Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

"ការ​អប់រំ​ប្រជាជន នឹង​ជួយ​លុប​បំបាត់​ការ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា"

$
0
0

ថ្ងៃ​ទី​១៧ ឧសភា ជា​ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​ការ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​អ្នក​ប្ដូរ​ភេទ (IDAHOT) និង​ជា​សប្ដាហ៍​មោទនភាព (Pride Week) ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ការ​ទាញ​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន ទាក់ទង​នឹង​បញ្ហា​ប្រឈម​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​កម្ពុជា ត្អូញត្អែរ​ថា ការ​រើសអើង​ដោយសារ​និន្នាការ​ភេទ​របស់​ពួក​គេ នៅ​បន្ត​កើត​ឡើង។ ការ​រើសអើង​ពេល​ខ្លះ នាំ​ឲ្យ​មាន​ការ​បណ្ដេញ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ចេញ​ពី​គ្រួសារ និង​ការ​សម្លុត​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​តាម​សាលារៀន។

អ្នក​ជំនាញ​ផ្នែក​ច្បាប់ ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ផ្នែក​សិទ្ធិ​មនុស្ស ផ្តល់​យោបល់​ថា ការ​អប់រំ​ប្រជាជន​ជា​គន្លឹះ​សំខាន់ ដើម្បី​កាត់​បន្ថយ​ការ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

កិច្ច​ពិភាក្សា​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា អង្គការ​សហប្រជាជាតិ និង​តំណាង​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ឧសភា នា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ដែល​ស្រឡាញ់​រួម​រស់នៅ​ជាមួយ​គ្នា​មាន​ចំនួន​ប្រមាណ ១​ម៉ឺន ២​ពាន់​នាក់ (ឬ ៦​ពាន់​គូ) ទូទាំង​ប្រទេស ហើយ​ចំនួន​នេះ​អាច​មាន​លើស​ពី​នេះ ដោយសារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មួយ​ចំនួន មិន​បាន​បង្ហាញ​អត្តសញ្ញាណ​ភេទ​ជា​សាធារណៈ។

សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ឬ អិល.ជី.ប៊ី.ធី (LGBT) (lesbian, gay, bisexual and transgender) ហាក់​ហ៊ាន​បង្ហាញ​អត្តសញ្ញាណ​ភេទ​ជា​ចំហ​នា​រយៈពេល​ចុង​ក្រោយ​នេះ ដោយសារ​ប្រជាជន​យល់​ដឹង​ច្រើន​ជាង​មុន​ស្ដីពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា។ នេះ​បើ​តាម​ការ​សង្កេត​របស់​អគ្គនាយក​រង​ទទួល​បន្ទុក​ក្រម​រដ្ឋប្បវេណី នៃ​ក្រសួង​យុត្តិធម៌ លោក ខេង សុមារិទ្ធិ។

ទោះ​បី​ជា​យ៉ាង​ណា ប្រជាជន​កម្ពុជា មួយ​ផ្នែក​ទៀត នៅ​បន្ត​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

អ្នក​សម្របសម្រួល​តស៊ូ​មតិ​នៃ​សហគមន៍​ឥន្ទធនូ​កម្ពុជា លោក សាយ សៀកឡាយ ដែល​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ថ្លែង​ថា ផ្នត់​គំនិត​ស្ដីពី​និយមន័យ​ពាក្យ «គ្រួសារ» សម្រាប់​សង្គម​កម្ពុជា នៅ​ចង្អៀតចង្អល់ ដែល​យល់​ថា​ការ​ស្រឡាញ់​គ្នា និង​ការ​រៀបការ គឺ​សម្រាប់​តែ​រវាង​មនុស្ស​ប្រុស និង​ស្រី។ លោក សៀកឡាយ ឲ្យ​ដឹង​ថា អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ត្រូវ​បាន​រើសអើង​ដោយ​គ្រួសារ​អ្នក​ជិត​ខាង និង​មិត្តភ័ក្ដិ ដោយ​ការ​មិន​និយាយ​រក ការ​និយាយ​សើច​ចំអក ការ​វ៉ៃ​ដំ និង​ការ​មិន​ឲ្យ​លុយ​ចាយ ជាដើម។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា នៅ​ប្រទេស​កម្ពុជា មិន​មាន​ច្បាប់​ណា​មួយ​ដែល​រឹតត្បិត ឬ​គាប​សង្កត់​សិទ្ធិ​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ទេ ក៏ប៉ុន្តែ​កង្វះ​ការ​យល់​ដឹង​អំពី​រឿង​នេះ​ជា​បញ្ហា​ដែល​នាំ​ឲ្យ​មាន​ការ​រើសអើង។

រដ្ឋលេខាធិការ​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កត្តា អន បញ្ជាក់​ថា ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ស្គាល់​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា។ លោក​បន្ត​ថា ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​មិន​មែន​ជា​បទល្មើស ក៏ប៉ុន្តែ​បើ​តាម​លោក កត្តា អន ផ្នត់​គំនិត​របស់​ប្រជាជន​នៅ​បន្ត​យល់​ខុស​ពី​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

ស្រដៀង​នេះ ទីប្រឹក្សា​នៃ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ខៀវ សិរីវុទ្ធា លើក​ឡើង​ថា ការ​អប់រំ​នៅ​តាម​គ្រួសារ​មិន​ឲ្យ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ជា​រឿង​សំខាន់។

លោក​វេជ្ជបណ្ឌិត តែង គន្ធី ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​បុរស​ស្រឡាញ់​បុរស និង​ស្រី​ស្រស់ យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​អ្នកស្រី ខៀវ សិរីវុទ្ធា។ បើ​តាម​លោក​យល់​ឃើញ សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា គួរ​ជជែក​ពិភាក្សា និង​ពន្យល់​ណែនាំ​ប្រជាជន​ដែល​ប្រឆាំង​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា ដើម្បី​យក​ការ​យល់​ខុស​ទាំងនោះ (misunderstanding) ទៅ​រក​ដំណោះស្រាយ ដោយ​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​តស៊ូ​មតិ លើក​កម្ពស់​ការ​យល់​ដឹង​ស្ដីពី​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

ទាក់ទង​នឹង​ការ​យល់​ខុស​ពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​នេះ លោក សាយ សៀកឡាយ នៃ​សហគមន៍​ឥន្ទធនូ​កម្ពុជា សង្កេត​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា មួយ​ចំនួន​លាតត្រដាង​ពី​ជីវិត​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា មិន​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ពិត​ដែល​នាំ​ឲ្យ​ប្រជាជន​យល់​ច្រឡំ។

យ៉ាង​នេះ​ក្តី ក្រសួង​ព័ត៌មាន ដែល​មើល​ការ​ខុស​ត្រូវ​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ឃោសនា បាន​ចេញ​បម្រាម​ហាម​ការ​ប្រើ​ពាក្យ​សម្ដី ឬ​សកម្មភាព​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​វិទ្យុ ទូរទស្សន៍ ជាដើម។ នេះ​បើ​តាម​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន។

ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា បាន​លើក​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ថា ការ​រើសអើង​ផ្នែក​ច្បាប់ ពិសេស​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អាពាហ៍ពិពាហ៍ ដែល​កំណត់​ការ​រៀប​អាពាហ៍ពិពាហ៍​រវាង​ស្ត្រី និង​បុរស រារាំង​ការ​រៀបការ​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

កញ្ញា ឈុំ ជី ដែល​ជា​អ្នក​ប្ដូរ​ភេទ ចង់​ឲ្យ​ច្បាប់​កម្ពុជា ទទួល​ស្គាល់​ការ​រៀបការ​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដែល​អាច​ឲ្យ​ពួក​គេ​មាន​កូន​ដោយ​ស្រប​ច្បាប់ និង​មាន​លំនឹង​ផ្នែក​ហិរញ្ញវត្ថុ ហើយ​កាត់​បន្ថយ​ការ​រើសអើង។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ លោក ខេង សុមារិទ្ធិ អគ្គនាយក​រង​ទទួល​បន្ទុក​ក្រម​រដ្ឋប្បវេណី​នៃ​ក្រសួង​យុត្តិធម៌ ពន្យល់​ថា បើ​ទោះ​ជា​ប្រទេស​កម្ពុជា គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​រៀបការ​ដោយ​ស្រប​ច្បាប់​ក៏ដោយ តែ​ច្បាប់​កម្ពុជា កំពុង​ការពារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដោយ​ប្រឆាំង​ការ​រើសអើង​ភេទ។

ការ​រៀបការ​ដោយ​ស្រប​ច្បាប់​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ត្រូវការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ នេះ​បើ​តាម​អ្នក​ជំនាញ​ផ្នែក​ច្បាប់ លោក ខេង សុមារិទ្ធិ។

អនុប្រធាន​តំណាង​ប្រចាំ​ប្រទេស​នៃ​អង្គការ​សហប្រជាជាតិ ដើម្បី​លើក​កម្ពស់​សមភាព​យេនឌ័រ និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី ហៅ​កាត់​ថា UN Women អ្នកស្រី សារ៉ា និប (Sarah Knibbs) យល់​ថា ការ​ធានា​ឲ្យ​មាន​សិទ្ធិ​ស្មើ​គ្នា​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​និរន្តរភាព (Sustainable Development Goals) ដែល​ធានា​ថា មិន​បោះបង់​នរណា​ម្នាក់​ចោល​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles