ពលរដ្ឋជាង ៣០០គ្រួសារដែលយល់ព្រមទទួលសំណងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយមករស់នៅភូមិថ្មី ស្នើសុំឲ្យភាគីក្រុមហ៊ុនរូតរះឈូសឆាយភ្ជួររាស់ដីដែលរដ្ឋបានប្រគល់ជូនប្រជាពលរដ្ឋដាំដុះ។ ការអំពាវនាវនេះ ក្នុងពេលរដូវធ្វើស្រែចម្ការចូលមកដល់។
ភ្លៀងធ្លាក់ជោកជាំនៅដើមរដូវវស្សាឆ្នាំនេះ អំណោយផលសម្រាប់កសិករដាំដុះធ្វើស្រែចម្ការ ក៏ប៉ុន្តែប្រជាពលរដ្ឋឃុំស្រែគរ តិចតួចបំផុតដែលបានធ្វើស្រែចម្ការរបស់ខ្លួន ខណៈអ្នកភូមិត្រូវរង់ចាំការឈូសឆាយភ្ជួររាស់ដីថ្មីដែលក្រុមអាជ្ញាធរ និងក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីបានប្រគល់ជូនអ្នកភូមិជាសំណងផលប៉ះពាល់។
ប្រជាពលរដ្ឋឃុំស្រែគរ ជាង ៣០០គ្រួសារ បានយល់ព្រមទទួលសំណងផលប៉ះពាល់បន្ទាប់ពីភូមិចាស់របស់ពូកគាត់ឋិតក្នុងតំបន់អាងស្តុកទឹកនៃការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២។អ្នកភូមិដែលយល់ព្រមទទួលសំណងបានចាកចេញពីភូមិចាស់មករស់នៅទីតាំងថ្មីតាំងពីដើមឆ្នាំ២០១៦ ស្របពេលក្រុមអាជ្ញាធរខេត្ត និងតំណាងក្រុមហ៊ុនផ្ដល់គោលនយោបាយសំណងរួមមាន ផ្ដល់ផ្ទះសាងសង់ថ្មី និងបែងចែកដីកសិកម្មជូនអ្នកភូមិក្នុងមួយគ្រួសារ ៥ហិកតារសម្រាប់ធ្វើស្រែចម្ការនៅទីតាំងថ្មីជំនួសដីស្រែចម្ការអ្នកភូមិដែលត្រូវបោះបង់ចោល។
ប្រជាពលរដ្ឋភូមិស្រែគរ១ លោក ឡាំង ទុយ កត់សំគាល់ថា រហូតពេលនេះ អ្នកភូមិជាង ៣០០គ្រួសារ បានមករស់នៅផ្ទះថ្មី និងបានចាប់ឆ្នោតទទួលបានដី ៥ហិកតារ ដែលក្រុមអាជ្ញាធរបានរៀបចំរួចហើយ ក៏ប៉ុន្តែដីខ្លះក្រុមហ៊ុនមិនទាន់ឈូសឆាយព្រៃរួចរាល់ រីឯដីខ្លះទៀត ក្រុមហ៊ុនមិនបានភ្ជួររាស់ ឬកំណត់ព្រំដីបង្កការងាយស្រួលឲ្យប្រជាពលរដ្ឋបានដាំដុះដូចការសន្យានៅឡើយ។
លោកបារម្ភថា ប្រសិនបើការឈូសឆាយភ្ជួររាស់ដីមិនបានទាន់ពេលវេលាទេ ប្រជាពលរដ្ឋភាគច្រើននឹងត្រូវខកខានធ្វើស្រែចម្ការនៅឆ្នាំនេះ៖ «អ្នកណាមានលុយគេធ្វើបាន អ្នកណាអត់លុយអង្គុយសំកុកចាំក្រុមហ៊ុនឈូសឆាយ ដល់ខែធ្លាក់ភ្លៀងហើយមិនដឹងណាណី។ គេចេញដោះស្រាយឲ្យ។ដល់ខែនេះនៅភូមិចាស់ ប្រជាពលរដ្ឋដាំដុះគ្រប់គ្នាអស់ហើយ»។
ស្រដៀងគ្នានេះដែរ លោក ស៊ី វុធ ដែលបានយល់ព្រមចាកចេញពីភូមិស្រែគរចាស់ មករស់នៅភូមិស្រែគរថ្មី បញ្ជាក់ថា អ្នកភូមិកំពុងរង់ចាំដីដាំដុះ ហេតុនេះគណៈកម្មការដោះស្រាយផលប៉ះពាល់ស្ដីពីការសាងសង់ទំនប់វារីអគ្គិសនី ត្រូវជំរុញឲ្យភាគីក្រុមហ៊ុនបង្កលក្ខណៈឈូសឆាយព្រៃ ឬភ្ជួររាស់ដីជូនប្រជាពលរដ្ឋតាមការសន្យា។ លោកថា ការយឺតយ៉ាវមិនបានដាំដុះឆ្នាំនេះនឹងធ្វើឲ្យអ្នកភូមិប្រឈមមុខទៅនឹងកង្វះស្រូវអង្ករនារដូវប្រាំងឆ្នាំខាងមុខនេះ៖ «សព្វថ្ងៃដីមានកន្លែងហើយ ប៉ុន្តែនៅមិនទាន់ដាំដុះទេ ៥ហិកតារ ប៉ុន្តែពាក់ព័ន្ធទៅរកគាត់២ ថាចាំទៅតវ៉ា»។
សេចក្ដីរាយការណ៍របស់អាជ្ញាធរឃុំស្រែគរ ឲ្យដឹងថា រហូតមកទល់នឹងពេលនេះមានប្រជាពលរដ្ឋ ១០គ្រួសារ បានចំណាយប្រាក់ជួលគ្រឿងចក្រភ្ជួររាស់ដីខ្លួនឯង ដើម្បីដាំដុះនារដូវធ្លាក់ភ្លៀងនេះ។ចំណែកប្រជាពលរដ្ឋភាគច្រើនរង់ចាំក្រុមហ៊ុនឈូសឆាយសំអាតព្រៃ និងភ្ជួររាស់ដីរួចរាល់ទើបអាចដាំដុះបាន។
មេឃុំស្រែគរ លោក សៀក មេគង្គ បញ្ជាក់ថា អ្វីដែលប្រជាពលរដ្ឋលើកឡើងគឺជាចំណុចខ្វះខាតរបស់ក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធ។ លោកថា បានធ្វើរបាយការណ៍នេះជូនអាជ្ញាធរពាក់ព័ន្ធរួចហើយដើម្បីជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ៖ «កុំឲ្យគេខ្វះដំណាំដាំដុះទៅភ្ជួរឲ្យគេគ្នាអត់លុយ។ យើងសំណូមពរប៉ុណ្ណឹងក្នុងនាមអាជ្ញាធរ មិនមែនតវ៉ាហួសហេតុអ្វីទេ»។
គោលនយោបាយសំណងរបស់ក្រុមហ៊ុនចាប់ពីពេលប្រជាពលរដ្ឋទៅរស់នៅភូមិថ្មី ក្រុមហ៊ុនយល់ព្រមផ្ដល់អង្ករ ឬប្រាក់សម្រាប់រយៈពេលមួយឆ្នាំក្នុងនោះសមាជិកគ្រួសារប្រជាពលរដ្ឋម្នាក់ៗ ទទួលបានប្រាក់ ឬអង្ករ ២០គីឡូក្រាមក្នុងមួយខែ។
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បញ្ជាក់នៅថ្ងៃទី៣ ខែឧសភា ថា អាជ្ញាធរខេត្តបានប្រជុំ និងឯកភាពជាមួយក្រុមហ៊ុនឲ្យចាត់វិធានការឈូសឆាយភ្ជួររាស់ដីជូនប្រជាពលរដ្ឋរួចរាល់មិនលើសពីពាក់កណ្ដាលខែមិថុនា នោះទេ។ លោកថា ប្រជាពលរដ្ឋនឹងអាចធ្វើស្រែចម្ការរបស់ខ្លួនបានទាន់រដូវធ្លាក់ភ្លៀងនេះ៖ «ការងារថ្នាក់ខេត្តបានប្រជុំដាក់ផែនការជាមួយក្រុមហ៊ុន ចុះទៅភ្ជួររាស់ដីកសិកម្ម ដែលប្រជាពលរដ្ឋចាប់ឆ្នោតទទួលយក គឺក្រុមហ៊ុនទទួលយកហើយ»។
ទំនប់សេសានក្រោមពីររហូតពេលនេះ សាងសង់រួចរាល់ជាង ៩០ភាគរយហើយ ក៏ប៉ុន្តែប្រជាពលរដ្ឋជាង ១០០គ្រួសារទៀត នៅឃុំស្រែគរ និងឃុំក្បាលរមាស មិនទាន់យល់ព្រមទទួលសំណង និងចាកចេញពីភូមិចាស់ទៅទីតាំងថ្មីនៅឡើយ៕