គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញគោលការណ៍មួយចំនួន ដើម្បីឲ្យម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ឯកជន ត្រូវដាក់លក់ ឬជួលម៉ោងផ្សាយទៅឲ្យគ្រប់គណបក្សនយោបាយទាំងអស់ដែលចុះបញ្ជី បានផ្សព្វផ្សាយកម្មវិធីគោលនយោបាយរបស់ពួកគេដោយស្មើភាពគ្នា។
គ.ជ.ប ក៏បញ្ជាក់ថា ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវជូនដំណឹងអំពីម៉ោងជួលផ្សាយរបស់ខ្លួនទៅកាន់គ្រប់គណបក្សឲ្យបានមុន ១៥ថ្ងៃ មុនថ្ងៃចាប់ផ្ដើមឃោសនាបោះឆ្នោត។
គ.ជ.ប បានស្នើឲ្យស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវប្រកាសជាសាធារណៈអំពីចំនួនម៉ោងដែលខ្លួនមានសម្រាប់លក់ ឬជួលក្នុងរយៈពេលមួយថ្ងៃ និងចំនួនម៉ោងដែលមានសម្រាប់លក់ ឬជួលក្នុងរយៈពេល ១៤ថ្ងៃនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ បន្ទាប់មក ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវផ្ដល់ព័ត៌មានជាលាយលក្ខណ៍អក្សរទៅកាន់ គ.ជ.ប អំពីម៉ោងផ្សាយដែលបានលក់ ឬជួល និងឈ្មោះគណបក្សនយោបាយដែលបានទិញ ឬជួលម៉ោងផ្សាយ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ប្រកាសនៅក្នុងកម្មវិធីដាក់ចេញគោលការណ៍សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ លក់ ឬជួលម៉ោងឲ្យគណបក្សនយោបាយនៅថ្ងៃទី២ ខែឧសភា ថា មកដល់ពេលនេះ មានតែស្ថានីយវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) តែមួយគត់ដែលបានប្រកាសរៀបចំកម្មវិធីដោយមិនគិតថ្លៃសម្រាប់គ្រប់គណបក្សនយោបាយ បានផ្សព្វផ្សាយអំពីកម្មវិធីគោលនយោបាយនៅថ្ងៃឃោសនាបោះឆ្នោតខាងមុខនេះ។ បន្ថែមពីនេះ លោកបញ្ជាក់ថា នឹងមិនឲ្យម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ ជួលម៉ោងផ្សាយឲ្យតែគណបក្សមួយ និងរើសអើងគណបក្សមួយទៀតឡើយ៖ «»។
លោក ទេព នីថា បន្តថា ចំពោះគណបក្សដែលពុំសូវមានលទ្ធភាពច្រើនដើម្បីជួលស្ថានីយវិទ្យុ និងទូរទស្សន៍ឯកជនទេ គឺ គ.ជ.ប បានរៀបចំកម្មវិធីផ្សាយនៅតាមស្ថានីយវិទ្យុ និងទូរទស្សន៍រដ្ឋ ដោយមិនគិតថ្លៃសម្រាប់ផ្ដល់ជូនគណបក្សទាំងនោះ ដែលក្នុងមួយថ្ងៃអាចផ្សាយបានពីរដង នៅអំឡុងរយៈពេល ១៤ថ្ងៃនៃថ្ងៃឃោសនាបោះឆ្នោត។
ពាក់ព័ន្ធនឹងរឿងនេះ អគ្គនាយកនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា លោក កឹម គុណវឌ្ឍន៍ អំពាវនាវកុំឲ្យមានការយល់ច្រឡំថា មានការកេងចំណេញនយោបាយនៅថ្ងៃទី២០ ឧសភា ដែលជាការរំឭកទិវាចងកំហឹង និងដែលជាថ្ងៃបើកយុទ្ធនាការឃោសនាថ្ងៃបោះឆ្នោតដំបូង ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋនានាមិនបានចាក់បញ្ចាំងទាក់ទងអំពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយនីមួយៗ៖ «»។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ដែលមានគណបក្សនយោបាយចំនួន ១២ ចូលរួមប្រកួតប្រជែង នឹងចាប់ផ្ដើមពីថ្ងៃទី២០ ឧសភា ដល់ថ្ងៃទី២ មិថុនា ហើយនៅថ្ងៃទី៤ មិថុនា ជាថ្ងៃបោះឆ្នោត។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោក សំ គន្ធាមី លើកឡើងថា ថ្វីត្បិតតែលោកយល់ថា ការដាក់ចេញគោលការណ៍របស់ គ.ជ.ប នៅពេលនេះជារឿងល្អ ប៉ុន្តែការឃោសនាអំពីកម្មវិធីគោលនយោបាយរបស់គណបក្សទាំងអស់នៅតាមស្ថានីយវិទ្យុ និងទូរទស្សន៍ មិនអាចស្មើភាពគ្នាឡើយ ព្រោះគណបក្សតូចៗមួយចំនួន ពុំមានលទ្ធភាពជួលម៉ោងផ្សាយដូចគណបក្សធំៗឡើយ។ លោក សំ គន្ធាមី បញ្ជាក់ថា ព័ត៌មានដែលលោកធ្លាប់ទទួលបាន គឺមានគណបក្សខ្លះប្រើប្រាស់ថវិកាចំនួន ១.៥០០ដុល្លារសម្រាប់រដូវកាលឃោសនានៅក្នុងមួយឃុំ-សង្កាត់ ស្របពេលគណបក្សដទៃទៀតចំណាយរហូតទៅដល់ជិត ១ម៉ឺនដុល្លារ៖ «»។
គោលការណ៍របស់ គ.ជ.ប បានឲ្យដឹងថា ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវផ្ដល់ម៉ោងជួលដោយស្មើភាពគ្នាចំពោះគណបក្សនយោបាយទាំងអស់ ហើយបើក្នុងករណីមានគណបក្សនយោបាយតិច ឬមានតែមួយមានលទ្ធភាពមកទិញ ឬជួល គឺមានរយៈពេលយ៉ាងច្រើនពីរដងនៃរយៈពេលគោលការណ៍ស្មើភាពគ្នា។ ផ្ទុយទៅវិញ ប្រសិន គ.ជ.ប រកឃើញខ្លឹមសារឃោសនារំលោភលើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ គ.ជ.ប មានសិទ្ធិស្នើឲ្យគណបក្សនោះធ្វើការកែតម្រូវ បើពុំដូច្នោះទេ គ.ជ.ប មានសិទ្ធិដកហូត ឬបញ្ឈប់លែងឲ្យមានខ្លឹមសារឃោសនាទាំងស្រុង និងចាត់វិធានការតាមផ្លូវច្បាប់៕