មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ កំពុងព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅក្នុងខេត្តនេះ ប្រឈមនឹងការបាត់បង់សិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅពេលខាងមុខ។ ក្ដីបារម្ភនេះ កើតឡើងដោយសារកៀកថ្ងៃបោះឆ្នោតទៅហើយ តែពួកគាត់ភាគច្រើនមិនទាន់មានឯកសារគ្រប់គ្រាន់សម្រាប់យកទៅបោះឆ្នោតនៅឡើយ។
ប្រធានគណបក្សប្រឆាំង ខេត្តបន្ទាយមានជ័យ លើកឡើងថា ពលរដ្ឋដែលគ្មានឯកសារគ្រប់គ្រាន់សម្រាប់បោះឆ្នោតនៅក្នុងខេត្តមួយនេះ ហាក់មិនខ្វល់ខ្វាយរឿងទៅបោះឆ្នោតនោះទេ។
ប្រធានគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ លោក កែ សម្ភាសន៍ មានប្រសាសន៍នៅថ្ងៃទី១៥ ឧសភា ថា ពលរដ្ឋភាគច្រើននៅក្នុងខេត្តនេះពុំទទួលព័ត៌មានអំពីការត្រៀមឯកសារដើម្បីយកទៅបោះឆ្នោតឡើយ។ លោកសង្កត់ធ្ងន់ថា បញ្ហានេះដោយសារលេខាធិការរៀបចំការបោះឆ្នោត និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តបន្ទាយមានជ័យ ខ្វះការផ្សព្វផ្សាយព័ត៌មានពីការធ្វើលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោត ទៅដល់ពលរដ្ឋនៅតាមមូលដ្ឋាន៖ «យើងមានការព្រួយបារម្ភពលរដ្ឋបាត់សិទ្ធិក្នុងការបោះឆ្នោត។ ខ្ញុំសំណូមពរដល់អាជ្ញាធរ និងលេខាគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ធ្វើយ៉ាងណាជួយឲ្យពលរដ្ឋនៅទីដាច់ស្រយាលអាចធ្វើលិខិតបញ្ជាក់អត្តសញ្ញាណឲ្យបានគ្រប់គ្នា»។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានលេខាធិការគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ លោក ហ៊ី គឹមសេង អះអាងថា លោកបានសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋានចុះផ្សព្វផ្សាយព័ត៌មានឲ្យពលរដ្ឋទៅធ្វើលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោតដែរ ក៏ប៉ុន្តែពួកគាត់ហាក់មិនខ្វល់រឿងការធ្វើលិខិតសម្រាប់បោះឆ្នោតនោះទេ៖ «ខ្ញុំមិនដឹងជាមូលហេតុអី? ចាំមើលយើងនឹងព្យាយាមជំរុញបន្ថែមទៀត ដើម្បីឲ្យពលរដ្ឋយល់ថាគ្មានលិខិតបញ្ជាក់អត្តសញ្ញាណ បោះឆ្នោតមិនបាន។ ទន្ទឹមគ្នា យើងនឹងជំរុញឲ្យប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្ត ឲ្យជំរុញយកអត្តសញ្ញាណប័ណ្ណដែលធ្វើរួច ចែកដល់ពលរដ្ឋឲ្យបានឆាប់»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សម្គាល់ថា មូលហេតុដែលពលរដ្ឋមិនខ្វល់រឿងធ្វើលិខិតបញ្ជាក់សម្រាប់ការបោះឆ្នោត ដោយសារអ្នកខ្លះមានជីវភាពក្រីក្រ ហើយរវល់ធ្វើការងាររកប្រាក់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ និងខ្លះទៀតមិនយល់ពីសារសំខាន់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់៖ «ប៉ុន្តែបើសិនបើពួកគាត់មិនចូលរួម ធ្វើឲ្យប៉ះពាល់ទៅលើលទ្ធផលឆ្នោត ដែលធ្វើឲ្យគ្មានសមត្ថភាពជាប់ឆ្នោត ចំណែកអ្នកមានសមត្ថកិច្ចមិនជាប់ឆ្នោត។ មួយវិញទៀត ពលរដ្ឋមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំឃុំ-សង្កាត់របស់ពួកគាត់»។
នៅខេត្តបន្ទាយមានជ័យ ពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួច មានជាង ៣សែន ២ម៉ឺននាក់ (៣២៣.៩៥៦នាក់) និងមាន ៦៥ឃុំ-សង្កាត់។ ទន្ទឹមគ្នានេះ ពលរដ្ឋដែលពុំមានឯកសារគ្រប់គ្រាន់សម្រាប់បោះឆ្នោត មានជិត ២ម៉ឺននាក់ (១៩.០០០នាក់) ក្នុងនោះនៅក្រុងប៉ោយប៉ែត មានជិត ៥ពាន់នាក់ (៥.០០០នាក់)។
លោក ហ៊ី គឹមសេង អះអាងថា ប្រជាពលរដ្ឋដែលធ្វើលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតរួច គិតត្រឹមថ្ងៃទី១០ ឧសភា ទើបតែមានជាង ៦០០នាក់ទេ។ នៅខេត្តជាប់ព្រំដែនថៃ មួយនេះមានចំនួន ៧គណបក្សនយោបាយ ដែលបានចុះឈ្មោះប្រកួតប្រជែងបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ នេះ ក្នុងនោះមាន ២គណបក្សនយោបាយ ដែលបានដាក់បេក្ខជនគ្រប់ឃុំ-សង្កាត់ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ៕