Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​មិន​ទាន់​មាន​ជំនឿ​លើ​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​របស់​ក្រសួង​កសិកម្ម

$
0
0

សង្គម​ស៊ីវិល​ធ្វើ​ការ​ទាក់ទង​បញ្ហា​ធនធាន​ធម្មជាតិ ពិសេស​ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​មាន​ជំនឿ​ចំពោះ​វិធានការ​របស់​ក្រសួង​កសិកម្ម ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នោះ​ទេ។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​លិខិត​មួយ​កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ដោយ​ទទួល​ស្គាល់​ថា បទល្មើស​ព្រៃ​ឈើ​បច្ចុប្បន្ន​កក្រើក​ឡើង​វិញ និង​ណែនាំ​ឲ្យ​ស្ថាប័ន​ក្រោម​ឱវាទ​របស់​ខ្លួន សហការ​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព។

សង្គម​ស៊ីវិល​លើក​ឡើង​ថា បទល្មើស​ព្រៃ​ឈើ ពិសេស​ការ​រត់​ពន្ធ​ឈើ​ខុស​ច្បាប់​ចេញ​ទៅ​ប្រទេស​វៀតណាម គឺ​ធ្វើ​ឡើង​ជា​ប្រព័ន្ធ ដោយ​មាន​មន្ត្រី ឧកញ៉ា ព្រម​ទាំង​អាជ្ញាធរ​មួយ​ចំនួន​ពាក់ព័ន្ធ​ផង។

ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​បែប​នេះ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​គ្មាន​ប្រសិទ្ធភាព បើ​ទោះ​បី​ជា​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចេញ​សេចក្តី​ណែនាំ​ដល់​ស្ថាប័ន​ក្រោម​ចំណុះ​របស់​ខ្លួន ឲ្យ​ចាត់​វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​យ៉ាង​ណា​ក៏ដោយ។

ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា ជា​រឿង​ល្អ​មួយ​ដែល​ក្រសួង​កសិកម្ម ហ៊ាន​ទទួល​ស្គាល់​ការពិត​ចំពោះ​ការ​កើន​ឡើង​វិញ​នៃ​បទល្មើស​ឈើ​ខុស​ច្បាប់ ផ្ទុយ​ពី​មន្ត្រី និង​ស្ថាប័ន​រាជ​រដ្ឋាភិបាល​មួយ​ចំនួន ដែល​តែងតែ​បដិសេធ​ចំពោះ​វិនាសកម្ម​ព្រៃ​ឈើ ហើយ​តែងតែ​ច្រាន​ចោល​រាល់​របាយការណ៍​អន្តរជាតិ​ដែល​បង្ហាញ​ពី​បទល្មើស​ឈើ​ខុស​ច្បាប់។

យ៉ាង​នេះ​ក្តី លោក អ៊ូច ឡេង នៅ​មិន​ទាន់​មាន​ជំនឿ​ចំពោះ​សេចក្តី​ណែនាំ​របស់​ក្រសួង​កសិកម្ម ជុំវិញ​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឈើ​ខុស​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ ពីព្រោះ​ជាច្រើន​លើក​ច្រើនសា​ណាស់​មក​ហើយ ដែល​ស្ថាប័ន​របស់​រដ្ឋ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ការងារ​នេះ ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព ម្យ៉ាង​គួបផ្សំ​រាជ​រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ផង៖ «រាជ​រដ្ឋាភិបាល​យើង ហាក់​មិន​ប្រាកដ​ប្រជា​មិន​ចាត់​វិធានការ​ឲ្យ​បាន​ហ្មត់ចត់ ព្រោះ​ថាអ្នក​រក​ស៊ី​ឈើ​ទាំងអស់​ហ្នឹង​សុទ្ធតែ​ចេញ​ពីសមាជិក​រាជ​រដ្ឋាភិបាល ឬ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល»

កាល​ពី​ថ្ងៃ​ទី​៨ ឧសភា ក្រសួង​កសិកម្ម បាន​ចេញ​សេចក្តី​ណែនាំ​ស្ដីពី​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ។ ក្នុង​សេចក្តី​ណែនាំ​របស់​ក្រសួង បាន​ទទួល​ស្គាល់​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​កក្រើក​ឡើង​វិញ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​គួរ​ឲ្យ​កត់​សម្គាល់។ ក្រសួង​បាន​ណែនាំ​ឲ្យ​រដ្ឋបាល​ព្រៃ​ឈើ និង​គ្រប់​មន្ទីរ​កសិកម្ម​រាជធានី-ខេត្ត​ទាំងអស់ អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី-ខេត្ត ដើម្បី​រឹត​បន្តឹង និង​ទប់ស្កាត់​ករណី​កាប់​ទន្ទ្រាន​ដី​ព្រៃ​ឈើ​ឲ្យ​បាន។ បន្ថែម​ពី​នេះ ត្រូវ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​តាម​គ្រប់​រូបភាព និង​មាន​វិធានការ​ផ្លូវ​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម ក្រសួង​បរិស្ថាន និង​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​សាកសួរ​បន្ថែម​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១០ ឧសភា។

លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង យល់​ថា សេចក្តី​ណែនាំ​របស់​ក្រសួង​កសិកម្ម ធ្វើ​ឡើង​ក្រោយ​ពេល​អង្គការ​ការពារ​បរិស្ថាន​អន្តរជាតិ​មួយ​ឈ្មោះ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អ៊ី.អាយ.អេ (EIA) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៨ ឧសភា។ ចំពោះ​សេចក្តី​ណែនាំ​របស់​ក្រសួង​កសិកម្ម លោក សេង សុខហេង មិន​មាន​ជំនឿ​ទេ ពីព្រោះ​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​ចំនួន​ទទួល​បាន​លាភ​សក្ការៈ​ពី​ក្រុម​ជន​ល្មើស​ទាំងនោះ៖ «ដំណាក់កាល​នេះ គឺ​ជា​ដំណាក់កាល​មួយ​ដែល​ប្រព័ន្ធ​នៃ​ការ​អនុវត្ត​ច្បាប់​ក្លាយ​ជាជំងឺ​មហារីក ព្យាបាល​លែង​ចេញ​ហើយ។ ប្រសិន​បើ​មាន គឺ​មាន​តាំង​ពី​យូរយារ​ណាស់​មក​ហើយ»

ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន ហៅ​កាត់​ថា អ៊ី.អាយ.អេ (EIA) កាល​ពី​ថ្ងៃ​ទី​៨ ឧសភា បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​មួយ​បង្ហាញ​ថា អាជ្ញាធរ​កម្ពុជា និង​វៀតណាម បាន​ឃុបឃិត​គ្នា​ទទួល​យក​ប្រាក់​សំណូក​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ពី​ឈ្មួញ​ឈើ ជា​ថ្នូរ​ការ​បើក​ផ្លូវ​ឲ្យ​ចូល​មក​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​នៅ​ប្រទេស​កម្ពុជា ហើយ​អនុញ្ញាត​ឲ្យ​ដឹក​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម។ បន្ថែម​ពី​លើ​នេះ អាជ្ញាធរ​វៀតណាម បាន​ទទួល​សំណូក​ជា​ថ្នូរ​នឹង​ការ​សម្របសម្រួល​ផ្នែក​ច្បាប់ ដើម្បី​ប្រែ​ក្លាយ​ឈើ​ខុស​ច្បាប់​ដែល​ដឹក​ចេញ​ពី​កម្ពុជា ទៅ​ជា​ឈើ​ស្រប​ច្បាប់​សម្រាប់​ការ​នាំ​ចេញ​ទៅ​ប្រទេស​ទី​បី ពិសេស​ទៅ​សហភាព​អឺរ៉ុប។

ទិន្នន័យ​របស់​អង្គការ​ស៊ើប​អង្កេត​បរិស្ថាន (EIA) បង្ហាញ​ថា ចាប់​តាំង​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ មក គឺ​ក្នុង​អំឡុង​ពេល​រាជ​រដ្ឋាភិបាល​បិទ​ការ​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ ឈើ​ប្រមាណ ៣០​ម៉ឺន​ម៉ែត្រ​គូប ត្រូវ​បាន​ដឹក​ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់ និង​ត្រូវ​អាជ្ញាធរ​វៀតណាម ជួយ​ប្រែ​ក្លាយ​ជា​ឈើ​ស្រប​ច្បាប់ ដែល​មាន​តម្លៃ​ជាង ១៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក សេង សុខហេង បញ្ជាក់​ថា ឈើ​ដែល​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម គឺ​មាន​ប្រភព​ចេញ​ពី​ខេត្ត​មួយ​ចំនួន​នៅ​ភូមិភាគ​ឦសាន ដូចជា​ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ហើយ​ជា​ឈើ​កាប់​ចេញ​ពី​តំបន់​ព្រៃ​អភិរក្ស ដូចជា​តំបន់​ជម្រក​សត្វ​ព្រៃ​លំផាត់ តំបន់​ព្រៃឡង់ តំបន់​ឧទ្យាន​ជាតិ​វីរជ័យ ជាដើម។

ទោះ​បី​ជា​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន បង្ហាញ​របាយការណ៍​របស់​ខ្លួន​លម្អិត​បែប​ណា​ក្តី ប៉ុន្តែ​មន្ត្រី​រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​មួយ​ចំនួន បាន​ច្រាន​ចោល​ការ​រក​ឃើញ​ករណី​កាប់​ឈើ និង​ជួញដូរ​ទៅ​វៀតណាម នេះ។

លោក អ៊ូច ឡេង យល់​ថា មន្ត្រី​ទាំងឡាយ​ណា​ដែល​បដិសេធ​របាយការណ៍​នេះ គឺ​ពួក​គេ​កំពុង​រួម​គំនិត​បំផ្លាញ​ព្រៃ​ឈើ​នៅ​ស្រុក​ខ្មែរ និង​ព្យាយាម​ការពារ​ប្រយោជន៍​ឲ្យ​ឈ្មួញ​រក​ស៊ី​ឈើ​ទាំងនោះ។

ទាក់ទង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​ប្រកាស​កាត់​ក​លោក​ចោល​ទៀត​ផង បើ​សិន​ជា​ទប់ស្កាត់​មិន​បាន។ កាល​ពី​ឆ្នាំ​២០១៦ លោក​ថែម​ទាំង​បញ្ជា​ឲ្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រើ​ឧទ្ធម្ភាគចក្រ​បើក​ទៅ​តំបន់​ព្រៃ​នានា​នៅ​ទូទាំង​ប្រទេស និង​បាញ់​គ្រាប់​រ៉ុកកែត​ទៅ​លើ​ក្រុម​ជន​ល្មើស ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ប៉ុន្តែ​មក​ទល់​ពេល​នេះ បទល្មើស​ព្រៃ​ឈើ​ត្រូវ​បាន​គេ​រក​ឃើញ​ថា កក្រើក​ឡើង​វិញ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles