អ្នកវិភាគ និងសង្គមស៊ីវិលយល់ថា ដំណើរឆ្ពោះទៅរកការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅឆ្នាំ២០១៨ កាន់តែរួមតូច បើទោះបីជារដ្ឋាភិបាលអះអាងថា ការបោះឆ្នោតនៅតែដំណើរការធម្មតាក្តី។ ការលើកឡើងនេះ បន្ទាប់ពីពួកគេមើលឃើញថា ស្ថានភាពនយោបាយបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរ ក្រោយពីមានករណីចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង បិទអង្គការរបស់អាមេរិក និងវិទ្យុ ព្រមទាំងកាសែតឯករាជ្យ ជាដើម។
បញ្ហានយោបាយច្របូកច្របល់ជាច្រើនជំពូកបានកើតឡើងជាបន្តបន្ទាប់ ស្របពេលដែលប្រទេសកម្ពុជា កំពុងរៀបចំការចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ ខែកញ្ញា ដើម្បីត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
ការណ៍នេះ បាននាំឲ្យប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ ខ្វល់ខ្វាយយ៉ាងខ្លាំងអំពីដំណើរការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
មន្ត្រីផ្នែកអង្កេតនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស លើកឡើងថា ស្ថានភាពមិនអំណោយផលដល់ការបោះឆ្នោតកន្លងទៅ បូករួមនឹងស្ថានភាពនយោបាយតានតឹងថ្មីៗនេះ គឺមិនអាចធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយសេរី និងយុត្តិធម៌នោះទេ ប្រសិនបើរដ្ឋាភិបាលមិនកែប្រែឲ្យល្អប្រសើរឡើងវិញ៖ «វាហាក់ដូចជាតានតឹងណាស់ ហើយបើកាលតានតឹង យើងមិនដឹងថាការបោះឆ្នោតនោះវាបែបណាដែរទេ យើងនឹងធ្វើការតាមដានទៀត ប៉ុន្តែទោះជាយ៉ាងណា ខាងសង្គមស៊ីវិលយើងមានការព្រួយបារម្ភខ្លាំងអំពីស្ថានភាពតានតឹងបែបនេះ។ ឥឡូវនេះ យើងកំពុងឃ្លាំមើលអំពីដំណើរការចុះឈ្មោះបោះឆ្នោត ថាតើការឈ្មោះនេះវាបែបណាទៀត»។
បើគិតតាំងពីដើមឆ្នាំ២០១៧ មក ទាំងអន្តរជាតិ និងពលរដ្ឋមួយចំនួនមើលឃើញថា គណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែប្រើប្រាស់ប្រព័ន្ធតុលាការ និងស្ថាប័នកំពូលៗរបស់ជាតិតាមអំពើចិត្ត ក្នុងការធ្វើយ៉ាងណាឲ្យបក្សប្រឆាំងចុះខ្សោយទាំងនៅមុនការបោះឆ្នោតឃុំ-សង្កាត់ និងមុនការបោះឆ្នោតជាតិ។ ជាក់ស្តែង ក្រុមតំណាងរាស្ត្របក្សកាន់អំណាចធ្លាប់ចំណាយពេលដ៏ខ្លីចំនួនពីរលើកធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ តាមការចង់បានរបស់លោក ហ៊ុន សែន ក្រោមសំឡេងរិះគន់ថា ទង្វើនេះមានចេតនារារាំងលោក សម រង្ស៊ី មិនឲ្យធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ និងហាមមិនឲ្យលូកលាន់ក្នុងកិច្ចការគណបក្សនយោបាយតទៅទៀត។ ក្រោយមក រដ្ឋាភិបាលបញ្ជាឲ្យបិទបន្ទប់ស្ថានការណ៍ដែលជាកន្លែងបណ្ដុំអង្គការធ្វើការឃ្លាំមើលការបោះឆ្នោត និងព្រមានចាត់វិធានការតាមច្បាប់ថែមទៀត។ មានករណីជាច្រើនទៀត ដូចជារដ្ឋាភិបាលបញ្ជាឲ្យបិទទ្វារវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលធ្វើការពាក់ព័ន្ធការបោះឆ្នោត ទាំងបង្ខំ ព្រមទាំងបណ្ដេញបុគ្គលិកបរទេសនៃអង្គការនេះចេញពីប្រទេសកម្ពុជា ថែមទៀត។
ចំណែកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និងវិទ្យុក្នុងស្រុកជាង ១០ ដែលផ្សាយបន្តព័ត៌មានពីអាស៊ីសេរី (RFA) វីអូអេ (VOA) វិទ្យុវីអូឌី (VOD) និងគណបក្សប្រឆាំង ក៏ត្រូវបានក្រសួងព័ត៌មាន បញ្ជាឲ្យបិទចោល ហើយវិទ្យុខ្លះទៀតហាមដាច់ខាតមិនឲ្យផ្សាយព័ត៌មានបន្តពីវិទ្យុអាស៊ីសេរី និងវីអូអេ តទៅទៀត។
លើសពីនេះទៀត រដ្ឋាភិបាលលោក ហ៊ុន សែន ក៏បានបើកយុទ្ធនាការចាប់ខ្លួនមេបក្សមួយចំនួនដែរដូចជាលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ និងព្រឹត្តិការណ៍ដ៏ក្តៅគគុកចុងក្រោយបង្អស់ គឺករណីចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងថែមទាំងព្រមានអនុវត្តច្បាប់ឲ្យដល់ទីបញ្ចប់ចំពោះវាសនាគណបក្សសង្គ្រោះជាតិ ប្រសិនបើមានអ្នកដែលហ៊ានចេញមុខការពារបន្តទៀត។ ករណីទាំងអស់នេះ គេមិនទាន់និយាយអំពីការគំរាមអំពីសង្គ្រាមពីលោក ហ៊ុន សែន និងគំរាមវាយបំបែកធ្មេញ និងគំរាមវាយក្បាលនឹងគល់ឫស្សីពីសំណាក់រដ្ឋមន្ត្រីរបស់គណបក្សកាន់អំណាចផង។
ប្រហែលដោយសារតែរដ្ឋាភិបាលរវល់នឹងចាត់ការរឿងខាងលើនេះហើយ ទើបបានជាបង្ហាញជំហរហាក់មិនខ្វាយខ្វល់អំពីការទាមទារសិទ្ធិបោះឆ្នោតពីសំណាក់ពលករនៅក្រៅប្រទេសនោះ។
ទោះបីជាករណីទាំងនេះនាំឲ្យមានការបារម្ភអំពីមជ្ឈដ្ឋានទូទៅអំពីដំណើរការបោះឆ្នោតក្តី ប៉ុន្តែលោក ហ៊ុន សែន បានថ្លែងនៅចំពោះមុខកម្មកររោងចក្រកាលពីថ្ងៃទី៣ ខែកញ្ញា មួយភ្លែតថា អ្វីដែលរដ្ឋាភិបាលកំពុងធ្វើ គឺជាការអនុវត្តច្បាប់ និងការពារសន្តិសុខជាតិ ហើយចំពោះការចុះឈ្មោះ និងការបោះឆ្នោត នៅតែដំណើរការធម្មតា៖ «ការចុះឈ្មោះបោះឆ្នោតនៅតែបោះឆ្នោត បន្តការងារបន្តការងារ។ គ្រាន់តែមនុស្សម្នាក់ដែលត្រូវទទួលខុសត្រូវចំពោះបញ្ហាដែលខ្លួនបានប្រព្រឹត្តក្នុងការឃុបឃិតជាមួយនឹងជនបរទេស ក្បត់ជាតិខ្លួនឯង»។
ទន្ទឹមគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់សារព័ត៌មានហ្វ្រែសញូវ (Fresh News) ថា អ្វីដែលរដ្ឋាភិបាលធ្វើនេះ គឺធ្វើតែចំពោះបុគ្គល កឹម សុខា មួយទេ។ ការចុះឈ្មោះបោះឆ្នោតនៅតែបន្ត ហើយឆ្នាំ២០១៨ នឹងបោះឆ្នោតដដែល។ ចំពោះគណបក្សសង្គ្រោះជាតិ បើសិនជារកឃើញថាមិនមានការពាក់ព័ន្ធក្នុងរឿងក្បត់ជាតិ នឹងនៅដដែល ប៉ុន្តែបើសិនជាជាប់ពាក់ព័ន្ធ គឺនឹងចាត់ការតាមផ្លូវច្បាប់តទៅទៀត។ លោកបន្តថា ទោះបីជាគ្មានគណបក្សសង្គ្រោះជាតិ ចូលរួម ក៏នៅតែមានបក្សផ្សេងចូលរួមការបោះឆ្នោតដែរ ហើយប្រជាធិបតេយ្យនៅតែមាន។
ផ្ទុយពីការលើកឡើងរបស់លោក ហ៊ុន សែន នេះ លោក កន សាវាង្ស អះអាងថា លោកមើលមិនឃើញថាអ្វីដែលរដ្ឋាភិបាលកំពុងធ្វើ គឺជាការអនុវត្តច្បាប់ត្រឹមត្រូវ និងពង្រឹងលទ្ធិប្រជាធិបតេយ្យនោះទេ៖ «វាជាចំណុចមួយមានការព្រួយបារម្ភ ទោះបីលោកថាមានគណបក្សផ្សេងជាច្រើនទៀតក៏ដោយ ប៉ុន្តែលទ្ធិប្រជាធិបតេយ្យ អ្វីដែលយើងមើលសំខាន់ គឺមិនមែនមើលត្រឹមការចូលរួមច្រើនទេ ទី១ សំខាន់ជាងគេ គឺមើលទៅលើដៃគូក្នុងការប្រកួតប្រជែង។ អ៊ីចឹងបើសិនជាដៃគូប្រកួតប្រជែងមួយដែលមានកម្លាំងមានអំណាចស្មើគ្នា ហើយដែលត្រូវបានបង្ក្រាប និងប្រុងរំលាយថែមទៀត ខ្ញុំមិនដឹងថាយ៉ាងម៉េចទេ ប៉ុន្តែបើសិនជារដ្ឋាភិបាលរំលាយទៀត តើបែបលទ្ធិប្រជាធិបតេយ្យ សេរី យុត្តិធម៌ បានមកពីណាមក។ ជាធម្មតា កម្លាំងប្រកួតប្រជែងត្រូវស្មើភាពគ្នា បើសិនជាកម្លាំងនោះឡើងស្មើភាពគ្នា ហើយត្រូវបានបំបិទចោលដូច្នេះ វាមិនមែនប្រសើរនៅក្នុងការបោះឆ្នោតសេរី និងយុត្តិធម៌ទេ មិនមែនជាគោលដៅនៃលទ្ធិប្រជាធិបតេយ្យទេ»។
ទាក់ទិនបញ្ហានេះ អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានទេចាប់តាំងពីថ្ងៃទី៤ និងថ្ងៃទី៥ ខែកញ្ញា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
រីឯអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា អះអាងថា គិតពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកញ្ញា គឺមានប្រជាពលរដ្ឋប្រមាណ ១ម៉ឺន ៨ពាន់នាក់ បានចុះឈ្មោះបោះឆ្នោត និងកែអក្ខរាវិរុទ្ធ ព្រមទាំងផ្ទេរលំនៅឋាន។ លោកទទួលស្គាល់ថា ចំនួននេះ គឺមិនទាន់ច្រើនប៉ុន្មាននោះទេ ហើយមិនមែនបណ្តាលមកពីរឿងនយោបាយនោះទេ គឺដោយសារតែពលរដ្ឋមិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ៖ «ក្នុងនាម គ.ជ.ប ខ្ញុំសូមមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងទិដ្ឋភាពនយោបាយទេ ដោយសារតួនាទី គ.ជ.ប ត្រូវធ្វើពីរយ៉ាង ទី១ អនុវត្តទៅតាមច្បាប់ដែលមានដែលសភាជាអ្នកអនុម័តហើយបាទ។ ទី២ គ.ជ.ប ត្រូវទទួលខុសត្រូវក្នុងការរៀបចំការងារបច្ចេកទេសបោះឆ្នោតឲ្យអាចដំណើរការបានសម្រាប់ការបោះឆ្នោត។ យើងបញ្ជាក់ដែរថា ដំណើរការបោះឆ្នោតនៅតែដំណើរការជាប្រក្រតី។ ចឹងនេះ គឺជាការទទួលខុសត្រូវរបស់ គ.ជ.ប»។
អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា យោងតាមទិន្នន័យក្រោយការបោះឆ្នោតឃុំ-សង្កាត់ គឺបង្ហាញថាគណបក្សប្រឆាំងមានអ្នកគាំទ្រប្រកៀកប្រកិតនឹងគណបក្សកាន់អំណាច ដែលមានន័យថា បក្សប្រឆាំងកំពុងរត់ជិតទាន់គណបក្សកាន់អំណាចទៅហើយ។ លោកបន្តថា នៅពេលបក្សប្រឆាំងកំពុងបន្ថែមល្បឿនដូច្នេះ ភាគីម្ខាងទៀតដែលគេរត់ជិតទាន់នោះ ពិតជាខ្វល់ខ្វាយខ្លាំង និងតែងតែរិះរកមធ្យោបាយនានាដើម្បីកុំឲ្យគេរត់ទាន់ខ្លួន៖ «អ្នកដែលរត់ឈ្នះគេមែន តែឈ្នះអត់ឆ្ងាយនោះ គឺត្រូវតែរកមធ្យោបាយយ៉ាងណាដើម្បីខំធ្វើម៉េចដើម្បីឲ្យវាដល់ទិសដៅមួយដែលនៅតែឈ្នះគេតទៅទៀត។ ចឹងបើយើងមើលអ្នកទាំងពីរនេះ គឺអ្នកដែលរត់មុខ មានភាពខ្វល់ខ្វាយច្រើនជាងគេ។ ចឹងសញ្ញាដែលយើងឃើញថាកើតមានឡើងផ្ទួនៗគ្នានៅក្នុងមួយរយៈនេះ ទាំងការបិទកាសែត ទាំងការបិទវិទ្យុផ្សេង ហើយមានទាំងការចាប់គណបក្សប្រឆាំងអីផងនោះ គឺរួមគ្នាទាំងអស់មកនេះ ខ្ញុំគិតថាជាសញ្ញាដែលពាក់ព័ន្ធនឹងការខ្វល់ខ្វាយចំពោះអ្នកដែលគេរត់ជិតទាន់»។
លោកបណ្ឌិត មាស នី បន្ថែមថា ដើម្បីឲ្យការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ គឺមិនអាចពឹងផ្អែកលើតែស្ថាប័ន គ.ជ.ប មួយបាននោះទេ ពោលគឺត្រូវស្ថាប័នរដ្ឋមានដូចជា រដ្ឋាភិបាល រដ្ឋសភា និងតុលាការ ត្រូវបំពេញតួនាទីឲ្យមានតុល្យភាពនៃអំណាច៖ «បើសិនជា គ.ជ.ប ខំប្រឹងថាឲ្យវាមានសេរីយុត្តិធម៌មែន ប៉ុន្តែបើស្ថាប័នរដ្ឋមិនផ្តល់ឱកាស មិនផ្តល់លទ្ធភាពឲ្យ គ.ជ.ប បំពេញតួនាទីដោយឯករាជ្យទេនោះ ក៏ការមានឯករាជភាពរបស់ គ.ជ.ប ក៏ទៅអត់រួចដែរ វាត្រូវពឹងផ្អែកលើស្ថាប័នរដ្ឋ ពិសេសក្នុងរដូវបោះឆ្នោតនេះ គឺរដ្ឋាភិបាលត្រូវបំពេញតួនាទីជាអ្នកអព្យាក្រឹត្យដែលផ្តល់ឱកាសឲ្យគណបក្សនយោបាយមានឱកាសប្រកួតប្រណាំងគ្នាដោយសេរី និងយុត្តិធម៌»។
បន្ថែមពីលើនេះ មន្ត្រីផ្នែកអង្កេតជាន់ខ្ពស់របស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស លើកឡើងថា ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គេមិនអាចវាយតម្លៃតែក្នុងថ្ងៃបោះឆ្នោតមួយថ្ងៃបានទេ ពោលគឺគេត្រូវវាយតម្លៃចាប់តាំងពីពេលចុះឈ្មោះបោះឆ្នោត និងពេលឡើងកាន់តំណែងរបស់តំណាងរាស្ត្រ៖ «គេមើលស្ថានភាពតាំងពីពេលចុះឈ្មោះបោះឆ្នោតហ្នឹង បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋចូលរួមការចុះឈ្មោះបោះឆ្នោតនេះ បានគ្រប់គ្រាន់ដែរឬទេ? បរិយាកាសជុំវិញដែលប្រជាពលរដ្ឋចូលរួមវាល្អប្រសើរទេ?។ បន្ទាប់មក គេមើលអំពីស្ថានភាពនៃដំណើរការឃោសនាបោះឆ្នោតថា តើបានប្រគល់លទ្ធភាពដល់គណបក្សនយោបាយទាំងអស់ចូលរួមប្រកួតដោយសេរី និងយុត្តិធម៌ដែរទេ? បន្ទាប់មកគេមើលអំពីដំណើរការនៃការបោះឆ្នោតហ្នឹង ថាតើការបោះឆ្នោតមានសេរីយុត្តិធម៌ មានភាពស្មើគ្នា ដូចជាការមិនបន្លំសន្លឹកឆ្នោត ការប្រកួតប្រជែងគ្នាដោយត្រឹមត្រូវ ការចូលរួមរបស់ប្រជាពលរដ្ឋ រឿងដែលជាការចាត់តាំង ការចាត់ចែងរបស់មន្ត្រី គ.ជ.ប បានល្អដែរទេ? មានការគំរាមកំហែងដែរទេ? បន្ទាប់មកការផ្ទេរអំណាច តើវាស្រុះស្រួលនយោបាយ ឬក៏ស្របតាមច្បាប់រដ្ឋធម្មនុញ្ញដែរទេ? ទាំងអស់នេះ គឺជាអ្វីដែលសេរី និងយុត្តិធម៌ ប៉ុន្តែបើសិនជាស្ថានភាពមិនបែបនេះ មានន័យថាការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅពេលខាងមុខ ប្រហែលជាអាចមានការព្រួយបារម្ភ»។
ប្រជាពលរដ្ឋ គណបក្សនយោបាយ និងសហគមន៍អន្តរជាតិនៅប៉ុន្មានថ្ងៃចុងក្រោយនេះ សុទ្ធតែបានចាត់ទុកស្ថានភាពនយោបាយកាន់តែធ្ងន់ធ្ងរ និងអំពាវនាវជាបន្តបន្ទាប់ឲ្យរដ្ឋាភិបាលជួយកែប្រែស្ថានភាពនយោបាយឲ្យល្អប្រសើរឡើងវិញ ដើម្បីធានាឲ្យការបោះឆ្នោតនៅពេលខាងមុខប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងអាចទទួលយកបានទាំងអស់គ្នា។ មជ្ឈដ្ឋានទូទៅព្យាករដែរថា ប្រសិនបើស្ថានភាពបែបនេះនៅតែបន្ត នោះមានន័យថា ដំណើរការឆ្ពោះទៅរកការបោះឆ្នោតដោយសេរីកាន់តែរួមតូចដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។