នៅថ្ងៃទី១៤ ខែឧសភា នេះ ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះជន្មាយុគម្រប់ ៦៤ព្រះវស្សា យាងចូល ៦៥ព្រះវស្សា។ តាមស្ថាប័ន និងគ្រឹះស្ថានសាធារណៈក្នុងរាជធានីភ្នំពេញ ភាគច្រើនបានដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះអង្គ ដោតទង់ជាតិ ទង់ជ្វាលា និងពាក្យស្លោកដែលមានន័យថ្វាយព្រះពរក្នុងថ្ងៃព្រះរាជពិធីចម្រើនព្រះជន្មាយុព្រះអង្គ។
ព្រះអង្គត្រូវពលរដ្ឋខ្មែរដែលគោរពស្រឡាញ់ចាត់ទុកជាព្រះមហាក្សត្រ ដែលមានព្រះទ័យស្លូតបូត និងមានព្រហ្មវិហារធម៌។ យ៉ាងណាក៏មានពលរដ្ឋជាច្រើនប្រាថ្នាអោយព្រះអង្គមានព្រះរាជសកម្មភាពក្លៀវក្លាដូចព្រះបិតា គឺព្រះបរមរតនកោដ្ឋ ព្រះករុណាសម្ដេចព្រះនរោត្តម សីហនុ។
ក្នុងព្រះរាជពិធីចម្រើនព្រះជន្មាយុព្រះមហាក្សត្រ ប្រជាពលរដ្ឋភាគច្រើនបង្ហាញទឹកចិត្តកោតសរសើរព្រះទ័យព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ សីហមុនី ក្នុងនាមព្រះមហាក្សត្រ ដែលទ្រង់គ្រងរាជសម្បត្តិ។
បុរសអ្នកដុតនំប៉័ងម្នាក់ លោក លឹម ប៉េងឡុង មានប្រសាសន៍ថា លោកប្រាថ្នាអោយព្រះមហាក្សត្រទ្រង់គង់នៅជាម្លប់ដល់ពលរដ្ឋទាំងអស់ ដោយទឹកព្រះទ័យដ៏ល្អរបស់ព្រះអង្គ។ លោកថា ព្រះមហាក្សត្រគង់នៅប្រទេសជាតិសម្បូរណ៍សប្បាយ មានសន្តិភាព។ លោក ប៉េងឡុង ពេញចិត្តនឹងព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រដែលតែងជួយដល់ពលរដ្ឋក្រខ្សត់៖ «»។
គិតត្រឹមថ្ងៃទី១៤ ខែឧសភា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះអង្គមានព្រះជន្ម ៦៤ព្រះវស្សា។ ព្រះអង្គទ្រង់ប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ។ ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។
ក្នុងប្រវត្តិនៃការសិក្សារបស់ព្រះអង្គបង្ហាញថា ព្រះអង្គមានជំនាញខាងផ្នែកសិល្បៈ របាំ ដូរ្យតន្ត្រី ល្ខោន និងភាពយន្ត។ ព្រះអង្គទទួលបានបរិញ្ញាបត្រជាន់ខ្ពស់នៃបណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីប្រាគ (Prague) ក្នុងប្រទេសឆេកូ (Czech Republic)។
ព្រះអង្គធ្លាប់ត្រូវជ្រើសតាំងជាឯកច្ឆន្ទ ជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងគង់ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា ប្រចាំអង្គការអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រនៃអង្គការសហប្រជាជាតិហៅកាត់ថា យូណេស្កូ (UNESCO) រួមនឹងស្នាព្រះហស្តជាច្រើនទៀត។ ក្រៅពីភាសាជាតិ ព្រះអង្គចេះភាសាបារាំង ភាសាឆេក និងភាសាអង់គ្លេស។ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសរើសជាឯកច្ឆន្ទ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងព្រះញាតិវង្ស សង្កេតឃើញថា ព្រះអង្គបានបំពេញព្រះរាជតួនាទីព្រះអង្គបានច្រើនហើយ បើប្រៀបធៀបនឹងអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ ធ្លាប់មានប្រសាសន៍ថា នៅមានខ្វះចន្លោះបន្តិចបន្តួចប៉ុណ្ណោះបើនិយាយដល់ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ ដែលចែងដោយរដ្ឋធម្មនុញ្ញ។
ទោះយ៉ាងណាលោកបណ្ឌិត រស់ រ៉ាវុធ រំលឹកថា ព្រះមហាក្សត្របានបំពេញតួនាទីសំខាន់ក្នុងការបង្រួបបង្រួមជាតិនៅក្រោយភាពចម្រូងចម្រាសនៃការបោះឆ្នោតកាលពីឆ្នាំ២០១៣៖ «ព្រះអង្គបានចូលរួមសកម្មភាពធំៗចំនួន២។ ទី១ ព្រះអង្គបានចូលរួមការបើកសភា ចូលរួមបង្រួបបង្រួមរវាងគណបក្សជាប់ឆ្នោតទាំង២។ ចំណុចទី២ ព្រះអង្គបានចុះផ្ទាល់ក្នុងព្រះរាជសកម្មភាពរបស់ព្រះអង្គជាមួយប្រជាពលរដ្ឋខ្មែរយើងដែលជួបប្រទះការលំបាក»។
ចំណែកព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលធ្លាប់ជាលេខាផ្ទាល់ព្រះមហាក្សត្រមានបន្ទូលថា បទដ្ឋានច្បាប់មួយចំនួនបានដកព្រះរាជតួនាទីរបស់ព្រះអង្គទៅវិញ៖ «សព្វថ្ងៃហ្នឹងបើសិនយើងនិយាយពីតួនាទីរបស់ព្រះអង្គ ព្រះមហាក្សត្រក្នុងនាមជាប្រធានឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម ជាប្រធានឧត្ដមប្រឹក្សាការពារជាតិ ចំណុចទាំង២ហ្នឹង ជាចំណុចសំខាន់បំផុត។ ខ្ញុំយល់ឃើញថា ការរៀបចំច្បាប់ជុំវិញស្ថាប័នទាំង២នេះ គឺដូចជាដកសិទ្ធិអំណាចរបស់លោក»។
លើសពីនេះព្រះអង្គម្ចាស់ ធម្មិកោ បានរិះគន់ច្បាប់ស្ដីពីការរៀបចំការបោះឆ្នោតថ្មី ដែលរៀបចំឡើងដោយគណបក្សនយោបាយ២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នោះថា បាន ធ្វើអោយប៉ះពាល់ព្រះរាជតួនាទីព្រះអង្គក្នុងការធានាឯកភាពជាតិ៖ «ឆ្លុះបញ្ចាំងអោយឃើញថា ព្រះមហាក្សត្រលោកអត់មានមនោសញ្ចេតនា មនោសម្បជញ្ញៈទេ លោកជានិមិត្តរូបនៃឯកភាពជាតិ លោកបែរជាអត់មានសិទ្ធិពន្យារពេលការប្រជុំសភាអីទេ គឺបន្ទាប់ពីប្រកាសលទ្ធផលបោះឆ្នោតហើយ គឺព្រះមហាក្សត្រត្រូវតែកោះប្រជុំសភា»។
ទាក់ទងដល់សំណើសុំរបស់ពលរដ្ឋដែលចង់ឃើញព្រះករុណាព្រះមហាក្សត្រ សម្ដេចព្រះនរោត្ដម សីហមុនី បន្តបំពេញព្រះរាជសកម្មភាពដូចព្រះបិតាព្រះអង្គនោះ ព្រះអង្គម្ចាស់ ធម្មិកោ បានលើកយកហេតុផលថា អាចមានមូលហេតុនយោបាយនៅខាងក្រោយ ដែលមិនអាចអោយព្រះអង្គបំពេញព្រះរាជសកម្មភាពបានតាមទឹកព្រះទ័យព្រះអង្គ។
តំណាងរាស្ត្រ និងជាមន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ឆ្លើយតបថា ការលើកឡើងរបស់ព្រះអង្គម្ចាស់ ធម្មិកោ គឺដោយសារព្រះអង្គមានព្រះទ័យលំអៀង ឬមិនយល់ច្បាប់៖ «បើរដ្ឋធម្មនុញ្ញយើងចែងថា ព្រះមហាក្សត្រគ្រងរាជ្យតែមិនកាន់អំណាច តើអោយព្រះអង្គមានសកម្មភាពយ៉ាងម៉េចផ្នែកនយោបាយ វាខុសគ្នាពីព្រះអង្គបិតា កាលណោះព្រះអង្គធ្វើប្រមុខរដ្ឋផង។ រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រទី១ និងបច្ចុប្បន្នខុសគ្នា។ គណបក្សប្រជាជនជាអ្នករាជានិយមតាំងពីដើមមកដែលយើងអនុវត្តតែត្រឹមត្រូវតាមគោលការណ៍ដែលចែងក្នុងរដ្ឋធម្មនុញ្ញ ហើយនិយាយពីរដ្ឋធម្មនុញ្ញនេះមិនមែនតែគណបក្សប្រជាជនអ្នកកសាងឯណា»។
យ៉ាងណាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា ការពិតគឺគេមិនអាចតម្រូវអោយព្រះមហាក្សត្រអង្គណាធ្វើតាមអង្គណាបានឡើយ។ លោកថា ព្រះមហាក្សត្រមានសេរីភាពបំពេញព្រះរាជសកម្មភាពព្រះអង្គ៖ «អ៊ីចឹងហើយបានជាខ្ញុំសុំអោយព្រះអង្គមានសកម្មភាពខ្លាំងជាងមុន។ ជាធម្មតាយើងមិនអាចប្រៀបធៀបពីព្រះមហាក្សត្រមួយទៅព្រះមហាក្សត្រមួយទេ ក៏ប៉ុន្តែព្រះអង្គបានបំពេញតួនាទីដូចរដ្ឋធម្មនុញ្ញហើយ មិនអាចបំពេញអោយលើសពីរដ្ឋធម្មនុញ្ញបានទេ»។
នៅក្នុងសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រក្នុងព្រះរាជពិធីចម្រើនព្រះជន្ម ទាំងអ្នកនយោបាយ ទាំងមន្រ្តីរដ្ឋាភិបាល បានថ្វាយព្រះពរព្រះអង្គក្នុងព្រះនាមជាព្រះមហាក្សត្រដែលមានព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការដោះស្រាយទុក្ខលំបាក និងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ៕