
របបលោក ហ៊ុន សែន ចោទប្រកាន់សហភាពអឺរ៉ុបថា បានគាំទ្រជាចំហរចំពោះសកម្មភាពខុសច្បាប់ និងប្រាសចាកពីលិទ្ធិប្រជាធិបតេយ្យរបស់ក្រុមមួយចំនួន ដែលទង្វីនេះជាការវៀរចាកឆ្ងាយពីគន្លងនៃភាពត្រឹមត្រូវ។ របបនេះបន្តថា សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបនេះ ធ្វើឡើងដោយផ្អែកលើហេតុផលនយោបាយសុទ្ធសាធ ដោយមិនឆ្លុះបញ្ចាំង ពីការខំប្រឹងប្រែងអភិវឌ្ឍជាតិ ដែលរបបនេះបានធ្វើក្នុងរយៈពេល ២០ ឆ្នាំ កន្លងទៅនេះ នោះឡើយ។
ក្រសួងការបរទេសនៃរបបក្រុងភ្នំពេញ បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី ១០ តុលា ថា ការសម្រេចនេះ នឹងធ្វើឱ្យបាត់បង់ទាំងស្រុងនូវលទ្ធផលជាវិជ្ជមាន នៃគោលនយោបាយអឺរ៉ុប ដែលកម្ពុជាទទួលបានផលប្រយោជន៍ មកទល់នឹងពេលបច្ចុប្បន្ន។ ប៉ុន្តែ របបក្រុងភ្នំពេញ ព្រមានថា ខ្លួនមិនចុះញ៉មដាច់ខាតចំពោះបញ្ហានេះ និងថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបនេះ នឹងធ្វើឱ្យរបបនេះ កាន់តែមានទឹកចិត្តមុតមាំថែមទៀត ក្នុងអ្វីដែលរបបនេះ អះអាងថា ជាការការពារ និង រក្សាសកម្មភាពត្រឹមត្រូវ និង ស្របច្បាប់របស់ខ្លួន។
ទោះបីជារបបនេះ អះអាងថា ចំណាត់ការរបស់ខ្លួនក្នុងការរម្លាយគណបក្សប្រឆាំង បណ្តេញអង្គការសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និង ធ្វើទុក្ខបុកម្នេញលើសិទ្ធិសេរីភាពពលរដ្ឋ ក្នុងការជួបប្រជុំ និង ប្រមូលផ្តុំ ដើម្បីតវ៉ាដោយអហិង្សាជាដើម ជាសកម្មភាពត្រឹមត្រូវ ស្របច្បាប់យ៉ាងណាក្តី ក៏សហគមន៍អន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប បានចាត់ទុកសកម្មភាពទាំងនេះ ថាជាការរំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ។
ស្របពេលដែលរបបលោក ហ៊ុន សែន ប្រកាន់ជំហរម៉ឺងម៉ាត់ និង មានញ្ញត្តិគាំទ្រ និង ហៃអើពីស្ទើរគ្រប់ស្ថាប័នរបបនេះ ដែលប្តេជ្ញា តតាំងទៅនឹងការដាក់ទណ្ឌកម្មណាមួយ របស់សហភាពអឺរ៉ុបនេះ ជំហរនេះបែរជាផ្ទុយគ្នាស្រឡះ ទៅនឹងកថាខណ្ឌចុងក្រោយនៃសេចក្តីថ្លែងការណ៍របស់ខ្លួន បែរជាបានស្នើសុំការគាំទ្រពីសហភាពអឺរ៉ុប ដើម្បីឱ្យជួយសម្រេច នូវអ្វីដែលរបបនេះ អះអាងថា ជាគោលដៅ នៃការកសាងរដ្ឋប្រជាធិបតេយ្យមួយ ដោយការគោរពសិទ្ធិពលរដ្ឋស្របតាមគុណតម្លៃ និងប្រពៃណីរបស់កម្ពុជាទៅវិញ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនេះ ហាក់មានភាពផ្ទុយគ្នានឹងជំហររបស់មេដឹកនាំរបបក្រុងភ្នំពេញដែលថ្លែងដោយកំហឹងថា លោកមិនខ្វល់នឹងរឿងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នោះឡើយ។ ថ្លែងពីប្រទេសជប៉ុន កាលពីថ្ងៃទី ០៧ តុលា លោកអះអាងថា លោកមិនឱនក្បាលដាក់បរទេសឡើយ ហើយក៏មិនយកសន្តិភាព និងឯករាជ្យភាពរបស់កម្ពុជា ទៅប្តូរនឹងជំនួយនោះដែរ ដែលនេះគឺជាការឆ្លើយតបរបស់លោកចំពោះដំណើរការអនុវត្តនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។
សំឡេង៖ “អាងឡើងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ប៉ុន្តែឥលូវសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅស៊ីរី (Syria) នៅលីប៊ី (Libya) នៅអ៊ីរ៉ាក់ (Iraq) នៅយេមែន (Yemen) វាយ៉ាងដូចម្តេចទៅហើយ? ហើយកាលពីកម្ពុជាស្លាប់រាប់លាននាក់ អ្នកឯងមានបានគិតទេអាហ្នឹង? ឥលូវចង់ធ្វើអ្វីធ្វើទៅ។ ចង់ឱ្យបង់ពន្ធ បង់ពន្ធ។ សូមផ្តាំណា ឱនក្បាលម្តង ត្រូវជំពាក់ ឱនពីរដង ជំពាក់ ឱនបីដង ឱនមួយជីវិត ខ្មែរអត់ឯករាជ្យបានទេ។ ប្រឹងរស់ ងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យ និងសន្តិភាពរបស់ប្រទេស។”
កាលពីសប្តាហ៍មុន សហភាពអឺរ៉ុបបានជូនដំណឹងផ្លូវការទៅរបបលោក ហ៊ុន សែន អំពីចំណាត់ការឈានទៅរកការលុបចោលប្រព័ន្ធអនុគ្រោះពន្ធ “ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ ឬ EBA” នេះ។ សហភាពអឺរ៉ុបបញ្ជាក់ថា ចំណាត់ការនេះ គឺដោយសារតែពុំមានការកែប្រែស្ថានភាពវិបត្តិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ក្នុងរយៈកាលកន្លងទៅនេះ។ សហភាពអឺរ៉ុបទុករយៈពេល ៦ ខែពីរដង ឱ្យរបបលោក ហ៊ុន សែន ស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ហើយបើក្នុងរយៈពេលនេះ របបក្រុងភ្នំពេញមិនអនុវត្តតាមលក្ខខណ្ឌនេះទេ នោះសហភាពអឺរ៉ុប នឹងលុបចោលប្រព័ន្ធអនុគ្រោះពន្ធនេះ។
ថ្នាក់ដឹកនាំសហជីព និងអ្នកការពារសិទ្ធិកកម្មករ សុទ្ធតែលើកឡើងពីក្តីព្រួយបារម្ភទាក់ទងនឹងការដកប្រព័ន្ធអនុគ្រោះពន្ធនេះ ដោយពួកគេលើកឡើងថា ចំណាត់ការនេះនឹងធ្វើឱ្យកម្ពុជាខាតបង់ផលប្រយោជន៍យ៉ាងច្រើន។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ឃើញថា កម្ពុជាមិនទាន់ត្រៀមខ្លួនដើម្បីទទួលយកកាតព្វកិច្ចបង់ពន្ធនៅឡើយទេ ដូច្នេះប្រសិនបើសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធនេះមែន នោះនឹងធ្វើឱ្យកម្ពុជាខាតបង់ផលប្រយោជន៍ធំ។ លោកជឿជាក់ថា និយោជកជាច្រើន អាចនឹងបិទអាជីវកម្មរបស់ខ្លួន ឬក៏ផ្ទេរអាជីវកម្មទៅទីណាផ្សេងក៏ថាបាន ដែលនេះជាវិបត្តិដ៏ធំសម្រាប់កម្មករ-និយោជិត នៅទូទាំងប្រទេស។ លោកស្នើឱ្យរបបលោក ហ៊ុន សែន ដោះស្រាយរឿងនេះ ដោយឈរលើផលប្រយោជន៍ជាតិជាធំ ព្រោះបើប្រព័ន្ធនេះត្រូវបានកាត់ផ្តាច់នោះ វានឹងបង្អាក់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា <<EBA ជាប្រព័ន្ធមួយដែលវាអាចឱ្យកម្ពុជាមានឱកាសអភិវឌ្ឍលេចមុខលេចមាត់មកដល់ពេលបច្ចុប្បន្ន ហើយយើងក៏បានកសាងប្រទេសបានមួយចំនួនធំដែរហើយ អ៊ីចឹងប្រសិនបើ EBA នេះ វានៅបន្ត ឬក៏វានៅក្នុងស្ថានភាពមួយដែលអាចដំណើរការទៅបាន ខ្ញុំគិតថា វាជារឿងល្អ។ ប៉ុន្តែបើប្រសិនបើប្រព័ន្ធនេះគេផ្តាច់ ឬក៏មានបញ្ហាអ្វីមួយនោះ ខ្ញុំគិតថា ការអភិវឌ្ឍប្រទេសអាចយឺតហើយ ដូច្នេះក្នុងនាមយើងជាពលរដ្ឋ និងខាងកម្មករ យើងចង់ឃើញដំណើរការនៃរដ្ឋាភិបាលកម្ពុជា ជាមួយសហគមន៍អឺរ៉ុបជជែកគ្នាដើម្បីរកមធ្យោបាយល្អដោះស្រាយរឿងហ្នឹង>>។
វិបត្តិនយោបាយ ដែលក្លាយជាចំណោទដ៏ធំ សម្រាប់អនាគតនៃវិស័យរោងចក្រកាត់ដេរ នៅកម្ពុជានេះ ត្រូវបានអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ទម្លាក់កំហុសទៅលើក្រុមអ្នកប្រឆាំង អ្នកសារព័ត៌មានក្រៅប្រទេស និង អ្នកវិភាគ ដែលលោកអះអាងប្រាប់ប្រព័ន្ធឃោសនាលោក ហ៊ុន សែន នៅថ្ងៃទី ១១ ខែ តុលានេះ ថាអ្នកធ្វើឲ្យសហភាពអឺរ៉ុបគិតគូរឿងដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន បែបនេះ។ លោក ហេង សួរ ហៅអ្នកទាំងនោះ ថាជាអ្នកហួចហៅខ្យល់ ក្នុងពេលទើបតែមានផ្សែង និង ចោទក្រុមប្រឆាំង ថាគ្មានឧត្តមគតិជាតិ និងមិនស្រឡាញ់ប្រជាជនខ្មែរ ទើបទៅក្រាបអោន សុំឲ្យអ៊ឺរ៉ុបធ្វើបាបកម្មករនិយោជិតដូច្នេះ។
ការចោទប្រកាន់បែបនេះ ត្រូវបានមន្រ្តីបក្សប្រឆាំង ច្រានចោលជាច្រើនលើកច្រើនសារមកហើយ។ មន្រ្តីគណបក្សសង្រោះជាតិ ហៅការចោទបែបនេះ ថាជាការលាបពណ៌បក្សប្រឆាំង ដែលជាជនរងគ្រោះយ៉ាងអយុត្តិធម៌ ក្នុងអំពើធ្វើទុក្ខបុកម្នេញ ដែលសាងឡើងដោយលោក ហ៊ុន សែន និងរបបសព្វថ្ងៃនេះ។ សហស្ថាបនិកគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងប្រាប់អាស៊ីសេរីថា អ្វីដែលគណបក្សសង្គ្រោះជាតិ ខំតស៊ូមតិនៅក្រៅប្រទេស រួមទាំងការធ្វើបាតុកម្ម និង ទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាលបរទេស គឺដើម្បីទាមទាររកយុត្តិធម៌ និង ការស្តារប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ដែលរបបលោក ហ៊ុន សែន បានបំផ្លាញខ្ទេចអស់តែប៉ុណ្ណោះ។ លោក សម រង្ស៊ី បញ្ជាក់បន្ថែមថា ដោយសារតែការប្រព្រឹត្តិខុសរបស់លោក ហ៊ុន សែន និង របបនេះ ទើបសហគមន៍អន្តរជាតិ គេដាក់ទណ្ឌកម្ម។ ដូច្នេះ អ្នកណាចង អ្នកនោះជាអ្នកស្រាយ ហើយកុំមកទម្លាក់កំហុសមកលើគណបក្សសង្គ្រោះជាតិ <<គណៈបក្សសង្គ្រោះជាតិ មិនចាំបាច់ចរចាជាមួយជនពាលទេ ឲ្យជនពាលចរចាជាមួយអន្តរជាតិទៅ។ អន្តរជាតិកំពុងតែសម្ពងជនពាល។ ជនពាលខ្លាចតែអន្តរជាតិសម្ពងទេ។ បើចំពោះគណបក្សសង្គ្រោះជាតិ យើងដៃទទេ គេអត់ស្តាប់យើងទេ។ ទាល់តែគេមានឥទ្ធិពល ដូចជាសហភាពអឺរ៉ុប គេដាក់ទណ្ឌកម្មពាណិជ្ជកម្ម ហិរញ្ញវត្ថុ និង ទណ្ឌកម្មលើបុគ្គល លើជនពាល លើក្រុមគ្រួសារជនពាល មិនឲ្យគ្រួសារជនពាលជាន់ដីគេ រឹបអូសទ្រព្យសម្បត្តិជនពាល អាហ្នឹងបានជនពាលខ្លាច>>។
ចំណែក ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន វិញ ជឿជាក់ថា សហភាពអឺរ៉ុប មិនមានបំណងអាក្រក់អ្វីមកលើកម្ពុជាឡើយ ផ្ទុយទៅវិញ នេះជាចេតនាល្អរបស់សភាអឺរ៉ុបទៅវិញទេ ដែលចង់ឱ្យកម្ពុជា វិលមករកគន្លងប្រជាធិបតេយ្យឡើងវិញ។ លោកថានៅលើវិស័យសេដ្ឋកិច្ច ប្រទេសនីមួយៗ ត្រូវមានការពឹងពាក់គ្នាទៅវិញទៅមក ហើយវាមិនមែនជារឿងល្អឡើយដែលរបបលោក ហ៊ុន សែន បង្កើតភាពជាគូសត្រូវ ជាមួយបណ្តាប្រទេសដែលជាដង្ហើមសេដ្ឋកិច្ចរបស់ខ្លួននោះ <<រឿងសំខាន់បន្ទាប់ពីគេដាក់ទណ្ឌកម្មដកហូតប្រព័ន្ធអនុគ្រោះពន្ធទៅ តើពលរដ្ឋខ្លួនយើងនេះ ប្រឈមទៅនឹងអ្វីខ្លះ? វាបាត់បង់ការងាររបស់កម្មករ។ ទីពីរ វាត្រូវប៉ះពាល់ដល់អ្នកដែលទទួលផលតាមរយៈកម្មករ ដូចជា សាច់ញាតិ អ្នកលក់នៅតាមរោងចក្រ អ្នកមានបន្ទប់ជួល អ្នកមានផ្ទះជួល អ្នកមានរថយន្តដឹកកម្មករ អ៊ីចឹងវាប៉ះពាល់ក្នុងទំហំធំណាស់។ នេះជារឿងដែលយើងត្រូវគិតពិចារណា។ យើងមិនមែននិយាយយកតែឈ្នះតាមទំនើងចិត្តរបស់យើងនោះទេ។ សូមឱ្យមេដឹកនាំត្រូវគិតពិចារណាអំពីបញ្ហានេះម្តងទៀត>>។
ប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធី“ទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ” ហៅកាត់ថា EBA នេះ ត្រូវបានសហភាពអឺរ៉ុប បង្កើតឡើងកាលពីឆ្នាំ ២០០១ ដើម្បីផ្ដល់ការលើកទឹកចិត្តដល់ប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅលើពិភពលោក ចំពោះការមិនគិតពន្ធ ឬទទួលបានប្រព័ន្ធកូតាសេរី ក្នុងការនាំទំនិញទាំងអស់ ចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប លើកលែងតែអាវុធ និងគ្រាប់រំសេវ។ កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ កាលពីឆ្នាំ ២០១២ ហើយក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាបានរួចផុតពីកាតព្វកិច្ចពន្ធជិត ៧ រយលានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ចំពោះទំនិញនាំចេញទៅទីផ្សារអឺរ៉ុប។ តួលេខពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលកម្ពុជាបង្ហាញថា ក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ ទំនិញកម្ពុជានាំចូលទៅទីផ្សារអឺរ៉ុប មានទឹកប្រាក់ដល់ទៅជាង ៦ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ដែលភាគច្រើននៃទំនិញទាំងនោះ គឺជាផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ព្រមទាំងផលិតផលកសិកម្មជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។