ពលរដ្ឋស្នើព្រះមហាក្សត្រធានាឲ្យមានការបោះឆ្នោតមួយដ៏ត្រឹមត្រូវ នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ។ ពលរដ្ឋលើកឡើងដូចនេះក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៤ យាងចូល ៦៥ព្រះវស្សានៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។
ពលរដ្ឋនៅតែមានជំនឿថា ព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មានសិទ្ធិអំណាចធ្វើឲ្យដំណើរការបោះឆ្នោតនៅពេលខាងមុខប្រព្រឹត្តទៅដោយគ្មានការភ័យខ្លាចក្នុងការបោះឆ្នោត។
ស្រដៀងគ្នាទៅនឹងការលើកឡើងរបស់ពលរដ្ឋ ព្រះមហាក្សត្រស្នើពលរដ្ឋកុំចាញ់សម្លុតគណបក្សនយោបាយ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧។
ពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ សព្វថ្ងៃប្រកបរបរត់ម៉ូតូ លោក ទាន ស៊ីនឿន ចង់ឃើញព្រះមហាក្សត្របន្តគង់ជាម្លប់ផ្ដល់ភាពសុខសាន្តដល់ប្រទេសកុំឲ្យមានជម្លោះកើតឡើង។ លោកថា ការបោះឆ្នោតថ្ងៃទី៤ ខែមិថុនា ខាងមុខ មានសារសំខាន់ ដូច្នេះលោកយល់ថា ព្រះមហាក្សត្រមានព្រះរាជតួនាទីថែរក្សាស្ថិរភាពនយោបាយក្នុងពេលបោះឆ្នោត៖ «»។
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា។ គិតមកដល់ថ្ងៃទី១៤ ខែឧសភា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មានព្រះជន្ម ៦៥ព្រះវស្សា។ ព្រះអង្គប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នារាជធានីភ្នំពេញ។ ព្រះអង្គគ្រងរាជសម្បត្តិតែមិនកាន់អំណាចទេ។
ក្រៅពីពលរដ្ឋលើកឡើងពីព្រះរាជតួនាទីរបស់ព្រះមហាក្សត្រក្នុងថ្ងៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ អ្នកនយោបាយគ្រប់និន្នាការនយោបាយ ក៏ផ្ញើលិខិតអបអរសាទរដល់ព្រះអង្គដែរ។
អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង ក្នុងសំណេរនៃលិខិតថ្វាយព្រះពរព្រះមហាក្សត្រ លោកលើកឡើងថា ព្រះមហាក្សត្រទ្រង់គិតគូរសុខទុក្ខពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ចំណែកលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថ្វាយព្រះពរដល់ព្រះមហាក្សត្រដែលទ្រង់បានបំពេញព្រះរាជកិច្ចដ៏ឧត្ដុង្គឧត្ដមជាព្រះមហាក្សត្រ និងព្រះប្រមុខរដ្ឋដើម្បីដឹកនាំប្រទេសឆ្ពោះទៅរកភាពសុខសាន្តរុងរឿងថ្កុំថ្កើង សម្បូរណ៍សប្បាយ សមដូចបំណងប្រាថ្នារបស់ពលរដ្ឋទូទាំងប្រទេស។
ចំណែកពលរដ្ឋមួយរូបទៀត លោក គីម វិទូអធិរាជ ចង់ឃើញព្រះមហាក្សត្រកោះហៅគណបក្សដែលសំឡេងនៅសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចូលព្រះរាជវាំងដើម្បីចរចាបញ្ចប់ជម្លោះនយោបាយ។ ប៉ុន្តែហាក់មិនសូវមានសង្ឃឹមថា ប្រមុខគណបក្ស ជាពិសេសគណបក្សកាន់អំណាច និងធ្វើតាមព្រះឱវាទរបស់ព្រះមហាក្សត្រនោះ៖ «»។
សំណើរបស់ពលរដ្ឋដែលចង់អោយមានស្ថិរភាពក្នុងពេលបោះឆ្នោតដូចនេះនៅប៉ុន្មានថ្ងៃក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានជាថ្មីថា នឹងមានសង្គ្រាមបើបក្សលោកមិនបានកាន់អំណាច។ ទីទៃពីការព្រមានរបស់លោក ហ៊ុន សែន ព្រះមហាក្សត្រស្នើពលរដ្ឋកុំឲ្យចាញ់សម្លុតជនណាម្នាក់ ឬគណបក្សនយោបាយណាមួយ ទាក់ទងនឹងការបោះឆ្នោតរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧។
ព្រះអង្គមានព្រះបន្ទូលក្នុងព្រះរាជសាររបស់ព្រះអង្គថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ នេះ គឺជាការបោះឆ្នោតជាទូទៅ ជាសាកល ដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះសូមកុំឲ្យមានការព្រួយបារម្ភពីការគាបសង្កត់ គំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សនយោបាយណាមួយឡើយ។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា កង្វល់របស់ពលរដ្ឋនៅពេលនេះ គឺព្រះមហាក្សត្រត្រូវដោះស្រាយ ព្រោះព្រះរាជតួនាទីរបស់ទ្រង់ ធ្វើយ៉ាងណាដើម្បីធានានូវយុត្តិធម៌សង្គម រក្សាស្ថិរភាពសង្គម ដែលជានិមិត្តរូបនៃសន្តិភាព។ លោកយល់ថា ការដែលពលរដ្ឋចាប់ផ្ដើមយល់ដឹងពីតួនាទីរបស់ព្រះមហាក្សត្រគឺជារឿងល្អ៖ «»។
រដ្ឋធម្មនុញ្ញមាត្រា៨ ចែងថា ព្រះមហាក្សត្រជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋ។
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យអានសៀវភៅ និងធ្វើសមាធិ។ ព្រះអង្គអាចមានព្រះរាជឱង្ការជាភាសាបារាំង ឆេក (Czech) អង់គ្លេស និងខ្មែរយ៉ាងស្ទាត់ជំនាញ ហើយក៏ចេះភាសាចិន ខ្លះៗផង។ ទម្លាប់ប្រចាំថ្ងៃរបស់ទ្រង់ គឺអនុវត្តលំហាត់ប្រាណដោយរត់ ឬជិះកង់ក្នុងបរិវេណព្រះបរមរាជវាំង៕
សូមស្ដាប់សេចក្ដីរាយការណ៍បន្ថែមរបស់លោក ប្រាជ្ញ ចេវ តាមការសាកសួររបស់លោក រាជ វិញ្ញូ អំពីទិដ្ឋភាពនៅម្ដុំព្រះបរមរាជវាំង៖