Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

តុលាការ​មិន​ទាន់​អនុញ្ញាត​ឲ្យ​អង្គការ​នានា​ចូល​សួរ​សុខ​ទុក្ខ​មន្ត្រី​សិទ្ធិ​មនុស្ស​ជាប់​ឃុំ

$
0
0

មន្ត្រី​អង្គការ​អាដហុក (ADHOC) ថា​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ពួក​គេ​បាន​ចូល​សួរ​សុខ​ទុក្ខ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប និង​មន្ត្រី គ..ប លោក នី ចរិយា នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ពួក​គាត់​បាន​ដាក់​ពាក្យ​ស្នើសុំ​ជា​លើក​ទី​ពីរ​ជាង​មួយ​សប្ដាហ៍​ទៅ​ហើយ តែ​ពុំ​មាន​ការ​ឆ្លើយតប​ពី​ខាង​តុលាការ​ក្រុង​ភ្នំពេញ។

គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជិត ២​ខែ​ហើយ​ដែល​តុលាការ​ក្រុង​ភ្នំពេញ បាន​បិទ​ផ្លូវ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​មួយ​ចំនួន បាន​ចូល​សួរ​សុខ​ទុក្ខ​មន្ត្រី​សមាគម​អាដហុក ៤​រូប​នៅ​ពន្ធនាគារ​ព្រៃ​ស និង​មន្ត្រី គ..ប ១​រូប គឺ​លោក នី ចរិយា នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ)

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា ក្រោយ​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​បដិសេធ​មិន​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ​កាល​ពី​ដើម​ខែ​មេសា នោះ ខាង​លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​តុលាការ​ម្តង​ទៀត​កាល​ពី​ដើម​ខែ​ឧសភា ប៉ុន្តែ​ពុំ​ទាន់​មាន​ការ​ឆ្លើយតប​យ៉ាង​ណា​នោះ​ទេ​មក​ដល់​ពេល​នេះ។

លោក​លើក​ឡើង​ថា ប្រសិន​បើ​តុលាការ​ក្រុង​ភ្នំពេញ នៅ​តែ​មិន​អនុញ្ញាត​ឲ្យ​ពួក​បុគ្គលិក​សមាគម​អាដហុក បាន​ចូល​សួរ​សុខ​ទុក្ខ​មិត្តភ័ក្ដិ​រួម​ការងារ​នោះ​ទេ លោក​ចាត់​ទុក​ថា​នេះ​គឺ​ជា​ការ​យាយី និង​ដាក់​សម្ពាធ​លើ​មន្ត្រី​សិទ្ធិ​មនុស្ស៖ «»

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា មិន​បាន​ឆ្លើយតប​ថា​យ៉ាង​ណា​នោះ​ទេ​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា កំពុង​ឋិត​នៅ​ក្រៅ​ប្រទេស។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បាន​ចេញ​លិខិត​មួយ​ច្បាប់ ផ្ញើ​ទៅ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​នៃ​ក្រសួង​មហាផ្ទៃ និង​ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ​នៃ​ក្រសួង​មហាផ្ទៃ ដោយ​ស្នើ​ឲ្យ​ផ្អាក​ការ​អនុញ្ញាត​ឲ្យ​ចូល​ជួប​សួរ​សុខ​ទុក្ខ​មន្ត្រី​អាដហុក និង​មន្ត្រី គ..ប។ លិខិត​ដដែល​បន្ត​ថា ចៅក្រម​ស៊ើបសួរ​អនុញ្ញាត​ឲ្យ​តែ​គ្រួសារ និង​មេធាវី​ការពារ​ក្តី​ជន​ត្រូវ​ចោទ​ប៉ុណ្ណោះ អាច​ចូល​សួរ​សុខ​ទុក្ខ​បាន ហើយ​ក្រៅ​តែ​ពី​មេធាវី ត្រូវ​មាន​មន្ត្រី​អនុរក្ស​ពន្ធនាគារ​យ៉ាង​តិច​ម្នាក់​នៅ​អម​ជាមួយ​ជានិច្ច។ លិខិត​ដដែល​មិន​បញ្ជាក់​ហេតុផល​អ្វី​ឡើយ។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ គ្រប់​អង្គការ​ទាំងអស់​ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ពន្ធនាគារ​ទាំង ៥​រូប​នោះ ត្រូវ​បាន​តុលាការ​សម្រេច​ផ្អាក​រហូត​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​ឡើយ។ លោក​ថា ការ​ផ្អាក​នេះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ជន​ជាប់​ឃុំ​ទាំង ៥​រូប ព្រោះ​ពួក​គេ​នៅ​មាន​សិទ្ធិ​ជួប​ប្រាស្រ័យ​ជាមួយ​មិត្តភ័ក្ដិ​មក​ពី​អង្គការ​ផ្សេងៗ​ដើម្បី​លើក​ទឹក​ចិត្ត និង​កាត់​បន្ថយ​ការ​ធុញថប់​ក្នុង​អារម្មណ៍។

មន្ត្រី​អាដហុក​ទាំង ៤​រូប​រួម​មាន លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុន្នី ព្រម​ទាំង​លោក នី ចរិយា មន្ត្រី គ..ប ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រយៈពេល​ជាង ១​ឆ្នាំ​ហើយ ក្រោម​បទ​ចោទ «សូកប៉ាន់​សាក្សី» និង «សម​គំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី»

ចំពោះ​ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥​រូប​នេះ សហភាព​អឺរ៉ុប​ក្នុង​ស្រុក ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ដោយ​លើក​ឡើង​ថា វា​មាន​សារសំខាន់​ណាស់​ដែល​សិទ្ធិ​របស់​បុគ្គល​ទាំង ៥​រូប​នេះ ត្រូវ​បាន​គោរព​ដោយ​ពេញលេញ ហើយ​រាល់​ការ​រំលោភ​បំពាន​សិទ្ធិ​ណា​មួយ​របស់​ពួក​គេ​ក្រោម​ច្បាប់​កម្ពុជា និង​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​កម្ពុជា ជា​ហត្ថលេខី ត្រូវ​ទទួល​បាន​ការ​ដោះស្រាយ​ដោយ​សមស្រប។ ក្រុម​ការងារ​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​តាមដាន​បញ្ហា​នៃ​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត បាន​ចាត់​ទុក​ថា​ការ​ឃុំ​ខ្លួន​នោះ គឺ​ជា​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត និង​បាន​អំពាវនាវ​ឲ្យ​ដោះលែង​ពួក​គេ​ជា​បន្ទាន់។

មន្ត្រី​សមាគម​អាដហុក និង​មន្ត្រី​អង្គការ​ដទៃ​ទៀត​នៅ​តែ​ទទូច​ឲ្យ​តុលាការ អនុញ្ញាត​ឲ្យ​ពួក​គាត់​បាន​ចូល​សួរ​សុខ​ទុក្ខ និង​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​អាដហុក​ទាំង ៤​រូប និង​មន្ត្រី គ..ប ១​រូប​ដែល​ជា​មិត្តភ័ក្ដិ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles