ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ជនជាតិ​ចិន និង​អ្នក​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ប្រមាណ ២០​នាក់​ទៀត ឱ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​អំឡុង​ចុងខែ​សីហា​នេះ។ មក​ទល់​ពេល​នេះ តុលាការ​សម្រេច​ឃុំខ្លួន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ២​នាក់ ឈ្មួញ​ឈើ ៣​នាក់ និង​ជនជាតិ​ចិន ៣​នាក់​ទៀត សរុប​ទាំងអស់ ៨​នាក់​។ លើស​ពី​នេះ ថ្មីៗ​នេះ តុលាការ​ខេត្ត​ក្រចេះ បានសម្រេច​ឃុំខ្លួន ឧកញ៉ា គង់ ក្រឹង និង​បក្ខពួក​ម្នាក់ទៀត​ក្នុង​ពន្ធនាគារ​ខេត្ត​ក្រចេះ។

មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ សង្កេត​ឃើញ​ថា បើ​ទោះ​បី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​មូលដ្ឋាន បាន​ប្រព្រឹត្ត​កំហុស​ជាច្រើន​រាប់មិនអស់ តាមរយៈ​ការ​ចុះ​ហត្ថលេខា​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន បំប្លែង​ឈើ​ខុសច្បាប់​ឱ្យ​ទៅជា​ឈើ​ស្របច្បាប់​ក្តី ក៏​ពុំ​ឃើញ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បញ្ជា​ឱ្យ​ស៊ើបអង្កេត និង​មាន​វិធានការ​ច្បាប់​នោះ​ទេ​។ លោក​ថា រដ្ឋមន្ត្រី​រូប​​​​​នេះ គឺជា​អ្នកទទួលខុសត្រូវ​យ៉ាង​សំខាន់​ចំពោះ​វិនាសកម្ម​ព្រៃឈើ​ធំ​សម្បើម​នេះ​។ លោក​អះអាង​ថា មុន​ពេល​គណៈកម្មការ​ជាតិ​ចុះ​អនុវត្ត​ច្បាប់ ក្រុមហ៊ុន​ទាំង ៦ នៅ​ខេត្ត​មណ្ឌលគិរី បាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ និង​កាប់​ឈើ​ក្រៅ​ក្រុមហ៊ុន ជាច្រើន​ឆ្នាំ​មក​ហើយ​៖ «វា​ពិតជា​មានការ​ពាក់ព័ន្ធ បើ​ពុំ​មាន​ការ​ពាក់ព័ន្ធ​ទេ បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​ក៏​មិន​អាច​សម្រេច​បាន​ដែរ ព្រោះ​មន្ត្រី​ថ្នាក់ក្រោម​ក៏​មិន​អាច​លាក់លៀម​នូវ​សកម្មភាព​បណ្ដែតបណ្ដោយ​បានទេ ព្រោះ​យើង​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមដាន​ជាប់​រហូត​ហើយ​រយៈ​ប៉ុន្មាន​ឆ្នាំ គឺ​មាន​ការផ្សាយ​ច្រើន​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ ពាក់ព័ន្ធ​ឧកញ៉ា សឹង្ហ សំអុល និង​ឧកញ៉ា គង់ ក្រឹង។ អ៊ីចឹង​យើង​មិន​ជឿ​ថា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​លោក​មិន​ដឹង​ទេ»

គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បង្ហាញ​ថា ក្រុមហ៊ុន​ចំនួន ៦ ប្រឈម​ដក​អាជ្ញាប័ណ្ណ​រួមមាន ក្រុមហ៊ុន​ម៉ាស្ទ័រ​ខេសិន ក្រុមហ៊ុន​ចិន យ៉ាន់ចាវ ក្រុមហ៊ុន ថាច់វូដ ក្រុមហ៊ុន​វិជ្ជរី ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ និង​ក្រុមហ៊ុន​ណេងណា។

សកម្មជន​បរិស្ថាន​អះអាង​ថា វត្តមាន​ក្រុមហ៊ុន​ទាំងនេះ បណ្ដាល​ឱ្យ​ដែន​ជម្រក​សត្វ​ស្នួល មាន​ភូមិសាស្ត្រ​ជាប់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ក្នុង​ស្រុក​កោះ​ញែក និង​ស្រុក​ស្នូល​ខេត្ត​ក្រចេះ រហូត​ជាប់​ព្រំ​ប្រទល់​ប្រទេស​វៀតណាម មាន​ផ្ទៃដី​រាប់​ម៉ឺន​ហិកតារ រលាយ​ទាំងស្រុង នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ការ​បាត់បង់​ទំហំ​ព្រៃឈើ​ធំធេង​នេះ របប​ក្រុងភ្នំពេញ​មិន​បាន​ស៊ើបអង្កេត និង​ជំរុញ​ឱ្យ​ស្ថាប័ន​ណាមួយ​ទទួលខុសត្រូវ​នោះ​ទេ ហើយ​បាន​ប្រកាស​រំសាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សមត្ថកិច្ច​បញ្ជូន​មន្ត្រី​ទាហាន​ម្នាក់​ និង​​​ពលរដ្ឋ​​ម្នាក់​​ចូល​គុក​រឿង​ទន្ទ្រាន​​ព្រៃ​​​នៅ​​ព្រំដែន​​ខេត្ត​​បាត់ដំបង​

$
0
0

ភរិយា​ជន​ជាប់​ឃុំ​នៅ​ស្រុក​សំឡូត​ខេត្ត​បាត់ដំបង​ចោទ​ប្រកាន់​ប៉ូលិស​ខេត្ត​បាត់ដំបង​ថា​ចាប់​ស្វាមី​របស់​ខ្លួន​ដោយ​អយុត្តិធម៌​​ និង​ទាមទារ​សមត្ថកិច្ច​ឱ្យ​ដោះលែង​ស្វាមី​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ ការ​ទាម​ទារ​នេះ​ បន្ទាប់​ពី​តុលាការ​​ចាប់​មន្ត្រី​ទាហាន​ម្នាក់ និង​ពលរដ្ឋ​ម្នាក់​នៅ​ស្រុក​សំឡូត​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​គុក​នៅ​​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៧ ​សីហា ក្រោម​បទ​ចោទ​ប្រកាន់​បំផុស​ឱ្យ​ពលរដ្ឋ​​ទន្ទ្រាន​ដី​ព្រៃ​​តាម​ព្រំដែន​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ​សមត្ថកិច្ច​ចាប់​ពលរដ្ឋ​ដោយ​មិន​បាន​ស៊ើបអង្កេត​លើ​រឿង​នេះ​ឱ្យ​បាន​ល្អិតល្អន់​នៅ​ឡើយ​ទេ។​

ភរិយា​ជន​ជាប់​ឃុំ​ភូមិ​ស៊ុង​១​ ឃុំ​ស៊ុង ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង​ អ្នក​ស្រី​ វ៉ាន់ សុខ​ឡេង​ ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​១៨​សីហា​ថា​ ស្វាមី​របស់​អ្នក​ស្រី គឺ​លោក​ អ៊ុំ សារ៉ាន់ ពុំ​បាន​ទៅ​ទន្ទ្រាន​ដី​ព្រៃ​ដូច​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​តុលាការ​នោះ​ទេ។ អ្នក​ស្រី​បន្ថែម​ថា ស្វាមី​របស់​ខ្លួន​ជាប់​គុក​ដោយ​អយុត្តិធម៌​បំផុត​ ព្រោះ​ដី​ព្រៃ​ដែល​តុលាការ​ចោទ​ប្រកាន់​មក​លើ​ស្វាមី​នោះ ត្រូវ​បាន​មន្ត្រី​ទាហាន​ម្នាក់​ឈ្មោះ​ទូច​​ប្រាប់​ថា មេ​ទាហាន​ថ្នាក់​លើ​ចែក​ដី​ក្រវាត់​ព្រំដែន​ក្នុង​ស្រុក​សំឡូត​ឱ្យ​ពលរដ្ឋ​ក្រីក្រ​ចំនួន​៣០០​គ្រួសា ​និង​ជូន​លុយ​ចំនួន ៧មឺន​រៀល (៧០.០០០) ក្នុង​មួយ​គ្រួសារ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ស្របច្បាប់។ អ្នក​ស្រី​បញ្ជាក់​ថា ក្រោយ​ពី​បាន​ទទួល​ដំណឹង​នេះ​ ប្ដី​របស់​ខ្លួន​ក៏​ប្រាប់​ដល់​អ្នក​ជិត​ខាង​ឱ្យ​នាំ​គ្នា​យក​អត្តសញ្ញាណប័ណ្ណ​ថត​ចំលង ដើម្បី​ចុះ​ឈ្មោះ​យក​ដី និង​ទទួល​លុយ​ពី​ការ​ចង្អុល​បង្ហាញ​របស់​មន្ត្រី​ទាហាន​រូប​នេះ។ អ្នក​ស្រី​បន្ត​ថា មិន​បាន​ឃើញ​ដី​ផង​ លុះ​នៅ​ថ្ងៃ​ទី១៦ សីហា សមត្ថកិច្ច​បាន​​វ៉ៃ​ខ្នោះ​ស្វាមី ​រួច​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ដោយ​ចោទ​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់​ទៅ​វិញ៖ «ហើយ​មាន​បាន​ទៅ​ដល់​ដី​នោះ​ទេ តែ​ឥឡូវ​ខ្ញុំ​លំបាកលំបិន​ខ្លាំង​ណាស់​បើ​អត់​ពី​ប្ដី​ខ្ញុំ​គ្មាន​ប្រាក់​ចំណូល​ទេ​ ចុះ​បើ​មេ​គ្រួសារ​ទៅ​បាត់​ហើយ​ខ្ញុំ​មាន​ចំណូល​ពី​ណា​ បើ​កូន​ខ្ញុំ​ទើប​បាន ១០ខែ ខ្ញុំ​ធ្វើ​អី​កើត​។ខ្ញុំ​ចង់​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ជួយ​ដោះ​ស្រាយ​រឿង​ប្ដី​របស់​ខ្ញុំ​ផង​ ហើយ​ជួយ​ដល់​គ្រួសារ​ខ្ញុំ​ផង​ ព្រោះ​ខ្ញុំ​ក្រីក្រ​អត់​មាន​អី​ហូប​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ​ជំទប់​ទី​២​ឃុំ​ស៊ុង​ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ម៉េង យ៉ាង​ ប្រាប់​អាស៊ី​សេរី​ថា មន្ត្រី​ទាហាន​ប្រចាំ​នៅ​ស្រុក​សំឡូត​​ម្នាក់​និង​ពលរដ្ឋ​ម្នាក់​។លោក​បន្ត​ថា ពលរដ្ឋ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​មាន​ជីវភាព​​ក្រីក្រ​រស់​នៅ​ឃុំ​ស៊ុង ដែល​ជា​អ្នក​ចាញ់​បោក​មន្ត្រី​ទាហាន​ គឺ​ពុំ​បាន​ទៅ​ទន្ទ្រាន​ដី​នោះ​ទេ៖ «អយុត្តិធម៌​ត្រង់​ថា​មាន​អ្នក​ផ្សេង​ទៀត​ទម្លាក់​កំហុស​មក​លើក​គាត់​ ដោយ​គាត់​មិន​បាន​ប្រព្រឹត្ត​ខុស​ទេ ហើយ​ដល់​ថ្នាក់​ចោទប្រកាន់​រហូត​បញ្ជូន​គាត់​ទៅ​ដាក់​គុក​ ដោយ​មិន​មាន​ការ​ដោះស្រាយ​និង​វិនិច្ឆយ​ឱ្យ​បាន​ត្រឹមត្រូវ»

លោក​បន្ត​ថា​ សមត្ថកិច្ច​បាន​បញ្ជូន​ មន្ត្រី​ទាហាន​ឈ្មោះ ទូច និង​ពលរដ្ឋ​ឈ្មោះ អ៊ុំ សារ៉ាន់ ដាក់​គុក​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃ ទី១៧ សីហា ដោយ​ចោទ​ប្រកាន់​ដើរ​បំផុស​បំផុល​ប្រជាពលរដ្ឋ​ឱ្យ​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ខុស​ច្បាប់។

ចំណែក​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស៊ុង លោក​ កែវ វិបុល ប្រាប់​អាស៊ី​សេរី​ថា មន្ត្រី​ទាហាន​ដែល​ចាប់​ខ្លួន​ឈ្មោះ ស្វាយ ហឿន ហៅ​ ទូច នៅ​កងពល​លេខ​៥២ ប្រចាំ​នៅ​ដែល​ខេត្ត​បាត់ដំបង។ លោក​បន្ថែម​ថា ការ​ចាប់​ខ្លួន​នេះ​ដោយសារ​អ្នក​ទាំង២ យក​អត្តសញ្ញាណ​ប័ណ្ណ​ពី​ប្រជាពលរដ្ឋ​ថត​ចម្លង​ដើម្បី​ចែក​ដី​ឱ្យ​ពួកគាត់។ ទោះ​ជា​យ៉ាង​ណា​មន្ត្រី​ប៉ូលិស​រូប​នេះ​មិន​បាន​បញ្ជាក់​អំពី​ដី​ដែល​ទន្ទ្រាន​នោះ​នៅ​ចំណុច​ណា​ជាក់លាក់​នោះ​ទេ​ ហើយ​លោក​ថា សមត្ថកិច្ច​អនុវត្ត​លើ​រឿង​នេះ​តាម​បញ្ជា​របស់​តុលាការ៖ «ករណី​នេះ​អត់​ទាន់​បាន​ទន្ទ្រាន​ដី​ទេ​ ហើយ​មិន​ដឹង​ថា ហេតុ​ផល​គេ​ប្រមូល​អត្តសញ្ញាណប័ណ្ណ​យក​ទៅ​ធ្វើ​អី​ទេ គ្រាន់​តែ​គេ​ប្រមូល​អត្តសញ្ញាណ​ប័ណ្ណ​របស់​ប្រជាពលរដ្ឋ​យក​ថត​ចំលង​ទុក​​ ហើយ​ខ្ញុំ​ក៏​រាយការណ៍​តាម​លំដាប់​លំដោយ​នេះ​ ហើយ​ក្រោយ​មក​លោក​ព្រះរាជអាជ្ញា​ អម​ជា​មួយ​លោក​ស្នងការ​រង​គាត់​បាន​ចុះ​មក​ធ្វើ​ការងារ​នឹង​ផ្ទាល់»

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​បាត់ដំបង អ្នក​ស្រី​ ទៀង សំបូរ​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៨ សីហា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ អាដហុក (Adhoc) ខេត្ត​បាត់ដំបង​លោក យិន ម៉េងលី លើក​ឡើង​ថា ករណី​នេះ​ប្រជាពលរដ្ឋ​ចាញ់​បោក​មន្ត្រី​ទាហាន ដោយសារ​ក្រីក្រ​មិន​មាន​ចំណេះ​ដឹង​ផ្នែក​ច្បាប់​ក៏​បាន​នាំ​គ្នា​ថត​ចម្លង​អត្តសញ្ញាណ​ប័ណ្ណ​ដើម្បី​ចង់​បាន​ដី​ដាំដុះ។ លោក​បន្ត​ថា តុលាការ​គួរ​ដោះ​លែង​ប្រជាពលរដ្ឋ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ហើយ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​មេ​ខ្លោង​​មក​ផ្ដន្ទាទោស​តាម​ច្បាប់៖ «បើ​សិន​ជា​គាត់​មិន​បាន​ប្រព្រឹត្ត​គ្រាន់​តែ​ជួប​ជុំ​គ្នា​ ខ្ញុំ​គិត​ថា​ការ​ឃុំ​ខ្លួន​គាត់​គឺ​វា​មិន​សម​ស្រប​ទេ​ គួរ​តែ​ធ្វើ​ការ​អប់រំ​គាត់​ហើយ​ចំណុច​សំខាន់​រក​ឱ្យ​ឃើញ​មេ​ខ្លោង​ ដែល​ធ្វើ​ការ​អូសទាញ​ប្រជាពលរដ្ឋ​ឱ្យ​ទៅ​ធ្វើ​ការ​កាប់​បំផ្លាញ​ព្រៃ​យក​ដី​ គឺ​ត្រូវ​បន្ត​ស្រាវជ្រាវ​ទៀត​ ទើប​វិធានការ​ទប់​ស្កាត់​មាន​ប្រសិទ្ធភាព»

ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត​លើក​ឡើង​ថា​ ការ​ចាប់​ខ្លួន​នេះ​ ដោយសារ​ដី​ព្រៃ​នៅ​ព្រំដែន​ស្រុក​សំឡូត​រាប់​រយ​ហិកតារ​ត្រូវ​បាន​ជនល្មើស​ជា​មន្ត្រី​ទាហាន​ប្រចាំ​ការ​នៅ​តំបន់​នោះ ជួល​ប្រជាពលរដ្ឋ​កាប់​ព្រៃ​ស្រឡះ​អស់​ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ ស្រព​ពេល​ដែល​​មួយ​រយៈ​ចុង​ក្រោយ​នេះ​របប​ក្រុង​ភ្នំពេញ​ដាក់​បទ​បញ្ជា​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ និង​ការ​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ធ្វើ​ឱ្យ​ជនល្មើស​ព្រួយបារម្ភ​ខ្លាច​មាន​ទោស​ ក៏​ប្រាប់​ឱ្យ​ពលរដ្ឋ​ថត​ចម្លង​អត្តសញ្ញាណប័ណ្ណ ដើម្បី​ទៅ​យក​ដី​ដែល​លួច​កាប់​ទន្ទ្រាន​នោះ​ធ្វើ​ជា​កម្មសិទ្ធិ​ រហូត​ដល់​មាន​ការ​ចាប់​ខ្លួន​តែ​ម្ដង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ទស្សនៈ​ពលរដ្ឋ​ចំពោះ​​គម្រោង​​ត្រឡប់​​​ទៅ​​​កម្ពុជា​​​របស់​​​លោក សម រង្ស៊ី

$
0
0

ប្រជាពលរដ្ឋ​និង​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ជឿជាក់​ថា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នឹង​វិល​ចូល​កម្ពុជា​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា តាម​ការសន្យា។ ពួកគេ​បាន​ត្រៀមខ្លួន​រួច​ជា ស្រេច​ដើម្បី​ទទួល​ស្វាគមន៍​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ដោយ​មិន​ខ្លាច​ការ​គំរាមកំហែង​របស់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ឡើយ។

ប្រជាពលរដ្ឋ​និង​សកម្មជន​បក្ស​ប្រឆាំង​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​អំពី​គម្រោង​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​មោងឫស្សី លោក អ៊ុត ជឿន សម្ដែង​ក្ដី​ត្រេកអរ​និង​ស្វាគមន៍​ដំណើរ​វិលត្រឡប់​មក​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ហើយ​លោក​នឹង​ទៅ​ជួបជុំគ្នា​ដើម្បី​ចាំ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ។ លោក​យល់ថា ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី នឹង​អាច​ជួយ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ និង​ធ្វើ​ឱ្យ​កម្ពុជា​ជៀស​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ៖ «ខ្ញុំ​គ្មាន​ការ​បារម្ភ​ទេ ព្រោះ​ច្បាប់​រដ្ឋធម្មនុញ្ញ​យើង​អត់​មាន​ចែងថា យើង​ទៅ​ទទួល​អបអរសាទរ​អតីត​មេដឹកនាំ​របស់​យើង​ឱ្យ​មាន​ទោស​​មានអី​គឺ​ខ្ញុំ​គ្មាន​ព្រួយបារម្ភ​ទេ។ ប្រជាពលរដ្ឋ​មិនមែន​ត្រឹមតែ​ខ្ញុំ​ទេ គឺ​ទូទាំង​ប្រទេស​ជាពិសេស​ស្រុក​មោងឬស្សី ខ្ញុំ​ត្រៀម​រាប់រយ​រាប់​ពាន់​នាក់​ដើម្បី​ទៅ​ទទួល​លោក​ប្រធាន។ លោក​ប្រធាន​មក​ជួយ​ច្រើន​ណាស់ ទី​១​ជួយ​ឱ្យ លទ្ធិ​ប្រជាធិបតេយ្យ​យើង​ដំណើរការ​ឡើងវិញ ជួយ​ឱ្យ​សិទ្ធិមនុស្ស​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​អាច​បញ្ចេញ​មតិ​ត្រឹមត្រូវ​ឡើងវិញ​ជាពិសេស​ជួយ​រឿង​ការ​អនុគ្រោះ​ពន្ធ»

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ​សកម្មជន​បក្ស​ប្រឆាំង​មួយ​រូប​ទៀត​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក សម សារឿន រៀបរាប់​ថា លោក​រីករាយ​ចំពោះ​ដំណឹង​នៃ​ការ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​របស់​លោក សម រង្ស៊ី។ លោក​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង នឹង​ទៅ​រង់ចាំ​ទទួល​លោក សម រង្ស៊ី ចុះ​ពី​ព្រលាន​យន្តហោះ​ទោះបីជា​មានការ​គំរាមកំហែង​បែប​ណា​ក្ដី។ លោក​ថា បើ​ទោះ​បី​ជា ពួក​លោក​នៅ​ស្ងៀម ក៏​របប​ក្រុងភ្នំពេញ​មិន​ឱ្យ​នៅ​សុខ​ដែរ៖ «ការកំណត់​ពេលវេលា​មក​អី​យ៉ាងម៉េច​គឺជា​ យុទ្ធសាស្ត្រ នៃ​ការ​ដើរ​របស់​លោក​ប្រធាន។ ខ្ញុំ​ថា​គាត់​ប្រាកដជា​មក​តែ​ខ្ញុំ​មិន​ច្បាស់​ដែរ​ថា​គាត់​នឹង​មក​តាម​ពេល វេលា​ដែល​កំណត់​១០០​ភាគរយ។ ទាក់ទង​រឿង​បារម្ភ​គឺ​យើង​បារម្ភ​ណាស់​ទៅ​ហើយ​តែ​បើ​យើង​បារម្ភ​ក៏​នៅតែ​ដដែល។ បើ​យើង​មិន​ធ្វើ​អី​សោះ​ដល់​ថ្ងៃ​ណាមួយ​គង់តែ​មក​ប៉ះ​យើង»

