Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មេ​ដឹកនាំ​អាស៊ាន​អនុម័ត​ផែនការ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន

$
0
0

មេ​ដឹកនាំ​សមាគម​អាស៊ាន ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៣០ នា​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ថ្ងៃ​ទី​២៩ ខែ​មេសា ប្ដេជ្ញា​រួម​គ្នា​ថា ខ្លួន​នឹង​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ដើម្បី​កាត់​បន្ថយ​ផលវិបាក​នៅ​ក្នុង​សហគមន៍។ ការ​ប្រកាស​រួម​គ្នា​នេះ នៅ​ស្រប​ពេល​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់ បាន​បង្កើត​ច្បាប់​តឹងរ៉ឹង​រហូត​ដល់​ប្រហារ​ជីវិត​អ្នក​ជួញដូរ​គ្រឿង​ញៀន ដូចជា​ប្រទេស​ហ្វីលីពីន ជាដើម។

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែល​ជា​ប្រធាន​ដឹកនាំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ថ្លែង​ក្នុង​ពេល​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣០ នា​ទីក្រុង​ម៉ានីល នៅ​ថ្ងៃ​ទី​២៩ មេសា ថា អាស៊ាន​ត្រូវ​ធ្វើ​ឲ្យ​លះ​ពី​គ្រឿង​ញៀន។

លោក​បន្ត​ថា បញ្ហា​គ្រឿង​ញៀន គឺ​ជា​ការ​គំរាម​កំហែង​ដល់​ការ​កសាង​សហគមន៍៖ «យើង​ត្រូវ​តែ​តាំង​ចិត្ត​ធ្វើ​ឲ្យ​អាស៊ាន​ជា​សហគមន៍​មួយ​គ្មាន​គ្រឿង​ញៀន។ ខ្ញុំ​មើល​ឃើញ​ថា គ្រឿង​ញៀន​បាន​បញ្ចប់​ក្ដី​សង្ឃឹម និង​ការ​ស្រមើស្រមៃ​អំពី​អនាគត និង​ជីវិត​របស់​មនុស្ស​រាប់​មិន​អស់ រាប់​ទាំង​យុវជន​ផង។ ឧបករណ៍​ធ្វើ​ជំនួញ​គ្រឿង​ញៀន​មាន​ច្រើន​ណាស់ ក៏ប៉ុន្តែ​មិន​អាច​កើត​ទៅ​រួច​ទេ គឺ​ការ​មាន​ឆន្ទៈ​នយោបាយ និង​កិច្ច​សហប្រតិបត្តិការ​យើង​អាច​បំផ្លាញ​វា​បាន មុន​ពេល​វា​បំផ្លាញ​សង្គម​របស់​យើង​បាន»

ក្នុង​បណ្ដា​ជា​សមាជិក​ទាំង​១០ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ថ្កោលទោស​ជា​ខ្លាំង​ចំពោះ​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ចាប់​តាំង​ពី​ពេល​ដែល​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៦។ មាន​មនុស្ស​រាប់​ពាន់​នាក់ ត្រូវ​បាន​អាជ្ញាធរ​បាញ់​សម្លាប់ ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០ ត្រង់​ប្រការ​ទី​៣៣ បាន​សរសេរ​ថា ថ្នាក់​ដឹកនាំ​សមាគម​នេះ​ស្វាគមន៍​ការ​អនុម័ត​ផែនការ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២៥ ដើម្បី​ដោះស្រាយ​បញ្ហា​សកម្មភាព​គ្រឿង​ញៀន និង​កាត់​បន្ថយ​ផលវិបាក​នៅ​ក្នុង​សង្គម។

ផែនការ​នេះ គឺ​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​របស់​គ្រឿង​ញៀន ដោយ​ផ្ដោត​លើ​ប្រធានបទ​ថ្នាក់​តំបន់​ថ្មី​ថា "ការ​រក្សា​សន្តិសុខ​សហគមន៍​អាស៊ាន​ប្រឆាំង​នឹង​គ្រឿង​ញៀន"

មេ​ដឹកនាំ​អាស៊ាន ក៏​កត់​សម្គាល់​ដែរ​លើ​ការ​បន្ត​បង្កើន​ផែនការ​សហប្រតិបត្តិការ​អាស៊ាន ដើម្បី​ចាត់ការ​ការ​ផលិត និង​ការ​ចរាចរណ៍​គ្រឿង​ញៀន​នៅ​ក្នុង​តំបន់​ត្រីកោណ​មាស​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៩។

ដោយឡែក​រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​របស់​ខ្លួន​បាន​រយៈពេល ៤​ខែ​ហើយ ចាប់​តាំង​ពី​ដើម​ខែ​មករា មក។

របាយការណ៍​អាជ្ញាធរ​បង្ក្រាប​គ្រឿង​ញៀន​កម្ពុជា បង្ហាញ​ថា លទ្ធផល​សរុប​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មេសា នេះ អាជ្ញាធរ​កម្ពុជា បង្ក្រាប​គ្រឿង​ញៀន​បាន ៣.២១០​ករណី និង​ឃាត់​ខ្លួន​មនុស្ស​បាន ៧.៣៦៦​នាក់​នៅ​ទូទាំង​ប្រទេស។ ក្នុង​នោះ អាជ្ញាធរ​ក៏​ដក​ហូត​បាន​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់​ជាង ៣១​គីឡូក្រាម (៣១​គីឡូក្រាម និង ៨៦២,៧២​ក្រាម) កញ្ឆា​ក្រៀម​ជាង ១១​គីឡូក្រាម (១១​គីឡូក្រាម និង ៦០៣,០៣​ក្រាម និង ១៤១.៣១៥​ដើម) និង​សម្ភារ​ផលិត​មួយ​ចំនួន​ទៀត។

ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាំង​១០ ប្រទេស​កម្ពុជា ត្រូវ​បាន​រដ្ឋាភិបាល និង​ពលរដ្ឋ​កម្ពុជា មើល​ឃើញ​ថា កំពុង​ញាំញី​ដោយ​បញ្ហា​គ្រឿង​ញៀន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles