មេធាវីការពារក្ដីឱ្យលោក គឹម សុខ គឺលោក ជូង ជូងី ស្នើទៅតុលាការក្រុងភ្នំពេញ សុំដោះលែងកូនក្ដីរបស់លោកឱ្យបាននៅក្រៅឃុំបណ្ដោះអាសន្ន។ សំណើនេះ បានដាក់ដល់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ។
លោក ជូង ជូងី ឱ្យអាស៊ីសេរីដឹងថា សិទ្ធិជាមូលដ្ឋានរបស់ជនត្រូវចោទគឺត្រូវមានសេរីភាព មិនត្រូវឃុំខ្លួននោះទេ នេះបើយោងតាមមាត្រា ២០៣ នៃក្រមព្រហ្មទណ្ឌ។ ម្យ៉ាងវិញទៀត គឺបទចោទដែលអនុវត្តចំពោះលោក គឹម សុខ គឺទោសអប្បបរមា ៦ខែ ដែលទោសនេះជនត្រូវចោទមិនគួរត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្នឡើយ៖ «ក្រោយពីគាត់វិភាគរហូតមកទល់ពេលហ្នឹង ក៏មិនមានសញ្ញាណណាថា អាចកើតមានបទឧក្រិដ្ឋកើតចេញពីការវិភាគតាមវិទ្យុរបស់គាត់ដែរ។ ដូច្នេះការដែលតុលាការឃុំខ្លួន ដោយសំអាងថា ដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើស កុំអោយកើតជាថ្មីហ្នឹងវាអត់ត្រឹមត្រូវទេ ហើយតុលាការសំអាងថា ដើម្បីរក្សាគាត់ទុកជូនតុលាការចាត់ការតាមនីតិវិធី។ មែនទែនទៅ គឺគាត់អត់ដែលគេចខ្លួនទេ តុលាការកោះហៅទោះបីរយៈពេលខ្លីក្តី ហើយគាត់សុំពន្យារពេលដើម្បីរកមេធាវីក្តី តុលាការអត់ព្រមអនុញ្ញាតឱ្យគាត់ពន្យារពេលឱ្យគាត់រកមេធាវី គាត់នៅតែចូល»។
អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស គឺបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យឃុំខ្លួនលោកកាលពីថ្ងៃទី១៧ ខែកុម្ភៈ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ តាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បញ្ជាក់តាមបណ្ដាញសង្គមតេឡេក្រាម (Telegram) ថា សាលាដំបូងបានចាត់បញ្ជូនសំណុំរឿងនេះទៅសាលាឧទ្ធរណ៍ដើម្បីពិនិត្យ និងសម្រេចហើយ៕