Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ប្រារព្ធ​ទិវា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ដើម្បី​ប្រឆាំង​ការ​រើសអើង

$
0
0

ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ជំងឺ​អេដស៍​ជាង ១០០​នាក់ សហការ​គ្នា​ធ្វើ​ពិធី​បើក​ជា​ផ្លូវការ​នៃ​សប្ដាហ៍​មោទនភាព​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​ឧសភា។

សប្ដាហ៍​មោទនភាព​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដែល​សមាជិក​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​អ្នក​ពាក់ព័ន្ធ​ប្រារព្ធ​បើក​ពិធី​នៅ​ឆ្នាំ​នេះ ក្រោម​ប្រធានបទ​ថា "គ្រួសារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​ខ្ញុំ​គឺ​ខ្ញុំ"។

នាយក​ប្រតិបត្តិ​អង្គការ​ខាណា លោក ជួប សុខចំរើន ថ្លែង​ថា ពិធី​នេះ​បង្ហាញ​ពី​សាមគ្គីភាព​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដែល​ប្រឈម​ការ​រើសអើង​មាក់ងាយ​នៅ​ប្រទេស​កម្ពុជា ហើយ​ក៏​បង្ហាញ​ថា ជា​ពេល​វេលា ដែល​កម្ពុជា​គួរ​មាន​ច្បាប់​ប្រឆាំង​ការ​រើសអើង​នេះ៖ «ការ​គាំទ្រ និង​ការ​លើក​ទឹក​ចិត្ត គឺ​ជំរុញ​ពួក​គាត់ ធ្វើ​ឲ្យ​គាត់​កាន់​តែ​មាន​ឆន្ទៈ និង​ចូលរួម​នៅ​ក្នុង​សង្គម​របស់​យើង​កាន់តែ​ល្អ​ថែម​ទៀត។ យើង​ឃើញ​ថា ពួក​គាត់​មាន​ទេពកោសល្យ​ច្រើន​ណាស់ ទាំង​ការ​សម្ដែង ទាំង​ការ​បង្ហាញ​អំពី​ភាព​ប៉ិនប្រសប់ ទាំង​ផ្នែក​សិល្បៈ ទាំង​ផ្នែក​ចំណេះដឹង​ក៏​មាន​ច្រើន។ អ៊ីចឹង បើសិនជា​យើង​អាច​ចាប់​ផ្ដើម​ពី​ឪពុក​ម្ដាយ បញ្ឈប់​ការ​ប្រមាទ ការ​មាក់ងាយ ការ​រើសអើង ការ​ដេញ​កូន​ចេញ​ពី​គ្រួសារ​គ្រាន់​តែ​ភាព​ខុស​ពី​អ្វី ដែល​យើង​ថា មិន​ត្រូវ​នឹង​ធម្មជាតិ ហើយ​គាត់​គ្រាន់​បង្ហាញ​ពី​ការ​ពេញ​ចិត្ត​ពួក​គាត់ យើង​ដេញ​ពួក​គាត់ គឺ​ជា​ការ​បាត់បង់​មួយ​ធំធេង។ គាំទ្រ​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដើម្បី​ឲ្យ​ពួក​គាត់​បន្ត​ចូលរួម​នូវ​ការ​អភិវឌ្ឍ​ផ្សេងៗ»

ទិវា​អន្តរជាតិ​ប្រឆាំង​ការ​រើស​អើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​អ្នក​ប្ដូរ​ភេទ ដែល​ត្រូវ​បាន​ប្រទេស​ចំនួន ១០៨​ប្រទេស ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ខែ​ឧសភា ជា​រៀងរាល់​ឆ្នាំ។ ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ពិធី​នេះ​ជា​ទ្រង់ទ្រាយ​តូច​ជាង ១០​ឆ្នាំ​មក​ហើយ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​លើក​កម្ពស់​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ត្រូវ​បាន​គេ​រើសអើង ទាំង​នៅ​ក្នុង​សង្គម​គ្រួសារ និង​នៅ​ក្នុង​សង្គម​ជាតិ។

ប្រធាន​បណ្ដាញ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា "ចតុមុខ" និង​ជា​ស្ត្រី​ស្រឡាញ់​ភេទ​ដូច​គ្នា កញ្ញា ឈុន មុន្នីវិច្ឆរ៉ា ថ្លែង​ថា ពួក​នាង​ជា​រឿយៗ ជួប​នឹង​បញ្ហា​ប្រឈម​ការ​រារាំង​ពី​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​មិន​ឲ្យ​ស្រឡាញ់​ភេទ​ដូច​គ្នា​ទេ៖ «ទី​មួយ​គាត់​យល់​ថា ខ្លាច​បាត់បង់​អនាគត។ ទី​ពីរ​គាត់​យល់​ថា មាន​ការ​បោកប្រាស់ ឬ​ក៏​ឆបោក​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ទី​បី គាត់​ថា ខ្លាច​អត់​មាន​អ្វី​ត​ពូជពង្សវង្សត្រកូល។ អ៊ីចឹង​អ្វី​ដែល​សំខាន់​ជាង​គេ គឺ​ផ្ដើម​ចេញ​ពី​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល ដែល​នៅ​កៀក​គាត់​បំផុត ហើយ​មាត់​ទៀត​ក៏​ទាក់ទង​នឹង​អាជ្ញាធរ គាត់​ក៏​អត់​ហ៊ាន​ចេញ​ច្បាប់​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​ដែរ ដោយសារ​ច្បាប់​យើង​អត់​ទាន់​មាន​ទេ»

