កម្មកររោងចក្រដេរសំលៀកបំពាក់ចំនួន២ ក្នុងភូមិខ្នាយខាងជើង ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ ប្រមាណ ៧០០នាក់ ធ្វើកូដកម្មមិនចូលធ្វើការ ដោយសារថៅកែមិនឲ្យឈប់សម្រាកថ្ងៃបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ។
កម្មករផ្នែកដេរនៃរោងចក្រ សៀង ម៉ីង (Hsiang Ming) លោកស្រី ពាំង ថន ថ្លែងនៅថ្ងៃទី១៣ ឧសភា ថា មូលហេតុដែលកម្មករនាំគ្នាចេញធ្វើកូដកម្មទាំងពីរសាខាមិនចូលធ្វើការបែបនេះ គឺពួកគាត់ទាមទារឲ្យថៅកែគោរពច្បាប់ការងារតែ ២ចំណុចប៉ុណ្ណោះ។ បញ្ហាទី១ គឺពួកគេទាមទារឲ្យថៅកែគុណប្រាក់ឈ្នួលនៅពេលពួកគេធ្វើការថ្ងៃបុណ្យ និងស្នើកុំឲ្យប្ដូរ ឬលើកថ្ងៃបុណ្យជំនួសឲ្យពួកគេឈប់សម្រាកជាដើម។ ប៉ុន្តែការទាមទារនេះ ភាគីរោងចក្រមិនអើពើដោះស្រាយឡើយ៖ «កូដកម្មអត់ចង់ធ្វើការតែម្ដង គេតម្រូវឲ្យធ្វើការតែកម្មករទាំងអស់គេអត់ធ្វើ ប៉ុន្តែម្ចាស់រោងចក្រថា អត់ធ្វើគេឲ្យដាច់លុយថ្ងៃនេះ។ បុណ្យសម្ដេចហើយគេឲ្យយើងធ្វើការ បើអត់ធ្វើគេឲ្យដាច់លុយ ស្អែក ខានស្អែកក៏គេឲ្យធ្វើការ កម្មករទាំងអស់សុំតវ៉ាថា គេអត់ធ្វើ បើថ្ងៃអាទិត្យក៏អ៊ីចឹងដែរ គេឲ្យធ្វើ ៨ម៉ោង អត់គុណ (លុយ) អ៊ីចឹងកម្មករទាំងអស់អត់សុខចិត្ត និងអត់ព្រមដូចគ្នា»។
ប្រភពដដែលបានឲ្យដឹងថា ពួកគេនឹងមិនចូលធ្វើការឡើយ រហូតដល់ថ្ងៃច័ន្ទ នឹងជួបប្រជុំគ្នាម្ដងទៀត ដាក់សម្ពាធ និងទាមទារឲ្យថៅកែដោះស្រាយនូវបញ្ហានេះ៕