មន្ត្រីរៀបចំការបោះឆ្នោត និងក្រុមអ្នកសង្កេតការណ៍អង្គការក្រៅរដ្ឋាភិបាលនៅខេត្តរតនគិរី បារម្ភអំពីការជ្រើសរើសមន្ត្រីសម្រាប់ការិយាល័យបោះឆ្នោតមួយចំនួនឋិតនៅតំបន់ជនបទដែលមិនមានធនធានមនុស្សគ្រប់គ្រាន់ ដាក់ពាក្យបម្រើការងារនេះនៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤។
មន្ត្រីរៀបចំការបោះឆ្នោតខេត្តរតនគិរី អំពាវនាវឲ្យពលរដ្ឋ ជាពិសេសគ្រូបង្រៀននៅតាមមូលដ្ឋានជនបទដាច់ស្រយាលចូលរួមដាក់ពាក្យធ្វើជាមន្ត្រីគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតដើម្បីឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ ប្រព្រឹត្តទៅបានរលូន។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដាក់គោលការណ៍ឲ្យមន្ត្រីរៀបចំការបោះឆ្នោតតាមបណ្ដាខេត្តរាជធានីជ្រើសរើសគណៈកម្មការមានសមាសភាព ៦នាក់ សម្រាប់ធ្វើការនៅតាមការិយាល័យបោះឆ្នោត។ បេក្ខជនត្រូវដាក់ពាក្យស្នើសុំនៅគណៈកម្មការឃុំ-សង្កាត់ រៀបចំបោះឆ្នោតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភា។ បេក្ខជនឈរឈ្មោះត្រូវមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងរស់នៅតាមឃុំ-សង្កាត់ដែលខ្លួនដាក់ពាក្យផ្ទាល់ជាការប្រសើរ។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី លោក ប៉ែន ឈុនឌី បញ្ជាក់នៅថ្ងៃទី១៣ ខែឧសភា ថា គណៈកម្មការខេត្តរៀបចំការបោះឆ្នោត បានផ្សព្វផ្សាយទាក់ទិនករណីជ្រើសរើសគណៈកម្មការការិយាល័យបោះឆ្នោតនេះរួចហើយ សម្រាប់ការដាក់ពាក្យរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤។ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ គឺសម្រាប់ធ្វើសម្ភាសន៍បេក្ខជនដែលបានដាក់ពាក្យ។
លោកកត់សំគាល់ថា កង្វះខាតធនធានមនុស្សនៅតំបន់ជនបទគឺជាបទពិសោធន៍ដែលធ្វើឲ្យមានការបារម្ភពីការជ្រើសរើសមន្ត្រីការិយាល័យបោះឆ្នោតនៅពេលខាងមុខ៖ «ឆ្នាំ២០១៣ យើងមានការលំបាកដែរ។ សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋអ្នកជាកូនសិស្ស ជាគ្រូបង្រៀនកន្លែងណាដែលលំបាកៗហ្នឹងសុំឲ្យដាក់ពាក្យចូលរួមជាមន្ត្រីការិយាល័យបោះឆ្នោត»។
មន្ត្រីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតបំពេញការងារបីថ្ងៃរួមមាន ពីរថ្ងៃសម្រាប់ការបណ្ដុះបណ្ដាល និងមួយថ្ងៃនៅថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
ប្រធានការិយាល័យបោះឆ្នោតទទួលប្រាក់ឧបត្ថម្ភចំនួន ២២ម៉ឺនរៀល អនុប្រធាន ២០ម៉ឺនរៀល លេខាធិការ ១៨ម៉ឺនរៀល និងសមាជិក ចំនួន ១៦ម៉ឺនរៀល។
លេខាគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក ជួន ភីនដារ៉ា បញ្ជាក់ថា មន្ត្រីសង្កេតការណ៍ និងមន្ត្រីរៀបចំការបោះឆ្នោតថ្នាក់ខេត្តបានលើកបញ្ហានេះមកពិភាក្សាគ្នាដើម្បីស្វែងរកលទ្ធភាពដោះស្រាយទាន់ពេលវេលាប្រសិនការជ្រើសរើសមន្ត្រីការិយាល័យបោះឆ្នោតមិនអាចធ្វើទៅបានដោយរលូន។
លោកបន្តថា ពលរដ្ឋនៅតំបន់ផ្សេងអាចដាក់ពាក្យចូលបម្រើជាមន្ត្រីការិយាល័យបោះឆ្នោតដែលមិនមានពលរដ្ឋចុះឈ្មោះគ្រប់ចំនួន ក៏ប៉ុន្តែការបាត់បង់សិទ្ធិបោះឆ្នោតចំពោះពលរដ្ឋនឹងកើតមាន ពីព្រោះមន្ត្រីការិយាល័យបោះឆ្នោតមិនមានពេលទៅបោះឆ្នោតនៅឃុំ-សង្កាត់ ដែលខ្លួនបានចុះឈ្មោះនោះទេ៖ «ជាព័ត៌មានល្អ ព្រោះប្រជាពលរដ្ឋយើងបាត់បង់សិទ្ធិហើយកាលណាគាត់រើសពីក្រៅ ព្រោះគម្រោងខ្ញុំដឹងថា នៅមូលដ្ឋានដាច់ស្រយាលអត់មានមនុស្សទេ»។
ស្រដៀងគ្នានេះដែរ គ្រូបង្គោលនៃគណៈកម្មការខេត្តរៀបចំការបោះឆ្នោតប្រចាំស្រុកវ៉ឺនសៃ លោក ទូច ប៊ុនធឿន ទទួលស្គាល់ថា ករណីបាត់បង់សិទ្ធិបោះឆ្នោតពិតជាកើតមាន ប្រសិនបើពលរដ្ឋ
ចូលបម្រើការនៅការិយាល័យបោះឆ្នោតក្រៅពីឃុំ-សង្កាត់ ដែលខ្លួនបានចុះឈ្មោះបោះឆ្នោត។
លោកអំពាវនាវឲ្យពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅឃុំ-សង្កាត់ ដែលខ្លួនរស់នៅស្ម័គ្រចិត្តចូលបម្រើការសម្រាប់មន្ត្រីការិយាល័យបោះឆ្នោតដើម្បីរួមចំណែកធ្វើឲ្យបរិយាកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រព្រឹត្តទៅបានល្អប្រសើរ៖ «គណៈកម្មការការិយាល័យបោះឆ្នោតគាត់គ្មានពេលមួយនាទី ពីរនាទីដើរចេញពីការិយាល័យបានទេ គាត់ត្រូវបាត់បង់ការបោះឆ្នោតហើយ»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា។ នៅខេត្តរតនគិរី គណបក្សនយោបាយចំនួន៦ បានដាក់បេក្ខជនឈរឈ្មោះប្រកួតប្រជែងនៅតាមឃុំ-សង្កាត់ចំនួន៥០ ដែលមានការិយាល័យបោះឆ្នោតសរុប ២៧៣ការិយាល័យ៕