សមាជិកសភាអាស៊ាន (APHR) បានអំពាវនាវនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ឲ្យមេដឹកនាំរដ្ឋ និងរដ្ឋាភិបាលអាស៊ានទាំងអស់ ត្រូវដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ជាបន្ទាន់មួយ ពិសេសបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ដែលប្រទេសមួយចំនួនក្នុងតំបន់កំពុងតែបំផ្លាញសិទ្ធិមនុស្ស និងជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ។
សមាជិកសភាអាស៊ានមួយក្រុមដែលធ្វើការដើម្បីសិទ្ធិមនុស្ស បានចេញសេចក្ដីថ្លែងការណ៍អំពាវនាវឲ្យមេដឹកនាំអាស៊ានដែលកំពុងប្រឈមនឹងបញ្ហារំលោភសិទ្ធិមនុស្ស និងវិបត្តិប្រជាធិបតេយ្យនៅតំបន់អាស៊ីអាគ្នេយ៍នោះ ត្រូវតែចាត់វិធានការជាបន្ទាន់មួយ ដើម្បីពង្រឹងយន្តការថ្នាក់តំបន់ក្នុងការស្វែងរកដំណោះស្រាយដ៏សមស្របមួយ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ចាប់ផ្ដើមពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ មេសា ដែលគេរៀបចំឡើងនៅទីក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីន (Philippines)។
សមាជិកសភាទាំងនេះព្រមានថា បើសិនជាមេដឹកនាំអាស៊ានបរាជ័យក្នុងការដោះស្រាយលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គឺជាការបរាជ័យក្នុងការទទួលបានជោគជ័យរយៈពេលវែង ដែលគេនឹងប្រារព្ធពិធីរំឭកខួបលើកទី៥០ នៅក្នុងឆ្នាំ២០១៧ នេះ។
លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ជាប្រធានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស និងជាសមាជិកសភាម៉ាឡេស៊ី បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី២៦ មេសា ថា ការសឹករិចរិលនៃលទ្ធិប្រជាធិបតេយ្យ និងការគំរាមកំហែងការគោរពសិទ្ធិមនុស្ស គឺធ្វើឲ្យប៉ះពាល់ដល់ការវិវឌ្ឍន៍ដំណើរការសមាហរណកម្មអាស៊ាន និងកាន់តែធ្វើឲ្យប្លុកទន់ខ្សោយនៅក្នុងតំបន់ ដែលផ្ទុយពីការអះអាងរបស់មេដឹកនាំអាស៊ានដែលថាយកប្រជាជនជាធំនោះ។
លោកបានសង្កត់ធ្ងន់ថា «យើងកំពុងមើលឃើញនិន្នាការក្នុងតំបន់មានបញ្ហាជាច្រើន ដូចជាសង្គមស៊ីវិល និងសំឡេងជំទាស់ រួមទាំងអ្នកតំណាងរាស្ត្រកំពុងត្រូវបានយាយី និងចាប់ដាក់ពន្ធនាគារ សហគមន៍ដែលបាត់បង់ឱកាសស្ថិតនៅក្រោមការវាយលុកពីកម្លាំងសន្តិសុខ និងក្រុមសាសនាជ្រុលនិយម កំពុងត្រូវបានប្រើសម្រាប់គោលបំណងនយោបាយដ៏អាក្រក់។ ហើយកិច្ចប្រជុំកំពូលអាស៊ាននេះ គឺជាទីកន្លែងដែលយកបញ្ហាទាំងនេះមកពិភាក្សា ដេញដោលគ្នា រហូតដល់ទីបញ្ចប់ ត្រូវឆ្លើយតបក្នុងកម្រិតតំបន់រួមមួយ»។
រីឯអនុប្រធានសមាជិកសភាអាស៊ាន (APHR) អ្នកស្រី មូរ សុខហួរ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ក្នុងនាមជាតំណាងរាស្ត្រជាប់ឆ្នោត អ្នកស្រីជំរុញឲ្យប្រមុខរដ្ឋាភិបាលបញ្ចូលយន្តការពិគ្រោះយោបល់គ្នាឲ្យរឹងមាំនៅថ្នាក់តំបន់ ដែលបានចូលរួមសំឡេងទាំងអស់ រួមទាំងស្ត្រី យុវជន និងអនុញ្ញាតឲ្យសង្គមស៊ីវិលមានឱកាសប្រតិបត្តិការដោយសេរីនៅគ្រប់ប្រទេសក្នុងតំបន់អាស៊ានទាំងអស់ ដោយគ្មានការជ្រៀតជ្រែកពីរដ្ឋាភិបាល។
ក្រៅពីនេះទៀត ក្រុមសមាជិកសភាបានសម្ដែងការព្រួយបារម្ភអំពីចំនួននៃការអភិវឌ្ឍថ្នាក់តំបន់ ក្នុងនោះរួមមាន ការបង្កើនការរឹតបន្តឹងរបស់រដ្ឋាភិបាលលើសេរីភាពនៃការបញ្ចេញមតិ សមាគម និងការរឹតត្បិតក្នុងការជួបប្រជុំ ការគំរាមកំហែងដល់សង្គមស៊ីវិល និងការបាញ់សម្លាប់ក្រៅប្រព័ន្ធតុលាការ ជាដើម។
ឆ្លើយតបនឹងការព្រួយបារម្ភនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច លោក សុខ ឥសាន យល់ស្របចំពោះការអំពាវនាវនេះ ប៉ុន្តែលោកអះអាងថា ការអនុវត្តរបបប្រជាធិបតេយ្យនៅកម្ពុជា គ្មានធ្លាក់ចុះទេ។ រីឯការរំលោកសិទ្ធិមនុស្សវិញ លោកលើកឡើងថា ប្រទេសណាក៏មានការរំលោភសិទ្ធិមនុស្សដែរ៖ «ការបាញ់សម្លាប់មានដូចតែគ្នាទេ មានទាំងខ្មែរ ទាំងអាមេរិក ហើយហ្វីលីពីន ហ្នឹងមានច្រើនជាងគេផង»។
ទោះបីជាបែបនេះក្ដី ក្រុមសមាជិកសភាអាស៊ាននេះ ក៏ធ្លាប់បានចេញរបាយការណ៍ស្រាវជ្រាវរបស់ខ្លួនកាលពីចុងខែមីនា រកឃើញថា ប្រព័ន្ធនយោបាយកម្ពុជា កំពុងប្រឈមនឹងវិបត្តិភាពស្របច្បាប់ និងគំរាមដល់ភាពអន្តរាយរបស់ប្រទេស ដែលលទ្ធិប្រជាធិបតេយ្យកំពុងតែផុយស្រួយ។
របាយការណ៍របស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ដែលចេញចុងក្រោយនៅថ្ងៃទី២០ មីនា ដោយដាក់ចំណងជើងថា «ការវាយប្រហារសមាជិកសភា និងការគំរាមកំហែងស្ថាប័នកម្ពុជា គឺជាសំឡេងជួងមរណៈសម្រាប់ប្រជាធិបតេយ្យនៅកម្ពុជា»។ របាយការណ៍នេះចេញបន្ទាប់ពីក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) មួយក្រុម ដែលរួមមានសមាជិកសភាមកពីប្រទេសម៉ាឡេស៊ី និងសមាជិកសភាហ្វីលីពីន ផង បញ្ចប់បេសកកម្មស្វែងរកការពិតមួយនៅប្រទេសកម្ពុជា។ របាយការណ៍នេះចងក្រង និងវិភាគលើរលកវាយប្រហារសមាជិកសភា រួមទាំងការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ ការរំលោភនីតិវិធីជុំវិញអភ័យឯកសិទ្ធិសភា និងការរំលោភបំពានលើរូបរាងកាយ។
សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) គឺជាកម្លាំងអន្តរាគមន៍សិទ្ធិមនុស្សមួយនៃសមាជិក និងអតីតសមាជិកសភា ដែលប្រើប្រាស់តួនាទីរបស់ខ្លួន និងតាមមធ្យោបាយកែលំអដើម្បីបង្ការកុំឲ្យមានការរើសអើង ដើម្បីលើកកម្ពស់សេរីភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទូទាំងតំបន់។
អ្នកស្រី មូរ សុខហួរ ជំរុញរដ្ឋាភិបាលត្រូវមានការទទួលខុសត្រូវរបស់ខ្លួន ដើម្បីការពារប្រជាជនអាស៊ានទាំងអស់ ជាពិសេសក្រុមដែលងាយរងគ្រោះបំផុត ហើយរដ្ឋាភិបាលត្រូវតែធានាថា យន្តការថ្នាក់ជាតិ និងថ្នាក់តំបន់ទទួលខុសត្រូវចំពោះការការពារសិទ្ធិមនុស្ស គឺដោយគ្មានការជ្រៀតជ្រែកពីរដ្ឋាភិបាល និងមានការកំណត់ក្នុងការស៊ើបអង្កេតលើការរំលោភសិទ្ធិមនុស្សដោយឯករាជ្យ។ ហើយតុលាការ ត្រូវតែជាប្រព័ន្ធមួយដែលឯករាជ្យ និងជាស្ថាប័នមួយដែលជាទីជឿទុកចិត្តពីប្រជាពលរដ្ឋ។
ចំពោះអនុប្រធានសមាជិកសភាអាស៊ាន លោក អ៊ីវ៉ា ស៊ុនដារី (Eva Sundari) និងជាសមាជិកសភាឥណ្ឌូនេស៊ី បញ្ជាក់ថា អាស៊ានចាំបាច់ត្រូវមានសហគមន៍មួយក្នុងតំបន់ដែលឈរលើមូលដ្ឋានយកប្រជាពលរដ្ឋជាធំ។ ហើយកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នេះ ជាការផ្ដល់ឱកាសសម្រាប់មេដឹកនាំអាស៊ាន ដើម្បីបញ្ជាក់ជំហរឲ្យកាន់តែច្បាស់ថា តើពួកគេត្រូវឈរនៅទីតាំងណា?៕