Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​រតនគិរី​ រក​អ្នក​នៅ​ពីក្រោយ​ជនជាតិ​វៀតណាម​ ១២នាក់​ កាង​ជនជាតិ​វៀតណាម​ចូល​ដីខ្មែរ​ខុស​ច្បាប់​ឈូស​ឆាយ​ព្រៃ​អភិរក្ស​

$
0
0

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ និង​តុលាការ​ខេត្ត​រតនគិរី​ ស៊ើបអង្កេត​ បុគ្គល​នៅ​ពីក្រោយខ្នង​ ជនជាតិ​វៀតណាម​ ១២នាក់​ ឆ្លងដែន​ចូល​ដីខ្មែរ​ខុសច្បាប់​ និង​យក​គ្រឿងចក្រ​ពី​ប្រទេស​វៀតណាម​ មក​ឈូស​ឆាយ​ព្រៃ​ក្នុង​តំបន់​ព្រៃ​ហាមឃាត់​។ ការ​លើកឡើង​នេះ​ ក្រោយពី​តុលាការ​ខេត្ត​រតនគិរី​ សម្រេច​ឃុំខ្លួន​ជនជាតិ​វៀតណាម​ទាំង​ ១២នាក់​នោះ​ ក្នុង​ពន្ធនាគារ​កាលពី​ពេល​ថ្មីៗ នេះ​ ពី​បទ​ឆ្លងដែន​ចូល​ដីខ្មែរ​ខុសច្បាប់​ និង​ឈូស​ឆាយ​ព្រៃ​អភិរក្ស​ក្នុង​ស្រុក​តាវែង​ ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម។

មន្ត្រី​នាំ​ពាក្យ​សមាគម អាដហុក​ លោក​ សឹង​ សែន​ករុណា​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៣ មេសា​ថា ហេតុផល​សំខាន់​ដែល​លោក​ចង់​ឲ្យ​តុលាការ និង​អាជ្ញាធរ​ពាក់ព័ន្ធ គឺ​ត្រូវ​ចាត់​វិធានការ​រក​អ្នក​ដែល​ឃុបឃិត​ អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម​ទាំង​នោះ​ ចូល​ដី​ខ្មែរ​ខុសច្បាប់​ និង​យក​គ្រឿងចក្រ​ពី​ប្រទេស​វៀតណាម​ចូល​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ ដើម្បី​ទប់ទល់​កុំ​ឲ្យ​បាតុភាព​អាក្រក់​នេះ​កើត​ឡើង​លើក​ក្រោយ​ទៀត។ លោក​បញ្ជាក់​ថា តុលាការ​គួរ​តែ​ស្រាវជ្រាវ​ រក​ជន​ណា​ដែល​ពាក់ព័ន្ធ​ករណី​នេះ​ ឲ្យ​មក​ទទួល​ខុស​ត្រូវ​តាម​ច្បាប់​ បំណង​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា​ និង​ធនធាន​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា៖ «គ្រឿងចក្រ​ទាំង​អស់​ហ្នឹង ប្រសិន​ជា​មិន​មាន​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត អាច​ថា ជា អាជ្ញាធរ​ក្នុង​តំបន់ ដែល​គាត់​យក​ចូល​មក​ហ្នឹង​ផង​ដែរ។ ហេតុ​អ្វី​បាន​យក​មក​បាន​ប្រសិន​ជា​គ្មាន​ការ​សហការ ការ​ផ្ដល់ និង​ការ​អនុញ្ញាត​ពី​អ្នក​ទាំង​អស់​ហ្នឹង។ អីចឹង​យើង​ចាប់​ផ្ដើម​ធ្វើ​ការ​ស្រាវជ្រាវ ប្រសិន​បើ​រក​ឃើញ​ថា ជន​ណា​ម្នាក់ ដែល​មាន​ការ​ពាក់ព័ន្ធ​លើ​អំពើ​ខុស​ច្បាប់​ទាំង​អស់​ហ្នឹង​គួរ​តែ មាន​ចំណាត់​ការ​ទៅ ដើម្បី​ទប់​ស្កាត់ កុំ​ឲ្យ​មាន​អំពើ​បែប​ហ្នឹង​កើត​ឡើង»

កាលពី​ថ្ងៃ​ទី១៦ មេសា​ មន្ត្រី​អាវុធហត្ថ​ខេត្ត​រតនគិរី​ បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ ១២នាក់​ និង​គ្រឿងចក្រ​ ៦គ្រឿង​ ក្នុង​តំបន់​ឧទ្យានជាតិ​វីរៈ​ជ័យ​ របស់​ឃុំ​តាវែងលើ​ ស្រុក​តាវែង។ កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​ថា​ ជនជាតិ​វៀតណាម​ទាំង​នោះ​ បាន​ចូល​មក​ដោយ​ខុសច្បាប់​ តាម​ច្រក​ព្រៃ​ ក្នុង​ភូមិសាស្ត្រ​ ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៥០៥ ក្នុង​ខេត្ត​រតនគិរី​ ជាប់​ប្រទេស​វៀតណាម។ លើស​ពី​នេះ​ បុគ្គល​ដែល​កាង​ការពារ​ជនជាតិ​វៀតណាម​ទាំង​នោះ​ចូល​ដី​ខ្មែរ​បាន​ គឺ​ជា​មន្ត្រី​អាវុធហត្ថ​ម្នាក់​ នៅ​ខេត្ត​រតនគិរី​ ដែល​ល្បី​ខាង​ជួញដូរ​ឈើ​ខុស​ច្បាប់​ ឆ្លង​ដែន​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ និង​ជាប់​ពាក់ព័ន្ធ​ឃុបឃិត​ឲ្យ​មាន​ការ​យក​គ្រឿងចក្រ​ ពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា។

ឆ្លើយ​តប​រឿង​នេះ​ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ លោក​ អេង​ ហ៊ី​ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៣​ មេសា​ថា​ ជំហាន​ដំបូង​នៅ​គ្រា​ដែល​កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​ករណី​នេះ​ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​បញ្ជា​ឲ្យ​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​កោះហៅ​ មន្ត្រី​អាវុធហត្ថ​ម្នាក់​នោះ​ មក​ឆ្លើយ​បំភ្លឺ​រួច​ហើយ។ លោក​ថា​ បុគ្គល​នោះ​បដិសេធ​ថា មិន​ជាប់​ពាក់ព័ន្ធ​បទ​ល្មើស​ព្រៃឈើ​ និង​កាង​ការពារ​ជន​ជាតិ​វៀតណាម​ទាំង​នោះ​ទេ។ តែ​ទោះ​យ៉ាង​ណា​លោក​ថា កម្លាំង​អាវុធហត្ថ​នៅតែ​បន្ត​ស្រាវជ្រាវ​សំណុំ​រឿង​នេះ​ឲ្យ​ស៊ីជម្រៅ​ ដោយ​តម្លាភាព​ និង​យុត្តិធម៌? លោក​សង្កត់​ធ្ងន់ៗ ថា ជំហរ​របស់​កង​រាជ​អាវុធហត្ថ​នឹង​ចាត់​វិធានការ​ ចំពោះ​មន្ត្រី​អាវុធហត្ថ​ណា​ មិន​ត្រឹម​តែ​ពាក់ព័ន្ធ​បទ​ល្មើស​ព្រៃ​ឈើ​ទេ​ ឲ្យ​តែ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ និង​វិន័យ​ ត្រូវ​តែ​អនុវត្ត​ច្បាប់​ និង​វិន័យ​រដ្ឋបាល៖ «បុគ្គល​នោះ​បាន​សារភាព​ថា មិន​ជាប់​ពាក់ព័ន្ធ​សាច់​រឿង​ហ្នឹង​ដូច​កាសែត​បាន​ចុះ​ទេ ក៏​ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌ គឺ​កម្លាំង​របស់​កង​រាជ​អាវុធហត្ថ គឺ​នៅ​តែ​ធ្វើ​ការ​ស្រាវជ្រាវ​បន្ត តើ​កង​រាជ​អាវុធហត្ថ​ដែល​គេ​ចុះ​ផ្សាយ​នោះ មាន​ពាក់ព័ន្ធ​ឬ​អត់។ ដូច្នេះ​ខាង​អធិការកិច្ច​នៅ​តែ​ចុះ​ស្រាវជ្រាវ​ជា​បន្ត​បន្ទាប់»

ទោះ​យ៉ាងណា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ ខេត្ត​រតនគិរី​ លោក​ ជា​ ពេជ្រ​ មាន​ប្រសាសន៍​ថា​ មក​ទល់​ពេល​នេះ​ សំណុំ​រឿង​ជនជាតិ​វៀតណាម​ ១២នាក់​នោះ​ ផុត​ពី​ដៃ​អយ្យការ​ ហើយ​ចៅក្រម​ស៊ើបសួរ​កំពុង​បន្ត​អនុវត្ត​នីតិវិធី។ លោក​ថា​ ជនជាតិ​វៀតណាម​ ១២នាក់​នោះ​ តំណាង​អយ្យការ​ចោទ​ប្រកាន់​ទី១ ឆ្លងដែន​ខុសច្បាប់​ ទី២ នាំ​គ្រឿងចក្រ​ចូល​ដីខ្មែរ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ និង​ទី៣​ ឈូស​ឆាយ​ព្រៃ​ក្នុង​តំបន់​ហាម​ឃាត់ ដែល​មាន​ចែង​ក្នុង​មាត្រា ៦២ នៃ​ច្បាប់​ស្ដីពី​ព្រៃ​ឈើ៖ «អធិការ​ក្នុង​ហ្នឹង​យើង​ចោទ​ប្រកាន់​ទី១ ពាក់ព័ន្ធ​ការ​ឆ្លង​ដែន​ខុស​ច្បាប់ ទី២ នាំ​គ្រឿង​ចក្រ​ចូល​គ្មាន​ច្បាប់​អនុញ្ញាត ច្បាប់​ព្រៃ​ឈើ​មាត្រា ៥៨ ហើយ​មួយ​ទៀត យើង​ចោទ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ហាម​ឃាត់ ដែល​មាន​ចែង​ក្នុង​មាត្រា ៦២ នៃ​ច្បាប់​ព្រៃ​ឈើ។ អីចឹង​មាត្រា ៣ហ្នឹង មាន​ការ​ចោទ​ប្រកាន់​បញ្ជូន​ទៅ»

អាស៊ី​សេរី​នៅ​មិនទាន់​អាច​ទាក់ទង​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ ខេត្ត​រតនគិរី​លោក ឡេង វណ្ណារិទ្ធ ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​សំណុំរឿង​នេះ​បានទេ​ នៅ​ថ្ងៃ​ទី២៣ មេសា។

ក៏​ប៉ុន្តែ​លោក​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​ តុលាការ​សម្រេច​ចោទ​ប្រកាន់​ជនជាតិ​វៀតណាម​ទាំង​នោះ​ ២ករណី​ ទី១​ ឆ្លង​ដែន​ខុស​ច្បាប់​ និង​ទី២ នាំ​គ្រឿងចក្រ​ចូល​ដី​ខ្មែរ​ ឈូស​ឆាយ​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ លោក​ ស៊ឹង​ សែន​ករុណា​ ចង់​ឃើញ​តុលាការ​មាន​វិធានការ​ច្បាប់​តឹងរ៉ឹង​ ក្នុង​សំណុំ​រឿង​នេះ​ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ជាតិ​សាសន៍​ដទៃ​ឈ្លានពាន​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​ និង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​តាម​អំពើ​ចិត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ការ​នាំ​ចេញ​កៅស៊ូ​ក្រែប​កើន​ឡើង ខណៈ​តម្លៃ​ចុះ​ថោក

$
0
0

កម្ពុជា​នាំ​ចេញ​កៅស៊ូ​ក្រែប ក្នុង​ត្រីមាស​ទី១ ដើម​ឆ្នាំ២០១៩ នេះ គឺ​កើន​ឡើង ២៣% បើ​ប្រៀបធៀប​អំឡុង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ២០១៨ ក៏​ប៉ុន្តែ​តម្លៃ​វិញ គឺ​ចុះ​ថោក ១២%

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ផ្សាយ កាល​ថ្ងៃ​ទី២៣ ខែ​មេសា​ឲ្យ​ដឹង​ថា ស្ថិតិ​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួង​កសិកម្ម​បង្ហាញ​ថា កម្ពុជា​នាំ​ចេញ​កៅស៊ូ​ក្រែប​សរុប ចំនួន​ជិត ៥ម៉ឺន​តោន រយៈ​ពេល ៣ខែ​ដើម​ឆ្នាំ២០១៩ នេះ ក្នុង​តម្លៃ​មួយ​តោន ជិត ១ពាន់ ៣រយ​ដុល្លារ ដែល​តម្លៃ​នេះ​ថយ​ចុះ ១២%

ប្រធាន​អគ្គនាយកដ្ឋាន​កៅស៊ូ លោក ប៉ុល សូផា ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​ពិភពលោក កំពុង​ធ្លាក់​ចុះ ហើយ​ថា តម្លៃ​កៅស៊ូ​ក្រែប​ឡើង ឬ​ចុះ គឺ​អាស្រ័យ​ទៅ​លើ​តម្រូវ​ការ​នៅ​ទីផ្សារ​អន្តរជាតិ។ លោក​បន្ត​ថា ដើម្បី​ទ្រទ្រង់​វិស័យ​កៅស៊ូ​នៅ​កម្ពុជា​ឲ្យ​មាន​ចិរភាព កម្ពុជា​ត្រូវ​ការ​បង្កើត​រោងចក្រ ដើម្បី​កែច្នៃ​វត្ថុធាតុ​ដើម​ទាំង​នោះ ទៅ​ជា​ផលិតផល​ប្រើប្រាស់​តែ​ម្ដង ដូច​ជា កង់​ឡាន ជា​ដើម។

ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា លោក​ ម៉ែន សុភ័ក្ត្រ ឲ្យ​ដឹង​ថា កំណើន​ការ​នាំ​ចេញ​ផលិតផល​កៅស៊ូ​នេះ គឺ​ដោយ​សារ​ដំណាំ​កៅស៊ូ​កើន​ឡើង​ជា​ច្រើន និង​ដល់​ពេល​ប្រមូល​ជ័រ។ លោក​ថា ទោះ​បី​តម្លៃ​ធ្លាក់​ក៏​ដោយ ម្ចាស់​ចម្ការ​កៅស៊ូ ត្រូវ​ការ​លក់ ដើម្បី​ចំណាយ​ក្នុង​ការ​ប្រមូល​ផល និង​តម្លៃ​ជួល​កម្មករ។ លោក ម៉ែន សុភ័ក្ត្រ អះអាង​ថា ដើម្បី​អាច​ទទួល​បាន​ប្រាក់​ចំណេញ តម្លៃ​កៅស៊ូ​ក្រែប គឺ​លក់​ចន្លោះ​ពី ១ពាន់ ៥រយ​ដុល្លារ​ទៅ ១ពាន់ ៦រយ​ដុល្លារ ក្នុង​មួយ​តោន។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាល​ពី​ពេល​ថ្មីៗ នេះ បាន​អនុញ្ញាត​ឲ្យ​បង្កើត​រោងចក្រ​កៅស៊ូ​មួយ​តម្លៃ ជិត ៣លាន​ដុល្លារ​នៅ​ខេត្ត​ត្បូងឃ្មុំ។ កម្ពុជា​នាំ​ចេញ​កៅស៊ូ ទៅ​លក់​នៅ​ប្រទេស​វៀតណាម ម៉ាឡេស៊ី ចិន និង​សិង្ហបុរី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

នាទី​កិច្ចការ​អន្តរជាតិ​៖ ​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ ​ព្រមាន​ថា​ ​កម្ពុជា​ពុំ​អាច​ដក​ខ្លួន​រួច​ចេញ​ពី​គម្រោង​មហិច្ឆតា​ប្រចាំ​សតវត្ស​របស់​ចិន​បាន​ឡើយ​

$
0
0

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ព្រមាន​ថា កម្ពុជា​ពុំ​អាច​ដក​ខ្លួន​រួច ​ចេញ​ពី​គម្រោង «គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ» របស់​មហា​យក្ស​ចិន​បាន​ឡើយ ដោយសារ​តែ​កម្ពុជា​ពុំ​មាន​ជម្រើស​ជាក់ស្ដែង​ដទៃ​ទៀត ក្រៅតែ​ពី​ពឹង​ផ្អែក​តែ​ទៅលើ​ចិន​តែ​មួយ​នោះ​។ ​ការ​លើក​ឡើង​នេះ​ ស្រប​ពេល​ដែល​មហា​យក្ស​ចិន កំពុង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​ជា​លើក​ទី​ពីរ​របស់​ខ្លួន​នៅ​ចុង​ខែ​មេសា​នេះ ហៅ​ថា វេទិកា​ស្ដីពី​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ ឬ​វិថី​សូត្រ​ថ្មី ដោយ​មាន​ការចូលរួម​ពី​សំណាក់​បណ្ដា​មេ​ដឹក​នាំ​ពិភព​លោក​ជាង ៤០រូប​ ក្នុង​នោះ​ក៏​មាន​លោក​ ហ៊ុន ​សែន ​ផង។

បណ្ឌិត​ ​ខាល ​ថៃ​យ័រ ​(Carle Thayer) ​សាស្ត្រាចារ្យ​កិត្តិយស​បណ្ឌិត​សភា​កងទ័ព​ការពារ​ជាតិ​អូស្ត្រាលី​ ​នៃ​សាកលវិទ្យាល័យ​ New South Wales ​ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក​ថា​ ​ទំនាក់ទំនង​រវាង​កម្ពុជា​ ​និង​ចិន​ ក្រោម​គម្រោង​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ ​មាន​ផ្សារភ្ជាប់​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​កម្ពុជា​ ​នៃ​ការអភិវឌ្ឍន៍​ជាតិ​។ ​លោក​ថា​ ​ទំនាក់ទំនង​ទ្វេ​ភាគី​នេះ​ ​មាន​ទ្រង់ទ្រាយ​ធំ​ ​ហើយ​រួមបញ្ចូល​នូវ​វិស័យ​សំខាន់​ៗ​ចំនួន​ ៧ ​ក្នុង​នោះ​រួមមាន​៖​ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ កសិកម្ម​ ហិរញ្ញវត្ថុ​ ​ការអភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ ការ​កសាង​សមត្ថភាព​ វប្បធម៌​ ​និង​ទេសចរណ៍​ ​និង​ការ​ការពារ​បរិស្ថាន​។ ​លោក​បន្ត​ថា ចំណែក​នៃ​ការ​ផ្ដល់​មូលនិធិ​ដ៏​ធំ​សម្បើម​នេះ​ ​មាន​នៅ​ក្នុង​វិស័យ​ហេដ្ឋារចនាសម័្ពន្ធ ​ដូចជា ផ្លូវថ្នល់​ល្បឿន​លឿន​ ស្ពាន​ ​កំពង់ផែ ​ព្រះលាន​យន្តហោះ​ និង​ផ្លូវ​រថភ្លើង​ល្បឿន។ ឧទាហរណ៍​ ​ដូចជា​កាលពី​ឆ្នាំ២០១៦ ​ប្រធានាធិបតី​ចិន ​លោក​ ស៊ី ​ជីន​ពីង ​(Xi Jinping) ​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ភ្នំពេញ​ ​ហើយ​បាន​សន្យា​ផ្ដល់​ប្រាក់​កម្ចី​ចំនួន​ ២ពាន់​លាន​ដុល្លារ ឬ ២ប៊ីលាន​ដុល្លារ​អាមេរិក​ ក្រោម​គម្រោង​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​នេះ ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​ដល់​ប្រព័ន្ធ​ផ្លូវថ្នល់​នៅ​កម្ពុជា។

បណ្ឌិត​ ​ខាល ​ថៃ​យ័រ ​ព្រមាន​ថា​ ​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​ កម្ពុជា​គ្មាន​មធ្យោបាយ​ដក​ខ្លួន​រួច​ចេញ​ពី​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន​នេះ​បាន​ឡើយ​ ពី​ព្រោះ​ថា បើ​ហ៊ាន​ធ្វើ​ដូច្នេះ​មែន នោះ​ក្រុង​ប៉េកាំង​នឹង​ចាត់​ទុក​ហេតុការណ៍​នេះ​ថា​ជា​ដំណើរ​វិវឌ្ឍន៍​អវិជ្ជមាន​មួយ។

អ្នកនាំពាក្យ​របប​ក្រុង​ភ្នំពេញ​ ​លោក​ ​ផៃ​ ស៊ី​ផាន ​ចាត់​ទុក​ការ​ព្រមាន​ពី​សំណាក់​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​នេះ​ថា ជា​ការ​វិភាគ​ដែល​មាន​និន្នាការ​នយោបាយ​រួច​ទៅ​ហើយ។ លោក​និយាយ​ការពារ​ថា កម្ពុជា​មិន​បាន​យក​បរទេស​ណា​មួយ​ធ្វើ​ជា​ចៅហ្វាយ​នាយ​នោះ​ទេ៖ «យើង​ត្រូវ​ក្រឡេក​មើល​នយោបាយ​ការបរទេស​របស់​យើង​ ​ហើយ​នឹង​រដ្ឋធម្មនុញ្ញ​របស់​យើង។ គឺ​យើង​ប្រកាន់​ខ្ជាប់​ខ្ជួន​ទៅ​នឹង​គោលការណ៍​នយោបាយ​ការបរទេស​របស់​យើង​ ​គឺ​ចម្រុះ​ពណ៌​។ ជា​ការ​រក​ទទួលទាន​គ្រប់​កន្លែង​ទាំង​អស់ ដោយ​យើង​ចូល​ទៅ​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហើយ​ការងារ​បរទេស​របស់​យើង​ ​គឺ​យើង​អត់​មាន​ជា​ខ្ញុំ​នរណា​មួយ​នោះ​ទេ​។ ​យើង​ស្ថិត​នៅ​ជា​លក្ខណៈ​អធិបតេយ្យ​ ​និង​ឯករាជ្យ​នេះ​ឯង​។ ​យើង​មិន​យក​ចិន ឬ​អាមេរិកាំង​ ធ្វើជា​ចៅហ្វាយ​នាយ​នោះ​ទេ»

ផ្ទុយពី​ការ​អះអាង​នេះ​ ​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​មួយ​រូប​ទៀត បណ្ឌិត អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​ការទូត​ ​និង​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ​ Occidental College ​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា ​សហរដ្ឋ​អាមេរិក​ ​ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក​ថា ជា​ការវាយតម្លៃ​របស់​លោក​ ​កម្ពុជា​កំពុង​ផុង​ខ្លួន​កាន់តែ​ជ្រៅ​ស្រាប់​រួច​ទៅ​ហើយ​ទៅ​ក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​របស់​ចិន​នេះ​។ ​លោក​ថា បើ​និយាយ​ពី​ស្តង់ដារ​នៃ​គម្រោង​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​របស់​ចិន​នេះ គម្រោង​នៅ​កម្ពុជា​របស់​ចិន​មាន​ទំហំ​តូច ហើយ​មាន​តម្លៃ​ទាប ​ផ្អែក​លើ​តម្រូវ​ការ​ទឹក​ប្រាក់។ បណ្ឌិត អៀ ​សុផល​ ថា​ របប​ក្រុង​ភ្នំពេញ មិន​ចង់​ដក​ខ្លួន​ចេញ​ពី​គម្រោង​ការ​របស់​ចិន​នេះ​ទេ ​តែ​មាន​តែ​ផុង​ខ្លួន​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​គម្រោង​នេះ ដោយ​ថែមទាំង​ចង់ឲ្យ​មាន​ការ​ចាយ​ប្រាក់កាស​យ័ន​របស់​ចិន​ទូទៅ​ដូច​ប្រាក់​ដុល្លារ​អាមេរិក​ទៀត​ផង។

បណ្ឌិត​ ​ខាល ​ថៃ​យ័រ ​ពន្យល់​ថា​ ​កម្ពុជា​ពុំ​មាន​ជម្រើស​អ្វី​ជាក់ស្ដែង​ណាមួយ​ ក្រៅតែ​ពី​ពឹងផ្អែក​តែ​ទៅលើ​ប្រទេស​ចិន​នោះ​ឡើយ។ ចិន​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​ ​ជា​អ្នក​វិនិយោគ​បរទេស​សំខាន់​ជាង​គេ​ ​និង​ជា​អ្នក​ផ្គត់ផ្គង់​ជំនួយ​អភិវឌ្ឍន៍​ចម្បង​មួយ​របស់​កម្ពុជា។ ​លោក​ថា​ ​ទំនាក់ទំនង​នេះ​ជា​ទំនាក់ទំនង​កេង​ចំណេញ​ផល​ប្រយោជន៍​ពី​គ្នា​ទៅវិញទៅមក​។ ​ចិន​មាន​ប្រទេស​ក្នុង​តំបន់​ ដែល​ខ្លួន​អាច​ពឹង​ផ្អែក​បាន​ ដើម្បីឲ្យ​ជួយ​គាំទ្រ​ដល់​អត្ថប្រយោជន៍​គោល​របស់​ខ្លួន​ចំណែក​ឯ​កម្ពុជា​វិញ​ ​ក៏​ត្រូវការ​ការ​គាំទ្រ​វិស័យ​នយោបាយ ការទូត និង​សេដ្ឋកិច្ច​ពី​ប្រទេស​ចិន​វិញ​ដែរ។

ការព្រមាន​របស់​អ្នក​ជំនាញ​ជាបន្តបន្ទាប់​នេះ​ ​កើត​មាន​ឡើង​ស្រប​ពេល​ដែល​មហា​យក្ស​ចិន​ ​កំពុង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នៅ​ចុង​ខែ​មេសា​នេះ​ ​ជា​វេទិកា​លើក​ទី​ពីរ​ ស្ដីពី​គម្រោង​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ​ ​ដែល​មាន​មេដឹកនាំ​មកពី​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក​ ​ប្រមាណ​ ៤០ នាក់​ចូលរួម​។ ​ក្នុង​នោះ​ លោក​ ហ៊ុន ​សែន ​ក៏​ជា​មេដឹកនាំ​ម្នាក់​ដែល​ទៅ​ចូលរួម​ព្រឹត្តិការណ៍​នេះ​ដែរ​ ​ចាប់ពី​ថ្ងៃ​ទី២៥ ​ដល់​ថ្ងៃ​ទី២៩ ​មេសា​នេះ​ ​អម​ដោយ​ការ​ហែហម​រដ្ឋមន្ត្រី​គ្រាក់ៗ មួយ​ចំនួន​របស់​លោក។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ឲ្យដឹង​ថា ក្នុង​អំឡុង​ពេល​ចូលរួម​វេទិកា​នេះ​ លោក​ ហ៊ុន ​សែន ​ក៏​គ្រោង​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ មួយ​ចំនួន​ ស្ដីពី​ជំនួយ​របស់​ចិន​ ​ព្រមទាំង​គម្រោង​កិច្ច​សហប្រតិបត្តិការ​នានា​ផង ក៏​ប៉ុន្តែ​ពុំ​បាន​បង្ហើប​ឲ្យ​ដឹង​ពី​តម្លៃ​ទឹក​ប្រាក់ ដែល​ចិន​គ្រោង​ជួយ​ ​ឬ​កម្ពុជា​គ្រោង​ខ្ចី​បុល​បន្ថែម​ពី​ចិន​នា​ពេល​នេះ​ទេ។

ជុំវិញ​ដំណើរ​ទស្សនកិច្ច​ទៅ​ចូលរួម​ព្រឹត្តិការណ៍​សំខាន់​របស់​ចិន​នេះ​ ​បណ្ឌិត​ ​ខាល ​ថៃ​យ័រ ​មានប្រសាសន៍​ថា កម្ពុជា​របស់​លោក​ ហ៊ុន ​សែន ​គឺជា​អ្នកគាំទ្រ​ដំបូង​គេ​ចំពោះ​គម្រោង​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​នេះ។ លោក​ថា ការចូលរួម​របស់​កម្ពុជា​ក្នុង​វេទិកា​នេះ​ ​នឹង​គូស​បញ្ជាក់​សារ​ឡើងវិញ​ថា​ ​ខ្លួន​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​វិថី​សូត្រ​ថ្មី​ដែល​ជា​កេរ​ដំណែល​របស់​លោក​ប្រធានាធិបតី​ ស៊ី ​ជីន​ពីង ​នេះ​ ​ហើយ​បន្ថែម​ការ​គាំទ្រ​គោល​នយោបាយ​ចំពោះ​ចិន​ ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង។ លោក​ថា ​ជា​លទ្ធផល​ ក្រុង​ប៉េកាំង​នឹង​បន្ត​ផ្ដល់​រង្វាន់​ឲ្យ​កម្ពុជា​វិញ​ ​ឲ្យ​ពង្រីក​ការ​គាំទ្រ​ផ្នែក​ការទូត​ និង​នយោបាយ​ ​បន្ត​ទំនាក់ទំនង​វិស័យ​សេដ្ឋកិច្ច​ ​និង​កិច្ច​សហប្រត្តិការណ៍​វិស័យ​យោធា​។ ​រីឯ​បណ្ឌិត​ ​អៀ ​សុផល​ វិញ​ ​មានប្រសាសន៍​ថា​ ​ដោយ​ធ្វើដំណើរ​ទៅ​ចូលរួម​វេទិកា​នេះ​ ​មាន​ន័យ​ថា​ ​លោក​ ហ៊ុន ​សែន​ ប្ដេជ្ញា​ចិត្ត ១០០ភាគរយ​ ​ក្នុង​ការ​បន្ត​ដើរ​ចូល​វិថី​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​ ដែល​ចិន​កំពុង​គូសវាស​នេះ។ លោក​បន្ត​ថា​ ​វា​ក៏​មាន​ន័យ​ផង​ដែរ​ថា​ ​នឹង​មាន​នយោបាយ​ការទូត​បែប​អន្ទាក់​បំណុល​ ​កំពុង​រង់ចាំ​កម្ពុជា​នៅ​ខាងមុខ​បន្ត​ទៀត​ ​ដែល​លោក​ព្រមាន​ថា​ ​កម្ពុជា​ ​ត្រូវតែ​យល់​ឲ្យបាន​ច្បាស់​ពី​បញ្ហា​នេះ​ ​ដោយ​យក​ករណី​ដែល​បាន​កើតឡើង​នៅ​ប្រទេស​ស្រីលង្កា​ និង​ប៉ាគីស្ថាន​ជា​គំរូ​ស្រាប់​។​

បណ្ឌិត​ ​ខាល ​ថៃ​យ័រ ​ក៏​យល់​ស្រប​ទៅ​នឹង​អំណះអំណាង​របស់​បណ្ឌិត​ ​អៀ ​សុផល ​ដែរ។ លោក​ថា ​ចិន​ជា​អ្នក​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ភាគ​ច្រើន​ដល់​កម្ពុជា​ ​ក្នុង​ទម្រង់​ជា​កម្ចី​ ​ដែល​ចាំបាច់​ត្រូវតែ​សង​ទៅ​ឲ្យ​ចិន​វិញ។ លោក​ពន្យល់​ថា បើ​ទោះបីជា​ចិន​ផ្ដល់​ហិរញ្ញប្បទាន​ភាគ​ច្រើន​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ដែល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា​ក៏​ពិត​មែន​ តម្លៃ​ជួសជុល​ ​និង​ថែទាំ​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នេះ​ ​គឺជា​បន្ទុក​របស់​ប្រទេស​ម្ចាស់​ផ្ទះ។ ការពឹងផ្អែក​ទៅលើ​ចិន​ខ្លាំង​ពេក ​ដោយសារតែ​ត្រូវ​សង​លុយ​ទៅ​ចិន​វិញ​ផង​ និង​ចេញ​ថ្លៃ​ចំណាយ​លើ​ការ​ថែទាំ​ ​និង​សេវា​ជួសជុល​ផង​ ហេតុការណ៍​នេះ​ ​អាច​បណ្ដាល​ឲ្យ​កម្ពុជា​ធ្លាក់​ផុង​ចូល​ក្នុង​អន្ទាក់​បំណុល​វ័ណ្ឌក​របស់​ចិន។ ពេល​នោះ​ លោក​ពន្យល់​ថា​ ​កម្ពុជា​ ​នឹង​មិន​មាន​លទ្ធភាព​ចេញ​លុយ​សង​ចិន​ជា​ប្រក្រតី​បាន​ឡើយ​ ​ហើយ​កម្ពុជា​នឹង​ត្រូវ​ក្ស័យ​ធន ​មិន​ខុស​ពី​ករណី​នៅ​ប្រទេស​ប៉ាគីស្ថាន ​ដែល​បច្ចុប្បន្ន​កំពុង​ត្រូវការ​ការ​ជួយ​ស្រោចស្រង់​ ​ពី​អាមេរិក​ ​និង​សហគមន៍​អន្តរជាតិ​។​បណ្ឌិត​ ​ខាល ​ថៃ​យ័រ ​ពន្យល់​បន្ត​ថា​ ​ក្រុមហ៊ុន​របស់​ចិន​ជាច្រើន​ ​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​សេវា​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នេះ​ ​ហើយ​នឹង​យក​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ទៅ​ធ្វើ​ការគ្រប់គ្រង​វិញ។ ជា​សម្មតិកម្ម​ចិន​អាច​នឹង​ក្លាយ​ជា​ម្ចាស់​នៃ​កំពង់ផែ​រ ​និង​ថែមទាំង​ព្រះលាន​យន្តហោះ​របស់​កម្ពុជា​បាន​នា​ពេល​អនាគត​។​

គិត​ត្រឹម​ដំណាច់​ឆ្នាំ២០១៨ កម្ពុជា​ជាប់​ជំពាក់​បំណុល​មហា​មិត្ត​ចិន​ជាង​ ៤ពាន់ ៦រយ​លាន​ដុល្លារ​អាមេរិក​ ​ស្មើនឹង​ជាង​ ៤០ភាគរយ ឬ​ជិត​ពាក់កណ្ដាល​នៃ​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស​សរុប។ ​នេះ​មាន​ន័យ​ថា​ ​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ ដែល​សូម្បីតែ​ទារក​ទើប​កើត​មក​ភ្លាម​ ​កំពុង​ជាប់​ជំពាក់​បំណុល​ចិន​ក្នុង​ម្នាក់ៗ ជិត​ ៣០០ដុល្លារ​អាមេរិក​។​

គំនិត​ផ្ដួច​ផ្ដើម​ «​ផ្លូវ​មួយ ខ្សែ​ក្រវាត់​មួយ​» ​ឬ​ ​ហៅ​ថា «វិថី​សូត្រ​ថ្មី» នេះ​ ​គឺជា​មហិច្ឆតា​ប្រចាំ​សតវត្ស​របស់​ចិន​ដើម្បី​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច​ ​ភូមិសាស្ត្រ​នយោបាយ​ និង​វប្បធម៌​របស់​ខ្លួន​ស្រប​ពេល​ដែល​ចិន​កំពុង​ឡើង​គ្រង​តំណែង​ជា​មហាអំណាច​មួយ​នៅ​លើ​ពិភព​លោក។ ក្រោម​ការគ្រប់គ្រង​របស់​ប្រធានាធិបតី​ ស៊ី ​ជីង​ពីង (Xi Jinping) ចិន​បាន​លាត​ត្រដាង​ ​គំនិត​ផ្ដួច​ផ្ដើម​នេះ​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ២០១៣ ក្រោម​ហេតុផល​ថា​ ​ដើម្បី​ផ្សារ​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​សម្រួល​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​ទៅ​កាន់​ទ្វីប​អាហ្វ្រិក​ និង​អឺរ៉ុប​ និង​ទៅ​កាន់​តំបន់​ផ្សេង​ពី​នេះ​ក្នុង​ពិភព​លោក។ ដើម្បី​សម្រេច​មហិច្ឆតា​នេះ​ ​ចិន​អាច​នឹង​ចំណាយ​ទឹក​ប្រាក់​សរុប​រហូត​ដល់​ទៅ​ជិត ១០០ពាន់​លាន​ដុល្លារ ឬ​ ១ទ្រីលាន​ដុល្លារ។

តាមរយៈ​គំនិត​ផ្ដួច​ផ្ដើម​នេះ ​គម្រោង​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ជា​ច្រើន ​ត្រូវ​បាន​លាត​ត្រដាង និង​អនុវត្ត​នៅ​កម្ពុជា​ជា​បន្ត​បន្ទាប់​រួម​មាន​ការ​សាងសង់​ផ្លូវថ្នល់​ល្បឿន​លឿន​ផ្លូវ​រត់​ភ្លើង​ភ្ជាប់​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​ ​កំពង់ផែ​ទឹក​ជ្រៅ​ ​កំពង់ផែ​ស្ងួត​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ព្រះលាន​យន្តហោះ​អន្តរជាតិ​ជា​ដើម​ ​ដែល​គម្រោង​ទាំងនេះ​ធ្វើឡើង​ក្រោម​រូបភាព​ជា​ជំនួយ​អភិវឌ្ឍន៍​ និង​កម្ចី​បរទេស។ ចិន​ក៏​បាន​លាតត្រដាង​ពី​ផែនការ​ដែល​ថា​នឹង​ជំរុញ​ឲ្យ​កម្ពុជា​អភិវឌ្ឍន៍​ផ្លូវថ្នល់​ល្បឿន​លឿន​ ​ឲ្យ​បាន​ប្រវែង​ ២.២៣០គីឡូម៉ែត្រ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​គិត​ត្រឹម​ឆ្នាំ២០៤០ ក្នុង​តម្លៃ​ជា​ទឹក​ប្រាក់​រហូត​ដល់​ទៅ​ជាង​ ២៦ពាន់​លាន​ដុល្លារ​។​

មជ្ឈមណ្ឌល​ ​ដើម្បី​ការ​អភិវឌ្ឍ​សាកល (Center for Global Development-CGD) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ​សហរដ្ឋ​អាមេរិក​ កាលពី​ឆ្នាំ២០១៨ ​បាន​ដាក់បញ្ចូល​ប្រទេស​កម្ពុជា​ទៅ​ក្នុង​ចំណោម​ក្រុម​ប្រទេស​គោលដៅ​ចំនួន​ ២៣ប្រទេស​ ​ដែល​កំពុង​ប្រឈម​នឹង​ «ហានិភ័យ​បំណុល​គួរ​ឱ្យ​កត់​សម្គាល់» នា​ពេល​បច្ចុប្បន្ន​នេះ។ បន្ថែម​ពី​លើ​នេះ​ ​ការ​សិក្សា​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល ដើម្បី​សន្តិសុខ​អាមេរិកាំង​ថ្មី​ ​ឬ​ Center for a New American Security ​ដែល​ធ្វើ​ការ​វាយតម្លៃ​លើ​គម្រោង​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​នេះ​ ​ចេញ​ផ្សាយ​នៅ​ដើម​ខែ​មេសា​នេះ​ ​ដែល​ធ្វើ​ការ​សិក្សា​ឧទាហរណ៍​នៅ​ប្រទេស​ចំនួន ១០ ក្រោម​គម្រោង​របស់​ចិន​នេះ​ រក​ឃើញ​ថា​ ​គម្រោង​របស់​មហា​យក្ស​ចិន​នេះ​ ធ្វើ​ឲ្យ​ប្រទេស​ជា​ម្ចាស់​ផ្ទះ​ ​បាត់បង់​ភាព​ជា​ម្ចាស់​ ​មិន​មាន​ភាព​ច្បាស់លាស់​ ​ជាប់​ផុង​ក្នុង​អន្ទាក់​បំណុល​ ​កើន​ឡើង​អំពើ​ពុករលួយ​ ​និង​តែងតែ​ត្រូវ​ចិន​ យក​ទៅ​គ្រប់គ្រង​ធ្វើ​ជា​ទ្រព្យ​សកម្ម​របស់​ខ្លួន​វិញ។ របាយការណ៍​ផ្ដល់​អនុសាសន៍​ជា​ជម្រើស​ជំនួស​ឲ្យ​គម្រោង​វិថី​សូត្រ​របស់​មហា​យក្ស​ចិន​វិញ​ថា​ ​សហរដ្ឋ​អាមេរិក​ ​ផ្ដល់​នូវ​ជំនួយ​អភិវឌ្ឍន៍​ដែល​មិន​ធ្វើឲ្យ​ប្រទេស​ម្ចាស់​ផ្ទះ​ជាប់​ផុង​ក្នុង​បំណុល​នោះ​ទេ​ ​ហើយ​សហរដ្ឋ​អាមេរិក​ផ្ដោត​លើ​ពាណិជ្ជកម្ម​ដែល​មាន​លក្ខណៈ​សេរី ​ត្រឹមត្រូវ​ និង​យុត្តិធម៌​ទាំង​សង្ខាង​ចំពោះ​ភាគី​ពាក់ព័ន្ធ​ ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​វិនិយោគ​វិស័យ​ធុរកិច្ច​ផ្នែក​ឯកជន ដល់​ទៅ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ ​ហើយ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ទាំង​សង្ខាង គឺ​ទាំង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ទទួល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សង្គម​ស៊ីវិល និង​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ថា ការ​ឈប់​វប្បធម៌​លាប​ពណ៌​គ្នា ត្រូវ​ផ្ដើម​ចេញ​ពី​ថ្នាក់​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ជា​មុន

$
0
0

ប្រមុខ​ការពារ​ជាតិ​របប​ក្រុង​ភ្នំពេញ ទទួល​ស្គាល់​ថា វប្បធម៌​លាប​ពណ៌​គ្នា គឺ​ជា​មូល​ហេតុ​សំខាន់​ដែល​នាំ​ឱ្យ​កើត​មាន​សង្គ្រាម​នៅ​កម្ពុជា ក៏​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា ក្រុម​ណា​មួយ​ជា​អ្នក​ផ្ដើម​លាប​ពណ៌​ឲ្យ​គ្នា​នោះ​ទេ។ ទោះ​យ៉ាង​នេះ​ក្តី កន្លង​មក ថ្នាក់​ដឹកនាំ និង​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ បាន​ចោទ​ដោយ​ត្រង់ៗ ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ជា​ក្រុម​ប្រឆាំង​រដ្ឋាភិបាល និង​គាំទ្រ​គណបក្ស​ សង្គ្រោះ​ជាតិ ហើយ​ចោទ​គណបក្ស​នេះ​ថា មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់ តាម​រយៈ​ការ​បង្កើត​ផែន​ការ​បដិវត្តន៍​ពណ៌​ជា​ដើម។ អ្នក​គាំទ្រ​​គណបក្ស​ សង្គ្រោះ​ជាតិ​ ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ការ​លាប​ពណ៌​លើ​គណបក្ស​ប្រឆាំង​តទៅទៀត និង​ព្យាយាម​រក​ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ។

ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ថ្លែង​ក្នុង​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី២៤ មេសា​ថា ការ​លាប​ពណ៌​គ្នា​ គឺ​ជា​មូល​ហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ប្រជាជាតិ​ខ្មែរ​ស្អប់​គ្នា និង​យក​គ្នា​ជា​សត្រូវ រហូត​ឈាន​ដល់​ការ​ធ្វើ​សង្គ្រាម​ហែក​ហួរ​គ្នា​ទៅវិញ​ទៅមក។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​គួរ​តែ​ស្វែង​យល់​អំពី​រូបភាព និង​ផល​វិបាក​នៃ​ការ​លាប​ពណ៌​គ្នា​នេះ ហើយ​លោក​ក៏​ស្នើ​ឱ្យ​មាន​ការ​រួម​គ្នា​ទប់​ស្កាត់​បញ្ហា​នេះ​ផង​ដែរ។

នេះ​ជា​សារ​ដ៏​កម្រ​មួយ​របស់​មន្ត្រី​ថ្នាក់​កំពូល​នៃ​របប​ក្រុង​ភ្នំពេញ​ ខណៈ​របប​នេះ​បាន​រង​ការ​រិះគន់​ជា​ហូរហែ​អំពី​ការ​បង្កើត​ពាក្យ​ “បដិវត្តន៍​ពណ៌” និង​យក​ពាក្យ​នេះ​ទៅ​ប្រើ​ជា​ដើម​ទុន ​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បំបិទ​សំឡេង​រិះគន់​ ដើម្បី​ក្រសោប​យក​អំណាច​តែម្នាក់​ឯង។

អតីត​ចៅ​សង្កាត់​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​នគរ​ធំ ក្រុង​សៀមរាប លោក សៀក ចំណាប់ ថ្លែង​សាទរ ចំពោះ​ការ​លើក​ឡើង​របស់​លោក ទៀ បាញ់ នេះ ព្រោះ​លោក​មើល​ឃើញ​ថា វប្បធម៌​លាប​ពណ៌​គ្នា​ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​រងគ្រោះ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។ លោក​ថា ក្នុង​សម័យ​ខ្មែរ​ក្រហម ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ត្រូវ​បាត់​បង់​ជីវិត គឺ​ដោយ​សារ​តែ​ការ​លាប​ពណ៌ ឬ​ចោទ​ប្រកាន់​ថា ជា​ខ្មាំង ឬ​ជា​ខ្ញុំ​បម្រើ​បរទេស។ ចំណែក​នៅ​ពេល​នេះ​វិញ លោក​ថា ពលរដ្ឋ​ខ្មែរ ដែល​មិន​គាំទ្រ​របៀប​ដឹក​នាំ​របស់​រដ្ឋាភិបាល ត្រូវ​បាន​ចោទ​ថា ជា​ក្រុម​អ្នក​ប្រឆាំង ឬ​ជា​អ្នក​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​​ផ្ដួល​រំលំ​រដ្ឋាភិបាល។

លោក​ថា ពលរដ្ឋ និង​​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នាក់​ បាន​រង​ការ​គំរាម​កំហែង ចាប់​ដាក់​ពន្ធនាគារ និង​រស់​នៅ​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ព្រោះតែ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​នេះ។ ដូច្នេះ​លោក​ស្នើ​ឱ្យ​ថ្នាក់​ដឹកនាំ​របប​ក្រុង​ភ្នំពេញ បញ្ឈប់​ការ​​លាប​ពណ៌​លើ​​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ងាក​មក​ដោះ​ស្រាយ​បញ្ហា​ជាតិ​រួម​គ្នា​វិញ៖ «ចំពោះ​បដិវត្តន៍​ពណ៌ ឬក៏​ជា​ខ្មាំង​ហ្នឹង គឺជា​ការ​លាប​ពណ៌ អ៊ីចឹង​ហើយ​ប្រសិន​បើ​លោក​ ទៀ បាញ់ គាត់​​មាន​បំណង​ មាន​ចេតនា​ចង់​ឱ្យ​ឈប់​រើស​អើង ឬក៏​បញ្ចប់​វប្បធម៌​លាប​ពណ៌ ខ្ញុំ​យល់​ថា គួរ​តែ​បញ្ឈប់​ពី​បក្ស​កាន់​អំណាច​មុន។ ខ្ញុំ​មើល​ឃើញ​ថា វប្បធម៌​ហ្នឹង​គឺ​វា​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ ដូច្នេះ​ហើយ​ដើម្បី​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​សុខ​សន្តិភាព​ ខ្ញុំ​យល់​ថា រដ្ឋាភិបាល​គួរ​តែ​ប្រកាស​ជា​គំរូ​ដើម្បី​បញ្ចប់​វប្បធម៌​លាប​ពណ៌​នេះ»

ថ្នាក់​ដឹកនាំ និង​អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចោទ​ដោយ​ត្រង់ៗ ថា គណបក្ស​សង្គ្រោះ​ជាតិ​ មាន​បំណង​​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់ តាម​រយៈ​ការ​បង្កើត​ផែន​ការ​បដិវត្តន៍​ពណ៌ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៣ កន្លងទៅ។ ពាក្យ​ “បដិវត្តន៍​ពណ៌” នេះ​ ត្រូវ​បាន​មន្ត្រី​គ្រាក់ៗ របប​ក្រុង​ភ្នំពេញ​ទន្ទេញ​ចាំ​មាត់​គ្រប់ៗ គ្នា ហើយ​នៅ​ចុង​អាណត្តិទី៥ របប​ក្រុង​ភ្នំពេញ​បាន​ប្រើ​ពាក្យ​នេះ​ជា​មូលដ្ឋាន​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ទោះបី​ជា​ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៦ របប​ក្រុង​ភ្នំពេញ​បាន​ប្រមូល​យក​អាសនៈ​សភា​មក​ក្ដោប​ក្ដាប់​តែម្នាក់​ឯង​រួច​ហើយ​ក៏​ដោយ ក៏​មន្ត្រី​គ្រាក់ៗ ​នៃ​របប​នេះ​នៅ​តែ​ប្រើ​ពាក្យ​នេះ​ដើម្បី​វាយ​ប្រហារ​គណបក្ស​ប្រឆាំង​ដដែល។ លើស​​ពី​នេះ​ទៅទៀត ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ក៏​ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចោទ​ប្រកាន់​ថា ជា​ក្រុម​គាំទ្រ​បក្ស​ប្រឆាំង និង​រួម​គំនិត​ក្នុង​ចលនា​បដិវត្តន៍​ពណ៌​នេះ​ផង​ដែរ ដោយ​គ្រាន់​តែ​ពួក​គេ​ចូលរួម​ឃ្លាំមើល​ដំណើរ​ការ​បោះឆ្នោត ឬ​បំពេញ​ការងារ​តាម​បេសកកម្ម​របស់​ខ្លួន​ក៏​ដោយ។

ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​​ដែល​រង​ការ​លាប​ពណ៌​ មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ពេល​ចុះ​ធ្វើ​សកម្មភាព​តាម​មូលដ្ឋាន ដោយសារ​កង្វះ​កិច្ច​សហការ​ពី​អាជ្ញាធរ​ ហើយ​ពេល​ខ្លះ​ក៏​​ត្រូវ​រង​ការ​ឃ្លាំ​មើល​ និង​រឹតត្បិត​សកម្មភាព​ថែម​ទៀត។ ​ លោក​ថា វប្បធម៌​បែប​អវិជ្ជមាន​គួរ​តែ​ដល់​ពេល​ត្រូវ​បញ្ឈប់​ហើយ ព្រោះ​វា​មិន​អាច​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​រីក​ចម្រើន​ទៅ​មុខ​ឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​ធ្វើ​ឱ្យ​ស្រុក​ទេស​ជួប​នឹង​ភាព​អាប់ឱន​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត វប្បធម៌​លាប​ពណ៌​គ្នា​នេះ ក៏​កំពុង​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មាន​ដំណើរ​ការ​ធាក់​ថយ​ក្រោយ​ផង​ដែរ៖ «ការ​លាប​ពណ៌​គ្នា​នេះ ធ្វើ​ឱ្យ​អត់​មាន​សន្តិភាព​ អត់​មាន​ការ​រួប​រួម​គ្នា ដល់​ពេល​អ៊ីចឹង​វា​កើត​ទៅ​ជា​វិបត្តិ​មួយ​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​យើង​ ដែល​ជា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ហ្នឹង វា​ធាក់​ថយ​ក្រោយ​ ឬក៏​គោរព​សិទ្ធិមនុស្ស​ហ្នឹង​មាន​ស្ថានភាព​មិន​ល្អ។ ហើយ​មួយ​ទៀត ការ​លាប​ពណ៌​ហ្នឹង​វា​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​ប្រទេស​យើង​មាន​ការ​យឺតយ៉ាវ»

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​​ថ្នាក់​ដឹកនាំ​កំពូលៗ នៃ​របប​លោក ហ៊ុន សែន ប្រកាន់​ខ្ជាប់ និង​អនុវត្ត​តាម​គោល​គំនិត​របស់​លោក ទៀ បាញ់ នេះ ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​រក្សា​បាន​នូវ​ការ​ឯកភាព​ជាតិ​ពិត​ប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ធនាគារ​ពិភព​លោក​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ត្រូវ​ធ្លាក់​ចុះ ដោយសារ​បញ្ហា EBA និង​ការ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​សេដ្ឋកិច្ច​ចិន

$
0
0

ធនាគារ​ពិភពលោក ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ​នឹង​ធ្លាក់​ចុះ​ពី​ ៧,%​ ​ក្នុង​ឆ្នាំ ២០១៨ មក​នៅ ៧% ក្នុង​ឆ្នាំ២០១៩ ហើយ​បន្ត​ធ្លាក់​ចុះ​ដល់​ ៦,% ក្នុង​ឆ្នាំ២០២០។ នេះ​បើ​យោង​តាម​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី​បូព៌ា ​និង​ប៉ាស៊ីហ្វិក ​ស្ដីពី​ «ការ​គ្រប់គ្រង​បញ្ហា​ប្រឈម» (Managing Headwinds) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី២៤ ​ខែ​មេសា ​ឆ្នាំ២០១៩ នេះ។

ហានិភ័យ​ និង​បញ្ហា​ប្រឈម​ចម្បងៗ ចំនួន​បី​ ​ដែល​របាយការណ៍​ថា​ ​អាច​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​មក​លើ​សេដ្ឋកិច្ច​កម្ពុជា​ ​ហើយ​ត្រូវ​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នេះ​ ​រួម​មាន៖ ការ​ពិចារណា​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​របស់​សហភាព​អឺរ៉ុប ​ការ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​លំហូរ​ទុន​វិនិយោគ​ពី​ប្រទេស​ចិន​ ​ស្រប​ពេល​សេដ្ឋកិច្ច​ប្រទេស​នេះ​កំពុង​ជួបប្រទះ​នូវ​ការ​ធ្លាក់​ចុះ​រហ័ស​ជាង​ការ​រំពឹង​ទុក​ និង​បញ្ហា​នៃ​ការ​កើន​ឡើង​យ៉ាង​រហ័ស​នៃ​វិស័យ​សំណង់ និង​អចលន​ទ្រព្យ​ ​ដែល​អាច​ជះ​ឥទ្ធិពល​ទៅលើ​វិស័យ​ហិរញ្ញវត្ថុ។ ធនាគារ​ពិភព​លោក​ថា បញ្ហា​ទាំង​បី​នេះ​បង្ក​ឲ្យ​មាន​ភាព​មិន​ប្រាកដប្រជា ​ហើយ​ធ្វើ​ឲ្យ​មាន​ហានិភ័យ​កាន់​តែ​តានតឹង។ ជុំវិញ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ ធនាគារ​ពិភព​លោក​ ​ព្រមាន​ថា​ ​ការ​បាត់បង់​ភាព​អនុគ្រោះ​ពន្ធ​ EBA ​នេះ​ ​អាច​នឹង​ធ្វើឲ្យ​កំណើន​នៃ​ការនាំចេញ​របស់​កម្ពុជា​ ​ថយ​ល្បឿន​មក​វិញ។

ធនាគារ​ពិភព​លោក​ ​ផ្ដល់​អនុសាសន៍​ថា​ ​ដើម្បី​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ផ្នែក​ម៉ាក្រូ​សេដ្ឋកិច្ច​ឲ្យ​មក​នៅ​កម្រិត​ទាប​ វិធានការ​ចាំបាច់​ដែល​រដ្ឋាភិបាល​ត្រូវ​ពិចារណា​ដាក់​ចេញ​ ​រួមមាន​ ​ការ​រក្សា​បញ្ជី​បៀវត្សរ៍​សាធារណៈ​កុំ​ឲ្យ​រីក​មាឌ​ត​ទៅ​ទៀត​ ​ការ​ពង្រឹង​សមត្ថភាព​ឃ្លាំមើល​ ​និង​ត្រៀម​ឆ្លើយតប​វិបត្តិ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ដាក់កំហិត​ធនាគារ​កុំ​ឲ្យ​ផ្ដល់​កម្ចី​ដល់​ផ្នែក​សំណង់​ ​និង​អចលន​ទ្រព្យ​ជា​ដើម។ ធនាគារ​ពិភព​លោក​ ​ក៏​ស្នើ​ឲ្យ​កម្ពុជា​ ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ក្រៅ​ប្រទេស​ ធ្វើ​កំណែ​ទម្រង់​ជា​ប្រព័ន្ធ​មួយ​ដើម្បី​ជួយ​កែ​លម្អ​បរិយាកាស​វិនិយោគ​ឲ្យ​ប្រសើរ​ឡើង​ និង​កាត់បន្ថយ​ថ្លៃ​ដើម​ក្នុង​ការ​ធ្វើ​ជំនួញ​ ​ព្រោះ​កត្តា​ទាំង​នេះ​ជា​មូលហេតុ ដែល​នាំឲ្យ​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា។

ការ​ព្យាករ​របស់​ធនាគារ​ពិភពលោក​នេះ គឺ​មិន​សូវ​ជា​ខុសគ្នា​ប៉ុន្មាន​ឡើយ​ពី​ការ​ព្យាករ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ​ដែល​ទើបនឹង​ចេញផ្សាយ​កាលពី​ដើម​ខែ​មេសា​នេះ។ កាល​ណោះ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ព្យាករណ៍​ដូចគ្នា​ថា សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ​មក​នៅ​ ៧% ក្នុង​ឆ្នាំ២០១៩ ​និង​ធ្លាក់​ចុះ​ដល់​ ៦,% ក្នុង​ឆ្នាំ២០២០ ​គឺ​ទាប​ជាង​ធនាគារ​ពិភពលោក​បន្តិច។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ​ក៏​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ខាងលើ​នេះ​ដែរ រួមផ្សំ​នឹង​កត្តា​គ្រោះថ្នាក់​រាំងស្ងួត​ក្នុង​ឆ្នាំ២០១៩ នេះ​ដែល​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​កសិកម្ម​ ​និង​ថាមពល​អគ្គិសនី និង​បញ្ហា​នៃ​ការ​ខ្វះ​ធនធាន​មនុស្ស​មាន​ជំនាញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួង​យុត្តិធម៌​ផ្អាក​តួនាទី​របស់​ព្រះរាជ​អាជ្ញា​រង​ខេត្ត​កំពង់ធំ ដែល​ជាប់​ចោទ​ពី​បទ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក

$
0
0

លោក អង្គ​វង្ស​ វឌ្ឍនា ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សម្រេច​ផ្អាក​តួនាទី​របស់​ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​ ឈ្មោះ ជា សុវណ្ណថេត បន្ទាប់ពី​ក្រសួង​យុត្តិធម៌​ទទួល​បាន​ការ​ជូន​ដំណឹង​របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​ ស្ដីពី​ការចោទប្រកាន់​លោក ជា សុវណ្ណថេត ​ពី​បទ​ផ្ដើម​គំនិត​ក្នុង​អំពើ​កាប់​ឆ្ការ គាស់ ឈូស​ឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃ​កោងកាង ឬ​ហ៊ុមព័ទ្ធ​កាន់កាប់​ព្រៃ​លិច​ទឹក និង​ព្រៃ​កោងកាង​ ក្នុង​ខេត្ត​កំពង់ធំ។

 

លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ផ្ញើ​ទៅ​ព្រះរាជ​អាជ្ញា ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​ ​នៅ​ថ្ងៃ​ទី២២ ​ខែ​មេសា ​ឱ្យ​ដឹង​ថា ក្រសួង​បាន​ស្នើ​ទៅ​ព្រះរាជ​អាជ្ញា ​ឱ្យ​ផ្អាក​តួនាទី​របស់​ព្រះរាជ​អាជ្ញា​រង​ឈ្មោះ ជា សុវណ្ណ​ថេត ជា​បណ្ដោះអាសន្ន ​រហូតដល់​មាន​ការសម្រេច​របស់​តុលាការ​ជា​ស្ថាពរ ​ដោយ​យោង​តាម​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជ​អាជ្ញា មាត្រា​ ៥៨ ​និង​មាត្រា​ ១០០ ។​

 

ក្នុង​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ក៏​បាន​បញ្ជាក់​ដែរ​ថា ព្រះរាជ​អាជ្ញា​រង​ លោក ជា សុវណ្ណ​ថេត ​បាន​រង​ការចោទប្រកាន់​ថា​បាន​ផ្ដួចផ្ដើម​ ក្នុង​ការ​កាប់​ឆ្ការ​ព្រៃ​កោងកាង និង​ព្រៃ​លិច​ទឹក​ កាលពី​ថ្ងៃ​ទី​ ១៣ ដល់​ថ្ងៃ​ទី១៧ ខែ​មេសា​។ ​បទ​ចោទប្រកាន់​នេះ នឹង​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ តាម​មាត្រា២៨ ​នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា៩៨ ​នៃ​ច្បាប់​ជល​ផល។

ទាក់ទង​នឹង​បញ្ហា​នេះ​ អភិបាល​ខេត្ត​កំពង់ធំ​ លោក សុខ លូ ​ក៏​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ឱ្យ​ដឹង​ថា មនុស្ស​ដែល​ជាប់ពាក់ព័ន្ធ​នឹង​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​ចំនួន ៩នាក់ រួម​ជាមួយ​នឹង​គ្រឿងចក្រ​ជា​ច្រើន​ ត្រូវ​បាន​កង​កម្លាំង​របស់​ខេត្ត​ឃាត់​ខ្លួន ខណៈ​ពួក​គេ​កំពុង​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មេសា។ លោក​បន្ថែម​ថា​មក​ទល់​ពេលនេះ​ តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​ មនុស្ស​ទាំង​ ៩ នាក់​នោះ​ជា​បណ្ដោះអាសន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រុម​យុវជន​ និង​ពលរដ្ឋ​ស្នើ​របប​ក្រុងភ្នំពេញ ឱ្យ​បង្ហាញ​ពី​ការ​កំណត់​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ជា​សាធារណៈ

$
0
0

ក្រុម​យុវជន​ និង​ពលរដ្ឋ​ស្នើ​ឲ្យ​របប​លោក​ហ៊ុន​សែន​ បង្ហាញ​លទ្ធផល​ពី​ដំណើរការ​បោះ​បង្គោល​ព្រំដែន​គោក​ ជាមួយ​វៀតណាម​ជា​សាធារណៈ​ និង​ផ្ដល់​លទ្ធភាព​ឲ្យ​ពួកគេ​ចូលរួម​តាមដាន​ និង​ស្វែងយល់​ ឲ្យបាន​ពេញលេញ​ ពី​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម។ ការ​លើកឡើង​នេះ​ ក្រោយពី​ពួកគេ​សង្កេតឃើញ​ថា​ គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា និង​វៀតណាម​បាន​បោះ​បង្គោល​ព្រំដែន​ ធ្វើ​ឡើង​ដោយ​សម្ងាត់​ និង​មិន​បាន​បង្ហាញ​ពី​ស្ថានភាព​ព្រំដែន​ ជា​សារធារណៈ​នោះ​ទេ​ នាំ​ឲ្យ​ពួក​គេ​មន្ទិល​ និង​បារម្ភ​ខ្លាច​របូត​ដីស្រែ​ទៅ​វៀតណាម​ទៀត។

ក្រុម​យុវជន​ និង​ពលរដ្ឋ​ សង្កេតឃើញ​ថា​ របប​ក្រុងភ្នំពេញ​មិនបាន​លើកទឹកចិត្ត​ និង​បើក​លំ​ហរ​សេរីភាព​ ឲ្យ​យុវជន​ និង​ ពលរដ្ឋ​ចូលរួម​ការពារ​ព្រំដែន​ និង​ ដឹងឮ​ពី​បញ្ហា​ព្រំដែន​ឲ្យបាន​ពេញលេញ​នោះ​ទេ​ ថែមទាំង​គំរាម​ពលរដ្ឋ​ និង​យុវជន​ណា​ ដែល​ឈឺឆ្អាល​រឿង​បញ្ហា​ព្រំដែន​ថា​ ជា​ក្រុម​បក្ស​ប្រឆាំង​ និង​ព្យាយាម​រារាំង​មិន​ឲ្យ​នរណា​និយាយ​ពី​បញ្ហា​នេះ។

ការ​លើក​ឡើង​នេះ​ ក្រោយ​ពី​ គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុ​ជា​ថ្មីៗ នេះ បាន​ត្រៀម​ឯកសារ​ទទួល​ស្គាល់​បង្គោល​ព្រំ​ដែន​កម្ពុជា​វៀតណាម​ ដែល​បាន​បោះ​សម្រេច​បាន​ជាង​ ៨០ភាគ​រយ (៨៤%) ក្នុង​ទិសដៅ​ឲ្យ​អន្តរជាតិ​ទទួល​ស្គាល់​បង្គោល​ព្រំ​ដែន​ទាំង​នោះ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​ខ្មែរ​ និង​ជា​សមាជិក​ក្រុម​ការងារ​ ១០០រាត្រី​លោក​ មួង​ សូ​នី​ ដែល​ចុះ​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​ ឲ្យដឹង​នៅ​ថ្ងៃ​ទី២៤ មេសា​ថា ក្រុម​យុវជន​ និង​ពលរដ្ឋ​ នៅ​តែ​មិនទាន់​ជ្រាប​ច្បាស់​ ពី​ការ​ប្រើ​ប្រាស់​ផែនទី​របស់​រដ្ឋាភិបាល​ ក្នុង​ការកំណត់​បង្គោល​ព្រំ​ដែន​កម្ពុជា​វៀតណាម​នៅ​ឡើយ​ទេ​ ហើយ​ក៏​គ្មាន​នរណា​មាន​សិទ្ធិ​ ផ្ដល់​យោបល់​ឲ្យ​រដ្ឋាភិបាល​ដែល​ ទាក់ទិន​ការ​បោះ​បង្គោល​ព្រំដែន​ និង​ការ​ដោះស្រាយ​វិបត្តិ​ព្រំដែន៖ «ក្រុម​ការងារ ១០០រាត្រី​យើង​នៅ​មិន​ទាន់​យល់​ច្បាស់​ ពី​ការ​ប្រើ​ប្រាស់​ផែនទី​ រដ្ឋាភិបាល​ថា​ យ៉ាង​ម៉េច​ទេ​ ពី​ព្រោះ​វា​ជា​នយោបាយ​លាក់​សម្ងាត់​តែ​ម្តង? ហើយ​អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​តទៅមុខ​ គឺ​គ្មាន​នរណា​អាច​ហាម​ឃាត់​ និង​ផ្ដល់​យោបល់​បាន​ទេ។ ខ្ញុំ​ជឿ​ជាក់​តែ​ ការ​បង្គោល​ព្រំ​ដែន​ គឺ​កម្ពុជា​មិន​ប្រាក​ថា​ មិន​បាត់​បង់​ទឹក​ដី​ទេ​ មាន​កន្លែង​ខ្លះ​ពលរដ្ឋ​ប្រាប់​ថា​ ការ​បោះ​បង្គោល​ព្រំដែន​ ធ្វើ​ឲ្យ​បាត់​បង់​ដី​ស្រែ​គាត់»

លោក​ មួង​ សូ​នី​ បន្ថែម​ថា​ ដំណើរការ​នៃ​ការ​បោះ​បង្គោល​ព្រំដែន​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ជាប់​វៀតណាម​ រដ្ឋាភិបាល​ហាក់​អនុវត្ត​នយោបាយ​ បិទមាត់​ពលរដ្ឋ​ និង​លាក់បាំង​មិន​ឲ្យ​សាធារណៈ​ជន​ដឹង​ឮ។ លោក​អះអាង​ថា​ ការ​ស្រាវជ្រាវ​របស់​ក្រុម​ការងារ​ ១០០រាត្រី​ រក​ឃើញ​ថា​ ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​ ត្អូញត្អែរ​ពី​ការ​បាត់​បង់​ទឹកដី​ស្រែ​របស់​ពួក​គេ​ទៅ​វៀតណាម​គ្រប់គ្រង។ លើស​ពី​នេះ​ បើ​ទោះ​បី​ជា​ ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​បាត់​បង់​ដី​ស្រែ​ចម្ការ​ជា​ច្រើន​ហិកតារ​ក្ដី​ ក៏​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ដោះ​ស្រាយ​ដែរ រហូត​មក​ទល់​ពេល​នេះ។ លោក​អះអាង​ថា​ ដី​ខ្មែរ​ដែល​វៀតណាម​ បាន​បំពាន​យក​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ អាជ្ញាធរ​វៀតណាម​បាន​ក្ដាប់​យ៉ាង​ណែន​ និង​បញ្ជូន​ពលរដ្ឋ​គេ​ឲ្យ​រស់​នៅ​ ថែម​ទាំង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ច្រើន៖ «ការ​បោះ​បង្គោល​ព្រំដែន​ គឺ​ប្រព្រឹត្តទៅ​ដោយ​សម្ងាត់​ជាមួយ​វៀតណាម​ រដ្ឋាភិបាល គឺ​គាត់​មិន​បាន​បង្ហាញ​ពី​ស្ថានភាព​ពិត​នៃ​ព្រំដែន​ ចំណោះ​ដឹង​ពី​បញ្ហា​ព្រំដែន​ និង​ការ​វិវឌ្ឍ​ស្ថាន​ការ​តាម​ព្រំដែន​ ជូន​ពលរដ្ឋ​យើង​ឲ្យ​បាន​ដឹង​ឮ​ និង​បាន​ចូលរួម​ ដែល​វា​ខុស​គ្នា​ទាំង​ស្រុង​ ពី​ប្រទេស​ថៃ​ វៀតណាម​ជា​ដើម​ ដែលគេ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​គេ​ចូលរួម»

ឆ្លើយ​តប​រឿង​នេះ​ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេ​សកម្ម​ពិសេស​កិច្ចការ​ព្រំដែន​ លោក វ៉ា គឹមហុង​ ឲ្យ​ដឹង​ថា​ កម្ពុជា​កំពុង​ធ្វើ​ឯកសារ​ទទួល​យក​លទ្ធផល​ដែល​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ បោះ​បង្គោល​រួច​ សម្រេច​បាន ៨៤ភាគ​រយ។ លើស​ពី​នេះ​ គណៈកម្មការ​ព្រំដែន​កម្ពុជា​សម្រេច​ ទទួលយក​លទ្ធផល​នេះ​ នឹង​ធ្វើ​ឯកសារ​ ជា​ពិធី​សារ​មួយ​ទៀត​ ដោយ​ផ្អែក​តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​ ២០០៥។ លោក​បញ្ជាក់​ថា​ ឯកសារ​ទី២​ កម្ពុជា​នឹង​ធ្វើឲ្យ​ចប់​សព្វ​គ្រប់​ នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ​ ២០១៩​ ដើម្បី​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​លទ្ធផល​ក្នុង​ការ​កំណត់​បន្ទាត់​ព្រំដែន​នេះ។ ចំពោះ​សំនួរ​ដែល​សួរ​ថា​ យុវជន​ និង​ពលរដ្ឋ​ ចង់​ឲ្យ​រដ្ឋាភិបាល​ផ្សាយ​ជា​សាធារណៈ​ ពី​ការ​កំណត់​បង្គោល​ព្រំ​ដែន​ លោក​ វ៉ា​ គឹមហុង​ ឆ្លើយ​ថា​ គណៈកម្មការ​ជំនាញ​នឹង​ផ្សព្វផ្សាយ​ នៅ​គ្រា​ដែល​បង្គោល​ព្រំ​ដែន​បោះ​រួចរាល់​ និង​ទទួលស្គាល់​ដោយ​អន្តរជាតិ៖ «បើ​ចុះ​ហត្ថលេខា​ហើយ​ និង​សុំ​សច្ចាប័ន​អី​ទៅ​ គេ​ផ្សព្វផ្សាយ​ហើយ​ មិន​ទាន់​រួច​ផង​គេ​ផ្សព្វផ្សាយ​ម៉េច​ កំពុង​ចរចា​គ្នា​ ឲ្យ​ផ្សព្វផ្សាយ​ដែរ? នាយករដ្ឋមន្ត្រី​ផ្សាយ​ ៤ម៉ោង​ ទៅ​ ៥ម៉ោង​ នៅ​តែ​មិន​ស្ងប់​ចិត្ត​ នៅ​តែ​គាត់​មិន​ដឹង​ថា យើង​លាក់លៀម​ វា​អត់​មាន​អី​លាក់លៀម​ទេ។ រដ្ឋាភិបាល​មាន​តួនាទី​ជម្រាប​ទៅ​សាធារណៈ​ជន​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក។ អត់​មាន​អី​លាក់លៀម​ទេ​បាទ»

ចំណែក​ពលរដ្ឋ​ដែល​ធ្លាប់​ចុះ​ទៅ​ពិនិត្យ​មើល​បញ្ហា​ព្រំដែន​ នៅ​ខេត្ត​ស្វាយរៀង​ ហើយ​ត្រូវ​វៀតណាម​ វាយ​ឲ្យ​របួស​ ថ្លែង​មិន​ហាន​បញ្ចេញ​ឈ្មោះ​ប្រាប់​អាស៊ី​សេរី​ថា​ រដ្ឋាភិបាល​ គ្មាន​ឆន្ទៈ​ និង​គោល​នយោបាយ​ច្បាស់លាស់​ បង្ហាញ​ពលរដ្ឋ​ឲ្យ​ស្វែង​យល់​ពី​បញ្ហា​ព្រំដែន​នោះ​ទេ​ ថែម​ទាំង​គំរាម​កំហែង​ យុវជន​ និង​ពលរដ្ឋ​ណា​ ដែល​ឈឺ​ឆ្អាល​រឿង​ព្រំដែន​ ត្រូវ​បាន​អាជ្ញាធរ​ចោទ​ថា​ ជា​ក្រុម​បក្ស​ប្រឆាំង។ លោក​ថា​ កន្លង​ទៅ​អាជ្ញាធរ​ខ្មែរ​បាន​រារាំង​ ក្រុម​យុវជន​ និង​ពលរដ្ឋ​មិន​ឲ្យ​ទៅ​ពិនិត្យ​បង្គោល​ព្រំ​ដែន​កម្ពុជា​-វៀតណាម​ នៅ​ខេត្ត​ស្វាយរៀង​ នៅ​គ្រា​ដែល​ពលរដ្ឋ​នៅ​តំបន់​នោះ អះអាង​ថា​ អាជ្ញាធរ​ប្រទេស​ទាំងពីរ​បាន​ឯកភាព​គ្នា​ បោះ​បង្គោល​ព្រំដែន​ចូល​ដីខ្មែរ​ច្រើន​គីឡូម៉ែត្រ៖ «យើង​ប្រជា​ប្រជាជន​កម្ពុជា​យើង​ត្រូវ​យល់​ដឹង​ថា​ ព្រំដែន​យើង​នៅ​ត្រង់​ណា? ហើយ​ផែនទី​យើង​ ដែល​ស្រប​ច្បាប់​ ដែល​បន្សល់​នៅ​អង្គការ​សហប្រជាជាតិ​នៅ UN យើង​មាន​ខ្នាត​អី? ហើយ​ទំហំ​ប៉ុន្មាន? អ៊ីចឹង​យើង​បោះ​តាម​ហ្នឹង​មក។ យើង​អត់​អាច​ត្រូវ​កែប្រែ​ពី​ព្រំដែន​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ កែ​មក​ដាក់​ព្រំ​ដែន​មួយ​ បាត់បង់​ទឹកដី​ អា​ហ្នឹង​វា​អត់​ត្រូវ​ទេ»

សមាជិក​ក្រុម​ការងារ ១០០រាត្រី​ លោក​ មួង​ សូនី​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ ក្នុង​ការ​សម្រេច​ចិត្ត​កំណត់​បង្គោល​ព្រំ​ដែន​ជាមួយ​វៀតណាម​ ព្រោះ​រឿង​នេះ​ មិន​មែន​ជា​រឿង​លេង​សើច​ទេ​ ជា​បញ្ហា​អធិបតេយ្យ​ជាតិ​ ដែល​បុព្វបុរស​ខ្មែរ​ លះបង់​ជីវិត​ការពារ​ទឹក​ដី​ឲ្យ​កូន​ខ្មែរ​ថែរក្សា​ មិន​គូរ​បណ្ដោយ​ឲ្យ​បរទេស​រំលោភ​យក​ដោយ​ងាយៗ​ នៅ​សម័យ​នេះ​នោះ​ទេ។ លោក​រក​ឃើញ​ថា ដី​ខ្មែរ​តាម​បណ្ដោយ​ព្រំដែន​មួយ​ចំនួន​ នៅ​ខេត្ត​តាកែវ​ និង​ខេត្ត​ព្រៃវែង​ជាដើម​ មាន​ប្រជាជន​វៀតណាម​រស់នៅ​ច្រើន​ស្អេកស្កះ​ ដែល​ជាហេតុ​ធ្វើឲ្យ​ពួកគេ​ បារម្ភ​ខ្លាចក្រែង​ តំបន់​នោះ​បាត់បង់​ទៅ​វៀតណាម​ទៀត​នៅ​ថ្ងៃ​អនាគត។

ទោះ​យ៉ាងណា​ របាយការណ៍​របស់​ក្រុមការងារ​ ១០០រាត្រី​ រក​ឃើញ​ថា​ ខេត្ត​ជាប់​ប្រទេស​វៀតណាម​រួមមាន​ ខេត្ត​ស្វាយរៀង​ ព្រៃវែង​ ខេត្ត​កណ្ដាល​ តាកែវ​ ត្បូងឃ្មុំ​ ខេត្ត​ក្រចេះ​ និង​តំបន់​អូរ​ហុច​ ក្នុង​ស្រុក​អូរ​រាំង​ខេត្ត​មណ្ឌលគិរី​ មាន​ប្រជាជន​រាប់​សិប​គ្រួសារ​ត្អូញត្អែរ​ពី​ការ​បាត់​បង់​ដីខ្មែរ​ទៅ​វៀតណាម​ មាន​តំបន់​ខ្លះ​បាត់បង់​រាប់​សិប​គីឡូម៉ែត្រ​ក្រឡា​ និង​តំបន់​ខ្លះ​បាត់​ដីស្រែ​ពលរដ្ឋ​ខ្មែរ​ដែល​អាស្រ័យ​ផល​តាំង​ពី​បុរាណ​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សកម្មជន​បរិស្ថាន និង​កូន​ប្រុស​លោក ឈុត វុទ្ធី ទាមទារ​ឲ្យ​សមត្ថកិច្ច​រក​យុត្តិធម៌​ជូន​លោក ឈុត វុទ្ធី

