បទបរិហារកេរ្តិ៍នៅតែជាឧបករណ៍បំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ។ អ្នកហ៊ានរិះគន់រដ្ឋាភិបាល នៅតែជាប់ពន្ធនាគារ និងរងការធ្វើទុក្ខបុកម្នេញ។ អ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្សនៅតែចាត់ទុកថា តុលាការខ្វះភាពឯករាជ្យ និងអនុវត្តស្តង់ដារពីរ ទើបការបកស្រាយច្បាប់ច្រើនតែលម្អៀង និងគ្មានយុត្តិធម៌។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រម្លឹកសាជាថ្មីអំពីវិសោធនកម្មក្រមព្រហ្មទណ្ឌកាលពីឆ្នាំ២០០៩ ត្រង់ផ្នែកបរិហារកេរ្តិ៍។ សារលិខិតចេញចំពេលនៃការប្រារព្ធ “ទិវាសេរីភាពសារព័ត៌មានសកលលោក” កាលពីថ្ងៃទី៣ ខែឧសភា បានរៀបរាប់ថា៖ «ដោយឃើញនូវភាពចាំបាច់ និងសារសំខាន់នៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន រាជរដ្ឋាភិបាលបានសម្រេចលុបចោលទោសជាប់ពន្ធនាគារនៃបទបរិហារកេរ្តិ៍ចេញពីក្រមព្រហ្មទណ្ឌ និងបានធានាថា មិនមានប្រជាពលរដ្ឋណាម្នាក់ត្រូវជាប់ពន្ធនាគារដោយសារការបញ្ចេញមតិឡើយ»។
មន្ត្រីអង្គការសិទ្ធិមនុស្សអន្តរជាតិ មិនជឿថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានភាពស្មោះត្រង់នោះទេ។ ដោយចាត់ទុកថា សាររបស់លោក ហ៊ុន សែន ថាជារឿងគួរឲ្យអស់សំណើចទៅវិញ ព្រោះលោក ហ៊ុន សែន មិនដែលចង់លើកស្ទួយសិទ្ធិបញ្ចេញមតិនៅកម្ពុជា ពីអង្កាល់?
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) មានប្រសាសន៍ថា លោក ហ៊ុន សែន មានតែធ្វើច្បាប់ដាក់គុកអ្នកហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាលថែមទៀតផង។ លោកបន្តថា បើកុំតែរងសម្ពាធពីសហគមន៍អន្តរជាតិ ម្ល៉េះសមលោក ហ៊ុន សែន ច្បាស់ជាធ្វើរឹតតែអាក្រក់ជាងនេះ មិនដឹងប៉ុណ្ណាទៀតនោះទេ៖ «គួរឲ្យចង់សើចខ្លាំងណាស់ដែលលោក ហ៊ុន សែន ហ៊ានហារមាត់ទៅរួច ថាគាត់ចង់ការពារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។ លោក ហ៊ុន សែន មិនដែលគាំទ្រសិទ្ធិសេរីភាពបែបនេះនោះទេ។ ឲ្យតែមានច្រកអាចធ្វើបាន គាត់ច្បាស់ជាធ្វើគ្រប់យ៉ាងដើម្បីបំបិទមាត់អ្នកហ៊ានតវ៉ាប្រឆាំងគាត់ឲ្យអស់ភ្លាម។ កន្លងមក គាត់ស្នើឲ្យធ្វើច្បាប់ជាច្រើនដើម្បីបង្ក្រាបអ្នកហ៊ានរិះគន់»។
លោក ប៊្រែដ អាដាម បញ្ជាក់បន្ថែមថា រដ្ឋាភិបាលប្រើប្រាស់លេសគ្រប់យ៉ាងគាបសង្កត់អ្នកហ៊ានរិះគន់រដ្ឋាភិបាល។ អ្នកដែលរងគ្រោះ គឺគ្មានអ្នកណាក្រៅពីសកម្មជនគណបក្សប្រឆាំង អ្នកសារព័ត៌មាន មន្ត្រីអង្គការសង្គមស៊ីវិល ដែលហ៊ានបើកកកាយការពិត៖ «មន្ត្រីសិទ្ធិមនុស្សអង្គការអាដហុក ដែលកំពុងជាប់ឃុំទាំងអស់ រងគ្រោះដោយគ្មានកំហុសសោះ! គេប្រឌិតបទល្មើសសូកប៉ាន់សាក្សីដើម្បីជាលេសធ្វើបាបពួកគាត់។ ពួកគាត់ជាប់ឃុំឃាំងដោយសាររដ្ឋាភិបាលចង់បំបិទមាត់ពួកគាត់ដែលហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាល លើបញ្ហារំលោភសិទ្ធិមនុស្សជាច្រើនឆ្នាំកន្លងមកនេះ»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មិនភ្ញាក់ផ្ញើលនឹងសាររបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅពេលកៀកបោះឆ្នោតឃុំ-សង្កាត់បែបនេះទេ ព្រោះនេះមិនមែនជាអ្វីថ្មី។ លោកចាត់ទុកថា ការនិយាយបែបនេះ គឺគ្រាន់តែឲ្យពីរោះស្ដាប់ប៉ុណ្ណោះ ន័យពិត អ្នកហ៊ានរិះគន់រដ្ឋាភិបាលនៅតែរងការធ្វើទុក្ខបុកម្នេញ និងជាប់គុកជាប់ច្រវាក់ជាបន្តបន្ទាប់ដដែល។
លោកលើកឧទាហរណ៍ករណីលោក គឹម សុខ មកធ្វើជាសម្អាង៖ «និយាយថាដកបទបរិហារកេរ្តិ៍ មិនឲ្យមានគុកច្រវាក់ហ្នឹង អាហ្នឹងគឺគ្រាន់តែជាការនិយាយឲ្យតែល្អមើលទេ គឺសម្រាប់រកការគាំទ្រមុនការបោះឆ្នោតប៉ុណ្ណោះ។ ការជាក់ស្ដែងគឺមិនបានដូច្នេះទេ។ ដូចលោក គឹម សុខ អីហ្នឹង គឺគាត់គ្រាន់តែនិយាយតើ! ប៉ុន្តែគេមិនថា លោក គឹម សុខ បរិហារកេរ្តិ៍ឯណា គេថាលោក គឹម សុខ ហ្នឹងនិយាយញុះញង់ រើសអើងអីទៅវិញទៅ»។
ក្រមព្រហ្មទណ្ឌកម្ពុជា ដែលបានធ្វើវិសោធនកម្មរួច និងប្រកាសឲ្យប្រើប្រាស់នៅចុងឆ្នាំ២០០៩ លែងភ្ជាប់ទោសជាប់ពន្ធនាគារតទៅទៀត ចំពោះបទបរិហារកេរ្តិ៍ដោយទុកត្រឹមការពិន័យជាប្រាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្ដី តុលាការនៅតែអាចយកលេសចាប់អ្នកហ៊ានបញ្ចេញមតិ ជាពិសេសអ្នកនយោបាយ ដាក់ពន្ធនាគារបានដដែល ដោយបកស្រាយពន្លាតបបទបរិហារកេរ្តិ៍ទៅជាបទញុះញង់វិញ។
តាំងពីលុបទោសជាប់ពន្ធនាគារនោះមក ពលរដ្ឋខ្មែរជាច្រើននៅតែបន្តជាប់ពន្ធនាគារដោយសារការបញ្ចេញមតិ។ និស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យខេមរៈ យុវជន គង់ រ៉ៃយ៉ា ជាប់ពន្ធនាគារ ១៨ខែ (ចាប់ពីខែសីហា ឆ្នាំ២០១៥ ដល់ខែ២២ កុម្ភៈ ឆ្នាំ២០១៧) ដោយសារការបញ្ចេញមតិតាមហ្វ៊េសប៊ុក (Facebook) ពាក់ព័ន្ធនឹងបដិវត្តពណ៌។ តុលាការផ្ដន្ទាទោសគាត់ពីបទញុះញង់។ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយលោក គឹម សុខ កំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារដែរ ដោយសារការបញ្ចេញមតិរិះគន់រដ្ឋាភិបាល តាមវិទ្យុអាស៊ីសេរី។ តុលាការចោទគាត់ពីបទញុះញង់ដែរ។
លោកមេធាវី សុក សំអឿន លើកឡើងថា បទចោទញុះញង់ដែលកើតចេញពីការបញ្ចេញមតិនេះ ត្រូវបានតុលាការបកស្រាយក្នុងន័យទូលាយពេក ដែលតុលាការងាយនឹងចាប់ឃុំខ្លួនមនុស្សបានគ្រប់ពេល៖ «គេយកអាហ្នឹងទៅប្រើសម្រាប់អ្នកនយោបាយ។ ញុះញង់ធ្វើអីក៏ញុះញង់ដែរ។ ធ្វើបាតុកម្មអ្នកដឹកនាំបាតុកម្ម ប្រសិនបាតុករ មិនដឹងអ្នកណាមួយគប់ដុំថ្មមួយដុំដាក់ប៉ូលិស គេថាប្រើហិង្សា អ្នកដឹកនាំហ្នឹងទៅជាជាប់ចោទពីបទញុះញង់ឲ្យប្រើហិង្សាបាត់ទៅហើយ! តុលាការមានសិទ្ធិចាប់គេអាចឃុំខ្លួនគាត់បាន»។
ទោះបីបទបរិហារកេរ្តិ៍លែងមានទោសជាប់ពន្ធនាគារក៏ដោយ ក៏ការទាមទារពិន័យជាប្រាក់ច្រើនហួសប្រមាណ នៅតែធ្វើឲ្យអ្នកជាប់ចោទពីបទបរិហារកេរ្តិ៍ ចៀសមិនផុតពីរងគ្រោះធ្ងន់ដដែល។ ដូចក្នុងករណីលោក គឹម សុខ លោក ហ៊ុន សែន មិនត្រឹមតែប្ដឹងទារយកលុយច្រើនរហូតដល់ ៥០ម៉ឺនដុល្លារប៉ុណ្ណោះទេ គាត់ទាររឹបអូសផ្ទះសម្បែងថែមទៀតផង បើគ្មានប្រាក់សង ក្នុងខណៈដែលលោក គឹម សុខ ក្រីក្រ នៅតែផ្ទះជួលត្រឹមថ្លៃបន្ទប់ ៨០ដុល្លារមួយខែ និងមានប្រាក់មិនលើសពី ២០០ដុល្លារក្នុងធនាគារ៖ «ស្អីអ្នកឯងបញ្ចេញមតិ? អត់ទេ ទារកន្លះលានដុល្លារ! បើថាគ្មានលុយសង មានតែរឹបអូសផ្ទះយកឡាយឡុង។ កុំអ្នកឯងស្អី អាងអ្នកវិភាគ? វិភាគប៉ះ ដាក់ហើយ! អត់មានទុកទេ ហើយនគរបាលតាមឲ្យជាប់ ក្រែងលោវារត់។ កុំរត់! ព្រោះខ្លួនឯងថាជើងខ្លាំង ជាប់គុកត្រឹមពីរឆ្នាំអីតើ! កុំថាអត់លុយសងវើយ!»។
ចំណែកលោកបណ្ឌិត មាស នី លើកឡើងថា ការទារប្រាក់ច្រើន និងការព្រមានចាប់ចងដូច្នេះ គឺជាចេតនាបំភិតបំភ័យអ្នកហ៊ានបញ្ចេញមតិដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ និងមានផលប៉ះពាល់ធ្ងន់ដល់ស្ថានភាពសេរីភាពបញ្ចេញមតិនៅកម្ពុជា៖ «ទារហ្នឹងគឺឲ្យងាប់ហ្មងហ្នឹង! គឺថាអត់ឲ្យមានអីសងតែម្ដង! ចំណាត់ការបែបហ្នឹង គឺធ្វើឲ្យទាំងគ្រួសារក្រុមអ្នកបញ្ចេញមតិហ្នឹង កាលណាគ្នាមានរឿង គឺត្រូវហិនហោចទាំងទ្រព្យសម្បត្តិទៀត ដូច្នេះមិនមែនសម្លាប់តែមួយទេ គឺសម្លាប់មួយគ្រួសារតែម្ដង»។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន យល់ថា ការទារសំណងច្រើន ឬមិនច្រើននេះ គឺវាអាស្រ័យទៅលើទំហំនៃការខូចខាត និងប៉ះពាល់ដល់កិត្តិយសរបស់ប្រមុខដឹកនាំរដ្ឋាភិបាលពីការបរិហារកេរ្តិ៍នោះ។ លោក ឈាង វុន លើកឡើងថា ថ្លៃខូចខាតរបស់អ្នកស្រែចម្ការ និងអ្នករកស៊ីធម្មតា វាខុសគ្នាពីផលខូចខាតកិត្តិយសចំពោះបុគ្គលសាធារណៈ ដែលជាអ្នកដឹកនាំប្រទេស ដូចជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬអង្គព្រះមហាក្សត្រ ដោយសារតែនាយករដ្ឋមន្ត្រីតំណាងឲ្យកិត្តិយសជាតិទាំងមូល បើប៉ះពាល់កិត្តិយសគាត់គឺប៉ះពាល់កិត្តិយសប្រទេសកម្ពុជា ទាំងមូល៖ «គាត់ជាអ្នកតំណាងឲ្យប្រជាពលរដ្ឋ ហើយគាត់ជាអ្នកដែលប្រជាពលរដ្ឋផ្ដល់ការជឿទុកចិត្ត ការបរិហារកេរ្តិ៍នេះគឺធ្ងន់ធ្ងរ អ៊ីចឹងហើយបានជាគាត់ទារច្រើន»។
ចំពោះលោក អេង ឆៃអ៊ាង វិញ លោកថា អ្នកនយោបាយមិនត្រូវខ្លាចការរិះគន់ ព្រោះអ្នកនយោបាយជាបុគ្គលសាធារណៈ។ បើជាបុគ្គលសាធារណៈ ហើយមិនចង់ឲ្យគេនិយាយប៉ះ ទាល់តែកុំធ្វើនយោបាយ។ លោកបន្តថា បើនាំគ្នានៅតែផ្ទះជាលក្ខណៈគ្រួសារឯកជន ទើបរួចផុតពីការបញ្ចេញមតិរិះគន់។ ជាងនេះទៅទៀត លោកលើកឡើងថា ជាធម្មតាអ្នកកាន់អំណាចតែងតែធ្វើគោលនយោបាយដែលអាចប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។ ដូច្នេះពលរដ្ឋទូទៅអាចមានសិទ្ធិនិយាយរិះគន់បាន៖ «ដូច្នេះវាអត់មានរឿងអីដែលត្រូវអ្នកនយោបាយ និងអ្នកមានអំណាចហ្នឹងមកប្ដឹងប្រជាពលរដ្ឋខ្លួនឯង ដែលនិយាយរិះគន់ខ្លួនឯងនោះទេ។ យើងជាបុគ្គលសាធារណៈ យើងមិនត្រូវខ្លាចគេនិយាយរិះគន់នោះទេ»។
អ្នកជាប់ពន្ធនាគារដោយសារការបញ្ចេញមតិមិនមែនមានតែប៉ុណ្ណឹងនោះទេ។ អ្នកខ្លះមានរហូតដល់មានអភ័យឯកសិទ្ធិសភាការពារផង ក៏នៅតែលោក ហ៊ុន សែន បញ្ជាឲ្យចាប់ដាក់ពន្ធនាគារហូតដល់សព្វថ្ងៃ។ តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ត្រូវជាប់ពន្ធនាគារដោយសារការបញ្ចេញមតិលើបណ្ដាញសង្គមហ្វេសប៊ុក ប៉ះពាល់ដល់រដ្ឋាភិបាលរឿងផែនទី និងការបាត់ដីនៅតាមព្រំដែនកម្ពុជា-វៀតណាម។
អ្នកស្រី ថាក់ ឡានី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយរូបទៀត ដែលរងការចោទប្រកាន់ថា បានបញ្ចេញមតិប៉ះពាល់ដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកុំតែភៀសខ្លួនទៅក្រៅប្រទេសទាន់ កុំអីក៏ត្រូវជាប់ពន្ធនាគារដូចសហការីរបស់អ្នកស្រីដែរ។ កាលណោះលោក ហ៊ុន សែន ចំអកដាក់អ្នកស្រីថា បើខ្លាំងហេតុអ្វីមិនព្រមនៅឲ្យគេចាប់ដាក់គុក៖ «រត់មួយហើយ អាអ្នកចោទហ្នឹង! រត់ធ្លាក់ស៊ុយអែត ឯណោះ! ម៉េចក្រែងខ្លាំងណាស់អ្ហ៊ៃ? បើខ្លាំងម៉េចក៏រត់?»។
ចំពោះលោក អេង ឆៃអ៊ាង សិទ្ធិបញ្ចេញមតិមានភាពមិនស្មើគ្នារវាងអ្នកមានអំណាច និងអ្នកទន់ខ្សោយ៖ «យើងដឹងហើយថា នៅកម្ពុជាយើងបច្ចុប្បន្ន ការអនុវត្តច្បាប់មានស្តង់ដារពីរ។ រឿងខ្លះអ្នកដែលមានអំណាចគេនិយាយបានតាមចិត្ត ប៉ុន្តែអ្នកគ្មានអំណាច អ្នកទន់ខ្សោយ គឺនិយាយអត់បាន»។
លោក អេង ឆៃអ៊ាង ស្នើថា ជាការល្អបើការបញ្ចេញមតិណាមួយមិនសមស្រប ឬប៉ះពាល់ដល់សតិអារម្មណ៍ អ្នកដែលពាក់ព័ន្ធ អ្នកនោះគួរតែស្នើឲ្យមានការកែតម្រូវជាជាងប្ដឹងចាប់ដាក់គុក ព្រោះការឃុំខ្លួនមនុស្ស គឺដូចជាការបំផ្លាញអនាគតរបស់មនុស្ស៖ «គ្រាន់តែនិយាយស្តីក៏ដាក់គុកបែបហ្នឹង បើគាត់ជាមេគ្រួសារដែលត្រូវការរកលុយផ្គត់ផ្គង់ដល់ម្ដាយឪពុកដែលមានជំងឺ បើយកគាត់ទៅដាក់គុកដោយសាររឿងប៉ុណ្ណឹង ធ្វើឲ្យឪពុកម្ដាយគាត់អត់មានលទ្ធភាពព្យាបាល អាចឈានដល់ស្លាប់បាត់បង់ជីវិត។ បានន័យថា អ្នកគាត់យកគាត់ទៅដាក់គុក ក៏បានចូលរួមទៅសម្លាប់ឪពុកម្ដាយគាត់ផងដែរ»។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ក៏រងបណ្ដឹងបរិហារកេរ្តិ៍ដោយការហ៊ានបញ្ចេញមតិ ដែលប្ដឹងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ជាច្រើនករណី។ មានករណីមួយនោះ លោក ហ៊ុន សែន ទារសំណងពីលោក សម រង្ស៊ី រហូតដល់ ១លានដុល្លារ ហើយថែមទាំងព្រមានឲ្យរឹបអូសយកទីស្នាក់ការគណបក្សសង្គ្រោះជាតិ និងទ្រព្យសម្បត្តិផ្សេងទៀតរបស់លោក សម រង្ស៊ី ដើម្បីទូទាត់សងតាមការទាមទាររបស់គាត់។
ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ក៏ត្រូវបានមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាការបំបិទមាត់អ្នកហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាល។ លោកបណ្ឌិត កែម ឡី ត្រូវឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ពេលលោកកំពុងអង្គុយពិសាកាហ្វេ ក្នុងហាងស្តារម៉ាត នៅស្ថានីយលក់សាំងកាល់តិច ស្តុបបូកគោ ក្រុងភ្នំពេញ។ លោកបណ្ឌិត កែម ឡី ស្លាប់នៅបន្ទាប់ពីលោកបានផ្ដល់បទសម្ភាសន៍ឲ្យអាស៊ីសេរី អំពីរបាយការណ៍អង្គការឃ្លាំមើលពិភពលោក (Global Witness) ដែលរកឃើញអំពីអំពើពុករលួយ និងការគ្រប់គ្រងជំនួញធំៗនៅកម្ពុជា របស់គ្រួសារត្រកូល "ហ៊ុន"។
អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រួមទាំងក្រុមការងារផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិផង សុទ្ធតែបានថ្កោលទោសកម្ពុជា ដែលបានចាប់ចង និងដាក់ពន្ធនាគារអ្នកហ៊ានបញ្ចេញមតិនៅពេលកន្លងមក។
អង្គការឃ្លាំមើលសេរីភាពពិភពលោក ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក បានឲ្យចំណាត់ថ្នាក់កម្ពុជា ថាជាប្រទេសគ្មានសេរីភាពក្នុងចំណោមប្រទេសចំនួន ៤០ប្រទេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ របាយការណ៍សេរីភាពសារព័ត៌មានឆ្នាំ២០១៧ ចេញផ្សាយនៅថ្ងៃសុក្រ ទី២៨ មេសា បង្ហាញថា ពិន្ទុសរុបនៃសេរីភាពសារព័ត៌មានកម្ពុជា សម្រាប់ឆ្នាំ២០១៧ នេះ បានធ្លាក់ចុះមួយលេខទៀត ទៅក្នុងកម្រិតរឹតតែអាក្រក់ជាងឆ្នាំ២០១៦។
អ្នកកាសែតគ្មានព្រំដែន (Reporters without Borders) រកឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជា ធ្លាក់ចុះបួនលេខ គឺពីលេខរៀង១២៨ នៅឆ្នាំ២០១៦ មកលេខរៀង១៣២ នៅឆ្នាំ២០១៧៕