Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all 11174 articles
Browse latest View live

សាលាក្រុង​ភ្នំពេញ​អំពាវនាវ​ដល់​ពលរដ្ឋ​រក្សាទុក​សំរាម​នៅផ្ទះ​រៀងៗ​ចំនួន ៣​ថ្ងៃ ពេល​ភ្ជុំបិណ្ឌ

$
0
0

ប្រសិនបើ​លោកអ្នក​នាង​មាន​សំរាម ក្នុងអំឡុងពេល​ឈប់សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចំនួន ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី៨ ដល់​ទី ១០​តុលា កុំ​បញ្ចេញ​សំរាម​មក​ដាក់​នៅ​តាម​ដង​ផ្លូវ​សាធារណៈ។ នេះ​បើ​តាម​ការ​អំពាវនាវ​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ។

សាលា​រាជធានី​លើកឡើង​ថា ក្រុមហ៊ុន​ស៊ីនទ្រី​នឹង​មិន​បាន​ប្រមូល​សំរាម​ចាប់ពី​ថ្ងៃទី៨ ដល់​ថ្ងៃទី១០ នោះ​ទេ ដោយសារ​បុគ្គលិក និង​កម្មករ​របស់​ក្រុមហ៊ុន ដែល​បម្រើ​ការងារ​សម្អាត និង​ដឹកជញ្ជូន​សំរាម​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ឈប់សម្រាក​ពី​ការងារ ហើយ​កម្មករ​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​ពួកគេ ដែល​ធ្វើ​ឱ្យ​ការ​ផ្ដល់​សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​ក្នុង​ក្រុង មាន​ភាព​រអាក់រអួល និង​មិនបាន​ពេញលេញ។

អាជ្ញាធរ​បញ្ជាក់​ថា ការ​ស្នើ​សុំ​ឱ្យ​ពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម ឬ​សេវាកម្ម រក្សាទុក​សំរាម​នៅ​ទីតាំង​រៀងៗ​ខ្លួន​នេះ គឺ​ដើម្បី​ថែរក្សា​សោភ័ណភាព អនាម័យ និង​បរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ការ​ប្រមូល​សំរាម​នឹង​វិល​មក​ជា​ធម្មតា​វិញ​នៅ​ថ្ងៃ​ទី១២ តុលា។

ជា​រៀងរាល់​ឆ្នាំ ឱ្យ​តែ​នៅ​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ម្តងៗ សំរាម​ជាច្រើន​ត្រូវ​បាន​គេ​គរ​ចោល​ពាស​វាល​ពាស​កាល ពេញ​នៅ​តាម​ដង​ផ្លូវ និង​ទីតាំង​មួយ​ចំនួន ដែល​បង្ក​ក្លិនស្អុយ​អសោច​នៅ​ជុំវិញ​នោះ។ មូលហេតុ​គឺ​ដោយសារ​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីនទ្រី ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈប់សម្រាក ហើយ​អាជ្ញាធរ​ក្រុង​មិនបាន​រៀបចំ​ក្រុម​ប្រមូល​សំរាម​ណាមួយ​សម្រាប់​ធ្វើ​ការ​នៅ​ថ្ងៃបុណ្យ​ទាំងនោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​នៅ​សេសាន​ដែល​ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​ត្អូញ​ពី​ភាព​យឺតយ៉ាវ​នៃ​សំណង

$
0
0

ពលរដ្ឋ ៥០​គ្រួសារ ឋិត​ក្នុង​លក្ខខណ្ឌ​បំបែក​គ្រួសារ ដែល​ឯកភាព​ទទួល​គោលនយោបាយ​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខេត្ត​ស្ទឹងត្រែង ត្អូញត្អែរ ពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​គ្រា​ដែល​ក្រុមហ៊ុន​នៅតែ​ពន្យារពេល​មិន​ផ្ដល់​សំណង​ដី​កសិកម្ម​ក្នុង​មួយ​គ្រួសារ ២ហិកតារ។ ពួកគេ​អះអាង​ថា អាជ្ញាធរ​ខេត្ត​ធ្លាប់​សន្យា​នៅ​មុន​ពេល​បោះឆ្នោត​ថា នឹង​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ តែ​គ្មាន​លទ្ធផល។

ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរ​ថ្មី ឃុំ​ស្រែគរ ស្រុក​សេសាន នៅ​ថ្ងៃទី៦ តុលា អំពាវនាវ​ជា​ថ្មី​ទៀត ឲ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ឲ្យ​ពន្លឿន​ការ​អនុវត្ត​គោល​នយោបាយ​សំណង ដើម្បី​ឲ្យ​ពួកគេ​មានលទ្ធភាព​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត​នៅ​ឆ្នាំក្រោយៗ ខណៈ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​ឋិត​ក្នុង​លក្ខខណ្ឌ​ទទួល​បាន​សំណង ដី​កសិកម្ម​ពី​ក្រុមហ៊ុន​ក្នុង​មួយ​គ្រួសារ ២​ហិកតារ នៅតែ​រង់ចាំ​ដំណោះស្រាយ​នេះ​ជិត ៣​ឆ្នាំ​មក​ហើយ។

ពលរដ្ឋ​យល់ព្រម​ទទួល​សំណង​រស់នៅ​ឃុំ​ស្រែគរ​ថ្មី ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ដោយសារតែ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​នៅ​ថ្ងៃទី៦ តុលា ថា ពលរដ្ឋ​បំបែក​គ្រួសារ ៥០​គ្រួសារ បាន​ទន្ទឹង​រង់ចាំ ក្រុមហ៊ុន​ផ្ដល់​សំណង​ដី​កសិកម្ម​មួយ​គ្រួសារ ២ហិកតារ ៣​ឆ្នាំ​មក​ហើយ មក​ទល់​ពេល​នេះ នៅតែ​គ្មាន​តម្រុយ​លទ្ធផល បើ​ទោះ​បី​ជា​ពួកគេ​បាន​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍ ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​សា​ក្ដី។ លោក​រំឭក​ថា អភិបាលខេត្ត​ស្ទឹងត្រែង​លោក ម៉ុម សារឿន ធ្លាប់​សន្យា​នៅ​ចំពោះ​មុខ​អ្នកភូមិ​ថា អាជ្ញាធរ​ខេត្ត​នឹង​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ឲ្យ​ចប់​សព្វគ្រប់ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ​នៅតែ​គ្មាន​ដំណោះស្រាយ​ដដែល៖ «អ្នក​ក្រីក្រ ពលរដ្ឋ​កសិករ​ដូច​ខ្ញុំ សំខាន់​ដី ធ្វើស្រែ​ចម្ការ។ លំបាក​មែនទែន ពួក​ខ្ញុំ​មានតែ​កម្មករ​គេ​រហូត គ្មាន​ដី​ធ្វើស្រែ​ចម្ការ អត់​មាន​ដោះស្រាយ​អី​ទេ​អាជ្ញាធរ»

បុរស​ដដែល​ត្អូញ​ថា ពន្យារ​ពេល​មិន​ដោះស្រាយ​បញ្ហា​សំណង នឹង​នាំ​ឲ្យ​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​ធ្ងន់ធ្ងរ ព្រោះ​ពួកគេ​ខកខាន​មិនបាន​ធ្វើស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត ខណៈ​ដែល​ភូមិកំណើត​របស់​ពួកគេ ត្រូវ​បាន​ក្រុមហ៊ុន​បិទទ្វារ​ទឹក​ពន្លិច​អស់ទាំង​ស្រុង ១​ឆ្នាំ​មក​ហើយ៖ «អាជ្ញាធរ ចៅហ្វាយខេត្ត​ដោះស្រាយ​ជូន​ពលរដ្ឋ​មុន​ពេល​បោះឆ្នោត ឥឡូវ​សន្យា​ខ្យល់។ ពួក​ខ្ញុំ​ខ្វះខាត​គ្មាន​ដី​ធ្វើស្រែ​ចម្ការ ដី​កន្លែង​ណា​សុទ្ធ​ដី​របស់​គេ»

អ្នកភូមិ​ស្រែគរ​ព្យាករ​ថា ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ​ថ្មី ប្រមាណ ៦០ ភាគរយ ក្នុងចំណោម​ពលរដ្ឋ​ជាង ៧០០ គ្រួសារ បូក​បញ្ចូល​ទាំង​ពលរដ្ឋ​បំបែក​គ្រួសារ នៅ​មិនទាន់​អាច​មាន​លទ្ធភាព​ធ្វើ​កសិកម្ម​លើ​ដី​ដែល​ក្រុមហ៊ុន​ផ្ដល់​ជូន​នៅឡើយ​ទេ ហើយ​ដី​ទាំងនោះ​ប្រមាណ​ជាង ២.៥០០ ហិកតារ ភាគច្រើន​សំបូរ​ដោយ​ព្រៃ​រេចរឹល ហើយ​ផ្នែក​ខ្លះ​ជា​ដី​ទួល​ខ្ពស់ និង​លិច​ទឹក។ លើស​ពី​នេះ អ្នកភូមិ​ដែល​អាច​មាន​លទ្ធភាព​ធ្វើ​កសិកម្ម​លើ​ដី​ទាំង​នោះ​បាន ត្រូវ​ចំណាយ​ប្រាក់​ច្រើន​លាន​រៀល ដោយ​ត្រូវ​ឈូស​ឆាយ​ព្រៃ និង​ភ្ជួរ​រាស់​ដោយ​ខ្លួនឯង។

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បានទេ​នៅ​ថ្ងៃទី៦ តុលា។

មេឃុំ​ស្រែគរ​ថ្មី មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​របប​លោក ហ៊ុន សែន តែងតាំង បាន​បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៦ តុលា ព្រោះ​លោក​ថា កំពុង​ជាប់រវល់។

កាលពី​ខែ​ឧសភា ឆ្នាំ​២០១៨ មុន​ពេល​បោះឆ្នោត​ជាតិ អាណត្តិ​ទី៦ អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន បាន​ចុះទៅ​តំបន់​នោះ​បាន​សន្យា​ថា អាជ្ញាធរ​ខេត្ត​នឹង​ពន្លឿន​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ឲ្យ​បាន​ត្រឹមត្រូវ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ​នៅតែ​គ្មាន​ដំណោះស្រាយ។

អ្នកឃ្លាំមើល​បរិស្ថាន លោក ភូ ប៊ុនថាន់ យល់ថា តួលេខ​ពលរដ្ឋ​ដែល​ឋិត​ក្នុង​លក្ខខណ្ឌ​ទទួល​គោល​នយោបាយ​សំណង និង​មិន​ទទួល​សំណង គួរតែ​អាជ្ញាធរ និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ។ លោក​ថា បើ​មាន​ពលរដ្ឋ​គ្រប់​លក្ខខណ្ឌ​ទទួល​សំណង តែ​មិនទាន់​ទទួល​បាន​សំណង អាជ្ញាធរ និង​ក្រុមហ៊ុន​ត្រូវ​ពន្លឿន​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​សម្រាល​ការ​លំបាក​ដល់​ពលរដ្ឋ និង ដើម្បី​ផ្សះផ្សា​ផ្លូវចិត្ត​ពលរដ្ឋ ដែល​លះបង់​ភូមិកំណើត​មក​រស់នៅ​ទីតាំង​ថ្មី៖ «ទាក់ទង​ការ​យឺតយ៉ាវ​ផ្ដល់​ដី​សំណង ពលរដ្ឋ​មាន​ឯកសារ​គ្រប់​លក្ខខណ្ឌ តែ​មិនទាន់​ផ្ដល់​ជូន​គាត់ គឺ​ប៉ះពាល់​សេដ្ឋកិច្ច​ខ្លាំង។ ការ​រើស​ទីតាំង​ទីលំនៅ កើតឡើង​តាំង​ពី ៣​ឆ្នាំមុន តែ​មក​ទល់​ពេល​នេះ​គាត់​នៅតែ​មិនទាន់​ទទួល​ដី​កសិកម្ម​មានន័យថា គាត់​ខាត​ពេល ៣​ឆ្នាំ»

មក​ទល់​ពេល​នេះ ពលរដ្ឋ​ដែល​យល់ព្រម​ទទួល​សំណង​ពី​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ឃុំ​ស្រែគរ និង​បាន​មក​តាំងទី​លំនៅ​ថ្មី​នៅ​តំបន់​នោះ​មាន​ចំនួន​ជាង ៥២០​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ ៥៧០​គ្រួសារ ហើយ​បច្ចុប្បន្ន​នៅ​សល់​ពលរដ្ឋ ៤៥​គ្រួសារ​នៅ​ឃុំ​ស្រែគរ និង​ពលរដ្ឋ​ជាង ៥០​គ្រួសារ​នៅ​ឃុំ​ក្បាល​រមាស បូក​បញ្ចូល​ពលរដ្ឋ​បំបែក​គ្រួសារ ដែល​ក្រាញ​ននៀល​មិន​ទទួល​គោល​នយោបាយ​សំណង ខណៈ​ដែល​ផ្ទះ និង​ភូមិកំណើត​របស់​ពួកគេ​ត្រូវ​ទឹក​លិចលង់​ទាំងស្រុង​កាលពី​ចុង​ឆ្នាំ២០១៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​ជាង​១​ពាន់​នាក់​ធ្វើបាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន

$
0
0

ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ប្រមាណ​១ពាន់​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើបាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នៅ​ថ្ងៃអាទិត្យ ទី​៧​តុលា នេះ។ ការ​ទាមទារ​នេះ ខណៈ​លោក ហ៊ុន សែន កំពុង​មាន​វត្តមាន​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០ នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ប្រមាណ​១​ពាន់​នាក់​បាន​ចេញ​មក​ស្វាគមន៍ មេដឹកនាំ​ក្រុងភ្នំពេញ​ដោយ​កាន់​សារ​មាន​គូស​សញ្ញា​ខ្វែង​លើ​រូបលោក ហ៊ុន សែន និង​សរសេរ​ថា លោក ហ៊ុន សែន ជា ប៉ុល ពត ទី​ពីរ ព្រម​ទាំង​បាន​ស្រែកថា ពួកគេ​មិន​ទទួលស្គាល់​របប​ថ្មី​លោក ហ៊ុន សែន ទេ។

អ្នក​នាំ​ដឹកនាំ​បាតុកម្ម​ម្នាក់​លោក ហៃ វណ្ណា ឲ្យ​អាស៊ីសេរី​ដឹង​តាម​ទូរស័ព្ទ​ថា ក្រុម​បាតុករ​មាន ចំនួន​ប្រមាណ​១​ពាន់​នាក់​ដែល​ភាគច្រើន​ជា​យុវជន​បាន​នាំគ្នា​ដើរ​ជា​ក្បួន​សំដៅ​ទៅ​ជួបជុំគ្នា​នៅ​ទីធ្លា​សួនឧទ្យាន​មួយ​នៅ​ទីក្រុង​តូក្យូ។ ការ​ទាមទារ​នេះ​គឺជា​ការ​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ចង់បាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​ហើយក៏​មិន​ទទួល​ស្គាល់​ការបោះឆ្នោត​ក្លែងក្លាយ និង​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើង​ដែល​ត្រូវ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម៖ «ប្រជាពលរដ្ឋ​ខ្មែរ​ចង់បាន​ប្រជាធិបតេយ្យ​ពិតប្រាកដ ហើយ​យើង​មិន​ទទួលស្គាល់​ការបោះឆ្នោត​ក្លែងក្លាយ​ថ្ងៃ​ទី​២៩ កក្កដា និង​លោក ហ៊ុន សែន មិនមែន​ជា​នាយករដ្ឋមន្ត្រី​ស្របច្បាប់​របស់​កម្ពុជា​ទេ នេះ​ជា​សា​រដែ​យើង​ចង់​ឲ្យ​អន្តរជាតិ​ជាពិសេស​ប្រទេស​ជប៉ុន​ហ្នឹង​តែម្ដង​ដឹង​លឺ»

បាតុករ​ម្នាក់​ឈ្មោះ​កែវ ប្រាប់​អាស៊ីសេរី​ថា ការចូលរួម​ធ្វើ​បាតុកម្ម​នៅ​ពេល​នេះ​ព្រោះ​កញ្ញា​មិន​អាច​ទទួល​យក​បានទេ​នូវ​របប​ថ្មី​របស់​លោក ហ៊ុន សែន ទេ។ បាតុករ​ដដែល​នេះ​បញ្ជាក់​ថា កញ្ញា​នៅតែ​បន្ត​ទាមទារ​រហូត​មានការ​ផ្លាស់ប្ដូរ​មួយ​ដែល​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ៖ «និយាយ​ទៅ​យើង​ចង់​បាន​ការដឹកនាំ​មួយ​ដែល​ត្រឹមត្រូវ​តាម​លទ្ធិប្រជាធិបតេយ្យ យើង​នៅតែ​ធ្វើ​រហូតដល់​តែ​មាន​ការ​ផ្លាស់ប្តូរ ព្រោះ​ប្រជាពលរដ្ឋ​យើង​កាន់តែ​លំបាក​ទៅៗ​ដែល​យើង​មិន​អាច​ទទួល​បានទេ»

លោក ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី១០ នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១០ ខែ​តុលា កិច្ចប្រជុំ​នេះ​ផ្ដោត​សំខាន់​លើ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព និង​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​រវាង​ប្រទេស​មេគង្គ និង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត។ ក្រៅពី​កិច្ចប្រជុំ​នេះ លោក​ក៏​នឹង​ជួប​សំណេះ សំណាល​ជាមួយ​សហគមន៍​ខ្មែរ ព្រមទាំង​និស្សិត​ដែល​កំពុង​រស់នៅ​និង​សិក្សា​នៅ​ក្នុង​ប្រទេស​ជប៉ុន​ផង​ដែរ។ ពេល​ចេញ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​លោក ហ៊ុន សែន បាន​ចំអក​ដល់​ក្រុម​បាតុករ​ដែល​ព្រមាន​ធ្វើបាតុកម្ម​ប្រឆាំង​វត្តមាន​លោក​ថា អ្នក​ដែល​ចូលរួម​ធ្វើបាតុកម្ម​គឺ​មាន​តែ​១០% ប៉ុណ្ណោះ នៃ​ចំនួន​អ្នក​មក​គាំទ្រ​លោក។

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត និយាយ​ថា ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​ពេល​នេះ​គឺជា​លទ្ធផល​ដែល​លោក ហ៊ុន សែន មិន​ស្ដាប់​តាម​ការ​ចង់​បាន​របស់​អន្តរជាតិ​ដែល​ទាមទារ​ឲ្យ​វិល​មក​រក​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ។ លោក​បន្ត​ថា បាតុកម្ម​នេះ​នឹង​ធ្វើ​ឲ្យ​លោក ហ៊ុន សែន អាម៉ាស់មុខ​លើ​ឆាក​អន្តរជាតិ៖ «ចំណុច​នេះ​គឺ​ធ្វើ​ឲ្យ​របប​ក្រុងភ្នំពេញ​អាម៉ាស់​ទៅ​កន្លែង​ណា​ក៏​បាតុកម្ម ដោយសារតែ​ការ​ចង់​បាន​អំណាច»

ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ កក្កដា ដែល​រង​ការ​ចោទ​ប្រកាន់​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​នៅ​កម្ពុជា របប​ក្រុងភ្នំពេញ​ក៏បាន​រង​ការ​ថ្កោលទោស​ពី​ក្រុម​ប្រទេស​លោក​សេរី​ជា​បន្តបន្ទាប់​ដែរ ហើយ​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​របស់​លោក ហ៊ុន សែន តែង​ត្រូវ​ទទួល​ស្វាគមន៍​ដោយ​ការ​ធ្វើ​ការ​បាតុកម្ម​ប្រឆាំង​វត្តមាន​របស់​លោក។

អ្នក​នាំ​ដឹកនាំ​បាតុកម្ម លោក ហៃ វណ្ណា ព្រមាន​ថា នៅ​ពេល​លោក ហ៊ុន សែន ជួប​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ជប៉ុន​ហើយ ៗ​និយាយ​បំផើ្លស ឬ​និយាយ​មិន​ត្រូវ​តួលេខ​ចំនួន​ក្រុម​បាតុករ​ដែល​ប្រឆាំង​រូបលោក ហ៊ុន សែន លោក​នឹង​ដឹកនាំ​បាតុករ​បន្ត​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន បន្ត​ទៀត​គឺ​មិន​បញ្ឈប់​ត្រឹម​មួយថ្ងៃ​នេះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បទ​សម្ភាសន៍​ជាមួយ​លោក ហៃ វណ្ណា ដែល​ដឹក​​នាំ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​ជប៉ុន

$
0
0

ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ប្រមាណ​១ពាន់​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ធ្វើបាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នៅ​ថ្ងៃអាទិត្យ ទី​៧​តុលា នេះ។ ការ​ទាមទារ​នេះ ខណៈ​លោក ហ៊ុន សែន កំពុង​មាន​វត្តមាន​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០ នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

សូម​ស្ដាប់​បទ​សម្ភាស​បន្ថែម​របស់​លោក ទីន ហ្សាការីយ៉ា ជាមួយ​អ្នក​នាំ​ដឹកនាំ​បាតុកម្ម​ម្នាក់​លោក ហៃ វណ្ណា ​តាម​ទូរស័ព្ទ ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន ថា កងទ័ព​មាន​តួនាទី​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់​តែ​មួយ​គត់

$
0
0

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ថ្លែង​ថា កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​មាន​តួនាទី​តែមួយ​ក្នុង​រក្សា​ការពារ​រដ្ឋាភិបាល​មួយ ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​តែប៉ុណ្ណោះ មិន​អាច​អព្យាក្រឹត្យ​រវាង​បក្ស​នយោបាយ​និង​រដ្ឋាភិបាល​បាន​ឡើយ។

លោក ហ៊ុន សែន លើកឡើង​ថា ដោយសារតែ​ដាក់​កងទ័ព​ឲ្យ​កាន់​យក​អព្យាក្រឹត្យ ទើប​នាំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​តាម​ប្រទេស​មួយ​ចំនួន។ ការ​ប្រកាស​របស់​លោក ហ៊ុន សែន ចំពោះ​មុខ​និស្សិត​ខ្មែរ​ជាង​២០០​នាក់​នៅ​ទីក្រុង​តូក្យូ នៃ​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ទំនងជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សារ​របស់​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​បាន​អំពាវនាវ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឲ្យ​កងកម្លាំង​កម្លាំង​ប្រដាប់​អាវុធ ដក​លោក ហ៊ុន សែន ពី​អំណាច ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ប្រទេសជាតិ​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ៖ «កងទ័ព​គេ​បង្កើត​ឡើង​ដើម្បី​ការពារ​រដ្ឋ គ្មាន​រឿង​អព្យាក្រឹត្យ​ទេ។ អព្យាក្រឹត្យ​ចំពោះ​មុខ​គណបក្ស​នយោបាយ ការពារ​ឲ្យ​ដូចៗ​គ្នា តែ​រវាង​រដ្ឋ​និង​បក្ស​នយោបាយ​គឺ​អត់​បាន​ដាច់ខាត។ គេ​ឲ្យ​អ្នកឯង​មក​ការពារ​រដ្ឋ មិនមែន​ឲ្យ​អ្នកឯង​អព្យាក្រឹត្យ​រវាង​បក្ស​នយោបាយ​ដែល​មក​ផ្ដួល​រំលំ​រដ្ឋ​នោះ​ទេ។ សូម​កុំ​ភាន់ច្រឡំ។ ចំណុច​ហ្នឹង​ដែល​ពួកវា​ខឹង​ខ្ញុំ​ណាស់ ព្រោះ​ធ្វើ​បដិវត្តន៍​ស្រុក​ខ្មែរ​កាលពី​ឆ្នាំ​២០១៣ ធ្វើ​អត់​បាន។ ដល់​ធ្វើ​អត់​បាន​តាម​រករឿង ហ៊ុន សែន រហូត តាម​អី​តាម​ទៅ ប្រទេស​នេះ​នៅ​ជា​ប្រទេស​របស់​ប្រជាជន​ខ្មែរ»

នៅ​ក្នុង​សារ​លើ​ទំព័រ​ហ្វសប៊ុក​របស់​អតីត​មេ​បក្ស​ប្រឆាំង​នៅ​កម្ពុជា កាលពី​ថ្ងៃទី៦ តុលា លោក សម រង្ស៊ី ថា​លោក ហ៊ុន សែន​ជា​មនុស្ស​កំសាក និង​ថោកទាប​ជាទីបំផុត ពីព្រោះ​គាត់​ប្រើ​អំណាច​ផ្ដាច់ការ ដើម្បី​ចាប់​ប្រជារាស្ត្រ ធ្វើជា​ចំណាប់ខ្មាំង ហើយ​បង្ខំ​ឲ្យ​ពលរដ្ឋ ទទួល​ទណ្ឌកម្ម​អន្តរជាតិ​ជំនួស​លោក​ហ៊ុន សែន។ ក្នុង​សារ​នោះ លោក សម រង្ស៊ី លើកឡើង​ថា ដើម្បី​ឲ្យ​កម្ពុជា រួច​ផុត​ពី​ទុក្ខសោក​គ្រប់​បែប​យ៉ាង ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល មាន​ទាំង​កម្លាំង​ប្រដាប់​អាវុធ​ផង ត្រូវតែ​ដក​លោក ហ៊ុន សែន ជា​បន្ទាន់ បើសិនជា​ជា​ចង់​ឲ្យ​ប្រទេស​មានជីវិត​រុងរឿង​ទៅមុខ។

ការ​អំពាវនាវ លោក សម រង្ស៊ី ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​សហភាព​អឺរ៉ុប​ចាប់ផ្ដើម​រៀបចំ​ដាក់​ទណ្ឌកម្ម​ពាណិជកម្ម លើ​របប​ក្រុងភ្នំពេញ បន្ទាប់ពី​របប​ក្រុងភ្នំពេញ​មិន​ធ្វើតាម​សំណើ​របស់​សហគមន៍​អន្តរជាតិ​អោយ​ស្តារ​ឡើងវិញ​នូវ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សម្ភាស​លោក មាជ សុវណ្ណារ៉ា ជុំវិញ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា

$
0
0

លោក មាជ សុវណ្ណារ៉ា ទើប​ត្រូវ​ដោះលែង​ពី​ពន្ធនាគារ ហើយ​ឥឡូវ​នេះ​លោក​បាន​មក​ដល់​ទឹកដី​សហរដ្ឋអាមេរិក ជួបជុំ​គ្រួសារ​វិញ​ហើយ។ លោក​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡូវែល ទទួល​ស្វាគមន៍​យ៉ាង​ខ្លាំង។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា ជាមួយ​លោក មាជ សុវណ្ណារ៉ា ដូច​តទៅ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ជន​ជាតិដើម​ភាគតិច​​កួយឃុំ​ប្រមេរ​ខេត្ត​ព្រះវិហារ​ធ្វើ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌបួង​សួង​សុំ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី​

$
0
0

ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​កួយ​នៅឃុំ​ប្រមេរ ស្រុក​ត្បែង​មាន​ជ័យ ខេត្ត​ព្រះវិហារ ថ្លែង​ថា ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ឆ្នាំ​នេះ ពួក​គាត់​នឹង​មិន​មាន​ប្រារព្ធ​កម្មវិធី​អ្វី​ធំដុំ​ឡើយ​ ដោយសារ​តែ​ជីវភាព​មាន​ការ​ធ្លាក់​ចុះ​ជា​លំ​ដាប់​ ចាប់​តាំងពី​ក្រោយ​ពេល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ស្ករស​របស់​ចិន។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​ព្រះវិហារ​ កត់​សម្គាល់​ថា អាជ្ញាធរ​ហាក់​គ្មាន​ឆន្ទៈ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ​ឡើយ​ ទោះបី​ជា​ដឹង​ថា គម្រោង​ខ្នាត​ធំ​មួយ​នេះ​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ជីវភាព​ពលរដ្ឋ​​យ៉ាង​ណា​ក្តី។

ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​កួ​យ​នៅ​ឃុំ​ប្រមេរ ឱ្យ​ដឹង​ថា ដូចពលរដ្ឋខ្មែរនៅទូទាំងប្រទេសដែរ នៅ​ឆ្នាំនេះ​ពួក​គាត់​​​នាំគ្នា​ប្រារព្ធពិធីបុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ ជូន​ដល់​ជីដូន​ជីតា​ដែល​បាន​ចែក​ឋាន​ទៅ ប៉ុន្តែ​នៅ ក្នុង​ចិត្តពួកគេកំពុង​ខ្វាយ​ខ្វល់​នឹង​រឿង​បាត់​បង់​ដី​ធ្លី។

ទីប្រឹក្សា​យោបល់​របស់សហគមន៍​ជន​ជាតិដើម​ភាគ​តិច​កួយ​ឃុំ​ប្រមេរ លោក​ស្រី ទេព ទឹម រំឭក​ថា កាល​ពី​ប្រមាណ ១០ឆ្នាំ​មុន​ ឱ្យ​តែ​ដល់​ពេល​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ អ្នក​ស្រុក​នាំគ្នា​ឈប់​សម្រាក​កន្លះ​ខែ ដើម្បី​ស្រាក់​គ្នា​ និង​រួម​គ្នា​ធ្វើ​បុណ្យ​ ដ្បិត​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​កួយ​ក៏ជា​អ្នក​កាន់​​ព្រះពុទ្ធ​សាសនា និងតែង​ប្រារពពិធី​បុណ្យ​នេះ​តាំង​ពីដូន​តាមក​ ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ។ ក៏​ប៉ុន្តែ​ រយៈពេល​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពលរដ្ឋ​ក្នុង​សហគមន៍​របស់​លោក​ស្រី​ មិន​បាន​នៅ​ជួប​ជុំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ បាន​ជាប់​លាប់​ដូច​កាល​ពី​មុន​ទេ​ ដោយសារ​តែ​ជីវភាព​ធ្លាក់​ចុះ​ជាង​មុន​ផង និង​រវល់​ការពារ​ដីធ្លីពី​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​ចិន​ផង៖ «»

ជន​ជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេរថ្លែង​ថា ជីវភាព​របស់​ពួក​គាត់​មាន​ភាព​យ៉ាប់​យ៉ឺន​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​សារ​ពួក​គាត់​បាត់​បង់​ដីធ្លី និង​ព្រៃឈើ​ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​បន្សល់​ទុក​តាំង​ពី​ដូន​តា​មក។ ពួក​គាត់​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅលើ​​ក្រុមហ៊ុន​ស្ករស​របស់​ចិន​ដែល​បាន​ចូល​ទៅ​បំផ្លិច​បំផ្លាញ​ធម្មជាតិ​ និង​ព្រៃឈើ​ ដែល​ជា​អាយុជីវិត​របស់​ពួក​គាត់​ ក្រោម​លេស​នៃ​ការ​អភិវឌ្ឍ។

លោក​ស្រី ទេព ទឹម រំឭក​ថា កាល​ពីមុន​មាន​ក្រុមហ៊ុន​ចិន​ទៅ​ដល់ អ្នក​ភូមិ​មាន​ជីវភាព​គ្រាន់​បើ​ជាង​ពេល​បច្ចុប្បន្ន​ ដោយសារ​ពួក​គាត់​​មាន​ប្រភព​ចំណូល​សំខាន់​ពីរ​ គឺ​ដីធ្លី​សម្រាប់​​បង្កបង្កើន​ផល និង​ចិញ្ចឹម​សត្វ និង​ព្រៃឈើ​ដែល​អាច​ឱ្យ​ពួក​គាត់​ដង​ជ័រ បោច​វល្លិ ដក​ផ្សិត និង​បេះ​បន្លែ​ព្រៃ​ជាដើម។ ប៉ុន្តែ​ប្រភព​ចំណូល​ទាំង​នេះ បាន​បាត់​បង់​អស់​ជា​បន្ត​បន្ទាប់ ក្រោយ​ពេល​ក្រុមហ៊ុន​ចិន​បាន​ទៅ​ដល់​តំបន់​នោះ និង​បាន​កាប់​បំផ្លាញ​ព្រៃឈើ ឈូស​ឆាយ​ដី​ព្រៃ លុប​អូរ ត្រពាំង បឹង​បួរ​ធម្មជាតិ​ ស្ទើរ​អស់​គ្មាន​សល់។ លោក​ស្រី​អះអាង​ថា ក្រុមហ៊ុន​មិន​បាន​នាំ​យក​នូវ​ការ​អភិវឌ្ឍ ឬ​ការ​រីកចម្រើន​ដល់​សហគមន៍​ដែល​នៅ​ជុំ​វិញ​នោះ ដូច​ការ​រំពឹង​ទុក​របស់​រដ្ឋាភិបាល​នោះ​ឡើយ៖ «»

ទំនាស់​ដីធ្លីរវាង​ពលរដ្ឋជន​ជាតិ​ដើម​ភាគ​តិច​កួយ​នៅឃុំ​ប្រមេរ ស្រុក​ត្បែង​មានជ័យ បាន​ចាប់​ផ្តើម​ឡើង​នៅ​ឆ្នាំ២០១២ ក្រោយ​ពេល​​ក្រុម​ហ៊ុនបុត្រសម្ពន្ធ​នៃ​ក្រុម​ហ៊ុន​​ស្ករស​របស់​ចិន​ឈ្មោះ ហឹង ហ៊្វូ ស៊ូហ្គឺរ គ្រុប (Hengfu Group Sugar Industry Co., LTD) បាន​ទទួល​ដីសម្បទាន​សេដ្ឋកិច្ច​ជាង​ ៤ ម៉ឺន​ហិកតារ ពី​របប​លោក​ ហ៊ុន សែន ដើម្បី​វិនិយោគ​ដាំ​អំពៅ និង​អាកាស្យា។ ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​កាប់​រាន​ និង​ឈូសឆាយ​ដីព្រៃ​ ដែល​ពលរដ្ឋ​ជន​ជាតិដើម​ភាគតិច​កួយ​ធ្លាប់​រស់​នៅពឹង​អាស្រ័​យផល​រាប់​ជំនាន់មក​ហើយ ទោះជា​មាន​ការ​តវ៉ា​ប្រឆាំង​​ពី​អ្នក​ស្រុក​ក្តី។ បន្តិច​ម្តងៗ ទំនាស់​ដីធ្លី​នេះ បាន​រាល​ដាល​ដល់​តំបន់មួយ​ចំនួន​ទៀត​នៃ​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ដោយ​សារ​​ក្រុមហ៊ុន​បុត្រ​សម្ពន្ធ​របស់​ចិន​បាន​ឈូស​ឆាយ​ដល់​តំបន់​នោះ ក្រោម​ហេតុ​ផល​​ថា ជាដី​របស់ពួក​គេ​ទទួល​បាន​ពី​រដ្ឋ។

តំបន់​​ដែល​ធ្លាប់​តែ​​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ និង​មាន​កត់​ត្រា​​ក្នុង​សៀវ​ភៅ​សិក្សា​របស់​ក្រសួង​អប់រំ ថា​​ ជា​តំបន់​​ខ្ពង់​រាប​សម្បូរ​ដោយ​ព្រៃឈើ និង​សត្វ​ព្រៃ​នោះ បែរ​ជា​ត្រូវ​ក្លាយ​ជា​ចម្ការ​អំពៅ និង​វាល​រហោរស្ថាន​ឆ្ងាយ​​ដាច់​កន្ទុយ​ភ្នែក។ ការ​ឈូស​ឆាយ​ដោយ​ប្រើ​គ្រឿង​ចក្រ​ ​ធ្វើ​ឡើង​ជាប់​ជា​ប្រចាំ​ ដើម្បី​គាល់​រំលើង​គល់​ឈើ និង​កូន​ឈើ​ចេញ​ពី​ដី​ដែល​ក្រុមហ៊ុន​គ្រោង​នឹង​ដាំ​ដុះ​ដំណាំ​របស់​ខ្លួន​នោះ។

មេឃុំ​ប្រមេរលោក​ ធាន​ ហេង ថ្លែង​ថា វិវាទ​ដីធ្លី​រវា​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​ជាមួយ​នឹង​ក្រុមហ៊ុន​ស្ករស​របស់​ចិន​នេះ ហួស​ពី​សមត្ថភាព​ដោះ​ស្រាយ​របស់​អាជ្ញាធរ​ឃុំ។ ក៏​ប៉ុន្តែ​លោក​បាន​បដិសេធ​ថា ជីវភាព​របស់​​ពលរដ្ឋក្នុង​មូលដ្ឋាន​របស់​លោក​មិន​​មាន​ការ​ធ្លាក់​ចុះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ហាក់​ដូច​ជា​គ្រាន់​បើ​ជាង​មុន​ផង ដោយ​មាន​អ្នក​ខ្លះ​បាន​សង់​ផ្ទះ​ថ្មរស់​នៅ​ទៀត​ផង។ លោក​ថា ដីធ្លី​របស់​អ្នក​ភូមិ​ដែល​ធ្លាប់​បាន​ធ្វើ​កន្លង​មក​នៅ​តែ​មាន​ដដែល​ មិន​មាន​​បាត់​បង់ទៅ​ណា​ឡើយ​ ខណៈ​ពលរដ្ឋ​អះអាង​ដី​របស់​ពួក​គាត់​ភាគ​ច្រើន​ ត្រូវ​បាន​ក្រុមហ៊ុន​រំលោភ​យក​ជិត​អស់​ទៅ​ហើយ៖ «»

មេឃុំ​រូប​នេះ​ទទួល​ស្គាល់​ថា ​​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុនមិន​ទាន់​បាន​ជួយ​អភិវឌ្ឍ ឬ​​លើក​មុខមាត់​សហគមន៍​មូលដ្ឋាន​នៅ​ឡើយ​ទេ ប៉ុន្តែលោកក៏​បាន​ដាក់​បន្ទុកពលរដ្ឋ​ក្នុង​ឃុំ​ដែរ​ថា ដោយ​សារ​ពួក​គាត់​មិន​ចេះ​ ឬមិន​មាន​ទម្លាប់ធ្វើ​ការ​ឱ្យ​គេ។ លោក​ថា ក្រុមហ៊ុន​ក៏​ធ្លាប់​បាន​ហៅ​ពលរដ្ឋ​ឱ្យ​ទៅ​ធ្វើ​ការ​រើស​ឫស​ឈើ​ ឬ​ការ​ងារ​ផ្សេង​ទៀត​ដែរ ដោយ​ឱ្យ​កម្រៃ​មួយ​ម៉ឺន​ទៅ​ពីរម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​អ្នក​ភូមិ​បាន​​បដិសេធ​មិន​ធ្វើ​ការងារ​ទាំង​នោះ។

ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​កួយធ្លាប់​​អះអាង​ថា មូលហេតុ​ដែល​ពួក​គាត់​មិន​ធ្វើ​ការ​ងារ​នោះ គឺ​ដោយសារ​ពួក​គាត់​ឈឺ​ចាប់​ ពេល​ឃើញ​ក្រុមហ៊ុន​ឈូស​ឆាយ​ដីព្រៃ និង​កាប់​បំផ្លាញ​ដើម​ឈើ ព្រម​ទាំង​រំលោភ​យក​ដីធ្លី​ដែល​ពួក​គាត់​ធ្លាប់​បង្កបង្កើន​ផល ហេតុ​ដូច​នេះ​គ្មាន​ហេតុ​ផល​អ្វីដែល​ពួក​គាត់​ត្រូវ​ទៅធ្វើ​ការ​ឱ្យ​ក្រុមហ៊ុន​ឡើយ។

អ្នក​សម្របសម្រួល​កម្មវិធី​កសាង​សមត្ថភាព​សហគមន៍ និង​តស៊ូ​មតិ​នៃ​អង្គការ​ពន្លក​ខ្មែរ លោក​ ប៉ិក​ សោភ័ណ អះអាង​ថា ទំនាស់​ដីធ្លី​រវាង​ប្រជា​ពលរដ្ឋ​ និង​ក្រុមហ៊ុន​ស្ករ​ស​របស់​ចិន​នេះ បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំមក​ហើយ ពោល​គឺចាប់​តាំងពី​ឆ្នាំ២០១២ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។ លោក​ថា ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ និង​ថ្នាក់​ជាតិ​ ហាក់​គ្មាន​ឆន្ទៈពិត​ប្រាកដ​ក្នុង​ការ​ដោះ​ស្រាយ​រឿង​នេះ​ឡើយ​ ព្រោះ​មន្ត្រី​ទាំងនោះ​ចុះមក​ពិនិត្យ​ករណី​នេះ​រួចហើយ ក៏​ស្ងាត់​ទៅ​វិញ​ ឬ​ក៏​មាន​ដំណោះ​ស្រាយ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​ដែរ​ ប៉ុន្តែ​ជា​ដំណោះ​ស្រាយ​ដែល​មិន​យុត្តិធម៌ ​ឬ​មិន​ស្រប​តាម​គោល​ការណ៍​ច្បាប់។ លោក​ជឿជាក់​ថា ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​នេះ​ដោះ​ស្រាយ​មិន​ចេញ ដោយសារ​តែ​អាជ្ញាធរ​ពាក់ព័ន្ធ​ទទួល​បាន​ផល​ប្រយោជន៍​ពី​រឿង​នេះ​ ឬអាច​ជា​អំពើ​ពុករលួយ​ក៏​ថា​បាន។ លោក​ជំរុញ​របប​លោក​ ហ៊ុន សែន ជួយ​ដោះ​ស្រាយ​បញ្ចប់​រឿង​នេះ​ ដោយ​ផ្តល់​យុត្តិធម៌​ជូន​​ពលរដ្ឋ​ដែល​ជា​ជន​ជាតិ​ដើម​ភាគ​តិច​កួយ និង​ខ្មែរ នៅ​តំបន់​នោះ​ស្រប​តាម​គោល​ការណ៍​ច្បាប់៖ «»

ក្នុង​ឱកាស​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​នៅ​ឆ្នាំ​នេះ ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​នៅ​ឃុំ​ប្រមេរ ក៏​បាន​បួងសួង​សុំ​ឱ្យ​ព្រលឹង​ដូន​តារបស់​ពួក​គាត់​ជួយ​ធ្វើ​យ៉ាង​ណា​ ​ឱ្យ​ដីធ្លី និង​ព្រៃ​ឈើ​ទាំង​ឡាយ​ដែល​​បាន​បាត់​បង់​នោះ ឱ្យ​ត្រឡប់​មក​ដូច​ដើម​វិញ។ ជាពិសេស​ពួក​គាត់សំណូម​ពរ​ឱ្យ​អាជ្ញាធរ​ជួយ​ពន្លឿន​ការ​ចុះ​បញ្ជី​ដី​កម្មសិទ្ធិ​ជា​សមូហភាព​ ដែល​ពួក​គាត់​បាន​ស្នើសុំ​តាំង​ពី​ឆ្នាំ ២០១៤ នោះ​ឱ្យ​បាន​លឿន​រហ័ស​ផងដែរ៖ «»

ចំណុច​សំខាន់​មួយ​ទៀត គឺ​​ពួក​គាត់​ស្នើសុំ​ទៅ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក​ ហ៊ុន​ សែន កុំ​ឱ្យ​ទម្លាក់​កំហុស​រឿង​បាត់​បង់​ព្រៃឈើ​ និង​ដី​គម្រប​ព្រៃ​ឈើ​រាប់​លាន​ហិកតារ​នៅ​ទូទាំង​ប្រទេស​នោះ មក​លើ​ប្រជាពលរដ្ឋ​តទៅ​ទៀត។ ជំនួស​មក​វិញ​ ពួក​គាត់​ស្នើសុំ​​​ឱ្យ​លោក​ ហ៊ុន សែន ចាប់​ផ្តើម​ត្រួត​ពិនិត្យ​មើល​​សកម្មភាព​ក្រុមហ៊ុន​ទាំង​ឡាយ ​ដែល​របប​របស់​លោក​​​បាន​ផ្តល់​ដី​សម្បទាន​ឱ្យ​ពួក​គេ​នោះ​វិញ ហើយ​បើ​រក​ឃើញ​ថា ក្រុមហ៊ុន​ទាំង​នោះ​​រំលោភ​បំពាន​ច្បាប់​ សូម​ឱ្យ​លោក​ដក​ហូត​ដី​ទាំង​នោះ​ទុក​​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

តំណាង​សហគ្រិន​​ថា ​​រឿង​ទូទាត់​ប្រាក់​បំណាច់​អតីតភាពការងារ ប៉ះពាល់​វិស័យ​ឯកជន​ ឯសហជីព​ថា ជាការ​​ទាញ​អាជីវកម្មខ្នាត​តូច​ និង​មធ្យម​ឱ្យគោរព​ច្បាប់

$
0
0

សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC) ស្នើសុំ​ឱ្យ​ក្រសួង​ការងារ និង​របប​លោក ហ៊ុន សែន គិត​គូរ​ឡើង​​វិញ​ចំពោះ​ប្រកាស​លេខ ៤៤៣ ស្តីពី​ការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ ដោយ​ស្ថាប័ន​នេះ​យល់​ឃើញ​ថា ជាការ​អនុវត្ត​ធាក់​ថយ​ក្រោយ​ និង​ប៉ះពាល់​ដល់​វិស័យ​ឯកជន ជា​ពិសេស​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​​​។ ខាង​​សហជីព​កាត់​ដេរវិញ​យល់​ឃើញ​​​ថា ប្រកាស​នេះ​នឹង​មិន​ប៉ះពាល់​ដល់​វិស័យ​ឯកជន​ឡើយ ផ្ទុយ​ទៅ​វិញ វា​​នឹង​ធ្វើ​ឱ្យ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​ ងាក​ម​ក​គោរព​ច្បាប់​បាន​ត្រឹម​ត្រូវ​ជាង​មុន

សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា សម្តែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំងជុំ​វិញ ផល​ប៉ះពាល់​នៃ​ប្រកាស​របស់ក្រសួង​ការ​ងារ​ស្តីពីការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ ទៅ​លើ​ក្រុមហ៊ុន​ធុរកិច្ច និង​អាជីវកម្ម​នៃ​វិស័យ​​ឯកជន​នានា ព្រម​​ទាំង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ។ សមាគម​ដដែល​នេះ អះអាង​ថា ប្រកាស​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​ ដែល​ជា​សមាជិក​របស់​ខ្លួន។

សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា បញ្ជាក់នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៥ តុលា ថា កម្ពុជា​មាន​ថ្ងៃ​ឈប់​សម្រាក​យ៉ាង​ច្រើន​លើសលប់ ហើយ​កម្មករ​និយោជិត​នៅ​មាន​ផលិត​ភាព​ការងារ​ទាប​នៅឡើយ​ បើ​ធៀប​នឹង​បណ្តាប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​​​ធ្វើ​ឱ្យ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម ត្រូវ​ចំណាយ​ថវិកា​យ៉ាង​ច្រើន​លើ​ថ្ងៃ​ឈប់​សម្រាក និង​ការ​បណ្តុះ​បណ្តាល​ជំនាញ​បន្ថែម។ សមាគម​ដដែល​នេះ អះអាង​ថា ការតម្រូវ​ឱ្យ​ក្រុមហ៊ុន​អាជីវកម្ម​ទទួល​រ៉ាប់​រង​កាតព្វកិច្ច​បង់​ប្រាក់​បំណាច់​អតីភាព​ការងារ ដែល​មាន​លក្ខណៈ​ធាក់​ថយ​ក្រោយ​នេះ គឺ​ជា​ការ​បង្កើត​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​ហួស​ពី​ការ​ស្មាន ដែល​ធ្វើ​ឱ្យ​សមាជិក​របស់​សមាគម​នេះ​បាត់​បង់​លទ្ធភាព​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ក្រៅ​ប្រព័ន្ធ​នានា ជា​ច្រើន​ ដែល​មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ការងារ។

សមាគម​នេះ​ព្រមានថា ការ​ដាក់​ចេញ​ច្បាប់​ និង​វិធានថ្មីៗ មួយ​ចំនួន ដូច​ជា ប្រកាស​លេខ ៤៤៣ និង​ការ​បើក​ប្រាក់​ខែ​ពីរ​ដង​ក្នុង​មួយ​ខែ​ជាដើម​ នឹង​ប៉ះពាល់​ដល់​បរិយាកាស​វិនិយោគ និង​ដំណើរ​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋ​កិច្ច​​​របស់​កម្ពុជា​ក្នុង​ពេល​អនាគត។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ លោក ហេង សួរ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ទៅ​​នឹង​ការ​លើក​ឡើង​របស់​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​បាន​ទេ នៅ​ថ្ងៃ​ទី៧ តុលា ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន។

ទោះជាយ៉ាង​ណា ប្រធាន​សហភាព​ការងារ​កម្ពុជា លោក​ អាត់ ធន់ យល់ឃើញ​ផ្ទុយ​ពី​សមាគម​សហគ្រិនវ័យ​ក្មេង​កម្ពុជា​។ លោក​យល់​ថា ​ប្រកាស​របស់​ក្រសួង​ការងារ​នេះ មិន​មែន​ជា​ការ​អនុវត្ត​​​ធាក់​ថយ​ក្រោយ​នោះ​ទេ តែ​ជា​ការ​អនុវត្ត​ច្បាប់​ច្រើន​ជាង​ ដើម្បីឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ទៅលើ​អត្ថប្រយោជន៍​របស់​កម្មករ។ លោក​បន្ថែម​ថា ប្រកាស​នេះ​​នឹង​ជួយ​ឱ្យ​​​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យ​ម​ និង​ក្រុម​ហ៊ុន​ឯកជន​មួយ​ចំនួន ដែល​ធ្លាប់​តែ​រំលោភ​បំពាន​ច្បាប់​ ឱ្យ​ងាក​មក​គោរព​ច្បាប់​វិញ៖ «វិស័យឯក​ជន​ខ្នាត​តូច និង​មធ្យ​មហ្នឹង​កម្មករ​តាម​ច្បាប់​ឱ្យ​ធ្វើ​តែ ៨ម៉ោង​ទេ​ក្នុង​មួយ​ថ្ងៃ មួយ​សប្ដាហ៍ ៤៨ម៉ោង។ ប៉ុន្តែ​តាម​ពិត​និយោជក​​ជា​ច្រើន​មិន​ថា ក្រុមហ៊ុន​សន្តិសុខ ឬ​ក្រុមហ៊ុន​ខ្នាត​តូច ឬ​មធ្យម​នោះ​ទេ ប្រើ​គេ ២៤ម៉ោង​ក៏​មាន​ដែរ​ មិន​ដែល​ឱ្យ​លុយ​គេ​នោះ​ទេ។ មក​និយាយ​បែប​ហ្នឹង ដូច​ជា​មិន​សម​នោះ​ទេ វាគ្មាន​ហេតុផល​អ្វី​សម​រម្យ​សោះ លើក​មក​គ្រាន់​តែ​ឱ្យ​បានតែ​ល្អ​មើល​​ប៉ុណ្ណោះ។ ហើយ​ដូច​​ជា​​​វិ​ស័យ​ជាក់​លាក់​​រួមមាន វិស័យ​កាត់​ដេរ ជាដើម​ ដែល​គេ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ហ្នឹង គឺ​កម្ពុជា​ជា​ប្រទេស​មួយ​ស្ថិត​នៅ​កណ្ដាល មិន​តិច​ជាង​គេ ហើយ​ក៏​មិនច្រើន​ជាង​គេ​នោះ​ដែរ​ នៅ​ក្នុង​ទំហំ (ការងារ) ហ្នឹង។ ប្រទេស​ខ្លះ​ដូច​ជា ឥណ្ឌូនេស៊ី និង​សឹង្ហបុរី គេ​ធ្វើ​ការ ៧​ថ្ងៃ ពេល​ខ្លះ​ធ្វើ​ការ ​៤៤ ​ម៉ោង​ក្នុង​មួយសប្ដាហ៍ អ្នក​ខ្លះ​ធ្វើ ៤០ម៉ោង។ យើង​ធ្វើ​ដល់​ទៅ ៤៨ ​ម៉ោង​ក្នុង​មួយសប្ដាហ៍​ អ៊ីចឹង​បើ​​​ទូ​ទាត់​ការ​​ឈប់​សម្រាក​ច្រើន ​បូ​ក​ចុះ​ឡើងៗ កម្ពុជាជា​ប្រទេស​​មួយ​ដែល​នៅ​តែ​ខ្ពស់​ទេ គឺ​ធ្វើ​ការ​នៅ​តែ​ច្រើន​​។ ​ហើយ​គាត់​នៅ​តែ​កេង​ប្រវ័ញ្ច​ ​គេ​ធ្វើ​ការ​មិន​ឱ្យ​លុយ​គេ​ទៀត​នោះ​ ហ្នឹង​កាន់​តែ​អាក្រក់​ទៅ​ទៀត។ បើ​គិត​រៀង​ថែម​ម៉ោង​ឱ្យ​គេ ឱ្យ​លុយ​គេ​ទៀត​នោះ ​វា​កាន់​តែ​កាតព្វកិច្ច​គាត់​គាត់​ខ្ពស់​ទៅ​ទៀត​ហើយ ហើយ​រឿង​លទ្ធ​ភាពនោះ ​ទៅ​ផលិត​អ្វី? យើង​មើល​វិស័យ​កាត់​ដេរ​​ដែល​​ជា​អ្នក​ជំនាញ​ផលិតភាព ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​​ ឥ​លូវនេះ​គេ​​ឡើង​ជាង ២% ក្នុង​ឆ្នាំនេះ បើ​​តាម​របាយការណ៍​​របស់​ក្រសួង​ការ​ពា​ណិជ្ជ​កម្ម​ និង​ជិត​ ៨% បើ​តាម​របាយការណ៍​របស់​បេ​ឡាជាតិ។ អ៊ីចឹង​វា​កើន​​ឡើង​ខ្ពស់​ណាស់។ គាត់​មាន​ដឹង​អ្វី គាត់​ឮតែ​និយាយ​ថា ខ្សោយ​ជាង​ចិន ​ខ្សោយ​ជាង​វៀតណាម។ គាត់​លើក​ឡើងនេះ ខ្ញុំ​គិត​ថា​អត់​មាន​មូលដ្ឋាន​នោះ​ទេ​​។ ខ្ញុំ​គិត​ថា​គាត់​ខ្លាចបង់​លុយ​ឱ្យ​កម្មករ​ហ្នឹង​ ដោយ​សារ​កន្លង​មក​គាត់​​អត់​បង់ ​ដល់​ពេល​ឥឡូវ​គាត់​បង់ ​​គាត់ត្រូវ​​ខាត​ ដោយ​អត់បានត្រៀម។ នេះ​ហើយ​អាច​ជា​បញ្ហា​ ក៏​ប៉ុន្តែ​នេះ​​ជា​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់​ដែល​គាត់​​ត្រូវ​តែ​ធ្វើ»

លោកបន្ត​ថា កត់​សម្គាល់​ថា កន្លងទៅ​មាន​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ជាច្រើន​ មិន​បាន​អនុវត្ត​ច្បាប់​ត្រឹម​ត្រូវ​ឡើយ​ ពោល​គឺ​ពួក​គេ​បាន​កេង​ប្រវ័ញ្ចលើ​កម្លាំង​ពលកម្ម​របស់​កម្មករ​-និយោជិត​ ដូច្នេះនៅ​ពេល​ពួក​គេ​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​តាម​ច្បាប់​ ទើបពួក​គេ​​លើក​ពី​មូល​ហេតុ​ដែល​មិន​សម​ទំនង​បែប​នេះ​។ លោក​អះអាងថា​ ប្រកាសថ្មី​​នេះ​អាចបាត់​​​ផលប្រយោជន៍ខ្លះ​របស់​​កម្មករ​​ ប៉ុន្តែ​​​នឹង​មិនធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​បរិយាសកាស​វិនិយោគ​នៅ​កម្ពុជា​ឡើយ«វា​ខាតសម្រាប់​កម្ម​ករ​ពី​វិធី​គិត​លុយ​។ ​កន្លង​មក​ គេ​យក​ប្រាក់​ឈ្នួលបន្ទាប់​បន្សំ​ យក​ម​កចែក​នឹង​២៦ ​មក ក្នុង​មួយ​ខែ ​​ឬក៏​​ក្នុង​មធ្យម​ភាគ​នៃ ១២​ខែ ចែក​មក រួច​​គុណ​នឹង​ចំនួន​ថ្ងៃ។ ឥលូវ​នេះ ​គេ​យក​ប្រាក់​ឈ្នួល​គោល​សុទ្ធ​សាធ ​ធ្វើ​ឱ្យ​គាត់​ខាត់​លុយ​។ ទី​ពីរ​ ការ​បើក​ប្រាក់​នោះ​ទៀត​សោត អតីតភាព​ការងារ​របស់​គាត់ គឺ​គេ​ឱ្យ​បើក​ ៦ ​ខែ​ម្ដងៗ អ៊ីចឹង​បើ​គាត់​ធ្វើ​ការ​​ប្រាំមួយ​ខែ​ឈប់ ប្រាក់​ដែល​នៅ​សល់​ប៉ុន្មាន​នោះ គាត់​អត់​បាន​ទេ។ នៅក្នុង​ប្រ​កាសថ្មី​របស់​ក្រ​សួង​​ហ្នឹង កាល​ណា​ក្រុម​ហ៊ុន​បិទ​ទ្វារ​តាម​លក្ខខណ្ឌ​ដែល​ក្រសួង​កំណត់​ហ្នឹង ​បាន​ន័យ​ថា អត់​ត្រូវ​គិត​លុយ​អតីតភាពការងារ​ហ្នឹង​ទេ​ អ៊ីចឹង​វា​ខាត​បង់​សម្រាប់​​កម្ម​ករ​ ៣ ​ចំណុចធំៗ ហ្នឹ»

ប្រកាស​ថ្មី​របស់​ក្រសួង​ការងារ​តម្រូវឱ្យ​និយោជក​បើក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំជូន​ដល់​កម្មករនិយោជិត ហើយ​ប្រកាស​នេះ​នឹង​ត្រូវ​ចាប់​អនុវត្ត​ពី​ឆ្នាំ ២០១៩ ត​ទៅកម្មករនិយោជិត ដែល​មាន​អតីតភាព​ការងារ​មុន​ឆ្នាំ ២០១៩ ចាប់​ពី ១ខែ​ឡើង​ទៅ​នឹង​ទទួល​បាន​ប្រាក់​បំណាច់​អតីតភាព​ការងារ ២ ប្រភព​ផ្សេង​គ្នា គឺ​ប្រាក់​រំលឹក​អតីតភាព​ការងារ​មុន​ឆ្នាំ ២០១៩ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ក្នុង​ឆ្នាំ​នីមួយៗ។ ក៏​ប៉ុន្តែសម្រាប់​កម្មករ​និយោជិត ដែល​បាន​លាឈប់​ពី​ការងារ នឹង​មិន​ទទួល​បាន​ប្រាក់​រំលឹក​អតីតភាព​ការងារ​ដែល​នៅសល់​នោះ​ទេ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


សហគម​ដីធ្លី និង​អ្នក​រើស​សំរាម​ខ្លះ សុំ​ទាន​តាម​វត្ត​ក្នុង​ពេល​ភ្ជុំបិណ្ឌ ព្រោះ​គ្មាន​លុយ​ទៅ​លេង​ស្រុក​កំណើត

$
0
0

ពលរដ្ឋក្រីក្ររស់នៅ តាម​សហគមន៍​មាន​ជម្លោះ​ដីធ្លី​មួយ​ចំនួន នៅ​រាជធានី​ភ្នំពេញ និង​ក្រុម​អ្នក​រើស​សំរាម​មួយ​ចំនួន នាំ​គ្រួសារ​ទៅ​សុំ​ទាន នៅ​តាម​វត្ត ក្នុងឱកាសភ្ជុំបិណ្ឌ ព្រោះ​មិន​មាន​លុយ​ទៅ​លេងស្រុក​កំណើត។ ពលរដ្ឋ​ក្រីក្រ​ទាំង​នោះ ចង់​ឲ្យ​របប​ក្រុង​ភ្នំពេញ គិត​គួរ​ផ្ដល់​ប្រាក់​ឲ្យ​ពួក​គាត់​បន្ដិចបន្ដួច ក្នុង​ឱកាស​បុណ្យ​ទាន ដូច​មន្ត្រី​រាជការ​ដែរ។

ខណៈពលរដ្ឋ​ជា​ច្រើន​នាំ​គ្នា​បាន​ចាក​ចេញ​ពី​ភ្នំពេញ ទៅ​លេង​ស្រុក​កំណើត​រៀងៗ ខ្លួន ពលរដ្ឋ​រស់​នៅ​តាម​សហគមន៍​ក្រីក្រ ដូចជា អ្នក​មាន​ជម្លោះ​ដីធ្លី អ្នក​រើស​អេតចាយ និង​ក្រុម​អ្នក​រើស​សំរាម ប្រាប់​ថា ពួក​គាត់​មិន​មាន​លទ្ធភាព​ទៅ​លេង​ស្រុក​កំណើត​ទេ។ ពួក​គាត់​ត្រូវ​នាំ​កូន និង​គ្រួសារ ទៅ​សុំ​ទាន​នៅ​តាម​វត្ត​អារាម សុំ​យាម​ស្បែក​ជើង​ឲ្យ​អ្នក​ទៅ​ធ្វើ​បុណ្យ និង​សុំម្ហូប​អាហារ ពី​ព្រះសង្ឃ មក​បរិភោគ។

ស្ត្រីមានមុខរបរ​ជា​អ្នក​រើស​អេតចាយ​ម្នាក់ រស់នៅ​ក្នុង​ខ្ទម​មួយ ក្នុង​សហគមន៍​ជម្លោះ​ដី​ធ្លី​បុរី​កីឡា អ្នកស្រី ស៊ឹម រី រៀបរាប់​ថា អ្នកស្រី និង​គ្រួសារ​គ្មាន​លទ្ធភាព​ទៅ​លេង​ស្រុក​កំណើត​នៅខេត្ត​ស្វាយរៀង នៅ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ដូច​គេ​ទេ ហើយ​មិន​មែន​តែ​សម្រាប់​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​ទេ គឺ​រាល់​ឆ្នាំ​នៅ​ពេល​​ដែល​មាន​ពិធី​បុណ្យ​ធំៗ អ្នកស្រី និង​ប្ដី​ពិការ​ជើង តែង​នាំ​គ្នា ទៅ​សុំ​ទាន និង​យាម​ស្បែក​ជើង នៅ​វត្ត​ព្រះពុទ្ធ​មាន​បុណ្យ ដើម្បី​សន្សំ​ប្រាក់​ទុក​ទិញ​ថ្នាំ​ឲ្យ​ប្ដី៖ «មួយ​ព្រឹក​បាន​មួយ​ម៉ឺន​ជាង​ជួន​បាន​ពីរ​ម៉ឺន​ជួន​ថ្ងៃ​ខ្លះ​បាន​ច្រើន ជួន​កាល​ថ្ងៃ​ខ្លះ​អត់​ក៏​មាន​ដែរ​បាន​បាយ​ពី​វត្ត​ហូប។ យាម​ពីរ​នាក់​ប្តី ប្តី​ខ្ញុំ​ពិការ​ជើង​ហើយ​ខ្ញុំ​យាម​ពីរ​នាក់​ប្តី​ប្រពន្ធ យាម​តាំង​ពី​បិណ្ឌ​មួយ​មិន​ទៅ​ណា​ឆ្ងាយ​ទេ បាន​តែ​នៅ​វត្ត​ជិតៗ ហ្នឹង ព្រោះ​អត់​មាន​លុយ បាន​លុយ​ទិញ​ថ្នាំ។ លាង​ចាន​លាង​អី​ឲ្យ​គេ​ទៅ ជួន​ក៏​បោក​ខោអាវ​ឲ្យ​គេ​ទៅ​បាន បួន​ប្រាំ​ពាន់ ដែរ​គ្រាន់​បាន​ទិញ​ថ្នាំ​ឲ្យ​ប្តី។ ប្តី​ខ្ញុំ​គាត់​កើត​ទាច​ទឹក។ រាល់​ព្រឹក​ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​ក្រោក​ទៅ​វត្តពី​ព្រឹក ដើម្បី​អង្គុយ​យាម​ស្បែក​ជើង​ឲ្យ​គេ។ ជួន​ពេល​ខ្លះ​លើក​ដៃ​សុំ​លុយ​គេ​ទៅ អ្នក​ខ្លះ​ឲ្យ​មួយ​ពាន់ ពីរ​ពាន់ បួន​ប្រាំ​រយ គ្រាន់​បាន​លុយ​ដែរ»

ស្វាមីរបស់អ្នកស្រី ស៊ឹម រី គឺ លោក ប៉ែន មុនីរ័ត្ន អាយុ ៥៥ឆ្នាំ ជា​អតីត​ទាហាន ហើយ​បច្ចុប្បន្ន​ពិការ​ជើង​ខាង​ស្ដាំ និង​មាន​ជំងឺ​ប្រចាំ​កាយ។ អតីត​យុទ្ធជន​ពិការ​ជើង​រូប​នេះ រៀបរាប់​ថា ចាប់​ពី​បិណ្ឌ​ទី១ មក ពួក​គាត់​តែង​នាំ​គ្នា​ក្រោក​ពី​ព្រឹក​ទៅ​វត្ត​សំពៅ​មាស ដើម្បី​សុំ​យាម​ស្បែក​ជើង​ជូន​អ្នក​មក​ធ្វើ​បុណ្យ និង​ឆ្លៀត​សុំទាន​ខ្លះ។ ចំណែក​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ គឺ​ប្ដី​ប្រពន្ធ​ជន​ពិការ​ជើង​រូប​នេះ ក៏​ដូច​អ្នក​សុំទាន​ឯទៀត​​ដែរ គឺ នាំគ្នា​សុំម្ហូបអាហារ សល់ពីព្រះសង្ឃ នៅវត្តព្រះពុទ្ធមានបុណ្យ៖ «យាម​ក៏​ដូច​តែ​សូម​គេ​ដែរ ម៉ោង​ដប់​មួយ​ជាង​អី​លោក​ឆាន់​ហើយ បាន​បាយ​សម្ល​តិច​តួច គេ​ចាប់​ផ្តើម​ចាត់​ចែង​បាយ​សម្ល ចែក​ឲ្យ​បាន​បាយ​ហូប​ដែរ ម៉ា​ភ្ជុំ​ហ្នឹង»

តំណាងពលរដ្ឋជម្លោះដីធ្លី នៅ​សហគម​បុរី​កីឡា អ្នកស្រី ភោគ សុភីន ឲ្យ​ដឹង​ថា នៅ​ក្នុង​សហគម​ជម្លោះ​ដីធ្លី​មួយ​នេះ មិនមែនមានតែក្រុមគ្រួសារ​របស់​ជនពិការ​លោក ប៉ែន មុនីរ័ត្ន ទេ ដែល​ត្រូវ​ចេញ​ទៅ​សុំ​ទាន នៅ​ពេល​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នោះ គឺ​មាន​អ្នក​សុំ​ទាន អ្នក​រើស​អេតចាយ និង​អ្នក​រស់​នៅ​តាម​​សំយាប​ផ្ទះ​គេ​ជា​ច្រើន​ទៀត តែង​ទៅ​សុំ​ទាន​រាល់​ថ្ងៃ នៅ​វត្ត​សំពៅ​មាស និង​វត្ត​ព្រះពុទ្ធ​មាន​បុណ្យ ដែល​នៅ​ក្បែរ​នោះ៖ «អ្នក​ខ្លះ​ទៅ​គាត់​ទៅ​យាម​ស្បែក​ជើង​ឲ្យ​គេ​តាម​វត្ត ឬ​សុំ​ទាន​អី ទៅ​នៅ​វត្ត​ព្រះពុទ្ធ​គាត់​អត់ៗ មែន​ទែន​ណា ពេល​ណា​ថ្ងៃ​ធម្មតា​គាត់​ដើរ​រើស​អេតចាយ​អី ក៏​មាន​ដែរ​ភាគ​ច្រើន​ពួក​គាត់​ជា​អ្នក​អតីត​បុរី​កីឡា ពួក​គាត់​អត់​ផ្ទះ​នៅ​អត់ គឺ​អត់​យក​តែ​មែន​ទែន​ណា​អូន»

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​ នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត ឲ្យ​ដឹង​ថា ក្រៅ​ពី​ពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​ជម្លោះ​ដីធ្លី​បុរី​កីឡា ក៏​មាន​អតីត​អ្នក​បុរី​កីឡា ដែល​កំពុង​រស់នៅ​តំបន់​ភ្នំ​បាត ខេត្ត​កណ្ដាល ជិត​ភ្នំ​អដ្ឋរស្ស ក៏​កំពុង​មាន​សភាព​បែប​នេះ​ដែរ។ សង្គម​ស៊ីវិល​រូប​នេះ រំលឹក​ថា វា​ជា​រឿង​គួរ​ឲ្យ​អណោច​អធម ដែល​ចុះ​ទៅ​ឃើញ​សកម្មភាព​អតីត​អ្នក​បុរី​កីឡា​​រស់​នៅ​តំបន់​ភ្នំ​បាត ដើរ​សុំ​ទាន និង​ដណ្ដើម​ម្ហូប​អាហារ​គ្នា នៅ​តាម​វត្ត ពេល​មាន​ពិធីបុណ្យ​ម្ដងៗ៖ «ជាក់​ស្តែង​បើ​ពួក​គាត់​អត់​មែន​អ៊ីចឹង​គាត់​ត្រូវ​ទៅ​វត្ត។ វត្ត​គេ​មាន​បាយ​សម្ល​នំ​ចំណី​អី​ពេល​ដែល​គាត់​ចូល​វត្ត វត្តមាន​មនុស្ស​ច្រើន​ពេល​ធ្វើ​បុណ្យ​អ៊ីចឹង គេ​នឹង​ធ្វើ​ទាន។ បើ​គាត់​អត់​ហ្នឹង​មាន​អ្នក​ជួយ​មែន ពលរដ្ឋ​ក្រីក្រ​ឥឡូវ​គាត់​មាន​ជីវភាព​ខ្វះ​ខាត​មែនទែន»

សព្វថ្ងៃ ក្រុម​ពលរដ្ឋ ១៥៤គ្រួសារ ដែល​មាន​ជម្លោះ​នៅ​បុរី​កីឡា នៅ​សេសសល់​មិន​ទាន់​ដោះ​ស្រាយ​មាន​ចំនួន​ជិត ១០គ្រួសារ។ ក្រៅ​ពី​នេះ មាន​ក្រុម​ផ្សេង​ទៀត កំពុង​មាន​ជម្លោះ​នៅ​ឡើយ និង​មាន​ក្រុម​ខ្លះ​ជា​អតីត​អ្នក​បុរី​កីឡា នាំ​គ្នា​ត្រឡប់​មក​ទាមទារ​វិញ ដោយ​អះអាង​ថា ពួក​គេ​ត្រូវ​បាន​បណ្ដេញ​ចេញ​ទាំង​បង្ខំ និង​ទទួល​បាន​សំណង​មិន​សមរម្យ។ ចំណែក​ពលរដ្ឋ ដែល​ត្រូវ​អាជ្ញាធរ​ជម្លៀស​ទៅ​រស់​នៅ​ភ្នំ​បាត ទាំង​មុន និង​ក្រោយ មាន​ជាង ១៤០​គ្រួសារ ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្លះ បាន​ត្រលប់​មក​រក​ប្រាក់​នៅ​​ភ្នំពេញ​វិញ ដោយ​ប្រកប​របរ​រត់​ម៉ូតូ​ឌុប ឬ​ដើរ​លាង​ចាន សុំ​ទាន បោក​ខោអាវ​ឲ្យ​គេ​ជា​ដើម។ ប៉ុន្ដែ​អ្នក​​ផ្សេង​ទៀត ទ្រាំ​រស់​នៅ​ភ្នំ​បាត ទាំង​គ្មាន​មុខ​របរ​ចិញ្ចឹម​ជិវិត។

ក្រុម​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ធ្លាប់​ទៅ​ផ្ទះ​របស់​ពួក​គេ ​នៅ​តំបន់​ភ្នំ​បាត ក្នុង​ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ ទីតាំង​ដែល​ជម្លៀស​ពលរដ្ឋ​ទៅ​រស់​នៅ​ទី​នោះ មាន​ចម្ងាយ​ជាង ៥០​គីឡូ​ម៉ែត្រ ពី​រាជធានី​ភ្នំពេញ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភ្នំ​ព្រះរាជ​ទ្រព្យ ដែល​ជា​តំបន់​ទេសចរណ៍។ ផ្ទះ​របស់​ពលរដ្ឋ​សង់​ពី​ឈើ ជញ្ជាំង​ធ្លុះធ្លាយ ដំបូល​ប្រក់​​ស័ង្កសី ក្បាល ៤​ម៉ែត្រ​កន្លះ បណ្ដោយ ១២​ម៉ែត្រ។ ទី​នេះ​មិន​ទាន់​មាន​ទឹក​ភ្លើង​របស់​រដ្ឋ​នៅ​ឡើយ ផ្ទះ​ខ្លះ​មាន​អណ្ដូង​ទឹក​នៅ​មុខ​ផ្ទះ និង​មាន​ដើម​ស្វាយ​ខ្លះ​ដែរ។ ឆ្លៀត​ពី​រៀន​សូត្រ ក្មេងៗ នៅ​តំបន់​ភ្នំ​បាត បាន​នាំ​គ្នា​ទៅ​សុំ​ទាន​នៅ​ភ្នំ​ព្រះរាជ​ទ្រព្យ ឬ​ហៅ​ថា ភ្នំ​អដ្ឋរស្ស។ ឯ​ស្ត្រី​វ័យ​ចំណាស់​ខ្លះ បាន​កាត់​សក់​ខ្លួន​ឯង ដើម្បី​លក់​យក​ប្រាក់។

ចំណែក​ក្រុម​អ្នក​រើស​សំរាម​ខ្លះ​វិញ នៅ​តំបន់​បឹង​ជើង​ឯក សង្កាត់​ដង្កោ ជាយ​រាជធានី​ភ្នំពេញ ក៏​អះអាង​ថា ពួក​គាត់​មិន​មាន​លទ្ធភាព​ទៅ​លេង​ស្រុក​កំណើត ហើយ​ត្រូវ​នាំ​គ្នា​ទៅ​សុំ​ទាន នៅ​តាម​វត្ត​ដែរ។ ស្ត្រី​អ្នក​រើស​សំរាម​ម្នាក់ នៅ​តំបន់​បឹង​ជើង​ឯក ឈ្មោះ ម៉ិល សារី ឲ្យ​ដឹង​ថា ក្នុង​សហគម​រើស​សំរាម​​របស់​អ្នក​ស្រី ក៏​មាន​អ្នក​រើស​សំរាម​ខ្លះ ទៅ​សុំ​ទាន​នៅ​តាម​វត្ត​ដែរ ក្នុង​ឱកាស​ភ្ជុំ​បិណ្ឌ​នេះ ដូច​ជា ស្ត្រី​មាន​ផ្ទៃ​ពោះ​ជាដើម៖ «អ្នក​ខ្លះ​ពោះ​ធំ​គាត់​មិន​អាច​ទៅ​រើស​សំរាម​បាន អ៊ីចឹង​អ្នក​ខ្លះ​គាត់​ទៅ​រើស​មិន​បាន អត់​លុយ​ទៅ​ស្រុក​គាត់​ក៏​ទៅ​វត្ត​យាម​ស្បែក​ជើង​អ៊ីចឹង​ទៅ​ពូ»

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ដែល​បាន​ចងក្រង​ក្រុម​អ្នក​រើស​សំរាម នៅ​រាជធានី​ភ្នំពេញ និង​នៅ​ទីលាន​ចាក់​សំរាម មាន​ប្រសាសន៍​ថា ដើម្បី​ដោះ​ស្រាយ​ជួយ​ឲ្យ​ក្រុម​អ្នក​រើស​សំរាម របប​ក្រុង​ភ្នំពេញ គួរ​បង្កើត​ឲ្យ​មាន​កញ្ចប់​ថវិកា​សម្រាប់​ជួយ​ជន​ក្រីក្រ​ទាំង​នោះ នៅ​ពេល​មាន​ពិធី​បុណ្យ​ទាន​ម្ដងៗ ពិសេស អ្នក​រើស​សំរាម និង​អ្នក​រើស​អេតចាយ ដើម្បី​ឲ្យ​ពួក​គាត់ មាន​លទ្ធភាព​ទៅ​លេង​ស្រុក​កំណើត។ លោក វន់ ពៅ យល់​ថា ជា​ការ​ល្អ ប្រសិន​បើ​របប​ក្រុង​ភ្នំពេញ ផ្ដល់​ប្រាក់​ឲ្យ​អ្នក​រើស​សំរាម និង​អ្នក​រើស​អេតចាយ​ក្នុង​ឱកាស​បុណ្យ​ជាតិ​ធំៗ ដូច​ជា​ផ្ដល់​ឲ្យ​មន្ត្រី​រាជការ​ដែរ៖ «រដ្ឋាភិបាល​គួរ​តែ​ផ្តល់​ថវិកា​មួយ​ចំនួន និង​បង្កើត​បន្ទប់ ឬ​បន្ទប់​ស្នាក់​នៅ ហើយ​រដ្ឋភិបាល​គួរ​តែ​មាន​កញ្ចប់​ថវិកា​ខ្លះ​ផ្តល់​ឲ្យ​ពួក​គាត់​ក្នុង​ឱកាស​បុណ្យ​ធំៗ អ៊ីចឹង​យក​ឡាន​ទៅ​ដឹក​គាត់​នៅ​កន្លែង​រើស​អេតចាយ​ទៅ​ស្រុក​កំណើត​អី​ទៅ។ រដ្ឋាភិបាល​ស្រង់​ស្ថិតិ​អ្នក​រើស​អេតចាយ​ទាំង​អស់ និង​ផ្តល់​រថយន្ត (ហ្វី្រ) Free ពី​កន្លែង​ស្នាក់​នៅ​ដល់​ស្រុក​កំណើត ពី​ស្រុក​កំណើត​ពី​ភ្នំពេញ»

ច្បាប់​រដ្ឋធម្មនុញ្ញ មាត្រា៣៦ ចែង​ថា ប្រជាព​លរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ទទួល​ការ​ធានា​រ៉ាប់រង​សង្គម​ និង​អត្ថប្រយោជន៍​ខាង​សង្គម​កិច្ច​ ដែល​មាន​ចែង​ក្នុង​ច្បាប់។ អាស៊ី​សេរី មិន​ទាន់​អាច​រក​ប្រភព​សុំ​ការ​បញ្ជាក់​ពី​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច និង​អតីត​យុទ្ធជន លោក វង សូត បាន​ទេ នៅ​ថ្ងៃ​ទី៨ តុលា ជុំ​វិញ​សំណើសុំ​ឲ្យ​មាន​គោលនយោបាយ សង្គមកិច្ច ផ្តោត​លើ​កញ្ចប់​ថវិកា​ជាតិ សម្រាប់​ក្រុម​ពលរដ្ឋ​ក្រីក្រ ក្នុង​ឱកាស​ពិធី​បុណ្យ​ជាតិ​ធំៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋខ្មែរនៅកម្ពុជា​ក្រោម មិន​ទាន់​ទទួល​បាន​សិទ្ធិ​ធ្វើ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ពេញលេញ​ទេ

$
0
0

ពលរដ្ឋខ្មែរ​រស់នៅលើទឹកដីកម្ពុជា​ក្រោម កំពុង​រៀបចំ​ប្រារព្វ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ដូច​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែរ ប៉ុន្តែ​អ្នក​ឃ្លាំ​មើល​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ឲ្យ​ដឹង​ថា ដោយសារ​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​កុំម្មុយនិស្ដ​វៀតណាម ពួក​គាត់​មិន​មាន​សិទ្ធិ​ពេញលេញ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ​ដូច​​ប្រជា​​ពលរដ្ឋ​​នៅ​​ប្រទេស​​កម្ពុជា និង​នៅ​ប្រទេស លោក​សេរី​ទេ។

ក្រុមអ្នកឃ្លាំមើល និងព្រះសង្ឃ អំពាវនាវ​ឲ្យ​អាជ្ញាធរ​វៀតណាម អនុញ្ញាត​ឲ្យ​កម្មករ និង​ពលករ ជា​​ជន​​ជាតិ​​ដើម​​ខ្មែរ​​កម្ពុជា​​ក្រោម ទទួលបានឱកាសឈប់សម្រាកថ្ងៃបុណ្យប្រពៃណីខ្លួន ដោយ​មិន​កាត់​ប្រាក់​កម្រៃ។

នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន ឲ្យ​​ដឹង​​ថា ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណីជាតិខ្មែរ ក្រុម​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ទឹក​ដី​កម្ពុជា​ក្រោម មិន​ដែល​បំភ្លេច​ចោល​បុណ្យសែនដូនតារបស់ខ្លួនទេ។ ពួក​គេ​តែង​​ប្រារព្វ​ពិធី​នេះ​រាល់​ឆ្នាំ ដូច​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក​ដែរ។ តែយ៉ាងណា អ្នក​ឃ្លាំ​មើល​សិទ្ធិ​ខ្មែរ​កម្ពុជា​ក្រោម​រូប​នេះ អះអាង​ថា នៅ​តែ​មាន​កម្មករ​ខ្មែរ ដែល​ធ្វើ​ការ​នៅ​ទីក្រុង នៅ​ប្រទេស​វៀតណាម​មួយ​ចំនួន មិន​អាចឈប់សម្រាក​ទៅ​លេង​ស្រុក​​កំណើត ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា​បាន ព្រោះ​នៅ​ប្រទេស​វៀតណាម គ្មាន​ច្បាប់​សម្រាក​​បុណ្យ​សែន​ដូន​តា សម្រាប់​ជនជាតិ​ដើម​ភាគ​តិច​ខ្មែរ​ក្រោម៖ «មក​ផ្ទះ​ខ្ញុំ​បាន​ជួប​ជាមួយ​ម្មករ​កម្មការិនី ពលករ​មួយ​ចំនួន ដែល​ធ្វើ​ការ​នៅ​ទី​ប្រជុំ​ជន​ពួក​គាត់ មិន​បាន​ទៅ​ស្រុក​កំណើត ដើម្បី​គោរព​ពិធី​សែន​ដូន​តា​នោះ​ទេ ប៉ុន្តែ​ខ្លះ​ក៏​បាន​ទៅ ប៉ុន្តែ​ត្រូវ​បាន​កាត់​ប្រាក់​កម្រៃ​អ៊ីចឹង​ទៅ​ណា»

អតីត​ដែន​ដី​កម្ពុជា​ ផ្នែក​ខាងក្រោម​នៃ​ដង​ទន្លេ​មេគង្គ ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​វៀតណាម ត្រូវ​បាន​អាណានិគម​បារាំង​ផ្ទេរ​សិទ្ធិ​គ្រប់គ្រង​ទៅ​ឲ្យ​ស្ដេច​វៀតណាម ឈ្មោះ បាវ ដាយ (Bao Dai)  កាល​ពី​ថ្ងៃទី០៤ មិថុនា ឆ្នាំ១៩៤៩ ដើម្បី​ជា​ថ្នូរ​យក​កម្លាំង​របស់​ស្ដេច បាវ ដាយ ទៅ​ទប់ទល់​នឹង​កម្លាំង​កុម្មុយនិស្ត​របស់​លោក ហូ ជីមិញ (Ho Chi Minh)។ បើ​ទោះ​ជា​ជិត ១០០​ឆ្នាំ​មក​នេះ ពលរដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក បាន​ក្លាយជា​ជនជាតិ​ដើម​ភាគ​តិច ​រស់នៅ​លើ​ដែន​ដី​កំណើត​​របស់​ខ្លួន ​ក្រោម​ការ​គ្រប់គ្រង និង​ត្រួតត្រា​របស់​​រដ្ឋាភិបាល​វៀតណាម​ក្ដី ប៉ុន្ដែ​ពួក​គេ មិន​ដែល​បំភ្លេច​ចោល​ពិធី​បុណ្យ​ប្រពៃណី​របស់​ដូន​តា​ទេ។

ព្រះតេជគុណ ចាន់ ថយ គង់នៅវត្តមេពាំង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះត្រពាំង ឲ្យ​ដឹង​ថា នៅ​កម្ពុជា​ក្រោម គេ​មិន​ហៅ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ទេ គេ​ហៅ​ពិធី​បិណ្ឌ​ដូន​តា ឬ សែន​ដូន​តា មាន​រយៈ​ពេល ១៥ថ្ងៃ​ដូច​គ្នា។ ពលរដ្ឋខ្មែរក្រោម មិន​ទៅ​ធ្វើ​បុណ្យ​ច្រើន​វត្ត ដូច​នៅ​ប្រទេស​កម្ពុជា​ទេ គឺ​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​នាំ​គ្នា​ចែក​វេន​គ្នា ទៅ​វត្ត​ក្បែរ​ផ្ទះ ពី​បិណ្ឌ​ទី១ ចាប់​ពី​ថ្ងៃ​ទី១រោច ខែ​ភទ្របទ ដល់​បិណ្ឌ​ទី១៣ ថ្ងៃ​១៣រោច។ ចំណែកបិណ្ឌទី១៤ គេ​ហៅ​ថា ថ្ងៃ​សែន​ដូនតា គឺ​ពលរដ្ឋ​ខ្មែរ​ក្រោម ជួបជុំ​សាច់​ញាត្តិ​នៅ​តាម​​ផ្ទះ និង​និមន្ដ​ព្រះសង្ឃ​​ទៅ​សូត្រធម៌ សម្ដែង​ធម៌​ទេសនា​ដល់​ផ្ទះ។ ឯ​ថ្ងៃ​ធំ​សម្រាប់​ពិធី​បុណ្យ​​សែន​​ដូនតា ឬ​ថ្ងៃ​ភ្ជុំ​បិណ្ឌ គឺ​ថ្ងៃ ១៥រោច ពុទ្ធបរិស័ទ ចំណុះ​ជើង​វត្ត នាំ​គ្នា​ទៅ​ជុំ​គ្នា នៅ​ទី​អារាម ដើម្បី​ធ្វើ​បុណ្យ​រួម​គ្នា។ ព្រះសង្ឃ​នៅ​កម្ពុជា​ក្រោម បន្ដ​ថា បន្ទាប់​​ពី​ធ្វើ​បុណ្យ ១៥ថ្ងៃ​រួច ថ្ងៃ ១កើត ខែ​អស្សុជ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម នាំ​គ្នា​ធ្វើ​ពិធី​ដាក់​សំណែន​បណ្ដែត​លើ​កន្ទោង​តាម​ទឹក ដើម្បី​ជូន​ដំណើរ​ដូនតា​ត្រឡប់​ទៅ​វិញ៖ «បើ​វត្ត​នៅ​កម្ពុជា​ក្រោម​គេ​ទៅ​មួយ​ថ្ងៃ​តែ​ម្តង​ទេ តាម​វេន​គេ​ចាត់​ជា​ក្រុម។ និយាយ​​រួម​​គេ​​ចាត់​ជា​វេន​ជា​ក្រុម​នៅ​វត្ត​កម្ពុជា​ក្រោម គឺ​បែប​នឹង​គេ​មិន​បាន​ធ្វើ​ដូច​នៅ​កម្ពុជា​ទេ បាន​ទៅ​ច្រើន​វត្ត សូម្បី​ការ​រៀបចំ​ហៅ​ឈ្មោះ​ក៏​មាន​លក្ខណៈ​ខុស​គ្នា​ដែរ នៅ​កម្ពុជា​គេ​ហៅ​ពិធី​បិណ្ឌ​ភ្ជុំ ឬ ភ្ជុំបិណ្ឌ ចំណែក​នៅ​កម្ពុជា​ក្រោម​នេះ​វិញ​គេ​ហៅ​ថា ពិធី​​សែន​​ដូន​តា»

សម្រាប់ទីវត្ត​អារាមវិញ នៅ​ពេល​បុណ្យ​សែន​ដូនតា ឬ ភ្ជុំបិណ្ឌ មានឮ​សំឡេង​កង​រំពង​អំពី​ការ​សូត្រ​ធម៌ ស្ទើ​តែ ១៥ថ្ងៃ ១៥យប់។ នៅ​ពេល​ទៀប​ភ្លឺ មាន​ពិធី​បោះ​បាយ​បិណ្ឌ ក្រុម​ព្រះ​សង្ឃ និង​យាយ​ជី សូត្រ​ធម៌​បទ​បរាភវសូត្រ ដើម្បី​ដាក់​តឿន​ស្មារតី​កុំ​ឲ្យ​ប្រព្រឹត្តិ​វិនាស​ទាំង ១២ប្រការ របស់​សាសនា​ព្រះពុទ្ធ និង​មាន​​ចាក់​បទ​ទំនួញ​ប្រេត ពិធី​ពូន​ភ្នំ​ខ្សាច់ នៅ​ពេល​ពុទ្ធបរិស័ទ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ។ ពុទ្ធ​សាសនិក នាំ​គ្នា​ស្លៀក​សំលៀក​បំពាក់​តាម​បែប​ប្រពៃណី​ យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​​តាម​វេន​នីមួយៗ និង​នៅ​ថ្ងៃ ១៥រោច។ ព្រះសង្ឃ ដែល​គង់​ទីអារាម ចាំ​ទទួល​ចង្ហាន់ ​សូត្រ​ធម៌​ដារ​ឆ្លង តាម​ប្រពៃណី ដូច​នៅ​កម្ពុជា​ដែរ។ ចំណែក​ពេល​រាត្រី​វិញ ព្រះសង្ឃ​ឲ្យ​ដឹង​ថា តាម​ក្រុម​នីមួយៗ ចំណុះ​ជើងវត្ត បាន​នាំ​គ្នា​មូល​មតិ ដើម្បី​និមន្ដ​ព្រះ​សង្ឃ​​សម្ដែង​ធម៌​ទេសនា​នៅ​ទី​អារាម។

ក្នុងឱកាសពិធីបុណ្យសែនដូនតា ការ​ជូបជុំ​គ្នា​មិន​ថា ក្មេង​ចាស់​ទេ ជា​ឱកាស​ដ៏​ពិសេស​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម ​ជួបជុំ​ក្រុម​គ្រួសារ​មក​ពី​ទី​ជិត​ឆ្ងាយ បើ​ទោះ​ជា​ខ្មែរ​ក្រោម​ខ្លះ គ្មាន​វាសនា​ឈប់​សម្រាក​ជួបជុំ​បង​ប្អូន​ក្រុម​គ្រួសារ និង​រៀបចំ​ពិធី​ផ្សេងៗ ពេញលេញ​តាម​ទំនៀម​ទម្លាប់​ក៏​ដោយ។

សៀវភៅ​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រោម​ មាន​ចំណង​ជើង​ថា វីរៈ​បុរស​ខ្មែរ​ក្រោម ឧកញ្ញ៉ា សឺន គុយ អះអាង​ថា កម្ពុជា​ក្រោម មាន​ទំហំ​ប្រហាក់​ប្រហែល​ផ្ទៃ​ដីប្រទេស​កម្ពុជា​បច្ចុប្បន្ន ហើយ​មាន​ខេត្ត​ចំនួន​ ២១​ខេត្ត និង​មាន​វត្ត​អារាម​ជាង ៥០០វត្ត។ ប៉ុន្ដែ​គ្មាន​ស្ថិតិ​ផ្លូវការណា​មួយ​បង្ហាញ​ថា ខ្មែរ​កម្ពុជា​ក្រោម​ រស់​នៅ​លើ​​ទឹក​ដី​កំណើត​របស់​ខ្លួន​ ដែល​វៀតណាម​កំពុង​ត្រួតត្រា​មាន​ចំនួន​ប៉ុន្មាន​ពិត​ប្រាកដ​ឡើយ។ សៀវភៅ​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រោម​មួយ​ទៀត មាន​ចំណង​ជើង​ថា អំណាច​គ្មាន​ខ្មែរ​ក្រោម សរសរ​ថា ពលរដ្ឋ​​ខ្មែរ​ក្រោម​មាន​ជាង ១​លាន​នាក់។ ចំណែក​សៀវភៅ​ប្រវត្តិសាស្ត្រ ចំណង​ជើង​ថា ដំណើរ​ឆ្ពោះ​​ទៅ​ទិស​ខាង​លិច បញ្ជាក់​ថា នៅ​សតវត្ស​ទី​២១ ខ្មែរ​ក្រោម​មាន​ជាង ៤​លាន​នាក់។ រីឯ​ខាង​​សហព័ន្ធ​ខ្មែរ​ក្រោម​វិញ អះអាង​ថា ខ្មែរ​ក្រោម​ទាំង​អស់​ មាន​ជាង ៨​លាន​នាក់។

ប្រធានសម្ព័ន្ធសមណៈនិស្សិត​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​តេជគុណ សឺន សុផារិន្ទ មាន​ព្រះថេរៈ​ដីកា​ថា បើ​ទោះ​ជា​ពលរដ្ឋ​ខ្មែរ​ក្រោម​ភាគ​ច្រើន បាន​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក ទៅ​ធ្វើ​កម្មករ​នៅ​ទីក្រុង ប៉ុន្ដែ ពួក​គេ​មួយ​ចំនួន សុខ​ចិត្ត​ឲ្យ​ថៅកែ​កាត់​ប្រាក់​កំរ៉ៃ ដើម្បី​យក​ពេល​វេលា​ទៅ​ជួប​ជុំ​បង​ប្អូន​នៅ​ស្រុក​កំណើត។ ព្រះអង្គ​បន្ដ​ថា អាជ្ញាធរ​ប្រទេស​វៀតណាម មិន​ទាន់​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​ មាន​សិទ្ធិ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ប្រពៃណី​របស់​ខ្លួន​ទេ ប៉ុន្ដែ​នៅ​តាម​ខេត្ត​មួយ​ចំនួន ដែល​សំបូរ​ជនជាតិ​ខ្មែរ​រស់​នៅ ពួក​គេ​អាច​ឆ្លៀត​​ទៅ​ធ្វើ​បុណ្យ​បាន ដូច​ជា ខ្មែរ​ក្រោម រស់​នៅ​ខេត្ត​ព្រះត្រពាំង​ជាដើម៖ «មិន​ទាន់​មាន​ទេ មិន​ទាន់​មាន​ទេ កំពុង​តែ​មាន ច្បាប់​ប៉ុន្តែមានការតឹងរឹងណាស់​មិន​ងាយ​ស្រួល​នោះ​ទេ​ពរ តែ​ឥលូវ​កំពុង​មាន​ការ​សុំ​អនុញ្ញាត​យើង មិន​ដឹង​ថា បាន​រឺ​មួយ​មិន​នោះ​ទេ ច្បាប់​គេ​នៅ​វៀតណាម​នេះ​មាន​ការ​តឹងរឹង​ណាស់​មិន​ងាយ​ស្រួល​ទេ ខ្មែរ​យើង​ភាគ​ច្រើន​មិន​ហ៊ាន​ឈប់​នោះ​ទេ ពរ បើ​ហ៊ាន​ឈប់​មាន​តែ​គេ​កាត់​ប្រាក់​ខែ​អ៊ីចឹង​មាន​ការ ឈប់​តិចតួច​ណាស់​ពរ»

 

សេចក្ដី​ប្រកាស​របស់អង្គការ​សហប្រជាជាតិ ស្ដីពី​ជនជាតិ​ដើម​ភាគ​តិច ត្រង់​មាត្រា​១២ ចែង​ថា ជនជាតិ​​ដើម​ភាគ​តិច មាន​សិទ្ធិ​ប្រតិបត្តិ និង​ធ្វើ​ឲ្យ​រស់​រវើក​ឡើង​វិញ ​នូវ​ប្រពៃណី និង​ទំនៀម​ទម្លាប់​ជា​វប្បធម៌​​របស់​ខ្លួន។ សិទ្ធិ​នេះ រួមមាន​ទាំង​សិទ្ធិ​ក្នុង​ការ​ថែ​រក្សា​ការពារ និង​អភិវឌ្ឍន៍​អ្វីៗ ដែល​បង្ហាញ​អត្ត​សញ្ញាណ វប្បធម៌​របស់​ខ្លួន ដែល​មាន​ពី​អតីតកាល បច្ចុប្បន្ន និង​អនាគត ដូចជា​តំបន់​បុរាណ​វិទ្យា និង​​តំបន់​ប្រវត្តិសាស្រ្ត​បុរាណវត្ថុ រចនាបថ ពិធី​បុណ្យ បច្ចេកវិទ្យា និង​សិល្បៈ ទស្សនីយភាព និង​​ការ​សម្ដែង​សិល្បៈ និង​អក្សរសាស្រ្ត។ រដ្ឋ​ទាំងឡាយ ត្រូវ​ផ្ដល់​ឲ្យ​មាន​ដំណោះស្រាយ ​តាម​រយៈ​យន្ត​ការ​មាន​ប្រសិទ្ធិភាព ដែល​រួមមាន​ទាំង​បដិទាន ដោយ​បាន​រៀបចំ​បង្កើត​ឡើង​ជាមួយ​ជនជាតិ​ដើម​ភាគ​តិច ចំពោះ​កម្មសិទ្ធិ​វប្បធម៌​បញ្ញា សាសនា និង​ជំនឿ​របស់​ពួក​គេ ដែល​ត្រូវ​បាន​ដកហូត​ដោយ​គ្មាន​ការ​យល់​ព្រម​ដោយ​សេរី និង​ដោយ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ជា​មុន ឬ​ដែល​រំលោភ​លើ​ច្បាប់ ប្រពៃណី និង​​ទំនៀម​ទម្លាប់​របស់​ពួក​គេ។

អ្នក​នាំពាក្យ​សមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ថា បើរដ្ឋណាមួយ បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ និងប្រកាស​ទទួល​ស្គាល់​កតិកា​សញ្ញាអន្ដរជាតិ​នេះ​រួច​ រដ្ឋនោះ ត្រូវ​មាន​កាតព្វកិច្ចគោរព និងអនុវត្ត​កតិកា​សញ្​ញា​នេះ និង​ត្រូវ​ធ្វើ​យ៉ាង​ណា ផ្ដល់សិទ្ធិគ្រប់​គ្រាន់​ឲ្យជន​ជាតិ​ដើម​ភាគ​តិច មាន​ពេល​វេលា​គ្រប់គ្រាន់​បាន​ប្រារព្វ​ប្រពៃណី​របស់​ពួក​គេ៖ «បើ​ប្រទេស​ប្រជាធិបតេយ្យ​ប្រជាពលរដ្ឋ​ដែល រស់​នៅ​ក្នុង​ប្រទេស​ហ្នឹង បើ​គាត់​មិន​ទាន់​មាន​សិទ្ធិ​គាត់​មាន​សិទ្ធិ​ទាមទារ​​តវ៉ា​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​នូវ​សិទ្ធិ​ចំពោះ​ប្រទេស​ ដែល​កុម្មុយនិស​បើ​សិន​ជា​ក្នុង​ប្រទេស​របស់ ខ្លួន​ទទួល​ស្គាល់​បើក​ទូលំទូលាយ ហើយ​គួរ​ណា​តែ​ផ្តល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​គោរព​វប្បធម៌ ប្រពៃណី​សាសនា ដែល​មាន​មាន​នៅ​អ្វី ដែល​គាត់​ចង់​បាន​​ហ្នឹង​ដែរ​បាទ»

បច្ចុប្បន្នក្រុមព្រះសង្ឃ និងពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ខ្មែរ​ក្រោម កំពុងធ្វើញ្ញត្តិ​ស្នើសុំ​ដោយ​ទទូច​ទៅ​រដ្ឋសភា​វៀតណាម ដើម្បីអនុញ្ញាត​ឲ្យ​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម ទទួល​បាន​ថ្ងៃ​ឈប់​សម្រាក ដោយ​មិន​កាត់​ប្រាក់​កម្រៃ នៅ​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ធំៗ របស់​ខ្លួន ដូចជា ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ និង​ពិធី​បុណ្យ​អុំទូក​ជា​ដើម។ ចំណែក​នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន អំពាវនាវ​យ៉ាង​ទទូច ឲ្យ​អាជ្ញាធរ​ប្រទេស​វៀតណាម គ្រប់​លំដាប់​​ថ្នាក់​ ចេញ​លិខិត​អនុញ្ញាត ដើម្បី​សម្រួល​ឲ្យ​កម្មករ ឬ​ពលករ​ខ្មែរក្រោម ទទូល​បាន​សិទ្ធិ​ឈប់​សម្រាក នៅ​ថ្ងៃ​បុណ្យ​ប្រពៃណី​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នក​ការពារសិទ្ធិមនុស្ស​ថា លោក​​ ហ៊ុន សែន គួរ​លះបង់​ចោល​គំនិត​សម្លាប់​ជាតិ​សាសន៍​ខ្លួន​ឯង ដើម្បី​ការ​ផ្សះផ្សារ​ជាតិ

$
0
0

អ្នកការពារសិទ្ធិ​មនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង​សម្តែង​ការ​សោក​ស្តាយ​ដែល​មេដឹក​នាំ​របបក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​ប្រើ​ប្រាស់​សម្តី​ចង់​កាប់​សម្លាប់​ជាតិ​សាសន៍​ខ្លួន​ឯងម្តង​ហើយ​ម្តង​ទៀត​​។ ពួក​គេ​ស្នើឱ្យ​លោក​​បញ្ឈប់​ការ​ប្រើ​វោហារស័ព្ទ​បែប​នេះ​តទៅ​ទៀត ព្រោះ​នេះ​ជា​ការមាក់​ងាយ​អាយុជីវិត​ពលរដ្ឋ​ខ្លួន​ឯង ហើយ​​នៅក្នុង​ន័យ​ច្បាប់ ​នេះ​ជា​អំពើ​ឧក្រិដ្ឋ​ថែម​ទៀត​។ លោក​ ហ៊ុន សែន បាន​ថ្លែង​ពី​ប្រទេស​ជប៉ុន​ថា លោក​គ្មាន​អ្វី​ត្រូវ​ខ្លាច​ឡើយ​ចំពោះ​ការ​សម្លាប់ និង​ចាប់​អ្នក​ប្រឆាំង​ដាក់​គុក​ ព្រោះ​លោក​ធ្លាប់​ធ្វើ​រឿង​នេះ​រួច​ទៅ​ហើយ។

អ្នក​ការពារសិទ្ធមនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង ចាត់​ទុក​ការ​ថ្លែង​របស់​ លោក​ ហ៊ុន សែន រឿង​ចង់​កាប់​សម្លាប់​អ្នក​ប្រឆាំង​នោះ ជា​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​ពលរដ្ឋ​ខ្លួន​ឯង និង​បង្ហាញ​ពី​ភាព​កាច​សាហាវ​របស់​លោក​ក្នុង​នាម​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម។

តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន សម្តែង​ការ​សោក​ស្តាយ​ដែល​​ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ​ជាតិ លោក​ ហ៊ុន សែន បែរ​ជា​​ប្រើ​ភាសា​គ្រោតគ្រាត និង​មាក់​ងាយ​ដល់​អាយុ​ជីវិត​ពលរដ្ឋ​ខ្លួន​ឯង​បែប​នេះ។ លោក​ថា នៅ​ប្រទេស​ជឿន​លឿន​កុំ​ថា​ឡើយ​ដល់​ជីវិត​មនុស្ស​ សូម្បីតែ​ជីវិ​ត​សត្វ​ក៏​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ដែរ។ លោក​បន្ត​ថា លោក ហ៊ុន សែន គួរ​តែ​បញ្ឈប់​ការ​ប្រើ​ពាក្យ​ពេចន៍​ចង់​កាប់​សម្លាប់​ជាតិ​សាសន៍​ខ្លួន​ឯងបែប​នេះ​តទៅ​ទៀត​ ដើម្បី​កុំ​ឱ្យ​ប៉ះ​ពាល់​ដល់​ស្មារតី និង​សតិអារម្មណ៍​របស់​ពលរដ្ឋ ស្រប​ពេល​ដែល​​កម្ពុជា​មិន​មាន​ច្បាប់​​ផ្តន្ទាទោស​ដល់​អាយុជីវិត​នោះ៖ «វា​ជា​សារ​មួយ​ដ៏គ្រោត​គ្រាត​ ដ៏អសុរស។ មុន​នឹង​ផ្ញើរសារអ្វី​មួយ​ យើង​ត្រូវ​គិត​អំពី​​ផ្លូវ​ច្បាប់​ផង​។ ​យើងមិន​ត្រូវ​ប្រើប្រាស់​សារ​បែប​នេះ​ទេ។ វា​ជា​គម្រូ​អាក្រក់​មួយ​សម្រាប់​យុវជន​ ហើយ​ខ្ញុំ​​គិត​ថាគួរ​តែផ្ញើរ​សារ​ល្អៗ​ឱ្យ​ស្រប​ទៅនឹង​ច្បាប់​ ហើយ​យើង​គួរ​តែ​ជជែក​គ្នា​។ ​មេដឹក​នាំ​បក្ស​កាន់​អំណាច​ ត្រូវ​តែ​បើក​បេះ​ដូង​ជជែកជាមួយ​មេដឹក​នាំ​​បក្ស​ប្រឆាំង ស្វែង​រក​ដំណោះស្រាយ​នយោបាយ​រួម​ កុំ​ឱ្យ​ស្រុក​យើង​ប្រឈម​ទៅ​នឹង​អនាគត​ដ៏​ខ្លី​។ ប្រសិន​បើ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ឡោម​ព័ទ្ធសេដ្ឋកិច្ច​ អ្នក​រង​គ្រោះ​ គឺ​ជន​រួម​ជាតិខ្មែរ»

មេដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក​ ហ៊ុន សែន បាន​ប្រើប្រាស់​ភាសា​ចង់​កាប់​សម្លាប់​ជាតិ​សាសន៍​ខ្លួន​ឯង​ជា​ថ្មី​ទៀត ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ និង​និស្សិត​ខ្មែរ​ក្នុង​ប្រទេស​ជប៉ុន​ កាល​ពីថ្ងៃ​ទី៧ តុលា។ អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​នេះ សង្កត់​ធ្ងន់​ថា លោក​គ្មាន​អ្វី​ត្រូវ​ខ្លាច​ឡើយ​រឿង​សម្លាប់​មនុស្ស និង​ចាប់​មនុស្ស​មួយ​ចំនួន​ដាក់​គុក​នោះ ព្រោះ​នេះ​ជា​រឿង​ដែល​លោក​ធ្លាប់​បាន​ធ្វើ​រួច​ទៅ​ហើយ​ ដើម្បី​សង្គ្រោះ​​ប្រជាជន​រាប់លាន​នាក់​។ លោក​បន្ត​ថា ការ​យក​មនុស្ស ៤-៥ នាក់ ដែល​បង្ក​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅ​កាត់​ទោស​នោះ ជា​រឿង​ដែល​គ្មាន​ប្រយោជន៍​ឡើយ ដោយ​លោក​សុខ​ចិត្ត​សម្លាប់​មនុស្សទាំង​អស់​នោះវិញ​ល្អ​ជាង៖ «ទេ! ដាក់​ហ្អែង​ប៉ុន្មាន​នាក់​គ្រវាត់​ចោល ដើម្បី​សង្គ្រោះ​ប្រជាជន​រាប់​លាន​នាក់​ មាន​រឿង​អ្វី​ត្រូវ​ខា្លច។ ដើម្បី​សង្គ្រោះកុំ​ឱ្យ​មាន​កើត​សង្គ្រាម​ មាន​អ្វី​ត្រូវ​ខ្លាច​? ខ្ញុំ​អត់​មាន​អ្វីខ្លាច​ត្រូវ​មិន​ហ៊ាន​និយាយ​នោះ​ទេ​។ អាណា​ត្រូវ​ចាប់​ញាត់​គុក ញាត់​ហ្អែង បើ​ហ្អែង​ធ្វើ​ខុស​មែន។ ហ្អែង​បង្កើត​សង្គ្រាម​ អញ​ទប់​សង្គ្រាម។ អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​នៅ​ចាំ​បាន។ ២០១៣ បោះ​ឆ្នោត​ហើយ ពេល​ហ្នឹង​កំពុង​កើត​អ្វី? គឺ​កំពុង​ចលាចល គ្រាន់​តែ​ការ​សុំ​ធ្វើ​ប្រធាន​សភា។ ​ការ​សុំ​ធ្វើ​ប្រធាន​សភា​នោះ គ្រាន់តែ​ជា​ការសុំ​ទេ ជាលេស​ទេ។ គោល​ដៅ​គឺ​ផ្តួល​រំលំ​តាម​រយៈ​បដិវត្តន៍​ពណ៌ តែ​ធ្វើ​ ហ៊ុន សែន មិន​បែក​។ សំណាង​ពួក​ឯង​ហើយ ដែល​ឃ្លីប​វីដេអូ​បាន​ក្រោយ កំណត់​ថ្ងៃ ២៩ ខែ​ធ្នូ ជា​កំណត់​ថ្ងៃចុង​ក្រោយ។ បើ​ខ្ញុំ​ក្តាប់​វីដេអូ​ហ្នឹង​បាន ពួក​ហ្អែង​ងាប់។ អ្នក​ណា​ចង់​និយាយ​ពី​រឿង​រំលោភ​សិទ្ធិមនុស្ស ចុះ​សម្លាប់​គេ​​អស់រាប់​លាន ម្តេច​ក៏​អ្នក​ឯង​មិន​និយាយ​ពី​រឿង​សិទ្ធិ​មនុស្ស? ខ្ញុំ​គ្រាន់​តែ​កម្ចាត់​អ្នក​ឯង​ប៉ុន្មាន​នាក់ ដើម្បី​ការពារ​ប្រជាជន​រាប់​លាននាក់​ រឿង​អ្វី​ថា​ខ្ញុំ​ធ្វើ​មិន​បាន

នេះ​ជា​លើក​ទីបីហើយ​ដែល​បុរសខ្លាំង​ខាង​ប្រើ​អំពើ​ហិង្សា​រូប​នេះ ថ្លែង​ការណ៍​ជា​សាធារណៈ​បង្ហាញ​ការ​ស្តាយ​​ក្រោយ​ ដែល​លោក​មិន​បាន​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង​ដែល​ជា​អ្នក​ដឹក​នាំ ឬ​ជា​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​។ កាល​ពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ កន្លង​ទៅ ​ ក៏​​ធ្លាប់​បាន​លើ​កឡើង​ថា ប្រសិនបើ​លោក​បាន​ដឹង​ជា​មុន អំពី​ផែនការ​​របស់​គណបក្ស​សង្គ្រោះជាតិ ក្នុង​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​តាម​រយៈ​រូបភាព “បដិវត្តន៍​​ពណ៌” នោះ លោក​នឹង​បញ្ជា​ឲ្យ​មនុស្ស​របស់​លោក សម្លាប់​ក្រុម​អ្នក​ប្រឆាំង​ទាំង​អស់​នោះ​ចោល តាំង​តែ​ពី​ពេល​ដែល​ពួក​គេ​បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​​ឆ្នាំ២០១៣ មក​ម្ល៉េះ។ លោក​បន្ត​ថា ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ លោក​ស្តាយ​ណាស់​ដែល​លោក​មិន​បាន​សម្លាប់​អ្នក​ទាំង​នោះ។ លើស​ពី​នេះ​ទៅ​ទៀត មេ​ដឹក​នាំ​ក្រាញ​អំណាច​រូប​នេះ ​ក៏​ធ្លាប់​​បាន​គំរាម​ប្រើ​គ្រាប់​ រ៉ុក្កែត ធុន​បេអឹម ២១ (BM-21) ដើម្បី​កម្ចាត់​ក្រុម​ចលនា​សង្គ្រោះ​​​ជាតិ​របស់​លោក​ សម​ រង្ស៊ី ដែល​លោក​ចាត់​ទុ​ក​ថា ជា​ក្រុម​ភេរវករ ប៉ុន​ប៉ង​ផ្តួល​រំលំ​របប​របស់​លោក​ផង​ដែរ។ លោក​បាន​ប្រកាស​ក្តែងៗ ថា លោក​សុខចិត្ត​កម្ទេច​ក្រុម​ប្រឆាំង ១រយ ទៅ ២រយ​នាក់ ប្រសិន​បើ​ចាំ​បាច់ ដើម្បី​ការពារ​ជីវិត​មនុស្ស​ជា​ច្រើន​លាន​នាក់​ផ្សេង​ទៀត។

ទោះ​ជា​យ៉ាង​ណា អ្នក​ឃ្លាំមើល​ជាតិ និង​អន្តរជាតិ អះអាង​ដូច​គ្នា​ថា ពាក្យ​ ”បដិវត្តន៍​ពណ៌” នេះ គឺ​ជា​ការ​ប្រឌិត​​​​ឡើង​​របស់​របប​លោក​ ហ៊ុន សែន ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ទុក​បុក​ម្នេញ​លើ​អង្គការ​សង្គម​​ស៊ីវិល និង​​បំបិទ​សំឡេង​ឯករាជ្យ ដែលជា​ការ​គាស់​រំលើង​ឫស​គល់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ចំណែក​ការ​រក្សា​សន្តិភាព និង​ការពារ​ជីវិត​ពលរដ្ឋ​រាប់​លាន​នាក់​នោះ គឺ​ជា​លេស​របស់​លោក​ ហ៊ុន សែន ដើម្បី​​ក្តោប​ក្តាប់​​​អំណាចត​ទៅ​ទៀត​តែ​ប៉ុណ្ណោះ។

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្រ្គោះ​ជាតិ​ លោក ហ៊ីង សុខសាន្ត បដិសេធ​ថា គណបក្ស​សង្គ្រោះជាតិ​គ្មាន​​គម្រោង​ណាមួយ​ទៅ​ផ្តួល​រំលំ​រដ្ឋាភិបាល​ឡើយ​។ លោក​ថា គណបក្ស​នេះ​​បង្កើត​ឡើង​ដើម្បី​ចូល​រូម​ប្រកួត​ប្រជែង​​កម្មវិធី​នយោបាយ​ និង​ផ្តល់​ជា​ជម្រើស​សម្រាប់​ពលរដ្ឋ​ ក្នុង​ការ​ផ្លាស់​ប្តូរ​សង្គម​ទៅរក​ភាព​ប្រសើរ​ឡើង។ លោក​ថា ការ​ថ្លែង​របស់​លោក​ ហ៊ុន សែន នេះ គ្រាន់​តែ​លេស​ដើម្បី​បិទ​បាំង​អំពើ​សាហាវ​ព្រៃផ្សៃ​​ដែល​លោក​ចង់​ធ្វើចំពោះ​គូ​ប្រជែង​នយោបាយ​របស់​ខ្លួន​​ ដើម្បី​រក្សា​អំណាចត​ទៅ​ទៀត​ប៉ុណ្ណោះ៖ «បើ​យើង​គិត​ពី​សីលធម៌ និង​គុណធម៌​របស់​អ្នក​ដឹកនាំ គឺ​បង្ហាញ​ថា គាត់​ជា​មេដឹក​នាំមួយ​ឃោរឃៅ ហើយ​គ្មាន​អ្វី​ខុស​ពី​ខ្មែរ​ក្រហម​នោះ​ទេ។ ឱ្យ​តែ​អ្នក​ប្រឆាំង​នឹង​ទស្សនៈ​ខ្លួន ខ្មែរ​ក្រហម​ចោទ​ថា ក្បត់​អង្គការ​ ហើយ​យក​ទៅ​សម្លាប់ ឬ​យក​ទៅ​កសាង​អ៊ីចឹង​ទៅ។ គាត់​មិន​បាន​ស្រាវជ្រាវ​ពិត​ប្រាកដ គាត់​ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ប្រុង​ផ្តួល​រំលំ ចង់​ធ្វើ​សង្គ្រាម​ ដែល​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ក្នុង​ការ​ចោទ​ប្រកាន់។ ទីពីរ​ច្បាប់​ជាតិ​របស់​យើង​ គឺ​យើង​អត់​មាន​ទោស​ប្រហារ​ជីវិត​ទេ ទោះ​បី​ជា​បុគ្គល​ណា​មួយ​មាន​កំហុស​ធ្ងន់​ធ្ងរ​យ៉ាង​ណា​ក្តី។ ដោយ​ឡែក​ គាត់​ចង់​កម្ទេច​មនុស្ស​អ៊ីចឹង​ មានន័យ​ថា គាត់​កំពុង​តែ​ថ្លែង​រំលោភ​ច្បាប់ ដែល​ស្ថិត​ក្នុង​របបដឹក​នាំ​របស់​គាត់»

លោក​ថា ប្រសិន​បើ​លោក​ ហ៊ុន សែន​ ហ៊ាន​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង​មែន​ លោក​អាច​​ប្រឈម​មុខ​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ក្នុង​បទ​ចោទ​នៃអំពើ​​ឧក្រិដ្ឋណាមួយ​ដោ​យ​ចៀស​មិន​រួច​ឡើយ។ លោក​ស្នើ​ឱ្យ​មេដឹក​នាំ​របប​ឯកបក្ស​​រូប​នេះ បញ្ឈប់​ការ​ប្រើ​វោហាស័ព្ទ​បែប​នេះ​តទៅ​ទៀត ដើម្បី​កុំ​ឱ្យមាន​វប្បធម៌​ហិង្សា និង​សងសឹក​គ្នា ​ក្នុង​ចំណោម​អ្នក​នយោបាយ​ខ្មែរ៖ «គាត់​ពោល​ពាក្យ​ថា គាត់​ស្រឡាញ់​សន្តិភាព ប៉ុន្តែ​ក្នុង​ចិត្ត​របស់​គាត់ ក្នុង​ទ្រូង​របស់​គាត់​ពោរពេញ​ដោយ​ភ្លើង ពោរពេញ​ដោយ​ភាព​ក្តៅ​ក្រហាយ ហើយ​ប្រមាថ​ជីវិត​មនុស្ស​សត្វ​ទាំង​អស់​នេះ​ហាក់​បីដូច​ជា​អត់​មាន​តម្លៃ​អ្វី​សោះ។ គ្រាន់​តែ​ដើម្បីរក្សា​អំណាច​មួយ​ម៉ាត់​ ហ៊ាន​ដល់​ទៅ​ប្រមាថ​អ្នក​ដទៃ។ បញ្ហា​នេះ​ធ្វើ​ឱ្យ​អ្នក​ប្រជែង​របស់​គាត់មាន​ភាព​ឈឺ​ចាប់​ មាន​ភាព​ក្តៅ​ក្រហាយ​ដែរ​ ហើយ​ការ​សងសឹក​នៅ​ក្នុង​សង្គម​ខ្មែរ នឹង​មិនចេះ​ចប់​ទេ។ ឯណា​ទៅ​ដែល​យើង​ថា ចង់​ឱ្យ​មាន​ការ​ផ្សះផ្សារ​ជាតិ​ កុំ​ឱ្យ​មាន​វប្បធម៌​ទឹក​ឡើង​ត្រីស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ីត្រី​នោះ? អ៊ីចឹង​ខ្ញុំ​គិត​ថា សុំ​ឱ្យ​គាត់​ហ្នឹង​ចាស់ៗ អស់​ហើយ​ប្រឹង​ធ្វើ​អ្វី​ដែល​ជា​កុសល ធ្វើ​ល្អ ហើយ​ឱ្យ​ពលរដ្ឋ​ ឬ​អ្នក​ជំនាន់​ក្រោយ​រៀន​សូត្រ​តាម ចៀសវាង​កុំ​ឱ្យមាន​ហិង្សា​បែប​នេះ​តទៅទៀត»

ថ្វីត្បិត​តែលោក ហ៊ុន សែន មិន​បាន​សម្លាប់​ក្រុម​មេដឹក​នាំ​បក្ស​ប្រឆាំង និង​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​​ឆ្នាំ២០១៣ ពិត​មែន ក៏​ប៉ុន្តែ​អាជ្ញាធរ​នៃ​របប​របស់​លោក​បាន​បាញ់​បង្ក្រាប​យ៉ាង​ឃោរឃៅ​ទៅលើ​ហ្វូង​បាតុករ​ដែល​ជា​កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ នៅ​ផ្លូវ វេង ស្រេង ដែល​​តវ៉ា​ទាម​ទារ​តម្លើង​ប្រាក់​ខែ។ ហេតុការណ៍​ហិង្សា​នៅ​គ្រា​នោះ បាន​បណ្តាល​ឱ្យ​កម្មករ ៤នាក់​បាត់​បង់​ជីវិត មា្នក់​បាត់​ខ្លួន និង​ជិត ៤០នាក់​ផ្សេង​ទៀត​រងរបួស។ បន្ថែម​ពី​លើ​នេះ ថ្នាក់​ដឹក​នាំ​សហជីព និង​កម្មករ​ជាង ២០នាក់​ ក៏​​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​អស់​រយៈ​ពេល​ជិត ៥ខែ ដោយ​រង​ការ​ចោទ​ពី​បទញុះ​ញង់​ឱ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា។ ចំណែក​ឯ​ថ្នាក់​ដឹក​នាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ជិត ២០នាក់​ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​ផង​ដែរ ដោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ដឹក​នាំ និង​ចូល​រួម​ក្នុង​ចលនា​​កុប្បកម្ម​នៅ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។ ថ្នាក់​ដឹក​នាំ និង​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ ទើប​តែ​​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព​វិញ នៅ​ក្រោយ​​ពេល​ដែល​របបលោក​​ ហ៊ុន សែន​ បាន​បង្កើត​របបថ្មី​ឯក​បក្ស​ដោយ​ជោគជ័យ​ចេញ​ពី​ការ​បោះ​ឆ្នោត​បែប​បង្គ្រប់​កិច្ច​កាល​ពី​ថ្ងៃ​ទី២៩ កក្កដា​កន្លង​ទៅ​នេះ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

របបលោក ហ៊ុន សែន អាចចំណាយប្រាក់ជិត ២,៤ លានដុល្លារ ថ្លៃជួលយន្តហោះទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ

$
0
0

មន្រ្តីបក្សកាន់អំណាច បញ្ជាក់ថ្លៃជួលយន្តហោះ ដែលដឹកលោក ហ៊ុន សែន និង មន្រ្តីរបបនេះ ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ដែលត្រូវចំណាយលុយជាតិ ៧ម៉ឺន ដុល្លារក្នុងមួយម៉ោង។ មន្រ្តីដដែលរូបនេះ អះអាងថា របបនេះមិនខ្លាចចាយលុយទេ ព្រោះដើម្បីសុវត្ថិភាពថ្នាក់ដឹកនាំ។ ប៉ុន្តែ មន្រ្តីអង្គការសង្គមស៊ីវិល ថាលោក ហ៊ុន សែន ក្បត់ពាក្យសន្យា ដែលថាចង់កាត់បន្ថយការចំណាយ ក្នុងការធ្វើដំណើរនេះ។

រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង ជា​សមាជិក​គណៈកម្មាធិការមជ្ឈិមបក្ស​ គណបក្ស​ប្រជាជន​កម្ពុជា លោក ជុំ​ កុសល ឆ្លើយតប​ទាំងក្រេវក្រោធ ទៅនឹងលោក វិសាល ​ដែលទូរស័ព្ទចូលក្នុង “កម្មវិធី​សំឡេង​ការពិត ដើម្បី​ប្រជាជន” ដែលផ្សាយ​បន្ត​តាមវិទ្យុបាយ័ន កាលពីថ្ងៃទី ០៣ ខែ តុលា ដោយបញ្ជាក់ថា របបនេះ​ពិត​ជា​បាន​ចាយលុយ៧ម៉ឺនដុល្លារ​ក្នុង​មួយម៉ោង លើ​ថ្លៃ​ជួល​យន្តហោះនោះ <<លោកថា​ឃើញ​ហ្វេសប៊ុកគេចុះ​ថាសម្តេច ហ៊ុន សែន ជួល​យន្ត​ហោះ​មួយម៉ោង ៧សែនដុល្លារ ខុស​ហើយ! លោក​បាន​ព័ត៌មានហ្នឹង​មក​ពីណា? ៧ម៉ឺន​ដុល្លារ​ទេ មិន​មែន​៧សែនទេ”។

របប​លោក ហ៊ុន សែន បាន​ជួល​យន្តហោះ​ទំនើប​ប្រភេទ បូអ៊ីង (Boeing) ៧៨៧ ពី​ក្រុមហ៊ុន​ឯកជន​ចិន​ឈ្មោះ Deer Jet ដើម្បី​ដឹក​លោក និង​គណៈប្រតិភូ​របប​លោក​ប្រមាណ ៤០ នាក់​ផ្សេងទៀត រួមមាន​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង រដ្ឋមន្ត្រី​ផង ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅទីក្រុង​ញូយក សហរដ្ឋអាមេរិក កាលពី​ចុងខែ​កញ្ញា កន្លង​ទៅ​នេះ​។

តម្លៃ​ក្រៅផ្លូវការ សម្រាប់​ជួល​យន្តហោះ​ប្រភេទ​នេះ គឺ​ចាប់ពី​ចន្លោះ​ពី ២០,០០០ ដុល្លារ ដល់ ៧៣,០០០ ឬ ៧៤,០០០ ដុល្លារ ក្នុង​មួយ​ម៉ោង។ បើ​តាមការអះអាង​របស់​លោក ជុំ កុសល ដែលថា ត្រូវ​បង់​​ ​៧ម៉ឺន ដុល្លារ​ក្នុង​មួយម៉ោង សម្រាប់​ការហោះហើរ​ត្រង់ ពី​កម្ពុជា​ទៅ​អាមេរិក ដែល​សរុប ៣៤​ម៉ោង​នោះ គឺ​កម្ពុជា​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល ២,៤ លានដុល្លារ (២,៣៨០,០០០ ដុល្លារ) សម្រាប់​ថ្លៃ​ជួល​យន្តហោះ​មួយលើកនេះ ដោយមិនគិតទាំងថ្លៃ​ពន្ធព្រលានយន្តហោះ និង ថ្លៃចត​យន្តហោះនៅ​អាមេរិក ពេល លោក ហ៊ុន សែន កំពុង​ស្នាក់នៅទីនោះផងទេ។

ទោះជាយ៉ាងនេះក្តី លោក ជុំ កុសល ថ្លែងការពារ​ការចំណាយដ៏សន្ធឹកសន្ធាប់​បែបនេះ​ ដោយ​​អះអាង ថាទោះ​ត្រូ​វចំណាយ​ប៉ុនណា ក៏មិនត្រូវ​រាថយដែរ ព្រោះវាជាការចាំបាច់  <<អ៊‍ីចឹងការ​ចំណាយ​ថវិកា​ជាតិ​ត្រឹមប៉ុណ្ណឹង​ ដើម្បី​មេដឹកនាំ​ប្រទេស​មួយ​ទៅ​ចូលរួម​ប្រជុំ​ពិភពលោក ដើម្បី​ការពារ​សុវត្ថិភាព​ សឹងតែ​គណៈរដ្ឋ​មន្រ្តី​មួយ​ទាំង​មូល​ លើ​យន្ត​ហោះ​ រឿង​អី​រាជរដ្ឋាភិបាល​ មិន​ខ្លាច​ក្នុង​ការ​ចំណាយ​ថវិកាជាតិ>>

ចំណែក​លោក ហ៊ុន សែន វិញ បាន​ថ្លែង​សារ​ឌឺដង​ឡង​សម្ដី ឲ្យ​អ្នកដែលហ៊ាន​រិះគន់ រឿង​ថ្លៃ​ចំណាយ​លើ​ការ​ជួល​យន្ត​ហោះនេះ ដោយ​លោក​ធ្វើជាសួរ​សំណួរបែបចម្អក ថាបើមិន​ឲ្យ​លោក​ជួលហោះ តើ​ឲ្យ​លោក ទៅ​ចូលរួម​មហាសន្និបាតអង្គការសហប្រជាជាតិនោះ ដោយ​របៀបណាទៅវិញ? <<អានេះ​គិត​ឲ្យ​ឯង​ដើរ​ឬស្អី? ឲ្យ​ឯង​ហែល​ទឹក​ឬស្អី?>>

មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន ​ថែមទាំង​វាយប្រហា​រ​ អ្នករិះគន់​រឿង​ថ្លៃយន្ត​ហោះនោះ ថាសុទ្ធតែជាមនុស្ស​បក្ស​ប្រឆាំង ដែលលោកចោទ​ថា ជាមនុស្ស​ឧត្បាត និង សមតែ​លោកធ្វើ​ទុក្ខ​បុក​ម្នេញ​មែន <<បើវាចង្រៃយ៉ាង​ហ្នឹង​! វា​អ៊ីចឹង​ហើយ បានជា​ខ្ញុំ​និយាយ​ថា បើ​ពួក​អា​ចង្រៃ​នេះ​នៅ សង្គ្រាម​វា​នឹង​ផ្ទុះ ព្រោះ​វា​អាក្រក់​ពេក​! អាក្រក់​ហួសហេតុ​! អាក្រក់​ជូរ​ជាតិ។ បើ​វា​ចង្រៃ​ម្លឹងៗ វា​សមតែ​នឹង​ជាប់គុក​ហ្នឹង អា​ពួក​ហ្នឹង!>>

មន្រ្តីគណបក្ស​ប្រឆាំង ច្រានចោលការ​ចោទប្រកាន់របស់លោក​ ហ៊ុន សែន ដែល​ចោទ​គណបក្ស​ប្រឆាំង ថាបំផ្លើស​ព័ត៌មាន រឿង​ថ្លៃជួលយន្តហោះនេះ។ ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត ចាត់​ទុក​សារ​វាយប្រហារ​របស់​លោក ហ៊ុន សែន មក​លើ​គណបក្ស​សង្គ្រោះជាតិ រឿង​ថ្លៃ​ជួល​យន្តហោះ​ទំនើប​នោះ ថា​ ជាការលាបពណ៌អាក្រក់ មាន​ចរិត​កេង​ចំណេញ​នយោបាយ ក្នុង​ចេតនា​បន្ទាបបន្ថោក​តម្លៃ​គណបក្ស​ប្រឆាំង និង​ដើម្បី​ឲ្យ​មានការ​ភាន់ច្រឡំ ថា​គណបក្សប្រឆាំង ចេះតែ​ចោទ​របប​លោក ហ៊ុន សែន។

ប្រទេសកម្ពុជា នៅតែជាប្រទេសក្រីក្រមួយ​ ដែលប្រជាពលរដ្ឋ​ភាគ​ច្រើន រកប្រាក់បានជាមធ្យម​​ក្រោម ១,៩០ ដុល្លារ​ ក្នុង​មួយថ្ងៃ បើផ្អែកលើ​សន្ទស្សន៍សាកល​ពីភាព​ក្រីក្រ ពហុសមាសភាគ ឆ្នាំ ២០១៨ (Multidimensional Poverty Index ឬ MPI)។ ស្ថានភាព​ក្រីក្រទាំងនេះ គឺមកពីការខ្វះ​​ទឹកស្អាត ខ្វះ​អនាម័យ គ្មាន​អាហារូបត្ថម្ភគ្រប់គ្រាន់ មានបញ្ហា​សុខាភាព ឬ ខ្វះ​ការអប់រំកម្រិតបឋមជាដើម។ ជាពិសេស គឺពួកគាត់ ខ្វះ​ប្រាក់ចំណូល។

ក្នុងស្ថានភាព ដែលប្រទេសកម្ពុជា កំពុងស្ថិតក្នុងភាពក្រីក្របែបនេះ របប​លោក ហ៊ុន សែន រង​ការរិះគន់​ជាទូទៅ ថាចំណាយ​ថវិកាជាតិ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដោយ​ឥតប្រយោជន៍ ដើម្បី​គ្រាន់តែ​បញ្ជូន​មន្ត្រី​របស់​លោក​រាប់​សិប​នាក់ ហែហម​អម​ដំណើរ​លោក ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​ប្រទេស​ខ្លះ​បញ្ជូន​មនុស្ស​មិន​ដល់ ១០ នាក់​ផង និង​ចំណាយ​ប្រាក់​តិច​ជាង​កម្ពុជា​ឆ្ងាយ​ណាស់។ បន្ថែម​លើ​មន្ត្រី​គ្រាក់ៗ​ប្រមាណ ៤០​នាក់ ​ដែល​ធ្វើដំណើរ​តាម​ជើង​យន្តហោះ​ឯកជន​ជាមួយ​លោក នៅ​មាន​មន្ត្រី​របប​លោក​ជាច្រើន​នាក់​ផ្សេងទៀត ដែល​ត្រូវ​ធ្វើដំណើរ​តាម​ជើង​យន្តហោះ​ផ្សេង ទៅ​ចាំ​មុន ដើម្បី​រៀបចំ​ទទួល​ដំណើរ​របស់​លោក និង គណៈប្រតិភូ និង​ដើម្បី​ទៅ​ចូលរួម​បាតុកម្ម​គាំទ្រ​វត្តមាន​លោក នៅ​ទីក្រុង​ញូវយក។

របបនេះ ក៏រងការរិះគន់ ក្នុងការ​ចំណាយ​ពេលវេលា និង ថវិការដ្ឋខ្ជះខ្ជាយ ព្រោះ​លោក ហ៊ុន សែន ពេលទៅណាម្តងៗ មានមន្រ្តីហែហមយ៉ាងច្រើនសន្ធឹក ដែលត្រូវ​ចំណាយពេលអង្គុយកំដ​រ ការ​ថ្លែង​សុន្ទរកថា​លោក ហ៊ុន សែន ម្តងៗ​រាប់​ម៉ោង។ ដោយសារ​ការ​រិះគន់នេះ លោក ហ៊ុន សែន ធ្លាប់​បាន​ សន្យា កាលពីខែ មីនា ឆ្នាំ ២០១៣ ក្នុង​មហាសន្និបាតវិសាមញ្ញ​ នៅកោះពេជ្រ ថា​“មន្រ្តី​ជាន់​ខ្ពស់របស់បក្ស​លោក មិន​ចាំបាច់​អម​ដំណើរ​លោកច្រើនពេកទេ ព្រោះ​វា​គ្មាន​ប្រយោជន៍​សម្រាប់​ប្រជាជន ប៉ុន្តែ​ ផ្ទុយ​ទៅ​វិញ​វា​ចំណាយ​ពេល ​និង​ថវិកា​ច្រើន”។

ប៉ុន្តែ ចាប់តាំងពីពេលនោះមក រៀងរាល់ការ​រៀបចំ​វេទិកាសាធារណៈ ជាពិសេសពេលចុះជួប​កម្មករ​រោងចក្រ លោក ហ៊ុន សែន នៅតែ​បន្ត​យកមន្រ្តីហែហម​លោក យ៉ាង​ច្រើនសន្ធឹកដដែល។ ចំណែកឯការ ធ្វើដំណើរទៅក្រៅប្រទេសទៀតសោត ជាពិសេស​ដំណើរទៅ​មហាសន្និបាតអង្គការ​សហប្រជាជាតិ ដែល​មាន​តែរូប​លោកម្នាក់ឯង ប៉ុណ្ណោះ​ជាអ្នកថ្លែងសុន្ទរថាក៏ដោយ​ ក៏លោក​នាំមន្រ្តីហែហម ទៅជាមួយ​​ស្ទើរ​អស់​ពី​គណៈរដ្ឋមន្រ្តី។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថាលោក ហ៊ុន សែន គួរ​កាត់​បន្ថយ​ចំនួន​មន្រ្តី និង ការ​ចំណាយយ៉ាង​សន្ធឹក​របស់​រដ្ឋ ក្នុង​ការ​ធ្វើ​ដំណើរ​បែបនេះ ដើម្បីសន្សំ​ថវិកាជាតិផង និង ដើម្បី​ឲ្យ​ស្របតាម​អ្វីដែលលោក ហ៊ុន សែន ធ្លាប់​សន្យា​កាលពី​ឆ្នាំ ២០១៣ នោះផង <<ខ្ញុំ​ថា​ក្នុងករណី​ ដែល​មានការ​ធ្វើ​ដំណើរ​ដែល​មាន​តម្លៃ​ថ្លៃ ការ​កំណត់​ចំនួនមន្រ្តី​ហែហម ទៅ​​ចូលរួម​ហ្នឹង​ គួរតែការ​គិត​គូដែរ។ កន្លង​សម្តេច​ ហ៊ុន សែន ក៏គាត់​ធ្លាប់​លើក​ឡើង​ដែរ ការ​ហែហមច្រើនហ្នឹង ការ​ធ្វើ​បេសកកម្ម​ទៅក្រៅប្រទេសនោះ ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​ថវិការជាតិ​ដែរ>>

ទោះបីជាលោក ហ៊ុន សែន មិនចាំបាច់ដើរ ឬ ហែលទឹក ទើប​អាច​ទៅចូលរួមមហាសន្និបាត​នៅអង្គការ​សហប្រជាជាតិ​បាន​ក៏ដោយ ក៏កន្លងមកមន្រ្តីជាន់ខ្ពស់​របបនេះ អាចធ្វើដំណើរតាមជើងយន្តហោះ​ដឹកអ្នកដំណើរ​ធម្មតា ដែលអាចចំណាយថវិកា អស់តិចជាង​នេះ​ឆ្ងាយណាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កិច្ចប្រជុំកំពូល​មេគង្គ ជប៉ុន ពង្រីក​សេដ្ឋកិច្ច​របស់​ខ្លួន ប្រឆាំង​ឥទ្ធិពល​របស់​ចិន

$
0
0

មេដឹកនាំ​នៃ​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ ដែល​ចូលរួម​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ជប៉ុន លើក​ទី១០​ នៅ​ទីក្រុង​តូក្យូ នៅ​ថ្ងៃ​អង្គារ ទី៩ ខែ​តុលា ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបតិ្តការ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកប​ដោយ​គុណភាព​នៅ​ក្នុង​តំបន់។

សារពត៌មានជប៉ុន The JapanTimes ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ក្រោយ​កិច្ច​ប្រជុំ​កំពូល​នេះ ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ បាន​ចេញ​សេចក្តីថ្លែង​ការណ៍​រួម​មួយ ដោយ​ព្រមព្រៀង​គ្នា​ថា ប្រទេស​នីមួយៗ នឹង​ទទួល​បាន​ផល​ប្រយោជន៍​ទាំង​អស់​គ្នា ក្នុង​គំម្រោង​ទ្វេ​ភាគី ជាង ១៦ និង​គំម្រោង​រួម​ផ្សេងៗ ទៀត ជាង ១០០គំម្រោង នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ និង​ជប៉ុន​នេះ។

គោលបំណងសំខាន់នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ជប៉ុន​នេះ គឺ​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍន៍​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន និង​ជំរុញ​សមាហរណកម្ម​អាស៊ាន។ បន្ថែម​ពី​នេះ កិច្ច​សហប្រតិបត្តិការ​នេះ មាន​គោលដៅ​ចម្បង​មួយ​ទៀត ក្នុង​ការ​សម្រេច​កំណើន​សេដ្ឋកិច្ច​ដោយ​ចីរភាព ដោយ​គិតគូរ​អំពី​បរិស្ថាន សុខភាព ព្រម​ទាំង​ធានា​សន្តិភាព និង​ស្ថេរភាព​ជា​និរន្តរ៍ នៅ​ក្នុង​តំបន់។

លោក​នាយករដ្ឋមន្ត្រី​ជប៉ុន សិនហ្សូ អាបេ (Shinzo Abe) បាន​ថ្លែង​ក្នុង​សន្និសីទ​សារពត៌មាន​នៅ​ថ្ងៃ​នេះ​ថា ក្រុមហ៊ុន​ជប៉ុន បាន​វិនិយោគ​ទឹក​ប្រាក់​ចំនួន​ជាង ២ទ្រីលាន​យេន ឬ​ស្មើ​នឹង​ជាង ១៨ ប៊ីលាន​ដុល្លារ​អាមេរិក ក្នុង​រយៈ​ពេល ៣ឆ្នាំ​កន្លង​មក​នេះ នៅ​តំបន់​មេគង្គ ដែល​ចំនួន​នេះ​លើស​ពី​ការ​គ្រោង​ទុក។ លោក​បន្ត​ថា ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ជប៉ុន និង​សម្រួល​ដល់​ក្រុមហ៊ុន​វិយោគ​ឯកជន​ទាំង​នេះ រដ្ឋាភិបាល​ជប៉ុន នឹង​ប្រើប្រាស់​ថវិកា​ជាតិ រួមទាំង​ប្រាក់​កម្ចី​ផង ដល់​ប្រទេស​ទាំង​នោះ ដែល​មាន​ការ​ប្រាក់​ទាប។

ទាក់ទងនឹងកម្ចីការ​ប្រាក់​ទាប​នេះ លោក ស៊ិនហ្សូ អាបេ ក៏​បាន​សន្យា​ជាមួយ​លោក ហ៊ុន សែន ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ចន្ទ ទី​៨ ខែតុលា​ថា ជប៉ុន​នឹង​ផ្តល់​ប្រាក់​កម្ចី​ចំនួន​ដល់​ទៅ​ជាង ៣ពាន់​ប៊ីលាន​យ៉េន ឬ​ស្មើ​ជាង ៣១លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​ជួសជុល​ ​និង​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ជុំវិញ​បឹង​ទន្លេ​សាប។

ប្រភពដដែលបន្តថា កិច្ច​ព្រមព្រៀង​មេគង្គ​-ជប៉ុន ឆ្នាំ២០១៨ នេះ ជប៉ុន​ហាក់​បី​ដូច​ជា​ព្យាយាម ពង្រីក​វិស័យ​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ដើម្បី​ទប់ទល់​នឹង​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​របស់​ប្រទេស​ចិន។ ជប៉ុន​បាន​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ខ្លួន​យ៉ាង​ខ្លាំង ចំពោះ​ប្រទេស​ក្នុង​តំបន់​មេគង្គ ដោយ​បង្ហាញ​ពី​គោល​នយោបាយ ឥណ្ឌូ-ប៉ាស៊ីហ្វីក សេរី និង​បើក​ចំហ។ ក្រុមហ៊ុន​ជប៉ុន​ជា​ច្រើន​មាន​ជំនឿ​ថា ក្រៅ​តែ​ពី​ការ​ពង្រីក​ទីផ្សារ​ក្នុង​តំបន់ ក្រុមហ៊ុន​ជប៉ុន​រំពឹង​ថា នឹង​បង្កើត​រោងចក្រ​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ចិន។

កិច្ច​ប្រជុំ​កំពូល​នេះ​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន ហ៊្សូអាបេ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​នាយករដ្ឋមន្ត្រី​មក​ពី​តំបន់​មេគង្គ រួមមាន កម្ពុជា ឡាវ វៀតណាម មីយ៉ានម៉ា និង​ថៃ។

កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ប្រព្រឹត្ត​ទៅ​ជា​រៀង​រាល់​ឆ្នាំ ហើយ​កិច្ច​ប្រជុំ​នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ចំនួន ៩ដង ចាប់​តាំង​ពី​ឆ្នាំ២០០៩ មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សារអ្នកនយោបាយថ្ងៃភ្ជុំបិណ្ឌ

$
0
0

អ្នកនយោបាយទាំង​មេ​បក្ស​កាន់​អំណាច និង​អតីត​មេ​បក្ស​ប្រឆាំង បាន​ឆ្លៀត​ផ្ញើសារនយោបាយ​ទៅ​កាន់​អ្នក​គាំ​ទ្រ​របស់​ខ្លួន ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ឬ​ថ្ងៃ​ភ្ជុំ​ធំ ដោយ​មាន​អត្ថន័យ​ផ្សេងៗ គ្នាពួក​គេ​បាន​ព្យា​យាម​មិន​ប្រើ​ពាក្យ​សម្តី​ហិង្សា និង​ភាសា​គំរាមកំហែង​គ្នា​​នៅ​ថ្ងៃ​នេះ​ដែរប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​ចង់​ឃើញ​អ្នកនយោបាយ​យកឱកាស​នេះ​មក​ចរចា​គ្នា ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​ទាំង​មូល។

មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បាន​បង្ហោះ​សារ​ពី​ប្រទេស​ជប៉ុន ​ខណៈ​លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីនោះដោយរៀបរាប់ថាឆ្នាំនេះលោកគ្មានវត្ត​មាន​នៅ​ក្នុងប្រទេស​ដើម្បីចូល​រួម​បុណ្យ​ភ្ជុំ​បិណ្ឌ​ជាមួយ​ប្រជាពលរដ្ឋខ្មែរនិងគ្រួសាររបស់លោក​ នោះ​ទេ។ លោក ហ៊ុន សែន អះអាង​ថា ភ្ជុំបិណ្ឌឆ្នាំនេះលោកបានផ្តល់​កាដូពីរដល់​ពលរដ្ឋជាពិ​សេសគឺ​កម្មក​រោងចក្រ ដោយ​បាន​បញ្ចេញ​ឡាន​ក្រុង​សាធារណៈប្រមាណ២០០គ្រឿងរបស់ សាលាក្រុង​ភ្នំពេញ​ដឹកពលរដ្ឋមិនគិតលុយ​អំឡុង​បុណ្យភ្ជុំបិណ្ឌនេះ និងការរៀបចំឲ្យកម្មករ​រោងចក្រ​ទទួលបាន​ប្រាក់ឈ្នួល​ច្រើន​ជាង​ឆ្នាំមុន រួម​ទាំង​បើកប្រាក់​ខែ​កន្លះ​ខែម្តងជូន​ដល់​កម្មករ។

ចំណែកអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ក៏​បាន​ថ្លែងពី​ប្រទេស​បារាំង ដោយ​លោក​រម្លឹកថា ថ្ងៃភ្ជុំបិណ្ឌនេះ​ក្រៅ​ពី​នឹក​គុណ​មាតាបិតា ញាតិការ​ប្រាំពីរ​សន្តាន គឺ​មិន​ត្រូវ​ភ្លេច​នឹក​គុណ​ដល់​វីរបុរស​មួយ​ចំនួន ដែល​បាន​បូជា​ជីវិត​រហូត​ត្រូវ​ឃាតកបាញ់​សម្លាប់ មាន​ដូច​ជា​លោក បណ្ឌិត កែម ឡី លោក ឈុត វុទ្ធី លោក ជា វិជ្ជា និង​ព្រះតេជព្រះគុណ សំ ប៊ុន ធឿន ជាដើម។ លោក សម រង្ស៊ី បន្តថា អ្នក​មាន​គុណ​ចំពោះ​ប្រជាជាតិ​ទាំង​នេះ​ជា​អ្នក​បណ្តុះ ស្មារតី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្នេហា​ជាតិ ការពារ​ជាតិ​មាតុភូមិ៖ «សូមបុណ្យកុសល្យដល់អ្នកមាន​គុណ​ចំពោះ​យើង ចំពោះ​ប្រទេស​ជាតិរបស់​យើង ហើយ​សូម​ឲ្យ​លោក​ជួយ​លើក​ទឹក​ចិត្ត​ជួយ​ថែ​រក្សា​អ្នក​ស្នេហា​ជាតិ​ក្នុង​គោល​បំណង​តែ​មួយ​គត់​ឲ្យ​ជាតិ​យើង​បាន​គង់វង្ស»

ដោយឡែកប្រធានគណបក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​របប​ក្រុង​ភ្នំពេញ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​មិន​បាន​បង្ហាញ​សារ​អ្វី​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​នោះ​ទេ

សមាជិកអ្នកវិភាគនយោបាយវ័យក្មេងលោក បុង ដែត យល់​ថា សារ​ជូន​ពរ​របស់​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ថ្ងៃ​ភ្ជុំ​បិណ្ឌ​នោះ គ្រាន់​តែ​ជា​សារ​នយោបាយដែល​អ្នក​ទាំងពីរ​ចង់​ចំណេញ​នយោបាយ​រៀងៗ ខ្លួន​ប៉ុណ្ណោះអ្នក​វិភាគ​វ័យ​ក្មេង​រូប​នេះ ចង់​ឃើញ​អ្នក​នយោបាយ​ជើង​ចាស់​ទាំងពីរ​យក​ថ្ងៃ​ពិសេស​នេះ​មក​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​ទើប​ជា​រឿង​ល្អ និង​ធ្វើ​ឲ្យ ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​សប្បាយ​រីក​រាយ​ពិត​ប្រាកដ៖ «បុគ្គល​ទាំង​ពីរ​នេះ​ដែល​ជា​អ្នក​នាំ​ផ្លូវ​ជាតិ​នេះ​គួរ​តែ​ចូល​តុ​ចរចា ដើម្បី​ឲ្យ​ជាតិ​យើង​ឈ្នះ។ ការ​ចូល​តុ​ចរចា គឺ​បុណ្យ​គុណ​ធំ​ដ៏​ក្រៃលែង»

ពលរដ្ឋទូទាំងប្រទេសកំពុងជួបជុំបងប្អូនសាច់ញាតិរបស់ពួកគេក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែល​ភាគ​ច្រើន​ពួក​គេ​ចាក​ចេញ​ពី​ក្រុង​ភ្នំពេញ​ទៅ​ជួប​សាច់​ញាតិ​នៅ​ស្រុក​កំណើត​តាម​បណ្តា​ខេត្ត​រៀងៗ ខ្លួន ហើយ​អ្នក​ខ្លះ​ក៏​នាំ​គ្នា​ដើរ​កម្សាន្ត​ទៅ​តំបន់​ទេសចរណ៍​នានា

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​នៅ​រក្សា​ប្រពៃណី​​យក​បាយ​សម្ល​ទៅ​វត្ត​ធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ​យ៉ាង​ច្រើន​កុះករ

$
0
0

នៅ​​តាម​ទី​វត្ត​អារាម​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ គឺ​ប្រជាពលរដ្ឋ​ដែល​កាន់​ព្រះពុទ្ធសាសនា​ នៅ​តែ​រក្សា​ប្រពៃណី​​យក​បាយ​ម្ហូប​និង​នំចំណី​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ទីវត្ត​យ៉ាង​ច្រើន​កុះករ។ ពួកគាត់​លើក​ឡើង​ថា ការ​ធ្វើ​បុណ្យ​នេះ​ ដោយសារ​ជា​ទំនៀមទម្លាប់​របស់​ខ្មែរ ដែល​ធ្វើ​តៗគ្នា​ជា​យូរលង់​ណាស់​មក​ហើយ និង​ដើម្បី​ឧទ្ទិស​កុសល​ផលបុណ្យ​ដល់​បុព្វការី​ជន ដែល​បាន​ចែក ឋាន​ទៅ​កាន់​លោក​ខាង​មុខ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ទៅ​ទៅ​វត្ត​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ លើក​ឡើង​ថា ​ក្នុង​មួយ​ឆ្នាំ​មាន​តែ​ម្ដង​ ដូច្នេះ​ថ្វី​បើ​ជីវភាព​ពួកគាត់​ក្រីក្រ​ តែ​ពួកគាត់​សប្បាយ​ចិត្ត​នៅ​ពេល​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ទីវត្ត។

ពលរដ្ឋ​​រស់​នៅ​ឃុំ​ប្រាសាទ​ ស្រុក​ព្រះនេត្រព្រះ​ លោក ឡត​ កែវ​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩​តុលា​ថា ​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​ លោក ​និង​ក្រុម​គ្រួសារ​ បាន​យក​បាយ​ម្ហូប​ និង​នំ​អន្សម​មួយ​ចំនួន​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ទន្លាប់ ឃុំ​ប្រាសាទ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ជីដូនជីតា​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ។ ពុទ្ធបរិស័ទ​រូប​នេះ​បន្ថែម​ទៀត​ថា បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ​នៅ​ទីវត្ត​ដែល​លោក​ទៅ​ធ្វើ​បុណ្យ​ គឺ​មាន​ប្រជាពលរដ្ឋ​ប្រហែល​២ពាន់​នាក់ (.០០០) ហើយ​អ្នក​ដែល​ទៅ​វត្ត​មាន​បាយ​សម្ល​នំចំណី​សម្រាប់​ប្រគេន​ព្រះសង្ឃ​រៀងខ្លួន៖ «នៅ​វត្ត​ដែល​ខ្ញុំ​រស់​នៅ​ពលរដ្ឋ​ស្លៀកពាក់​សមរម្យ​បាន​ល្អ​ ដោយ​មាន​ស្លៀក​ពាក់​បូរាណ​ខ្លះ​និង​សម័យ​ថ្មី​ខ្លះ​ តែ​មិន​ឆើតឆាយ​ពេក​ទេ​ ហើយ​ខ្ញុំ​បាន​ឧទ្ទិស​ឲ្យ​ពុក​របស់​ខ្ញុំ និង​យាយតា​ខ្ញុំ​ទាំង​អស់​ សុំ​ឲ្យ​កុសល​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ទៅ​ពួកគាត់​ទាំង​អស់​គ្នា»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​នៅ​សង្កាត់​ផ្សារ​កណ្ដាល​ក្រុង​ប៉ោយប៉ែត​ឯ​ណោះ​វិញ គឺ​លោក វន វ័ន្ត​ អះអាង​ថា វត្ត​នៅ​ព្រំដែន​ជាប់​ប្រទេស​ថៃ​ដែល​លោក​ទៅ​ធ្វើ​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ​ គឺ​មាន​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​កុះករ ហើយ​ពិបាក​រក​កន្លែង​ចត​ឡាន់​និង​ម៉ូតូ​ស្ទើរ​តែ​មិន​បាន​ ព្រោះ​ជា​តំបន់​ទី​ប្រជុំ​ជន។ ពលរដ្ឋ​រូប​នេះ​បន្ថែម​ទៀត​ថា ការ​​ធ្វើ​បុណ្យ​នេះ​លោក​បាន​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​ដួង​វិញ្ញាណ​ក្ខន្ធ​​បុព្វការី​ជន​ផង​ និង​ឧទ្ទិស​ជូន​ដល់​អ្នក​ ដែល​ស្លាប់​ដោយសារ​ស្នេហា​ជាតិ​ ដូច​ជា លោក បណ្ឌិត កែម ឡី លោក ជា វិជ្ជា លោក ឈុត វុទ្ធី និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ឲ្យ​ទៅ​កាន់​សុគតិភព៖ «ដើម្បី​ឲ្យ​ពួកគាត់​បាន​ហូប​ចុក​សប្បាយ​ដែរ​ ហើយ​ខ្ញុំ​បាន​ធ្វើ​ម្ហូប​ឆា​មី​ស៊ួ និង​ឆា​តាំង​ហ៊ុន​ជា​ដើម​ ហើយ​ក៏​មាន​នំអន្សម​ខ្លះ​ដែរ​។ចំពោះ​ខ្ញុំ​ពេល​ធ្វើ​បុណ្យ​នេះ​ខ្ញុំ​សប្បាយ​ចិត្ត​ តែ​ក្រោយ​ពី​រួច​បុណ្យ​ខ្ញុំ​នៅ​តែ​កើត​ទុក្ខ​ដដែល​ព្រោះ​ខ្ញុំ​ក្រីក្រ​ ហើយ​គ្មាន​របរ​ច្បាស់​សម្រាប់​រក​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​ទេ»

ចំណែក​ព្រះ​អនុគណស្រុក​ស្វាយ​ចេក ព្រះ​តេជគុណ រៀម សុគន្ធ មាន​ថេរ​ដីកា​ថា​ ការ​ធ្វើ​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ​នៅ​វត្ត​ថ្មី​ឃុំ​ស្វាយចេក​ដែល​ព្រះ​អង្គ​គង់​នៅ គឺ​ពុទ្ធបរិស័ទ​នៅ​តែ​រក្សា​ប្រពៃណី​ការ​​យក​ចង្ហាន់​និង​ទ័យ​ទាន​ទៅ​ប្រគេន​ព្រះសង្ឃ​យ៉ាង​ច្រើន​កុះករ​មិន​ខុស​ពី​ឆ្នាំ​មុន​នោះ​ទេ។ ចំណែក​ឯ​ទិដ្ឋភាព​ជា​រួម​វិញ​ព្រះ​តេជ​គុណ​ មាន​ថេរ​ដីកា​​ថា បុណ្យ​ភ្ជុំ​បិណ្ឌ​​ឆ្នាំ​នេះ​នៅ​ស្រុក​ស្វាយ​ចេក​ ​ពុទ្ធបរិស័ទ​ទៅ​ធ្វើ​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ ហើយ​ពួកគាត់​នៅ​រក្សា​ប្រពៃណី​ធ្វើ​បុណ្យ​ដាក់​បាត និង​អុជ​ធូប​ឧទ្ទិស​កុសល​បុណ្យ​តាម​ទំនៀមទម្លាប់​ខ្មែរ​បាន​យ៉ាង​ល្អ«ការ​ធ្វើ​បុណ្យ​នេះ​​មាន​កន្លែង​ខ្លះ​ បាន​បាត់បង់​ពុទ្ធបរិស័ទ​ខ្លះ​ដែរ​ ព្រោះ​មាន​សាសនា​​នានា​ហូរ​ចូល​មក​ច្រើន ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​បែកខ្ញែក​ខ្លះ​ទៅ​ តែ​មួយ​ចំនួន​ធំ​គាត់​នៅ​រក្សា​ប្រពៃណី​បាន​ល្អ​ ដោយ​មុន​ភ្ជុំ​ពួកគាត់​បាន​និមន្ត​ព្រះសង្ឃ​ទៅ​បង្សុកូល​តាម​ផ្ទះ​អី​ដែរ​ ហើយ​ដល់​ថ្ងៃ​ភ្ជុំ​ធំ​គាត់​ក៏​អញ្ជើញ​មក​វត្ត»

អ្នក​ជំនាញ​ខាង​ព្រះពុទ្ធសាសនា​ ព្រះ​គ្រូ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល​ខ្ចាស់ ​ស្រុក​ព្រះនេត្រព្រះ​​ ព្រះ​តេជគុណ ចាន់ សុជន មាន​ថេរ​ដីកា​ថា​ អ្នក​ដែល​ធ្វើ​បុណ្យ​នេះ​ទទួល​បាន​អានិសង្ស​ ២យ៉ាង ទី​មួយ​បាន​សាង​គុណធម៌​ផ្ទាល់​ខ្លួន​របស់​អ្នក​នៅ​រស់​ ដោយ​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​នាំ​គ្នា​ធ្វើ​អំពើ​ល្អ​ក្នុង​ឱកាស​បុណ្យ​នេះ​ និង​មួយ​ទៀត​គឺ​ជា​រឿង​ត​ពី​ដូនតា​មក ដើម្បី​ជា​ការ​ធ្វើ​បុណ្យ​​រំលឹក​ដល់​វិញ្ញាណ​ក្ខន្ធ​ជីដូន​តា​ដែល​បាន​ចែកឋាន​ហើយ​ ដើម្បី​ឲ្យ​ពួកគាត់​បាន​ទៅ​កាន់​ទី​ដ៏​ខ្ពង់ខ្ពស់«នេះ​ជា​រឿង​សំខាន់​ហើយ​អាត្មា​គិត​ថា​ផលានិសង្ស ដែល​ប្រជាពលរដ្ឋ​បាន​ធ្វើ​នឹង​ គឺ​តែង​នាំ​មក​នូវ​សេចក្ដី​សុខ​សេចក្ដី​ចំរើន ហើយ​ជាង​នេះ​ទៀត​គឺ​បាន​ចំណែក​ទៅ​ដល់​អ្នក​ដែល​ស្លាប់»

ក្រោយ​ពី​ធ្វើ​បុណ្យ​នៅទី​វត្តពេល​ព្រឹក​ហើយ​​ពេល​រសៀល​ពលរដ្ឋ​ខ្លះ​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​ និង​​ខ្លះ​បាន​នាំ​គ្នា​ទៅ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ដូច នៅ​អាង​ត្រពាំង​ថ្ម ក្នុង​ស្រុក​ស្វាយ​ចេក​ ប្រាសាទ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ជា​ដើម​ ចំណែក​ពលករ​ខ្មែរ ដែល​បាន​មក​ពី​ប្រទេស​ថៃ ក៏​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​វិញ​បណ្ដើរ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជាង ៥​ពាន់​នាក់ មក​ពី​បណ្តា​ខេត្ត​មួយ​ចំនួន​នឹង​លើក​គ្នា​មក​តវ៉ា​នៅ​ភ្នំពេញ​ក្រោយ​បុណ្យ​ភ្ជុំ​បិណ្ឌ

$
0
0

ពលរដ្ឋមានបញ្ហាដីធ្លីខេត្តព្រះសីហនុនិងខេត្តផ្សេងទៀត ដែលមានបញ្ហា​ដីធ្លីគ្រោង​លើក​គ្នា​ជាង ៥.០០០នាក់ មក​តវ៉ា​ទាមទារ​នៅ​ក្រុង​ភ្នំពេញ ក្រោយ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​ពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់ ៤បួន​រូប ដែល​តុលាការ​ខេត្ត​ព្រះសីហុន បាន​កាត់​ទោស។

គម្រោងនៃការលើកគ្នាមកទាមទាររកយុត្តិធម៌ជូនដល់ពលរដ្ឋសហគមន៍អូរខ្សាច់ទាំង​បួន​រូប​ព្រោះ​ក្រុម​ពលរដ្ឋ​ទាំង ១៣សហគមន៍​ក្នុង​ខេត្ត​ព្រះសីហនុ​យល់​ថា តុលាការ​ខេត្ត​នេះ កាត់​ក្តី​មិន​ត្រឹមត្រូវ និង​អយុត្តធម៌ ចំពោះ​ពលរដ្ឋ​ក្រីក្រ។

តំណាងពលរដ្ឋមានបញ្ហាដីធ្លីនៅខេត្តព្រះសីហនុ លោក ស៊ុន សុផាត ឲ្យអាស៊ីសេរីដឹង នៅថ្ងៃទី៩ តុលា​ថា គោលដៅ​ទី​មួយ ដែល​ពលរដ្ឋ​ទៅ​ទាមទារ គឺ​សាលាឧទ្ធរណ៍ ដើម្បី​ឲ្យ​តុលាការ​ជាន់​ខ្ពស់​​មួយ​នេះ​បដិសេធ​សាលក្រម​របស់​តុលាការ​ខេត្ត​ព្រះសីហនុ​កន្លង​ទៅ។ លោក​បន្ត​ទៀត​ថា ក្រុម​ពលរដ្ឋ​ក៏​គ្រោង​ហែ​ក្បួន​ទៅ​តវ៉ា និង​ដាក់​ញត្តិ​នៅ​ក្រសួង​កសិកម្ម និង​ក្រសួង​ដែន​ដី ដែល​ជា​ក្រសួង​ពាក់ព័ន្ធ និង​សំណុំ​រឿង​បញ្ហា​ដីធ្លី​នេះ៖ «ខ្ញុំ​សង្ឃឹម​ថា សាលាឧទ្ធរណ៍​នឹង​ស្តាប់​តាម​ការ​ទាមទារ​ព្រោះ​មាន​មនុស្ស​ច្រើន ដោយសារ​ភាគ​ច្រើន​សាលាឧទ្ធរណ៍​គេ​កាត់​ក្តី​បុគ្គល​ទេ ប៉ុន្តែ​បើ​មាន​ពាក់ព័ន្ធ​សហគមន៍​ដែល​មាន​រឿង​អយុត្តិធម៌​អ៊ីចឹង​ប្រហែល​ជា​មាន​សង្ឃឹម»

ចំណែក​មេធាវីម្នាក់ដែលការពារក្តីឲ្យសហគមន៍អូរខ្សាច់លោកមេធាវី ពុធ ធាវី ឲ្យ​ដឹង​ដែរ​ថា ក្រុម​មេធាវី​នឹង​ប្តឹង​ជំទាស់​សេចក្តី​សម្រេច​របស់​តុលាការ​ខេត្ត​ព្រះសីហនុ​មក​សាលាឧទ្ធរណ៍។

កាល​ពី​ថ្ងៃ​ទី៣ ខែ​តុលា​កន្លង​ទៅ តុលាការ​ខេត្ត​ព្រះសីហនុ​សម្រេច​ដាក់​ទោស​ប្រជា​សហមន៍​បួន​នាក់ ឲ្យ​ម្នាក់ៗ ជាប់​ពន្ធនាគារ​មួយ​​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ២០​លាន​រៀល។ ប៉ុន្តែ តុលាការ​ឲ្យ​ពលរដ្ឋ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល ៧ខែ ទោស​នៅ​សល់​បី​ខែ​ទៀត ត្រូវ​ព្យួរ។ ដូច្នេះ ពលរដ្ឋ​ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ជិត ៥ខែ​មក​ហើយ​នោះ នឹង​ត្រូវ​បន្ត​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ជាង ២ខែ​ទៀត។ ដើម​បណ្តឹង​ឈ្មោះ តាន់ តាត់ មាន​ងារ​ជា​ឧកញ៉ា និង​ឈ្មួញ​រកស៊ី​ដីធ្លី​ម្នាក់​ទៀត​ឈ្មោះ ឡុញ វណ្ណៈ ជា​អ្នក​បណ្តឹង​ពលរដ្ឋ។

ពលរដ្ឋរងការចោទប្រកាន់ម្នាក់លោកស្រី ឡុច ទូច បាន​ស្រែក​ទ្រហោ​យំ​ក្រោយ​តុលាការ​ចេញ​សាលដីការ​កាត់​ទោស កាល​ពី​ថ្ងៃ​ទី៣ ខែ​តុលា​ថា នេះ​ជា​ទង្វើ​អយុត្តិធម៌​ចំពោះ​លោក ស្រី។ លោកស្រី​ស្នើសុំ​ឲ្យ​ក្រុម​ពលរដ្ឋ​ជួយ​រក​យុត្តិធម៌​ជូន​លោកស្រី​នៅ​ក្រុង​ភ្នំពេញ​បន្ត​ទៀត៖ «សុខ​ចិត្ត​ទៅ​ភ្នំពេញ​យក​គ្នា​ប្រាំ​ពាន់​នាក់​ទៅ យើង​ទៅ​ភ្នំពេញ​ទាំង​អស់​គ្នា»

អ្នក​សម្របសម្រួល​នៃ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ក្នុង​ខេត្ត​ព្រះសីហនុ លោក ញិល ភាព ដែល​តាម​ដាន​ដំណើរ​រឿង​នេះ​យល់​ថា ការ​សម្រេច​ក្តី​របស់​តុលាការ គឺ​មិន​យុត្តិធម៌​ដែរ៖ «គឺ​ជា​រឿង​អយុត្តិធម៌​បំផុត​តុលាការ​គ្មាន​យុត្តិធម៌​ទេ ពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​ពិត​ប្រាកដ​តាំង​ពី​ឆ្នាំ១៩៩២ មក បែរ​ជា​ត្រូវ​ជាប់​គុក និង​ត្រូវ​បង់​ផាក​ពិន័យ»

សង្គមស៊ីវិល​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​តាមដាន​ដំណើរ​រឿង​នេះ​សង្កេត​ឃើញ​ថា ករណី​ជម្លោះ​ដីធ្លី​នេះ​ គឺ​ជា​ការ​រំលោភ​ដីធ្លី​មក​លើ​ក្រុម​ពលរដ្ឋ​ជា​ប្រព័ន្ធពី​សំណាក់​ឈ្មួញ​មាន​លុយ និង​មន្ត្រី​មាន​អំណាច ហើយ​ពួក​គេ​ប្រើ​ឥទ្ធិពល​មក​លើ​ប្រព័ន្ធ​តុលាការ។ ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន សហគមន៍​អូរ​ខ្សាច់​អះអាង​ថា ការ​ដែល​ភាគី​ដើម​បណ្តឹង​មាន​ប្លង់​កម្មសិទ្ធិ​លើ​ដីធ្លី​លើ​ដី​មាន​ជម្លោះ​នេះ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ ព្រោះ​ដី​តំបន់​នេះ​ជា​ដី​គម្រប​ព្រៃ​ឈើ ដែល​អាជ្ញាធរ មិន​អាច​ចេញ​ប្លង់​កម្មសិទ្ធិ​បាន​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ពលរដ្ឋ និង​សង្គម​ស៊ីវិល​ថា មិន​សូវ​ឃើញ​មាន​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ​នា​រដូវ​បុណ្យ​ភ្ជុំ

$
0
0

ពលរដ្ឋនិងសង្គមស៊ីវិលសង្កេតឃើញថា នារដូវ​បុណ្យភ្ជុំបិណ្ឌ​ឆ្នាំ​នេះមិនសូវឃើញមានភ្ញៀវ​ទេសចរណ៍​ទៅលេងកម្សាន្តនៅ​ខេត្តព្រះសីហនុដូចរាល់ឆ្នាំនោះ ទេ។

ភ្ញៀវទេសចរណ៍ដែលធ្លាប់នាំគ្នាសម្រុកទៅលេងកម្សាន្តនៅខេត្តព្រះសីហនុនារដូវភ្ជុំ​បិណ្ឌ ប្រែ​ប្តូរ​ទី​កម្សាន្ត​របស់​ខ្លួន ហើយ​ខេត្ត​ដែល​ជាប់​ឈ្មោះ​ថា មាន​ឆ្នេរ​សមុទ្រ​ស្អាត​ច្រើន​នេះ​ក៏​បាន​ប្រែ​ជា​ស្ងប់ស្ងាត់​ខុស​ពី​ឆ្នាំ​មុនៗ។

អវត្តមាន​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​នៅ​ខេត្ត​ព្រះសីហនុ​នេះ ខណៈ​ខេត្ត​ទេសចរណ៍​មួយ​នេះ កំពុង​ពោរពេញ​ទៅ​ដោយ​វត្តមាន​ជនជាតិ​ចិន​រាប់​ម៉ឺន​នាក់​ស្នាក់​នៅ និង​រក​ស៊ី​នៅ ក្នុង​ខេត្ត​នេះ។

សកម្មជនបរិស្ថាន​លោក មួង សូនី ឲ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី៩ ខែ​តុលា​ថា លោក​បាន​ទៅ​មើល​ឆ្នេរ​មួយ​ចំនួន ដូច​ជា ឆ្នេរ​អូរ​ឈើ​ទាល ឆ្នេរ​អូរត្រេះ ឆ្នេរ​សុខា និង​ឆ្នេរ​ឯករាជ្យ ដែល​ធ្លាប់​មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​លេង​កម្សាន្ត​បែរ​ជា​មិន​សូវ​ឃើញ​មាន​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​នោះ​ទេ។ លោក​បន្ត​ថា ឆ្នេរ​ដែល​គ្មាន​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​នោះ គឺ​សម្បូរ​ទៅ​ដោយ​សំរាម និង​ការ​ចាក់​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ៖ «លោក មួង សូនី សង្កេតឃើញថា ខេត្តព្រះសីហនុសព្វថ្ងៃសម្បូរទៅដោយជនជាតិចិន ហាង​លក់​ទំនិញ​របស់​ចិន និង​កាស៊ីណូ»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្កេត​ឃើញ​ដែរ​ថា បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​ខេត្ត​ព្រះសីហនុ​មិន​សូវ​មាន​ភ្ញៀវ​ទេសចរណ៍​មក​លេង​កម្សាន្ត​នោះ​ទេ។ មន្រ្តី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា បញ្ហា​ដែល​មិន​សូវ​មាន​ភ្ញៀវ​ទេសចរណ៍​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​ដោយសារ​បញ្ហា​តម្លៃ​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ឡើង​ថ្លៃ​ខ្លាំង បញ្ហា​សំរាម​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​សំរាម​នៅ​តាម​ឆ្នេរ​មួយ​ចំនួន៖ «»

អ្នកស្រី ជៀប សុធារី កត់សម្គាល់ទៀតថា សព្វថ្ងៃ​នេះ​មិន​សូវ​មាន​ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ស្នាក់​នៅ​ទេ ព្រោះ​ជន​ជាតិ​បាន​ជួល​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ នៅ​ខេត្ត​នេះ​ស្ទើរ​អស់​ទៅ​ហើយ៖ «»

អាស៊ីសេរីមិនអាចសុំការបំភ្លឺពីអភិបាលខេត្តព្រះសីហនុលោក យន្ត ម៉ីន បាន​ទេ​នៅ​ថ្ងៃ​ទី៩ ខែ​តុលា ដោយ​ទូរសព្ទ​លោក​រោទ៍​គ្មាន​អ្នក​ទទួល។ ទាក់ទង​វត្តមាន​ជនជាតិ​ចិន​នេះ ក្រសួង​មហា​ផ្ទៃ​មហាផ្ទៃ​បង្ហាញ​ថា ខេត្ត​ព្រះសីហនុ​សព្វ​ថ្ងៃ​មាន​ជនជាតិ​ជាង ១០ម៉ឺន​នាក់​កំពុង​ស្នាក់​នៅ និង​រកស៊ី​នៅ​ក្នុង​ខេត្ត​នេះ។

ទាក់ទង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​ពលរដ្ឋ​ខ្មែរ​នា​រដូវ​ភ្ជុំ​នេះ​គេ​សង្កេត​ឃើញ​ថា ភ្ញៀវ​ទេសចរណ៍​បាន​ប្តូរ​ទីតាំង​ដើរ​កម្សាន្ត​ពី​ទិសនិរតី​ទៅ​ដើរ​កម្សាន្ត​នៅ​ខេត្ត​ភាគ​ឥសាន្ត និង​ភាគ​ឧត្ដរ មាន​ដូច​ជា ខេត្ត​សៀមរាប និង​ខេត្ត​កំពត​ជំនួស​វិញ។ ចំណែក​ពលរដ្ឋ​ខ្លះ​បាន​សរសេរ​នៅ​ហ្វេសប៊ុក​ថា “សង​ខេត្ត​ព្រះសីហនុ​មក​ខ្មែរ​វិញ”៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អភិបាល​ខេត្ត​ព្រះសីហនុ​ដើរ​រើស​សំរាម​តាម​ឆ្នេរ​ក្រោយ​ពលរដ្ឋ​រិះគន់

$
0
0

ក្រោយពេលពលរដ្ឋរិះគន់បញ្ហា​សំរាម​ពាស​ពេញ​ឆ្នេរ​នៅ​តាម​មាត់​សមុទ្រ​ខេត្ត​ព្រះសីហនុ អភិបាល​ខេត្ត​នេះ បាន​ដឹក​នាំ​ក្រុម​ការងារ​របស់​ខ្លួន​ដើរ​ប្រមូលសំរាម​នៅ​តាម​ឆ្នេរ​ទាំង​នោះប៉ុន្តែ​ពលរដ្ឋ​ចង់​ឃើញ​អាជ្ញាធរ​ត្រូវ​មាន​ផែនការ​ជាក់លាក់​ក្នុង​ការ​រៀបចំ​ទុក​ដាក់​សំរាម​មិនមែន​គ្រាន់​តែ​នាំ​គ្នា​ដើរ​រើស​សំរាម​ដោយ​ខ្លួន​ឯង​មួយ​ប្រាវ​នោះ​ទេ

ក្រុមពលរដ្ឋដែលបានទៅលេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​នាំ​គ្នា​ផុស និង​ចែកចាយ​ក្នុងបណ្ដាញ​សង្គម​ហ្វេសប៊ុក​នូវ​​រូបថត​សំរាម​យ៉ាង​ច្រើន អណ្តែត​ស្អេកស្កះ​ពាសពេញ​ឆ្នេរ​សមុទ្រ

ពល​រដ្ឋ​រស់នៅក្រុងភ្នំពេញម្នាក់ដែលបានទៅលេងកម្សាន្តនៅខេត្តក្នុងព្រះសីហនុលោក សេន ពិសិដ្ឋ ឲ្យ​អាស៊ី​សេរី​ដឹង​ថា លោកមិនហ៊ាន​ងូត​ទឹក​សមុទ្រ​ទេ​ពេល​ឃើញ​សំរាម​ច្រើន​បែប​នេះលោក​បន្ត​ថា បញ្ហា​សំរាម​នេះ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ថា អាជ្ញាធរ​ខេត្ត​នេះ​ខ្វះ​ការ​គ្រប់គ្រង ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​លែង​ចង់​ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​នេះ​បន្ត​ទៀត៖ «សំរាម​រញ៉េរញាំ​ឆ្លុះ​បញ្ចាំង​ពី​ការ​គ្រប់គ្រង​ខេត្ត​ព្រះសីហនុ​គ្មាន​ការ​គ្រប់គ្រង​រដ្ឋបាល​ត្រឹមត្រូវ»

បញ្ហា​សំរាម​នៅ​តាម​ឆ្នេរ​សមុទ្រ​បាន​ក្លាយ​ជា​ប្រធាន​បទ​សំខាន់​សម្រាប់​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​លើក​យក​មក​ជជែក និង​បង្ហោះ​រូបភាព​នៃ​សំរាម​ទាំង​នោះ​ស្ទើរ​គ្រប់ៗ គ្នា។

អ្នកប្រើហ្វេសប៊ុកម្នាក់ឈ្មោះ កាង អរុណ បានសរសេរថា អ្នកកាសែតខ្មែរបាន​ផ្តិតរូប​ភាព​មក​បង្ហាញ​ថា ឆ្នេរ​សមុទ្​រខ្មែរ​ស្អាត​ជាង​គេ មាន​អី​ទឹក​ថ្លា​ខៀវ​តែ​សំរាម​លើ​ឆ្នេរ​ដូច​ជា​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ទេ​មើល​ទៅ

ក្រោយមានការរិះគន់បែបនេះពី​សំណាក់​ក្រុម​ពលរដ្ឋ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត ម៉ីន បាន​ដឹក​នាំ​មន្រ្តី​របស់​លោក និង​ពលរដ្ឋ​ប្រមាណ ១០០នាក់ដើរ​ប្រមូល​សំរាមទាំង​នោះ ​ដែល​ភាគ​ច្រើន​ជា​កាក​សំណល់​កំប្លោកដប​ទឹក​សុទ្ធ និង​ថង់​ប្លាស្ទិក។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ​បញ្ជាក់ថា ​កាកសំណល់​ដែល​អណ្តែត​នៅ​លើ​លំហ​សមុទ្រ មក​ទើរ​នៅ​លើ​ឆ្នេរ​ខ្សាច់ ឬ​ឆ្នេរ​សមុទ្រ​មួយ​ចំនួន នា​ខេត្ត​ព្រះសីហនុជា​ប្រភេទ​រុក្ខ​ជាតិ​មិន​មែនជា​កាក​សំណល់​ចេញពី​ផ្ទះ​បាយ​ទេ«សំរាម​ដែល​អណ្តែត​មក​ទើរ​នៅ​លើ​ឆ្នេរ​សមុទ្រ​មួយ​ចំនួន នៅ​ខេត្ត​ព្រះ​សីហនុ​ពេល​នេះ គឺ​មិន​មែន​ជា​ប្រភេទ​សំរាម ដែល​កើត​ចេញ​ពី​ផ្ទះ​បាយ​នោះ​ទេ ប៉ុន្តែ​វា​ជា​ប្រភេទ​កាក​សំណល់ ដែល​កើត​ចេញ​ពី​រុក្ខជាតិ គឺ​ជា​ដើម​កំប្លោក ដែល​បាន​ហូរ​តាម​ទឹក​ចេញ​ពី​តំបន់​ផ្សេងៗ នៅ​ប្រទេស​វៀតណាម រួច​ក៏​បាន​អណ្តែត​តាម​ទឹក​សមុទ្រ​ចុះ​ឡើងៗ ហើយ​ចុង​ក្រោយ​បានមក​ទើរ​នៅ​តាម​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះ​សីហនុយើង កាលពីថ្ងៃទី​៩ ដល់ថ្ងៃទី​១០ ខែតលា ឆ្នាំ​២០១៨នេះ។ ហើយថា កាកសំណល់កប្លោកខាងលើនេះ គឺបាន​ទើរនៅ​តាម​ឆ្នេរសមុទ្ររាម ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល និងឆ្នេរ​មួយ​ចំនួនទៀត នៅលើកោះរ៉ុងជាដើម»

យ៉ាង​ណា​ក៏​ដោយ​ចុះ ពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះសីហនុ​ម្នាក់​លោក គឹម ម៉ារីណា បាន​ឲ្យ​អាស៊ី​សេរី ដឹង​ថា បញ្ហា​សំរាម​នេះ​មិន​មែន​មាន​តែ​នៅ​ឆ្នេរ​សមុទ្រ​នោះ​ទេលោក​ឲ្យ​ដឹង​ទៀត​ថា ចាប់​តាំង​ពី​មាន​ជន​ជាតិ​ចិន​មក​រស់​នៅ និង​រក​ស៊ី​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​មក ខេត្ត​នេះ​សម្បូរ​ទៅ​ដោយ សំរាម​ស្ទើរ​គ្រប់​ទីកន្លែង ​ដែល​បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត និង​ធុញ​ថប់​ជា​ខ្លាំង៖ «អ្វី​ដែល​ខ្ញុំ​ឃើញ​រាល់​ថ្ងៃ​មិន​មែន​ត្រឹម​តែ​ឆ្នេរ​ទេ។ ខ្ញុំ​ស្នើ​ទៅ​អាជ្ញាធរ​ដែន​ដី​មេត្តា គាត់​ជួយ​គិតគូរ​រឿង​សំរាម​ហ្នឹង ចាប់​ពី​ពីរ​ថ្ងៃ​ឡើង​ទៅ​សំរាម​មែនទែន»

ករណីនេះដែរ​លោក ​យន្ត មីន​ អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​អជីវករ​ក្នុង​ខេត្តនេះ​ចូលរួម​សំអាត​បរិស្ថាន​ខេត្ត​នេះ ដោយ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ៖ «បើ​សិន​មិន​មាន​ការ​ចូលរួម​ទេ ហើយ​ពឹង​ផ្អែក​តែ​ទៅលើ​បុគ្គលិក​អនាម័យ ឬ​ពឹង​តែ​ទៅ​លើ​មន្ត្រី​មន្ទីរ​បរិស្ថាន ពឹង​តែ​ទៅ​លើ​រដ្ឋបាល​ក្រុង ពឹង​តែ​ទៅ​លើ​ចៅសង្កាត់ និង​ក្រុមហ៊ុន​ប្រមូល​សំរាម គឺ​អនាម័យ​បរិស្ថាន​ក្នុង​ក្រុង​ព្រះសីហនុ​យើង មិន​ស្អាត​នោះ​ទេបញ្ហា​នេះ វា​ទាល់​តែ​មាន​ការ​ចូលរួម​ទាំង​អស់​គ្នា​ពី​ប្រជា​ពលរដ្ឋ និង​ផ្នែក​ពាក់ព័ន្ធ ពោល​គឺ​ក្នុង​នាម​យើង​ជា​ម្ចាស់​ផ្ទះ ម្ចាស់​ទីតាំង ម្ចាស់​ទឹក​ម្ចាស់​ដី​ទាំង​អស់​ហ្នឹង គឺ​ត្រូវ​រួម​គ្នា​សំអាតនៅ​មុខ​ផ្ទះ ឬ​ក្នុង​ផ្ទះ​រៀងៗ ខ្លួន ឲ្យ​បាន​ជា​ប្រចាំ ដោយ​នៅ​មុខ​ផ្ទះ ឬ​ទីតាំង​អ្នក​ណា​អ្នក​ហ្នឹង​សំអាត ឲ្យ​បាន​ស្អាត​ជា​ប្រចាំ ហើយ​ត្រូវ​វេច​ខ្ចប់​កាក​សំណល់​សំរាម​ឲ្យ​បាន​ល្អ និង​នាំ​យក​ទៅទុក​ដាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​តាម​ខ្នាត​ជាដើម ទើប​យើង​អាច​សម្អាត​អនាម័យ​បរិស្ថាន​យើង​បាន​ល្អ​យូរ​អង្វែងករណី​នេះ គឺ​ទាមទារ​ឲ្យប្រជា​ពលរដ្ឋ​គ្រប់ៗ រូប មិន​ត្រូវ​បោះ​ចោល​សំរាម​គ្មាន​សណ្តាប់​ធ្នាប់​នៅ​តាម​ទី​សាធារណៈ​ទៀត​ទេដូច​កន្លង​មក​នេះ សង្កេត​ឃើញ​មាន​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្លះ ដែល​កំពុង​ជិះ​ឡាន​សុខៗ ក៏​ស្រាប់​តែ​បាន​បើក​ទ្វារ​បង្ហូច​រថយន្ត​បោះ​ចោល​សំរាម នៅ​តាម​ទីសាធារណៈ​គ្មាន​សណ្តាប់​ធ្នាប់ ពង្រាយ​សំរាម​ពេល​ផ្លូវ​អនាធិបតេយ្យ ដែល​ខុស​ប្លែក​ពី​ឥរិយាបទ​ប្រជា​ពលរដ្ឋ​ប្រទេស​ជិត​ខាង​យើង​មានប្រទេស​ថៃ​ជា​ដើម គឺ​ពលរដ្ឋ​គេៗ មាន​ការ​យល់​ដឹង​ខ្ពស់​អំពីការងារ​ទុក​ដាក់​កាក​សំណល់​សំរាម​គ្រប់ៗ គ្នា ហើយ​បើ​មាន​ករណី​បើ​ចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់​តាម​ទី​សាធារណៈ នឹង​ត្រូវ​ទទួល​រង​ការ​ពិន័យ​ពី​កម្លាំង​នគរបាល ដែល​ចាប់​ថត​សកម្មភាព​នេះ តាម​រយៈ​ម៉ាស៊ីត​ថត​ជាដើម»

អ្នកសិក្សាការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី សង្កេត​ឃើញ​ថា បញ្ហា​សំរាម​នៅ​ខេត្ត​ព្រះសីហនុ​កើន​ឡើង​ដោយសារ​កំណើន​នៃ​ការ​វិនិយោគ និង​កំណើន​មនុស្ស​ទៅ​រស់នៅ​ខេត្ត​នេះយ៉ាង​គំហុកលោក​បន្ត​ថា បញ្ហា​សំរាម​នេះ​កំពុង​បង្ក​បញ្ហា​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​លើស​ពីសមត្ថភាព ដែល​សាលាក្រុង​អាច​គ្រប់គ្រង និង​ដឹក​ជញ្ជូន​បាន៖ «មិនមែន​ត្រឹម​តែ​គ្រប់គ្រង​មនុស្ស គ្រប់គ្រង​អ្នក​វិនិយោគ​ទុន​ទេ ការ​គ្រប់គ្រង​សំរាម​នេះ ក៏​ជា​រឿង​សំខាន់​ដែរ។ ខ្ញុំ​មើល​ឃើញ​នៅ​កំពង់​សោម​ហ្នឹង​បញ្ហា​ធំអាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ត្រៀមលក្ខណៈ​ទាន់​ពេល»

អ្នកសិក្សាការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី យល់ថា បញ្ហា​សំរាម​នេះ​ទាមទារ​ឲ្យ​មាន ការ​សហការណ៍​គ្នា​រវាង​ពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​ខេត្ត និង​ក្រុមហ៊ុន​ប្រមូល​សំរាម ហើយ​ក៏​ត្រូវ​មាន​ការ​អប់រំ​ពលរដ្ឋ​ឲ្យ​ចេះ​បែងចែក​សំរាម និង​ទុក​សំរាម​ឲ្យ​បាន​ត្រឹម​ត្រូវ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អ្នកជំនាញ​ចរាចរណ៍ អំពាវនាវ​ឲ្យ​ពលរដ្ឋ​បើកបរ​ដោយ​ប្រុង​ប្រយ័ត្ន ពេល​​ធ្វើ​ដំណើរ​​ពី​ស្រុក​កំណើត​មក​ភ្នំពេញ​វិញ

$
0
0

អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ អំពាវនាវ​ដល់​ពលរដ្ឋ ដែល​ត្រឡប់​មក​ពី​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​វិញ ឲ្យ​មានស្មារតី និងប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរ ព្រោះការធ្វើដំណើរត្រលប់ពីស្រុកមកក្រុងភ្នំពេញ​វិញ មានសភាពកកស្ទះ និង​ពោរពេញ​ដោយ​ភាព​ប្រញាប់​រៀងៗ ខ្លួន។ សមត្ថកិច្ច​ទទួល​បន្ទុក​ចរាចរណ៍​ឲ្យ​ដឹង​ថា បាន​ត្រៀមទាំងកងកម្លាំងសម្រួលចរាចរណ៍ និង​កម្លាំង​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍ ទាំង​មុន និង​ក្រោយ​ភ្ជុំ​បិណ្ឌ។

ខណៈពិធីបុណ្យភ្ជុំបិណ្ឌ បាន​បិទ​បញ្ចប់​ហើយ ពលរដ្ឋ​ខ្លះ​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ និង​មាន​ពលរដ្ឋ​ខ្លះ ត្រៀម​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ ក្នុង​ពេលឆាប់២ ​នេះ ដើម្បី​ឲ្យ​ទាន់​ពេល​វេលា​ចូល​ធ្វើ​ការ។

អ្នកជំនាញផ្នែក​សុវត្ថិភាព​ចរាចរណ៍ នៃ​អង្គការ​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍ លោក គង់ រតនៈ ទទួល​ស្គាល់​ថា នៅរាល់ពេលមាន​ពិធី​បុណ្យទាន​ធំៗ ម្ដងៗ កំណើន​គ្រោះថ្នាក់​ចរាចរណ៍ តែង​កើន​ឡើង​ជាង​ថ្ងៃ​ធម្មតា។ សង្គម​ស៊ីវិល​រូប​នេះ សង្កេត​ឃើញ​ថា បើ​ទោះ​ជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ពេល​ពិធី​បុណ្យ​ទាន​មាន​ការ​កាត់​បន្ថយ​ជាង​មុន​ខ្លះ ប៉ុន្ដែ​មិន​បាន​ថមថយ​ខ្លាំង​ទេ។ លោក គង់ រតនៈ បញ្ជាក់​ថា ដើម្បី​បញ្ចៀស និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​មាន​ការ​ចូល​រួម​ទាំង​ពលរដ្ឋ និង​សមត្ថកិច្ច គឺ​ពលរដ្ឋ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ឯ​សមត្ថកិច្ច​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍៖ «»

របាយការណ៍​នគរបាល​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​សម្រាប់​ថ្ងៃ​ទី១០ តុលា ត្រូវ​នឹង​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​ភ្ជុំបិណ្ឌ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ៦នាក់​ស្លាប់ របួស​ធ្ងន់ ២៣នាក់ និង​របួស​ស្រាល ៩នាក់ បើ​ប្រៀបធៀប នឹង​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​មុន អត្រា​គ្រោះថ្នាក់ និង​អ្នក​ស្លាប់ មាន​ចំនួន​ថយ​ចុះ។

ចំណែក​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន ៣ថ្ងៃ ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ គឺ​ចាប់​ពី​ថ្ងៃ​ទី៨, ៩ និង១០ តុលា អ្នក​ស្លាប់​សរុប​មាន​ចំនួន ២៨នាក់ កើន​លើស​ឆ្នាំ​មុន ២​នាក់ របួស​ធ្ងន់ ៦៥នាក់ កើន​លើស​ឆ្នាំ​មុន ២នាក់ និង​របួស​ស្រាល មាន​ចំនួន ២០នាក់ ថយ​ចុះ​ជាង​ឆ្នាំ​មុន ៧នាក់។ មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​បាន​របាយការណ៍​ប៉ូលិស បង្ហាញ​ថា ដោយសារ​ការ​ប្រើប្រាស់​ល្បឿន​លឿន​ចំនួន ១៩ករណី ស្រវឹង​បើកបរ ៤ករណី ប្រជែង ៦ករណី មិន​ប្រកាន់​ស្ដាំ ៩ករណី មិន​គោរព​សិទ្ធិ ១០ករណី បត់​គ្រោះថ្នាក់ ៤ករណី និង​កត្តា​យានយន្ដ ១ករណី។

យានយន្ដ​ដែល​ខូចខាត ម៉ូតូ ៦៩គ្រឿង រថយន្ដ​ធុន​តូច ២៥គ្រឿង រថយន្ដ​ធុន​ធំ ៣គ្រឿង គោយន្ដ ២គ្រឿង ថ្មើរជើង ៨នាក់។

នាយសេនាធិការចម្រុះ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមហឿន ដែល​ទទួល​បន្ទុក​រៀបចំ​កង​កម្លាំង​សម្រួល​ចរាចរណ៍​ក្នុង​ពិធី​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ ឲ្យ​ដឹង​ថា កង​កម្លាំង​សមត្ថកិច្ច​ត្រូវ​បាន​ដាក់​ពង្រាយ ២៤ម៉ោង ក្នុង​អំឡុង​មុន និង​ក្រោយ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ជួយ​សម្រួល​ចរាចរណ៍ និង​អនុវត្ត​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង ត្រៀម​កម្លាំង​បន្ថែម​សម្រាប់​ជំនួយ ដល់​កង​កម្លាំង​នៅ​តាម​គោលដៅ៖

នៅមុនពិធីបុណ្យភ្ជុំបិណ្ឌ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រសួង​សាធារណៈការ ក៏​បាន​ផ្ដល់​សេវា​ឲ្យ​ពលរដ្ឋជិះរថយន្ដក្រុងសាធារណៈ និង​រថភ្លើង ដោយ​ឥត​គិត​ថ្លៃ សម្រាប់​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ដោយ​អះអាង​ថា ដើម្បីកាត់បន្ថយការ​ចំណាយ​របស់​ពលរដ្ឋ ក៏​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ ក្នុង​ការ​ធ្វើ​ដំណើរ​ដែរ។ ជា​មួយ​គ្នា​នេះ រថភ្លើង​មួយ​ខ្សែ​រត់​ក្នុង​ទិស​ដៅ​ឆ្ពោះ​ទៅ​កាន់​ភ្នំពេញ បាន​រត់​ធ្លាក់​ផ្លូវ​នៅ​ចំណុច​ឃុំ​ត្បែង​ខ្ពស់ ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង កាល​ពី​ម៉ោង​ប្រមាណ ​៧យប់ ថ្ងៃ​ទី៩ តុលា។ ទោះ​យ៉ាង​ណា សមត្ថកិច្ច​នៅ​មិន​ទាន់​បង្ហាញ​របាយការណ៍​ចំនួន​អ្នក​គ្រោះថ្នាក់ និង​ចំនួន​នៃ​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ និង​មូលហេតុ​នៃ​ការ​បណ្តាល​ឲ្យ​រថភ្លើង​រត់​ធ្លាក់​ផ្លូវ នៅ​ខេត្ត​កំពង់​ឆ្នាំង ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ក្រសួងការ​បរទេស​ខ្មែរ​ថា នាយករដ្ឋមន្ត្រី​ជប៉ុន​គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា

$
0
0

នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​ពេល​សម​ស្រប​ណា​មួយ នា​ពេល​ខាងមុខ​ តប​តាម​ការ​អញ្ជើញ​របស់​មេ​ដឹក​នាំ​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី១០ តុលា ក៏​បញ្ហាញ​ពី​លទ្ធផល​វិជ្ជមាន​របស់​លោក​ ហ៊ុន សែន ​ក្នុង​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ជប៉ុន លើក​ទី​១០ ដោយ​បញ្ជាក់​ថា កម្ពុជា និង ជប៉ុន សម្ដែង​ការ​ពេញ​ចិត្ត​នូវ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ ជាពិសេស បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ បាន​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ ទៅ​ដល់​កម្រិត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ នៅ​ឆ្នាំ​២០១៣។

ទោះ​បីជា​យ៉ាង​ណា​ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ ក្រសួង​ការបរទេស​កម្ពុ​ជា មិន​បាន​រៀបរាប់​ពី​ខាង​ភាគី​ជប៉ុន ដែល​ស្នើសុំ​ឲ្យ​កម្ពុជា​បន្ត​លើក​កម្ពស់​ដំណើរ​ការ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ។

ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​ កាល​ពី​ថ្ងៃ​ទី៩ តុលា នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) ថ្លែង​ថា ជប៉ុន ចង់​ឃើញ​កម្ពុជា​ធ្វើការ​អភិវឌ្ឍ​ប្រទេស​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ តាម​រយៈ​ការ​រួបរួម​គ្នា​រវាង​ប្រជាជន​ខ្មែរ​ទាំង​អស់​ ហើយ​បន្ត​លើក​កម្ពស់​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ។ ក្រៅ​ពី​នេះ លោក អា បេ ថា ជប៉ុន​ចង់​ជួយ​កម្ពុជា​ឲ្យ​មាន​តម្លាភាព និង​ភាព​ត្រឹម​ត្រូវ​នៃ​ស្ថាប័ន​យុត្តិធម៌​ ដោយ​អញ្ជើញ​យុវជន​កម្ពុជា​ឲ្យ​ទៅ​សិក្សា​អំពី​វិស័យ​ច្បាប់ និង​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​ប្រទេស​ជប៉ុន។

ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​នេះ ធ្វើ​ឡើង​ ស្រប​ពេល​ដែល​បណ្ដា​ប្រទេស​លោក​សេរី ជាពិសេស សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក កំពុង​ទាម​ទារ​ឲ្យ​របប​លោក​ ហ៊ុន សែន​ ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​​កម្ពុជា​ ឲ្យ​ដើរ​លើ​គន្លង​ត្រឹមត្រូវ​វិញ គឺ​ក្រោយ​ពី​លោក ហ៊ុន សែន ចាប់​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា​ ដាក់​គុក រម្លាយ​គណបក្ស​ប្រឆាំង និង​ហាម​មន្រ្តី​បក្ស​ប្រឆាំង​ជាង ១០០នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Viewing all 11174 articles
Browse latest View live