សហព័ន្ធសហជីព និងសមាគមក្នុងវិស័យការងារដែលមានផ្នែកកាត់ដេរ សំណង់ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ដឹកជញ្ជូន និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្ដេជ្ញាថានឹងហែក្បួនជាង ៣ពាន់នាក់ ដាក់ញត្តិនៅរដ្ឋសភា ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា។ ការបង្ហាញជំហរនេះ បន្ទាប់ពីសាលារាជធានីភ្នំពេញ បានចេញលិខិតបដិសេធការជួបជុំហែក្បួនរបស់ពួកគេ។
សហព័ន្ធសហជីព និងសមាគមក្នុងវិស័យការងារ ចាត់ទុកថា ការបដិសេធរបស់សាលារាជធានីភ្នំពេញ ដែលមិនឲ្យពួកគេហែក្បួនដាក់ញត្តិក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាការរំលោភសិទ្ធិ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍នៅថ្ងៃទី២៧ មេសា ថា បន្ទាប់ពីលោកបានដាក់លិខិតជូនដំណឹងជួបជុំហែក្បួនជាង ៣ពាន់នាក់ ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា កាលពីថ្ងៃទី១០ មេសា សាលារាជធានីភ្នំពេញទើបតែបានផ្ដល់ចម្លើយបដិសេធន៍ដោយគ្មានការពិភាក្សា និងពន្យល់ពីមូលហេតុច្បាស់លាស់នោះទេ។
លោកថា ក្រុមការងារស្នើឲ្យសាលារាជធានីភ្នំពេញ ពិចារណាឡើងវិញ និងចង់ជួបពិភាក្សាពន្យល់ពីហេតុផលនៃការប្រារព្ធពិធី ហើយក្រុមការងារនៅតែមានជំហរហែក្បួនដដែល ពុំទាន់មានការផ្លាស់ប្ដូរទេ៖ «បើតាមច្បាប់បាតុកម្មមាត្រា៩ មាត្រា១០ មាត្រា១១ មាត្រា១២ អាជ្ញាធរត្រូវអនុញ្ញាតឲ្យគេធ្វើ បើសិនជារកមិនឃើញថា ទិវាហ្នឹងវាប៉ះពាល់ដល់សន្តិសុខជាតិ ឬក៏វាចំថ្ងៃបុណ្យជាតិធំៗ។ បើសិនជាអ្នកធ្វើនៅតែចង់ធ្វើ គឺត្រូវស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីសម្រេចចុងក្រោយ ប៉ុន្តែគាត់អត់បានធ្វើតាមច្បាប់ទេ គឺគាត់ធ្វើតាមទម្លាប់ និងបទបញ្ជា ខ្ញុំគិតថាវាជាការរំលោភមួយ»។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ថ្លែងថា លិខិតរបស់សាលារាជធានីភ្នំពេញ គឺជាលិខិតដែលឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់ និងការសម្រេចចិត្តរបស់ស្ថាប័ន ដូច្នេះប្រហែលជាគ្មានការផ្លាស់ប្ដូរអ្វីនោះទេ៖ «ក្នុងការមិនអនុញ្ញាតឲ្យគាត់ជួបជុំនៅសួនច្បារសាធារណៈ ហើយនិងដង្ហែក្បួនតាមផ្លូវ យើងបានជម្រាបជូននៅក្នុងកម្មវត្ថុ និងមូលហេតុរបស់លិខិតហើយ បើទោះជាការពិភាក្សាអ្វីផ្សេងទៀត ក៏វានៅតែមិនឋិតនៅក្នុងក្របខ័ណ្ឌនៃការអនុញ្ញាតនោះទេ។ គាត់អាចធ្វើបាន តែយើងមិនជំទាស់នឹងការប្រារព្ធពិធីនោះទេ។ យើងក៏សាទរដោយវិធីសាស្ត្រផ្សេង ដោយធ្វើនៅទីតាំងដែលមិនមានប៉ះពាល់ដល់អ្នកដទៃ»។
លិខិតសាលារាជធានីភ្នំពេញ ចុះហត្ថលេខាដោយលោកអភិបាលរង ឃួង ស្រេង បានសរសេរថា សាលារាជធានីភ្នំពេញអនុញ្ញាតឲ្យរៀបចំនៅទីស្នាក់ការរបស់ខ្លួន ឬទីតាំងឯកជន ដោយមិនអនុញ្ញាតឲ្យហែក្បួនឡើយ។ ក្នុងករណីនៅមានការជួបជុំ ឬហែក្បួនតាមដងផ្លូវ បណ្ដាលឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ទិវាពលកម្មអន្តរជាតិ ១ ឧសភា ខួបលើកទី១៣១ ឆ្នាំ២០១៧ រៀបចំឡើងក្រោមប្រធានបទ បញ្ហាប្រឈមរបស់កម្មករក្នុងការអនុវត្តច្បាប់សហជីព។ ក្នុងពិធីនេះ សហព័ន្ធមកពីវិស័យកាត់ដេរ សំណង់ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ដឹកជញ្ជូន និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ គ្រោងនឹងជួបជុំគ្នាជាង ៣ពាន់នាក់ នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ី.ឌី.ស៊ី (CDC) នៅម៉ោង ៧ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១ ឧសភា ថ្លែងសារអំពីទុក្ខលំបាករបស់កម្មករ បន្ទាប់មកហែក្បួនលើកបដាតាមដងវិថីមាត់ទន្លេ រួចឆ្ពោះទៅដាក់ញត្តិនៅរដ្ឋសភា ឲ្យដោះស្រាយបញ្ហានានា។
ក្រៅពីនេះ ក៏មានសហជីពមួយចំនួនជូនដំណឹងអំពីការប្រារព្ធពិធីថ្ងៃទី១ ឧសភា ដែរ ដោយខ្លះចង់ជួបជុំគ្នាដើរក្បួននៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅក្រសួងការងារ និងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ជាដើម សាលារាជធានីភ្នំពេញយល់ព្រមឲ្យធ្វើធម្មតា ប៉ុន្តែមិនអនុញ្ញាតឲ្យហែក្បួនដូចគ្នា៕