Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គ្រូពេទ្យ​និង​ពលរដ្ឋ​នៅ​ខេត្ត​តាកែវ​មិន​ចង់​ឲ្យ​ផ្អាក​ជំនួយ​មនុស្សធម៌​ឃ្មុំ​សមុទ្រ​របស់​អាមេរិក

$
0
0

ក្រុម​គ្រូពេទ្យ និង​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ សម្ដែង​ការ​សោកស្ដាយ​នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ថា កម្មវិធី​ជំនួយ​មនុស្សធម៌​របស់​កង​វិស្វកម្ម​ចល័ត​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក ហៅ​ថា “ឃ្មុំ​សមុទ្រ” ត្រូវ​បាន​ផ្អាក​ដោយ​គ្មាន​កាលកំណត់។ ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​ពួក​គេ​មើល​ឃើញ​ថា គម្រោង​នេះ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​លើក​កម្ពស់​សេវា​សុខភាព​សាធារណៈ​ដល់​ពលរដ្ឋ តាម​រយៈ​ការ​សាងសង់​បង្គន់​អនាម័យ បន្ទប់​សម្ភព និង​ជំនួយ​ជា​សម្ភារ​ពេទ្យ​ជាច្រើន​មុខ​ទៀត​ដល់​មណ្ឌល​សុខភាព និង​សាលា​រៀន​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស។

ក្រុម​គ្រូពេទ្យ និង​ពលរដ្ឋ​ដែល​ចំណុះ​មណ្ឌល​សុខភាព​ព្រៃស្បាត ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ធំ​ខាង​ជើង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បញ្ជាក់​ថា ពួក​គេ​មិន​ចង់​ឲ្យ​មាន​ការ​ផ្អាក​កម្មវិធី​ជំនួយ​មនុស្សធម៌​របស់​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក ឈ្មោះ​ថា “ឃ្មុំ​សមុទ្រ” នេះ​ឡើយ ព្រោះ​គម្រោង​នេះ​បាន​រួម​ចំណែក​ជួយ​ឲ្យ​មណ្ឌល​សុខភាព​ព្រៃស្បាត ក្លាយ​ជា​កន្លែង​ផ្តល់​សេវា​សុខាភិបាល​មួយ​ដែល​អាច​ជឿជាក់​បាន​ពី​សំណាក់​ពលរដ្ឋ​ជាង ១០​ភូមិ​នៅ​ក្នុង​តំបន់។

ប្រធាន​មណ្ឌល​សុខភាព​ព្រៃស្បាត លោក សៀង សុផុន បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា ជំនួយ​របស់​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក ជា​អគារ​សម្ភព និង​បង្គន់​អនាម័យ បាន​ធ្វើ​ឲ្យ​ចំនួន​ស្ត្រី​មាន​ផ្ទៃពោះ​មក​សម្រាល​កូន​នៅ​មណ្ឌល​សុខភាព​របស់​លោក​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ព្រោះ​អ្នក​ម្តាយ​ទាំងនោះ​ទុក​ចិត្ត​សេវាកម្ម និង​គុណភាព​នៃ​ការ​ព្យាបាល៖ «មណ្ឌល​សុខភាព​ខ្ញុំ ចាប់​តាំង​ពី​បាន​កន្លែង​សម្រាក​ការ​សម្រាល​កូន និង​បង្គន់​អនាម័យ​គ្រប់គ្រាន់​មក ហាក់​ដូចជា​មាន​ការ​កើន​ឡើង​នៃ​ការ​មក​ប្រើប្រាស់​សេវា។ សំខាន់​ជំរុញ​ឲ្យ​សេវា​មណ្ឌល​សុខភាព​យើង​មាន​ការ​ដើរ​ទៅ​មុខ។ បើ​យើង​ចង្អៀត យើង​ខ្វះ​មុខ​ខ្វះ​ក្រោយ សេវា​យើង​ក៏​អត់​ទៅ​មុខ​ដែរ។ វា​រីក​ចម្រើន​ទៅ​បាន លុះត្រា​តែ​យើង​មាន​ធនធាន​មនុស្ស អគារ​គ្រប់គ្រាន់ បរិក្ខារ​គ្រប់គ្រាន់។ ទន្ទឹម​នឹង​នេះ បើ​សិន​ជា​គាត់​ផ្តល់​អគារ និង​បរិក្ខារ​ហើយ យើង​កសាង​តែ​ធនធាន​មនុស្ស បូក​ផ្សំ​នឹង​អគារ​យើង​ចាស់​ពី​មុន​មក​ហ្នឹង គឺ​ធ្វើ​ឲ្យ​មណ្ឌល​សុខភាព​ហ្នឹង​អាច​រីក​ចម្រើន​ទៅ​បាន»

មណ្ឌល​សុខភាព​ព្រៃស្បាត ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០០ លើ​ផ្ទៃដី​ប្រមាណ ៨០០​ម៉ែត្រ​ការ៉េ និង​មាន​ចម្ងាយ ១៤​គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​ត្រាំកក់។ មណ្ឌល​សុខភាព​នេះ​មាន​អគារ​ចំនួន ៣ ចែក​ចេញ​ជា ១០​បន្ទប់។ មណ្ឌល​សុខភាព​នេះ ផ្តល់​សេវា​ជាច្រើន​ដូចជា ពិគ្រោះ​ជំងឺ ពិនិត្យ​ផ្ទៃពោះ ពន្យារ​កំណើត និង​សម្រាល​កូន ជាដើម។ ហើយ​ក្នុង​មួយ​ថ្ងៃៗ យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ចន្លោះ​ពី ៥០​នាក់​ទៅ ៦០​នាក់ បាន​មក​ទទួល​យក​សេវា​ទាំងនេះ។ សព្វថ្ងៃ​នេះ មណ្ឌល​សុខភាព​ព្រៃស្បាត គ្រប់គ្រង​សេវា​សុខាភិបាល​សម្រាប់​ពលរដ្ឋ​ជាង ១​ម៉ឺន​នាក់ ដែល​រស់នៅ​ក្នុង​ឃុំ​ត្រពាំង​ធំ​ខាង​ជើង និង​ឃុំ​ជាងទង ស្រុក​ត្រាំកក់ និង​ភូមិ​មួយ​ចំនួន​ទៀត​នៃ​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។

កាល​ពី​ដើម​ឆ្នាំ​២០១៤ កន្លង​ទៅ កង​កម្លាំង​វិស្វកម្ម​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ក្នុង​គម្រោង​ជំនួយ​មនុស្សធម៌ “ឃ្មុំ​សមុទ្រ” បាន​ជួយ​កសាង​បន្ទប់​ក្រោយ​សម្រាល​ចំនួន ២​បន្ទប់​ទំហំ ៨​ម៉ែត្រ​គុណ ៨​ម៉ែត្រ​ជូន​ដល់​មណ្ឌល​សុខភាព​ព្រៃស្បាត។ ក្រោយ​មក​នៅ​ចុង​ឆ្នាំ​២០១៥ ពួក​គេ​ក៏​បាន​ជួយ​កសាង​បង្គន់​អនាម័យ​ចំនួន ៥​បន្ទប់​បន្ថែម​ទៀត​ដល់​មណ្ឌល​សុខភាព​មួយ​នេះ។ ក្រៅ​ពី​សាងសង់​បន្ទប់​ក្រោយ​សម្រាល និង​បង្គន់​អនាម័យ កង​កម្លាំង​វិស្វកម្ម​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក ក៏​បាន​ផ្តល់​សម្ភារ​បរិក្ខារ​មួយ​ចំនួន​បន្ថែម​ទៀត​ដល់​មណ្ឌល​សុខភាព​ព្រៃស្បាត​នេះ​ដែរ។

ប្រធាន​មណ្ឌល​សុខភាព​ព្រៃស្បាត លោក សៀង សុផុន បញ្ជាក់​ថា ក្នុង​មួយ​ខែ​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ចន្លោះ​ពី ២០​នាក់​ទៅ ៣០​នាក់ ឬ​អាច​លើស​ពី​នេះ បាន​មក​សម្រាល​កូន​នៅ​ទីនេះ ក៏ប៉ុន្តែ​ចំនួន​នេះ​បាន​ថយ​ចុះ​បន្តិច​វិញ​នៅ​ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ដោយសារ​ចំនួន​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​មូលដ្ឋាន​នេះ​មាន​ការ​ថយ​ចុះ។

ពលរដ្ឋ​ភូមិ​ទួលត្បែង ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ មួយ​រូប​ដែល​កំពុង​ឈរ​ព​កូន គឺ​លោកស្រី មុំ សុខា ថ្លែង​ថា លោកស្រី​សម្រាល​កូន​ចំនួន ២​នាក់​ហើយ​នៅ​មណ្ឌល​សុខភាព​ព្រៃស្បាត នេះ ដោយ​មិន​បាន​ទៅ​សម្រាល​នៅ​កន្លែង​ណា​ផ្សេង​ឡើយ ព្រោះ​ដោយសារ​ជឿជាក់​លើ​មណ្ឌល​សុខភាព​នៅ​ជិត​ផ្ទះ​នេះ។ នេះ​ក៏​ដោយសារ​ជំនួយ​របស់​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ដែរ ដែល​បាន​កសាង​បន្ទប់​សម្ភព និង​មាន​បំពាក់​បរិក្ខារ​ទំនើបៗ៖ «ប្រជាជន​ទាំងអស់​អត់​មាន​សមត្ថភាព​ធ្វើ។ ដល់​ពេល​គេ​ធ្វើ​ឲ្យ​យើង​អ៊ីចឹង យើង​អរ​ណាស់! គ្មាន​អ្វី​ក្រៅ​ពី​ត្រេកអរ​ទេ។ បាន​កន្លែង​សម្រាល​ស្រួល បើ​កាល​ពី​មុន​ពិបាក កាល​ពី​ខ្ញុំ​កូន​ទី​មួយ​មាន​តែ​បន្ទប់​មួយ​ជួរ»

តាំង​ពី​ឆ្នាំ​២០០៨ មក កម្មវិធី​ជំនួយ​មនុស្សធម៌​កង​វិស្វកម្ម​ចល័ត​អាមេរិក​ឈ្មោះ "ឃ្មុំ​សមុទ្រ" នេះ បាន​អនុវត្ត​គម្រោង​សេវា​សហគមន៍​នានា​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ជាង ៥​លាន​ដុល្លារ​អាមេរិក។ គម្រោង​ទាំងនេះ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជាច្រើន​ពាន់​នាក់ តាម​រយៈ​ការ​ជួយ​សាងសង់​មន្ទីរពេទ្យ បង្គន់​អនាម័យ និង​កែលំអ​សាលា​រៀន​ជាច្រើន​ក្នុង​ខែត្រ​ចំនួន ១១ ក្រោម​កិច្ច​សហការ​ផ្ទាល់​ជាមួយ​សម​ភាគី​នានា រួម​មាន​កង​យោធពល​ខេមរភូមិន្ទ និង​សហគមន៍​មូលដ្ឋាន ជាដើម។

ទោះ​បី​ជា​យ៉ាង​ណា កាល​ពី​ដើម​ខែ​មេសា កន្លង​ទៅ ស្ថានទូត​អាមេរិក​បាន​ប្រកាស​ថា រដ្ឋាភិបាល​កម្ពុជា បាន​ជូន​ដំណឹង​មក​ស្ថានទូត​អំពី​ការ​ផ្អាក​កម្មវិធី​ជំនួយ​មនុស្សធម៌​នេះ​ដោយ​គ្មាន​កាលកំណត់។ ការ​ផ្អាក​នេះ នឹង​បណ្ដាល​ឲ្យ​មាន​ការ​លុប​ចោល​គម្រោង​នានា ដែល​គ្រោង​នឹង​អនុវត្ត​សរុប​ចំនួន ២០ រួម​មាន​ដូចជា ការ​សាងសង់​មន្ទីរ​សម្ភព និង​បន្ទប់​ទឹក​សាលា​រៀន​នៅ​ខែត្រ​តាកែវ កំពត ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម ជាដើម។ បញ្ហា​នេះ ត្រូវ​បាន​អ្នក​ទទួល​ផល​ពី​កម្មវិធី​ជំនួយ​មនុស្សធម៌​របស់​ទាហាន​ជើង​ទឹក​អាមេរិក ចាត់​ទុក​ថា​ជា​ការ​ខាតបង់​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ។

សម្រាប់​ពលរដ្ឋ និង​ក្រុម​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ព្រៃស្បាត ពួក​គេ​មិន​ចង់​ឃើញ​ជំនួយ​នេះ​ត្រូវ​បាន​កាត់​ផ្តាច់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​ចង់​ឲ្យ​មាន​ជំនួយ​នេះ​បន្ថែម​ទៀត​តាម​មណ្ឌល​សុខភាព​ដទៃ ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រីក្រ និង​នៅ​តែ​ត្រូវការ​ជំនួយ​មនុស្សធម៌​បែប​នេះ​ទៀត​ជា​ចាំបាច់៖ «ចង់​ឲ្យ​ជួយ​គ្រប់​មណ្ឌល​ទាំងអស់​ហ្នឹង ព្រោះ​កាលណា​បាន​បន្ទប់​អនាម័យ បាន​កន្លែង​សម្រាល​ស្រួល​ទៅ ប្រជាជន​យើង​ក៏​មាន​អនាម័យ និង​សុខភាព​ល្អ​តាម​ហ្នឹង​ដែរ។ មណ្ឌល​ដទៃ​ទៀត បើ​សិន​ជា​មាន​ការ​ផ្តល់​ជូន​ពី​ទាហាន​ជើង​ទឹក​អាមេរិក ដូច​មណ្ឌល​សុខភាព​ព្រៃស្បាត នោះ​នឹង​ធ្វើ​ឲ្យ​សេវា​មណ្ឌល​សុខភាព​ដទៃ​ទៀត​ច្រើន​ដូច​សេវា​មណ្ឌល​សុខភាព​ព្រៃស្បាត ដែរ។ សំណូមពរ​ថា​បើ​សិន​ជា​អាច​ជួយ​ដល់​មណ្ឌល​សុខភាព​ដទៃ​ទៀត​បាន ទាហាន​ជើង​ទឹក​អាមេរិក​បន្ត​ការ​ជួយ​ទៀត​មក ពីព្រោះ​សេវា​យើង​មិន​គ្រប់គ្រាន់​ទេ។ ការ​ប្រើប្រាស់​របស់​យើង​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ហើយ​ប្រជាជន​យើង​នៅ​មាន​តម្រូវការ​ជំនួយ​នេះ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles