គណបក្សនយោបាយធំពីរដែលដាក់បញ្ជីឈ្មោះបេក្ខជនចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ បានរៀបចំខ្លួនរួចហើយដើម្បីបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតតាមកាលវិភាគរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
មន្ត្រីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តរតនគិរី អះអាងដូចគ្នាថា នឹងបើកយុទ្ធនាការឃោសនានៅតាមឃុំ សង្កាត់នានាដែលគណបក្សទាំងពីរនេះបានដាក់បេក្ខជនឈរឈ្មោះសម្រាប់ដណ្ដើមឆ្នោតគាំទ្រពីប្រជាពលរដ្ឋនៅថ្នាក់ឃុំ សង្កាត់។
ការអះអាងនេះធ្វើឡើងមុនពីរថ្ងៃនៃកាលវិភាគដែលគ.ជ.ប បានកំណត់ថ្ងៃបើកយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា។
អគ្គលេខាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី លោក ណាប់ ប៊ុនហេង បញ្ជាក់នៅថ្ងៃទី១៨ ខែឧសភា ថា សម្ភារៈឧបករណ៍ និងធនធានមនុស្សសម្រាប់ការឃោសនា បានរៀបចំរួចរាល់សម្រាប់ការឃោសនានៅតាមឃុំ សង្កាត់ទាំងអស់ក្នុងខេត្តរតនគិរី ដែលគណបក្សប្រជាជន បានដាក់បេក្ខភាពឈរឈ្មោះប្រកួតប្រជែង។
លោកបន្តថា ការឃោសនានឹងរៀបចំជាការហែក្បួន ការស្រែកជយឃោសតាមឧគ្ឃោសនស័ព្ទ ការធ្វើមីទីងនៅថ្នាក់ឃុំ សង្កាត់ ការលើកបដាពាក្យស្លោកផ្សព្វផ្សាយគោលនយោបាយបក្ស គឺជាយុទ្ធសាស្ត្រសំខាន់ៗដែលគណបក្សប្រជាជនកម្ពុជា ធ្លាប់ទទួលជ័យជំនះ ៣អាណត្តិកន្លងទៅនេះ៖ «គណបក្សប្រជាជនខេត្តសម្រេចហែក្បួននៅថ្ងៃបើកយុទ្ធនាការទី២០ (ឧសភា) នេះ អនុវត្តតាមច្បាប់បោះឆ្នោត គណបក្សនឹងអំពាវនាវឲ្យគោរពច្បាប់»។
ចំណែកប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តរតនគិរី លោក រ៉ាន់ សាយលឿន បញ្ជាក់ស្រដៀងគ្នាថា គណបក្សនេះនឹងប្រើប្រាស់មធ្យោបាយឃោសនារកសំឡេងឆ្នោតគ្រប់រូបភាពតាមការកំណត់របស់ គ.ជ.ប ជាពិសេសការផ្សព្វផ្សាយគោលនយោបាយផ្ដល់ប្រាក់ចំនួន ៥០ម៉ឺនដុល្លារសម្រាប់មូលនិធិឃុំ សង្កាត់ ប្រសិនគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលសម្រាប់ការបោះឆ្នោតជាតិ ឆ្នាំ២០១៨។
លោករំពឹងថា គណបក្សសង្គ្រោះជាតិ ខេត្តរតនគិរី នឹងទទួលបានជោគជ័យឈ្នះឆ្នោតជាមេឃុំកើនប្រមាណ ៤០ភាគរយ លើសលទ្ធផលដែលគណបក្ស សម រង្ស៊ី ទទួលបានកាលពីការបោះឆ្នោតអាណត្តិទី៣៖ «ខ្ញុំបានបែងចែកកម្លាំងចុះជួយតាមឃុំ តាមស្រុករួចហើយ គ្រប់ស្រុកទាំង៩។ ពេលហែពេលឃោសនាធ្វើទាំងអស់គ្រប់ឃុំ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានណែនាំឲ្យគណបក្សនយោបាយដែលបានចុះបញ្ជីឈ្មោះបេក្ខជនចូលរួមបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៤ គោរពបទបញ្ជា និងនីតិវិធីនៃការឃោសនាបោះឆ្នោតដើម្បីចៀសវាងកើតមានអំពើហិង្សា និងបាតុភាពនានាក្នុងអំឡុងពេលឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា។
គណបក្សដែលដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែររួបរួមជាតិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សហ៊្វុនស៊ិនប៉ិច។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី លោក ប៉ែន ឈុនឌី បញ្ជាក់ថា គណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីឈ្មោះប្រកួតប្រជែងនៅខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយ ដើម្បីចូលរួមឃោសនារកសំឡេងឆ្នោតតាមមូលដ្ឋានឃុំ សង្កាត់ ដែលមានបេក្ខជនគណបក្សឈរឈ្មោះ។ លោកអំពាវនាវឲ្យសកម្មជនគណបក្សនយោបាយទាំងនោះគោរពបទបញ្ជា និងនីតិវិធីទាក់ទិនការឃោសនាបោះឆ្នោតដែល គ.ជ.ប កំណត់ ជាពិសេសអនុវត្តតាមកាលវិភាគដែលគណៈកម្មការបោះឆ្នោតឃុំ សង្កាត់ បានរៀបចំសម្រាប់ការឃោសនារបស់គណបក្សតាមមូលដ្ឋាន៖ «ដើម្បីបញ្ចៀសអំពើហិង្សា ថែរក្សាសណ្ដាប់ធ្នាប់ឲ្យបានល្អ និងថែរក្សាបរិយាកាសនយោបាយល្អ»។
កាលពីការបោះឆ្នោតអាណត្តិទី៣ នៅខេត្តរតនគិរី គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតទទួលបានតំណែងមេឃុំចំនួន ៤៩ឃុំ សង្កាត់។ រីឯគណបក្ស សម រង្ស៊ី ទទួលបានតំណែងមេឃុំមួយឃុំក្នុងចំណោមឃុំ សង្កាត់ ទាំងអស់៥០៕