ចូលរួម​ក្នុង​ពិធី​នេះ​ដែរ តំណាង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) មាន​ប្រសាសន៍​ថា សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា គឺ​ជា​សិទ្ធិ​មនុស្ស​របស់​បុគ្គល​គ្រប់​រូប ដោយ​គ្មាន​ការ​បែង​ថា អ្នក​នោះ​ជា​នរណា ឬ​ស្រឡាញ់​នរណា​ឡើយ។

អ្នកស្រី​ថ្លែង​ថា ស្រប​ពេល​ដែល​នៅ​កម្ពុជា មាន​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​យ៉ាង​សកម្ម ដែល​ប្រទេស​ដទៃ​មិន​មាន​សហគមន៍​នេះ​ឡើយ។ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ប្រទេស​ខ្លះ មិន​ត្រឹម​តែ​គេ​មាក់ងាយ​ផាត់​ចេញ​ពី​សង្គម​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​គេ​សម្លាប់​ទៀត។ អ្នកស្រី​ផ្ដល់​យោបល់​ថា កម្ពុជា​ត្រូវ​ឈាន​មួយ​ជំហាន​ទៀត ដើម្បី​លើក​ស្ទួយ​សិទ្ធិ​របស់​​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ព្រោះ​ពេល​នេះ ការ​ស្រឡាញ់​មនុស្ស​ភេទ​ដូច​គ្នា​មិន​ខុស​ច្បាប់​ទេ ហើយ​ការ​រើសអើង​ក៏​មិន​ខុស​ច្បាប់​ដែរ។

អ្នកស្រី​ថា នេះ​ជា​ភាព​ចន្លោះ​ប្រហោង​ដែល​គួរ​រួម​គ្នា​បិទ ដោយ​ការ​បង្កើត​ឲ្យ​មាន​ច្បាប់​ប្រឆាំង​ការ​រើសអើង៖ «ហើយ​ច្បាប់​នេះ ត្រូវ​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់រូប​ដែល​ត្រូវ​គេ​បំភ្លេច​ចោល អ្នក​ដែល​នៅ​ក្នុង​សហគមន៍​ស្រឡាញ់​ភេទ​ដូច​គ្នា អ្នក​ដែល​ត្រូវ​បាន​រើសអើង​ដោយ​សង្គម សាលា មន្ទីរពេទ្យ និង​វិស័យ​ផ្សេង​ទៀត។ អង្គការ​សង្គម​ស៊ីវិល​យល់ស្រប​មតិ​លោក​អ្នក ដែល​ដាក់​ប្រធានបទ​ឆ្នាំ​នេះ​ថា សិទ្ធិ​បង្កើត​គ្រួសារ។ ខ្ញុំ​សុំ​អះអាង​ថា គ្រួសារ គឺ​ជា​កត្តា​សំខាន់​ចំពោះ​សង្គម ដូច​ដែល​បញ្ជាក់​នៅ​ក្នុង​គោលការណ៍​សិទ្ធិមនុស្ស ហើយ​គោលការណ៍​នេះ អនុវត្ត​ចំពោះ​យើង​ទាំង​អស់​គ្នា។ ព្រោះ​យើង​ជា​មនុស្ស យើង​មិន​ចាំ​បាច់​មាន​ហេតុផល​អ្វី ដើម្បី​ទាមទារ​សិទ្ធិមនុស្ស​នោះ។ ភាព​ចន្លោះ​ប្រហោង​ដែល​យើង​បាន​កំណត់ សុទ្ធតែ​អនុវត្ត​បាន។ ខ្ញុំ​សង្ឃឹម​ថា ការ​ចំណាយ​ឋាមពល​ប៉ុន្មាន​ឆ្នាំ​មក​នេះ យើង​នឹង​អាច​នាំ​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ឆ្ពោះ​ទៅ​មុខ​មួយ​ជំហាន​ទៀត ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​អ្នក​ការពារ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នាំ​មុខ​គេ»

អ្នកស្រី​រំពឹង​ថា ក្នុង​សប្ដាហ៍​មោទនភាព​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ក្នុង​មួយ​សប្ដាហ៍​នេះ គឺ​អាច​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​បាន​ជួប​ផ្លាស់ប្ដូរ​យោបល់​គ្នា អំពី​ភាព​ប្រឈម ទាំង​ក្នុង​វិស័យ​អប់រំ សុខាភិបាល ដើម្បី​លើក​ស្ទួយ​សិទ្ធិ​ពួក​គេ និង​ការ​ចងក្រង​គ្នា​ជា​គ្រួសារ​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដែល​ស្នូល​សំខាន់​នៃ​សង្គម។

អនុ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា វេជ្ជ​បណ្ឌិត ឡាំ ប៊ុនសេង ឲ្យ​ដឹង​ថា អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា ពេល​នេះ មាន​រាប់​ម៉ឺន​នាក់ ហើយ​អ្នក​ទាំង​នេះ​ជា​ធនធាន​សង្គម ព្រោះ​មាន​ចំណេះ​ដឹង និង​ទេពកោសល្យ​របស់​គេ​រៀងៗ​ខ្លួន។

ការ​បើក​ពិធី​ជា​ផ្លូវ​ការ​នៃ​សប្ដាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា នេះ ត្រូវ​បាន​ចូល​រួម​ដោយ​បណ្ដាញ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា មាន​ជា​អាទិ បណ្ដាញ​ចតុមុខ សហគមន៍​ឥន្ទធនូ​កម្ពុជា អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋាភិបាល​ផ្នែក​សុខភាព និង​ជំងឺ​អេដស៍ មន្ត្រី​ស្ថានទូត និង​អង្គការ​សហប្រជាជាតិ​ផង។ កម្មវិធី​នេះ នឹង​បន្ត​ទៅ​តាម​បណ្ដា​ខេត្ត​រហូត​ដល់​ទី​២២ ខែ​ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles