Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ពង្រឹង​សមត្ថភាព​សកម្មជន​នៅ​ខែត្រ​រតនគិរី

$
0
0

ក្រុម​ការងារ​ថ្នាក់​ជាតិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ប្រជុំ​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​បក្ស​របស់​ខ្លួន​នៅ​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខែត្រ​រតនគិរី នៅ​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា នៅ​គ្រា​ដែល​សមាសភាព​គណបក្ស​នេះ​បាន​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤។ កិច្ច​ប្រជុំ​នោះ ផ្ដោត​សំខាន់​លើ​ការ​ពង្រឹង​សមត្ថភាព​សកម្មជន និង​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឲ្យ​យល់​ច្បាស់​ពី​របៀប​ធ្វើ​នយោបាយ ដើម្បី​ត្រៀម​ឃោសនា​បោះឆ្នោត។

គោល​នយោបាយ ១៦​ចំណុច គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ផ្សព្វផ្សាយ​ទៅ​សកម្មជន​បក្ស​របស់​ខ្លួន និង​អ្នក​គាំទ្រ​ជិត ១០០​នាក់ ដែល​គណបក្ស​នេះ​ប្ដេជ្ញា​ចិត្ត​ថា នឹង​អនុវត្ត​ឲ្យ​បាន​ប្រសើរ ប្រសិន​បើ​បេក្ខជន​បក្ស​របស់​ខ្លួន​ជាប់​ឆ្នោត​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដឹកនាំ​មូលដ្ឋាន។

ការ​ប្ដេជ្ញា​ចិត្ត​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា នៅ​គ្រា​ដែល​ក្រុម​ការងារ​ថ្នាក់​ជាតិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​បញ្ចេញ​សារ​នយោបាយ​ចំនួន ៥​ចំណុច​សំខាន់ៗ​ក្នុង​ចំណោម ១៦​ចំណុច​រួម​មាន ពង្រឹង​អភិបាលកិច្ច​ល្អ​នៅ​តាម​មូលដ្ឋាន មាន​គ្រូបង្រៀន​ផ្នែក​កសិកម្ម​ល្អ​ក្នុង​ឃុំ​នីមួយៗ ឬ​ពង្រឹង​សមត្ថភាព​កសិករ ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន សុខាភិបាល និង​វិស័យ​អប់រំ ជំរុញ​ឲ្យ​មាន​គ្រូ​កសិកម្ម​ល្អ គ្រូបង្រៀន​ល្អ នគរបាល​ល្អ មេ​ភូមិ-មេ​ឃុំ​ល្អ និង​គ្រូពេទ្យ​ល្អ ជាពិសេស​ការ​ស្ដារ​ឡើង​វិញ​នូវ​ធនធាន​ធម្មជាតិ។

បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ លោក រម៉ាស់ ស្វាន់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ឧសភា ថា បញ្ហា​ខ្វះ​បច្ចេកទេស​កសិកម្ម និង​កសិផល​ធ្លាក់​ថ្លៃ គឺ​ជា​មូលដ្ឋាន​ដែល​កសិករ​នៅ​តំបន់​នោះ​បាន​ប្រឈម​ច្រើន​ឆ្នាំ​ហើយ ពុំ​មាន​ដំណោះស្រាយ ហេតុ​នេះ​គោល​នយោបាយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​ជំរុញ​ពង្រឹង​សមត្ថភាព​បច្ចេកទេស​កសិកម្ម​ជូន​កសិករ និង​រក​ទីផ្សារ​កសិផល។ លើស​ពី​នេះ ការ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ បាន​ក្លាយ​ជា​ក្តី​បារម្ភ​ខ្លាំង ប្រសិន​បើ​លោក​ជាប់​ឆ្នោត​ជា​មេ​ឃុំ លោក​នឹង​ពង្រឹង​គោល​នយោបាយ​អភិរក្ស​ធម្មជាតិ និង​ចូលរួម​អនុវត្ត​ច្បាប់​ស្ដីពី​ព្រៃ​ឈើ​ឲ្យ​បាន​ពេញលេញ។ លោក​ចាប់​អារម្មណ៍​ថា ការ​បង្ហាញ​សារ​នយោបាយ​ច្បាស់លាស់ នឹង​ដាស់​ស្មារតី​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ជូន​បេក្ខភាព​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឲ្យ​បាន​ច្រើន៖ «គណបក្ស​របស់​ខ្ញុំហ្នឹង គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ខ្ញុំ​ចង់​ទប់ស្កាត់​ដីធ្លី​ព្រៃ​ឈើ​កុំ​ឲ្យ​លក់ ស្ថានភាព​សព្វថ្ងៃ​គេ​កាប់​យ៉ាង​អនាធិបតេយ្យ​អត់​គោរព​ច្បាប់»

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។ ដោយឡែក​ប្រតិទិន​ឃោសនា​បោះឆ្នោត ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា។

ប្រធាន​ក្រុម​ពង្រឹង​សមត្ថភាព​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំងកុមារ ថ្លែង​បញ្ជាក់​ថា គោល​នយោបាយ ៥​ចំណុច​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺ​ជា​មូលដ្ឋាន​គ្រឹះ​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​ឲ្យ​បាន​ប្រសើរ និង​ពង្រឹង​ប្រសិទ្ធភាព​ដោះស្រាយ​បញ្ហា​ប្រឈម​ឲ្យ​បាន​ល្អ ជាពិសេស​បន្ថែម​ល្បឿន​អភិវឌ្ឍន៍​មូលដ្ឋាន។

លើស​ពី​នេះ ការ​ជំរុញ​ឲ្យ​មាន​គ្រូ​ផ្នែក​កសិកម្ម​ល្អ គ្រូបង្រៀន​ល្អ គ្រូពេទ្យ​ល្អ អភិបាល​ល្អ និង​មេ​ភូមិ មេ​ឃុំ​ល្អ ក៏​ជា​ទិសដៅ​រួម​បញ្ចូល​ជា​អាទិភាព​ក្នុង​គោល​នយោបាយ​គណបក្ស​របស់​លោក។ លោក​បញ្ជាក់​ថា គោល​បំណង​នៃ​វិធី​នេះ ដើម្បី​ចង់​ឲ្យ​សកម្មជន និង​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ទាំង ៧​ឃុំ-សង្កាត់​នៅ​ខែត្រ​រតនគិរី យល់​កាន់​តែ​ច្បាស់​ពី​របៀប​ធ្វើ​នយោបាយ និង​ការ​អនុវត្ត​គោល​នយោបាយ​ទាំង ១៦​ចំណុច ដើម្បី​បង្ហាញ​ជូន​ពលរដ្ឋ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត៖ «សំខាន់ គឺ​បេក្ខជន​យើង​យក​ទៅ​ផ្សព្វផ្សាយ និង​ត្រៀម​ខ្លួនឃោសនា​បោះឆ្នោត ធ្វើ​ម៉េច​ផ្សព្វផ្សាយ​គោល​នយោបាយ​ទាំង ១៦​ចំណុច​ហ្នឹង ជាពិសេស​បំផុត​គឺ​ល្អ ៥​យ៉ាង​ហ្នឹង ដើម្បី​ឲ្យ​ដល់​ប្រជាពលរដ្ឋ។ និយាយ​រួម​ទី​១ យើង​ចង់​ឲ្យ​មាន​គ្រូ​កសិកម្ម​ល្អៗ​មួយ​ឃុំ​ម្នាក់ៗ ហើយ​គ្រ​កសិកម្ម ខ្ញុំ​នឹង​ជួយ​គាំទ្រ​គាត់​ឲ្យ​គាត់​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ការ​បម្រើ​ពលរដ្ឋ និង​ដោះស្រាយ​បញ្ហា»

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខែត្រ​រតនគិរី លោក ប៉ែន ឈុនឌី ពន្យល់​ថា ការ​ជួបជុំ និង​ការ​ផ្សព្វផ្សាយ​សារ​នយោបាយ​ដល់​សកម្មជន​បក្ស​នយោបាយ អាច​ធ្វើ​ទៅ​បាន​តែ​ក្នុង​ទីស្នាក់ការ​បក្ស និង​ផ្ទះ​សកម្មជន​បក្ស​នយោបាយ ដោយ​មិន​ត្រូវ​ឃោសនា​នៅ​តាម​ទី​សាធារណៈ​នោះ​ទេ ហើយ​ការ​ឃោសនា​នោះ​ទៀតសោត ក៏​ត្រូវ​ផ្តល់​ដំណឹង​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​មាន​តួនាទី​រៀបចំ​សណ្ដាប់ធ្នាប់ និង​ការពារ​សុវត្ថិភាព​សម្រាប់​ការ​ជួបជុំ៖ «បើ​សិន​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស ឬ​ធ្វើ​សកម្មជន​គេ​អា​ហ្នឹង អត់​អី​តែ តែ​បើ​សិន​នៅ​ទី​សាធារណៈ​ត្រូវ​សុំ​អាជ្ញាធរ​ដែនដី»

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​សកម្មជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ខែត្រ​រតនគិរី ចំនួន ៧​ឃុំ និង​នៅ​ទូទាំង​ប្រទេស​ចំនួន ២៧​ឃុំ-សង្កាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles