Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ភូមិ​នៅ​សង្កាត់​ចាក់អង្រែលើ​លើក​គ្នា​ទៅ​ក្រសួង​ដែនដី​សួរ​នាំ​ពី​ដំណោះស្រាយ​ដីធ្លី

$
0
0

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ និង​សង្កាត់​ដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ មេសា លើក​គ្នា​មក​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​សួរ​អំពី​ការ​ដោះស្រាយ​ដីធ្លី​របស់​ពួក​គាត់ ដែល​អូស​បន្លាយ​មក​ជាច្រើន​ឆ្នាំ​ហើយ។

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ភូមិ​ព្រែកតាគង់​១ និង​ភូមិ​ខ្វា ខណ្ឌ​ដង្កោ ប្រមាណ ១០០​នាក់ មក​ជួបជុំ និង​ស្រែក​ទាមទារ​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឲ្យ​មន្ត្រី​ក្រសួង​នេះ​ផ្ដល់​ព័ត៌មាន​អំពី​ការ​វិវឌ្ឍន៍​ក្នុង​ការ​ដោះស្រាយ​រឿង​ដីធ្លី ដែល​ពួក​គាត់​ចង់​បាន​ប័ណ្ណ​កម្មសិទ្ធិ និង​អភិវឌ្ឍ​នៅ​នឹង​កន្លែង។

ពលរដ្ឋ​ទាំងនេះ គឺ​ក្នុង​ចំណោម​ពលរដ្ឋ ៥០០​គ្រួសារ​កំពុង​រស់នៅ​ក្នុង​តំបន់​បឹង​ទំពុន និង​បឹង​ជើងឯក ដែល​មួយ​ផ្នែក​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​អាង​ស្តុក​ទឹក និង​មួយ​ផ្នែក​ទៀត ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រុមហ៊ុន អាយ.អិន.ជី (ING Holding) អភិវឌ្ឍ​ក្រុង​រណប​នៅ​ភាគ​ខាង​ត្បូង​ភ្នំពេញ។

អ្នក​ភូមិ​មួយ​រូប គឺ​កញ្ញា ម៉ៅ លុនហេង ថ្លែង​ថា មូលហេតុ​ដែល​អ្នក​ភូមិ​នាំ​គ្នា​មក​ក្រសួង​ដែនដី ព្រោះ​អ្នក​ភូមិ​កាន់​តែ​បារម្ភ​អំពី​ការ​បាត់បង់​ដី និង​ផ្ទះ​សម្បែង ដោយសារ​គម្រោង​អភិវឌ្ឍន៍​ទាំងនេះ៖ «ថ្ងៃ​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​ជួយ​រៀបចំ​ការងារ​ទាំងអស់​ហ្នឹង​ឲ្យ​លឿន​ឲ្យ​ពួក​ខ្ញុំ ពីព្រោះ​ថា​ឥឡូវ កន្លែង​ពួក​ខ្ញុំ គឺ​កាន់​តែ​ស្ថិត​ក្នុង​ការ​ភ័យ​ខ្លាច​មែនទែន​ហើយ គឺ​ដោយសារ​គេ​បាន​ចេញ​គម្រោង​មក​ហើយ គឺ​ភូមិ​ខ្ញុំ​ហ្នឹង​ប៉ះពាល់​ដល់​អាង​ស្តុក​ទឹក និង​ប៉ះពាល់​ដល់​ក្រុមហ៊ុន អាយ.អិន.ជី។ អ៊ីចឹង ពួក​ខ្ញុំ​អត់​អាច​រស់នៅ​បន្ត​ការ​ភ័យ​ខ្លាច​អ៊ីចឹង​រហូត​ទេ។ ពួក​ខ្ញុំ​ត្រូវការ​ការ​ដោះស្រាយ​ពី​ក្រសួង ស្នើសុំ​ក្រសួង​រៀបចំ​ឲ្យ​ពួក​ខ្ញុំ ហើយ​ក៏​ស្នើសុំ​ឲ្យ​ក្រសួង​ចុះ​ទៅ​ពិនិត្យ ហើយ​ធ្វើ​ការ​លើ​ការ​ស្នើសុំ​របស់​ពួក​ខ្ញុំ​ឲ្យ​បាន​ឆាប់»

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៦ អ្នក​ភូមិ​ដែល​ប៉ះពាល់ បាន​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី ជួប​ពិភាក្សា​ដើម្បី​កាត់​ឆ្វៀល​ដី​របស់​ពលរដ្ឋ​ចេញ​ពី​គម្រោង​ទាំងនេះ និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដល់​ពួក​គាត់។ កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧ មន្ត្រី​ក្រសួង​ដែនដី បាន​បញ្ជូន​សំណើ​សុំ​របស់​អ្នក​ភូមិ​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ។

ពលរដ្ឋ​មួយ​រូប​ទៀត គឺ​លោក សុខ ឃីម មាន​ប្រសាសន៍​ថា ពួក​លោក​ចង់​បាន​ការ​ឆ្លើយតប​ពី​ក្រសួង​ដែនដី៖ «ខែ​៤ ជិត​ចូល​ខែ​៥ ទៀត​ហើយ វា​ស្ងាត់​ឈឹង។ ដូច្នេះ​ពួក​យើង​រស់នៅ​ក្នុង​សហគមន៍ ដែល​ជា​សហគមន៍​ក្នុង​តំបន់​អភិវឌ្ឍន៍​ក្រុមហ៊ុន យើង​រស់នៅ​ក្នុង​សេចក្ដី​ភ័យ​ខ្លាច​បារម្ភ​ជានិច្ច។ ដូច្នេះ​យើង​មក​បញ្ជាក់​ឲ្យ​ច្បាស់​ថា ក្រសួង​ធ្វើ​ការ​ដល់​ណា​ហើយ កុំ​ចេះ​តែ​សម្ងំ​ស្ងៀម​ដោយ​មិន​ផ្ដល់​ព័ត៌មាន​ដល់​ពលរដ្ឋ។ យើង​រស់​ក្នុង​ភ័យ​ខ្លាច​ជានិច្ច​យ៉ាង​នេះ យើង​មិន​អាច​នៅ​សុខ​បាន​ទេ។ អ៊ីចឹង​យើង​ត្រូវ​តែ​មក​ទីនេះ ដើម្បី​ចង់​ដឹង​ព័ត៌មាន​របស់​ពួក​យើង»

តំណាង​អ្នក​ភូមិ​ព្រែកតាគង់១ គឺ​លោក អ៊ុំ ណារី ថ្លែង​ក្រោយ​ពេល​ជួប​ជាមួយ​មន្ត្រី​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ក្រសួង​ដែនដី គឺ​លោក ជា ស្រ៊ុន នៅ​ថ្ងៃ​ដដែល​ណែនាំ​ឲ្យ​អ្នក​ភូមិ​មក​ជួប​លោក​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា។ លោក​រំពឹង​ថា ក្រសួង​ដែនដី នឹង​មាន​ព័ត៌មាន​អំពី​ដំណោះស្រាយ​ល្អ​ពេល​ជួប​គ្នា​នៅ​ខែ​ឧសភា នោះ៖ «សង្ឃឹម​ថា​ថ្ងៃ​ទី​៣ នោះ យើង​នឹង​មាន​ដំណោះស្រាយ​ល្អ​ជាង​នេះ​ទៅ​ទៀត គឺ​ជួប​ទាំង​សាលា​ក្រុង ជួប​ទាំង​ក្រសួង។ យើង​នឹង​យក​ផល​ប៉ះពាល់​ទាំង​ប៉ុន្មាន​មក​ដាក់​លើ​តុ ដើម្បី​ជជែក​ទាំងអស់​គ្នា ទាំង​សាលា​ក្រុង ទាំង​ក្រសួង និង​សហគមន៍​ពួក​ខ្ញុំ ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់។ ក្រសួង​គាត់​មាន​ចំណាត់ការ​មួយ​ថា ឯកសារ​នេះ​គាត់​នឹង​មិន​យក​ទៅ​ទុក​ដូច​មុន​ទេ។ គាត់​នឹង​បន្ត​ធ្វើ​មិន​ឈប់​ទេ ដើម្បី​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ»

អ្នក​ភូមិ​សម្រេច​រំសាយ​គ្នា​វិញ​នៅ​វេលា​ថ្ងៃ​ត្រង់ បន្ទាប់​ពី​ទទួល​បាន​ការ​ឆ្លើយតប​របស់​មន្ត្រី​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ក្រសួង​ដែនដី។ ពួក​គាត់​ចាត់​ទុក​ការ​ឆ្លើយតប​របស់​មន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មេសា ថា​ជា​លទ្ធផល​វិជ្ជមាន។

ក្នុង​លិខិត​របស់​ក្រសួង​ដែនដី បង្ហាញ​ថា ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ទី​២៧ ស្រាវជ្រាវ​ឃើញ​ថា ដី​ដែល​អ្នក​ភូមិ​ស្នើសុំ​កាត់​ចេញ​នោះ គឺ​ពិត​ជា​ស្ថិត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន អាយ.អិន.ជី (ING Holding) ដែល​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​កាល​ពី​ឆ្នាំ​២០១១ និង​ដី​មួយ​ចំនួន​ទៀត ស្ថិត​នៅ​ក្នុង​អាង​ស្តុក​ទឹក ដែល​រដ្ឋាភិបាល​កំណត់​តាម​អនុក្រឹត្យ​កាល​ពី​ឆ្នាំ​២០០៨ ស្ដីពី​ការ​កំណត់​ផ្ទៃ​បឹង​ជើងឯក និង​ប្រឡាយ​នៅ​ក្នុង​ខណ្ឌ​ដង្កោ និង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ និង​ស្រុក​តាខ្មៅ ខេត្ត​កណ្ដាល ជា​សម្បត្តិ​រដ្ឋ។

លោក អ៊ុំ ណារី ឲ្យ​ដឹង​ថា ផ្ទៃ​គម្រោង​នេះ​មាន​ទំហំ ៥២០​ហិកតារ។ ពួក​លោក​ក៏​សុំ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​អនុក្រឹត្យ​ទាំងនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles