ពលរដ្ឋរស់នៅឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង និងអង្គការសង្គមស៊ីវិល អំពាវនាវឲ្យក្រសួងបរិស្ថាន ស៊ើបអង្កេតពីភាពមិនប្រក្រតីនៃសកម្មភាពកាប់ឈើក្រៅផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដែលអ្នកភូមិសង្ស័យថា ឈើនោះត្រូវបានបន្លំនាំចូលក្រុមហ៊ុនសំអាតបាតអាង។
ការអំពាវនាវនេះ ធ្វើឡើងក្រោយពីមានសេចក្ដីរាយការណ៍ចោទប្រកាន់ថា ឈើមូលនៅតំបន់ឆ្ងាយនៃស្រុកសេសាន និងស្រុកសៀមប៉ាង ត្រូវគេលួចកាប់ ហើយយកមកស្តុកក្នុងបរិវេណផ្ទៃអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
ពលរដ្ឋរស់នៅឃុំស្រែគរ ឲ្យដឹងនៅថ្ងៃទី១៧ ខែឧសភា ថា មានមនុស្សជាច្រើនក្រុមនាំគ្នាកាប់ឈើនៅតំបន់ភ្នំក្រឡាពស់ នៃស្រុកសេសាន និងតំបន់ព្រៃអភិរក្ស នៃស្រុកសៀមប៉ាង ដោយប្រើគោយន្ត និងរថយន្តប៉ាកុង ជាមធ្យោបាយដឹកមកផ្ទុកនៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
ពលរដ្ឋរស់នៅឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង លោក ពុធ ឃឿន ថ្លែងបញ្ជាក់ថា លោកពុំប្រាកដថា ផ្ទៃអាងមានចំនួនជាង ៣ម៉ឺនហិកតារមានទំហំប៉ុណ្ណានោះទេ ក៏ប៉ុន្តែលោកឃើញតែកម្មករកាប់ឈើនៅតំបន់ឆ្ងាយៗ មកទុកនៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ ហើយសកម្មភាពដឹកជញ្ជូននោះតាមផ្លូវលំក្នុងព្រៃដែលគេកសាងរួចរាល់កាលពីឆ្នាំមុន។
លោកថា ឈើដែលគេដឹកជញ្ជូនមកទុកនោះ ឋិតនៅចន្លោះទន្លេសេសាន និងទន្លេស្រែពក ឬហៅថា តំបន់កោះ ជាប់ព្រំប្រទល់ប្រទេសឡាវ និងមួយចំនួនមកពីតំបន់ព្រៃអភិរក្សនៃស្រុកសៀមប៉ាង៖ «រថយន្តប៉ាកុង ដឹកចេញពេលថ្ងៃ បើយីឌុបដឹកចេញទៅក្រៅប្រទេស ឬនៅក្នុងប្រទេសហ្នឹង ច្រើនដឹកពេលថ្ងៃ និងពេលយប់ ម៉ោង ៦ ទៅ ៧ អីឡើងគេដឹកចូលតែម្ដង។ វិនាសកម្មមែនទែនហើយនិយាយទៅ»។
ឆ្លើយតបការចោទប្រកាន់នេះ តំណាងក្រុមហ៊ុនសំអាតបាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ លោក អ៊ុំ រ៉េត បដិសេធថា ពុំមានការដឹកជញ្ជូនឈើពីក្រៅចូលផ្ទៃអាង ដូចការលើកឡើងរបស់ពលរដ្ឋនោះទេ។ លោកអះអាងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងប្រមូលឈើក្នុងផ្ទៃអាងជាង ៣ម៉ឺនហិកតារពុំទាន់អស់នៅឡើយ ហើយឈើដែលប្រមូលបាននោះមួយចំនួនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយមានការត្រួតពិនិត្យត្រឹមត្រូវពីមន្ទីរកសិកម្មខែត្រស្ទឹងត្រែង ឬមន្ត្រីរដ្ឋបាលព្រៃឈើ៖ «បើអត់មានការពិនិត្យពីមន្ទីរជំនាញហ្នឹង ចេញតែពីក្រៅអាងមិនរួចផង។ សុទ្ធតែមានលិខិតអនុញ្ញាតពី PC គេហៅ PC ហ្នឹង សុទ្ធតែមានមន្ត្រីជំនាញពិនិត្យឡើងឡានវាស់វែងហើយបានចេញលិខិតហ្នឹងមកបានមានការដឹកជញ្ជូនបាន»។
ចំណែកមេឃុំស្រែគរ លោក សៀក មេគង្គ រកឃើញថា បច្ចុប្បន្នសកម្មភាពកាប់ឈើនៅតំបន់ផ្សេងៗ គឺធ្វើឡើងច្រើនប្រភព មានពលរដ្ឋ និងឈ្មួញមកពីតំបន់ឆ្ងាយៗ។ លោកថា អាជ្ញាធរឃុំពុំប្រាកដថា ឈើដែលក្រុមហ៊ុនដឹកជញ្ជូននោះឋិតនៅក្រៅផ្ទៃអាង ឬយ៉ាងណាទេ ដោយសារលក្ខណៈភូមិសាស្ត្រផ្ទៃអាងធំធេងពេក៖ «មានដេប៉ូនៅត្រង់ហ្នឹងមែន តែក្រៅបាតអាង និងក្នុងបាតអាង គឺយើងមិនដឹង ព្រោះអត់មានយកទិន្នន័យជាក់លាក់»។
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ឲ្យដឹងនៅថ្ងៃទី១៧ ខែឧសភា ថា សកម្មភាពកាប់ឈើក្រៅផ្ទៃអាងកើតមានច្រើនឆ្នាំណាស់មកហើយ និងមានឈ្មួញកណ្ដាលដឹកឈើពីតំបន់ព្រៃការពារនៃស្រុកសៀមប៉ាង ដើម្បីបម្លែងជាឈើស្របច្បាប់ រួចដឹកចេញក្រៅ។ លោកជំរុញឲ្យក្រសួងពាក់ព័ន្ធស៊ើបអង្កេតរឿងនេះឲ្យបានត្រឹមត្រូវ៖ «ក្រុមហ៊ុនគួរតែសិក្សាពិចារណាវិញ ព្រោះអីឧកញ៉ា គិត ម៉េង គាត់មិនដឹងទេ។ មនុស្សដែលខិលខូចគឺអ្នកនៅក្រោមឱវាទគាត់តែងតែស្វែងរកឈើនៅខាងក្រៅមកស្តុកទុកផ្គត់ផ្គង់នៅរោងចក្រអារឈើ ហើយរោងចក្រអារឈើហ្នឹង មានថៅកែយួន ចិន ជាដើម កុម្ម៉ង់ច្រៀកចេញដើម្បីធ្វើការនាំចេញខ្លះ ផ្គត់ផ្គង់ផ្ទះប្រជាពលរដ្ឋខ្លះ ក៏ដូចជាផ្គត់ផ្គង់ឈើតាមដេប៉ូនានា ទូទាំងប្រទេសកម្ពុជាខ្លះ»។
ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានផ្ទៃដី ៣៦.០០០ហិកតារ ឋិតក្នុងស្រុកសេសាន ខែត្រស្ទឹងត្រែង ដែលមានក្រុមហ៊ុនឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ (Ang & Associate Lawyer Co., Ltd) របស់ឧកញ៉ា គិត ម៉េង ទទួលសិទ្ធិសម្អាតបាតអាងតាំងពីឆ្នាំ២០១២។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព ដើម្បីសុំការបញ្ជាក់បញ្ហានេះបានទេ នៅថ្ងៃទី១៧ ខែឧសភា ព្រោះទូរស័ព្ទហៅចូលពុំមានអ្នកទទួល។ តែទោះជាយ៉ាងណា លោកធ្លាប់លើកឡើងថា ក្រសួងកំពុងពិនិត្យសិក្សាពីលទ្ធផលរកឃើញក្នុងរបាយការណ៍របស់អង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន ហៅថា អ៊ី.អាយ.អេ (EIA)។
ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) បានរកឃើញថា ចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ខែមីនា ឆ្នាំ២០១៧ ដែលស្ថិតក្នុងរយៈពេលនៃបម្រាមរបស់រដ្ឋាភិបាលកម្ពុជា ឈើខុសច្បាប់ចំនួនប្រមាណ ៣០ម៉ឺនម៉ែត្រគូប ត្រូវបានកាប់ ជាពិសេសពីតំបន់ព្រៃការពារក្នុងឧទ្យានជាតិ រួចដឹកយកទៅប្រទេសវៀតណាម។ របាយការណ៍របស់ អ៊ី.អាយ.អេ ចេញផ្សាយនៅថ្ងៃទី៨ ឧសភា ស្ដីពីវិនាសកម្មព្រៃឈើនៅកម្ពុជា ដែលមានចំណងជើងថា "ជនល្មើសមុខដដែល៖ អាជីវកម្មជួញដូរឈើខុសច្បាប់របស់វៀតណាម គ្មានទីបញ្ចប់" ស្រាវជ្រាវឃើញថា មន្ត្រីកម្ពុជា ឃុបឃិតជាមួយយោធាអាជ្ញាធរវៀតណាម ដែលពុករលួយ បានប្រែរូបឈើខុសច្បាប់ពីកម្ពុជា ទៅជាឈើស្របច្បាប់វិញ ដើម្បីនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។ ក្រោយពីរបាយការណ៍របស់ អ៊ី.អាយ.អេ ចេញផ្សាយជាសាធារណៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលស្គាល់ថា ការកាប់ឈើខុសច្បាប់ក្នុងទឹកដីកម្ពុជា កំពុងកក្រើកឡើងវិញ ហើយអះអាងថា ខ្លួនកំពុងស៊ើបអង្កេតរឿងនេះ៕