Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

រដ្ឋាភិបាល​បញ្ចេញ​កម្រង​វីដេអូ​ស្ដីពី​សោកនាដកម្ម​នៃ​បដិវត្តន៍​ពណ៌​នៅ​ស៊ីរី

$
0
0

អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ចុង​ខែ​មេសា បាន​បញ្ចេញ​កម្រង​វីដេអូ​មួយ​ដែល​បង្ហាញ​អំពី​សោកនាដកម្ម​នៅ​ប្រទេស​ស៊ីរី (Syria)។ សោកនាដកម្ម​នេះ គឺ​ផ្ដើម​ចេញ​ពី បដិវត្តន៍​ពណ៌។

មន្ត្រី​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កម្រង​វីដេអូ​អំពី​សង្គ្រាម​នៅ​ប្រទេស​ស៊ីរី ដែល​រដ្ឋាភិបាល​ផលិត​ឡើង​នៅ​ចុង​ខែ​មេសា គឺ​ចង់​បញ្ជាក់​អំពី​ផលវិបាក​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ប្រទេស​មួយ៖ «»

កម្រង​វីដេអូ​រយៈពេល ១៨​នាទី ដែល​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃទីស្ដីការ​គណៈរដ្ឋមន្ត្រី ដាក់​បង្ហោះ​នៅ​លើ​គេហទំព័រ​មាន​ចំណង​ជើង​ថា "វិប្បដិសារី​នៃ​អ្នក​ដឹកនាំ​ចលនា​បដិវត្តន៍​ពណ៌" ត្រូវ​បាន​ផលិតករ​រៀបចំ​ឡើង​ពី​ដំណាក់កាល​សន្តិភាព រហូត​ដល់​ការ​ចាប់​ផ្ដើម​អំពាវនាវ​របស់​យុវជន​ម្នាក់​ឲ្យ​ធ្វើ​ចលនា​បដិវត្តន៍​ពណ៌ ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក បាស្សា អាល់ អាសាដ (Bashar al-Asad) រហូត​ដល់​ដំណាក់កាល​សង្គ្រាម​បង្ហូរ​ឈាម នៅ​ឆ្នាំ​២០១១ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ស៊ីរី មាន​ទាំង​កុមារ និង​ស្ត្រី រង​របួស និង​ជាង ៤០​ម៉ឺន​នាក់​ស្លាប់។ ពលរដ្ឋ​ស៊ីរី ជាង ១១​លាន​នាក់​ផ្សេង​ទៀត បាន​ភៀស​ខ្លួន​ពី​សង្គ្រាម​នោះ និង​ទៅ​ជ្រក​កោន​នៅ​ប្រទេស​ដទៃ។

ទាក់ទង​នឹង​វីដេអូ​ផ្សព្វផ្សាយ​អំពី​សោកនាដកម្មដែល​ជា​ផលវិបាក​នៃ​បដិវត្តន៍​ពណ៌​នៅ​ប្រទេស​ស៊ីរី យុវជន​កម្ពុជា ឈ្មោះ គង់ រ៉ៃយ៉ា ថ្លែង​ថា លោក​ក៏​សោកស្ដាយ​ចំពោះ​សោកនាដកម្ម​នោះ​ដូច​គ្នា ប៉ុន្តែ​លោក​បន្ត​ថា វីដេអូ​នេះ​តែ​មួយ​មុខ​មិន​អាច​ជា​វិធានការ​មាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​បដិវត្តន៍ ឬ​ការ​ផ្លាស់ប្ដូរ​បាន​ទេ ហើយ​មិន​មែន​មនុស្ស​ម្នាក់​នាំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​បាន​ឡើយ គឺ​ភាព​អយុត្តិធម៌ និង​ការឈឺ​ចាប់​ទេ ដែល​នាំ​ឲ្យ​ពលរដ្ឋ​ងើប​ធ្វើ​បដិវត្តន៍។ លោក​ថា វិធានការ​ដែល​អាច​ទប់ស្កាត់​បដិវត្តន៍ ឬ​ការ​ផ្លាស់ប្ដូរ​បាន គឺ​ការ​ប្រព្រឹត្ត​ល្អ​របស់​រដ្ឋាភិបាល​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន ផ្ដល់​ភាព​យុត្តិធម៌ គ្មាន​អំពើ​ពុក​រលួយ​ពី​ថ្នាក់​ភូមិ-ឃុំ​ដល់​ថ្នាក់​ជាតិ៖ «»

នៅ​ដើម​ឆ្នាំ​២០១៥ យុវជន​កម្ពុជា លោក គង់ រ៉ៃយ៉ា ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​រយៈពេល ១៨​ខែ ដោយសារ​លោក​សរសេរ​សារ​អំពាវនាវ​លើ​ទំព័រ​ហ្វេសប៊ុក​ឲ្យ​ធ្វើ​ចលនា​បដិវត្តន៍​ពណ៌​ផ្លាស់ប្ដូរ​សង្គម​កម្ពុជា

ឆ្លើយតប​បញ្ហា​នេះ លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា នៅ​លើ​លោក​នេះ​មិន​មាន​រដ្ឋាភិបាល​ណា​ល្អ​ឥត​ខ្ចោះ​ទេ ហើយ​រដ្ឋាភិបាល​កម្ពុជា ក៏​កំពុង​កែ​ទម្រង់​ដែរ។ លោក​ថា បដិវត្តន៍​ពណ៌​មិន​មែន​ជា​ហេតុផល​វិជ្ជមាន​ឡើយ ព្រោះ​កម្ពុជា បាន​ខាត​ពេលវេលា​អភិវឌ្ឍ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ មក៖ «»

ពាក្យ​បដិវត្តន៍​ពណ៌ ជា​ពាក្យ​រសើប​មួយ​សម្រាប់​រដ្ឋាភិបាល ហើយ​ជា​រឿយៗ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​បញ្ជា​ដល់​គ្រប់​ស្ថាប័ន និង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ឲ្យ​ទប់ស្កាត់​ចលនា​បដិវត្តន៍​នៅ​កម្ពុជា ទោះ​ជា​ពណ៌​អ្វី​ក៏ដោយ។ ពលរដ្ឋ​ឈឺ​ចាប់​ក្នុង​បញ្ហា​ដីធ្លី​ដូចជា​នៅ​តំបន់​បឹងកក់ និង​បុរីកីឡា ជាដើម តែង​នាំ​គ្នា​ពាក់​អាវ​ខ្មៅ​ចេញ​តវ៉ា​ទាមទារ​រក​យុត្តិធម៌។ ពួក​គាត់​តែង​ប្រឈម​ការ​រារាំង​ពី​អាជ្ញាធរ ព្រោះ​ខ្លាច​មាន​បដិវត្តន៍​ពណ៌។

ដោយឡែក​យុវជន គង់ រ៉ៃយ៉ា ដែល​ជាប់​ឃុំ​ដោយសារ​បដិវត្តន៍​ពណ៌​ថ្លែង​ថា នៅ​ពេល​នេះ លោក​មិន​ចង់​និយាយ​ពី​បដិវត្តន៍​ពណ៌​ទេ ប៉ុន្តែ​លោក​ចង់​និយាយ​ពី​ការ​ផ្លាស់ប្ដូរ​ដោយ​វិជ្ជមាន តាម​រយៈ​ការ​បោះឆ្នោត។ លោក​ជឿ​ថា ការ​ផ្លាស់ប្ដូរ​បែប​នេះ នឹង​មិន​មាន​សង្គ្រាម​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles