ក្រុមការងារថ្នាក់ជាតិនៃគណបក្សសង្គ្រោះជាតិ បានជួបជុំផ្សព្វផ្សាយសារនយោបាយ ៥ចំណុចជូនបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ របស់ខ្លួននៅឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី សម្រាប់ដឹកនាំឃុំ-សង្កាត់នៅពេលសមាសភាពគណបក្សនេះឈ្នះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤។
បេក្ខភាពជាបុរស និងស្ត្រីដែលឈរឈ្មោះសម្រាប់បោះឆ្នោតឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ ខេត្តរតនគិរី ជិត ២០០នាក់ ប្ដេជ្ញាចិត្តថានឹងអនុវត្តសារនយោបាយរបស់បក្សឲ្យបានប្រសើរ នៅពេលពួកគេជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលបោះឆ្នោតខាងមុខនេះ។
ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែឧសភា នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ឃុំត្រពាំងក្រហម គ្រាដែលថ្នាក់ដឹកនាំបក្សបានបញ្ចេញសារនយោបាយ ៥ចំណុចរួមមាន
-
ការអនុវត្តគោលការណ៍វិមជ្ឈការ
-
ការពង្រឹងស្មារតីប្រជាពលរដ្ឋ
-
ការពង្រឹងជីវភាពរស់នៅរបស់ពលរដ្ឋ
-
បញ្ហាសន្តិសុខ
-
និងការពង្រឹងការអនុវត្តសេវាសាធារណៈល្អជូនប្រជាពលរដ្ឋ។
បេក្ខជនពិសេសគណបក្សសង្គ្រោះជាតិ លោក សោម ចាន់ថុក បញ្ជាក់ថា សារនយោបាយនេះធ្វើឡើងគ្រាដែលគណបក្សនេះរំពឹងថា ប្រជាពលរដ្ឋនឹងបោះឆ្នោតជូនបេក្ខភាពគណបក្សសង្គ្រោះជាតិ ជាប់ឆ្នោតថ្នាក់មូលដ្ឋានបានច្រើន។ លោកបដិសេធថា ការជួបជុំគ្នានេះ មិនមែនជាការឃោសនារកសំឡេងឆ្នោត ដែលខុសទៅនឹងកាលវិភាគឃោសនាបោះឆ្នោតដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នោះឡើយ៖ «ប្រធានបទ គឺពង្រឹងបេក្ខជនក្រុមប្រឹក្សាឃុំ ដើម្បីផ្ញើសារនយោបាយអាទិភាព ៥ចំណុច ក្រោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ឈ្នះនៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ អត់មានឃោសនាដល់បងប្អូនមហាជនទេ»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា។ ដោយឡែកប្រក្រតីទិនឃោសនាបោះឆ្នោត ចាប់ផ្ដើមពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ថ្លែងក្នុងពិធីជួបជុំបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួនថា គោលនយោបាយ ៥ចំណុចរបស់គណបក្សសង្គ្រោះជាតិ គឺជាមូលដ្ឋានគ្រឹះលើកស្ទួយសិទ្ធិប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅមូលដ្ឋាន។ អ្នកស្រីអំពាវនាវឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ អនុវត្តគោលការណ៍នេះឲ្យបានហ្មត់ចត់ គ្រាដែលពួកគេត្រូវបានប្រជាពលរដ្ឋបោះឆ្នោតជាប់ជាមេឃុំ ឬចៅសង្កាត់៖ «យើងសកម្មជនទាំងអស់គ្នាបានឮហើយ យើងទៅប្រាប់ប្រជាជនរបស់យើងថា គណបក្សសង្គ្រោះជាតិ ផ្តល់អំណាចឲ្យយើងមានសិទ្ធិបញ្ចេញមតិបង្កើតជាសហគមន៍»។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី លោក ប៉ែន ឈុនឌី បញ្ជាក់ថា ការជួបជុំផ្សព្វផ្សាយសារនយោបាយដល់សកម្មជនគណបក្សនយោបាយមុនពេលឃោសនារកសំឡេងឆ្នោត អាចធ្វើបាននៅទីស្នាក់ការគណបក្ស ក៏ប៉ុន្តែសាមីគណបក្សត្រូវជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន ទាក់ទិនការជួបជុំគ្នានេះ។ លោកថា អាជ្ញាធរមានតួនាទីរៀបចំសណ្ដាប់ធ្នាប់ និងការពារសុវត្ថិភាពសម្រាប់ការជួបជុំគ្នានេះ៖ «សារនយោបាយឃោសនានៅទីស្នាក់ការគណបក្ស គេអត់ស្អីទេ កុំឲ្យតែតាមទីសាធារណៈ ត្រូវសុំទីតាំងអាជ្ញាធរ»។
កាលពីថ្ងៃទី២៨ ខែមេសា គណបក្សសង្គ្រោះជាតិ បានរៀបចំការប្រជុំផ្សព្វផ្សាយសារនយោបាយគណបក្សនៅស្រុកបរកែវ។ តាមការគ្រោងទុក ការប្រជុំដូចគ្នានេះ នឹងធ្វើនៅស្រុកអូរជុំ នៅថ្ងៃទី១៥ ខែឧសភា៕