ក្រុម​មន្ត្រី​របប​ក្រុងភ្នំពេញ​បាន​ប្រកាស​ជា​បន្តបន្ទាប់​ថា ប្រសិនបើ​មេ​បក្ស​ប្រឆាំង​រូប​នេះ​មក​ដល់​ទឹកដី​កម្ពុជា នោះ​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​ភ្លាមៗ​រួម​ទាំង​អ្នក​ហែហម​ផង​ដែរ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក ម៉ៅ វិបុល ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​ថៃ ប្រាប់​អាស៊ីសេរី​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រ​ជុំ​គ្នា​រួចហើយ ថា​នឹង​ហែហម​លោក សម រង្ស៊ី វិល​ទៅ​កម្ពុជា​វិញ​ទាំងអស់​គ្នា។ លោក​បញ្ជាក់​ថា សូម្បីតែ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​ប្រទេស​ថៃ​ជាដើម​ក៏​បាន​ត្រៀមខ្លួន​ចូលរួម​ហែហម​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​​ដែរ៖ «ពួក​យើង​ត្រៀម​រួចរាល់​ហើយ​រង់ចាំ​តែ​ពេលវេលា​ដែល​លោក​ប្រធាន​មក​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ប៉ុណ្ណោះ។ ពលករ​នៅ​ថៃ​ក៏ដូចជា​អ្នក​នៅ​តាម​ខេត្ត​ដូចជា​ខេត្ត​ស្វាយរៀង ខ្ញុំ​គឺ​បាន​រៀបចំ​ក្បួន​ក្នុង​​ការ​ចូល​ទៅ​ទទួល​លោក​ប្រធាន​រួចជាស្រេច។ ពួក​ខ្ញុំ​ស្រឡាញ់​យុត្តិធម៌​ស្រឡាញ់​ប្រជាធិបតេយ្យ​គ្មាន​ការ​ព្រួយបារម្ភ​រឿង​លោក ហ៊ុន សែន ចោទ​និង​គំរាម​ដដែល​ៗ​នោះ​ទេ»

ខុស​ពី​ការ​បញ្ចេញមតិ​របស់​សកម្មជន​បក្ស​ប្រឆាំង ប្រជាពលរដ្ឋ​ម្នាក់ លោកស្រី ម៉ៅ រៀបរាប់​ថា លោកស្រី​មិនសូវ​មាន​ជំនឿ​ថា លោក សម រង្ស៊ី នឹង​វិល​ចូល​កម្ពុជា​វិញ​តាម​ការសន្យា​នោះ​ទេ ព្រោះ លោក សម រង្ស៊ី ធ្លាប់​កុហក​ច្រើនដង​មក​ហើយ។ ទោះ​យ៉ាងណា​ក្ដី លោកស្រី​ជឿ​ថា ប្រសិនបើ លោក សម រង្ស៊ី ពិតជា​ហ៊ាន​វិល​ចូល​កម្ពុជា​មែន នោះ​នឹង​អាច​ជួយ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន៖ «បើសិនជា​គាត់​វិលត្រឡប់​ដូច​គាត់​និយាយ​មែន​ខ្ញុំ​គិត​ថា វា​ជា​ការ​ចាប់ផ្ដើម​នៃ​ការ​គោរព​ពាក្យសម្ដី​របស់​គាត់ ព្រោះថា​កន្លងមក​គាត់​និយាយ​ថា ត្រឡប់​មក​ថ្ងៃ​នេះ​​ថ្ងៃ​​នោះ វា​មិនមែន​ជា​លើក​ទី​១​ទេ ប្រហែលជា​អ្នកនយោបាយ​មាន​ហេតុផល​របស់​គេ តាមរបៀប​នយោបាយ​គឺ​ខ្ញុំ​អត់​ដឹង តែ​ខ្ញុំ​គ្រាន់តែ​ចង់​និយាយ​ថា ក្នុងនាម​ជា​មេដឹកនាំ​កាលណា​តែ​យើង​និយាយ​ហា​មាត់​ថា អ្វី​ត្រូវតែ​មាន​ប្រសិទ្ធភាព​និង​ត្រូវតែ​ធ្វើ​ឱ្យ​បាន​បើ​យើង​ធ្វើ​មិនបាន យើង​មិន​ចេះតែ​និយាយ​ទេ ព្រោះ​បានន័យ​ថា វា​ស្មើនឹង​អ្វី​ដែល​យើង​សន្យា​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ហើយ​ធ្វើ​អត់​បាន​វា​ដូចជា រដ្ឋាភិបាល​សព្វថ្ងៃ​និយាយ​ហើយ​ចោល​និយាយ​ហើយ​ចោល​ម្លោះ​ហើយ​អស់​ការ​ជឿ​ជាក់។អ៊ីចឹង​គាត់​ក៏​ដូចគ្នា​ដែរ»

ដោយឡែក​និស្សិត​ផ្នែក​ច្បាប់​មួយ​រូប​គឺ​យុវជន វ៉ន ចាន់ឡូត លើក​ឡើង​ថា ការប្រកាស​កំណត់​ថ្ងៃ​វិល​ចូល​កម្ពុជា​របស់​លោក សម រង្ស៊ី លើក​នេះ​មាន​ភាព​ប្រាកដ​ប្រជា​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ ពីព្រោះ​​នៅ ខែ​វិច្ឆិកា​ខាងមុខ​ គឺជា​ពេលវេលា​នៃ​ការសម្រេច​ដាក់ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប ដូច្នេះ​រដ្ឋាភិបាល​មិន​អាច​ចាប់ខ្លួន​លោក សម រង្ស៊ី ឡើយ​។ លោក​អំពាវនាវ​ឱ្យ​មេដឹកនាំ​នយោបាយ​ខ្មែរ​នាំគ្នា​ថយ​​​ក្រោយ​បន្តិច ដោយ​ធ្វើ​សម្បទាន​នយោបាយ​ទៅវិញទៅមក​ ដើម្បី​ជជែក​គ្នា​បង្កើត​នូវ​ដំណោះស្រាយ​រួម​សម្រាប់​ផលប្រយោជន៍​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ៖ «ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ នៃ​​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​រឿង​ល្អ​ត្រឹមត្រូវ​ហើយ វា​ជា​សញ្ញា​មួយ​បញ្ជាក់​ថា ខ្មែរ​អាច​នឹង​មាន​ដំណោះស្រាយ។ ខ្ញុំ​ជឿជាក់​ថា រដ្ឋាភិបាល​នឹង​មិន​ហ៊ាន​ចាប់​ឯកឧត្ដម សម រង្ស៊ី ឬ​ក៏​អ្នក​ដែល​​ហែហម​គាត់​មក​ទេ ដោយសារ​តែ​យើង​ដឹង​ហើយ​ថា ទោះបីជា​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មាន​ស្ងប់ស្ងាត់​យ៉ាងម៉េច​ក៏ដោយ តែ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅតែ​មាន​ឆន្ទៈ និង​មាន​ទឹក​ចិត្ត​ដដែល»

គណបក្ស​សង្គ្រោះជាតិ​ប្រកាស​ថា លោក សម រង្ស៊ី នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ខាងមុខ ដែល​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា។ មន្ត្រី​ជាន់ខ្ពស់​ទាំងឡាយ​របស់​បក្ស​ប្រឆាំង​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស រួម​ទាំង​សមាជិកសភា​អឺរ៉ុប​មួយ​ចំនួន​ផង​នឹង​អម​ដំណើរ​លោក សម រង្ស៊ី ត្រឡប់​ទៅ​កម្ពុជា​វិញ។ គណបក្ស​សង្គ្រោះជាតិ​បញ្ជាក់​ថា ដំណើរ​វិល​ត្រឡប់​​នេះ​ គឺ​ដើម្បី​ទៅ​ដោះស្រាយ​ការ​ជាប់​គាំង និង​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ជាតិ​ដែល​របប​លោក ហ៊ុន សែន មិន​អាច​ដោះស្រាយ​បាន ជាពិសេស​គឺ​ជួយ​កុំ​ឱ្យ​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សាច់​ញាតិ​ពលករ​ខ្មែរ​ជាប់​ឃុំ​នៅ​ថៃ​ទទូច​ដល់​អាជ្ញាធរ​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ភាគី​ថៃ​ដោះលែង​កូនៗ របស់​ពួក​គាត់​វិញ

$
0
0

សាច់ញាតិ​ពលករ​ខ្មែរ​ដែល​ជាប់គុក​នៅ​ប្រទេស​ថៃ​ ស្នើ​យ៉ាង​ទទូច​​ឱ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

ឪពុក​ជន​រង​គ្រោះ​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​ លោក​ គង់ សុផាត​ ប្រាប់​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី​១៨​សីហា​ថា​ កូន​របស់​លោក ២នាក់​ និង​អ្នក​ជិត​ខាង​នៅ​ស្រុក​ម៉ាឡៃ ៣នាក់​ទៀត ជាប់​គុក​នៅ​ស្រុក​អារញ្ញ (Aranyaprathet) ខេត្ត​ស្រះកែវ (Srakaeo) ប្រមាណ ៤ខែ​ហើយ។ លោក​បន្ត​ថា​ ពួក​គាត់​ប្រមាណ ៣០នាក់​ជា​អាណាព្យាបាល​ត្រៀម​ឆ្លង​ដែល​ទៅ​ស្រុក​អារញ្ញ​ ដើម្បី​ទៅ​សួរសុខទុក្ខ​កូន​ដល់​ទី​កន្លែង​ នៅ​ថ្ងៃ​ទី​១៨ សីហា​ ប៉ុន្តែ​បាន​អាក់ខាន​វិញ​ បន្ទាប់​ពី​កូន​ទូរស័ព្ទ​ពី​ពន្ធនាគារ​ប្រទេស​ថៃ​មក​ថា​ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​គ្រោង​ទៅ​សួរ​សុខ​ទុក្ខ​ពួកគេ​នៅ​ថ្ងៃ​ទី១៩ សីហា «ខ្ញុំ​សម្រេច​ចាំ​មើល​ស្អែក​ទៀត​មក​បើ​មិន​កើត​ទេ​ពួក​ខ្ញុំ​នឹង​នាំ​គ្នា​ទៅ​ព្រំដែន​ប៉ោយប៉ែត​ទៀត​ ព្រោះ​បើ​យើង​ធ្វើ​តែ​ម្នាក់​ឯង​មិន​មាន​ប្រសិទ្ធភាព​ទេ​ តែ​បើ​យើង​ដាក់​ពាក្យ​ប្ដឹង​ជុំ​គ្នា​មាន​ប្រសិទ្ធភាព​ជាង។ កន្លង​មក​ដំណឹង​អី​ក៏​ដោយ​ចេញ​មក​ពី​គុក​មក​វិញ​ មិន​ដែល​មាន​អាជ្ញាធរ​ណា​មក​ប្រាប់​សាច់ញាតិ​ទេ​ ហើយ​មន្ត្រី​ពាក់ព័ន្ធ​ក៏​គេ​មិន​ដែល​ទាក់​ទង​មក​ម៉ែឪ​ផង​ ឃើញ​តែ​អ្នក​នៅ​ក្នុង​គុក​ទូរស័ព្ទ​មក​ប្រាប់​ឪពុកម្ដាយ​វិញ»

លោក​បន្ត​ថា​ ពួក​លោកជា​ឪពុក​ម្ដាយមាន​ការ​អាណិត​អាសូរ​ដល់​កូនៗ ជា​ខ្លាំង ដែល​ត្រូវ​ជាប់​គុក​នៅ​ស្រុក​គេ​​ដោយសារ​តែ​ជីវភាព​ក្រីក្រ​​ប៉ូលិស​​ថៃបាន​​​ចាប់​ពលករ​ខ្មែរ​ជាង ៨០នាក់ ​ដាក់​គុក​ កាល​ពី​ថ្ងៃ​ទី២៦ មេសា​កន្លង​ទៅ​ បន្ទាប់​ពី​ពួក​គេបាន​​ចាញ់​បោក​មេខ្យល់​​​ឆ្លងដែន​​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃដោយ​​ខុស​ច្បាប់។ លោក គង់ សុផាត​ អះអាង​ថា​ ក្នុង​ចំណោម​ពលករ ៨០នាក់​នោះ​ មាន​ប្រមាណ ៦០នាក់ ប៉ូលិស​ថៃ​បញ្ជូន​មក​ដាក់​គុក​ក្នុង​ស្រុក​អារញ្ញ​ ក្រោយ​ពី​ពួកគេ​ជាប់​គុក​នៅ​ទីក្រុង​​បាងកក​ជាង​២ខែ​ ស្រប​ពេល​ពលករ​​​ជាង ២០នាក់ ទៀត កំពុង​ជាប់ឃុំ​នៅ​ទីក្រុង​បាងកក​នៅ​ឡើយ។ លោក​បន្ត​ថា​ អ្នក​ជាប់​ឃុំ​ទាំង​នោះ​ មាន​កុមារ​តូចៗ​ជា​ច្រើន​នាក់​​ជាប់​គុក​ជា​មួយ​ឪពុកម្ដាយ។ លោក​ឱ្យ​ដឹង​ទៀតថា ក្រុម​ពលករដែល​កំពុងជាប់​ឃុំ​តែង​តែ​ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ​ទាំង​ទឹក​ភ្នែក​ជា​រៀងរាល់​ថ្ងៃ​ និង​​មាន​ពលករ​ខ្លះ​បាន​ដួល​សន្លប់​ក្នុង​ពន្ធនាគារ ដោយសារ​ហូប​អាហារ​មិន​គ្រប់គ្រាន់​ធ្វើ​ឱ្យ​ពួកគេ​ធ្លាក់​ខ្លួន​ឈឺ​ជា​ច្រើន​នាក់។

កាល​ពី​ថ្ងៃ​ទី​១៥​សីហា កន្លងទៅ​ គ្រួសារ​ពលករដែល​កំពុង​ជាប់​ឃុំនៅស្រុក​អារញ្ញ បាន​លើក​គ្នា​ទៅសុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច​នៅ​ព្រំដែន​អន្តជាតិ​ប៉ោយប៉ែត​ម្ដង​រួច​មកហើយ ដើម្បី​ឱ្យ​ជួយនិយាយ​ជាមួយ​ភាគី​ថៃ ឱ្យ​ដោះលែង​កូន​ៗរបស់​ពួក​គាត់​ឱ្យ​បាន​ឆាប់ ក៏​ប៉ុន្តែ ​ប៉ូលិស​ព្រំដែន​បាន​ប្រាប់​ពួកគាត់​ឱ្យ​ត្រឡប់ទៅ​ផ្ទះ​វិញ​ ដើម្បី​ធ្វើ​លិខិត​​ពី​អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់ទីលំនៅ​របស់​ពលករ​ទាំង​នោះ​ ដើម្បី​បញ្ជូន​ទៅ​ស្ថាន​កុងស៊ុល​ខ្មែរ​នៅ​ស្រុក​អារញ្ញ ឱ្យ​ជួយ​អន្តរាគមន៍​​ដោះលែង​ពួក​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កូន​ប្រុស​លោក ឈុត វុទ្ធី គ្រោង​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​​អឺរ៉ុប​ឈប់​​ទិញ​ឈើ​ពី​ប្រទេស​វៀតណាម

$
0
0

កូនប្រុសលោក ឈុត ​វុទ្ធី លោក ឆឺយ ឧត្តមរស្មី ដែល​បន្ត​ការងារ​ការពារ​ព្រៃ​ឈើ​ពី​ឪពុក​ព្រមាន​ថា លោក​នឹង​សកម្មជន​ព្រៃ​ឈើ​ផ្សេង​ទៀត និង​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ស្ថានទូត​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ទៀត ដើម្បី​ប្រាប់​ទៅ​សហភាព​អឺរ៉ុប​ឲ្យ​ឈប់​ទិញ​ឈើ​ពី​ប្រទេស​វៀតណាម។ ការ​ព្រមាន​ធ្វើ​បាតុកម្ម​នេះ ព្រោះ​សកម្មជន​ព្រៃ​ឈើ​រូប​នេះ រក​ឃើញ​ថា ឈ្មួញ​ទុច្ចរិត​សព្វ​ថ្ងៃ​កំពុង​កាប់​បំផ្លាញ​ព្រៃ​ឈើ​កម្ពុជា​ឆ្លង​ដែន​ទៅ​លក់​នៅ​វៀតណាម។

សកម្មជន​ការពារ​ព្រៃ​ឈើ លើក​ឡើង​ថា ពាណិជ្ជកម្ម​ឈើ​រវាង​ប្រទេសវៀត​ណាម និង​សហភាពអឺរ៉ុប ជា​មូលហេតុ​ធ្វើ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​កម្ពុជា​រីករាល​ដាល​កាន់​តែ​ខ្លាំង​ដូច​សព្វ​ថ្ងៃ​នេះ។ ពួក​គេ​លើក​ឡើង​ថា នេះ​ជា​រឿង​ឈឺ​ចាប់​បំផុត ដែល​ពាណិជ្ជកម្ម​រវាង​ប្រទេស​វៀតណាម និង​សហភាព​អឺរ៉ុប បាន​ធ្វើ​​ឱ្យ​វិនាស​ហិនហោច​ព្រៃ​ឈើ​របស់​ខ្មែរ។

កូន​ប្រុស​សកម្មជន​ការពារ​ព្រៃ​ឈើ​លោក ឈុត វុទ្ធី និង​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ គឺ លោក ឆឺយ ឧត្តមរស្មី ប្រាប់​អាស៊ី​សេរី​ថា លោក​ធ្លាប់​បាន​ជួប​ជាមួយ​មន្រ្តី​សហភាព​អឺរ៉ុប ដើម្បី​ប្រាប់​ទៅ រដ្ឋាភិបាល​នៃ​ប្រទេស​អឺរ៉ុប​ទាំង​ឡាយ ឲ្យ​បញ្ឈប់​ជំនួញ​ព្រៃ​ឈើ​នេះ​ជាមួយ​ប្រទេស​វៀតណាមត​ទៅ​ទៀត ក៏​ប៉ុន្តែ​លោក​ថា ការ​ស្នើ​នេះ​ហាក់​មិន​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ។ លោក​បញ្ជាក់​ថា គម្រោង​ធ្វើ​បាតុកម្ម​នេះ មុន​ដំបូង​លោក​គ្រោង​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​បន្ទាប់​មក លោក​នឹង​បន្ត​ទាមទារ​ទៅ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុបមួយចំនួនទៀត។ លោក​បន្ថែម​​ថា គម្រោង​ធ្វើ​បាតុកម្ម​នេះ ជា​ដំណោះ​ស្រាយ​ចុង​ក្រោយ៖ «អឺរ៉ុប​គេ​នៅ​តែ​ទទួល​ស្គាល់​គេ​ថា គេ​ធ្វើ​ដោយ​ស្រប​ច្បាប់​ត្រឹម​ត្រូវ​ហើយ បើ​សិន​ជា​យើង​ដឹង​អ៊ីចឹង​ហើយ ម៉េច​បាន​យើង​នៅ​តែ​លក់​ឈើ​ឲ្យ​វៀតណាម រឿង​ហ្នឹង​យើង​មិនបាន​ហាម​ឃាត់​បាន​ទេ ព្រោះ​រដ្ឋាភិបាល​យើង​ដោយ​សារ​គាត់​អត់​មាន​ឆន្ទៈ​ក្នុង​ការ​ទប់ស្កាត់​ផង ប៉ុន្តែ​ដោយ​សារ​យើង​ចង់​និយាយ​ជាមួយ​អឺរ៉ុប​ដោយ​សារ​ជា​ប្រទេស​ក្រុម​ប្រទេស ដែល​គំរូ​ដល់​ពិភពលោក ហើយ​ជា​ក្រុម​ប្រទេស ដែល​មាន​ឥទ្ធិពល​ប្រជាធិបតេយ្យ ហើយ​សិទ្ធិ​មនុស្ស​ក៏​គោរព និង​បរិស្ថាន»

លោក ​ ឆឺយ ឧត្តមរស្មី ប្រាប់​ទៀត​ថា លោក​មាន​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ថា សព្វថ្ងៃ​មាន​ការ​នាំ​ឈើ​ពី​កម្ពុជា​យ៉ាងច្រើន​ទៅ​វៀតណាម ហើយ​វៀតណាម​បន្ត​លក់​ឈើ​នោះ​ឲ្យ​សហភាព​អឺរ៉ុប។ លោក​ថា គ្រាន់​តែ​មួយ​ថ្ងៃយ៉ាង​ហោច​ណាស់​មាន​ឈើ​នាំ​ចេញ​ទៅ​វៀត​ណាម​ជាង ៣០០ឡាន​យីឌុប ហើយ​ក្នុង​មួយ​ឡាន​អាច​ផ្ទុក​ឈើ​បាន ជិត១០០តោន។

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន ហៅ​កាត់​ថា អ៊ី.អាយ.អេ (EIA) រក​ឃើញ​ថា វៀតណាម​នៅ​តែ​ជា​មេ​ក្លោង​ទិញ​ឈើ​ខុស​ច្បាប់ ពី​តំបន់​ព្រៃ​អភិរក្ស​របស់​កម្ពុជា

ដូច​ជា​ពីតំបន់​ឧទ្យាន​ជាតិ​វីរជ័យ​ ក្នុង​ខេត្ត​រតនគីរី និង​ខេត្ត​ស្ទឹងត្រែង ទំនប់​សេ​សាន​ក្រោម​ពីរ ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រិច ខេត្ត​មណ្ឌលគីរី ជាដើម។ តំបន់​ព្រៃ​ការពារ​ទាំង​នេះ កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ ពី​សំណាក់​ក្រុមហ៊ុន​សម្បទាន និង​ឈ្មួញ​វៀតណាម ដែល​មាន​ការ​បើក​ដៃ​ពី​អាជ្ញាធរ​របស់​របប​លោក ហ៊ុន សែន។

របាយការណ៍​របស់ EIA បន្ថែម​ទៀត​ថា ក្រុមហ៊ុន​វៀតណាម​អាច​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ និង​តំបន់​ព្រៃ​ការពារ​នៅ​ខេត្ត​ភាគ​ឦសាន ដោយ​បង់​លុយ​ដល់​មន្ត្រី​ប៉ូលិស​ព្រំដែន និង​អនុរក្ស​ព្រៃ​ឈើ ជា​ថ្នូរ​ក្នុង​កិច្ច​ការពារ​សុវត្ថិភាព​ឆ្លង​ព្រំដែន។

EIA ឲ្យ​ដឹង​ដែរ​ថា ចាប់​ពី​ខែ​តុលា ឆ្នាំ​២០១៧ ដល់​ខែ​មីនា ២០១៨ មាន​ទំហំ​ព្រៃឈើ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ ​មាន​ប្រមាណ​ជាង ១លាន ១សែន ៥ម៉ឺន​ម៉ែត្រគីប (.១៥៥.០០០​ម៉ែត្រ​គីប) ដែល​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ។

សកម្មជនព្រៃឈើម្នាក់ទៀត លោក ហេង ស្រស់ ឲ្យ​ដឹង​ថា លោក​នឹង​ចូលរួម​ធ្វើ​បាតុ​នេះ​ដែរ​ព្រោះ​លោក​​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជាមួ​យមន្ត្រី​ខិល​ខូច​នៅ​តាម​ច្រក​ព្រំដែន​បើក​ឲ្យ​មាន​ការ​នាំ​ឈើ​ចេញ​ទៅ​វៀតណាម​ស្ទើរ​រាល់​ថ្ងៃ។ លោក​ចោទ​ប្រកាន់​ថា បទ​ល្មើស​ព្រៃ​ឈើ​កើត​ឡើង​បែប​នេះ គឺ​ជា​រឿង​អសមត្ថភាព​ក្នុង​គ្រប់គ្រង​មន្រ្តី​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន៖ «យើង​ក៏​ចូលរួម​គាំទ្រ​ទៅ​នឹង​គម្រោង​ទាមទារ​របស់​គាត់​ដែរ (ឆឺយ ឧត្តមរស្មី) ដែរ កាល​ពី​ឆ្នាំ​មុន​យើង​ក៏​បាន​ធ្វើ​ការ​តវ៉ា និង​តស៊ូ​មតិ​ជាមួយ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ថា ឈើ​ដែល​សហភាព​អឺរ៉ុប​បាន​ទទួល​ពី​ប្រទេស​វៀតណាម​ជា​ឈើ ដែល​លួច​ចេញ​ពី​កម្ពុជា​ទេ»

អាស៊ីសេរី​មិន​ទាន់​អាច​ទាក់​ទង​មន្ត្រី​​សហភាពអឺរ៉ុប​ប្រចាំ​កម្ពុជា​ ដើម្បី​​ឆ្លើយ​តប​ជុំ​វិញ​គម្រោង​ធ្វើ​​បាតុកម្ម​របស់​ក្រុម​សកម្មជន​ព្រៃឈើ​​នេះ​បាន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

មួយ​រយៈ​ចុង​ក្រោយ​នេះ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ កំពុង​មានចំណាត់ការផ្លូវច្បាប់លើឈ្មួញព្រៃឈើនៅ​ភាគ​ឦសាន្ត​មួយ​ចំនួន ដែល​មាន​ងារ​ជា​ឧកញ៉ា ប៉ុន្តែ អ្នក​ឃ្លាំមើល​សង្គម​មិន​សូវ​មាន​ជំនឿ​លើ​វិធានការ​ទាំង​នោះ​ឡើយ។

ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា​ បាន​ទទួល​ស្គាល់​ថា ប្រទេស​ជិត​ខាង​កម្ពុជា ​រក​ចំណូល​ពី​ព្រៃ​ឈើ​បាន​រាប់លាន​ដុល្លារ ឯ​ប្រទេស​កម្ពុជា​បាត់បង់​ព្រៃ​ហើយគ្មាន​ចំណូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ខណ្ឌ​ចម្ការមន​ប្រើ​ហិង្សា​ដាក់​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ខេត្ត​កោះកុង ខណៈ​ក្រសួង​ដែន​​ដី​មិន​ដោះស្រាយ​ឲ្យ​ពលរដ្ឋ

$
0
0

ក្រុម​សន្តិ​សុខ​ខណ្ឌ​ចម្ការ​មន ប្រើ​អំពើ​ហិង្សា​ដោយ​រុញ​ច្រាន និង​វាយ​ទាត់​ធាក់​ក្រុម​ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ខេត្ត​កោះកុង​ នៅ​មុខ​ក្រសួង​ដែនដី ក្រុងភ្នំពេញ ខណៈ​ដែល​ពួកគាត់​នាំគ្នា​ឡើង​មក​រក​ដំណោះ​ស្រាយ​ជា​ច្រើន​លើក​មក​ហើយ តែ​ក្រសួង​នៅ​តែ​មិន​ព្រម​ទទួល​ដោះស្រាយ​ឲ្យ។ អ្នក​ឃ្លាំ​មើល​ផ្នែក​សិទ្ធិមនុស្ស ស្នើ​ដល់​ក្រសួង​បង្កើត​ក្រុម​ការងារ​មួយ​ចុះ​សិក្សា​ស្រាវជ្រាវ​វិវាទ​ឲ្យ​ដឹង​ថាច្បាស់ ដើម្បី​ផ្ដល់​ដំណោះស្រាយ​សមរម្យ​ដល់​ពលរដ្ឋ។

ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ ១០០នាក់​ តំណាង​ឲ្យ​ជិត​ ២០០​គ្រួសារ​ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង​ ហ៊ុយ អភិវឌ្ឍន៍​ នៅ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង រង​ការ​ប្រើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ភ្នំពេញ នៅ​ពេល​ពេល​ពួក​គាត់​ឈរ​តវ៉ា​រក​ដំណោះ​ស្រាយ​រឿង​ដីធ្លី​ នៅ​មុខ​ក្រសួង​ដែន​ដី។

តំណាង​ពលរដ្ឋ លោកស្រី អិន ធូ ដែល​ជាប់​បណ្ដឹង​នៅ​តុលាការ​ខេត្ត​កោះកុង ឲ្យ​ដឹង​ថា ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា នៅ​ព្រឹក​ថ្ងៃ​ទី១៩ សីហា មាន​ស្ត្រី​ម្នាក់​រង​បួស​ដាច់​សាច់​ក្រោម​ភ្នែក​ខាង​ស្ដាំ ដោយ​សារ​តែ​​កង​សន្តិសុខ​ប្រតាយ​ប្រតប់​រុញ​ច្រាន​ពលរដ្ឋ​ឲ្យ​ចេញ​ឆ្ងាយ​ពី​មុខ​ក្រសួង​ដែន​ដី។ ថ្វី​បើ​ពួកគាត់​រង​ការ​ធ្វើ​បាប​យ៉ាង​នេះ​ក្ដី លោក​ស្រី អិន ធូ​ ថ្លែង​ថា ពួកគាត់​នៅ​តែ​បន្ត​ការ​តស៊ូ​ ស្វែង​រក​ដំណោះ​ស្រាយ​រឿង​ដីធ្លី​នេះ លុះ​ត្រាតែ​មាន​ដំណោះស្រាយ​ពី​ខាង​ក្រសួង​ដែនដី។

តំណាង​ពលរដ្ឋ​រូប​នេះ លើក​ឡើង​ថា ការ​ដែល​ពួកគាត់​នាំ​ឡើង​មក​រក​ដំណោះស្រាយ​ជា​ច្រើន​លើក​ច្រើន​សារ​ ដោយ​ត្រូវ​ចំណាយ​ថវិកា​និង​ពេលវេលា​ គឺ​ស្នើ​ដល់​រដ្ឋ​ក្រសួង​ដែនដី លោក ជា សុផារ៉ា ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ឲ្យ​ពួក​គាត់​ឲ្យ​បាន​ឆាប់៖ «ដី​២​ហិកតារ​ក្នុង ​១​គ្រួសារ និង​ប្រាក់​សំណង​ចំពោះ​ការ​ខូចខាត​ដំណាំ​របស់​ពួក​យើង​ខ្ញុំ​ទាំង​អស់​៧​ពាន់​ដុល្លារ។ ខ្ញុំ​ចង់​បាន​តែ​ប៉ុណ្ណឹង​ទេ។ ដី​ពួក​ខ្ញុំ​បាត់​ដល់​ទៅ​ ៨​ហិកតារ​ឯណោះ។ តែ​នាង​ខ្ញុំ​សុំ​តែ​ ២​ហិកតារ​ និង​លុយ​ ៧​ពាន់​ដុល្លារ​ទេ គ្រប់​គ្រួសារ​ទាំងអស់។ ខ្ញុំ​ចង់​ឲ្យ​ឯកឧត្ដម​ ជា សុផារ៉ា ហ្នឹង និង​សម្ដេច​អគ្គ​នាយករដ្ឋមន្ត្រី​ជួយ​មើល​កូន​ចៅ​ផង និង​ជួយ​អន្តរាគមន៍​ដល់​ទីតាំង​ផង។ ពួក​ខ្ញុំ​សំណូមពរ​តែ​ប៉ុណ្ណឹង​ទេ ព្រោះ​កូន​ចៅ​ល្ងង់​ ហើយ​បាត់​បង់​ដី​មែន បាន​កូន​ចៅ​មក បើ​អត់​បាត់​បង់ ពួក​ខ្ញុំ​អត់​មក​ទេ»

លោកស្រី អិន ធូ​ ប្រាប់​ថា ពលរដ្ឋ​ឈរ​រង់ចាំ​ជួប​មន្ត្រី​ក្រសួង​ដែនដី ចាប់​តាំង​ពី​ម៉ោង​៣ទាបភ្លឺ​រហូត​មក​ដល់​រសៀល​ នៅ​តែ​មិន​ឃើញ​មាន​មន្ត្រី​ណា​ម្នាក់​ចេញ​មក​ជួប​ពួកគាត់ ឬ​ហៅ​តំណាង​ពលរដ្ឋ​ឲ្យ​ចូល​ជួប​ពិភាក្សា​គ្នា​នៅ​ឡើយ​ទេ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ដោះស្រាយ​រឿង​នេះ ពី​អនុ​រដ្ឋលេខាធិការ​ក្រសួង​ដែនដី លោក ទេព ធន បាន​ទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​លោក​ចុច​បិទ​ទូរស័ព្ទ។

កាល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​កន្លង​ទៅ ក្រសួង​រៀប​ចំ​ដែន​ដី សម្រេច​ច្រាល​ចោល​សំណើ​ពលរដ្ឋ​ភ្លាម​ៗ​ ដោយ​មិន​ទទួល​ដោះស្រាយ បន្ទាប់​ពី​ក្រសួង​ទទួល​ញត្តិ​ពី​ពលរដ្ឋ​ហើយ។ ក្រសួង​រៀបចំ​ដែន​ដី ​អះអាង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ពលរដ្ឋ​១៩៧គ្រួសារ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​ដី​សម្បទាន​ដាំ​ដំណាំ​អំពៅ​ផលិត​ស្ករ​ស​នាំចេញ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កោះកុង​ទេ។

ក្រសួង​បញ្ជាក់​ថា មាន​ពលរដ្ឋ​តែ​ ៩៨៧​គ្រួសារ​ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ នៅ​ក្នុង​ខេត្ត​កោះកុង ហើយ​ពួកគេ​ក៏​ទទួល​បាន​ដំណោះស្រាយ​អស់​ហើយ​ដែរ។ ក្រសួង​រៀបចំ​ដែនដី ក៏​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ក្រុម​ប្រជា​ពលរដ្ឋ​ជិត ២០០​រយ​គ្រួសារ ​ដែល​នាំ​គ្នា​ឈរ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​រក​ដំណោះ​ស្រាយ​មុខ​ក្រសួង។

ចំណែក​អាជ្ញាធរ​ខេត្ត​កោះកុង​វិញ ក៏​បាន​បដិសេធ​សំណើ​ពលរដ្ឋ​ដែល​សុំ​កាត់​ឆ្វៀល​ដី​ទំហំ ៤២១​ហិកតារ ចេញ​ពី​គម្រោង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ អឹហ្គ្រីខ័លឆើរ គ្រុប (Heng Huy Agriculture Group) ស្ថិត​នៅ​ក្នុង​ឃុំ​ជី​ខ​លើ​ ស្រុក​ស្រែ​អំបិល។ អាជ្ញាធរ​ខេត្ត​កោះកុង អះអាង​ថា ទី​តាំង​ដែល​ពលរដ្ឋ​ស្នើ​សុំ​កាត់​ឆ្វៀល​នោះ គឺ​ស្ថិត​លើ​ដី​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​រួច​ហើយ​ របស់​ក្រុមហ៊ុន ហេង ហ៊ុយ។ អាជ្ញាធរ​បញ្ជាក់​ថា ការ​ដោះស្រាយ​គឺ​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ។

នាយក​រង​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ លោក អំ សំអាត លើក​ឡើង​ថា ក្រសួង​មិន​គួរ​ប្រញាប់​ច្រាល​សំណើ​ពលរដ្ឋ​ ដោយ​មិន​បាន​ស៊ើប​អង្កេត​រឿង​នេះ​ឲ្យ​ច្បាស់​ជាមុន។ លោក អំ សំអាត យល់​ថា ក្រសួង​ដែនដី​ពិត​ជា​អាច​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ​បាន ដោយ​បង្កើត​ក្រុមការងារ​មួយ​ចុះ​ស្រាវជ្រាវ​ស្វែង​រក​ការពិត។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ ស្នើ​ដល់​ក្រសួង​ដែនដី​ពិនិត្យ​មើល​ និង​ដោះស្រាយ​ករណី​ដីធ្លី​នេះ ឡើង​វិញ ដើម្បី​បញ្ឈប់​ការ​តវ៉ា​របស់​ពលរដ្ឋ​ ហើយ​ផ្ដល់​​ឱកាស​ឲ្យ​ពួកគាត់​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដូច​ពលរដ្ឋ​ផ្សេង​ទៀត៖ «ប្រសិន​ជា​យើង​បង្កើត​គណៈកម្មការ​សិក្សា និង​ស្រាវជ្រាវ​ទៅ នឹង​អាច​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​ឃើញ​ហើយ។ តែ​បើ​សិន​ជា​បដិសេធ​មិន​ដោះស្រាយ​ និង​រិះរក​ដំណោះ​ស្រាយ​ណាមួយ​សម្រាប់​ពួក​គាត់​ទេ។ ខ្ញុំ​គិត​ថា​បញ្ហា​ហ្នឹង​វា​មិន​អាច​បញ្ចប់​ទេ។ បញ្ហា​ហ្នឹង​វា​នឹង​អាច​រីក​ទៅៗ វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់។ ដូច​ថា​ក្រសួង​ខិត​ខំ​ដោះ​ស្រាយ​ជា​ច្រើន​មក​ហើយ​ ប៉ុន្តែ​បញ្ហា​មួយ​ពីរ​​ហ្នឹង មិន​ទាន់​បាន​ដោះ​ស្រាយ ហើយ​ប្រជា​ពលរដ្ឋ​នៅ​តែ​តវ៉ា ហ្នឹង​វា​ធ្វើ​ឲ្យ​មើល​ឃើញ​បញ្ហា​ហ្នឹង មិន​ទាន់​ដោះ​ស្រាយ​ទេ​ឡើង​វិញ​ទេ។ អ៊ីចឹង! សំខាន់​ មុន​នឹង​សម្រេច​យ៉ាង​មិច​ វា​ទាល់​តែ​មាន​ការ​សិក្សា​ស្រាវជ្រាវ ស៊ើប​អង្កេត​មួយ​ឲ្យ​បាន​ជាក់​លាក់​ ដើម្បី​រក​ដំណោះ​ស្រាយ​ពិត​ប្រាកដ»

របប​ក្រុង​ភ្នំពេញ​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ ហេង ហ៊ុយ​ អភិវឌ្ឍន៍ ជាង ៤ពាន់​ហិកតារ ដើម្បី​វិនិយោគ​ដំណាំ​ស្ករ​អំពៅ​ កាល​ពី​ឆ្នាំ២០០៧។ ក្នុង​រយៈពេល ៣ឆ្នាំ​ចុង​ក្រោយ​នេះ ពលរដ្ឋ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ស្ករ​អំពៅ​មួយ​នេះ មិន​មាន​សកម្មភាព​ដាំ​អំពៅ និង​ផលិត​ស្ករ​ស​នាំ​ចេញ​ទៀត​ទេ។

ក្នុង​ជម្លោះ​ដីធ្លី​មួយ​នេះ ឧកញ៉ា ហេង ហ៊ុយ​ ប្ដឹង​ពលរដ្ឋ ១០នាក់​ទៅ​តុលាការ​ខេត្ត​កោះកុង ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បទ​បរិហារ​បង្កាត់​កេរ្តិ៍​ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍។

ទោះ​បី​ជា​យ៉ាង​ណា ពលរដ្ឋ​បញ្ជាក់​ថា ពួកគាត់​នឹង​នាំ​គ្នា​មក​ឈរ​នៅ​មុខ​ក្រសួង​ដែនដី​នៅ​ថ្ងៃ​ស្អែក​ទៀត​ ដោយ​មិន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ទេ បើ​មិន​ទទួល​បាន​ដំណោះ​ស្រាយ​សមរម្យ​ណា​មួយ ​ពី​លោក ជា សុផារ៉ា៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កម្មករ​រោងចក្រ​បារម្ភ​កាន់​តែ​ខ្លាំង​រឿង​អត់​ការ​ធ្វើ​ ស្រប​ពេល​ឱសានវាទ​ដក EBA កាន់​តែ​ខើច

$
0
0

ក្រុម​កម្មករ​កាត់​ដេរ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​ស្ថានភាព​ការងារ​របស់​ពួក​គាត់ ស្រប​ពេល​ឱសានវាទ​នៃ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA កាន់​តែ​ខិត​ជិត​ចូល​មក​ដល់។ ក្រុម​កម្មករ​​បញ្ជាក់​ថា ប្រសិន​បើ​សហភាព​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ​​នេះ​​មែន ពួកគាត់​នឹង​បាត់​បង់​ការងារ ហើយ​សេដ្ឋកិច្ច​គ្រួសារ​នឹង​ធ្លាក់​ចុះ​ដុន​ដាប​ទៅតាម​នោះ​ដែរ។

ក្រុម​កម្មករ​រោងចក្រ​អះអាង​ថា ស្ថានភាព​ប្រឈម​ផ្នែក​ការងារ​របស់​ពួក​គាត់​នៅ​ពេល​នេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​ពេល​ណាៗ ទាំង​អស់ ដែល​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​មាន​ដំណោះ​ស្រាយ​ឱ្យ​បា​ន​​ទាន់​ពេល​វេលា។

កញ្ញា ឃុន ស្រីពៅ គឺ​ជា​កម្មករ​រោងចក្រ​កាត់​ដេរ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ ដែល​ផ្គត់​ផ្គង់​ផលិត​ផល​ឱ្យ​ក្រុមហ៊ុន​សំលៀកបំពាក់​ម៉ាក ហ្សារ៉ា (ZARA) និង មេងហ្គោ (MANGO)។ កញ្ញា​ឱ្យ​ដឹង​ថា រោងចក្រ​មិន​សូវ​មាន​ការងារ​ឱ្យ​កម្មករ​ធ្វើ​ច្រើន​ដូច​ពី​មុន​​ឡើយ ដោយ​សារ​ក្រុមហ៊ុន​បាន​កាត់​បន្ថយ​ការ​បញ្ជាទិញ។ កញ្ញា​បន្ត​ថា កាល​ពី​មុន​កញ្ញា​ធ្លាប់​ទទួល​បាន​ប្រាក់​ឈ្នួលចន្លោះពី ២៥០ ទៅ ៣០០​ដុល្លារ​ក្នុង​មួយ​ខែ ពី​ការងារ​ពេញ​ម៉ោង និង​ថែម​ម៉ោង ក៏​ប៉ុន្តែ​ពេល​នេះ​កញ្ញា​ទទួល​បាន​តែ​ប្រមាណ ២១៥​ដុល្លារ​​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ដោយ​ខ្វះ​ការងារ​ថែម​ម៉ោង។ កញ្ញា​បញ្ជាក់​ថា ដោយ​សារ​មិន​សូវ​សម្បូរ​ការងារ​ រោងចក្រ​របស់​កញ្ញា​បាន​បញ្ឈប់​កម្មករ​ជា​បន្ត​បន្ទាប់​អស់​​ប្រមាណ ៧០០នាក់​រួច​មក​ហើយ នៅ​ក្នុង​រយៈពេល ​៦ខែ​​ចុងក្រោយ​នេះ។

កញ្ញា​ព្រួយ​​បារម្ភ​ថា ថ្ងៃ​ណា​មួយ​កញ្ញា​ក៏​អាច​នឹង​ត្រូវ​គេ​បញ្ឈប់​ដែរ ប្រសិន​បើ​ស្ថានភាព​បែប​នេះ​នៅ​តែ​បន្ត។ កម្មករ​រូប​នេះ​ថ្លែង​ថា សព្វថ្ងៃ​កញ្ញា​ត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​ឪពុក​ម្ដាយ​ចាស់​ជរា និង​បង​ស្រី​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​បើ​កញ្ញា​​បាត់​បង់​ចំណូល​ នោះ​សេដ្ឋកិច្ច​គ្រួសារ​របស់​កញ្ញា​នឹង​ត្រូវ​ដួល​ទាំង​ជំហរ​តែ​ម្តង៖ «កាល​មុន​យើង​ឧស្សាហ៍​បាន​ថែម​ម៉ោង ដោយ​សារ​ទំនិញ​មាន​ច្រើន ហើយ​ពួក​យើង​សប្បាយ​ចិត្ត​ដែល​ទទួល​បាន​កម្រៃ​លើក​ទឹកចិត្ត​ក្រៅ​ម៉ោង​ច្រើន ប៉ុន្តែ​មក​​ដល់​ពេល​នេះ​អត់​​មាន​ការ​ងារ​ធ្វើ​ទេ​កម្មករ​ភាគ​ច្រើន។ ខ្ញុំ​មាន​ការ​បារម្ភ មិន​ចាំបាច់​តែ​ទៅ​មុខ​ទេ សូម្បី​តែ​ឥលូវ​កម្មករ​ទូទៅ ទាំង​គេ​ទាំង​ខ្ញុំ គឺ​ស្ថិត​ក្នុង​ការ​ប្រឈម​មុខ​ ព្រួយបារម្ភ​គ្រប់​គ្នា​ពី​មួយ​ខែ​ទៅ​មួយ​ខែ ពីព្រោះ​ចាប់​ផ្ដើម​ដក​កម្មករ​រឿយៗ ជា​រៀង​រាល់​ខែ​អ៊ីចឹង មិន​ដឹង​ថា ចំ​អ្នក​ណា​ទេ។ យើង​ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ក្នុង​ការ​អត់​ការងារ​ធ្វើ​ហ្នឹង»

ស្រដៀង​គ្នា​នេះ កម្មករ​មួយ​រូប​ទៀត​នៅ​រាជធានី​ភ្នំពេញ លោកស្រី ស៊្រុន សុខធី ឱ្យ​ដឹង​ថា កាល​ពី​មុន រោងចក្រ​លោក​ស្រី​ទទួល​ផលិត​សៀក​បំពាក់​ឱ្យ​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ ជា​ច្រើន ដូច​ជា លីវ៉ាយ (Levi) និង​អាឌីដាស (Addidas) ជាដើម ប៉ុន្តែ​​ពេល​នេះ ​រោងចក្រ​ផលិត​សម្រាប់​តែ​ក្រុមហ៊ុន​មួយ​នៅ​​​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ ដោយ​ក្រុម​ហ៊ុន​ផ្សេង​ទៀត​ បាន​ផ្អាក​ការ​បញ្ជាទិញ​របស់​ខ្លួន​ហើយ។ លោក​ស្រី​បញ្ជាក់​ថា​រាល់​ថ្ងៃ ខាង​រោងចក្រ​មិន​​បាន​ថែម​ម៉ោង​ឱ្យ​កម្មករ​ទៀត​ឡើយ ពីព្រោះ​រោងចក្រ​​មិន​មាន​ឥវ៉ាន់​ឱ្យ​កម្មករ​ដេរ។ លោក​ស្រី​បន្ត​ថា បញ្ហា​​នេះ​បាន​ធ្វើ​ឱ្យ​កម្មករ​ថយ​ចុះ​​ប្រាក់​ចំណូល​ដែល​ធ្លាប់​ធ្វើ​បាន​ប្រមាណ ៣០០​ដុល្លារ​ក្នុង​​មួយ​ខែ មក​នៅ​ត្រឹម​ជិត ២០០​ដុល្លារ​ក្នុង​មួយ​ខែ។

លោក​ស្រី​បញ្ជាក់​ថា នេះ​ជា​ស្ថានភាព​ប្រឈម​ធ្ងន់ធ្ងរ​បំផុត​​ដែល​អ្នក​ស្រី​មិន​ធ្លាប់​ជួប​ប្រទះ​ឡើយ ក្នុង​រយៈពេល​ជាង២០ ឆ្នាំ​នៃ​ជីវិត​ជា​កម្មករ​រោងចក្រ។ លោក​​ស្រី​បន្ថែម​ថា សហភាព​អឺរ៉ុប​មិន​ទាន់​នឹង​បាន​ដក​ការ​អនុគ្រោះ​ពន្ធ​ផង ស្ថានភាព​ធ្លាក់​ដល់​កម្រិត​នេះ​ទៅ​ហើយ​ ទម្រាំដល់​បាត់​ EBA ទៀត លោក​​ស្រី​យល់​ថា លោក​ស្រី​​ និង​កម្មករ​ដទៃ​ទៀត​នៃ​វិស័យ​កាត់ដេរ ទំនង​ជា​គ្មាន​ការងារ​ធ្វើ​ទៀត​ឡើយ៖ «ពីមុន​មក​​ ពួក​ខ្ញុំ​ធ្វើ​​ការ​ថែម​​ម៉ោង ម៉ោង៦ រហូត​ដល់​មាន​ម៉ោង៨ កន្លះ​អ៊ីចឹង ប៉ុន្តែ​មក​ដល់​ពេល​នេះ ពួក​ខ្ញុំ​អត់​ដែល​​បាន​ថែម​ម៉ោង​ ហើយ​ក៏​អត់​មាន​​ទំនិញ​​ធ្វើ​បរិបូរ ពេល​ខ្លះ​​យើង​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​អ៊ីចឹង។ បើ​យើង​គិត​ប្រៀប​ធៀប​ពី​មុន​ មក​ដល់​ឥលូវ​ហ្នឹងជួប​បញ្ហាធ្ងន់ធ្ងរ​បំផុត​សម្រាប់​ពួក​ខ្ញុំ​ជា​កម្មករ»

សហភាព​អឺរ៉ុប​បាន​ទទួល​ឯកសារ​ផ្លូវការ​ពី​គ្រប់​ភាគី​រួចរាល់​អស់ហើយ ដើម្បី​​វាយ​តម្លៃ មុន​នឹង​​សម្រេច​​ព្យួរ​​ការ​​អនុគ្រោះ​​ពន្ធ EBA ពី​​កម្ពុជា។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ដាក់​ឯកសារ​​ទៅ​សហភាព​អឺរ៉ុប​ដែរ ដើម្បី​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង​នៃ​ការ​គោរព​​សិទ្ធិ​ការងារ និង​សិទ្ធិ​សហជីព​។ សមាគម​នេះ​បាន​ស្នើ​​ឱ្យ​សហភាព​អឺរ៉ុប​រក្សា​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​បន្ត​ទៀត ពីព្រោះ​ការ​ដក​ EBA នឹង​ធ្វើ​ឱ្យ​កម្មករ ៧៥ម៉ឺន​នាក់ ព្រម​ទាំង​គ្រួសារ​របស់​ពួក​គេ ៣លាន​នាក់​ទៀត ត្រូវ​រង​គ្រោះ។

ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ ថ្លែង​ថា ការ​លើក​ឡើង​ទាំងឡាយ​របស់​កម្មករ សុទ្ធ​សឹង​តែ​ជា​រឿង​ពិត​ដែល​ពួក​គាត់​បាន​ជួប​ប្រទះ និង​កំពុង​ប្រឈម។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​រក​ដំណោះស្រាយ​សម​​ស្រប​ឆ្លើយ​តប​នឹង​កង្វល់​របស់​ក្រុម​កម្មករ។ លោក​បន្ថែម​ថា ក្នុង​ស្ថានភាព​បែបនេះ ខាង​ក្រុម​ថៅកែ​រោងចក្រ​ក៏​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ស្ដារ​ស្ថានការណ៍​ដែរ ដោយ​ត្រូវ​បញ្ឈប់​ការ​រើសអើង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​កម្មករ និង​សហជីព ព្រម​ទាំង​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ​ការងារ និង​សិទ្ធិ​សហជីព៖ «ស្នើសុំ​ឱ្យ​គេ​ជួយ​ តែ​ខ្លួន​ឯង​មាន​លទ្ធភាព​​ មិន​ជួយ។ ដូច​ពាក្យ​បណ្ដឹង​ទាំង​អស់ ៩០% គឺ​និយោជក​ប្តឹង​ដោយសារ​តែ​គាត់​មាន​លុយ​ មាន​អំណាច មាន​​សិទ្ធិ​គ្រប់​យ៉ាង អ៊ីចឹង​ខ្ញុំ​គិត​ថា អា​ហ្នឹង​សុទ្ធ​តែ​ជា​រឿង​អត់​ត្រឹម​ត្រូវ​។ អ៊ីចឹង​និយោជក​អាច​ជួយ​បាន ទី​មួយ​ដូច​ជា​ដក​បណ្ដឹង សម្រួល​សិទ្ធិ និង​សេរីភាព ផ្ដល់​ផល​ប្រយោជន៍​ឱ្យ​កម្មករ និង​ជួយ​កែ​តម្រូវ​ច្បាប់​ដែល​ជា​ឧបសគ្គ​នៃ​សិទ្ធិ​កម្មករ​ថ្មីៗ ហ្នឹង ខ្ញុំ​គិត​ថា វា​កាន់​តែ​ល្អ​ឡើង​ ដែល​ធ្វើ​ឱ្យ​មាន​ការ​ចូល​រួម​ចំណែក​ក្នុង​​ការ​​ជួយ​បន្ត​ EBA ហ្នឹង​ដែរ»

កាល​ពី​ចុង​ខែ​កុម្ភៈ កន្លងទៅ ពោល​គឺ​បន្ទាប់​ពី​សហភាព​អឺរ៉ុប​ប្រកាស​ពី​នីតិវិធី​ពិចារណា​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន បាន​ប្រាប់​ឱ្យ​កម្មករ​រក្សា​ភាព​ស្ងៀម​ស្ងាត់​រឿង EBA ពីព្រោះ​លោក​ថា នេះ​ជា​សង្គ្រាម​ចិត្ត​សាស្ត្រ​វាយ​ប្រហារ​របប​របស់​លោក។ ក៏​ប៉ុន្តែ​ ជាច្រើន​ខែ​មក​នេះ របប​ក្រុង​ភ្នំពេញ​មិន​បាន​កែ​ប្រែ​ស្ថានការណ៍​ធ្លាក់​ចុះ​ដុន​ដាប​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នោះ​ឡើយ ធ្វើ​ឱ្យ​វិបត្តិ EBA នេះ កាន់​តែ​ទុំ​ជោរ​មក​​ដល់​ពេល​បច្ចុប្បន្ន។

ទោះ​ជា​យ៉ាង​ណា កម្មការិនី​រោងចក្រ​កាត់​ដេរ​មួយ​រូប​នៅ​ខេត្ត​កណ្ដាល លោកស្រី ដោក សាវ៉ាន់ ចង់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ពិនិត្យ​ឱ្យ​បាន​ដិត​ដល់​ពី​កង្វល់​របស់​កម្មករ​រោងចក្រ​កាត់​ដេរ។ លោក​​ស្រី​បញ្ជាក់ថា លោក​ស្រី​មិន​ដែល​​ប្រទះ​ស្ថានភាព​​ការងារ​យ៉ាប់យ៉ឺន​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ ក្នុង​រយៈពេល​ជាង ២៥ឆ្នាំនេះ។ លោក​ស្រី​បញ្ជាក់​ថា ពេល​នេះ​រោងចក្រ​មួយ​ចំនួន​ រួម​ទាំង​រោងចក្រ​ដែល​លោក​ស្រី​កំពុង​ធ្វើការ​ផង បាន​ចាប់​ផ្ដើម​រិះរក​វិធី​កេង​ប្រវ័ញ្ច​កម្មករ ដោយ​តម្រូវ​ឱ្យ​ពួក​គាត់​ធ្វើ​ការងារ​ច្រើន​ជាង​មុន​ជាមួយ​នឹង​អត្ថប្រយោជន៍​កាន់​តែ​តិច។ លោក​ស្រី​បារម្ភ​ថា ស្ថានភាព​នឹង​កាន់​តែ​លំបាក​ជាង​នេះ​ទៀត បើ​សហភាព​អឺរ៉ុប​សម្រេច​ដក​ហូត​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា៖ «សម្រាប់​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​មាន​តែ​សំណូម​ពរ​ឱ្យ​ទៅ​ខាង​រាជ​រដ្ឋាភិបាល​នៃ​កម្ពុជា​របស់​យើង​ហ្នឹង សូម​ឱ្យ​មាន​ការ​ពិចារណា​ឡើង​វិញ​នូវ​អ្វី​​ដែល EU គេ​ស្នើ​​សុំ​ ដោយសារអ្វី​ដែល EU ស្នើសុំ​ ដូចជា​វា​មិន​ពិបាក​ធ្វើ​ទេ គ្រាន់​ថា គោរព​លទ្ធិ​​ប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​សិទ្ធិ​សេរីភាព​របស់​កម្មករ​ទៅ វា​រួច​ហើយ ​ជា​រឿង​ដែល​យើង​ត្រូវ​តែ​ធ្វើ»

របប​លោក ហ៊ុន សែន បាន​ដាក់​​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​ត្រៀម​ទប់​ទល់​នឹង​ស្ថានភាព​បាត់បង់​ការ​អនុគ្រោះ​ពន្ធ EBA។ វិធានការ​ទាំងនោះ​មាន​ជាអាទិ៍ ការ​បញ្ចុះ​ថ្លៃ​អគ្គិសនី កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន និង​លើក​ដាក់​កុងតឺន័រ លុប​បំបាត់​ស្ថាប័ន​មួយ​ចំនួន​នៅ​កន្លែង​នាំចេញ​ ហើយ​នៅ​ចុង​ក្រោយ​នេះ គឺ​ការ​លុបចោល​ថ្ងៃឈប់​សម្រាក៦ ថ្ងៃ​បន្ថែម​ទៀត ដែល​ជា​វិធានការ​ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​កម្មករ និង​ចំណេញ​ដល់​ថៅកែ​រោងចក្រ។

ទោះ​ជា​យ៉ាងណា សហជីព​ឯករាជ្យ​មើល​ឃើញ​ថា វិធានការ​ទាំងនេះ​មិន​អាច​រំលត់​ក្តី​បារម្ភ និង​ស្អំ​ចិត្ត​ក្រុម​ថៅកែ​រោងចក្រ​ឱ្យ​បន្ត​រកស៊ី​នៅ​កម្ពុជា​បាន​ឡើយ ពីព្រោះ​វា​មិន​អាច​ប៉ះប៉ូវ​ការ​ខាត​បង់​របស់​ក្រុម​អ្នក​រកស៊ី​បាន។ ការ​ខាតបង់​របស់​ក្រុម​អ្នក​វិនិយោគ មិន​មែន​ត្រឹម​ការ​​បង់​ពន្ធ​ជិត ៧០០លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​តែ​មួយ​មុខ​នោះ​ឡើយ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ នឹង​កាត់​បន្ថយ​ ឬ​បញ្ឈប់​ការ​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​ថែម​ទៀត។

ក្រុម​សង្គម​ស៊ីវិល និង​កម្មករ​រោងចក្រ​ ស្នើ​យ៉ាង​ទទូច​ឱ្យ​របប​ក្រុង​ភ្នំពេញ​អនុវត្ត​តាម​លក្ខខណ្ឌ​ស្ការ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​បញ្ចៀស​គ្រោះកាច​នេះ ស្រប​ពេល​ឱសានវាទ​របស់​សហភាព​អឺរ៉ុប​នឹង​មក​ដល់​នៅ​ដើម​ឆ្នាំ២០២០ ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គណៈកម្មការ​ជាតិ​ឃាត់​ចាប់​រយ​ន្ត​យី​ឌុប​ដឹក​ឈើ​ ៩គ្រឿង​ នៅ​ស្រុក​ស្នូល​ខេត្ត​ក្រចេះ​ គ្រោង​ដឹក​ទៅ​វៀតណាម​

$
0
0

គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ បាន​ឃាត់​ចាប់​រថយន្ត​យី​ឌុប​ដឹក​ឈើ​ ៩គ្រឿង​កាលពី​យប់​ថ្ងៃ​ទី១៨ សីហា​ នៅ​ច្រក​អន្តរជាតិ​ត្រពាំងស្រែ​ ក្នុង​ស្រុក​ស្នូល​ខេត្ត​ក្រចេះ​ សង្ស័យ​នាំ​ឈើ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ខុស​ច្បាប់។ សកម្មជន​បរិស្ថាន​ ជំរុញ​ឲ្យ​គណៈកម្មការ​ជំនាញ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ នៃ​ការ​លិខិត​អនុញ្ញាត (PC) នាំ​ឈើ​ចេញ របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង​ ដែល​ពួកគេ​ចាត់​ទុក​ថា បំពាន​បទ​បញ្ជា​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ លោក​ អេង​ ហ៊ី​ បដិសេធ​មិន​អធិប្បាយ​លម្អិត​ ទាក់ទិន​ការ​ឃាត់​រថយន្ត​យីឌុប ៩គ្រឿង​នោះ​ទេ​ នៅ​រសៀល​ថ្ងៃ​ទី១៩ សីហា​ ដោយ​អះអាង​ថា​ សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​នីតិវិធី។ លោក​ថា​ នឹង​ផ្ដល់​ព័ត៌មាន​បន្ថែម​ នៅ​ពេល​គណៈកម្មការ​ជំនាញ​ធ្វើ​កិច្ចការ​ងារ​នេះ​រួចរាល់​។ លោក​បញ្ជាក់​ថា​ គណៈកម្មការ​ជាតិ​នឹង​អនុវត្ត​ច្បាប់​ ប្រសិនបើ​មន្ត្រី​ជំនាញ​រក​ឃើញ​ថា​ ការ​នាំ​ឈើ​ចេញ​ទាំងនោះ​ខុសច្បាប់៖ «ចាំ​មើល​ខ្ញុំ​បាន​ព័ត៌មាន​សិន ព្រោះ​គេ​កំពុង​តែ​ធ្វើ​ការ ចាំ​ខ្ញុំ​ទទួល​ព័ត៌មាន​សិន ចាំ​ខ្ញុំ​ជម្រាប​ជូន​ព្រោះ​យើង​កំពុង​ឆែក​ឯកសារ។ យើង​នឹង​ឃាត់​ឈើ​ហ្នឹង និង​ពាក់ព័ន្ធ​វត្ថុ​តាង យើង​ឃាត់​ទុក​ទាំង​ឡាន​ទាំង​អស់ បើ​ពាក់ព័ន្ធ​នរណា​ទៀត យើង​នឹង​ស្រាវជ្រាវ​បន្ត​ទៀត»

សេចក្ដី​រាយការណ៍​ពី​ក្រុម​អ្នក​ឃ្លាំមើល​បរិស្ថាន​ ឲ្យ​ដឹង​ថា រថយន្ត​យី​ឌុប​ដឹក​ឈើ ៩គ្រឿង​ដឹក​ឈើ​រាប់​រយ​ម៉ែត្រ​ទាំងនោះ​ ជា​របស់​ ឧកញ៉ា លឹម សុផាត ម្ចាស់​ក្រុមហ៊ុន សៀម៉ុន ខេមបូឌា អហ្រ្គីខល់ឈ័រ មាន​ទីតាំង​ឋិត​នៅ​ ឃុំ​សេកុង​ ស្រុក​សៀមប៉ាង​ ខេត្ត​ស្ទឹងត្រែង។ ឈើ​ទាំងនោះ​ ជា​ឈើ​បន្ទះ​ក្តារ​លេខ១​ និង​លេខ២​ នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ មាន​លិខិត​អនុញ្ញាត​ ពី​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ ខេត្ត​ស្ទឹងត្រែង។

អភិបាលស្រុក​ស្នូល លោក គង់ គឹមនី មាន​ប្រសាសន៍​ថា គណៈកម្មការ​ជាតិ​មិន​ទាន់​ដោះ​លែង​រថយន្ត​ទាំង​នោះ​ទេ និង​កំពុង​ពិនិត្យ​ពី​ភាព​ស្រប​ច្បាប់​ នៅ​រសៀល​ថ្ងៃ​ទី១៩ ខែ​សីហា​នេះ។ លោក​ថា​ រថយន្ត​ទាំង​នោះ​សមត្ថកិច្ច​ចម្រុះ​ បាន​យក​មក​ទុក​នៅ​ស្នាក់​ការ​អាវុធហត្ថ​ស្រុក​ស្នូល៖ «ក្រុម​ការងារ​គណៈកម្មការ​បង្ក្រាប​បទ​ល្មើស សហការ​ជាមួយ​អាជ្ញាធរ ក្នុង​នោះ​មាន​កម្លាំង​ចូលរួម​ពី​អាវុធហត្ថ ផ្ទៃ​ប្រទេសប៉ូលិស និង​ខាង​ជំនាញ​សាធារណការ ដែល​ឃាត់​រថយន្ត​ទុក នៅ​ស្រុក​ស្នូល និង​បន្ត​នីតិវិធី​បន្ត​ទៀត»

សកម្មជន​បរិស្ថាន​លោក ហេង ស្រស់ ទាមទារ​ឲ្យ​គណៈកម្មការ​ជាតិ​បក​ស្រាយ​ឲ្យ​ច្បាស់លាស់​ជុំវិញ​បញ្ហា​នេះ​ ខណៈ​ខ្លួន​កំពុង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស។ លោក​បញ្ជាក់​ថា​ បើ​ទោះ​ជា​ឈើ​ទាំង​នោះ មាន​លិខិតអនុញ្ញាត​ក្តី ក៏​ពួក​គេ​សង្ស័យ​ថា ជា​ឈើ​ខុស​ច្បាប់ លួច​កាប់​ចេញ​ពី​ព្រៃ​ការពារ​ធម្មជាតិ​ដែរ។ ហេតុ​នេះ​ទាមទារ​ឲ្យ​គណៈកម្មការ​ជាតិ​ត្រូវ​បង្ហាញ​ភាព​ស្មោះ​ត្រង់​ស៊ើប​អង្កេត​ករណី​នេះ​ ឲ្យ​ច្បាស់លាស់​ និង​ត្រឹមត្រូវ៖ «ទោះបីជា រថយន្ត ៩គ្រឿង​ហ្នឹង​អនុញ្ញាត​ចេញ​ពី​រដ្ឋបាល​ព្រៃ​ឈើ​ក៏​ដោយ ប៉ុន្តែ​យើង​នៅ​តែ​សង្កត់​ធ្ងន់​ថា រហូត​មក​ដល់​ពេល​នេះ ក្រុម​ទាំង​នោះ​កំពុង​លួច​កាប់ បំផ្លាញ​ព្រៃ​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ការពារ​ចូល​ក្នុង​រោងចក្រ ដើម្បី​កែច្នៃ​ដឹក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស»

សកម្មជន​បរិស្ថាន​រូប​នេះ​ បន្ថែម​ថា​ កន្លងទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហាម​មិន​ឲ្យ​ ចរាចរ​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ជា​ដាច់ខាត​ ក៏​ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង​ ឈ្មោះ ច័ន្ទ ប៉ុណ្ណិកា នៅ​តែ​ផ្គើន។ លោក​ទាមទារ​ឲ្យ​គណៈកម្មការ​ជាតិ​ត្រូវ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ នៃ​លិខិតអនុញ្ញាត​ឲ្យ​នាំ​ឈើ​ចេញ​ របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង​ ឲ្យ​មក​ទទួលខុសត្រូវ​តាមច្បាប់​ បូក​រូម​ទាំង​ម្ចាស់​ឈើ​ផង៖ «លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ឲ្យ​ដឹក​ឈើ​ទៅ​ក្រៅ​ប្រទេស​ទេ ហេតុ​អី​បាន​ក្រដាស PC មាន​ឈ្មោះ លោក ច័ន្ទប៉ុណ្ណិកា ហ្នឹង? ហេតុ​អ្វី​បាន​ជា​គាត់​នៅ​តែ​រឹងទទឹង​ឲ្យ​មាន​ការ​បទ​ល្មើស​ព្រៃ​ឈើ​ចេញ​ពី​កម្ពុជា ទៅ​វៀតណាម? នេះ​ហើយ​អ្វី​ដែល​យើង​ចង់​ឲ្យ​គណៈកម្មការ​ជាតិ និង​តុលាការ​ស៊ើប​អង្កេត ដើម្បី​យក​ជន​ទាំងនោះ (មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ) មក​ផ្ដន្ទាទោស ព្រោះ​ជន​ទាំង​នោះ​កំពុង​ប៉ុនប៉ង​រត់​ពន្ធ​ឈើ​ចេញ​ពី​កម្ពុជា ឆ្លង​ដែន​ទៅ​វៀតណាម»

អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​ ខេត្ត​ស្ទឹងត្រែង លោក ច័ន្ទ ប៉ុណ្ណិកា និង​ឧកញ៉ា លឹម សុផាត ដើម្បី​សុំ​ការ​អធិប្បាយ​ករណី​នេះ​បានទេ​ នៅ​ថ្ងៃ​ទី១៩​ សីហា។

ចំណែក​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្ត​ក្រចេះ លោក អឹង ស៊ីណា បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​នៅ​ថ្ងៃ​ដដែល​នេះ។

សកម្មជន​បរិស្ថាន​អះអាង​ថា ទីតាំង​ដែល​ក្រុមហ៊ុន សៀម៉ុន ខេមបូឌា អហ្រ្គីខល់ឈ័រ​ វិនិយោគ ឋិត​ក្នុង​ឃុំ​សេកុង ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង​ ជាប់​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ​ គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន។ ពួក​គេ​សង្ស័យ​ថា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ ទំនង​ជា​ឃុបឃិត​សម្រួល​ឯកសារ​ផ្លូវ​ច្បាប់​ ក្នុង​ការ​រត់​ពន្ធ​ឈើ​ឆ្លង​ដែន​ ជាមួយ​ក្រុមហ៊ុន​នេះ​ បំណង​នាំ​ឈើ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ ក្រោម​លេស​ប្រមូល​ឈើ​ក្នុង​បរិវេណ​ក្រុមហ៊ុន។

អ្នក​ឃ្លាំ​មើល​បរិស្ថាន និង​អង្គការ​សង្គម​ស៊ីវិល​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បិទ​រោងចក្រ​អារ​ឈើ​ សិប្បកម្ម​កែច្នៃ​ឈើ និង​បិទ​មិន​ឲ្យ​ មាន​លិខិត​អនុញ្ញាត​នាំ​ឈើ​ចេញ​ ឬ​ហៅ​ថា PC។ ពួកគេ​អះអាង​ថា ប្រព័ន្ធ​ត្រួត​ពិនិត្យ និង​យន្តការ​តាម​ដាន​រោងចក្រ​ឈើ​មាន​កម្រិត​ខ្សោយ ផ្ដល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​រកស៊ី​ឈើ​ដោយ​សេរី​ ឃុបឃិត​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មូលដ្ឋាន៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពត ហាម​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ មិន​ឲ្យ​ចូល​ជួប​សួរ​សុខ​ទុក្ខ​លោក នុត ពេជ មួយ​ខែ​

$
0
0

គ្រួសារ​របស់​សមាជិក​បក្ស​ប្រឆាំង​នៅ​ស្រុក​ឈូក ប្រាប់​ថា មន្ត្រី​ពន្ធនាគារ​ រារាំង​ច្រើន​ដង​ឲ្យ​ពួកគេ​ចូល​ជួប លោក នុត ពេជ ដែល​កំពុង​ឃុំ​ឃាំង​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពត​ទេ ដោយ​តម្រូវ​ឲ្យ​រង់​ចាំ​មួយ​ខែ​ក្រោយ ទើប​អាច​ចូល​ជួប​បាន។ ប្រធាន​ពន្ធនាគារ​ខេត្ត​កំពត ប្រាប់​ថា ខាង​ពន្ធនាគារ​មិន​អនុញ្ញាត​​ឲ្យ​គ្រួសារ​ចូល​ជួប ដោយ​សារ​គាត់​ទើប​ជាប់​ពន្ធនាគារ​ថ្មី​ថ្មោង។ សង្គម​ស៊ីវិល​ សង្ស័យ​មាន​ករណី​ពុក​រលួយ ឬ​ភាព​មិន​ប្រក្រតី​នៅ​ពី​ក្រោយ ទើប​ខាង​ពន្ធនាគារ​ខេត្ត​កំពត ធ្វើ​ល្មើស​ច្បាប់​បែប​នេះ។

មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពត ប្រាប់​ប្រពន្ធ និង​កូន​ប្រុស​របស់​អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​ឈូក លោក នុត​ ពេជ អាច​ផ្ញើ​លុយ និង​ខោអាវ សម្រាប់​លោក ​នុត ពេជ តាម​ឆ្មាំ​ពន្ធនាគារ​បាន​តែ​ មិន​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ ក្នុង​ពន្ធនាគារ​ខេត្ត​ឡើង ដោយ​ត្រូវ​រង់ចាំ​មួយ​ខែ​ក្រោយ ទើប​អាច​ចូល​ជួប​បាន។

កូន​ប្រុស​លោក នុត ពេជ គឺ​លោក សន់ ធានី ប្រាប់​ថា លោក​មិន​ដឹង​សុខ​ទុក​ថា ជំងឺ​ជរា​របស់​ឪពុក​រើ​ក្នុង​ពន្ធនាគារ​ឬ​អត់​ទេ ព្រោះ​ឆ្មាំ​ពន្ធនាគារ​ បាន​ហាម​ដាច់​ខាត​មិន​ឲ្យ​គ្រួសារ​ចូល​ជួប ១ខែ។ លោក បន្ត​ថា ខាង​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​ផ្ញើ​ខោអាវ​​នៅ​ផ្ទះ​របស់​លោក នុត ពេជ ទេ គឺ​តម្រូវ​ឲ្យ​ទិញ​សំលៀក​បំពាក់​ឈុត​អ្នក​ជាប់​ពន្ធនាគារ ដែល​ដាក់​លក់​នៅ​ក្នុង​ពន្ធនាគារ។ សំលៀក​បំពាក់​​នោះ មួយ​កំប្លេ​ មាន​អាវ​មួយ​ ខោ​មួយ តម្លៃ ៥ម៉ឺន​ (៥០.០០០)​រៀល។ លោក សន់ ធានី ថា បាន​ទិញ​ចំនួន ២កំប្លេ​ផ្ញើ​ឲ្យ លោក នុត ពេជ និង​ផ្ញើ​លុយ​ខ្លះ ទុក​ឲ្យ​ លោក នុត ពេជ ទិញ​អាហារ​ពេល​ព្រឹក​ហូប។ ដោយ​ឡែក​ លោក មិន​ទាន់​បាន​ផ្ញើ​ស្បែក​ជើង ឲ្យ​ឪពុក​ទេ​ ដោយសារ​ វីវក់​ពេក​ ភ្លេច​យក​ស្បែក​ជើង ឲ្យ លោក នុត ពេជ។ លោក នឹង​ឡើង​ទៅ​ពន្ធនាគារ​ខេត្ត​កំពត​ម្ដង​ទៀត ដើម្បី​យក​ស្បែក​ជើង ផ្ញើ​ឲ្យ លោក នុត ពេជ៖ «មិន​ទាន់​បាន​ចូល​ជួប​ទេ ថ្មីថ្មោង​អ៊ីចឹង (​ប៉ូលិស​​ប្រាប់​ថា) មិន​បាច់​ចូល​ទេ គេ​មិន​ឲ្យ​ជួប​ទេ។ ចង់​សំណូម​ពរ​ឲ្យ​តុលាការ​ ឬ​ខាង​អ្វី​ហ្នឹង ជួយ​គាត់ ដោះ​លែង​គាត់ ព្រោះ​គាត់​គ្មាន​កំហុស​អ្វី​ទេ។ ដោះលែង​គាត់​មក​វិញ​មក ព្រោះ​គាត់​ចាស់ទុំ​ហើយ មាន​បញ្ហា​សុខភាព​ផង។ បើ​កាល​ណា​នៅ (ឃុំ​ខ្លួន) នៅ​យូរ​អ៊ីចឹង វា​ប៉ះពាល់​ដល់​សុខភាព​ផង»

លោក នុត ពេជ អាយុ ៦៤ឆ្នាំ គឺ​ជា​អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ឈូក និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ស្រុក​ឈូក។ លោក បាន​ផ្អាក​សកម្មភាព​នយោបាយ ទៅ​ប្រកប​របរ​ធ្វើ​ស្រែ ​ក្រោយ​ពេល​របប​ក្រុង​ភ្នំពេញ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បង្ខំ​ឲ្យ​សមាជិក​ជាប់​ឆ្នោត​បក្ស​ប្រឆាំង​ចុះ​ចូល។

សមត្ថកិច្ច​ខេត្ត​កំពត បាន​ចុះទៅ​ឡោមព័ទ្ធ​ ចាប់​ខ្លួន លោក នុត ពេជ ពី​ក្នុង​វាល​ស្រែ ពេល​លោក​កំពុង​ស្ទូងស្រូវ និង​លើក​ភ្លឺ​ស្រែ នៅ​ថ្ងៃ​ទី១៧ សីហា។ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កំពត ដែល​ចេញ​ដីកា​ចោទ​ប្រកាន់​ដំបូង គឺ​ លោក អ៊ី ឃាង បាន​ចោទ​សមាជិក​បក្ស​ប្រឆាំង​រូប​នេះ ពី​បទ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល និង​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ ប្រព្រឹត្តទៅ​កាល​ពី​ខែ​មេសា និង​ខែ​ឧសភា នៅ​ភូមិ​ព្រៃ​សំណាង​លើ ឃុំ​ខ្ជាយខាងជើង ស្រុក​ដងទង់។ លោក នុត​ ពេជ គឺ​ជា​ជន​ទី១៥ ដែល​របប​ក្រុង​ភ្នំពេញ​ បង្ក្រាប​ក្នុង​យុទ្ធនាការ​ប្រមូល​ផ្ដុំ​គ្នា​ គាំទ្រ​សារ​នយោបាយ​ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ឆ្នាំ២០១៩ នេះ។

លោក ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះដៃ ​បណ្ដើរ​ចេញ​ពី​វាល​ស្រែ​ ដោយ​គ្មាន​ឱ្យ​ពាក់​ស្បែក​ជើង តាំង​ពី​​ស្រែ រហូត​ដល់​ក្នុង​ពន្ធនាគារ​ខេត្ត និង​ដំណាក់​កាល​សាកសួរ​នៅ​សាលា​ដំបូង​ខេត្ត​កំពត។ ប្រធាន​សាលា​ដំបូង​ខេត្ត​កំពត លោក ឡុង កេសភិរម្យ ជា​អ្នក​សាកសួរ​ លោក នុត ពេជ ផ្ទាល់ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ សីហា។ ក្រោយ​ការ​សាកសួរ​ច្រើន​ម៉ោង ប្រធាន​តុលាការ​ខេត្ត​កំពត​រូប​នេះ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះ​ទៅ​​ឡោម​ព័ន្ធ ឆែកឆេរ​ផ្ទះ​ លោក នុត ពេជ រក​ភស្តុតាង​បន្ថែម និង​ទូរស័ព្ទ​ដៃ​របស់​ លោក នុត ពេជ។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កំពត លោក ម៉ាន់ បូរ៉េត ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៩ សីហា​ថា លោក នុត ពេជ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ សម្រេច​ចោទ​ប្រកាន់​ហើយ ចំនួន​ច្រើន​បទ​ល្មើស៖ «រឿង​ហ្នឹង​វា សមត្ថកិច្ច​នៅ​លើ​ចៅក្រម​ស៊ើបសួរ​ ហើយ​សម្រេច​ឃុំ​ខ្លួន​ហើយ។ ខ្ញុំ​ដឹង​តែ​ប៉ិន​ហ្នឹង​ទេ។ បទ​ចោទ ដូច​ពីរ បី​បទ​ចោទ។ ខ្ញុំ​អត់​ចាំ​ផង»

ចំណែក​ករណី​ការ​ហាម​ឃាត់​មិន​ឲ្យ​ក្រុម​គ្រួសារ​ចូល​ជួប លោក នុត ពេជ នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពត អ្នក​នាំ​ពាក្យ​តុលាការ​ប្រាប់​ថា ជា​សិទ្ធិ​ខាង​ពន្ធនាគារ។ ប្រធាន​ពន្ធនាគារ​ខេត្ត​កំពត លោក អែម បូរ ប្រាប់​អាស៊ី​សេរី​ថា ខាង​ពន្ធនាគារ​ហាម​មិន​ឲ្យ​គ្រួសារ​ចូល​ជួប​លោក នុត ពេជ ដោយសារ​មូលហេតុ លោក​ នុត ពេជ ទើប​ជាប់​ថ្មីថ្មោង៖ «បាទ!វា​ទើប​ជាប់ ចូល​ថ្មី មិន​ទាន់ ខ្ញុំ​ជាប់​រវល់​ប្រជុំ​បាទ

ប៉ុន្តែ​នាយក​រង​អង្គការ លីកាដូ ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស លោក អំ សំអាត ប្រាប់​ថា គ្មាន​ច្បាប់​ណា​មួយ ហាម​ឃាត់​គ្រួសារ​ មិន​ឲ្យ​ចូល​ជួប​ជន​ជាប់​ចោទ​ ក្នុង​ពន្ធនាគារ​ទេ។ លោក​ថា ខាង​ពន្ធនាគារ​មាន​សិទ្ធិ​កំណត់​ថ្ងៃ​ ជាក់​លាក់​ឲ្យ​គ្រួសារ​ជន​ជាប់​ចោទ​ ចូល​សួរ​សុខ​ទុក្ខ តែ​មិន​អាច​កំណត់​ថា អ្នក​ជាប់​ឃុំ​ថ្មី ត្រូវ​រង់​ចាំ​ទាល់​តែ​មួយ​ខែ​ ទើប​ឲ្យ​ចូល​ជួប​ទេ។

លោក អំ សំអាត អះអាង​ថា ជន​ជាប់​ចោទ​គ្រប់​រូប ត្រូវ​បាន​ដក​តែ​សិទ្ធិ​សេរីភាព ដើរ​ហើរ​ប៉ុណ្ណោះ ឯ​សិទ្ធិ​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា គឺ​មាន​ដូច​ពលរដ្ឋ​ទូទៅ។ លោក​ មិន​ដឹង​ថា មូលហេតុ​អ្វី​បាន​ជា​ខាង​ពន្ធនាគារ​ខេត្ត​កំពត រើស​អើង​សកម្មជន​បក្ស​ប្រឆាំង លោក នុត ពេជ បែប​នេះ​ទេ។ តែ​លោក​ថា ការ​ហាម​ឃាត់​គ្រួសារ​មិន​ឲ្យ​ចូល​ជួប​១​ខែ ជា​ការ​រំលោភ​សិទ្ធ​មនុស្ស​ធ្ងន់ធ្ងរ៖ «អ៊ីចឹង​អា​ការ​ធ្វើ​នេះ យើង​អត់​ដឹង​ពី​មូលហេតុ​ខាង​ពន្ធនាគារ ថា​តើ​មាន​មូលហេតុ​អ្វី ឬ​មួយ​ក៏​រឿង​ទាំងអស់​នេះ ​ដោយសារ​តែ​គាត់​គឺ​​ជា​សកម្មជន​គណបក្ស​ប្រឆាំង ហើយ​ដែល​គេ​កំពុង​តែ​មាន​ការ​ចាប់​អារម្មណ៍​ ជា​ទូទៅ ទាំង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរ​ជាតិ ​ហ្នឹង​ណា។ បើ​ខ្ញុំ​ចាប់​អារម្មណ៍​ ចាប់​អារម្មណ៍​ទៅ​លើ​រឿង​អ៊ីចឹង​ទេ ហើយ​រឿង​អ៊ីចឹង កាល​ណា​យើង​ថា មួយ​ខែ​ក្រោយ​ បាន​អនុញ្ញាត​ឲ្យ​ជួប ឲ្យ​អ្វី អា​ហ្នឹង​វា​ប៉ះពាល់​ រំលោភ​ទៅ​លើ​សិទ្ធិ​ ទំនាក់​ទំនង​សួរ​សុខ​ទុក្ខ​ពី​ក្រុម​គ្រួសារ​ពួកគាត់»

កូន​ប្រុស​ លោក នុត ពេជ លោក សន់ ធានី មិន​ដឹង​ថា ខាង​ពន្ធនាគារ​ខេត្ត​កំពត រើស​អើង​តែ​​គ្រួសារ​លោក ជា​សកម្មជន​បក្ស​ប្រឆាំង ឬ​រំលោភ​សិទ្ធិ​ជន​ជាប់​ចោទ​ទូទៅ​ទេ។ ប៉ុន្តែ ​អ្នក​ធ្លាប់​ចូល​សួរ​សុខ​ទុក​ ជន​ជាប់​ឃុំ​ ក្នុង​ពន្ធនាគារ​ខេត្ត​កំពត ប្រាប់​ថា ឆ្មាំ​ពន្ធនាគារ​ខេត្ត​កំពត​ ធ្វើ​បែប​នេះ ​ទូទៅ​គ្រប់​សាច់​ញាតិ​ជន​ជាប់​ឃុំ​ទាំង​អស់ គឺ​ហាម​សាច់​ញាតិ​អ្នក​ជាប់​ថ្មីថ្មោង ១ខែ​ក្រោយ ទើប​ឲ្យ​ចូល​ជួប។

ពាក់ព័ន្ធ​នឹង​ករណី​ឆ្មាំ​ពន្ធនាគារ​ខេត្ត​កំពត ហាម​មិន​ឲ្យ​សាច់​ញាតិ​ ចូល​ជួប ​ជន​ជាប់​ឃុំ​ មួយ​ខែ​ដំបូង ដោយសារ​ទើប​ជាប់​ថ្មីថ្មោង​នេះ អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ខាង​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា បាន​ទេ នៅ​ថ្ងៃ​ទី១៩ សីហា ដោយសារ​មិន​ទទួល​ទូរស័ព្ទ។

លោក សន់ ធានី ព្រួយ​បារម្ភ​ថា សុខភាព លោក នុត ពេជ មិន​អាច​ទ្រាំទ្រ​នៅ​ក្នុង​ពន្ធនាគារ​យូរ​ទេ ព្រោះ​លោក មាន​វ័យ​ចាស់ និង​មាន​ជំងឺ​ប្រចាំ​កាយ។ លោក​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​កំពត ដោះ​លែង ឪពុក​លោក​ជា​បន្ទាន់​ ព្រោះ​ ឪពុក​លោក គ្មាន​កំហុស​ទេ។ លោក​ថា ​ការ​ចាប់​ខ្លួន​ និង​ឃុំឃាំង​ខ្លួន លោក នុត ពេជ ដោយ​គ្មាន​កំហុស និង​ប្រើ​រូប​ភាព​ទារុណ​កម្ម​បែប​នេះ ធ្វើ​ឲ្យ​គ្រួសារ​លោក​ឈឺ​ចាប់​ត​ជំនាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក សម រង្ស៊ី ថា លោក​នាំ​ពលករ​ជាង ២លាន​នាក់​ពី​ប្រទេស​ថៃ កូរ៉េ​ខាង​ត្បូង ប្រទេស​ជប៉ុន និង​ប្រទេស​ម៉ាឡេស៊ី​ទៅ​ផ្ទះ​ជាមួយ​លោក​វិញ

$
0
0

លោក សម រង្ស៊ី ថា លោក​នឹង​នាំ​ពលករ​ជាង ២លាន​នាក់ ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេសថៃ កូរ៉េ​ខាង​ត្បូង ប្រទេស​ជប៉ុន និង​ប្រទេស​ម៉ាឡេស៊ី​ទៅ​ផ្ទះ​ជាមួយ​លោក​វិញ ដើម្បី​យក​ប្រទេស​កម្ពុជា​ពី​មេ​ដឹក​នាំ​ផ្ដាច់ការ ហ៊ុន សែន។ ដូច​គ្នា​នេះ​ដែរ​ តំណាង​ពលករ​នៅ​ប្រទេស ថៃ និង​ជប៉ុន អះអាង​ថា ពេល​នេះ​ក្រុម​ពលករ​កំពុង​រៀបចំ​ផែនការ​ត្រៀម​ខ្លួន​ទៅ​ប្រទេស​កម្ពុជា ជាមួយ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ។

ថ្លែង​ពី​ប្រទេស​អូស្ត្រាលី​ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន​ថ្ងៃ​ទី១៩ ខែ​សីហា លោក សម រង្ស៊ី ស្នើ​ទៅ​អ្នក​គាំទ្រ​លោក​ជា​ពិសេស​ពលករ​ជាង​ពីរ​លាន​នាក់​ត្រៀម​ខ្លួន​ទៅ​ផ្ទះ​ជាមួយ​លោក ដើម្បី​រំដោះ​ប្រទេស​កម្ពុជា។ លោក​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​​បាត់​បង់​ឯករាជ្យ៖ «ខ្ញុំ​នឹង​នាំ​ពលករ​ខ្មែរ​នៅ​ថៃ​ពីរ​លាន​នាក់​បង​ប្អូន នៅ​ម៉ាឡេស៊ី នៅ​កូរ៉េ នៅ​ជប៉ុន​ដែល​ពួក​គាត់​បង្ខំចិត្ត​ទៅ​ស៊ី​ឈ្នួល​ធ្វើ​ការងារ​ស្រុក​គេ ទៅ​ផ្ទះ​យើង​វិញ​ទាំង​អស់​គ្នា ទៅ​យក​ផ្ទះ​យើង ទៅ​យក​ដីធ្លី​យើង​វិញ ទៅ​យក​ប្រទេស​យើង​វិញ​កុំ​ឲ្យ ហ៊ុន សែន ប្លន់»

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ អះអាង​ថា ក្រៅ​ពី​ខ្មែរ​ក្រៅ​ស្រុក កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ក្នុង​ស្រុក​ឯ​ណោះ​វិញ ក៏​កំពុង​រង់ចាំ​ឱកាស​ងើប​ឈរ​ជាមួយ​លោក។ លោក សម រង្ស៊ី​ ថែម​ទាំង​បង្ហាញ​សារ​នយោបាយ​មុត​ស្រួច អំពាវនាវ​ជា​ថ្មី​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ កុំ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង ប៉ុន្តែ​ត្រូវ​បែរ​ចុង​កាណុង​កាំ​ភ្លើង​សំដៅ​លោក ហ៊ុន សែន វិញ៖ «កូន​ទាហាន​ទាំង​អស់​ហ្នឹង​ថា ចាំតែ សម រង្ស៊ី មក​ហើយ ដើម្បី​បោស​សំអាត​ពួក​ជន​ក្បត់ អំពាវនាវ​កង​កម្លាំង​ប្រដាប់​អាវុធ​កូន​ក្មួយ​បង​ប្អូន​ពេល​វេលា​មក​ដល់​ហើយ កុំ​ស្ដាប់​បញ្ជា​ជន​ផ្ដាច់ការ​ជន​ក្បត់​ជាតិ​កុំ​ទៅ​សម្លាប់​ប្រជា​រាស្ត្រ​តាម​បញ្ជា​ជន​ផ្ដាច់​ការ​ជន​ក្បត់​ជាតិ ឈរ​ខាង​ប្រជា​រាស្ត្រ ការពារ​ប្រជា​រាស្ត្រ​វិញ»

ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ថៃ  និង​ជា​អ្នក​ធ្វើ​ការងារ​ជា​មួយ​ពលករ​ចំណាក​ស្រុក​ប្រទេស​នេះ លោក លី រតនរស្មី ឲ្យ​ដឹង​ថា សព្វថ្ងៃ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ជាង ២លាន​នាក់ ក្នុង​នោះ​មាន​ទាំង​ពលករ​ស្រប​ច្បាប់ និង​ពលករ​គ្មាន​ប័ណ្ណ​ការងារ ឬ​ពលករ​មិន​ស្រប​ច្បាប់។ ប៉ុន្តែ ​ក្រសួង​ការងារ​ឲ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ ១លាន ៦ម៉ឺន​នាក់ កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ។

លោក លី រតនរស្មី ប្រាប់​អាស៊ី​សេរី​ថា ក្រោយ​ពេល​លោក សម រង្ស៊ី ប្រកាស​ថ្ងៃ​នៃ​ការ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ លោក និង​តំណាង​ពលករ​ផ្សេង​ទៀត​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​អម​ដំណើរ​លោក សម រង្ស៊ី និង​អ្នក​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​ចូល​ប្រទេស​កម្ពុជា​វិញ។ លោក​ឲ្យ​ដឹង​ថា​ ទៀត​ថា ក្រុម​ការងារ​របស់​លោក​កំពុង​រៀបចំ​ជា​ក្រុមៗ ដើម្បី​ពង្រឹង​កម្លាំង​នៅ​តាម​មូលដ្ឋាន៖ «ពួក​គាត់​កំពុង​តែ​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ហើយ គាត់​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​នៅ​ពេល​បាន​ដឹង​ពី​ថ្ងៃ​កំណត់​ពី​ថ្ងៃ​វិល​ចូល​ប្រទេស​វិញ​របស់​លោក​ប្រធាន​ស្ដីទី សម រង្ស៊ី»

ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ ​នៅ​ប្រទេស​ជប៉ុន​ លោក ហៃ វណ្ណា ឲ្យ​ដឹង​ថា ក្រុម​យុវជន និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ក៏​ត្រៀម​ខ្លួន​ទៅ​ប្រទេស​កម្ពុជា​វិញ​ជាមួយ​លោក សម រង្ស៊ី ដែរ ។ លោក​បញ្ជាក់​ថា ខ្មែរ​នៅ​ប្រទេស​ជប៉ុន ជា​ពិសេស ក្រុម​ពលករ​មិន​រា​ថយ​ក្នុង​ការ​អម​ដំណើរ​នេះ​ទេ៖ «ពួក​គាត់​ត្រៀម​ខ្លួន ដើម្បី​វិល​ទៅ​ប្រទេស​កំណើត​របស់​គាត់​វិញ​ជា​មួយ​លោក​ប្រធាន​ស្ដីទី សម រង្ស៊ី គណៈ​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ដើម្បី​ជួយ​ស្រោច​ស្រង​សេដ្ឋ​កិច្ច​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​តាម​រយៈ​កុំ​ឲ្យ​សហភាព​អឺរ៉ុប​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ក៏​ដូច​ជា​ប្រព័ន្ធ​អនុគ្រោះ GSP របស់​សហរដ្ឋ​អាមេរិក»

ក្រុម​យុវជន និង​ក្រុម​ពលករ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស​ប្ដេជ្ញា​ថា នឹង​រួម​ដំណើរ​ជាមួយ លោក សម រង្ស៊ី និង​ក្រុម​អ្នក​ប្រជាធិបតេយ្យ ចូល​ប្រទេស​កម្ពុជា​វិញ​ថ្ងៃទី៩វិច្ឆិកាខាងមុខនេះ។ ចំណែក​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក​ក៏​តែងតែ​បង្ហាញ​សារ​គាំទ្រ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចាំ​ទទួល​លោក សម រង្ស៊ី ដែរ។ តំណាង​យុវជន​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ថៃ និង​ប្រទេស ជប៉ុន​លើក​ឡើង​ថា ក្រុម​យុវជន និង​ពលករ​ចង់​បាន​ការ​ផ្លាស់​ប្ដូរ ដូច្នេះ​ពួក​គេ មិន​ខ្លាចរអា​នឹង​ព្រមាន​នានា ពី​ក្រុម​សមត្ថកិច្ច ឬ​សំដី​ព្រមាន​របស់ ហ៊ុន សែន ដែល​ថា នឹង ​ចាប់ខ្លួន និង​តាម​ធ្វើ​ទុក្ខបុកម្នេញ អ្នក​រួម​ដំណើរ​ជាមួយ​នឹង​ក្បួន​វិល​ចូល​ស្រុក​វិញ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​និយាយ​ថា មន្ត្រី​ពន្ធនាគារ​រំលោភ​ច្បាប់​លើ​សំណុំ​រឿង​សកម្មជន​បក្ស​ប្រឆាំង

$
0
0

មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស​និយាយ​ថា​ មន្ត្រី​ពន្ធនាគារ​ខេត្ត​កំពត​កំពុង​រំលោភ​ច្បាប់ និង​របស់​សិទ្ធិ​ជន​ជាប់​ចោទ ​ដោយ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​បាន​សួរសុខទុក្ខ​ពេល​កំពុង​ជាប់​ឃុំឃាំង។​ កូន​ប្រុស​សកម្មជន​គណបក្ស​ប្រឆាំង​បាន​បញ្ជាក់​ថា ខាង​អនុរក្ស​ពន្ធនាគារ​កំណត់​រយៈ​ពេល​មួយ​ខែ​ទៀត ដើម្បី​អនុញ្ញាត​សមាជិក​ក្រុម​គ្រួសារ​បាន​សួរ​សុខ​ទុក្ខ​ឪពុក​របស់​លោក ដែល​កំពុង​ជាប់​ឃុំ​ឃាំង។

នាយករង​នៃ​អង្គការ​ លីកាដូ​ ទទួល​បន្ទុក​សិទ្ធិមនុស្ស​លោក​ អំ សំអាត ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី១៩ សីហា​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ​កំពុង​រំលោភ​ច្បាប់​ផ្ទួនៗ រាប់​ទាំង​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង រហូត​ទៅ​ដល់​ការ​នាំ​ខ្លួន​ទៅ​ដាក់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង។

ការ​លើក​ឡើង​របស់​មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នេះ​ បាន​កើត​មាន​ឡើង​ក្រោយ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ក្នុង​ខេត្ត​កំពត​កាល​ពី​ថ្ងៃ​ទី១៧ សីហា បាន​ចាប់​ខ្លួន លោក នុត ពេជ អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ស្រុក​ឈូក​ ខេត្ត​កំពត​ ដោយ​ចាប់​វាយ​ខ្នោះ​នៅ​កណ្ដាល​វាល​ស្រែ​ពេល​កំពុង​ដក​ស្ទូង ហើយ​បណ្ដើរ​ចេញ​មក​ដោយ​គ្មាន​ពាក់​ស្បែក​ជើង​រហូត​ដល់​ពន្ធនាគារ ហើយ​បន្ទាប់​មក​សមត្ថកិច្ច​ចាប់​កោរ​សក់ ហើយ​ហាម​មិន​ឱ្យ​ក្រុម​គ្រួសារ​ចូល​ជួប​សួរ​សុខ​ទុក្ខ​ក្នុង​រយៈ​ពេល​មួយ​ខែ​ថែម​ទៀត​ផង។

ចាប់តាំង​ពី​លោក​ នុត ពេជ ត្រូវ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ខេត្ត​កំពត​មក ​រហូត​មក​ដល់​ថ្ងៃ​ទី១៩ ខែ​សីហា​ នេះ​មិន​មាន​សមាជិក​ក្រុម​គ្រួសារ​ណា​ម្នាក់​បាន​ទៅ​សួរ​សុខទុក្ខ​ជនសង្ស័យ​ឡើយ។

លោក អំ សំអាត បញ្ជាក់​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​រំលោភ​ច្បាប់​ទៅ​លើ​សិទ្ធិ​ជន​ជាប់​ចោទ​ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ពី​ព្រោះ​គ្មាន​ច្បាប់​រារាំង​​ណាមួយ​មិន​ឲ្យ​សមាជិក​ក្រុម​គ្រួសារ​បាន​ចូល​សួរ​សុខ​ទុក្ខ​ជន​សង្ស័យ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ក្នុង​ដំណាក់​កាល​សាកសួរ​របស់​តុលាការ​ទេ។

លោក​ឲ្យ​ដឹង​ទៀត​ថា បើ​ក្នុង​អំឡុង​ពេល​នៃ​ការ​ឃុំខ្លួន​ប្រសិនបើ​មាន​​រឿង​មិន​ប្រក្រតី​អ្វី​មួយ​កើត​​ឡើង​ទៅ​លើ​ជន​ជាប់​ចោទ នោះ​​អាជ្ញាធរ​ត្រូវ​ទទួល​ត្រូវ៖ «បើ​សិន​ជា​ក្នុង​អំឡុង​ហ្នឹង​ស្រាប់​តែ​មាន​បញ្ហា​អ្វី​កើត​ជាមួយ​ក្រុម​គ្រួសារ​គេ។ អា​ហ្នឹង​ គេ​ចោទ​ប្រកាន់​ខាង​ពន្ធនាគារ​ កុំ​ថា​គេ ពី​ព្រោះថា​គេ​អត់​បាន​ជួប​ក្រុម​គ្រួសារ​គេ។ ពី​ព្រោះ​ថាប់​មាន​ជំងឺ​ឈឺ​ធ្ងន់​ ឬ​ក៏​មាន​ហេតុការណ៍​កើត​ឡើង​អា​ហ្នឹង​គេ​ចោទ​ប្រកាន់​ទៅ​លើ​ពន្ធនាគារ បើ​សិន​គេ​មិន​បាន​ជួប​ក្នុង​រយៈ​ពេល​ហ្នឹង»

លោក នុត ពេជ អាយុ ៦៤ឆ្នាំ ត្រូវ​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​កំពត ​ចេញ​ដីកា​ចាប់ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទ «ប្រឆាំង​សាលដីកា​តុលាការ​កំពូល» ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខែ​វិច្ឆិកា ឆ្នា២០១៧។

លោក នុត​ ពេជ គឺ​ជា​មនុស្ស​ទី​១៥ ដែល​​របប​ក្រុង​ភ្នំពេញ​ ចាប់​ខ្លួន​ក្នុង​យុទ្ធនាការ​បង្ក្រាប ដើម្បី​ទប់ស្កាត់​​ការ​ប្រមូល​ផ្ដុំ​គ្នា​របស់​សកម្មជន​គណបក្ស​ប្រឆាំង​គាំទ្រ​ការ​វិលត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩​ខាងមុខ​នេះ។

លោក សន់ ធានី កូន​ប្រុស​របស់​លោក នុត ពេជ បញ្ជាក់​ថា​ ចាប់តាំង​ពី​ការ​ចាប់​ឃុំខ្លួន​រហូត​មកដល់​ថ្ងៃ​ទី១៩ ខែ​សីហា​ សមាជិក​ក្រុម​គ្រួសារ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​សួរសុខទុក្ខ​ឪពុក​របស់​លោក​នៅ​ក្នុង​ពន្ធនាគារ​ទេ។

លោក​បញ្ជាក់​ថា​ ខាង​អនុរក្ស​ពន្ធនាគារ​ខេត្ត​ប្រាប់​ថា ត្រូវ​ការ​រយៈ​ពេល​មួយ​ខែ​ទៀត​ទើប​អនុញ្ញាត​ឲ្យ​សមាជិក​ក្រុម​គ្រួសារ​បាន​សួរ​សុខ​ទុក្ខ​លោក​ នុត ពេជ។

លោក​បញ្ជាក់​ថា​ ឪពុក​របស់​លោក​កំពុង​មាន​ជំងឺ នៅ​មុន​ពេល​ចាប់​ខ្លួន​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង។ ដូច្នេះ​លោក​បារម្ភ​ថា​សុខភាព​របស់​លោក នុត ពេជ អាច​នឹង​មាន​ផល​ប៉ះពាល់៖ «កាល​គាត់​នៅ​ជា​មួយ​ខ្ញុំ​ហ្នឹង​គាត់​ចេះ​តែ​អស់​កម្លាំង ហើយ​គាត់​មាន​ជំងឺ​ទល់​លាមក​ ឈឺ​ក្រពះ។ ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាច​ថា ការ​ហូបចុក​មិន​ដិតដល់​ការ​មើល​ថែទាំ​ អញ្ចឹង​ទៅ​ខ្លាច​គាត់​កាន់​តែ​ទ្រុឌទ្រោម​ទៅៗ ពី​គ្រោះ​គាត់​វ័យ​ចំណាស់​ អាយុ​កាន់តែ​ច្រើន​ហើយ ៦០ឆ្នាំជាង​ហើយ»

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ចាន់ គឹម សេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ របស់​ក្រសួង​មហាផ្ទៃ​បានទេ​ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

ស្នង​ការ​នគរបាល​ខេត្ត​កំពត​កាល​ពី​ថ្ងៃ​ទី១៩ សីហា​ បាន​ចេញ​លិខិត​បំភ្លឺ​ថា សមត្ថកិច្ច​តែងតែ​អនុវត្ត​ច្បាប់​យ៉ាង ហ្មត់ចត់​នូវ​តួនាទី​ការពារ​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្ដាប់​ធ្លាប់​សង្គម។​ លិខិត​ដដែល​នោះ​ក៏​បាន​ចោទ​វិទ្យុ​អាស៊ី​សេរី​ថា​ បាន​ផ្សាយ​បំពុល​បរិយាកាស​សង្គម​ និង​ គ្មាន​សីលធម៌​វិជ្ជាជីវៈ។​

តែ​ទោះ​បី​ជា​មាន​ការ​បំភ្លឺ​ពី​ស្នងការ​ខេត្ត​កំពត​បែប​នេះ​ក្តី ​ក៏​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ការរំលោភ​សិទ្ធិមនុស្ស​ និង​សមាជិក​ក្រុម​គ្រួសារ​ជនជាប់ចោទ​ បាន​ស្ដី​បន្ទោស​សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ​ថា ​កំពុង​រំលោភ​សិទ្ធិ​ជន​ជាប់​ចោទ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ដោយ​រាប់​ចាប់​តាំងតែ​ពី​ការ​ចាប់ខ្លួន​ដោយ​បំពាន​គ្មាន​ដីកា​ រហូត​ដល់​ការ​បញ្ជូន​ខ្លួន​ទៅ​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ និង​មិន​អនុញ្ញាត​ឲ្យ​គ្រួសារ​បាន​សួរ​សុខ​ទុក្ខ​ជន​ជាប់​ចោទ​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលករ​ខ្មែរ​នៅ​ថៃ​សន្សំ​ថវិកា ដើម្បី​អម​ដំណើរ​ លោក សម រង្ស៊ី វិល​ចូល​ស្រុក​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា

$
0
0

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​និយាយ​ថា​ពួកគាត់​កំពុង​នាំ​គ្នា​សន្សំ​ថវិកា ដើម្បី​ធ្វើ​ជា​សោហ៊ុយ​អម​ដំណើរ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី៩​ ខែ​វិច្ឆិកា​ខាង​មុខ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ទៅ​អម​ដំណើរ​លោក សម រង្ស៊ី ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ ស្រប​តាម​ច្បាប់។

ពលករ​ខ្មែរ​ធ្វើ​រោងចក្រ​អេឡិចត្រូនិក​នៅ​ជាប់​ខេត្ត​ទីក្រុង​បាងកក​ លោក ហួន យ៉ាន ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២០ សីហា ពលករ​ខ្មែរ​ធ្វើ​ការ​ក្នុង​រោងចក្រ​ជា​មួយ​លោក​ប្រមាណ ៥០០​នាក់ ​នាំ​គ្នា​កាត់​បន្ថយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ ដើម្បី​​សន្សំ​ប្រាក់​ធ្វើ​ជា​សោហ៊ុយ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ។ ពលករ​រូប​នេះ​បន្ត​ថា ​ចាប់ពី​​ទទួល​ដំណឹង​ជាក់លាក់​អំពី​ថ្ងៃ​កំណត់​វិល​ចូល​ស្រុក​របស់​លោក​ សម រង្ស៊ី​ មក​លោក​និង​ពលករ​ដទៃ​ទៀត​ ចាប់​ផ្ដើម​សន្សំ​ប្រាក់​ចន្លោះ​ពី​ ២០​ ទៅ​៧០​បាត ឬ​ប្រមាណ ២ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ​ដាក់​ក្នុង​ហិប​កូន​ជ្រូក​ ដើម្បី​សន្សំ​ធ្វើ​ជា​សោហ៊ុយ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កម្ពុជា។ពលករ​រូប​នេះ​បន្ត​ថា ការ​វិល​ត្រឡប់​​ទៅ​កម្ពុជា​វិញ​នេះ​ គឺ​ពួកគេ​ទាំង ៥០០​នាក់ ហ៊ាន​ប្ដូរ​ផ្ដាច់​គ្រប់​យ៉ាង ដើម្បី​សេរីភាព និង​ស្ដារ​មុខ​មាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ៖ «ការ​ភ័យ​ខ្លាច​ជា​រឿង​ធម្មតា​មួយ​ ប៉ុន្តែ​សំខាន់​គឺ​ប្រទេស​ជាតិ​ជា​ធំ​ យើង​ចង់​មាន​ការ​ផ្លាស់​ប្ដូរ​ ដើម្បី​ឱ្យ​ជា​រីក​ចំរើន​ដូច​ប្រទេស​ជិត​ខាង។ ខ្ញុំ​ឃើញ​ពលរដ្ឋ​មិន​មាន​សេចក្ដី​សុខ​ទេ​ តែង​តែ​យំ​ដោយសារ​ការ​ចាប់​ចង​ស្ទើរ​រាល់​ថ្ងៃ​បែប​នេះ។ ខ្ញុំ​ចង់​ឃើញ​ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ ដោយ​មិន​មាន​ការ​គំរាមកំហែង​ដូច​សព្វ​ថ្ងៃ»

ចំណែក​ពលករ​ធ្វើ​ការ​ផ្នែក​កាត់​ដេរ​នៅ​ទីក្រុង​បាងកក​ឯ​ណោះ​វិញ លោក ចាប់ បូរី ថ្លែង​ថា ​ចាប់​ពី​ពេល​នេះ​ដល់​ថ្ងៃ​ចេញ​ដំណើរ​លោក​សន្សំ​ប្រាក់​បាន​យ៉ាង​ហោច​ណាស់​ក៏​ជិត​ ១ម៉ឺន​បាត (១០.០០០) ឬ​ប្រមាណ ៣០០​ដុល្លារ​ដែរ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​អម​ដំណើរ​ជា​មួយ​លោក​ សម រង្ស៊ី។ ពលករ​រូប​នេះ​បន្ត​ថា លោក​នឹង​សមាជិក​គ្រួសារ​ជា​ច្រើន​នាក់​ទៀត​នៅ​ស្រុក​ខ្មែរ​អន្ទះសា​ចង់​ឱ្យ​តែ​ដល់​ថ្ងៃ​កំណត់ ដើម្បី​ចូល​រួម​ដំណើរ​​ជាមួយ​លោក សម រង្ស៊ី ​ទៅ​ដណ្ដើម​យក​ប្រជាធិបតេយ្យ​ពី​របប​ក្រុង​ភ្នំពេញ​ប្រគល់​ឱ្យ​ពលរដ្ឋ​វិញ។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​ថវិកា​សន្សំ​មិន​បាន​ច្រើន​ក្ដី​ ក៏​លោក​អាច​តស៊ូ​អម​ដំណើរ​លោក​ សម រង្ស៊ី រហូត​ដល់​គោល​ដៅ ដោយ​មិន​រា​ថយ​នោះ​ទេ៖ «អារម្មណ៍​របស់​ខ្ញុំ​គឺ​ត្រេក​អរ​មែន​ទែន​ពេល​ឮ​លោក​សម រង្ស៊ី​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ព្រោះ​រឿង​ថវិកា​អត់​មាន​បញ្ហា​ទេ​ ខ្ញុំ​នឹង​ទៅ​ទទួល​គាត់​ ពី​ព្រោះ​ខ្ញុំ​យល់​ថា​ មាន​តែ​លោក​ប្រធាន​ទេ​ដែល​អាច​មក​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​របស់​កម្ពុជា​បាន​ដូច​ដើម​វិញ​ និង​មាន​ការ​អភិវឌ្ឍន៍​រីក​ចំរើន»

គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា លោក សម រង្ស៊ី នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ ដែល​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា​។ មន្ត្រី​ជាន់ខ្ពស់​ទាំង​ឡាយ​របស់​បក្ស​ប្រឆាំង​ដែល​​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស រួម​ទាំង​សមាជិក​សភា​អឺរ៉ុប​មួយ​ចំនួន​ផង នឹង​អម​ដំណើរ​លោក សម រង្ស៊ី ត្រឡប់​ទៅ​កម្ពុជា​វិញ។ គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា ដំណើរ​វិល​ត្រឡប់​នេះ ​ដើម្បី​ទៅ​ដោះស្រាយ​ការ​ជាប់​គាំង​ផ្នែក​នយោបាយ​ និង​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ជាតិ ដែល​របប​លោក ហ៊ុន សែន មិន​អាច​ដោះស្រាយ​បាន ជា​ពិសេស គឺ​ជួយ​កុំ​ឱ្យ​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហគមន៍​អឺរ៉ុប។ ទន្ទឹម​គ្នា​នេះ​មន្ត្រី​​របប​លោក​ហ៊ុន​ សែន​​ ស្ទើរ​គ្រប់​ស្ថាប័ន​ ក៏​បាន​ត្រៀម​ចាត់​វិធាន​មក​លើ​​លោក សម រង្ស៊ី នឹង​អ្នក​អម​ដំណើរ​ដែល​មាន​ដីកា​​ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ពេល​ដែល​ពួកគេ​មក​ដល់​កម្ពុជា​វិញ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន​ មាន​ប្រសាសន៍​ថា លោក​គ្មាន​ជំនឿ​នឹង​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី នោះ​ទេ។ លោក​មាន​ហៅ​លោក សម រង្ស៊ី ថា ជា​មាន់​សម្ល​និយាយ​បាន​តែ​មាត់​ដើម្បី​ទាក់ទាញ​ប្រជាប្រិយ​របស់​ខ្លួន​ពី​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​​ ។ លោក​បន្ថែម​ថា​ កន្លង​មក​ប្រធាន​ស្ដី​ទី​គណបក្ស​ប្រឆាំង​រូប​នេះ ប្រកូកប្រកាស​ជា​ច្រើន​ដង​រួច​មក​ហើយ​ តែ​លោក​​មិន​បាន​ចូល​ស្រុក​ដូច​ការ​សន្យា​នោះ​ទេ។ទោះ​ជា​យ៉ាង​ណា​លោក​អះអាង​ថា ពលរដ្ឋ​ដែល​ទៅ​អម​ដំណើរ​នោះ​ អាច​ប្រឈម​បញ្ហា​ផ្លូវ​ច្បាប់ ព្រោះ​លោក សម រង្ស៊ី ជា​ទណ្ឌិត​មាន​ដីកា​ចាប់​ខ្លួន​ពី​តុលាការ៖ «ហើយ​ទី២​ ទណ្ឌិត​ដែល​ទៅ​នឹង​ក្នុង​នាម​ខ្លួន​ឯង​ជា​ប្រធាន​ស្ដីទី​គណបក្ស​ អីចឹង​គណបក្ស​នឹង​ត្រូវ​រំលាយ​រួច​ហើយ វា​អត់​មាន​ត្រូវ​ច្បាប់​ទេ ពី​ព្រោះ​យើង​ដឹង​ថា​សាលដីកា​របស់​តុលាការ​កំពូល​ជា​សាលដីកា​ស្ថាពរ​និង​បិទ​ផ្លូវ​តវ៉ា ដូច្នេះ​រាល់​អ្នក​ណា​គាំទ្រ​ជន​ណា​ដែល​មាន​ដីកា​ពី​តុលាការ​ជន​នោះ​គឺ ផ្ទុយ​ពី​សាលដីកា​តុលាការ​ហើយ»

អ្នក​សម្រប​សម្រួល ​និង​អង្កេត​នៃ​អង្គការ​ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស  លើក​ឡើង​ថា​ ការ​ទៅ​ទទួល​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ស្រលាញ់​បុគ្គល​ណា​ម្នាក់​ ដោយ​មិន​ខុស​ច្បាប់​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​លោក​បន្ត​ថា ការ​វិល​ចូល​ស្រុក​ឬ​មិន​ចូល​ស្រុក​មិន​មែន​ជា​​ដំណោះ​ស្រាយ​នយោបាយ​នោះ​ឡើយ ប្រសិន​បើ​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​មិន​ឆាប់​ចរចា​ត្រូវ​រ៉ូវ​គ្នា​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​នោះ៖ «ខ្ញុំ​គិត​ថា​គួរ​តែ​មាន​ការ​សម្រប​សម្រួល​គ្នា​មក​ដល់​នេះ​ហើយ​ យើង​ត្រូវ​មើល​ក្បែរ​យើង​ផង​ គេ​បាន​ទ្រព្យសម្បត្តិ​គេ​បាន​លាភសក្ការៈ​យ៉ាង​ច្រើន​ទាញ​ចេញ​ពី​ជម្លោះ​របស់​ខ្មែរ​។ យើង​គួរ​តែ​ល្មម​ដោះដូរ​កែសម្រួល​ការងារ​ចារឹក​នយោបាយ​ឱ្យ​អាច​រក​វិធី​ជជែក​គ្នា​ ដើម្បី​ដោះ​ស្រាយ​​បញ្ហា​នយោបាយ​ប្រសើរ​ជាង​ កុំ​ឱ្យ​ខ្លាំង​រៀង​ខ្លួន​នាំ​ឱ្យ​ខាត​បង់​ប្រយោជន៍​ជាតិ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​បន្ត​ថា ជម្លោះ​នយោបាយ​របស់​កម្ពុជា​បាន​អូស​បន្លាយ​ពេល​ប្រមាណ​ ២ឆ្នាំមក​នេះ​ បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ជា​បន្ត​បន្ទាប់ និង​មាន​ឈ្មោះ​មិន​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ​​ ហើយ​កម្ពុជា​អាច​ប៉ះពាល់​កាន់​តែ​ខ្លាំង​នៅ​ពេល​សហគមន៍​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធEBA ជា​ផ្លូវ​ការ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​បក្ស​ប្រឆាំង​ថា សមាជិក​សភា​នៅ​អូស្ត្រាលី​គាំទ្រ​ការ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី

$
0
0

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី​ទី​ក្រុង​ស៊ីដនី Sydney ថា សមាជិក​រដ្ឋសភា​អូស្ត្រាលី​គាំទ្រ​ការ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។ អ្នក​ឃ្លាំ​មើល​សង្គម​យល់​ថា ការ​ធ្វើ​ការ​នយោបាយ​ការ​ទូត​នៅ​ក្រៅ​ប្រទេស​របស់​លោក សម រង្ស៊ី កំពុង​ទទួល​បាន​ផល​ជា​បណ្តើរៗ ហើយ។

លេខាធិការ​រង​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី អ្នកស្រី ជី គិម​អាន ឲ្យ​អាស៊ី​សេរី​ដឹង​ថា ក្នុង​ជំនួប​លោក សម រង្ស៊ី រវាង​សមាជិក​សភា​អូស្ត្រាលី ថ្ងៃ​ទី២០ ខែ​សីហា សមាជិក​សភា​អូស្ត្រាលី បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ឥទ្ធិពល​ចិន​នៅ​ប្រទេស​កម្ពុជា ខណៈ​ឃើញ​មាន​សារ​ព័ត៌មាន​ចុះ​ផ្សាយ​ថា ចិន​បាន ដាក់​មូលដ្ឋាន​កងទ័ព​នៅ​ក្នុង​តំបន់​សមុទ្រ​រាម ខេត្ត​ព្រះសីហនុ និង​នៅ​ខេត្ត​កោះកុង។ អ្នក​បន្ត​ថា អ្នក​នយោបាយ​អូស្ត្រាលី កំពុង​តាម​ដាន​ពី​បញ្ហា​នេះ​យ៉ាង​ចិត្ត​ទុក​ដាក់​លើ​បញ្ហា៖ «រឿង​វត្តមាន​ចិន​ដែល​ថា យក​មូលដ្ឋាន​យោធា​នៅ​ខ្មែរ​យើង​គេ​មាន​ការ​បារម្ភ​ដែរ ព្រោះ​រឿង​នេះ​ទាក់ទង​សន្តិសុខ​មិន​ត្រឹម​តែ​អូស្ត្រាលី មិន​ត្រឹម​តែ​ខ្មែរ​យើង​ទេ តំបន់​នៅ​ជុំវិញ​ហ្នឹង​ក៏​ប៉ះ​ពាល់​ដែរ»

អ្នកស្រី ជី គិម​អាន ឲ្យ​ដឹង​ទៀត​ថា ក្នុង​ជំនួប​នោះ​លោក សម រង្ស៊ី បាន​បញ្ជាក់​ជំហរ​នយោបាយ​របស់​ខ្លួន​ និង​ស្នើ​ទៅ​សមាជិក​សភា​អូស្ត្រាលី​ឲ្យ​ជួយ​ធ្វើ​ជា​សាក្សី​ក្នុង​ការ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ របស់​លោក សម រង្ស៊ី និង​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា សមាជិក​សភា​អូស្ត្រាលី​បាន​​ឆ្លើយ​តប​ថា ពួក​គេ​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​លោក សម រង្ស៊ី។

អ្នក​ស្រី​ថា អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នៅ​ប្រទេស​អូស្ត្រាលី​ក៏​អះអាង​ដែរ​ថា ពួក​គេ​នឹង​អម​ដំណើរ​លោក សម រង្ស៊ី ក្នុង​ការ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា៖ «គេ​ចាប់​អារម្មណ៍​គេ​សរសេរ​ថា គាត់ (លោក សម រង្ស៊ី) ក្លាហាន​ដឹក​នាំ​ខ្មែរ​យើង​ចូល​ស្រុក​វិញ ដើម្បី​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ​ណា»

សម រង្ស៊ី ទៅ​ដល់​អូស្ត្រាលី​ចាប់​ពី​ថ្ងៃ​ទី១៧ រហូត​ដល់​ថ្ងៃ​ទី២៦ ខែ​សីហា នៅ​ទីក្រុង​សំខាន់ៗ​មួយ​ចំនួន​ដែល​ពលរដ្ឋ​រស់​នៅ​ច្រើន ដូច​ជា៖ ទីក្រុង​ស៊ីដនី Sydney ទីក្រុង​អាដ​ឌឺលេដ និង​ទី​ក្រុង​ម៉ែល​ប៊ន​ (Melbourne) ជា​ដើម។ ក្រៅពី​នេះ​លោក​ទៅ​ប្រទេស ញូហ្សេលែន(New Zealand) ដែរ។ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ តែង​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន និង​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា នៅ​តំបន់​ដែល​លោក​ចុះ​ទៅ។

សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា សង្កេត​ឃើញ​ថា ពេល​នេះ​លោក សម រង្ស៊ី កំពុង​ស្វែង​ការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក និង​សហគមន៍​អន្តរជាតិ។  លោក​យល់​ថា ការ​ធ្វើ​ដំណើរ​របស់​លោក សម រង្ស៊ី នៅ​អូស្ត្រាលី​ កំពុង​ទទួល​បាន​គាំទ្រ​ពី​ពលរដ្ឋ និង​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា នៅ​ប្រទេស​នេះ​ដែល​ការ​គាំទ្រ​នេះ​ផ្ដល់​ប្រយោជន៍​​នយោបាយ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ៖ «គាត់​មាន​សំឡេង​គាំទ្រ​កាន់​តែ​ច្រើន​គាត់​អាច​យក​តម្លៃ​ហ្នឹង​មក​ដាក់​ជា​ការ​ចរចា ឬ​ធ្វើ​ឲ្យ​អ្នក​នយោបាយ​នៅ​ក្នុង​ប្រទេស​មើល​អំពី​ស្ថានភាព​ហ្នឹង​អាច​ងាក​មក​ការ​ចរចា​គ្នា​បាន»

លេខា​គណបក្សសង្រ្គោះ​ជាតិ​ប្រចាំ​ទីក្រុង Adelaide រដ្ឋ​អូស្ត្រាលី​​ខាង​ត្បូង ខៀវ តារា ឲ្យ​អាស៊ី​សេរី​ដឹង​កាល​ពី​ថ្ងៃ​ទី១៧ ខែ​សីហា កន្លង​ទៅ​ថា ក្នុង​ជំនួប​រវាង​លោក សម រង្ស៊ី ជា​មួយ​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា នៅ​ទីក្រុង​នេះ ពួក​គេ​អះអាង​ប្រាប់​លោក សម រង្ស៊ី ថា សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​អូស្ត្រាលី នឹង​ជំរុញ​ទៅ​រដ្ឋាភិបាល​របស់​ខ្លួន​ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​លោក ហ៊ុន សែន ដូច​ដែល​អាមេរិក​បាន​ធ្វើ​ច្បាប់​ H.R 526 ដាក់​ទណ្ឌកម្ម​លើ​របប​នេះ។

លេខាធិការរង គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី អ្នកស្រី ជី គិម​អាន ថា លោក សម រង្ស៊ី នឹង​ទៅ​ប្រទេស​ញូហ្សេលែន​ ថ្ងៃ​ទី២១ ខែ​សីហា ដើម្បី​ជួប​អ្នក​គាំទ្រ និង​មន្រ្តី​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​ព័ត៌មាន មិន​ស៊ើប​អង្កេត​រឿង​ពុក​រលួយ និង​គ្រួសារ​និយម​ក្នុង​ក្រសួង​ទេ ព្រោះ​ចាត់​ទុក​ជា​រឿង​ធម្មតា

$
0
0

ក្រសួង​ព័ត៌មាន​ មិន​បើក​ការស៊ើប​អង្កេត​ចំពោះ​ការ​ចោទ​ប្រកាន់​ថា ​ក្រសួង​កំពុង​ញាំញី​ដោយ​អំពើ​ពុក​រលួយ​និងបញ្ហា​បក្ខ​ពួក​គ្រួសារ​និយម​យ៉ាង​អនាធិ​បតេយ្យ​នោះ​ទេ ព្រោះ​ចាត់​ទុក​ថា ជា​រឿង ធម្មតា។ សង្គម​ស៊ីវិល​យល់​ថា ករណី​នេះ ត្រូវ​តែ​ធ្វើ​ការ​ស៊ើបអង្កេត​ស៊ី​ជម្រៅ​ និង​មាន​វិធានការ​ច្បាប់ ដើម្បី​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​អំពី​ពុក​រលួយ​ក្នុង​ស្ថាប័ន​រដ្ឋ។

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ លោក ​ផុស ​សុវណ្ណ​ ប្រាប់​អាស៊ី​សេរី​ថា ថ្នាក់​ដឹក​នាំ​ក្រចោសួង​ព័ត៌មាន​មិន ​​សម្រេច​ឲ្យ​បើកការ​ស៊ើប​អង្កេត​នោះទេ ​ចំពោះ​ករណី​ដែល​មន្ត្រី​នៃ​ក្រសួង​នេះ​ទម្លាយ​ពី​រឿង​អំពើ ពុក​រលួយ​ក្នុង​ការ​តែងតាំង​មន្ត្រី និង​បញ្ហា​បក្ខពួក​គ្រួសារ​និយម ដែល​កើតមាន​​ក្នុង​ក្រសួង​ព័ត៌មាន។

លោក ​ផុស ​សុវណ្ណ​ និយាយ​លាយឡំ​ជាមួយ​សំណើច​តិចៗ ថា មូលហេតុ​ដែល​មិនឲ្យ​ស៊ើប​អង្កេត ​និង​គ្មាន​ចំណាត់​ការ ​ព្រោះ​ថ្នាក់​ដឹក​នាំ​ក្រសួង​ព័ត៌មាន​យល់​ថា​ ករណី​នេះ​ជា​រឿង​តូចតាច និង​សា​ មញ្ញ​ធម្មតា៖ «ដូច​ខ្ញុំ​ធ្លាប់​ឆ្លើយ​លើក​មុន​ចឹង​ថា ដោយសារ​ទាក់ទង​នឹង​វិស័យ​សារ​ព័ត៌មាន​នេះ អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​គ្នា​នេះ ខ្ញុំ​មិន​ហ៊ាន​ថា​ម៉េច​ទៀត​ទេ ព្រោះ​គាត់​ធ្វើ​ការ​ជា មួយ​គ្នា​តាំង​ពី​ណា​ពី​ណី​មក​គ្រាន់​តែ​ថា តំណែង​ផ្សេង​គ្នា ឧបមា​ថា គាត់​នៅ​ផ្នែក​ព័ត៌មាន អ្នក​អាន​ព័ត៌មាន​អី​ភាគ​ច្រើន​អ៊ីចឹង។ ខ្ញុំ​បាន​រាយ​ការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រីដែរ សួរ​ថា មាន​ចំណាត់​ការ​អី លោក​ដូច​ជា​អត់​មាន​ចម្លើយ​អី​ថា​ម៉េចៗ ទេ។ អ៊ីចឹង​បាន​ន័យ​ថា លោក​យល់​ថា ការងារ​នេះ​ធម្មតា​ហើយ​មើល​ទៅ»

ទោះយ៉ាងណាក្តី​ លោក ​ផុស​ សុវណ្ណ ​ទទួល​ស្គាល់​ថា ​ក្រសួង​ព័ត៌មាន ​ពិត​ជា​មាន​បញ្ហា​គ្រួសារ​ និយម​មែន​ ប៉ុន្តែ​មិន​មាន​វិសមត្ថភាព​ការងារ​នោះ​ទេ ដោយសារ​ក្រសួង​ព័ត៌មាន​ មាន​អគ្គ​នាយកដ្ឋាន​ ច្រើន​ ហើយ​មន្ត្រី​ដែល​ជាប់​សាច់​ញាតិ​គ្នា​ បាន​បែកចែង​ការងារ​ធ្វើ​ទៅ​តាម​ជំនាញ និង​ទេព​កោសល្យ​ រៀងៗ ខ្លួន។ លោក​បន្តថា​ ថ្វីដ្បិត​រដ្ឋាភិបាល​មិន​គាំទ្រ​ឲ្យ​មាន​ក្រុម​គ្រួសារ​សាច់​ញាតិ​និយម​ក្នុង ស្ថាប័ន​រដ្ឋតែ​មួយ​ក្តី ប៉ុន្តែ​លោក​យល់​ថា ក្រសួងព័ត៌មាន ​គឺមាន​ករណី​ពិសេស​ដែល​រដ្ឋាភិបាល​ អាច យោគ​យល់​បាន៖ «កន្លែង​ខ្លះ​ក្រុម​គ្រួសារ​អីចឹង គឺ​វា​វិសមត្ថភាព​ការងារ​គ្នា។ ខ្ញុំ​ចង់​និយាយ​ថា ឧបមា​ថា កាន់​ផ្នែក​គណនេយ្យករ ហើយ​និង​ប្រធាន​អង្គភាព ដូច្នេះ​ករណី​នេះ ដូច​ជា​វា​មាន​វិសមត្ថភាព​គ្នា ដូច​ជា​ការងារ​នៅ​ផ្នែក​លេខ​កូដ​សម្ងាត់​អី​ផ្សេងៗ អី​វា​អាច​ថា ដឹង​ទៅ​វា​បែក​ធ្លាយ ប៉ុន្តែ​នៅ​ក្នុង​វិស័យ​ព័ត៌មាន​ដូច​ខ្ញុំ​ធ្លាប់​លើក​ចឹង​តើ​ឲ្យ​ធ្វើ​ម៉េច​ឥឡូវ។ អ្នក​ខ្លះ​មាន​ជំនាញ ដុង​ត​គ្នា ចង់​និយាយ​ថា អ្នក​ចម្រៀង​ចុះ​បើ​ក្រុម​គ្រួសារ​ត្រកូល​គាត់​មិន​មែន​ជា​អ្នក​ចម្រៀង​តើ​គាត់​អាច​មក​ធ្វើ​ការ​បាន​ទេ ធ្វើ​ជា​អ្នក​ចម្រៀង​បាន​ទេ គឺ​វា​កម្រ​ណាស់។ ភាគ​ច្រើន កើត​ឡើង​ជា​ក្រុម​គ្រួសារ​ចំណង់​ចំណូល​ចិត្ត​ចឹង។ក្នុង​វិស័យ​សារព័ត៌មាន​នេះ វា​មាន​លក្ខណៈ​ពិសេស​អ៊ីចឹង​មួយ​ដែរ​ដែល​រដ្ឋាភិបាលក៏យោគយល់ដែរ»

ការឆ្លើយតបនេះ បន្ទាប់ពីមន្ត្រី​ក្រសួង​ព័ត៌មាន​ម្នាក់ដែល​សុំ​លាក់​អត្តសញ្ញាណ បាន​សរសេរ​ខិត​មួយ​ច្បាប់​ទម្លាយ​ពី​អំពើពុករលួយ និង​បញ្ហា​បក្ខពួក​គ្រួសារនិយមក្នុង​ក្រសួង​ព័ត៌មាន។

លិខិត​នោះ បង្ហាញ​អំពី​អំពើ​ពុករលួយ និង​គ្រួសារនិយម ជាពិសេស ការ​តែងតាំង​តួនាទី​ក្នុង​ក្រសួង ដែល​សុទ្ធ​តែ​ពូជ​ពង្ស អ្នក​ធំ​ក្នុង​ក្រសួង​ព័ត៌មាន​សែ​ស្រឡាយ លោក ឈុំ សុជាតិ រដ្ឋលេខាធិការ និង​ជា​នាយ​ខុទ្ទកាល័យ​នៃ​ក្រសួង​ព័ត៌មាន និងលោក លោក គាម ម៉ារិទ្ធីយ៉ា ឬហៅថា កែវ សោភ័ណ ដែល​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ព័ត៌មាន។ ការទំលាយពីមន្រ្តីក្រសួងដែលសុំមិនបញ្ចេញ ឈ្មោះ ព្រោះខ្លាចការធ្វើបាបពីសំណាក់អ្នកធំក្នុងក្រសួង បានលើកករណី៤ ដែលទាក់ទងនឹង​អំពើ​ពុក​រលួយ បក្ខពួកនិយមក្នុងក្រសួងព័ត៌មាន ទី​១ គឺ​ការតែងតាំង លោក ប៉ែត ពិសី ជាប្អូនថ្លៃ លោក ឈុំ សុជាតិ ជា​ប្រធាន​នាយកដ្ឋាន បុគ្គលិក​ជំនួស​លោក កង សុវណ្ណ ដែលមិនទាន់​ចូលនិវត្តន៍​នៅឡើយ​។ ប្រភព ចោទ​ថា លោក ប៉ែត ពិសី ជា​បុគ្គល​អសមត្ថភាព​មិន​សម​នឹង​កាន់​តំណែង​នេះ​ទេ ព្រោះ​ទិញ​សញ្ញាប័ត្រ​ក្លែងបន្លំ ដើម្បី​ចូល​ក្របខ័ណ្ឌ​ក្រសួង ពុំ​ធ្លាប់​ឆ្លងកាត់​វគ្គ​សិក្ខា​របស់​សាលា​ភូមិន្ទ​រដ្ឋបាល និង​ពុំ​សូវ​ទៅ​បំពេញ​ការងារ និង​ភារកិច្ច​ជាប់​ជាប្រចាំ​តាមច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល​នោះ​ទេ។

លោក ប៉ែត ពិសី ត្រូវ​ជា​ប្អូន​ប្រុស​របស់​អ្នកស្រី ប៉ែត សិទ្ធិគុណ ដែលត្រូវជាភរិយារបស់លោក ឈុំ សុជាតិ។ អ្នកស្រី ប៉ែត សិទ្ធិគុណ ក៏ជា​ទីប្រឹក្សា​ក្រសួង និង​ជា​អនុ​រដ្ឋលេខាធិការ​នៃ​ក្រសួងព័ត៌មាន។ ​កូន​ប្រុស ២នាក់ របស់លោក ឈុំ សុជាតិ ក៏ធ្វើ​ការ​នៅ​ក្រសួង​ព័ត៌មាន​ដែរ។ កូន​ប្រុស​លោក​ម្នាក់​ឈ្មោះ ហេង សុជាតិវិសាល ជា​អគ្គនាយក​រង​រដ្ឋបាល និង​ហិរញ្ញវត្ថុនិង កូន​ប្រុស​ម្នាក់​ទៀត កំពុង​កាន់​តួនាទី​ជា​អនុប្រធាន​នាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា (..)

ចំណុច​ទី​២ លិខិត​បង្ហាញ​ថា ក្រៅពី​លោក ប៉ែត ពិសី នោះ លោក គាម ម៉ារិទ្ធីយ៉ា ឬ​ហៅថា កែវ សោភ័ណ ដែល​ជា​អនុរដ្ឋលេខាធិការ ក៏​មាន​ភរិយា និង​កូនបង្កើត​ពីរ​នាក់​ធ្វើការ​ក្នុង​ក្រសួង​ព័ត៌មាន​ដែរ​។ ភរិយា​របស់​លោក ឈ្មោះ ដួង រ៉ានី ជា​អនុរដ្ឋ​លេខា​ធិការ​​ក្រសួង​ព័ត៌មាន ហើយ​មាន​កូ​ស្រី​ម្នាក់ ឈ្មោះ សោភ័ណ លក្ខណា ជាទី​ប្រឹក្សា​ក្រសួង​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​ជា​អគ្គនាយករង​រដ្ឋបាល និង​ហិរញ្ញវត្ថុ​។ រីឯ​កូនប្រុស ឈ្មោះ សោភ័ណ សុផាន់ណា ជា​មន្ត្រី និង​ជាទី​ប្រឹក្សា​ក្រសួង​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​។ លិខិត​ដដែល​បញ្ជាក់​ថា លោក គាម ម៉ារិទ្ធីយ៉ា ជា​បុគ្គល​សកម្ម​ក្នុង​ការ​រត់ការ​ដំឡើង​ឋានៈ​តួនាទី​ទាំង​ក្នុង​ក្រសួង​ព័ត៌មាន និង​ក្នុង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

ចំណុច​ទី​៣ មន្រ្តីក្រសួងព័ត៌មានរូបនេះ អះអាងថាដោយសារតែ​អំពើពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​នេះ បាន​ធ្វើ​ឱ្យ​ក្រសួង​ព័ត៌មាន​មាន ជំនួយការ​ទីប្រឹក្សា​ក្រសួង​រហូតដល់​ជាង ៥០០​នាក់ ដែល​រួមមាន​មន្ត្រី​ចូលនិវត្តន៍ និង​មន្ត្រីរាជការ​មិនទាន់​ពេញ​សិទ្ធិ រួម​ទាំង​ជា​មន្ត្រីរាជការ​វ័យក្មេង​អាយុ​ពុំ​ទាន់ដល់ ៣០ឆ្នាំ​ផង។

ចំណុច​ទី​៤ លិខិត​នេះ ឱ្យ​ដឹង​ថា មាន​ប្រធាន​អគ្គនាយកដ្ឋាន និង​ប្រធាន​នាយកដ្ឋាន​ខ្លះ បាន​តែង តាំង​ខ្សែស្រឡាយ​សាច់ញាតិ​ឱ្យ​កាន់កាប់​ការងារ​នានា​ នៅក្នុង​អគ្គនាយក​ដ្ឋាន​ និង​នាយកដ្ឋាន​តែមួយ ផ្ទុយ​ពី​ច្បាប់​ស្ដីពី​សហ​លក្ខន្តិក​មន្ត្រីរាជការ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ។

នាយក​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក​ ណុប វី មាន​ប្រសាសន៍​ថា នៅ​ពេលមាន​មន្ត្រីរបស់ក្រសួងព័ត៌មាន​ផ្ទាល់ ​មិនពេញ​ចិត្ត​ហើយទម្លាយ​ព័ត៌មាន​បែបនេះ​ គួរតែ​មានការ​ស៊ើប​អង្កេត​ឲ្យ​បានល្អិតល្អន់​ និងពន្យល់​ត្រឡប់​ទៅវិញឲ្យ​បាន​ច្បាស់​លាស់​ដើម្បីឲ្យ​អ្នក​ចោទ​ប្រកាន់ ​និង​សាធារណៈ​ជនអាច​ទទួល​យកបាន។ លោក​ ថ្លែងបន្តថា​ ការឆ្លើយតបថា​ រឿង​គ្រួសារ​ និយម​ក្នុងស្ថាប័ន​តែមួយ​គឺជារឿង​តូចតាច​សាមញ្ញនេះ​គឺមិនអាច​ទទួល​យក​បាន​ឡើយ៖ «ទី១ ប្រសិន​បើពួកគាត់មានសមត្ថភាពក្នុងការធ្វើការគឺជាចំណុចមួយដែលវាអាចជួយច្រើន ប៉ុន្តែចំណុចទី២ ធម្មតា​កាល​ណា​យើង​មាន​បង​ប្អូនយើងមាន សាច់ញាតិធ្វើការក្នុងស្ថាប័នតែមួយវាអាចធ្វើឲ្យមានបញ្ហាដែរ ព្រោះ​ជា​ធម្មតា​ក្នុង​ករណី​សាច់​ញាតិ​បង​ប្អូន​គាត់​មាន​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ ឬ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្សេងៗ គឺ​ធ្វើ​ឲ្យ​យើង​មិន​ហ៊ាន​ចាត់​វិធានការ ឬ​មួយ​ធ្វើ​ការ​ស៊ើប​អង្កេត​អ៊ី​ចឹង​ជា​ដើម។ មែនទែន​ទៅ សម្រាប់​ខ្ញុំ​គិត​ថា វាមិនមែនជារឿងធម្មតាទេ ព្រោះ​បើ​យើង​មិន​មាន​ប្រព័ន្ធ​ដែល​រឹងមាំ ដើម្បី​ធានា​អំពី​តម្លាភាព​ទេ វា​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា»

លោក ​ណុប​ វី​ បន្តថា ​ប្រសិនបើ​ក្រសួងសាមី ​មិនស៊ើប​អង្កេត​និងឆ្លើយតប​ករណីនេះ​ឲ្យបានត្រឹម​ ត្រូវទេ ​ស្ថាប័ន​ដទៃ​ទៀត ជាពិសេស​អង្គភាព​ប្រឆាំងអំពើពុករលួយ ​គួរតែ​ចូលរួម​បើកការ​ស៊ើប អង្កេត ​ពី​ព្រោះ​ការឆ្លើយ​តបបែបនេះ​ គឺ​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​អំពី​ពុករលួយ​ក្នុង​ស្ថាប័ន​រដ្ឋ​នោះ​ទេ។

រី​ឯ​ប្រធាន​គណៈកម្មការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​នឹង​អំពើពុករលួយ​អ្នកស្រី​ ម៉ម​ ស៊ី​ថា​ មានប្រសាសន៍​ថា ការ​ឆ្លើយ​តប​របស់​អ្នក​នាំ​ពាក្យ​ក្រសួងព័ត៌​មាននេះ​ គឺមិនអាច​ទទួល​យកបានទេ ​ព្រោះជាការ​ លើក​ទឹកចិត្តឲ្យ​មានអំពើ​ពុករលួយ​និងមាន​បញ្ហាគ្រួសារ​និយម​ក្នុង​ស្ថាប័នរដ្ឋ។ អ្នកស្រី ​យល់ ​ថា​ សព្វថ្ងៃនេះ​មិនខ្វះ​ធនធាន​មនុស្ស​ខាងវិស័យ​ព័ត៌មាន​នោះទេ​ ដូច្នេះ​ការដាក់​គ្រួសារ​សាច់ញាតិ​ក្នុង​ ស្ថាប័ន​រដ្ឋតែមួយ ​គឺបង្ហាញ​ថា​ ការ​ដឹក​នាំ​មិន​ល្អ និង​មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ៖ «ក្រសួង​ខ្លួន​ឯង​មាន​បញ្ហា​ហើយ​ឲ្យ​ក្រសួង​ខ្លួន​ឯង​ស៊ើប​អង្កេត​អ៊ីចឹង​វា​ពិបាក​នឹង​មាន​តម្លាភាព និង​មាន​យុត្តិធម៌​ណាស់ ហើយ​យើង​នឹង​មិន​ទទួល​បាន​ភាព​ប្រាកដប្រជា​នោះ​ទេ។ ជា​យោបល់​ខ្ញុំ គួរ​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​ដូច​ជា​ខាង​អធិការកិច្ច និង​ខាង​សវនាកម្ម​អី គួរ​តែ​សិក្សា​ពិនិត្យ​មើល​ករណី​នេះ ដើម្បីជៀសវាងកុំឲ្យសាធារណៈជនរិះគន់»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​លោក​ ឱម ​យិនទៀង ​ជា​ច្រើន​លើក ​តែ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

មេ​ដឹក​នាំ​របប​ក្រុងភ្នំពេញ​លោក​ ហ៊ុន​ សែន​ ធ្លាប់​បាន​ប្រកាស​យ៉ាង​ដាច់​អហង្ការ​មិន​ឱ្យ​មាន​ករណី​ក្រុម​គ្រួសារនិយម​នៅ​ក្នុង​ស្ថាប័ន​តែ​មួយ​នោះ​ឡើយ​ក៏ប៉ុន្តែ​ស្ថានភាព​ជាក់​ស្តែង​ស្ទើរគ្រប់​ស្ថាប័ន​រដ្ឋ​ទាំង​អស់​កំពុងតែ​ចាក់​ស្រេះ​ដោយ​បញ្ហា​គ្រួសារ​ឬបក្ខពួក​និយម​នេះ​។ អង្គការ​សង្គម​ស៊ីវិល ​សង្កេត​ឃើញ​ថា ​ការ​តែងតាំង​តែ​បក្ស​ពួក និង​ក្រុមគ្រួសារ​សាច់ញាតិ​របស់​ខ្លួន​ក្នុង​ស្ថាប័ន​រដ្ឋ​នេះ ក៏​បាន​ទាញ​ទម្លាក់​ប្រជាប្រិយភាព​គណបក្ស​កាន់​អំណាច​ផង​ដែរ។

អង្គការ​សង្គម​ស៊ីវិល​ ស្នើសុំ​ឲ្យ​របប​ក្រុង​ភ្នំពេញ ​គួរតែ​ធ្វើ​ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​មាន​គ្រួសារ​សាច់​ញាតិ​ធ្វើ​ការ​ក្នុង​ស្ថាប័នរដ្ឋ​តែ​មួយ​ ដោយសារ​ថា ​ករណី​នេះ អាច​បង្ក​ឱ្យ​មាន​ហានិភ័យ​ពុក​រលួយ​ខ្ពស់ ​ធ្វើ​ឲ្យ​ការ​ដឹក​នាំ​និង​គ្រប់គ្រង​គ្មាន​តម្លាភាព ​ខ្វះ​ប្រសិទ្ធភាព ​និង​បង្ក​ការ​លំបាក​ដល់​បុគ្គលិក​ក្រោម​បង្គាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​បុរី​កីឡា​ដែល​រស់​នៅ​ក្នុង​អគារ​ចាស់ ស្នើ​សុំ​សាលា​រាជធានី​ភ្នំពេញ​ផ្ដល់​សំណង​សមរម្យ​ដើម្បី​បាន​ទិញ​ផ្ទះ​រស់​នៅ​ក្នុង​ទីក្រុង

$
0
0

អ្នក​បុរី​កីឡា ១៤​គ្រួសារ​ដែល​កំពុង​រស់​នៅ​ត្រាំត្រែង​ក្នុង​អគារ​ចាស់​ កណ្ដាល​ក្រុង​ភ្នំពេញ​ថ្លែង​ថា អាជ្ញាធរ ដាក់​សម្ពាធ​ជា​ថ្មី​ឲ្យ​ពួក​គាត់​ទទួល​យក​សំណង​មិន​សមរម្យ ជា​ថ្នូរ​នឹង​ការ​ចាកចេញ​ ដើម្បី​យក​ដី​អគារ​នោះ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន។ អ្នក​បុរី​កីឡា​ ស្នើសុំ​សាលា​រាជធានី​ភ្នំពេញ ផ្ដល់​សំណង​ជា​ទឹក​ប្រាក់​មួយ​ចំនួន​ដល់​ពួក​គាត់ ​ដែល​អាច​ទិញ​ផ្ទះ​រស់​នៅ​ក្នុង​ទី​ក្រុង​បាន ប្រសិនបើ​ខាង​ក្រុមហ៊ុន​មិន​អាច​សង់​ ១០អគារ​ដូច​តាម​ការ​សន្យា។ ចំណែក​សាលា​រាជធានី​ភ្នំពេញ ដាក់​ឱសានវាទ ត្រឹម​ដំណាច់​ខែ​សីហា​នេះ ដោយ​តម្រូវ​ឲ្យ​ពលរដ្ឋ​ទៅ​ពិភាក្សា​រឿង​សំណង​នៅ​សាលា​ខណ្ឌ ៧មករា។

តំណាង​ពលរដ្ឋ​បុរី​កីឡា លោកស្រី ស ស៊ន ប្រាប់​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី២០ ខែ​សីហា​ថា សមត្ថកិច្ច​ជា​ច្រើន​នាក់ ចុះ​ទៅ​បិទ​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​គ្រប់​ផ្ទះ​ទាំង​អស់​ក្នុង​អគារ​ចាស់ ដោយ​តម្រូវ​ឲ្យ​ពួកគាត់​ជួប​ពិភាក្សា​គ្នា​អំពី​សំណង​នៅ​រដ្ឋបាល​ខណ្ឌ ៧មករា ។

លោកស្រី ស ស៊ន លើក​ឡើង​ថា ក្នុង​ពេល​ចរចា​ កន្លង​មក ​ហើយ​ដល់​ពេល​នេះ អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា នៅ​តែ​ប្រកាន់​ជំហរ​ផ្ដល់​ផ្ទះ​នៅ​ភូមិ​អណ្ដូង ដែល​មាន​ទទឹង ៤ម៉ែត្រ បណ្ដោយ ៥ម៉ែត្រ​ដល់​ពួក​គាត់​ដដែល។ ប៉ុន្តែ​អ្នក​បុរី​ជាង ១០គ្រួសារ​ បដិសេធ​ទទួល​ ព្រោះ​ពួកគាត់​មើល​ឃើញ​ថា​ គ្រួសារ​ជាច្រើន​ដែល​ប្ដូរ​ពី​បុរី​កីឡា​ទៅ​រស់​នៅ​ភូមិ​អណ្ដូង​កន្លង​មក​ មាន​ជីវភាព​កាន់​តែ​ពិបាក​ទៅៗ ដោយ​មិន​ដឹង​ថា ត្រូវ​ប្រកប​របរ​អ្វី​ចិញ្ចឹម​គ្រួសារ​ប្រចាំ​ថ្ងៃ។

លោកស្រី ស ស៊ន បញ្ជាក់​ថា អ្នក​បុរី​កីឡា​ដែល​នៅ​សេសសល់​ក្នុង​អគារ​ចាស់​សព្វថ្ងៃ​នេះ ចង់​បាន​សំណង​ជា​ទឹក​ប្រាក់​ប្រមាណ ២ម៉ឺន ៥ពាន់​ដុល្លារ​ក្នុង ១គ្រួសារ ដើម្បី​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​រក​ទី​កន្លែង​ផ្សេង​រស់នៅ​បាន​ប្រសើរ​ជាង​នេះ នៅ​ក្នុង​ភ្នំពេញ។ ពួកគាត់ ​មិន​ចង់​ចាក​ចេញ​ឆ្ងាយ​ពី​ទី​ក្រុង​ឡើយ ព្រោះ​កូន​ក្នុង​បន្ទុក​កំពុង​រៀន​សូត្រ ហើយ​ក៏​ងាយ​ស្រួល​ប្រកប​របរ​បន្តិច​បន្តួច ​គ្រាន់​នឹង​បាន​ចំណូល​ខ្លះ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ៖ «មីង​គិត​ថា​ គ្មាន​ដំណោះស្រាយ​សម្រាប់​ពួក​មីង អ៊ីចឹង​ គឺជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​ពួក​មីង​ បណ្ដេញ​ដោយ​បង្ខំ​ជា​លើក​ទី​២​ទៀត​ហើយ ព្រោះ​អី​លោក​មុន​ឈូស​ផ្ទះ​ពួក​មីង​អស់ ៣៨០​ខ្នង​ផ្ទះ។ ឥលូវ​ដោះស្រាយ​ពួក​មីង​ដោយ​បង្ខំ។ អ៊ីចឹង! បាន​ពួក​មីង​គិត​ថា ចាក់​ចេញ​គឺ​ស្លាប់​ នៅ​ក៏​ស្លាប់​ដូច​គ្នា។ អ៊ីចឹង!​ បាន​ចេះ​តែ​នៅ​ហ្នឹង។ ព្រោះ​អី​មិន​មែន​ចង់​បាន​អី​ច្រើន​ គឺ​ចង់​បាន​សំណង​ណាមួយ​ដែល​អាច​ទិញ​ផ្ទះ​បាន​ និង​សង​បំណុល​គេ​បាន​អ៊ីចឹង»

ទាក់​ទង​នឹង​រឿង​នេះ រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ចេញ​លិខិត​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃ​ទី១៥ សីហា អំពី​ការ​កំណត់​រយៈពេល​ចុង​ក្រោយ​នៃ​ការ​ទទួល​ដោះស្រាយ​គោលនយោបាយ ជូន​ពលរដ្ឋ​នៅ​សេស​សល់​ក្នុង​តំបន់​បុរី​កីឡា។ ក្នុង​រយៈពេល​២សប្ដាហ៍ ​គិត​ចាប់​ពី​ផ្សាយ​ដំណឹង​នេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ ស្នើ​ដល់​អ្នក​បុរី​កីឡា ១៤គ្រួសារ ដែល​មិន​ទាន់​ទទួល​យក​គោល​នយោបាយ​ សូម​ទៅ​ជួប​រដ្ឋបាល​ខណ្ឌ ៧មករា ដើម្បី​ទទួល​យក​គោលនយោបាយ​របស់​ខ្លួន។ អាជ្ញាធរ​ក្រុងភ្នំពេញ បញ្ជាក់​ថា ផុត​រយៈពេល​កំណត់​នេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ នឹង​អនុវត្ត​វិធាន​រដ្ឋបាល​ និង​ផ្លូវ​ច្បាប់ ដោយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូច​ខាត​សម្ភារៈ​នានា និង​ការ​បាត់​បង់​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ឡើយ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​រឿង​នេះ​ ពី​អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា បាន​នៅ​ឡើយ​ទេ​ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​តែ​ត្រូវ​លោក​ចុច​បិទ​វិញ។ ប៉ុន្តែ​លោក មាន ចាន់​យ៉ាដា ធ្លាប់​បាន​ប្រាប់​អាស៊ី​សេរី​ កាល​ពី​កន្លង​មក​ថា ការ​ផ្ដល់​ផ្ទះ​នៅ​ភូមិ​អណ្ដូង ​ជា​គោលការណ៍​មនុស្ស​ធម៌ ដើម្បី​ជួយ​ពលរដ្ឋ​ឲ្យ​មាន​លំនៅឋាន​ត្រឹមត្រូវ។ អភិបាលរង​ក្រុង​រូប​នេះ បញ្ជាក់​ថា ខាង​រដ្ឋបាល​មិន​មាន​គោលនយោបាយ ឬ​លទ្ធភាព​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​នៅ​បុរី​កីឡា ជា​ទឹក​ប្រាក់​​រាប់​ម៉ឺន​ដុល្លារ​ដូច​ដែល​ពលរដ្ឋ​ស្នើសុំ​នោះ​ទេ។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត ដែល​តាម​ករណី​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​បុរី​កីឡា​នេះ សង្កេត​ឃើញ​ថា ដំណោះស្រាយ​កន្លង​ អាជ្ញាធរ មាន​ផ្ដល់​សំណង​ជា​ប្រាក់​សុទ្ធ​ឲ្យ​អ្នក​បុរី​កីឡា ហើយ​ពលរដ្ឋ​ខ្លះ​ទៀត​ក៏​ទទួល​បាន​ជា​ផ្ទះនៅ​ភូមិ​អណ្ដូង។ លោក វណ្ណ សូផាត យល់ថា​ ដំណោះស្រាយ​នៅតែ​មាន​ ប្រសិន​បើ​អាជ្ញាធរ​មាន​ឆន្ទៈ​ពិតប្រាកដ ដោះស្រាយ​បញ្ចប់​បញ្ហា​របស់​អ្នក​បុរី​កីឡា​ដែល​នៅ​សេស​សល់​១៤​គ្រួសារ​នេះ ៖«ការ​ដែល​គាត់​ស្នើ​សុំ​ឲ្យ​មាន​ដំណោះស្រាយ​ជា​ថវិកា សម្រាប់​ឲ្យ​គាត់​អាច​ទិញ​ដី​នៅ​កន្លែង​ណា​បាន​ហ្នឹង ខ្ញុំ​យល់​ថា​ វា​ការ​ដែល​គាត់​ដឹង​ពី​ស្ថាន​ភាព​ជាក់​ស្ដែង​ អ្នក​រងគ្រោះ​នៅ​ភូមិ​អណ្ដូង​ហ្នឹង​វា​យ៉ាង​មិច។ វា​ប៉ះពាល់​ដល់​ជីវភាព​ពួកគាត់​ ប្រាក់​ចំណូល​ពួកគាត់​អ៊ីចឹង។ ការ​ទទួល​បាន​របស់​ភាគី​ទាំង​សង​ខាង ហ្នឹង​វា​សមរម្យ​ហើយ ហើយ​តម្លាភាព​យ៉ាង​មិច​នោះ វា​រក​មិន​ឃើញ​ទេ»

កន្លង​ទៅ ពលរដ្ឋ​បុរី​កីឡា ២ក្រុម ដែល​អាជ្ញាធរ​បាន​ផ្ដល់​សំណង គឺ​ក្រុម​ពលរដ្ឋ​ដែល​គ្មាន​ឯកសារ​គ្រប់គ្រាន់​ចំនួន ៣២គ្រួសារ និង​ក្រុម​ពលរដ្ឋ​មាន​ឯកសារ​គ្រប់គ្រាន់​ចំនួន ១៤គ្រួសារ។ ពលរដ្ឋ​ដែល​គ្មាន​ឯកសារ​គ្រប់គ្រាន់​ជិត ២០គ្រួសារ ព្រម​ទទួល​យក​សំណង​ជា​ផ្ទះ​នៅ​ជាយ​ក្រុង​ភ្នំពេញ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អណ្ដូង សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុង​ភ្នំពេញ។ ចំណែក​ពលរដ្ឋ​១៤គ្រួសារ ដែល​មាន​ឯកសារ​គ្រប់គ្រាន់ ស្នើ​សុំ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ដោយ​ផ្ដល់​ជា​ផ្ទះ​នៅ​បុរី​កីឡា ឬ​ទឹក​ប្រាក់​ដែល​អាច​រក​ទិញ​ផ្ទះ​បាន។

ក្នុង​រយៈពេល ៣ថ្ងៃ​ទៀត អ្នក​បុរី​កីឡា​បញ្ជាក់​ថា ពួក​គាត់​នឹង​នាំ​គ្នា​ទៅ​រក​ដំណោះ​ស្រាយ​ជាថ្មី​ពី​សាលា​ក្រុង​ភ្នំពេញ។ អ្នក​បុរី​កីឡា​ នៅ​តែ​រក្សា​ជំហរ​ទាមទារ​ផ្ទះ​នៅ​បុរី​កីឡា ឬ​សំណង​ជា​ទឹកប្រាក់​ សម្រាប់​គ្រួសារ​នីមួយ​ៗ។ ប្រសិនបើ​មិន​បាន​ដូច​ការ​ស្នើ​សុំ​នេះ​ទេ ពួក​គេ​នៅ​តែ​បន្ត​រស់​ក្នុង​អគារ​ចាស់​ត​ទៅ​ទៀត ទោះ​បី​ជា​ត្រូវ​ប្រឈម​នឹង​ការ​បណ្ដេញ​ជាថ្មី​ទៀត​ក៏​ដោយ។

ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ អ្នក​បុរី​កីឡា​ឃើញ​ មាន​មេការ​ជន​ជាតិ​ចិន​ជា​ច្រើន​នាក់ ដើរ​ទៅ​ថត​រូប​អគារ​ចាស់​បុរី​កីឡា​ជាច្រើន​ដង​មក​ហើយ។ ពួក​គាត់​យល់​ថា ទិដ្ឋភាព​បែប​នេះ អាច​ជា​ផ្នែក​មួយ​ ដែល​ជំរុញ​ឲ្យ​អាជ្ញាធរ​ដាក់​គំនាប​បង្ខំ​ពួកគាត់​ឲ្យ​ប្រញាប់​យក​សំណង ​ជា​ផ្ទះ ​នៅ​ភូមិ​អណ្ដូង​ ព្រោះ​ថា​ក្រុមហ៊ុន​ចិន​ទំនង​ជា​ត្រូវ​ការ​ពង្រីក​ការដ្ឋាន​របស់​ពួកគេ​ ប៉ុន្តែ​នៅ​ទើស​អគារ​ចាស់​មួយ។

ទាក់ទង​សំណង់​ថ្មី​នៅ​បុរី​កីឡា​នេះ នៅ​ក្នុង​គេហទំព័រ​អចលនទ្រព្យ​កម្ពុជា ចុះ​ផ្សាយ​កាល​ពី​ខែ​មករា ឆ្នាំ២០១៨​ ឲ្យ​ដឹង​ថា ផ្ទៃ​ដី​នៅ​បុរី​កីឡា​ ដែល​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ កាល​ពី​ឆ្នាំ២០១២ នឹង​ត្រូវ​ជំនួស​មកវិញ ជា​អគារ​លំនៅឋាន​បែប​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ដំបូង​គេ​នៅ​កម្ពុជា ឈ្មោះ​ថា CEO KT Pacific តាមរយៈ​ការ​អភិវឌ្ឍ​រួមគ្នា​រវាង​ក្រុមហ៊ុន​ចិន ឈ្មោះ លីស៊ីន គ្រុប (LiXin Group) និង​ក្រុមហ៊ុន ខេធី ប៉ាស៊ីហ្វិច គ្រុប (KT Pacific Group)។ ចំណែក​ក្រុម​ចិន​ឈ្មោះ ស៊ីឈួន ហ័រ​ស៊ី គ្រុប (Sichuan Huaxi Group) ទទួល​សិទ្ធិ​សាង​សង់​អគារ​ពាណិជ្ជកម្ម​មួយ​នេះ​ ដែល​មាន​កម្ពស់ ៣៣ជាន់ ស្ថិត​នៅ​ក្នុង​ខណ្ឌ ៧ មករា។ គេ​រំពឹង​ថា គម្រោង​នេះ​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២០ រួម​មាន អគារ​លំនៅឋាន សាល​សន្និបាត​ពាណិជ្ជកម្ម​អន្តរជាតិ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរ​ជាតិ ផ្សារ​ទំនើប កន្លែង​កម្សាន្ត និង​ភោជនីយដ្ឋាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live