$
0
0

សកម្មជន​បរិស្ថាន និង​កូន​ប្រុស​សកម្មជន​បរិស្ថាន​ដ៏​ល្បី​ឈ្មោះ លោក ឈុត វុទ្ធី យល់ថា សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ​មិន​ទាន់​រក​យុត្តិធម៌ ឬ​ចាប់​ឃាតក​សម្លាប់​លោក ឈុត វុទ្ធី បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​នគរបាល​អះអាង​ថា សមត្ថកិច្ច នៅ​ពុំ​ទាន់​បិទ​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ។

កូន​ប្រុស​សកម្មជន​ការពារ​ព្រៃ​ឈើ​លោក ឈុត វុទ្ធី និង​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ គឺ លោក ​ ឆឺយ ឧត្តមរស្មី និយាយ​ថា ៧ឆ្នាំក្រោយការស្លាប់ឪពុក​របស់​លោក ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​​ឆ្នាំ​២០១២នោះ  មិនទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ។

ការ​រម្លឹក​អំពី​ឃាតកម្ម​លើ​ឪពុក​របស់​លោក ដែល​ពុំ​ទាន់​ទទួល​យុត្តិធម៌​នេះ នៅ​គ្រា​ដែល​ការ​ប្រារព្ធ​ខួប ៧ឆ្នាំ​ជិត​ចូល​មក​ដល់ គឺ​នៅ​ថ្ងៃ​ទី២៦​ ខែ​មេសា​ខាង​មុខ។

លោក​ទទូច​ឲ្យ​ពលរដ្ឋ សកម្មជន​បរិស្ថាន មន្រ្តី​សង្គម​ស៊ីវិល ឬ​មហាជន​ទូទៅ​ចូលរួម​ពិធី បុណ្យ​រម្លឹក​ខួប​នៃ​ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី។

ព្រះតេជព្រះគុណ អូន ឡុង ដែល​សកម្ម​នឹង​ការងារ​សង្គម និង​កិច្ច​ការពារ​បរិស្ថាន​មាន​ថេរ​ដីកា​ថា លោក ឈុត វុទ្ធី ជា​វីរបុរស​ការពារ​ព្រៃ​មុន​គេ ដែល​ព្រះតេជព្រះគុណ​កោត​សរសើរ និង​យក​គំរូ​តាម ។ ព្រះអង្គ​បន្ត​ថា ព្រះអង្គ​នឹង​ចូលរួម​ពិធី​បុណ្យ​គម្រប់ ៧ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី៖ «ដោយសារ​អាត្មា​ឃើញ​ឆន្ទៈ​របស់​គាត់ (លោក ឈុត វុទ្ធី) គាត់​បាន​ធ្វើ ដើម្បី​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ហើយ​អាត្មា​បាន​ឃើញ​គាត់​លះបង់ ក៏​អាត្មា​មាន​ចិត្ត​មួយ គឺ​អាត្មា​ចូលរួម​សកម្មភាព​ក្នុង​ការងារ​ហ្នឹង (ការពារ​បរិស្ថាន

លោក ឈុត វុទ្ធី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ក្នុង​រថយន្ត​របស់​លោក កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០១២ នៅ​ចំណុច​វាល​បី ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង បន្ទាប់​ពី​លោក និង​អ្នក​កាសែត​ពីរ​រូប​ទៀត បាន​ចូល​ទៅ​ថត​រូបភាព​គំនរ​ឈើ​នៅ​ក្នុង​ក្រុមហ៊ុន​កាប់​ឈើ ដែល​គេ​ស្គាល់​ឈ្មោះ​ថា ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ដែល​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​ក្នុង​ការ​ស្ដារ​បាត​អាង ដើម្បី​ធ្វើ​វារី​អគ្គិសនី​ក្នុង​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង។

លោក ឈុត វុទ្ធី ដែល​ជា​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​យ៉ាង​ស្វិតស្វាញ​ត្រូវ​ខ្មាន់​កាំភ្លើង បាញ់​សម្លាប់​នៅ​កន្លែង​ពោរពេញ​ដោយ​បទ​ល្មើស​ព្រៃ​ឈើ។ របាយការណ៍​របស់​សមត្ថកិច្ច​បង្ហាញ​ថា ឃាតក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី គឺ​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់​ឈ្មោះ អ៊ិន រតនា    ដោយ​របាយការណ៍​នោះ​បញ្ជាក់​ថា ក្រោយ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី រួច​ហើយ​គេ​ក៏​បាន បាញ់​សម្លាប់​ខ្លួន​ឯង​ចំនួន ២គ្រាប់។

ប៉ុន្តែ​ក្រុម​គ្រួសារ​លោក ឈុត វុទ្ធី និង​មន្រ្តី​សង្គម​ស៊ីវិល​មិន​ជឿ​លើ​ការ​អះអាង​នេះ​ទេ និង​ទាម ទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​បង្កើត​ក្រុម​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ដើម្បី​រក​ឃាតក​ពិត និង​អ្នក​នៅ​ពី​ក្រោយ៖ «ខ្ញុំ​ទាមទារ​រយៈ​ពេល ៧ឆ្នាំ​ហើយ​មក​ដល់​ថ្ងៃ​ទី២៦ ខែ​មេសា​នេះ មិន​បាន​ឃើញ​ពន្លឺ​យុត្តិធម៌​សោះ សម្រាប់​ឪពុក​ខ្ញុំ។ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គាត់​មិន​មាន​ចេតនា​ពិត​ប្រាកដ​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ឪពុក​ខ្ញុំ​ទេ»

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន ឲ្យ​អាស៊ី​សេរី​ដឹង​ថា សមត្ថ កិច្ច​នៅ​តែ​ស្រាវជ្រាវ​ករណី​នេះ​ដដែល ហើយ​សមត្ថកិច្ច​មិន​ទាន់​បិទ​សំណុំ​រឿង​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា សមត្ថកិច្ច​ត្រូវ​ការ ពេល​វេលា​ប៉ុន្មាន​ទៀត ដើម្បី​បញ្ចប់​រឿង​នេះ​ទេ៖ «នៅ​ក្នុង​នីតិវិធី​ស្រាវជ្រាវ​ស៊ើបអង្កេត យើង​អត់​ទាន់​បិទ​ទេ យើង​អត់​ទាន់​បិទ​ទេ យើង​មិន​អាច​ព្យាករ​ការស៊ើបអង្កេត​ទេ អ្នក​ណា​ព្យាករ​ការ​ស៊ើប​អង្កេត​ដូច​មុខ​របរ​រក​ស៊ី​វិនិយោគ​ទុន​នោះ»

សកម្មជន​ការពារ​បរិស្ថាន​ជំនាន់​ថ្មី លោក​ សាន់ ម៉ាឡា និយាយ​ថា លោក​សោក​ស្ដាយ និង​ខក​ចិត្ត​ចំពោះ​សមត្ថកិច្ច​ដែល​មិន​ទាន់​រក​យុត្តិធម៌​ជូន​ដល់​វិញ្ញាណក្ខន្ធ​លោក ឈុត វុទ្ធី និង​គ្រួសារ​លោក ​ឈុត វុទ្ធី។ យុវជន​ដដែល​បន្ត​ថា សកម្មភាព​របស់​លោក ឈុត វុទ្ធី កន្លង​មក​បាន​ជំរុញ ទឹក​ចិត្ត​លោក​ឲ្យ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ៖ «ខ្ញុំ​សង្កេត​ឃើញ​ថា លោក ឈុត វុទ្ធី គាត់​ធ្វើ​ការ​ដោយ​មាន​សេចក្ដី​ក្លាហាន​ឆន្ទៈ​មោះមុត អ្វី​ដែល​លោក ឈុត វុទ្ធី បាន​ធ្វើ​ជំរុញ​ឲ្យ​ពួក​យើង​ក្នុង​នាម​យុវជន​ចង់​បន្ត​ធ្វើ​ឲ្យ​បាន​ដូច​គាត់»

ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ក៏​មិន​ខុស​ពី​ករណី​ឃាតកម្ម​លើ​អ្នក​កាសែត អ្នក​សិល្បៈ មន្រ្តី​សិទ្ធិ​មនុស្ស និង​មន្ត្រី​គណបក្ស​ប្រឆាំង​នោះ​ដែរ គឺ​សមត្ថកិច្ច​រក​មិន​ឃើញ​ជន​ប្រព្រឹត្តិ ​ឬ ឃាតក​ពិត​យក​មក​ទទួល​ទោស ចំពោះ​មុខ​ច្បាប់​នៅ​ឡើយ​ទេ។

លោក​ ឆឺយ ឧត្តមរស្មី​ កូន​ប្រុស​ច្បង​របស់​លោក ឈុត វុទ្ធី ឲ្យ​ដឹង​ថា ពិធី​បុណ្យ​គម្រប់ ៧ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី នឹង​ប្រារព្ធ​នៅ​ថ្ងៃ​សុក្រ​ ទី២៦​ ខែ​មេសា​ ឆ្នាំ២០១៩​ វេលា ម៉ោង​៧ព្រឹកដល់ម៉ោង១១ថ្ងៃត្រង់ នៅ​ភូមិ​ស្វាយមាស ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល​ដែល​ជា​ទី​កន្លែង​បញ្ចុះ​សព​លោក ឈុត វុទ្ធី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ប្រជា​សហគមន៍​​​ខេត្ត​កោះកុង​​ បន្ត​រក​កិច្ច​​អន្តរាគមន៍​និង​ដំណោះស្រាយ​ពី​លោក ហ៊ុន សែន ក្នុង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន

$
0
0

ប្រជា​សហគមន៍ ២៧​នាក់​ តំណាង​ឲ្យ ​៧៧​គ្រួសារ​មក​ពី​ស្រុក​ចំនួន​ពីរ​នៃ​ខេត្ត​កោះកុង ​ប្រមូល​ផ្ដុំ​គ្នា​លើក​បដា​ នៅ​ក្បែរ​ភូមិគ្រឹះ លោក ហ៊ុន សែន ជិត​វិមាន​ឯករាជ្យ សុំ​អន្តរាគមន៍​ជួយ​​ដោះស្រាយ​វិវាទ​ដីធ្លី​​ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន ដែល​អូស​បន្លាយ​ជាង ​១០​ឆ្នាំ​មក​ហើយ​។ ប៉ុន្តែ​ការ​ទាមទារ​របស់​អ្នក​ស្រុក​គីរីសាគរ និង​បទុម​សាគរ ត្រូវ​បាន​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ជាច្រើន​នាក់ ហាម​ឃាត់ និង​ប្រាប់​ឲ្យ​ពួកគាត់​​ទៅ​រក​ដំណោះស្រាយ​ពី​ក្រសួង​បរិស្ថាន​វិញ។ ក្នុង​ពេល​​ស្រែក​រក​ដំណោះ​ស្រាយ​រឿង​ដីធ្លី​​​ពី​លោក ហ៊ុន សែន មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​ រវាង​ពលរដ្ឋ​និង​ក្រុម​សន្តិសុខ​នោះ​ទេ។

តំណាង​សហគមន៍​កោះស្ដេច​ ស្រុក​គិរី​សាគរ​ ខេត្ត​កោះកុង លោកស្រី សាំង ពុយ ថ្លែង​ថា ការ​បន្ត​ដើរ​រក​ដំណោះស្រាយ​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី ២៤ មេសា ដោយ​សារ​តែ​ពួកគាត់​អស់​ជំនឿ​លើ​ក្រសួង​បរិស្ថាន​ និង​ក្រសួង​រៀប​ចំ​ដែនដី​ ដែល​រុញ​ដាក់​ទៅ​វិញ​ទៅ​មក ហើយ​មិន​ព្រម​ទទួល​ខុស​ត្រូវ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​ឲ្យ​ពួក​គាត់។ តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​សុំ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​និង​ផ្ដល់​ដំណោះ​ស្រាយ​រឿង​ដីធ្លី​ដល់​ពួកគាត់​ទាំង​៧៧​គ្រួសារ។

ដំណោះ​ស្រាយ ដែល​ពលរដ្ឋ​មក​ពី​ខេត្ត​កោះកុង ចង់​បាន​ពី​លោក​ ហ៊ុន សែន គឺ​ស្នើ​សុំ​កាត់​ឆ្វៀល​ដី ចេញ​ពី​តំបន់​របស់​ក្រុមហ៊ុន​ និង​ចេញ​ប្លង់​កម្ម​សិទ្ធិ​កាន់​កាប់​ដីធ្លី​ឲ្យ​ពួក​គាត់ ហើយ​ភាគី​ក្រុមហ៊ុន​ត្រូវ​ផ្ដល់​ជា​សំណង​ទឹក​ប្រាក់​តាម​តម្លៃ​ទីផ្សារ ចំពោះ​ដី​ធ្លី​របស់​ពលរដ្ឋ​ណា​ដែល​ក្រុមហ៊ុន​ត្រូវ​ការ៖ «អត់​បាន​ដាក់​ញត្តិ​ យើង​ទៅ​សុំ​អន្តរាគមន៍​ដើម្បី​ឲ្យ​សម្ដេច​គាត់​ដោះស្រាយ ព្រោះ​ដាក់​ញត្តិ​យើង​ដាក់​ដឹង​ប៉ុន្មាន​សន្លឹក​មក​ហើយ​ កន្លែង​ខុទ្ទកាល័យ​ហ្នឹង​ណា៎។ អញ្ចឹង!​ យើង​អត់​បាន​ដាក់​ញត្តិ យើង​ចង់​ឲ្យ​សម្ដេច​គាត់​បាន​ដឹង​ព័ត៌មាន ព្រោះ​កន្លង​យើង​ជឿ​ថា មាន​មន្ត្រី​រាយការណ៍​មិន​ត្រូវ​ អ៊ីចឹង​ណា៎ រាយការណ៍​បិទ​បាំង​មិន​ឲ្យ​គាត់​ដឹង។ យើង​ថា​ស្នើ​ដោះស្រាយ​ឲ្យ​លឿន​ទៅ​ឲ្យ​ពួក​យើង គឺ​ពួក​យើង​អត់​មាន​ការ​ដោះស្រាយ»

កាល​ពី​ម្សិល​មិញ ​ថ្ងៃ​ទី​២៣​ មេសា អ្នក​កោះកុង​ជិត​៣០​នាក់ នាំ​គ្នា​ទៅ​រក​ដំណោះស្រាយ​ពី​ក្រសួង​ដែនដី ក៏ប៉ុន្តែ​ត្រូវ​មន្ត្រី​តំណាង​ក្រសួង ប្រាប់​ពួកគាត់​ឲ្យ​ទៅ​សាក​សួរ​ដំណោះស្រាយ​ពី​ក្រសួង​បរិស្ថាន​វិញ។

តំណាង​ពលរដ្ឋ​ លោកស្រី សាំង ពុយ​ ឲ្យ​ដឹង​ថា អស់​រយៈ​ពេល​២​ថ្ងៃ​មក​ហើយ ដែល​ពួក​គាត់​តវ៉ា​រក​ដំណោះស្រាយ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​ណាមួយ​ ពី​ខាង​ក្រសួង​បរិស្ថាន​ដែល​ជា​ប្រធាន​អន្តរក្រសួង​ ក្នុង​ការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​ យូញៀន៖ «យើង​ទៅ​ក្រសួង​បរិស្ថាន​ដូច​ដដែល​អ៊ីចឹង។ ពួក​យើង​គ្រាន់​តែ​និយាយ​ថា រង់ចាំ ក្រសួង​កំពុងតែ​ធ្វើ​ការ និយាយ​បាន​តែ​ប៉ុណ្ណឹង​ហើយ​ក៏​ដើរ​ចូល​ទៅ​ក្នុង​វិញ។ អត់​មាន​អ្នក​ណា ឬ​ក៏​អត់​មាន​ជួប​គណៈកម្មការ​ដោះ​ស្រាយ​រឿង​យើង​ គេ​ថា​ អត់​មាន​អ្នក​ណា​នៅ​ទេ អត់​មាន​អ្នក​ណា​នៅ​ទាំង​អស់។ ព្រឹក​មិញ! យើង​មក​ក្រសួង​បរិស្ថាន ហ្នឹង ហើយ​យើង​អង្គុយ​ចាំ​នៅ​ក្រសួង​បរិស្ថាន​ហ្នឹង សមត្ថកិច្ច​ឲ្យ​ទៅ​ធ្វើ​នៅ​កន្លែង​ដើម​ឈើ​ដែរ អត់​ឲ្យ​ឈរ​នៅ​មុខ​ក្រសួង​បរិស្ថាន​ទេ។ យើង​ថា អត់​ព្រម​ទេ ចង់​ជួប​គណៈកម្មការ​ដោះ​ស្រាយ​ឲ្យ​បាន​ តែ​នៅ​តែ​អត់​ជួប។ គេ​អត់​ចេញ​មក​ជួប»

ចំពោះ​ដំណោះស្រាយ​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក​ នេត្រ ភ័ក្ត្រា លើក​ឡើង​ថា ក្រសួង​មិន​អាច​ធ្វើ​ទៅ​បាន និង​ទាន់​ពេល​វេលា ដូច​ការ​ចង់​បាន​របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ ព្រោះ​ក្រសួង​ត្រូវ​ការ​ស៊ើប​អង្កេត​ និង​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ជាមុន​សិន។ លោក នេត្រ ភ័ក្ត្រា បញ្ជាក់​ ក្រសួង​បរិស្ថាន កំពុង​គិត​គូរ​អំពី​ដំណោះស្រាយ​រឿង​នេះ​ហើយ​ ប៉ុន្តែ​ត្រូវ​រង់ចាំ​សេចក្ដី​សម្រេច​ពី​ថ្នាក់​ដឹកនាំ​ជា​មុន​សិន ថា​តើ​គួរ​បន្ត​ឲ្យ​អន្តរ​ក្រសួង ដែល​មាន​ក្រសួង​ដែន​ដី​និង​ក្រសួង​បរិស្ថាន​ ជា​អ្នក​ដោះ​ស្រាយ​ ឬ​ក៏​ត្រូវ​ផ្ទេរ​ទៅ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ជា​អ្នក​ដោះស្រាយ​វិញ។ គិតដល់​ពេល​នេះ អ្នកនាំពាក្យ​រូប​នេះ ថា ​ថ្នាក់​ដឹកនាំ​មិន​ទាន់​សម្រេច​យក​យន្តការ​ដោះស្រាយ​ណា​មួយ​នៅ​ឡើយ​ទេ ចំពោះ​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កោះកុង៖ «យើង​មិន​ឱប​បញ្ហា​នៅ​ក្នុង​ទ្រូង ពី​ព្រោះ​ថា​តើ​មាន​សារ​ប្រយោជន៍​ដែល​យើង​ត្រូវ​ទុក​បញ្ហា​ជម្លោះ​នេះ វា​អត់​មាន​ប្រយោជន៍​អី​ទាំង​អស់។ អ៊ីចឹង​ហើយ! បាន​ជា​យើង​ខិត​ខំ​នៅ​ក្នុង​ការ​ដោះ​ស្រាយ ក៏​ប៉ុន្តែ​ការ​ដោះ​ស្រាយ​ត្រូវ​មានការ​ចូល​រួម​ពី​គ្រប់​ភាគី​ទាំង​អស់។ បើ​សិន​ជា ការ​សម្រេច​ថា​យើង​ត្រូវ​បន្ត​តាម​រយៈ​យន្តការ​អន្តរក្រសួង​ គឺ​យន្តការ​អន្តរ​ក្រសួង​ដែល​មាន​ស្រាប់ គឺ​បន្ត​ដោះ​ស្រាយ​បញ្ហា​នេះ និង​ភាគី​ដែល​ពាក់ព័ន្ធ មាន​ប្រជា​ពលរដ្ឋ និង​ក្រុមហ៊ុន»

ចំណែក ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត សង្កេត​ឃើញ​ថា ភាគី​ក្រុមហ៊ុន​ចិន យូ​ញៀន ឌី​វេ​ឡុប​មិន គ្រុប ​( Union Development Group Co.,Ltd) កំពុង​ពន្លឿន​ការ​សាងសង់​ប្រលាន​យន្តហោះ​នៅ​លើ​ដី​ដែល​រដ្ឋ​​សម្បទាន​ក្នុង​ខេត្ត​កោះកុង ឲ្យបាន​រួចរាល់​នៅ​ឆ្នាំ​ក្រោយ។ ហេតុ​នេះ លោក អំ សំអាត យល់​ថា​ អន្តរ​ក្រសួង ជា​ពិសេស ក្រសួង​បរិស្ថាន ​ក៏​គួរ​ពន្លឿន​ការ​ដោះស្រាយ​ឲ្យ​ប្រជា​ពលរដ្ឋ​ឲ្យ​ឆាប់​ដែរ ដោយ​មិន​គួរ​អូស​បន្លាយ​តទៅទៀត​នោះ​ទេ៖ «ខ្ញុំ​គិត​ថា​ ឲ្យ​វា​ស្រប​គ្នា ឲ្យ​ការ​អភិវឌ្ឍន៍​ហ្នឹង​ទៅ​វា​គ្មាន​បញ្ហា ក្រសួង​ដែល​ពាក់ព័ន្ធ គួរ​តែ​រូតរះ ដើម្បី​បញ្ចប់​បញ្ហា​សេស​សល់​ រឿង​ដីធ្លី​ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ យូញៀន គ្រុប​ ហ្នឹង​ទៅ។ បើ​មិន​អ៊ីចឹង​ទេ វា​នឹង​ជះ​ឥទ្ធិពល​នៅតែ​គេ​រិះគន់​ថា បញ្ហា​ដីធ្លី​នៅ​តែ​មាន​ហើយ​វា​ជា​ករណី​រំលោភ​លើ​ដីធ្លី​ និង​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ដែល​កាន់​កាប់​ដីធ្លី​នៅ​ហ្នឹង វា​អត់​ចេះ​ចប់​ទេ នាំ​ឲ្យ​សហគមន៍​ជាតិ​និង​អន្តរជាតិ គេ​នៅ​តែ​មានការ​រិះគន់​ អ៊ីចឹង​បាទ!»

ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​​រវាង​ពលរដ្ឋ​​ជាមួយ​នឹង​ក្រុមហ៊ុន​ចិន យូ​ញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) នៅ​ខេត្ត​កោះកុង បាន​អូស​បន្លាយ​ជាង ១០ឆ្នាំ​មក​ហើយ។ ពលរដ្ឋ​ថា ក្រុមហ៊ុន​ចិន យូញៀន​ នៅ​ពេល​កន្លង​មក​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន ដើម្បី​បណ្ដេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ក្នុង​ភូមិ​ក្បែរ​មាត់​សមុទ្រ ដោយ​ឲ្យ​សំណង​មិន​សមរម្យ​ទៅ​ពលរដ្ឋ។ ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​ដុត​កម្ទេច​ផ្ទះ និង​កាប់​បំផ្លាញ​ផល​ដំណាំ​របស់​ពួក​គាត់​អស់​ជា​ច្រើន​ហិកតារ នៅ​តំបន់​ថ្ម​ពាន ក្នុង​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង។

ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប ​(Union Development Group Co.,Ltd) ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន​ជាង​៤ម៉ឺន​៥ពាន់​ហិកតារ (៤៥.១០០) ​ពី​របប​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០៨ ដើម្បី​សាងសង់​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ជិត​៤​ពាន់​លាន​ដុល្លារ (​,៨​ពាន់​លាន​ដុល្លារ)។ ​គម្រោង​ទីក្រុង​ទេសចរណ៍​ដ៏​ធំ​សម្បើម​មួយ​នេះ​ កំពុង​សាងសង់​នៅ​ចំ​កណ្ដាល​ឧទ្យាន​ជាតិ​បទុម​សាគរ​ ក្នុង​ខេត្ត​កោះកុង ដែល​អាច​ប្រើ​ពេល​២៥​ឆ្នាំ​ដើម្បី​បញ្ចប់​ការ​សាងសង់។

គម្រោង​អភិវឌ្ឍ​នេះ បាន​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​ ចាក​ចេញ​ពី​លំនៅឋាន ប៉ុន្តែ​នៅ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​​នៅ​ឡើយ​មក​ដល់​ពេល​នេះ។

ប្រជា​សហគមន៍​ដីធ្លី​ខេត្ត​កោះកុង​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន បញ្ជាក់​ជំហរ​ថា ពួក​គេ​នៅ​តែ​បន្ត​ឡើង​មក​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​ពី​ក្រសួង​ដែន​ដី និង​ក្រសួង​បរិស្ថាន ជា​ថ្មី​ទៀត លុះ​ត្រាតែ​ទទួល​បាន​ដំណោះស្រាយ​ពិតប្រាកដ​ពី​អាជ្ញាធរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ទីរ​អប់រំ​​រាជធានី​ភ្នំពេញ ណែនាំ​ឲ្យ​គណៈ​គ្រប់​គ្រង​គ្រឹះស្ថាន​សិក្សា​​ ​ ការពារ​សុខភាព​​សិស្ស កំឡុង​ពេល​​អាកាស​ធាតុ​​ឡើង​កម្ដៅ​ខ្លាំង

$
0
0

មន្ទីរ​អប់រំ យុវជន​ និង​កីឡា​រាជធានី​ភ្នំពេញ ណែនាំ​ឲ្យ​គ្រឹះស្ថាន​សិក្សា​​ទាំង​អស់​នៅ​ភ្នំពេញ ត្រូវ​​ប្រុង​ប្រយ័ត្ន និង​ការពារ​សុខភាព​សិស្ស ក្នុង​ស្ថានភាព​​អាកាស​ធាតុ​ឡើង​កម្ដៅ​​ខ្លាំង។

វិធានការ​ទាំង​នោះ គឺ​ត្រូវ​បើក​​ចំហ​ទ្វារ​បង្អួច​ជា​ប្រចាំ ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់ ហើយ​ត្រូវ​បាញ់​ទឹក​ស្រោចស្រព​លើ​ដំបូល​អគារ​ទាបៗ និង​បេតុង​ មុខ​ថ្នាក់​រៀន​ ដើម្បី​បន្ថយ​កម្ដៅ និង​គួរ​អនុញ្ញាត​ឲ្យ​សិស្សានុសិស្ស​បាន​ចេញ​លំហែ​ក្រោម​ដើមឈើ​ ដែល​មាន​ខ្យល់​គ្រប់គ្រាន់។

ក្នុង​ករណី​ស្ថានភាព​កម្ដៅ​ធ្ងន់ធ្ងរ​មិន​អាច​​ដោះស្រាយ​បាន​ គណៈ​គ្រប់គ្រង​សាលា​ ត្រូវ​​សុំ​ការ​អនុញ្ញាត ​ពី​មន្ទីរ​អប់រំ ដើម្បី​ផ្ដល់​ព័ត៌មាន ​ឲ្យ​អាណាព្យាបាល មក​​យក​កូន​ត្រលប់​ទៅ​ផ្ទះ​វិញ។

កាលពី​ថ្ងៃ​ទី​២២ មេសា ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ជូន​ដំណឹង​ថា ក្នុង​សប្ដាហ៍​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី២២ ដល់​ថ្ងៃ​ទី៣០ មេសា អាកាស​ធាតុ​កម្ដៅ​អតិបរមា នឹង​ឡើង​ចន្លោះ​ពី ៤០ ទៅ​ ៤១អង្សា​សេ ដោយសារ​ កម្ពុជា​ នៅ​តែ​ទទួល​រង​ឥទ្ធិពល​ ​ពី​​បាតុភូត​អាកាស​ធាតុ​ ឈ្មោះ អ៊ែល នីណូ (El Nino) ​​ដែល​នៅ​តែ​បន្ត​អូស​បន្លាយ​​ធ្វើ​ឲ្យ​​​ ពាក់​កណ្ដាល​ដែន​ដី ​នៃ​ពិភព​លោក​ ឡើង​កម្ដៅ។

សារព័ត៌មាន​​ក្នុង​ស្រុក​ (Khmershare.news) ស្រង់​សំដី​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ណារ៉ុន ថា ក្រសួង​អប់រំ​គ្មាន​លទ្ធភាព​​ទិញ​កង្ហារ​ ឬ​ម៉ាស៊ីន​ត្រជាក់​ ឲ្យ​គ្រប់​សាលា​រៀន​ទេ។

ទន្ទឹម​នឹង​ការ​ឡើង​កម្ដៅ​ខ្លាំង បញ្ហា​​​ខ្វះ​អគ្គិសនី ក៏​នៅ​បន្ត​កើត​មាន ​សម្រាប់​រាជធានី​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បញ្ជូន​សំណើ​​​​ក្រុម​សហជីព​ សុំ​ហែ​ក្បួន​កម្មករ​​​ ២ពាន់​នាក់ និង​ប្រារព្ធ​​​ទិវា​ពលកម្ម​អន្តរ​ជាតិ ឲ្យ​ក្រសួង​មហាផ្ទៃ​សម្រេច

$
0
0

អាជ្ញាធរ​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​សំណើ​របស់​ក្រុម​សហជីព ស្នើ​សុំ​ហែ​ក្បួន​កម្មករ​ និង​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ ឲ្យ​ក្រសួង​មហាផ្ទៃ​សម្រេច។ ក្រុម​ថ្នាក់​ដឹកនាំ​សហជីព​យល់​ថា អាជ្ញាធរ​នៅ​តែ​បន្ត​រឹត​បណ្ដឹង​សេរីភាព​ ក្នុង​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ​ដូច​រាល់​ឆ្នាំ ដោយសារ​​ស្ថានភាព​នយោបាយ​នៅ​តែ​បន្ត​តាន​តឹង។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឲ្យ​ដឹង​ថា អាជ្ញាធរ​​បាន​អនុញ្ញាត​ឲ្យ​ក្រុម​​សហជីព​ធំ​ទាំង៨ តំណាង​កម្មករ​គ្រប់​វិស័យ​ការងារ ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ នៅ​សួន​ច្បារ​ក្បែរ​វត្ត​ភ្នំ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ហែ​ក្បូន​កម្មករ​ជាង ២ពាន់​នាក់ ទៅ​មុខ​រដ្ឋសភា​ឡើង។ ប៉ុន្តែ​ដោយសារ​មាន​ការ​តវ៉ា អាជ្ញាធរ​សម្រេច​ថា នឹង​បញ្ជូន​សំណើ​នេះ ទៅ​ក្រសួង​មហាផ្ទៃ​ឲ្យ​សម្រេច​បន្ត៖ «រៀបចំ យើង​​​រៀប​ហើយ ព្រោះ​អ្វី​គេ​ឯក​ភាព​ហើយ។ ទោះ​បី​ក្រសួង​មហាផ្ទៃ​​មិន​ឲ្យ​ក៏​ខាង​ក្រុង​ឲ្យ​។ ប៉ុន្តែ​ហែ​ គឺ​យើង​​នៅ​តែ​បន្ត​ជជែក​គ្នា​ទៀត ចាំ​មើល​លទ្ធភាព​ជាក់​ស្ដែង​សិន នៅ​ក្នុង​នោះ តើ​យើង​អាច​ធ្វើ​អ្វី​បាន? តែ​ឥឡូវ​យើង​រង់ចាំ​សេចក្ដី​សម្រេច​ពី​ខាង​ក្រសួង​មហាផ្ទៃ​សិន។ តែ​កម្មវិធី​ធ្វើ ដឹង​តែ​ធ្វើ​ហើយ»

ការ​សម្រេច​នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ នៅ​ព្រឹក​ថ្ងៃ​ទី២៤ មេសា រវាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជាមួយ​តំណាង​សហជីព ៣ក្រុម ដែល​ដាក់​ពាក្យ​ស្នើ​សុំ​ប្រារព្ធ​​ទិវា​ពលកម្ម​អន្តរ​ជាតិ ១ ឧសភា។ សហជីព​ទាំង ៣ក្រុម​នោះ គឺ​ក្រុម​សហជីព​ចំនួន៨ ដឹកនាំ​ដោយ​ លោក អាត់ ធន់ ក្រុម​សហភាព​សហជីព​កម្ពុជា និង​សមាគម​សាស្ត្រាចារ្យ គ្រូ​បង្រៀន និស្សិត​ បញ្ញវន្ត ដឹក​នាំ​ដោយ លោក រ៉ុង ឈុន និង​អ្នកស្រី យ៉ាង សុភ័ណ្ឌ និង​ក្រុម​របស់​កម្មករ​វិស័យ​សំណង់ ដឹកនាំ​ដោយ លោក សុខ គីន។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង​ សុភ័ណ្ឌ ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​សម្រេច​ក្រុម​សហជីព និង​សមាគម​ទាំង៥ ស្ថាប័ន​ ប្រារព្ធ​កម្មវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៥ ក្នុង​ខណ្ឌ​ឫស្សីកែវ តាម​ការ​ស្នើសុំ ប៉ុន្តែ​ នៅ​មាន​បញ្ហា​ត្រង់​អ្នក​ចូល​រួម ដោយសារ​អាជ្ញាធរ​តម្រូវ​ឲ្យ​តែ ២០០នាក់ ឯ​សហជីព និង​សមាគម ទាមទារ​ជាង ៤០០នាក់ ទើប​ត្រូវ​ការ​សម្រេច​ពី​ខាង​ក្រសួង​មហាផ្ទៃ។ ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ​សមាគម ​សហជីព នឹង​ទាមទារ​ឲ្យ​ក្រសួង​អប់រំ​ គោរព​សិទ្ធិ​ការងារ​ គ្រូ​បង្រៀន​ទាំង ១១នាក់ ដែល​ត្រូវ​បាន​លុប​ឈ្មោះ កាល​ពី​ដើម​ឆ្នាំ២០១៨៖ «អ៊ីចឹង គេ​នឹង​ធ្វើ​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី សម្រប​សម្រួល​បន្ថែម​ទៀត។ តែ​គាត់​ថា វា​មិន​បញ្ហា​ទេ ករណី​ចំនួន​មនុស្ស​ហ្នឹង​ណា តែ​គេ​ធ្វើ​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ​ដែរ»

ប្រធាន​សហព័ន្ធ​សហជីព ​កម្មករ ​សំណង់​ និង​ព្រៃ​ឈើ​កម្ពុជា លោក សុខ គីន ឲ្យ​ដឹង​ថា អាជ្ញាធរ​ក៏​អនុញ្ញាត​ឲ្យ​​ កម្មករ​ជាង ២០០នាក់ ដែល​តំណាង​ឲ្យ​កម្មករ​ជិត​ ១ម៉ឺន​នាក់​ក្នុង​វិស័យ​សំណង់ ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ ១ ឧសភា មុខ​ស្នាក់​ការ​សហជីព​ ក្នុង​ខណ្ឌ​សែន​សុខ តាម​ការ​ស្នើ​សុំ​ដែរ។ ប៉ុន្តែ​ហាម​មិន​ឲ្យ​មាន​ការ​ហែ​ក្បួន​ដាច់ខាត គឺ​អនុញ្ញាត​ឲ្យ​​តំណាង​កម្មករ​១០នាក់ ជិះ​រម៉ក​កង់​បី​ ចំនួន​២​​គត់ យក​ញត្តិ​ទៅ​ដាក់​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោយ​ប្រារព្ធ​ពិធី​រួច។

ប្រធាន​សហជីព​រូប​នេះ អះអាង​ថា កម្មករ​សំណង់​នៅ​តែ​រក្សា​ជំហរ​ ហែ​ញត្តិ​ ទៅ​ដាក់​ជូន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ទាំង​អស់​គ្នា ដើម្បី​ឲ្យ​​បាន​ដឹង​ពី​បញ្ហា​របស់​កម្មករ​សំណង់៖ «ក្រោយ​ពី​សាលា​ក្រុង​ គេ​បាន​អនុញ្ញាត​ដូច​ខ្ញុំ​បាន​រៀប​រាប់​ខាង​ដើម​មិញ​ហ្នឹង មាន​ចៅ​សង្កាត់ មាន​មេ​ប៉ុស្តិ៍​ អធិការ​រង គេ​បាន​មក​ដល់​អហ្វហ៊្វីស (office) របស់​ខ្ញុំ​ហ្នឹង។ គេ​បាន​ប្រាប់​តាម​អ្វី​ដែល​សាលាក្រុង​ គេ​ឲ្យ​ធ្វើ​អ៊ីចឹង​ណា។ ប៉ុន្តែ​ បើ​សិន​មាន​ការ​ឃាត់​អ្វី​នៅ​មុខ​អហ្វហ៊្វីស​ហ្នឹង ប្រហែល​យើង​មាន​ការ​បត់​បែន​​តាម​ហ្នឹង​ណា។​ ប្រសិន​បើ​គ្មាន​អាជ្ញាធរ​ នឹង​ហែ​ទៅ»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​​​អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ លោក ម៉េត​ មាស​ភក្ដី បាន​ទេ នៅ​ថ្ងៃ​ទី​២៤ មេសា ដោយសារ​ មិន​ទទួល​ទូរស័ព្ទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តុលាការ​របប​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយ​ពី​បាន​បង្ហោះ​សារ​រិះគន់​លោក​ ហ៊ុន សែន

$
0
0

តុលាការ​ខេត្ត​ត្បូងឃ្មុំ​សម្រេច​ឃុំ​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ គឺ​លោក ស៊ូ យាន នៅ​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ​នៅ​ថ្ងៃ​ទី២៤ មេសា បន្ទាប់​ពី​សមត្ថកិច្ច ចាប់​ខ្លួន យក​ទៅ​សាកសួរ កាល​ពី​ទី២២​ ខែ​មេសា​។

ការ​ចាប់​ខ្លួន ក្រោយ​ពី​លោក​បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រិះគន់​លើក​ការដឹកនាំ​របប​ក្រុង​ភ្នំពេញ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោលទោស ចំពោះ​វិធាន​ការ​របស់​រដ្ឋាភិបាល និង​ទាមទារ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង។

មេធាវី​ការពារ​ក្ដី​ លោក សំ សុគង់ ​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៤ ខែ​មេសា​ថា តុលាការ​ខេត្ត​ត្បូងឃ្មុំ បាន​សម្រេច​ចោទ​ប្រកាន់​លោក​ ស៊ូ យាន​ ពី​បទ​ញុះញង់​អោយ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​តាម​មាត្រា​ទី​៤៩៤ និង​ ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។ លោក​បញ្ជាក់​ថា ក្រុម​សមត្ថកិច្ច​បាន​សម្រេច​បញ្ជូន​ជន​សង្ស័យ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម​ជា​បណ្ដោះអាសន្ន​ហើយ​ដើម្បី​រង់ចាំ​ការ​ជំនុំជម្រះ​ទោស។

លោក​មាន​ប្រសាសន៍​ ការ​ចាប់​ខ្លួន​ និង​ការ​សម្រេច​ឃុំ​ខ្លួន​ របស់​សមត្ថកិច្ច​កន្លងមក​ធ្វើឡើង​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ចំពោះ​កូន​ក្តី​របស់​លោក​ ហើយ​តុលាការ​គួរ​តែ​ពិចារណា​ឡើង​វិញ។​

អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ស្នងការ​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ​ លោក ប៉ែន រ័ត្ន បាន​ទេ​នៅ​ថ្ងៃ​ទី២៤​ ខែ​មេសា​នេះ។

ក្រុម​សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មេសា​ បាន​ចាប់​ខ្លួន​ លោក​ ស៊ូ យាន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ពី​បទ​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​របប​នេះ​ចាត់​ទុក​ថា ​ជា​ការ​ប្រមាថ​ដល់​លោក​ ហ៊ុន សែន​។

នៅ​ក្នុង​គណនី​ហ្វេសប៊ុក​ដែល​មាន​ម្នាស់​គណនី​ឈ្មោះ​ ស៊ូ យាន​ បាន​សរសេរ​ថា «តម្លៃ​ជាតិ​ធំធេង​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ​។កុំ​យក​រាស្ត្រ​មក​ធ្វើជា​ឧបករណ៍​អំណាច​អី» ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ​គណនី​ដដែល​នេះ​ក៏​បាន​បង្ហាញ​ពី​សកម្មភាព​មហា​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​សប្ដាហ៍​មុន​ផង​ដែរ។

រហូត​មក​ដល់​ពេល​នេះ​មាន​មនុស្ស​ជាង ១០នាក់ ហើយ​ដែល​របប​ក្រុង​ភ្នំពេញ​បាន​ចាប់ខ្លួន​ទាក់​ទិន​នឹង​ការ​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រិះគន់​មេដឹកនាំ​លោក​ ហ៊ុន សែន​ និង​ ព្រះមហាក្សត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ដំណើរ​ការ​រថភ្លើង​​កម្ពុជា-ថៃ នៅ​តែ​ស្ថិត​ក្នុង​ភាព​មិន​​ច្បាស់​លាស់ បន្ទាប់​ពី​មេ​ដឹក​នាំ​ប្រទេស​ទាំង២ បាន​ជិះ​រថភ្លើង​រួម​គ្នា​​ឆ្លង​កាត់​ព្រំដែន

$
0
0

ដំណើរ​ការ​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-ថៃ​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​នៅ​ឡើយ​ទេ​ បើ​ទោះ​បី​ជា​ថ្មីៗ នេះ មេ​ដឹក​នាំ​ប្រទេស​ទាំង​២​បាន​ជិះ​រថភ្លើង​រួម​គ្នា​ឆ្លងកាត់​ព្រំដែន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ជា​ការ​ប្រកាស​ពី​ដំណើរ​ផ្លូវ​រថភ្លើង​នេះ​រួច​ហើយ​ក្ដី ​ក៏​មិន​ទាន់​អាច​បើក​ដំណើរ​​បាន​ដែរ​។

មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ឱ្យ​ដឹង​ថា ការ​យឺតយ៉ាវ​នេះ​​ដោយសារ​នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​នៅ​ច្រក​ព្រំដែន​ប្រទេស​ទាំង​២​មិន​ទាន់​បាន​​ដោះស្រាយ​រួច​រាល់​នៅ​ឡើយ ប៉ុន្តែ​រថភ្លើង​ពី​ប៉ោយប៉ែត​ទៅ​ភ្នំពេញ​​និង​បើក​ដំណើរ​ការ​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ។

មន្ត្រី​សង្គម​ស៊ីវិល​នៅ​ខេត្ត​បន្ទាយមានជ័យ លើក​ឡើង​ថា ប្រជាពលរដ្ឋ​ភាគច្រើន​នឹង​មិន​ហ៊ាន​ធ្វើ​ដំណើរ​​រថភ្លើង​នេះ​ទេ ដោយសារ​មាន​ល្បឿន​​យឺត​ និង​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​តាម​ដង​ផ្លូវ។

ប្រធាន​នាយកដ្ឋាន​ផ្លូវ​ដែក​កម្ពុជា លោក អ៊ុក អួក មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា តាម​កិច្ច​ព្រមព្រៀង​បាន​ឯកភាព​រវាង​កម្ពុជា-​ថៃ​កាល​ពី​ថ្ងៃ​ទី​២២​មេសា​ គឺ​អាច​បើក​ដំណើរ​រថភ្លើង​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំង​២​បាន​ ក៏ប៉ុន្តែ​នៅ​ខ្វះ​ការ​ឯកភាព​ជា​មួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ នៅ​ច្រក​ទ្វារ​ព្រំដែន​ ហើយ​ប្រទេស​ទាំង​២​មិន​ទាន់​ដោះស្រាយ​​ជា​មួយ​ស្ថាប័ន​ទាំង​នេះ​នៅ​ឡើយ។ទោះ​ជា​យ៉ាង​ណា​លោក​ថា​ ខាង​កម្ពុជា​កំពុង​តែ​រៀប​ចំ​នីតិ​វិធី​លើ​បញ្ហា​នេះ​ដើម្បី​ឈាន​ទៅ​រក​ដំណើរ​រថភ្លើង​ នៅ​ពេល​ខាង​មុខ៖ «ដូច​ខ្ញុំ​បាន​លើក​ឡើង​ខាង​ដើម​ លុះ​ត្រា​បាន​ចូល​រួម​ពី​ស្ថាប័ន​ផ្សេងៗ​ទើប​អាច​ឆ្លងកាត់​ព្រំដែន​បាន​ មិន​មែន​មាន​ន័យ​ថា​ព្រំដែន​យើង​អាច​ឆ្លងកាត់​ភ្លាមៗ​បាន​ទេ លុះត្រាតែ​ចូល​រួម​ពី​ស្ថាប័ន​ផ្សេងៗ​ដូច​ជា​គយ​ ប៉ូលិស​ការពារ​ព្រំដែន​ និង​មន្ត្រី​អន្តោប្រវេសន្ត ដែល​ជា​មន្ត្រី​ត្រួតពិនិត្យ​របស់​របរ​ផ្សេងៗ​ទំនិញ​អី​ឆ្លង​កាត់​ព្រំដែន​។បើ​ចំពោះ​ក្នុង​ស្រុក​គឺ​យើង​អាច​រត់​ភ្លាមៗ​បាន​អត់​មាន​បញ្ហា​ទេ​នៅ​ពេល​យើង​រៀន​បច្ចេកទេស​ចប់​សិន»

លោក​បន្ត​ថា​ក្បាល​រថភ្លើង​​​មួយ​គ្រឿង និង​ទូរ​ដឹក​អ្នក​ដំណើរ​ចំនួន ៤ទូរ ដែល​​រាជ​រដ្ឋាភិបាល​ថៃ​បាន​ប្រគល់​ឱ្យ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២២​មេសា​នោះ​ មិន​ទាន់​ប្រើការ​បាន​នៅ​ឡើយ​ទេ​ ដោយ​រង់ចាំ​មន្ត្រី​ជំនាញ​របស់​ថៃ​មក​ជួយ​បង្រៀន​ផ្នែក​បច្ចេកទេស​​ដល់​មន្ត្រី​ផ្នែក​រថភ្លើង​របស់​កម្ពុជា​​សិន​ទើប​អាច​យក​ទៅ​ប្រើការ​បាន​ ព្រោះ​សព្វ​ថ្ងៃ​កម្ពុជា​​មិន​មាន​អ្នក​ជំនាញ​បើក​រថភ្លើង​មួយ​នេះ​បាន​ទេ។ទោះ​ជា​យ៉ាង​ណា​លោក​ថា​ ចាប់​ពី​ថ្ងៃ​​ដើម​ខែ​ឧសភា​ខាង​មុខ​ទៅ​ ក្រុម​ហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal RailWay) របស់​លោក​ ឧកញ៉ា​គិត​ ម៉េង​ និង​បើក​ដំណើរ​រថភ្លើង​ដឹក​អ្នក​ដំណើរ​មួយ​ជើង​ក្នុង​មួយ​សប្ដាហ៍​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​រត់​ក្នុង​ល្បឿន​ពី ៣០ ទៅ ៣៥គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អំពី​តម្លៃ​សំបុត្រ​អ្នក​ដំណើរ​ម្នាក់​ប៉ុន្មាន​នោះ​ទេ៖ «ដូច​ខ្ញុំ​និយាយ​ខាង​ដើម​អីចឹង​ខាង​រដ្ឋ​យើង​អត់​មាន​កំណត់​តម្លៃ​ទេ​ ដោយ​សារ​តែ​ផែនការ​បណ្ដុះបណ្ដាល​អត់​ទាន់​ចប់​ ហើយ​នៅ​ពេល​បណ្ដុះបណ្ដាល​ចប់​យើង​នឹង​រៀបចំ​ផែន​អាជីវកម្ម​ហើយ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ក៏​ដូច​ជា​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដើម្បី​កំណត់​តម្លៃ​សំបុត្រ​។ផ្លូវ​ដែក​យើង​រត់​តែ​អ្នក​ដំណើរ​សិន​ទេ​ ចំពោះ​ទំនិញ​យើង​អត់​ទាន់​និយាយ​ទេ​ ដោយសារ​តែ​វា​មាន​បែប​បទ​ច្រើន​ដែល​ត្រូវ​រត់​ដឹក​ទំនិញ​ ហើយ​ឥឡូវ​យើង​អត់​ទាន់​មាន​ក្បាល​ម៉ាស៊ីន​និង​ទូរ​រថភ្លើង​នៅ​ឡើយ​ទេ​សម្រាប់​រដ្ឋ​ ដោយសារ​តែ​យើង​បាន​ប្រគល់​នាទី​នេះ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ទៅ​ហើយ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក​ ស៊ុំ ច័ន្ទគា លើក​ឡើង​ថា​ ការ​បើក​ដំណើរ​ផ្លូវ​រថភ្លើង​ឡើង​វិញ​នេះ​គ្រាន់​តែ ជា​ការ​ធ្វើ​ឱ្យ​ល្អ​មើល​ ក៏ប៉ុន្តែ​ហាក់​មិន​សូវ​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទៅ​នោះ​ទេ ព្រោះ​ពលរដ្ឋ​ភាគ​ច្រើន​មិន​ហ៊ាន​ជិះ​រថភ្លើង​នេះ​ទេ ដោយសារ​ផ្លូវដែក​របស់​កម្ពុជា​មិន​មាន​ស្តង់ដារ និង​គ្មាន​រនាំង​ការពារ​សុវត្ថិភាព​តាម​ផ្លូវ​ឆ្លងកាត់ ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ដែក​ញឹកញាប់៖ «បើ​សិន​ជា​រថភ្លើង​នឹង​ដាក់​ទៅ​លឿន​ហើយ​មាន​ចរាចរ​គ្រប់គ្រាន់​និង​មាន​តម្លៃ​ថោក​​គឺ​ពលរដ្ឋ​អាច​​ប្រើ​ប្រាស់​សេវា​រថភ្លើង​នេះ​ហើយ​ ប៉ុន្តែ​បើ​ល្បឿន​៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​គឺ​គ្មាន​អ្នក​ណា​គេ​ចង់​ជិះ​ទេ​ ព្រោះ​វា​យឺត​ពេក​ គេ​សុខ​ចិត្ត​ប្រើ​ម៉ូតូ​ប្រើ​អី​លឿន​ជាង​ លើក​លែង​តែ​អ្នក​ដឹក​ទំនិញ​ធំៗ​គេ​ប្រើ​ ប៉ុន្តែ​សម្រាប់​ពលករ​នៅ​ថៃ​គេ​មិន​ប្រើ​ទេ​ ព្រោះ​ទម្រាំ​ទៅ​ដល់​ភ្នំពេញ​ត្រូវ​ចំណាយ​ពេល​ដល់​ទៅ​ជិត​២០​ម៉ោង​ឯណោះ»

លោក​បន្ត​ថា ប្រសិន​បើ​ក្រសួង​មិន​មាន​ការ​កែ​លម្អ​ផ្លូវ​ដែក​ឱ្យ​បាន​ប្រសើរ​ទេ គឺ​​នៅ​ពេល​បើក​ដំណើរ​​រថភ្លើង​ឆ្លង​ប្រទេស​​ថ្ងៃ​ខាង​មុន​ អាច​នឹង​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរ​តាម​ផ្លូវ​រថភ្លើង​កាន់​តែ​ច្រើន​ជា​មិន​ខាន។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត លោក សេង អឿន ថ្លែង​ថា រូប​លោក​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​ ត្រេកអរ​នៅ​ពេល​ឃើញ​រដ្ឋាភិបាល​កម្ពុជា​-ថៃ បាន​បើក​ដំណើរ​រថភ្លើង​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំង​២​ឡើង​វិញ​។ ក៏ប៉ុន្តែ​លោក​អះអាង​ថា មិន​ហ៊ាន​ធ្វើ​ដំណើរ​តាម​រថភ្លើង​របស់​ខ្មែរ​ទេ ព្រោះ​ខ្លាច​គ្រោះ​ថ្នាក់​តាម​ផ្លូវ​បណ្ដាល​ឱ្យ​បាត់បង់ជីវិត ព្រោះ​រថភ្លើង​មិន​ទាន់​បាន​ដំណើរ​ជា​ផ្លូវ​ការ​ផង​ជួប​គ្រោះ​ថ្នាក់​ជា​ច្រើន​ករណី​មក​ហើយ​នៅ​ក្រុង​​ប៉ោយប៉ែត៖ «សម័យ​នេះ​តាម​ការ​ពិត​ត្រូវ​ឱ្យ​ជឿន​លឿន​ជាង​សម័យ​បូរាណ ប៉ុន្តែ​ដល់​មើល​ទៅ​ការ​អភិវឌ្ឍន៍​ដូច​នៅ​យឺត​ខ្លាំង​ ហើយ​ប្រជាពលរដ្ឋ​ចាំ​មើល​ការអភិវឌ្ឍន៍​ជា​ពិសេស​ពលករ​នៅ​ថៃ ដោយ​ពលករ​ខ្លះ​ក៏​សើច​សមត្ថកិច្ច​ខ្មែរ​ដែល​មិន​ចេះ​រៀបចំ​ចរាចរ​ផ្លូវ​ឆ្លង​កាត់​រថភ្លើង​​ ព្រោះ​ពួកគាត់​ឃើញ​រថភ្លើង​មក​ដល់​រនាំង​បិទ​ផ្លូវ​ធ្លាក់​ចំក្បាល​សមត្ថកិច្ច​នៅ​រង្វង់​មូល​ច្រក​ប៉ោយប៉ែត​ពេល​សាក​រថភ្លើង​កាល​ពី​ថ្ងៃ​ទី​២១​មេសា»

កាល​ពី​ថ្ងៃ​ទី២២ មេសា លោក​ ហ៊ុន សែន មេ​ដឹក​នាំ​របប​ក្រុងភ្នំពេញ និង​លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan O-cha) នាយករដ្ឋមន្ត្រី​ថៃ បាន​ជិះ​រថភ្លើង​រួម​គ្នា​ឆ្លង​កាត់​ព្រំដែន​ប្រទេស​ទាំង២ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។ ខាង​រាជ​រដ្ឋាភិបាល​ថៃ​បាន​ប្រគល់​ក្បាល​រថភ្លើង​ប្រភេទDMU (Diesel Multi Unit) មួយ​គ្រឿង និង​ទូរ​ដឹក​អ្នក​ដំណើរ​ចំនួន ៤ទូរ ជា​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា។

ផ្លូវ​រថភ្លើង​ពី​ចំណុច​ព្រំដែន​នៃ​ស្រុក​អារញ្ញប្រាថេត (Aranyaprathet) និង​ស្រុក​អូរ​ជ្រៅ ក្រុង​ប៉ោយប៉ែត គឺ​ជា​ចំណុច​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​ភាគ​ខាង​ជើង​របស់​កម្ពុជា ឆ្ពោះ​ទៅ​ភ្នំពេញ ប្រវែង ៣៨៦គីឡូម៉ែត្រ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ស្ដារ​ឡើង​វិញ​រួច​រាល់ និង​ដាក់​ឱ្យ​ដំណើរ​ការ​ឡើង​វិញ កាល​ពី​ចុង​ឆ្នាំ២០១៨។

អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន​លោក​ គង់ វិមាន​ មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា រថភ្លើង​ថៃ​ផ្ដល់​ជូន​កម្ពុជា​ សម្រាប់​ដឹក​អ្នក​ដំណើរ​ពី​ប៉ោយប៉ែត ទៅ​ក្រុង​បាត់ដំបង ដែល​នឹង​បើក​ដំណើរការ​ក្នុង​ពេល​ឆាប់ គឺ​ក្រោយ​ពី​បាន​សិក្សា​ផ្នែក​បច្ចេកទេស​រួច​រាល់។ លោក​បន្ត​ថា ចំពោះ​ដំណើរ​ការ​ផ្លូវ​រថភ្លើង​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង២ មិន​ទាន់​កំណត់​នឹង​បើក​ដំណើរ​ផ្លូវ​ការ​នៅ​ឆ្នាំ​ណា​ច្បាស់​លាស់​នៅ​ឡើយ​ទេ៖ «រឿង​នេះ វា​ពាក់ព័ន្ធ​ក្រុម​ការងារ​បច្ចេកទេស​របស់​ថៃ ហើយ​យើង​អត់​ហ៊ាន​លូក​ដៃ​លើ​ការងារ​នេះ​សូម​អធ្យាស្រ័យ។ បាទ! ខ្ញុំ​អត់​បាន​ទទួល​ព័ត៌មាន​រឿង​ហ្នឹង​ទេ។ ពេល​ណា​មាន​ព័ត៌មាន​នឹង​អាច​មាន​ការ​ផ្សព្វផ្សាយ​តាម​រយៈ​ប្រព័ន្ធ​ព័ត៌មាន​តាម​គេហទំព័រ​របស់​ក្រសួង​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន»

កន្លង​មក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​លោក​ ស៊ុន ចាន់ថុល ចាត់​ទុក​ការ​ត​ភ្ជាប់​ផ្លូវ​ដែក​កម្ពុជា និង​ថៃ​នេះ​ថា ជា​ការ​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ អាស៊ាន និង​មហា​អនុ​តំបន់​មេគង្គ។

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ កម្ពុជា និង​​ ថៃ កាល​ពី​ថ្ងៃ​ទី៦ ខែ​កក្កដា ឆ្នាំ​២០១៨​ បាន​​​ឯកភាព​លើ​កិច្ចព្រមព្រៀង​រួម​​គ្នា​អំពី​ការ​​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​រថភ្លើង​រវាង​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​មិន​​បញ្ជាក់​ពី​មុខ​ទំនិញ​ដែល​បាន​ឯកភាព​គ្នា​មាន​អ្វី​ខ្លះ​នោះ​ទេ។ កាល​ណោះ រដ្ឋមន្ត្រី​ក្រសួង​មួយ​នេះ​បាន​អះអាង​ថា ភាគី​ថៃ​នឹង​បន្ត​នីតិវិធី​ផ្ទៃ​ក្នុង​របស់​ខ្លួន​ឲ្យ​បាន​លឿន ដើម្បី​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ អាច​កំណត់​កាល​បរិច្ឆេទ​​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ក្នុង​ពេល​ឆាប់ៗ។

កម្ពុជា-ថៃ បាន​អាក់​ខាន​ដំណើរ​ផ្លូវ​រថភ្លើង​តាំង​បី​ឆ្នាំ១៩៧៣ មក ដោយសារ​សង្គ្រាម​ដែល​បណ្ដាល​ឱ្យ​ផ្លូវ​រថភ្លើង​ពី​ក្រុង​សិរីសោភ័ណ​ទៅ​ប៉ោយប៉ែត​ជាប់​ព្រំដែន​ថៃ​​ប្រវែង ៤៨គីឡូម៉ែត្រ​ដាច់​ខូចខាត។

​​ផ្លូវ​រថភ្លើង​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ មាន​ប្រវែង ៣៨៦​គីឡូម៉ែត្រ ចំណាយ​អស់​ថវិកា​សាងសង់​ជាង ៩៦លាន​ដុល្លារ​អាមេរិក (៩៦.៦០០.០០០)។ លោក ស៊ុន ចាន់ថុល ធ្លាប់​អះអាង​ថា គម្រោង​អភិវឌ្ឍន៍​នេះ គឺ​ថវិកា​​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា អេ.ឌី.ប៊ី (ADB) ប្រមាណ ១៣លាន​ដុល្លារ និង​ថវិកា​បដិភាគ​របស់​របប​ក្រុង​ភ្នំពេញ​ជាង ៨៣លាន​ដុល្លារ (៨៣.០០០.០០០) អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ គ្រោង​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​តែ​អាក្រក់

$
0
0

មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ គ្រោង​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​តែ​អាក្រក់។ បេសកកម្ម​ត្រួត​ពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) មាន​រយៈពេល ១១​ ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ដល់​ថ្ងៃ​ទី៩ ខែ​ឧសភា។

អ្នកស្រី​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ថ្ងៃ​ទី២៤ ខែ​មេសា​ថា "បេសកកម្ម​លើក​នេះ គឺ​ផ្ដោត​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​បច្ចុប្បន្ន ដោយ​ពិនិត្យ​មើល ជា​ពិសេស លើ​ភាព​មិន​រើសអើង សមភាព ការ​ចូលរួម​ពី​គ្រប់​ភាគី និង ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល"

អ្នកស្រី រ៉ូណា ស្មីត គ្រោង​នឹង​ជួប​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​របប​លោក ហ៊ុន សែន តំណាង​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​ទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា​ផង។ អ្នកស្រី​ក៏​នឹង​ចុះ​ទៅ​ប្រមូល​ព័ត៌មាន​ដោយ​ផ្ទាល់​ដល់​មូលដ្ឋាន សហគមន៍​ដែល​រងគ្រោះ ដោយ​សារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផង​ដែរ។ ប៉ុន្តែ អ្នក​ស្រី​មិន​បាន​បញ្ជាក់​ថា អ្នកស្រី​នឹង​ទៅ​ជួប​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ។

អាស៊ី​សេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺពី​អ្នកស្រី រ៉ូណា​ ស្មីត ជុំវិញ​រឿង​នេះ បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ ក្នុង​ដំណើរ​ទស្សនកិច្ច លើក​មុនៗ អ្នកស្រី​មិន​អាច​ជួប​លោក កឹម សុខា បាន​ទេ ដោយសារ​តែ​អាជ្ញាធរ​កម្ពុជា​មិន​អនុញ្ញាត។

អ្នកស្រី រ៉ូណា ស្ម៊ីត ធ្លាប់​ថ្លែងប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី៣៩ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៨ ថា របប​លោក ហ៊ុន សែន គ្មាន​ប្រជាធិបតេយ្យ និង​ក្លាយ​ជា​របប​ឯក​បក្ស​ទៅ​ហើយ​ ព្រោះ​អ្វីៗ ស្ថិត​ក្រោម​ការ​ត្រួតត្រា ​របស់​គណបក្ស​កាន់​អំណាច​តែ​ម្នាក់​ឯង។ អ្នកស្រី​រិះគន់​ថា ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨ កន្លង​ទៅ​នេះ ជា​ការ​បោះ​ឆ្នោត​មួយ ​ងាក​ចាក​ឆ្ងាយ​ចេញ​ពី​គន្លង​នៃ​ប្រជាធិបតេយ្យ។

អ្នកស្រី​ស្នើ​ឲ្យ​របប​នេះ ​ស្ដារ​ស្ថានភាព​អាក្រក់​បច្ចុប្បន្ន ឲ្យ​វិល​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ ដោយ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

ទោះ​ជា​យ៉ាង​នេះ​ក្តី របប​លោក ហ៊ុន សែន នៅ​តែ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​សំឡេង​ប្រឆាំង ដោយ​បន្ត​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ដោយសារ​តែ​ការ​បញ្ចេញ​មតិ​តា​ម​បណ្ដាញ​សង្គម និង ចេញ​ដីកា​ចាប់​ខ្លួន​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​បន្ទាប់។ មិន​តែ​ប៉ុណ្ណោះ លោក ហ៊ុន សែន បន្ត​គំរាម​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​នៅ​សេសសល់​​របស់​ របស់​បក្ស​ប្រឆាំង ស្រប​ពេល​ដែល​របប​នេះ នៅ​តែ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​ខាង​សហជីព​ជា​ដើម​។

អ្នកស្រី រ៉ូណា ស្មីត នឹង​ត្រូវ​រាយការណ៍ ​ជូន​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ អំពី​ស្ថានភាព​សិទ្ធិមនុស្ស​បច្ចុប្បន្ន​នេះ នៅ​ខែ​កញ្ញា ឆ្នាំ២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់​ខ្លួន​តំណាង​ពលរដ្ឋ​ម្នាក់​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព

$
0
0

អាជ្ញាធរ​ខេត្ត​ព្រះ​វិហារ ចាប់​ខ្លួន​តំណាង​ពលរដ្ឋ​ម្នាក់​ ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត​ ហៅ​គាត់​ទៅ​ជួប​ពិភាក្សា​គ្នា​ពី​ចំនួន​ប្រជា​ពលរដ្ឋ​ជាង​ ៣០០គ្រួសារ​ដែល​ត្រូវ​ដោះ​ស្រាយ​ក្នុង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ មេត្រីភាព។ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា ជា​ការ​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​អភិបាល​ខេត្ត​ព្រះវិហារ ដែល​បាន​ដាក់​ចេញ​វិធានការ​មួយ​ចំនួន ដោះ​ស្រាយ​បញ្ហា​ដីធ្លី​នេះ និង​មិន​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ត​ទៅ​ទៀត។

ភរិយា​តំណាង​ពលរដ្ឋ​ អ្នកស្រី រស់ ស៊ីនឿន ឲ្យ​អាស៊ី​សេរី​ដឹង​ថា ប្ដី​អ្នក​ស្រី​ឈ្មោះ ឡយ លីហួរ​ ត្រូវ​បាន​​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២៤ មេសា ក្រោយ​ពី​អភិបាល​រង​ស្រុក​ជាំ​ក្សាន្ត​ លោក វុធ តារា ហៅ​ប្ដី​គាត់ ទៅ​ជួយ​ពិនិត្យ​មើល​ចំនួន​ក្បាល​ដី​របស់​ប្រជាពលរដ្ឋ នៅ​ទី​ស្នាក់​ការ​ក្រុម​ហ៊ុន​មេត្រី​ភាព។

អ្នកស្រី​បន្ត​ថា សាលា​ដំបូង​ខេត្ត​ព្រះ​វិហារ សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ប្ដី​អ្នកស្រី ដាក់​ក្នុង​ពន្ធនាគារ​ ពី​បទ​ចាប់​បង្ខាំង​មនុស្ស​ខុស​ច្បាប់ និង​កាប់​រាន​ដី​រដ្ឋ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ ក្រោយ​ពេល​ចាប់​ខ្លួន​លោក ឡយ លីហួរ ​ភ្លាម​នោះ។ អ្នកស្រី​ស្នើសុំ​តុលាការ​ដោះ​លែង​ប្ដី​គាត់​ឲ្យ​មាន​សេរីភាព​វិញ ព្រោះ​លោក ឡយ លីហួរ មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ទេ៖ «ចាស៎! ខ្ញុំ​ចង់​ឲ្យ​ដោះលែង​ឲ្យ​ភ្លាមៗ មក។ ប្រជាជន​គេ​គាំ​ទ្រ​គាត់។ ប្រជាជន​ដែល​បាត់​ពី​គាត់ គឺ​អត់​មាន​កម្លាំង​ចិត្ត​អី​ទៀត​ទេ គាត់​សូម​សំណូមពរ​មិញ ឲ្យ​ដោះ​លែង​ភ្លាមៗ មិន​ឲ្យ​យូរ ព្រោះ​គាត់​លើស​ឈាម និង​ឫសដូង​បាត»

អភិបាល​រង​ស្រុក​ជាំ​ក្សាន្ត លោក វុធ តារា មិន​អាច​បំភ្លឺ​អំពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​តំណាង​ពលរដ្ឋ​បាន​ទេ ដោយ​លោក​បង្វែរ​រឿង​នេះ​ឲ្យ​ទៅ​សួរ​ព្រះរាជអាជ្ញា​វិញ៖ «សូម​អញ្ជើញ​លោក​ សួរ​ទៅ​ខាង​ព្រះ​រាជអាជ្ញា ខាង​តុលាការ ព្រោះ​​ជា​ខាង​សមត្ថកិច្ច​របស់​គាត់»

ចំណែក​ព្រះ​រាជអាជ្ញា ខេត្ត​ព្រះវិហារ លោក ទី សុវិនថាល់ ប្រាប់​អាស៊ី​សេរី​ថា ការ​ចាប់​ខ្លួន​លោក ឡយ លីហួរ នេះ គឺ​អនុវត្ត​តាម​បណ្ដឹង​អាជ្ញា ដែល​មិន​ទាន់​រលត់​នៅ​ឡើយ។ លោក ទី សុវិនថាល់ បញ្ជាក់​ថា លោក ឡយ លីហួរ​ អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន ដោយ​តម្រូវ​ឲ្យ​សាច់​ញាតិ​ធ្វើ​លិខិត​ស្នើសុំ​មក​កាន់​តុលាការ​ក្រោម​កិច្ច​អន្តរាគមន៍​ពី​អភិបាល​ខេត្ត។ មន្ត្រី​តុលាការ​រូប​នេះ បញ្ជាក់​ថា នីតិវិធី​ដាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ មិន​អាច​ធ្វើ​បាន​ភ្លាមៗ នោះ​ទេ គឺ​ត្រូវ​ចំណាយ​ពេល​យ៉ាង​តិច ៣ថ្ងៃ៖ «បទ​ល្មើស​អាជ្ញា​បទ​ល្មើស​វា​ធ្ងន់ បើ​សិន​ជា​យើង​មិន​អនុវត្ត​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ម៉េច ឲ្យ​លើក​លែង​ចោទ​ប្រកាន់​ម៉េច បើ​វា​អត់​ទាន់​ទៅ​ឆ្លើយ​អី​ផង។ អា​ហ្នឹង​ ជួយ​ហើយ ជួយ​តាម​នីតិវិធី។ អ៊ីចឹង! ដើម្បី​ចេញ​ដល់​ដីកា​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​ហ្នឹង គឺ​រុញ​ចោទ​ប្រកាន់​ទៅ​តុលាការ​ហ្នឹង ឃុំ​ខ្លួន​បណ្ដោះអាសន្ន រួច​ទៅ​បាន​ឯកឧត្ដម​អភិបាល​ខេត្ត​នឹង​អន្តរាគមន៍​ឲ្យ​ដោះលែង។ ដោះ​លែង​ទៅ​យើង​ធ្វើ​ដីកា​ដាក់​ឲ្យ​ក្រោម​ត្រួត​ពិនិត្យ​ដោយ​ចង់​កាតព្វកិច្ច​មួយ​ចំនួន​ទៅ។ អា​ហ្នឹង បាន​នៅ​ក្រៅ​ឃុំ ហើយ​មាន​សិទ្ធិ​សេរីភាព​ដើរ​ហើរ​ទូទាំង​ប្រទេស និង​ពិភព​លោក»

ភិរយា​លោក ឡយ លីហួរ អ្នកស្រី រស់ ស៊ីនឿន បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ចាប់​ខ្លួន​ប្ដី​អ្នកស្រី អភិបាល​រង​ខេត្ត​ព្រះវិហារ លោក អ៊ុង វុទ្ធី បាន​មក​ជួប​អ្នកស្រី នៅ​សាលា​ស្រុក​ត្រពាំង​ប្រសាទ ពី​ការ​ធ្វើ​លិខិត​បញ្ជាក់​ពី​សាលា​ឃុំ​​ត្រពាំង​ប្រាសាទ ដើម្បី​ដាក់​ជូន​តុលាការ ស្នើ​សុំ​ឲ្យ​លោក ឡយ លីហួរ ឲ្យ​នៅ​ក្រៅ​ឃុំ៖ «ខ្ញុំ​ចេញ​ពី​ប្រជុំ​មិញ គាត់​ថា​ឥឡូវ​ ប្រពន្ធ​ ឡយ លីហួរ ទៅ​បញ្ជាក់​ពី​ភូមិ​ ពី​ឃុំ​ ឲ្យ​គេ​ដឹង​ថា​កូន​ចៅ​គាត់​ហ្នឹង ប្ដី​នៅ​ជាប់​ពន្ធនាគារ​មែន។ គាត់​ថា អ៊ីចឹង។ ដល់ហើយ​យក​ក្រដាស​ហ្នឹង យក​ឲ្យ​ប៉ូលិស យក​ប៉ូលិស​ហើយ គេ​យក​ទៅ​ឲ្យ​មន្ទីរ​បរិស្ថាន ហើយ​ដល់​មន្ទីរ​បរិស្ថាន​គេ​យក​ទៅ​ខេត្ត គេ​យក​ទៅ​កន្លែង​ឃុំ​ខ្លួន​ហ្នឹង គេ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ។ ឥឡូវ​ ខ្ញុំ​ចេញ​ទៅ​ធ្វើ​ហើយ»

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (Licadho) លោក អំ សំអាត លើក​ឡើង​ថា ​ការ​ចាប់​ខ្លួន​នេះ គឺ​ធ្វើ​ផ្ទុយ​ពី​សេចក្ដី​សម្រេច​របស់​អភិបាល​ខេត្ត​ព្រះ​វិហារ ដែល​បាន​ដាក់​ចេញ​ជា​វិធានការ​ កាល​ពី​ខែ​កុម្ភៈ​កន្លង​មក។ លោក អំ សំអាត ថា ការ​ដោះស្រាយ​រឿង​ដីធ្លី​នៅ​មិន​ទាន់​ មាន​សម្រាប់​ប្រជា​ពលរដ្ឋ បែរ​ជា​មក​ចាប់​ខ្លួន​តំណាង​ពលរដ្ឋ​ទៅ​វិញ​ ដូច្នេះ​វា​អាច​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ចេញ​តវ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង​តំណាង​ពួក​គេ ហើយ​បញ្ហា​នេះ អាច នឹង​អូស​បន្លាយ​តទៅ​ទៀត៖ «ជា​ការ​ល្អ​ ខ្ញុំ​គិត​ថា​រយៈ​ពេល​នេះ គួរ​មាន​ការ​ចរចា​គ្នា ដោះ​ស្រាយ​គ្នា​ដោយ​សន្តិ​វិធី​ទៅ​ កុំ​ចាប់​ខ្លួន​បន្ថែម​ទៀត​ដូច្នេះ ពីព្រោះ​ការ​ចាប់​ខ្លួន​នេះ មិន​ជា​ការ​ល្អ​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​ការ​ដោះ​ស្រាយ ហើយ​មួយ​ទៀត​ បើ​សិន​ជា​អាច​តុលាការ​គួរ​តែ​អនុញ្ញាត​ឲ្យ​តំណាង​ហ្នឹង​ គាត់​នៅ​ក្រៅ​ឃុំ ឬ​ក៏​ប្រជា​ពលរដ្ឋ​ ដែល​ជាប់​ពន្ធនាគារ​ ១៤នាក់​ទៀត​ហ្នឹង​ នៅ​ក្រៅ​ឃុំ​ ដើម្បី​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ហ្នឹង ដោះ​ស្រាយ​បញ្ចប់​ទៅ​កុំ​ឲ្យ​មាន​បញ្ហា​ត​ទៅ​ទៀត ឬ​ក៏​ក្លាយ​ជា​បញ្ហា​រ៉ាំរ៉ៃ​ ដែល​ធ្វើ​ឲ្យ​បញ្ហា​នេះ រីក​កាន់​តែ​ធំ ពិបាក​ក្នុង​ការ​ដោះ​ស្រាយ​នោះ បាទ!»

តំណាង​ពលរដ្ឋ​ លោក ឡយ លីហួរ ធ្លាប់​ប្រាប់​អាស៊ី​សេរី​ កាល​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ​ថា រូប​លោក និង​លោក ផន វណ្ណៈ បាន​រត់​ចេញ​ពី​ផ្ទះ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព ដើម្បី​គេច​ចេញ​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​ខេត្ត​ព្រះ​វិហារ ក្រោម​ដីកា​បង្គាប់​ពី​ព្រះ​រាជ​អាជ្ញា​លោក ទី សុវិន​ថាល់។ កាល​ពី​ថ្ងៃ​ទី៨ កុម្ភៈ អាជ្ញាធរ​បាន​ដាក់​កម្លាំង​សមត្ថកិច្ច ១២នាក់ ទៅ​ព័ទ្ធ​ផ្ទះ​លោក ឡយ លីហួរ ហើយ​សាក​សួរ​រក​លោក។ ហេតុការណ៍​នោះ គឺ​ធ្វើ​ឡើង​ ២ថ្ងៃ​ក្រោយ​ពី​អភិបាល​ខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់ដា ​បាន​បើក​កិច្ច​ប្រជុំ​មួយ ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​មេត្រី​ភាព កាល​ពី​ថ្ងៃ​ទី៦ ខែ​កុម្ភៈ។

វិធានការ ៥ចំណុច​នោះ​ រួម​មាន បង្កើត​ក្រុម​ការងារ​វាស់វែង និង​ដោះស្រាយ​ផល​ប៉ះ​ពាល់​ជាក់​ស្ដែង ជំរុញ​ឱ្យ​មាន​ការ​ចុះបញ្ជី​ដី​ក្រុមហ៊ុន​មេត្រីភាព ស្នើ​ឱ្យ​ក្រុមហ៊ុន កំណត់​ព្រំ​ដី ឱ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​មាន​កម្លាំង​ការពារ​សន្តិសុខ​របស់​ខ្លួន។ ក្នុង​នោះ ក៏​ស្នើ​ឱ្យ​ពលរដ្ឋ ដែល​បាន​អាស្រ័យ​ផល​ហើយ ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់ និង​បញ្ឈប់​ការ​កាប់​ទន្ទ្រាន​លើ​ដី​មាន​ជម្លោះ​បន្ត​ទៀត ត្រូវ​រង់ចាំ​អាជ្ញាធរ​ពាក់ព័ន្ធ​សម្របសម្រួល និង​ស្នើ​ឱ្យ​តុលាការ​ខេត្ត​នេះ បញ្ឈប់​ការ​ចេញ​ដីកា​កោះហៅ ឬ​ចាប់​ខ្លួន​ពលរដ្ឋ​បន្ត​ទៀត។

គិត​មក​ដល់​ពេល​នេះ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ថា វិធានការ​ដែល​បាន​ដាក់​ចេញ​ទាំង​នេះ នៅ​មិន​ទាន់​លេច​ចេញ​ជា​រូប​រាង​នៅ​ឡើយ។ សង្គម​ស៊ីវិល​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ពន្លឿន​ដំណោះស្រាយ​ដីធ្លី និង​ជួយ​អន្តរាគមន៍​ដោះ​លែង​អ្នក​ភូមិ ១៤នាក់​ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ​ឲ្យ​មាន​សេរីភាព​វិញ រួម​ទាំង​តំណាង​ពលរដ្ឋ​លោក ឡយ លីហួរ​ ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អ្នកភូមិ​ឡ​ពាង​ស្នើសុំ​អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​ពី​ភាព​ក្រីក្រ និង​ផ្ដល់​ឯកសារ​នៃ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ខេឌីស៊ី

$
0
0

អ្នក​ភូមិ​ឡ​ពាង​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​វ័យ​ចាស់​ប្រមាណ ២០នាក់ នាំ​គ្នា​ដើរ​ទៅ​សាលា​ឃុំ​តាជេស ដើម្បី​សុំ​លិខិត​បញ្ជាក់​ពី​ភាព​ក្រីក្រ​ពី​មេ​ឃុំ និង​សុំ​ផ្ដល់​ឱ្យ​ពួក​គាត់​នូវ​កិច្ច​ព្រមព្រៀង​ជា​មួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) កាល​ពី​៥​ឆ្នាំ​មុន ដើម្បី​យក​ទៅ​ដាក់​ជូន​តុលាការ​ក្រុង​ភ្នំពេញ។ ពលរដ្ឋ​ថា មេឃុំ​តាជេស នៃ​ខេត្ត​កំពង់ឆ្នាំង បាន​គេច​វេះ​មិន​ព្រម​ជួប​ពួក​គាត់​នោះ​ទេ។ សង្គម​ស៊ីវិល​ហៅ ការ​គេចវេះ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​នេះ ថា​ជា​ការ​មិន​ទទួល​ខុស​ត្រូវ​ក្នុង​ការងារ​របស់​ខ្លួន រាល់​បញ្ហា​ដែល​ប្រជា​ពលរដ្ឋ​ស្នើសុំ។

តំណាង​សហគមន៍​ឡ​ពាង លោកស្រី អ៊ុំ សុភី ឲ្យ​ដឹង​ថា ការ​លើក​គ្នា​មក​សាលា​ឃុំ​តា​ជេស នៅ​ថ្ងៃ​ទី២៥​ មេសា​ មាន​គោល​បំណង ៣យ៉ាង។ គោល​បំណង​ទាំង​នោះ​ ស្នើ​សុំ​កិច្ច​ព្រមព្រៀង​ជាមួយ​ភាគី​ក្រុម​ហ៊ុន​របស់​អ្នក​ស្រី ជា ខេង​ កាល​ពី​ឆ្នាំ២០១៤ សុំ​ធ្វើ​លិខិត​បញ្ជាក់​ពី​ភាព​ក្រីក្រ និង​សាក​សួរ​អំពី​ទឹកប្រាក់​ជាង​ ៧ម៉ឺន​ដុល្លារ​ដែល​ក្រុម​ហ៊ុន​ផ្ដល់​ឲ្យ​ពលរដ្ឋ ១១គ្រួសារ រហូត​មក​ដល់​ពេល​នេះ ពួក​គាត់​ថា មិន​ទទួល​សំណង​ណា​មួយ​ពី​ក្រុមហ៊ុន​នៅ​ឡើយ។ លោកស្រី អ៊ុំ សុភី ថា មេ​ឃុំ​តាជេស លោក នួន ស៊ន មិន​ព្រម​មក​ជួប​ពួក​គាត់​ទេ ទោះ​បី​ជា​ហៅ​តាម​ទូរស័ព្ទ​ច្រើន​ដង​យ៉ាង​ណា​ក្ដី៖ «ចាស៎! ខ្ញុំ​យល់​ថា​ មេឃុំ​ គាត់​អត់​ទទួល​ខុស​ត្រូវ​តួនាទី​គាត់ ជា​មេឃុំ​ គាត់​ត្រូវ​តែ​នៅ​កន្លែង​ឃុំ​ ដើម្បី​ជួយ​ដោះ​ស្រាយ​ប្រជា​ពលរដ្ឋ។ គាត់​ព្យាយាម​គេច​ខ្លួន មិន​ព្រម​ជួប​ប្រជាពលរដ្ឋ​ដែល​ទៅ​ជួប​គាត់​អ៊ីចឹង​ គាត់​ព្យាយាម​គេច​វេះ​ពី​បញ្ហា​ប្រជាពលរដ្ឋ​ខ្លួន​ឯង។ នាយករដ្ឋមន្ត្រី បាន​និយាយ​ថា មន្ត្រី​រាជការ​ទាំង​អស់ គឺ​ជា​អ្នក​បម្រើ​រាស្ត្រ ប៉ុន្តែ​ពេល​រាស្ត្រ​ទៅ​រក​ខ្លួន​ឯង​ឲ្យ​ធ្វើ​ការ​អ្វី​មួយ អត់​នៅ​កន្លែង​ផង។ តើ​គាត់​ធ្វើ​រាល់​ថ្ងៃ​ហ្នឹង គាត់​ធ្វើ​ការ​បម្រើ​អ្នក​ណា​វិញ»

អាស៊ី​សេរី ព្យាយាម​ទាក់​ទង​មេឃុំ​តាជេស លោក នួន ស៊ន មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា តាម​ទូរស័ព្ទ​ជា​ច្រើន ដើម្បី​ឆ្លើយ​បំភ្លឺ​ពី​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នេះ ប៉ុន្តែ​ត្រូវ​លោក​ចុច​បិទ​មិន​ផ្ដល់​បទ​សម្ភាសន៍។ ចំណែក​មេ​ភូមិ​ឡ​ពាង លោក ឌុច ប៊ុនហេង អាស៊ី​សេរី​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

អ្នក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​នៃ​សមាគម អាដហុក ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង លោក សុំ ច័ន្ទគា លើក​ឡើង​ថា អាជ្ញាធរ​មូលដ្ឋាន គួរ​ហ៊ាន​ជួប​ពលរដ្ឋ​ដោយ​ផ្ទាល់​ ហើយ​ប្រាប់​ពួក​គេ​ពី​អ្វី​ ដែល​ខ្លួន​អាច​ដោះស្រាយ​បាន និង​មិន​អាច​ដោះ​ស្រាយ​បាន។ លោក សុំ ច័ន្ទគា យល់​ថា ចំពោះ​បញ្ហា​ដែល​ថ្នាក់​ឃុំ​មិន​អាច​ដោះ​ស្រាយ គួរ​ស្នើសុំ​យោបល់​ពី​អភិបាល​ស្រុក និង​អភិបាល​ខេត្ត ឬ​ក៏​បញ្ជូន​បញ្ហា​ទៅ​ថ្នាក់​លើ​ជា​អ្នក​ដោះ​ស្រាយ​បន្ត មិន​គួរ​គេច​ចេញ​ពី​បញ្ហា​ ហើយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ដូច្នេះ​ឡើយ៖ «ហើយ​គាត់​ជាប់​ឆ្នោត​ដោយ​ពលរដ្ឋ​ជា​អ្នក​បោះ​ឆ្នោត​ឲ្យ អ៊ីចឹង​គាត់​ត្រូវ​បំពេញ​កាតព្វកិច្ច​ហ្នឹង ហើយ​បើ​គាត់​មិន​បាន​បំពេញ​កាតព្វកិច្ច​ហ្នឹង នេះ​ជា​ភស្តុតាង​មួយ ជា​គំរូ​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​គាំទ្រ​គាត់ គេ​អស់​ជំនឿ​លែង​គាំទ្រ លែង​បោះ​ឆ្នោត​ឲ្យ​គាត់​ទៀត​ហើយ នៅ​អាណត្តិ​ក្រោយ បើ​គាត់​នៅ​ធ្វើ​បែប​ហ្នឹង»

លោក​ សុំ ច័ន្ទគា ឲ្យ​ដឹង​ដែរ​ថា ឯកសារ​កិច្ច​ព្រមព្រៀង​ឆ្នាំ២០១៤ ដែល​ពលរដ្ឋ​ចង់​បាន ដើម្បី​​ដាក់​ជូន​តុលាការ​ក្រុងភ្នំពេញ គឺ​មាន​នៅ​គណៈកម្មការ​ចម្រុះ​ដោះ​ស្រាយ​ដីធ្លី​ថ្នាក់​ខត្ត និង​ភាគី​ក្រុមហ៊ុន​ ខេ.ឌី.ស៊ី (KDC)។ លោក ថា​ពលរដ្ឋ​គួរ​ស្នើ​ទៅ​តុលាការ​ដើម្បី​ឲ្យ​ភាគី​ណាមួយ​បង្ហាញ​ឯកសារ​ទាំង​នោះ៖ «ភាគី​ពលរដ្ឋ​ហ្នឹង ត្រូវ​ធ្វើ​ពាក្យ​ស្នើ​ទៅ​ចៅក្រម​កាន់​រឿង​ហ្នឹង ឲ្យ​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​គណៈកម្មការ​ចម្រុះ​ហ្នឹង ឲ្យ​ប្រធាន ឬ​អនុ​ប្រធាន និង​ក្រុមហ៊ុន បង្ហាញ​ភស្តុតាង​នៃ​កិច្ច​ព្រមព្រៀង​ហ្នឹង។ បើ​គាត់​ទៅ​ទាមទារ​ពី​មេ​ភូមិ ពី​ចៅហ្វាយ​ស្រុក គឺ​អត់​មាន​ទេ»

តំណាង​សហគមន៍​ឡ​ពាង​ ៩នាក់​ បាន​ចូល​បំភ្លឺ​នឹង​ដាក់​ភស្តុតាង​បន្ថែម​តាម​ការ​កំណត់​របស់​ចៅក្រម​លោក លាង សំណាត់ កាល​ពី​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ពាក់ព័ន្ធ​នឹង​បណ្ដឹង​មោឃភាព​កិច្ច​ព្រមព្រៀង​ជាមួយ​អ្នក​ស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​រ៉ែ និង​ថាមពល ​កាល​ពី​ឆ្នាំ២០១៤ ប៉ុន្តែ​តុលាការ​ថា ភស្តុតាង​ដែល​ដាក់​នោះ គឺ​មិន​អាច​ទទួល​បាន​ទេ ដោយសារ​តែ​ចុះ​ផ្សាយ​តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក។ ក្នុង​កិច្ច​ព្រមព្រៀង​នោះ​ លោក​ស្រី អ៊ុំ សុភី បញ្ជាក់​ថា មិន​បាន​និយាយ​អំពី​ការ​ទទួល​លុយ​ពី​ក្រុមហ៊ុន ជា​ថ្នូរ​នឹង​ការ​ដោះ​ដូរ​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ឡើយ។ បន្ថែម​លើស​នេះ អ្នក​ឡ​ពាង​ជាង ៥០គ្រួសារ ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី ជាង ១៣ឆ្នាំ​មក​នេះ ​ត្រូវ​បង់​ប្រាក់​ប្រដាប់​ក្ដី​ក្រៅ​ពន្ធ​ចូល​តុលាការ ៤០ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ បន្ទាប់​ពី​ទទួល​ដី​កា​បង្គាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​អ្នក​ឡ​ពាង​ថា ពួក​គាត់​គ្មាន​លទ្ធភាព​បង់​ប្រាក់​ដ៏​ច្រើន​បែប​នេះ ទៅ​តាម​ការ​កំណត់​របស់​តុលាការ​បាន​ទេ ដោយ​សារ​តែ​ជីវភាព​ខ្វះ​ខាត។

ករណី​រឿង​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កំពង់​ឆ្នាំង សង្គម​ស៊ីវិល​យល់​ថា​ នៅ​តែ​អាច​ដោះ​ស្រាយ​បាន​ បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិត​ប្រាកដ ក្នុង​ការ​បញ្ចប់​បញ្ហា​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃ​មួយ​នេះ។ ប៉ុន្តែ​បើសិនជា​គ្មាន​ឆន្ទៈ​ទេ ទោះបីជា​ដោះ​ស្រាយ​តាម​ប្រព័ន្ធ​តុលាការ​ ឬ​ក្រៅ​ប្រព័ន្ធ​តុលាការ ក៏​មិន​អាច​ដោះស្រាយ​បញ្ចប់​បាន​ដែរ ព្រោះ​ជា​ជម្លោះ​រវាង​ពលរដ្ឋ​ក្រីក្រ ជាមួយ​នឹង​អ្នក​មាន​អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជនជាតិ​ដើម​ភាគតិច​ខេត្ត​ក្រចេះ​ អំពាវនាវ​ដល់​អាជ្ញាធរ​​ឱ្យ​ជួយ​ការ​ពារ​ដើម​ច្បោះ​ជ័រ​​សល់​ចុង​ក្រោយ បន្ទាប់​ពី​ក្រុមហ៊ុន​ប៉ុនប៉ង​កាប់

$
0
0

ជនជាតិ​ដើម​ភាគតិច​ រស់នៅ​ឃុំ​បឹងចារ​ និង​ឃុំ​កំពង់ចាម​ ស្រុក​សំបូរ​ ខេត្ត​ក្រចេះ​ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ ជួយការ​ពារ​ដើម​ច្បោះ​ ដែល​សល់​ចុង​ក្រោយ​ឲ្យ​គង់​វង្ស ដើម្បី​ឲ្យ​អ្នក​ភូមិ​មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត និង​ដោះ​បំណុល​ធនាគារ។ ការ​​អំពាវនាវ​​នេះ​ គឺ​ក្រោយ​ពី​កម្មករ​ក្រុមហ៊ុន ស៊ី-បាយអូថេក (Ci-Biotech Co., Ltd) នៅតែ​បន្ត​កាប់​រំលំ​ដើម​ច្បោះ​ របស់​អ្នក​ស្រុក​អស់​ជិត ១០០ដើម​ថ្មី​ទៀត។

ជនជាតិ​ដើម​ភាគ​តិច​កួយ​ រស់​នៅ​ជាប់​តំបន់​ព្រៃ​ឡង់ ក្នុង​ឃុំ​បឹង​ចារ ស្រុក​សំបូរ​ កំពុង​ដេក​ភ័យ​ពី​ការ​ប៉ុនប៉ង​លួច​កាប់​ដើម​ច្បោះ​ជ័រ​របស់​ពួក​គេ​ ដែល​នៅ​សេសសល់​ចុង​ក្រោយ​ប្រមាណ​ជាង ១ពាន់​ដើម​ ដែល​ពលរដ្ឋ​ជិត ១០គ្រួសារ​ទេ កំពុង​អាស្រ័យផល​ប្រចាំ​ថ្ងៃ។

ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​ឃុំ​បឹងចារ​ លោក ណាំ ណាក់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៥ មេសា​ថា គ្រួសារ​លោក​មាន​ដើម​ច្បោះ​ជាង​ ៥០០ដើម​ កំពុង​ដុត​យក​ជ័រ​ទឹក​ អាច​រក​ប្រាក់​ចំណូល​បាន​ ២លាន​រៀល​ក្នុង​មួយ​ខែ។ លោក​ថា​នៅ​តំបន់​នោះ គឺ​គ្រួសារ​លោក ដែល​នៅ​សល់​ដើម​ច្បោះ​ជ័រ​ច្រើន​ជាង​គេ ដោយសារ​លោក​បាន​ដាក់​វេនគ្នា​ យាម​ល្បាត​ជា​ប្រចាំ។ លោក​បញ្ជាក់​ថា នៅ​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ អ្នក​ភូមិ​ ៣គ្រួសារ​ទៀត​ បាន​បាត់បង់​ដើម​ច្បោះ​ ជិត​ ១០០ដើម​ ដោយសារ​កម្មករ​ក្រុមហ៊ុន ស៊ី-បាយអូថេក លួច​កាប់៖ «ខ្ញុំ​ព្រួយបារម្ភ​ ទី១​ សព្វថ្ងៃ​ដើម​ច្បោះ​កាន់​តែ​តិច​ទៅ ហើយ​មួយ​ទៀត​បទ​ល្មើស​កាន់​តែ​ចូល​ច្រើន​ ហើយ​ក្រុមហ៊ុន​ចេះ​តែ​កាប់​បំផ្លាញ​ច្បោះ​ពលរដ្ឋ​ជាបន្តបន្ទាប់​ទៀត​។ ក្រុមហ៊ុន​គេ​មក​កាប់​ និង​អារ​ឈើ​កាប់​ឈើ​ហ្នឹង។ ដឹក​ឈើ​ចូល​រោងចក្រ​ ហើយ​ច្រៀក​ជា​ក្ដារ​ ដាក់​លើ​ឡាន​ដឹក​ចេញ​ក្រៅ»

បុរស​ដដែល​បន្ថែម​ថា នៅ​ពេល​ដែល​មិន​ទាន់​មាន​ ក្រុមហ៊ុន ស៊ី-បាយអូថេក វិនិយោគ​ព្រៃ​នៅ​តំបន់​នោះ​ អ្នក​ភូមិ​ជាង​ ៤០គ្រួសារ​ មាន​ដើម​ឈើ​ដុត​យក​ជ័រ​ទឹក​ក្នុង​ព្រៃ​ ក្នុង​មួយ​គ្រួសារ​ រាប់​រយ​ដើម​ ក៏​ប៉ុន្តែ​មុខ​របរ​មួយ​នេះ​ បាន​ថយ​ចុះ​យ៉ាង​គំហុក​ នៅ​គ្រា​ដែល​ក្រុមហ៊ុន​បោះ​ទីតាំង​កាប់​ឈើ​ និង​ឈូស​ឆាយ​ព្រៃ​នៅ​តំបន់​ ដែល​សំបូរ​ដោយ​រណ្ដៅ​ជ័រ​ទឹក។ លោក​បញ្ជាក់​ថា​ មក​ទល់​ពេល​នេះ​មាន​ពលរដ្ឋ​មិន​ដល់ ១០គ្រួសារ​ទេ​ រស់​នៅ​ឃុំ​បឹងចារ​ និង​ឃុំ​កំពង់ចាម កំពុង​ក្រាញ​ននៀល​ការពារ​រណ្ដៅ​ជ័រ​ទឹក​របស់​ខ្លួន និង​ដុត​យក​ជ័រទឹក​លក់។

អាស៊ី​សេរី​បាន​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ លោក​ ស្រី​ វុឌ្ឍី​ ដើម្បី​សុំ​ការ​ពន្យល់​បញ្ហា​នេះ​ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី២៥ មេសា។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភ័ក្ត្រា​ មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន ស៊ី-បាយអូថេក ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់ក្រ​សួង​កសិកម្ម ក៏​ប៉ុន្តែ​បើ​ពាក់ព័ន្ធ​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់ គឺ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ហើយ​ក្រសួង​កំពុង​យក​ចិត្ត​ទុក​ដាក់​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ។ លោក​បដិសេធ​មិន​អធិប្បាយ​ចំពោះ​ការ​លើកឡើង​ពី​ការ​បាត់បង់​ដើម​ច្បោះ​ និង​ការ​កាប់​ឈើ​ពី​តំបន់​ព្រៃ​ឡង់​ ដឹក​ជញ្ជូន​ចូល​ក្រុមហ៊ុន​ទេ ព្រោះ​ក្រសួង​មិន​ទាន់​ទទួល​បាន​ភស្តុតាង និង​របាយការណ៍​ណា​មួយ​ពី​ពលរដ្ឋ និង​សហគមន៍​នៅ​មូលដ្ឋាន​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ​លោក​អះអាង​ថា ក្រសួង​បាន​ពង្រឹង​វិធានការ​ការពារ និង​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​គ្រប់​ប្រភេទ​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ទាំង ៤ខេត្ត៖ «ត្រូវ​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ ភស្តុតាង​ឲ្យ​បាន​ពិត​ប្រាកដ​ ដើម្បី​យើង​អាច​ធ្វើ​ការ។ អ៊ីចឹង​ហើយ​បាន​ជា​យើង​អំពាវនាវ​ដល់​បងប្អូន​ ដែល​មាន​ភស្តុតាង​ មាន​រូបភាព​ និង​សកម្មភាព​ដែល​ថត​បាន​ ឬ​មួយ​ជា​សាក្សី​ គឺ​សុំ​ធ្វើ​ការងារ​ជាមួយ​មន្ត្រី​នៅ​មូលដ្ឋាន​ ដែល​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត។ ជា​រួម​សម្រាប់​ក្រសួង​បរិស្ថាន គឺ​យើង​ចាត់​វិធានការ​ការពារ​ធនធាន​ធម្មជាតិ​ ដែល​យើង​គ្រប់គ្រង»

ទោះ​យ៉ាង​ណា​ មេ​ឃុំ​បឹងចារ​ លោក​ ហ៊ុល​ សឿង​ ទទួល​ស្គាល់​ថា​ ដើម​ច្បោះ​ជ័រ​របស់​អ្នក​ភូមិ​ កាន់​តែ​ថយ​ចុះ​យ៉ាង​គំហុក​ ដោយសារ​ពលរដ្ឋ​ខ្វះ​សាមគ្គីភាព​ ក្នុង​ការ​ថែរក្សា​ និង​អភិរក្ស។ លោក​ថា អាជ្ញាធរ​ឃុំ​តែង​ធ្វើ​របាយការណ៍​បញ្ហា​នេះ​ទៅ​ថ្នាក់​លើ​ ឲ្យ​ជួយ​រក​វិធានការ​គាំពារ។ ក៏​ប៉ុន្តែ​មាន​ពលរដ្ឋ​មួយ​ចំនួន​តូច​ លួច​កាប់​ដើម​ច្បោះ​អ្នក​ស្រុក​លក់​ឲ្យ​ក្រុមហ៊ុន និង​មាន​ពលរដ្ឋ​ខ្លះ​លក់​ដើម​ច្បោះ​របស់​ខ្លួន​ឲ្យ​ឈ្មួញ៖ «ការ​កាប់​បំផ្លាញ​ច្បោះ​មាន​ពីរ​យ៉ាង​ ទី១​ បទ​ល្មើស​ព្រៃ​ឈើ​អនាធិបតេយ្យ​ ពួក​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រកស៊ី​ឈើ​ហ្នឹង​គាត់​កាប់។ គាត់​ដណ្ដើម​គ្នា​កាប់​អីចឹង​ទៅ​ ហើយ​អា​ម្ចាស់​អត់​នៅ​អីចឹង​ទៅ​ ជួន​កាល​គាត់​កាប់​ ហើយ​គាត់​គំរាម​ និង​ទី២​ ទៀត​ អា​នៅ​ម្ដុំ​ក្រុមហ៊ុន​ ពួក​ក្រុមហ៊ុន​ទៅ​ទិញ​ ដែល​គាត់​មាន​ការ​ព្រមព្រៀង»

ជនជាតិ​ដើម​ភាគតិច​ បន្ថែម​ថា​ ក្រុមហ៊ុន ស៊ី-បាយអូថេក (Ci-Biotech Co., Ltd) បាន​បើក​ដេប៉ូ​ ប្រមូល​ទិញ​ឈើ​ខ្នាត​យក្ស​ និង​អារ​ច្រៀក​ឈើ​ជា​បន្ទះ​ក្ដារ​ នៅ​ចំណុច​ដំបូក​ស ក្បែរ​ព្រៃ​ឡង់​ ឆ្ងាយ​ពី​លំនៅឋាន​ពលរដ្ឋ​ក្នុង​ឃុំ​បឹង​ចារ​ប្រហែល​ជាង ១០គីឡូ​ម៉ែត្រ។ អាជីវកម្ម​ឈើ​នេះ​ ពលរដ្ឋ​មួយ​ចំនួន​ និង​កម្មករ​ក្រុមហ៊ុន​បាន​លួច​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ និង​ដើម​ច្បោះ​ជ័រ​ ដឹក​ជញ្ជូន​ចូល​ការដ្ឋាន​របស់​ក្រុមហ៊ុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល ចង់​ឱ្យ​របប​ក្រុង​ភ្នំពេញ​ធ្វើ​​ជា​គំរូ​មុន​គេ រឿង​បញ្ឈប់​ការ​លាប​ពណ៌​គ្នា

$
0
0

គណបក្ស សង្គ្រោះ​ជាតិ ថា របប​ក្រុង​ភ្នំពេញ​ត្រូវ​តែ​​បង្ហាញ​សុឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ចង់​លុប​បំបាត់​វប្បធម៌​នៃ​ការ​លាប​ពណ៌​ ដោយ​សារ​របប​នេះ​បាន​លាប​ពណ៌ និង​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់។ ប្រមុខ​ការពារ​ជាតិ​របប​ក្រុង​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ នេះ បាន​ទទួល​ស្គាល់​ថា ការ​លាប​ពណ៌​គ្នា គឺ​ជា​ដើម​ហេតុ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្អប់​គ្នា និង​យក​គ្នា​ជា​សត្រូវ។

អនុប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​គ្រាក់ៗ នៃ​របប​នេះ​តែ​ម្ដង គឺ​ជា​អ្នក​ផ្ដើម​លាប​ពណ៌​អ្នក​មិន​គាំទ្រ​ការ​ដឹក​នាំ​របស់​ខ្លួន​ថា ជា​ក្រុម​ប្រឆាំង ហើយ​បាន​លាប​ពណ៌​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ថា មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល តាម​រយៈ​បដិវត្តន៍​ពណ៌ ជាពិសេស​បាន​ចោទ​លោក កឹម សុខា ថា ក្បត់​ជាតិ ដោយ​គ្មាន​មូលដ្ឋាន​នោះ​ឡើយ។

លោក​ថ្លែង​ទៀត​ថា ផល​វិបាក​ដែល​កើត​ចេញ​ពី​ការ​លាប​ពណ៌​នេះ គឺ​ប្រជាជាតិ​ខ្មែរ​នឹង​នៅ​តែ​បន្ត​រស់​ក្នុង​ភាព​បែក​បាក់​គ្នា ហើយ​​ការ​អភិវឌ្ឍ​ជាតិ​មិន​មាន​ដំណើរ​លឿន​រហ័ស​ទៅ​មុខ​នោះ​ឡើយ។ ដូច្នេះ​លោក​ស្នើ​ឱ្យ​គ្រប់​ភាគី​នយោបាយ ជាពិសេស ក្រុម​អ្នក​កាន់​អំណាច បញ្ឈប់​ការ​លាប​ពណ៌​អ្នក​មាន​ទស្សនៈ​ផ្ទុយ​គ្នា​ត​ទៅ​ទៀត៖ «»

ប្រតិកម្ម​របស់​ថ្នាក់​ដឹកនាំ​គណបក្ស សង្គ្រោះ​ជាតិ រូប​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ថ្លែង​សារ​នយោបាយ​ដ៏​កម្រ​មួយ គឺ​លោក​ទទួល​ស្គាល់​ផល​វិបាក​នៃ​ការ​លាប​ពណ៌​គ្នា​នៅ​ក្នុង​សង្គម។

ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​រូបភាព​របស់​លោក​ក្នុង​ឯកសណ្ឋាន​ជា​មន្ត្រី​យោធា​ផ្កាយ៤ លោក ទៀ បាញ់ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី២៤ មេសា​ថា​ ការ​លាប​ពណ៌​គ្នា​ គឺ​ជា​មូល​ហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ប្រជាជាតិ​ខ្មែរ​ស្អប់​គ្នា និង​យក​គ្នា​ជា​សត្រូវ រហូត​ឈាន​ដល់​ការ​ធ្វើ​សង្គ្រាម​ហែកហួរ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​គួរ​តែ​ស្វែង​យល់​អំពី​រូបភាព និង​ផល​វិបាក​នៃ​ការ​លាប​ពណ៌​គ្នា​នេះ ហើយ​លោក​ក៏​ស្នើ​ឱ្យ​មាន​ការ​រួម​គ្នា​ទប់​ស្កាត់​បញ្ហា​នេះ​ផង​ដែរ។

មន្ត្រី​ថ្នាក់​កំពូល​នៃ​របប​ក្រុង​ភ្នំពេញ​រូប​នេះ ​​មិន​បាន​រៀប​រាប់​ឱ្យ​លម្អិត​ថា ក្រុម​ណា​មួយ​ជា​អ្នក​ផ្ដើម​លាប​ពណ៌​ឲ្យ​គ្នា​នោះ​ទេ ក៏​ប៉ុន្តែ​អ្វី​ដែល​មិន​អាច​ប្រកែក​បាន​នោះ គឺ​លោក ទៀ បាញ់ ខ្លួន​ឯង​តែ​ម្ដង ​ជា​អ្នក​ដែល​តែង​តែ​ចោទប្រកាន់​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ថា ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ តាម​រយៈ​បដិវត្តន៍​ពណ៌។ លោក​ក៏​បាន​ចេញ​បញ្ជា​ឱ្យ​កងទ័ព​ទាំង​អស់​ត្រូវ​ទប់​ស្កាត់​ចលនា​នេះ​ឱ្យ​បាន​ជា​ដាច់ខាត ហើយ​លោក​ថែម​ទាំង​ព្រមាន​វាយ​បំបាក់​ធ្មេញ​ជន​ណា​ក៏​ដោយ​ ដែល​ហ៊ាន​ងើប​តវ៉ា​លទ្ធផល​បោះ​ឆ្នោត​ទៀត​ផង។

លោក អេង ឆៃអ៊ាង យល់​ថា សារ​របស់​លោក ទៀ បាញ់ នេះ គឺ​គ្រាន់​តែ​ដើម្បី​លុប​លាង​ទង្វើ​រំលោភ​បំពាន​របស់​ខ្លួន​ប៉ុណ្ណោះ ព្រោះ​កន្លងមក​ របប​នេះ​តែង​តែ​លាប​ពណ៌ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​គ្រប់​រូបភាព​ទៅ​លើ​អ្នក​មាន​ទស្សនៈ​ផ្ទុយ​ពី​ពួក​គេ។ លោក​បន្ថែម​ថា មក​ទល់​នឹង​ពេល​នេះ មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន នៅ​តែ​ប្រើ​ភាសា​បែប​ហិង្សា ចោទ​ប្រកាន់ និង​លាប​ពណ៌​គណបក្ស​ប្រឆាំង​ដដែល បើ​ទោះបី​ជា​រឿង​ខ្លះ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ក៏​ដោយ៖ «»

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​ជាន់ខ្ពស់​គណបក្ស សង្គ្រោះ​ជាតិ រូប​នេះ ទទួល​ស្គាល់​ថា គណបក្ស​ប្រឆាំង​ក៏​មានការ​លាប​ពណ៌ ឬ​ចោទ​ប្រកាន់​លើ​គណបក្ស​កាន់​អំណាច​ដែរ ក៏​ប៉ុន្តែ​ករណី​ទាំងនោះ​ មិន​បង្ក​គ្រោះ​ថ្នាក់​ឡើយ​ ព្រោះ​គ្រាន់​តែ​ជា​ការ​និយាយ មិន​ដូច​ការ​លាប​ពណ៌​របស់​ក្រុម​អ្នក​កាន់​អំណាច​នោះ​ឡើយ។

ពាក្យ​ចោទ​ប្រកាន់​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​តែង​ឮ​ជា​ញឹក​ញាប់​នោះ មាន​ជាអាទិ៍ លោក ហ៊ុន សែន ​ក្បត់ជាតិ កាត់​ទឹក​ដី​ឱ្យ​បរទេស ឬ​រដ្ឋាភិបាល​​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន ជា​រដ្ឋាភិបាល​រណប​បរទេស​ជា​ដើម។

ចំណែក​ របប​លោក ហ៊ុន សែន វិញ ក៏​បាន​ចោទ​ប្រកាន់​ថ្នាក់​ដឹក​នាំ​គណបក្ស​ សង្គ្រោះ​ជាតិ ជា​ច្រើន​ចំណុច​ផង​ដែរ ក៏​ប៉ុន្តែ​ករណី​សំខាន់​ជាង​គេ​នោះ គឺ​ការ​ចោទ​ថា ក្រុម​អ្នក​នយោបាយ​ប្រឆាំង​មាន​បំណង​​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់ តាម​រយៈ​ការ​បង្កើត​ផែន​ការ​បដិវត្តន៍​ពណ៌ បន្ទាប់​ពី​គណបក្ស​នេះ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត។ ​មន្ត្រី​គ្រាក់ៗ នៃ​របប​លោក ហ៊ុន សែន បាន​ទន្ទេញ​ចាំមាត់​គ្រប់ៗ គ្នា អំពី​ពាក្យ​ថា “បដិវត្តន៍​ពណ៌” ហើយ​នៅ​ចុង​អាណត្តិទី៥ ពាក្យ​ បដិវត្តន៍​ពណ៌​ក៏​ត្រូវ​បាន​របប​នេះ ​យក​ទៅ​​ប្រើ​ជា​មូលដ្ឋាន​ក្នុង​ការ​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ។

ថ្វីត្បិត​តែ​របប​ក្រុង​ភ្នំពេញ​បាន​ក្ដោប​យក​អំណាច​តែម្នាក់​ឯង​នៅ​អាណត្តិទី៦ នេះ​ក៏​ដោយ ក៏​ពាក្យ​ “បដិវត្តន៍​ពណ៌” មិន​ទាន់​រសាត់​បាត់​ទៅ​ណា​ឡើយ។ ពាក្យ​នេះ​នៅតែ​​ពេញ​និយម​សម្រាប់​ថ្នាក់​ដឹកនាំ និង​មន្ត្រី​របប​ក្រុង​ភ្នំពេញ​ដដែល​ ជាពិសេស​នៅ​​ពេល​ពួក​គេ​និយាយ​ដល់​ចំណាត់​ការ​ចាប់​ខ្លួន​លោក កឹម សុខា ការ​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ ការ​បាញ់​បង្ក្រាប​កម្មករ​នៅ​ផ្លូវ វ៉េង ស្រេង និង​ក្បែរ​រោង​ចក្រ​យ៉ាកជីង ព្រម​ទាំង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា វប្បធម៌​លាប​ពណ៌​គ្នា​ក្នុង​សង្គម​ខ្មែរ នៅ​តែ​កើត​មាន​ គ្មាន​ការ​ថមថយ​នោះ​ឡើយ​ តាំងតែពី​សម័យ​មុន​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។ ជា​ឧទាហរណ៍​រូប​លោក​ផ្ទាល់ បាន​រង​ការ​ចោទ​ថា ជា​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជាង ២០ឆ្នាំ​មក​ហើយ បើ​ទោះបី​ជា​ការងារ​របស់​លោក​ គឺ​ដើម្បី​បុព្វហេតុ​នៃ​ផល​ប្រយោជន៍​របស់​កម្មករ គ្រូបង្រៀន និង​ការ​រីក​ដុះដាល​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ក្ដី។ លោក​ថា វប្បធម៌​លាប​ពណ៌​គ្នា​នេះ គឺ​ជា​រឿង​អាក្រក់​បំផុត ដែល​ធ្វើ​ឱ្យ​មាន​ការ​ប្រេះឆា​គ្នា​ក្នុង​សង្គម។ លោក​បន្ថែម​ថា ​អ្នក​នយោបាយ​ខ្មែរ​ល្មម​បញ្ឈប់​ការ​លាប​ពណ៌​គ្នា​តទៅ​ទៀត​ហើយ ទោះបី​ជា​ការ​លាប​ពណ៌​នោះ ជា​រឿង​បុគ្គល​ឯកជន ឬ​ជា​រឿង​ជាតិ​ក្តី ពីព្រោះ​វា​គ្មាន​ផល​ប្រយោជន៍​អ្វី​ឡើយ​សម្រាប់​កម្ពុជា៖ «»

អតីត​សមាជិក គ..ប រូប​នេះ ជឿ​ជាក់​ថា វប្បធម៌​នៃ​ការ​លាប​ពណ៌​គ្នា​នេះ អាច​​នឹង​ត្រូវ​លុប​បំបាត់​ចេញ​ពី​សង្គម​ខ្មែរ ប្រសិនបើ​ថ្នាក់​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​ផ្ដល់​ភាព​ជា​គំរូ​មុន​គេ ដោយ​ចាប់​ផ្ដើម​ចេញ​ពី​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ និង​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សំណើ​របស់​អ្នកស្រី រ៉ូណា ស្មីត សុំ​ជួប​សួរ​សុខ​ទុក្ខ​លោក កឹម សុខា ត្រូវ​បាន​បដិសេធ​ជា​លើក​ទី​បី

$
0
0

អ្នករាយការណ៍​ពិសេស ​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក នៅ​ថ្ងៃ​ទី២៥ ខែ​មេសា​នេះ ថា​អ្នកស្រី​បាន​ស្នើសុំ​សួរ​សុខទុក្ខ​លោក កឹម សុខា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​នៅ​ចុង​ខែ​នេះ​ដែរ ប៉ុន្តែ​សំណើ​នេះ​ ត្រូវ​បាន​បដិសេធ​ ដូច​លើក​មុនៗ ដែរ។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី កាល​ពី​ខែ មីនា ឆ្នាំ ២០១៨ កាល​លោក កឹម សុខា នៅ​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ចៅក្រម​ស៊ើបសួរ មិន​អនុញ្ញាត​ឲ្យ​អ្នកស្រី​ជួប​សួរ​សុខ​ទុក្ខ​លោក កឹម សុខា​ដែរ។ ក្រោយ​មក​ទៀត ក្នុង​ដំណើរ​ទស្សនកិច្ច​ កាល​ពី​ចុង​ខែ តុលា ឆ្នាំ ២០១៨ ដដែល គឺ​ក្រោយ​ពេល​លោក កឹម សុខា ត្រូវ​បាន​ផ្ទេរ​ពី​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង មក​ជាប់​ឃុំ​ក្នុង​ផ្ទះ​ ក៏​អ្នកស្រី​មិន​អាច​ជួប​សួរ​សុខទុក្ខ​លោក​បាន​ដែរ ដោយសារ​សំណើ​របស់​អ្នកស្រី ត្រូវ​បាន​បដិសេធ​ទៀត។

ក្នុង​មួយ​ឆ្នាំ​អ្នក​រាយការណ៍​ពិសេស​រូប​នេះ ត្រូវ​បំពេញ​ទស្សនកិច្ច​ពីរ​លើក នៅ​ប្រទេស​កម្ពុជា ដើម្បី​តាមដាន​ស្ថានការណ៍​សិទ្ធិមនុស្ស។ អ្នកស្រី​ត្រូវ​រាយការណ៍​​អំពី​ស្ថានការណ៍​នេះ​មួយ​ឆ្នាំ​ម្តង រាល់​ខែ កញ្ញា នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ទាំង​ពីរ​លើក កាល​ពី​ឆ្នាំ២០១៨ នោះ អ្នកស្រី​បាន​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ទម្លាក់​រាល់​បទ​ចោទ​ប្រឆាំង​លោក កឹម សុខា និង ដោះលែង​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ។ ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី​ក៏​បាន​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន លើក​បម្រាម​ដែល​ហាម​ឃាត់​សិទ្ធិ​នយោបាយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្សប្រឆាំង​ទាំង ១១៨រូប។

អ្នកស្រី រ៉ូណា ស្ម៊ីត រាយការណ៍​ប្រាប់​ប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី៣៩ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៨ ថា របប​លោក ហ៊ុន សែន គ្មាន​ប្រជាធិបតេយ្យ និង​ក្លាយ​ជា​របប​ឯក​បក្ស​ទៅ​ហើយ​ ព្រោះ​អ្វីៗ ស្ថិត​ក្រោម​ការ​ត្រួតត្រា ​របស់​គណបក្ស​កាន់​អំណាច​តែ​ម្នាក់​ឯង។ អ្នកស្រី​រិះគន់​ថា ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ ជា​ការ​បោះ​ឆ្នោត​មួយ ​ងាក​ចាក​ឆ្ងាយ​ចេញ ​ពី​គន្លង​នៃ​ប្រជាធិបតេយ្យ។ អ្នកស្រី​ស្នើ​ឲ្យ​របប​នេះ ​ស្ដារ​ស្ថានភាព​អាក្រក់​បច្ចុប្បន្ន ឲ្យ​វិល​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ ដោយ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

ស្រប​ពេល​ដែល​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​តែ​អាក្រក់​នេះ អ្នកស្រី​នឹង​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈ​ពេល ១១ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ដល់​ថ្ងៃ​ទី៩ ខែ​ឧសភា។

អ្នកស្រី​នឹង​ជួប​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​របប​លោក ហ៊ុន សែន តំណាង​អង្គការ​សង្គម​ស៊ីវិល និង មន្ត្រី​ទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា​ផង។ អ្នកស្រី​ក៏​នឹង​ចុះ​ទៅ​ប្រមូល​ព័ត៌មាន​ ដោយ​ផ្ទាល់​ដល់​មូលដ្ឋាន សហគមន៍​ដែល​រងគ្រោះ ដោយ​សារ​ការ​រំលោភ​សិទ្ធិមនុស្ស​ផង​ដែរ។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា មួយ​រូប​ គឺ​លោក ផែង ហេង ប្រាប់​អាស៊ី​សេរី​ថា មន្រ្តី​សិទ្ធិមនុស្ស​រូប​នេះ គួរតែ​​អាច​ចូល​ជួប​សួរ​សុខទុក្ខ​លោក កឹម សុខា បាន ព្រោះ​សូម្បីតែ​អ្នក​ទោស​នៅ​ពន្ធនាគារ ក៏​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សង្គម​ស៊ីវិល​អាច​ចូល​ជួប​បាន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មន្ត្រី​សិទ្ធិមនុស្ស​ថា ចៅក្រម​ស៊ើបសួរ​មិន​គួរ​បដិសេធ​សំណើ​របស់​អ្នកស្រី រ៉ូណា ស្មីត ដែល​សុំ​ជួប​សួរ​សុខទុក្ខ​លោក កឹម សុខា ទេ

$
0
0

មន្រ្តីសិទ្ធិមនុស្ស​ថា ចៅក្រម​ស៊ើបសួរ​មិន​គួរ​បដិសេធ​សំណើ​របស់​អ្នកស្រី រ៉ូណា ស្មីត ដែល​សុំ​ជួប​សួរ​សុខទុក្ខ​លោក កឹម សុខា ទេ ព្រោះ​ការ​ធ្វើ​ដូច្នេះ គឺ​រឹត​តែ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​លោក កឹម សុខា និង​ស្ថានភាព​អាក្រក់ នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិ​មនុស្ស លីកាដូ លោក អំ សំអាត ចាត់​ទុក​ការ​បដិសេធ មិន​ឲ្យ​អ្នក​រាយការណ៍​ពិសេស ​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) បាន​ចូល​​ជួប​សួរ​សុខទុក្ខ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក កឹម សុខា ម្ដង​ហើយ​ម្ដង​ទៀត​បែប​នេះ គឺ​ជា​​ការ​បង្ហាញ​ឲ្យ​ឃើញ ថា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ជាពិសេស​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​សួរ​សុខទុក្ខ​ជន​កំពុង​ជាប់​ឃុំ នៅ​តែ​ត្រូវ​បាន​រឹត​បន្តឹង។ លោក​បន្ថែម​ទៀត​ថា ជា​គោល​ការណ៍​ច្បាប់ លោក កឹម សុខា គ្រាន់​តែ​ជា​ជន​ត្រូវ​ចោទ មិន​ទាន់​មាន​ទោស​អ្វី​ទាំង​អស់ ដូច្នេះ​មិន​ត្រូវ​បាត់បង់​សិទ្ធិ​សេរីភាព​យ៉ាង​នេះ​នោះ​ទេ៖ «យើង​ឃើញ​ហើយ សូម្បី​តែ​អ្នកទោស ឬ​ក៏​ជន​ជាប់​ចោទ​ផ្សេងៗ នៅ​តាម​ពន្ធនាគារ ក៏​មានការ​អនុញ្ញាត​ឲ្យ​មានការ​ប្រស្រ័យ​ទាក់ទង​ជាមួយ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ​ ឬ អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ​ ចូល​សួរ​សុខ​ទុក្ខ​បាន។ អ៊‍ីចឹង​ ក្នុង​នាម​ឯកឧត្ដម​ កឹម សុខា ជា​ប្រជាពលរដ្ឋ​មួយ​រូប​ដែរ គាត់​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​គេ​សួរ​សុខទុក្ខ»

ប្រតិកម្ម​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ ធ្វើ​ឡើង​ក្រោយ​ចៅក្រម​ស៊ើបសួរ​ បដិសេធ​សំណើ​របស់​អ្នកស្រី រ៉ូណា ស្មីត ដែល​ស្នើសុំ​ជួប​លោក កឹម សុខា ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​ស្រុក​ខ្មែរ នៅ​ចុង​ខែ​មេសា​នេះ។ នេះ​ជា​លើក​ទីបី​ហើយ ដែល​មន្ត្រី​តុលាការ​នៃ​របប​លោក ហ៊ុន សែន បដិសេធ​សំណើ​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ដែល​ចង់​ជួប​សួរ​សុខទុក្ខ​លោក កឹម សុខា។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី កាល​ពី​ខែ​មីនា ឆ្នាំ២០១៨ កាល​លោក កឹម សុខា នៅ​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូង​ឃ្មុំ​ ចៅក្រម​ស៊ើបសួរ មិន​អនុញ្ញាត​ឲ្យ​អ្នកស្រី​ជួប​សួរ​សុខទុក្ខ​លោក កឹម សុខា​ដែរ។ ក្រោយ​មក​ទៀត នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​ដដែល គឺ​ក្រោយ​ពេល​លោក កឹម សុខា ត្រូវ​បាន​ផ្ទេរ​ពី​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង មក​ជាប់​ឃុំ​ក្នុង​ផ្ទះ​វិញ​​ ក៏​អ្នកស្រី​មិន​អាច​ជួប​សួរ​សុខទុក្ខ​លោក​បាន​ដែរ ដោយសារ​សំណើ​របស់​អ្នកស្រី ត្រូវ​បាន​បដិសេធ​ទៀត។

ក្នុង​មួយ​ឆ្នាំ អ្នក​រាយការណ៍​ពិសេស​រូប​នេះ ត្រូវ​បំពេញ​ទស្សនកិច្ច​ពីរ​លើក ទៅ​ប្រទេស​កម្ពុជា ដើម្បី​តាមដាន​ស្ថានការណ៍​សិទ្ធិមនុស្ស។ អ្នកស្រី​ត្រូវ​រាយការណ៍​អំពី​ស្ថានការណ៍​នេះ មួយ​ឆ្នាំ​ម្ដង គឺ​រាល់​ខែ​កញ្ញា នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ឯ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ទាំង​ពីរ​លើក កាល​ពី​ឆ្នាំ២០១៨ នោះ អ្នកស្រី​បាន​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រឆាំង​លើ​​លោក កឹម សុខា និង ដោះលែង​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ។ ក្រោយ​ការ​រម្លាយ​គណបក្ស សង្គ្រោះ​ជាតិ អ្នកស្រី​ក៏​បាន​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន លើក​បម្រាម​ដែល​ហាម​ឃាត់​សិទ្ធិ​នយោបាយ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ទាំង ១១៨រូប។

អ្នកស្រី រ៉ូណា ស្ម៊ីត រាយការណ៍​ប្រាប់​ប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី៣៩ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៨ ថា របប​លោក ហ៊ុន សែន គ្មាន​ប្រជាធិបតេយ្យ និង ក្លាយ​ជា​របប​ឯក​បក្ស​ទៅ​ហើយ​ ព្រោះ​អ្វីៗ ស្ថិត​ក្រោម​ការ​ត្រួតត្រា ​របស់​គណបក្ស​កាន់​អំណាច​តែ​ម្នាក់​ឯង។ អ្នកស្រី​រិះគន់​ថា ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ គឺ​ជា​ការ​បោះ​ឆ្នោត​មួយ ​ងាក​ចាក​ឆ្ងាយ​ចេញ ​ពី​គន្លង​នៃ​ប្រជាធិបតេយ្យ។ អ្នកស្រី​ស្នើ​ឲ្យ​របប​នេះ ​ស្ដារ​ស្ថានភាព​អាក្រក់​បច្ចុប្បន្ន ឲ្យ​វិល​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ ដោយ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

ស្រប​ពេល​ដែល​ស្ថានភាព​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ​នៅ​តែ​អាក្រក់​នេះ អ្នកស្រី​នឹង​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈ​ពេល ១១ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ដល់​ថ្ងៃ​ទី៩ ខែ​ឧសភា។

អ្នកស្រី​នឹង​ជួប​មន្ត្រី​ជាន់ខ្ពស់​ ក្នុង​ជួរ​របប​លោក ហ៊ុន សែន តំណាង​អង្គការ​សង្គម​ស៊ីវិល និង មន្រ្តី​ទូត​បរទេស​ប្រចាំ​នៅ​កម្ពុជា​ផង។ អ្នកស្រី​ក៏​នឹង​ចុះ​ទៅ​ប្រមូល​ព័ត៌មាន​ ដោយ​ផ្ទាល់ ​ដល់​មូលដ្ឋាន​សហគមន៍​ដែល​រងគ្រោះ ដោយ​សារ​ការ​រំលោភ​សិទ្ធិមនុស្ស​ផង​ដែរ។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា មួយ​រូប​ គឺ​លោក ផែង ហេង ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី២៥ ខែ​មេសា​ថា មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​រូប​នេះ គួរតែ​អាច​ជួប​សួរ​សុខទុក្ខ​លោក កឹម សុខា បាន។

ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ នៃ​របប​លោក ហ៊ុន សែន យល់ថា​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ ក្នុង​ការ​បដិសេធ​នេះ គឺ​ធ្វើ​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់ ដោយសារ​ក្នុង​ដំណាក់​កាល​នេះ លោក កឹម សុខា កំពុង​ស្ថិត​ក្រោម​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​តាម​ផ្លូវ​តុលាការ។ លោក​បន្ថែម​ថា ក្នុង​ដំណាក់​កាល​នេះ​ដែរ គឺ​មាន​តែ​ចៅក្រម​ស៊ើប​សួរ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​សម្រេច ក្នុង​ការ​អនុញ្ញាត ឬ មិន​អនុញ្ញាត​ឲ្យ​ជួប​លោក កឹម សុខា នេះ៖ «វា​ជា​អំណាច​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ។ លោក​ កឹម សុខា ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ គេ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​មួយ​ចំនួន រួម​ទាំង​កន្លែង​ដែល​ធ្វើ​ដំណើរ​ទៅ​បាន និង​អ្នក​ដែល​អាច​ជួប​បាន។ អ៊ីចឹង​ជន​ណា​ក៏​ដោយ ដែល​ចង់​ជួប​ត្រូវ​តែ​មានការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ។ បើ​គាត់​ថា ជួប​មិនបាន ព្រោះ​អាច​ប៉ះ​ពាល់​ដ​ល់​ការ​ស៊ើបសួរ គាត់​មិន​អនុញ្ញាត​ទេ»

ក្នុង​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ របប​លោក ហ៊ុន សែន រង​ការ​រិះគន់ និង​ថ្កោលទោស​ជុំ​ទិស​ថា បាន​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ដោយសារ​តែ​ការ​ចាប់​ប្រធាន​គណបក្ស​ប្រឆាំង​ដាក់​ឃុំឃាំង បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ រម្លាយ​គណបក្សប្រឆាំង​ និង​រៀបចំ​ការ​បោះឆ្នោត ដោយ​ផាត់​ចោល​គណបក្ស​ប្រឆាំង​ជា​ដើម។

ថ្មីៗ នេះ​ទៀត​សោត របប​នេះ​នៅ​តែ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សំឡេង​ប្រឆាំង ដោយ​បន្ត​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ដោយសារ​តែ​ការ​បញ្ចេញ​មតិ​តា​ម​បណ្ដាញ​សង្គម និង​ចេញ​ដីកា​តាម​​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ សង្គ្រោះ​ជាតិ​ ជា​បន្ត​បន្ទាប់។ មិន​តែ​ប៉ុណ្ណោះ លោក ហ៊ុន សែន បន្ត​គំរាម​កម្ទេច​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​នៅ​សេសសល់​​របស់​បក្ស​ប្រឆាំង ស្រប​ពេល​ដែល​របប​នេះ នៅ​តែ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​ខាង​សហជីព​កម្មករ​ផង​ដែរ។

អ្នកវិភាគ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ថា កម្ពុជា​នឹង​ចៀស​មិន​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម ពី​សហគមន៍​​អន្តរជាតិ បើ​របប​លោក ហ៊ុន សែន មិន​ព្រម​ស្តារ​ស្ថានភាព​អាក្រក់​នេះ​ឡើង​វិញ​ឲ្យ​បាន​ទាន់​ពេល​វេលា​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live