គណបក្សប្រឆាំងអះអាងថា បច្ចុប្បន្នមានពលរដ្ឋជិតកន្លះលាននាក់ ដែលអាចប្រឈមនឹងការមិនអាចបោះឆ្នោតបាន ដោយសារខ្វះឯកសារ។ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តម្រូវឲ្យពលរដ្ឋដែលពុំមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវធ្វើលិខិតបញ្ជាក់អត្តសញ្ញាណជាថ្មី ដាច់ដោយឡែកមួយទៀត ទើបអាចមានសិទ្ធិបោះឆ្នោតបាន។
អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើកិច្ចការលើការបោះឆ្នោត និងបក្សប្រឆាំង ដាក់ការព្រួយបារម្ភថា នីតិវិធីដែលមានភាពស្មុគស្មាញនៅក្នុងច្បាប់ស្ដីពីការបោះឆ្នោតឃុំ-សង្កាត់នេះ អាចជាការបិទផ្លូវចំពោះពលរដ្ឋណាដែលមានតែប័ណ្ណព័ត៌មាននៅក្នុងដៃ ប៉ុន្តែពុំមានអត្តសញ្ញាណប័ណ្ណ ឬលិខិតបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោតឃុំ-សង្កាត់។
ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្គ្រោះជាតិ អ្នកស្រី ម៉េង សុភារី យល់ឃើញថា វាជាបញ្ហានៅពេលដែលអ្នកបោះឆ្នោត ពុំមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ ដូចជាមិនមានអត្តសញ្ញាណប័ណ្ណ ឬលិខិតបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោតទេ។ អ្នកស្រីបន្តថា អ្នកទាំងនោះប្រាកដណាស់ អាចនឹងមានសិទ្ធិពេញលេញ ដើម្បីបានបោះឆ្នោតឡើយ។
អ្នកស្រីឲ្យដឹងថា ផ្អែកលើរបាយការណ៍ដែលចេញដោយ គ.ជ.ប ពលរដ្ឋដែលប្រឈមនឹងបញ្ហាទាំងនេះមានជិតកន្លះលាននាក់ ក្នុងចំណោមពលរដ្ឋដែលមាននៅក្នុងបញ្ជីបោះឆ្នោតសរុបជាង ៧,៨លាននៅទូទាំងប្រទេស៖ «ចំពោះប្រជាពលរដ្ឋដែលចុះឈ្មោះដោយប្រើលិខិតបញ្ជាក់អត្តសញ្ញាណតាមការឲ្យដឹងពី គ.ជ.ប មកមានចំនួនប្រហាក់ប្រហែល ៤៣ម៉ឺននាក់»។
បទបញ្ជា និងនីតិវិធីសម្រាប់បម្រើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រការ ៣៥ ដែលចេញដោយ គ.ជ.ប ចែងថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ត្រូវមាន ១.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ២. ឬមានឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ដែលចេញដោយគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ និងមេឃុំ-ចៅសង្កាត់។ ក្នុងករណីពលរដ្ឋពុំមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ ហើយដើម្បីមានសិទ្ធិបោះឆ្នោតបាន ត្រូវស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណមួយលើកទៀត។
នីតិវិធីរបស់ គ.ជ.ប បានកំណត់ថា ដើម្បីអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបាន ត្រូវមានលក្ខខណ្ឌមួយចំនួនរួមមានសាមីខ្លួនត្រូវមានថត ៣ x ៤ បីសន្លឹក។ ត្រូវនាំសាក្សី ២រូប ហើយសាក្សីនោះទៀតសោត ត្រូវមានសិទ្ធិបោះឆ្នោតផង និងមានទីលំនៅ ឬទីសំណាក់នៅក្នុងឃុំ-សង្កាត់ជាមួយផង។ ប្រសិនបើអ្នកបោះឆ្នោត ពុំបានបំពេញលក្ខខណ្ឌទាំងនេះទេ មិនអនុញ្ញាតឲ្យបោះឆ្នោតបានឡើយ។
ច្បាប់ស្ដីពីការបោះឆ្នោតថ្មីនេះ តម្រូវឲ្យពលរដ្ឋដែលមានអាយុគ្រប់ចុះឈ្មោះបោះឆ្នោតអនុវត្តដំណាក់កាល២ចំណុចសំខាន់។ ទី១ អ្នកបោះឆ្នោតត្រូវទៅចុះឈ្មោះនៅតាមការិយាល័យបោះឆ្នោត ស្ថិតក្នុងឃុំ-សង្កាត់ដែលខ្លួនរស់នៅ។ ចំណុចនេះមានន័យថា ពលរដ្ឋត្រូវស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើឲ្យការចុះឈ្មោះបោះឆ្នោត។ក្នុងដំណាក់កាលនេះ បើអ្នកបោះឆ្នោតពុំមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណនោះ ត្រូវខូចខាត និងបាត់បង់ អ្នកបោះឆ្នោតត្រូវបំពេញលក្ខខណ្ឌមួយជំហានទៀត គឺត្រូវស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណជាលើកទី២ទៀត សម្រាប់បម្រើឲ្យការបោះឆ្នោត ទើបអាចមានសិទ្ធិបោះឆ្នោតបាន។
ពាក់ព័ន្ធរឿងនេះ គ.ជ.ប កាលពីថ្ងៃទី១៨ ខែមេសា បានចេញសេចក្ដីណែនាំស្ដីពីនីតិវិធីនៃការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណដែលមានរយៈពេលកំណត់ពីថ្ងៃទី៤ ខែឧសភា និងបញ្ចប់ទៅវិញ នៅថ្ងៃទី២ ខែមិថុនា។យ៉ាងនេះក្តី គណបក្សប្រឆាំងរិះគន់ថា គោលការណ៍ដែលចេញដោយ គ.ជ.ប សម្រាប់ការស្នើសុំឯកសារនេះគឺពលរដ្ឋទទួលបានព័ត៌មានតិចតួចណាស់ ព្រោះតែរងការគំរាមកំហែង និងបម្រាមរបស់អាជ្ញាធរនៅថ្នាក់មូលដ្ឋានជានិច្ច។
ឆ្លើយតបនឹងការរិះគន់នេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា អះអាងកាលពីយប់ថ្ងៃទី១១ ខែឧសភា ថា ការប្រឈមដែលរកឃើញថា មិនអាចចុះផ្សព្វផ្សាយបាននេះ ទំនងផ្ដើមចេញពីអ្នកផ្សព្វផ្សាយច្រើនជាងការចោទប្រកាន់ថា ចិត្តចង្អៀតចង្អល់របស់អាជ្ញាធរ៖ «សូមជម្រាបថា ១.៦៤៦ឃុំ-សង្កាត់ បញ្ហាកើតមានឡើងតែចំនួនឃុំ-សង្កាត់តិចតួចបំផុត។ ដូច្នេះការដែលព្យាយាមលើកយកចំណុចនៃការខ្វះខាតបន្តិចបន្តួចនេះ ជួនកាលក៏អាចកើតចេញពីអាកប្បកិរិយា និងឥរិយាបថរបស់អ្នកផ្សព្វផ្សាយនោះដែរ បើសិនជាក្នុងឥរិយាបថមួយមិនសហការជាមួយអាជ្ញាធរដែនដីប្រហែលក៏កើតមានបញ្ហានេះ»។
អង្គការសង្គមស៊ីវិលដែលឃ្លាំមើលពីដំណើរការបោះឆ្នោត មានជំនឿថា មានពលរដ្ឋតិចតួចប៉ុណ្ណោះ ដែលបានដឹងពីព័ត៌មានស្ដីពីការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើឲ្យការបោះឆ្នោតនេះ។ ក្នុងចំណោមហេតុផលទាំងនេះ អ្នកជំនាញកិច្ចការបោះឆ្នោតរបស់អង្គការខុមហ្រ្វែល (COMFREL) យល់ឃើញថា អ្នកដែលបានចុះឈ្មោះ នៅតាមការិយាល័យលើកទី១ ហើយទទួលបានព័ត៌មានអំពីទីតាំងបោះឆ្នោត លេខកូដ និងឈ្មោះជាដើម គឺពួកគេអាចទៅបោះឆ្នោតបានហើយ។ ប៉ុន្តែផ្ទុយទៅវិញ នេះគ្រាន់តែជាប័ណ្ណព័ត៌មានប៉ុណ្ណោះ ប្រសិនបើអ្នកចុះឈ្មោះនោះ ចុះតាមរយៈការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណ ហើយពុំមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ នោះមានន័យថា ពួកគេពុំអាចទៅបោះឆ្នោតបានឡើយ។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា ដើម្បីបញ្ចៀសពីការប្រឈមមុខដាក់គ្នាត្រូវប្រគល់ភារៈនៃការផ្សព្វផ្សាយនេះឲ្យទៅ គ.ជ.ប ជាអ្នកអនុវត្តដោយផ្ទាល់វិញ ប្រហែលអាចចៀសវាងបញ្ហាបាន។ លោកបន្តថា កន្លងទៅកម្ពុជាធ្លាប់មានពិសោធន៍គ្រប់គ្រាន់មកហើយ ដែលភារៈផ្សព្វផ្សាយសារនេះ ជាការទទួលបន្ទុកដោយ គ.ជ.ប ហើយតែងទទួលបានផលជាវិជ្ជមានច្រើនជាងភ្នាក់ងារបក្សនយោបាយចុះអនុវត្ត។
លោកបន្តថា៖ «យើងឃើញ គ.ជ.ប ប្រើប្រាស់មីក្រូលើកមុនគឺឃើញមានប្រសិទ្ធភាព។ បើសិនជា គ.ជ.ប អាចមានលទ្ធភាពពេលហ្នឹងគួរតែបន្ថែមនៃការប្រកាសមីក្រូហ្នឹង ហើយបើឲ្យភាគីពាក់ព័ន្ធប្រកាសវិញ តើ គ.ជ.ប ហ៊ានអះអាង ហើយ គ.ជ.ប ហ៊ានអារកាត់ថា ភាគីពាក់ព័ន្ធអាចមានសិទ្ធិសេរីភាពក្នុងការផ្សព្វផ្សាយព័ត៌មានដែរ ឬយ៉ាងណា»។
អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើកិច្ចការលើការបោះឆ្នោតយល់ឃើញថា ប្រសិនបើពលរដ្ឋជិតកន្លះលាននាក់នេះ មិនអាចមានសិទ្ធិបោះឆ្នោតបានទេ ទំនងនៅតាមការិយាល័យបោះឆ្នោតខ្លះ អាចផ្ទុះការតវ៉ា។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញព្រមានធ្ងន់ៗ កាលពីថ្ងៃទី១០ ខែឧសភា ថា ការតវ៉ាទោះក្នុងរូបភាពណាក៏ដោយទាំងមុន និងក្រោយការបោះឆ្នោត ត្រូវតែបង្ក្រាប។ លោក ហ៊ុន សែន ដែលថ្លែងក្នុងឯកសណ្ឋានជាយោធាផ្កាយពាក់លើស្មាផងព្រលយថា បើការបង្ក្រាបនេះបង្កទៅជាសង្គ្រាម ក៏សង្គ្រាមទៅចុះ៕