Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អង្គការ​សហប្រជាជាតិ​បន្ត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​អ្នក​ជាប់​ឃុំ​៥​នាក់

$
0
0

អង្គការ​សហប្រជាជាតិ និង​ចលនា​ពិភពលោក​ដើម្បី​សិទ្ធិ​មនុស្ស ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា ឈប់​គំរាម​កំហែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ស្នើ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង ៥​នាក់ ដោយ​ហៅ​ករណី​នេះ​ជា​ការ​គាប​សង្កត់​សិទ្ធិ និង​សេរីភាព​បញ្ចេញ​មតិ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ករណី​នេះ​ជា​ការ​អនុវត្ត​ទៅ​តាម​ច្បាប់ និង​នីតិវិធី​របស់​តុលាការ។

ចំ​ខួប ១​ឆ្នាំ​នៃ​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) រួម​មាន​អ្នកស្រី លឹម មុន្នី លោក នី ចរិយា លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ សម្រាប់​សិទ្ធិ​មនុស្ស ស្នើ​អាជ្ញាធរ​កម្ពុជា ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥​នាក់ ដែល​កំពុង​ត្រូវ​គេ​ឃុំ​ខ្លួន​មុន​ការ​កាត់​ទោស​អស់​រយៈពេល​មួយ​ឆ្នាំ។

ពី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស (Switzerland) អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ សម្រាប់​សិទ្ធិ​មនុស្ស អ្នកស្រី អេលីហ្សាប៊ែត ស្រូសហ្សែលល៍ (Elizabeth Throssell) នៅ​ថ្ងៃ​ទី​២៨ មេសា សោកស្ដាយ​ថា ទោះ​បី​ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ បាន​ហៅ​ការ​ឃុំ​ខ្លួន​អ្នក​ទាំង ៥​នាក់​ជា​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​ក៏ដោយ ក៏​តុលាការ​ក្រុង​ភ្នំពេញ នៅ​សម្រេច​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង ៥​នាក់។

នៅ​ថ្ងៃ​ទី​២៧ មេសា ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ពន្យារ​ពេល​ឃុំ​ខ្លួន​អ្នក​ទាំង ៥​នាក់​រយៈពេល ៦​ខែ​ទៀត។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឆ្លើយតប​ថា ប្រទេស​កម្ពុជា មាន​អធិបតេយ្យភាព​ផ្ទាល់​ខ្លួន ហើយ​ករណី​ការ​ឃុំ​ខ្លួន​នេះ​ស្ថិត​ក្រោម​ស្ថាប័ន​យុត្តិធម៌ ដែល​លោក​ថា​ជា​ស្ថាប័ន​ឯករាជ្យ៖ «កម្ពុជា ឥត​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អង្គការ​សហប្រជាជាតិ ឬ​អង្គការ​ណា​ទេ ចំពោះ​ការងារ​យុត្តិធម៌ តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ស្ថាប័ន​យុត្តិធម៌​ជា​ស្ថាប័ន​ឯករាជ្យ មិន​ស្ថិត​នៅ​ចំណុះ ឬ​ឲ្យ​អ្នក​ណា​ជ្រៀតជ្រែក។ នេះ​ជា​ដែន​អធិបតេយ្យភាព​របស់​ជាតិ​ខ្មែរ​នោះ​ទេ តែ​ជា​អធិបតេយ្យភាព​របស់​តុលាការ»

នៅ​ថ្ងៃ​ទី​២៨ មេសា នេះ​ដែរ ចលនា​ពិភពលោក​ដើម្បី​សិទ្ធិ​មនុស្ស (Worldwide Movement for Human Rights) ក៏​អំពាវនាវ​អាជ្ញាធរ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស ៥​រូប​ដែល​កំពុង​ជាប់​ឃុំ​ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ។

ចលនា​ពិភពលោក​ដើម្បី​សិទ្ធិ​មនុស្ស បាន​ហៅ​ការ​ឃុំ​ខ្លួន​សកម្មជន​ទាំង ៥​នាក់​ជា​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​មុន​សវនាការ ហើយ​ថា​ការ​ឃុំ​ខ្លួន​ពួក​គេ​អស់​រយៈពេល​ពេញ​មួយ​ឆ្នាំ​នេះ បង្ហាញ​ពី​ភាព​អន់​ខ្សោយ​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក ឌីមីទ្រីស គ្រីស្តូពូឡុស (Dimitris Christopoulos) ប្រធាន​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិ ហ្វីដ (FIDH) ដែល​គ្រប់គ្រង​ចលនា​ពិភពលោក​ដើម្បី​សិទ្ធិ​មនុស្ស ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ការ​បញ្ចេញ​សកម្មភាព​របស់​អាជ្ញាធរ​ចំពោះ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥​នាក់ ដូចជា​ជន​ឧក្រិដ្ឋ គ្រោះថ្នាក់ បង្ហាញ​ពី​វិសាលភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា គឺ​ស្ថិត​នៅ​ក្នុង​ហោប៉ៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​ថា សហគមន៍​អន្តរជាតិ​ត្រូវ​រួបរួម​គ្នា និង​ត្រូវ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ចប់​ការ​បង្ក្រាប​ជា​បន្ទាន់​ទៅ​លើ​អ្នក​រិះគន់ និង​សង្គម​ស៊ីវិល ហើយ​ដោះលែង​អ្នក​ទាំង​ប្រាំ។

ការ​លើក​ឡើង​នេះ ត្រូវ​បាន​លោក ផៃ ស៊ីផាន ហៅ​ថា​ជា​ការ​ប្រាសចាក​ពី​ការពិត​ជាក់ស្តែង ដោយ​ស្នើ​ឲ្យ​ចលនា​នេះ​ពិនិត្យ​មើល​អង្គ​ហេតុ និង​អង្គ​ច្បាប់​ឲ្យ​បាន​ល្អិតល្អន់ ហើយ​ត្រូវ​ពិចារណា​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ។

មាត្រា​២០៨ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ចែង​ថា តុលាការ​អាច​ឃុំ​ខ្លួន​ជន​សង្ស័យ​មុន​ការ​កាត់​ក្តី​ចំនួន ១៨​ខែ។

ចលនា​ពិភពលោក​ដើម្បី​សិទ្ធិ​មនុស្ស ហៅ​ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង​ប្រាំ ដោយ​បទ​ចោទ​ប្រឌិត​ឡើង គឺ​ជា​រឿង​ហួសហេតុ ដែល​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​យាយី​ដោយ​ចេតនា​នយោបាយ លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ករណី​នេះ​បញ្ជក់​ឲ្យ​ឃើញ​ពី​ចេតនា​ខិតខំ​របស់​រដ្ឋាភិបាល ក្នុង​ការ​គាប​សង្កត់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​រិះគន់។

កាល​ពី​ថ្ងៃ​ទី​២៦ មេសា អ្នក​ទាំង​ប្រាំ​នាក់ ត្រូវ​បាន​គេ​រើស​ក្នុង​វគ្គ​ជម្រុះ​ចុង​ក្រោយ​សម្រាប់​ពាន​រង្វាន់​ផ្នែក​អ្នក​ការពារ​សិទ្ធិ​មនុស្ស ម៉ាទីន អ៊ែនណល ២០១៧ (Martin Ennals Award) ដើម្បី​ជា​ការ​ទទួល​ស្គាល់​ស្នាដៃ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​ពួក​គេ។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ប្រកាស​ថា ការ​ឃុំ​ខ្លួន​អ្នកស្រី លឹម មុន្នី លោក នី ចរិយា លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត ជា​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត។ ក្រុម​ការងារ​នេះ ក៏​បាន​អំពាវនាវ​អាជ្ញាធរ​កម្ពុជា ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ប្រាំ​នាក់​ជា​បន្ទាន់ ហើយ​ត្រូវ​សង​ជំងឺ​ចិត្ត​ឲ្យ​បាន​សមរម្យ​ដល់​ពួក​គេ។

អ្នក​ដែល​កំពុង​ជាប់​ឃុំ​ទាំង​ប្រាំ​នាក់ កំពុង​ប្រឈម​នឹង​បទ​ចោទ​សម​គំនិត និង​សូកប៉ាន់​សាក្សី ទាក់ទង​នឹង​ការ​ជួយ​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ ក្នុង​សំណុំ​រឿង​លោក កឹម សុខា ដែល​ត្រូវ​បាន​គេ​ចោទ​ថា​មាន​ស្នេហា​ជាមួយ​នាង។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ សម្រាប់​សិទ្ធិ​មនុស្ស ហៅ​ការ​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ប្រាំ​នាក់ ដោយសារ​ពួក​គេ​អនុវត្ត​សិទ្ធិ និង​សេរីភាព​បញ្ចេញ​មតិ ហើយ​ទង្វើ​នេះ​ជា​ការ​បំបិទ​មាត់​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ អង្គការ​សហប្រជាជាតិ ទទួល​ស្គាល់​ពី​កាតព្វកិច្ច​របស់​ចៅក្រម​ស៊ើប​អង្កេត ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​នេះ ក៏ប៉ុន្តែ​អង្គការ​សហប្រជាជាតិ បាន​ស្នើ​ថា ការ​ប្រើ​យន្តការ​ឃុំ​ខ្លួន​មុន​ការ​កាត់​ក្តី​គួរ​ត្រូវ​បាន​លើកលែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles