មន្ត្រីរដ្ឋាភិបាលកម្ពុជា ថ្លែងថា គម្រោងកាត់ជំនួយអន្តរជាតិរបស់សហរដ្ឋអាមេរិក មានផលប៉ះពាល់តិចតួចចំពោះកម្មវិធីរបស់រដ្ឋាភិបាល។ ផ្ទុយទៅវិញ វាអាចប៉ះពាល់ទៅអង្គការមិនមែនរដ្ឋាភិបាលដែលទទួលលុយពីសហរដ្ឋអាមេរិកនោះ។
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកគោរពការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលគ្រោងកាត់ជំនួយអន្តរជាតិមកកម្ពុជា និងប្រទេសដទៃទៀត ព្រោះសហរដ្ឋអាមេរិក បង្ហាញពិភពលោកថាខ្លួនមានវិបត្តិថវិកាជាតិ។
លោកបញ្ជាក់បន្ថែមថា ការប៉ះពាល់តិចតួច ក៏ព្រោះជំនួយនេះជួយផ្នែកកំណែទម្រង់រដ្ឋបាល និងវិស័យសង្គម ហើយធ្លាក់ផ្ទាល់ទៅលើអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើកិច្ចការការងារនេះ។ លោកថា ជំនួយនេះមិនបានជួយបង្កើនសេដ្ឋកិច្ចកម្ពុជា ទេ៖ «ការផ្អាកជំនួយនេះ ជាសារមួយប្រាប់ថា កម្ពុជា ដល់កម្រិតមួយដែលអាចរស់ខ្លួនឯងបានដោយឯករាជ្យ ពីព្រោះក្នុងរយៈពេល ២០ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហ្នឹង បានធ្វើឲ្យកម្ពុជា ហ្នឹងមានកំណើនផលិតផលក្នុងស្រុក គឺ ៧% ជាង។ អាហ្នឹងហើយដែលមិនមែនគ្រាន់តែសហរដ្ឋអាមេរិក ទេ សូម្បីតែក្នុងការខ្ចីបុលក្រៅពីប្រទេសចិន ការខ្ចីបុលអត្រាការប្រាក់ខ្ពស់ ដោយសារគេថាកម្ពុជា ហ្នឹងមានចំណូលជាមធ្យមរួចស្រេចទៅហើយ។ អាហ្នឹងមិនមានប្រសិទ្ធភាពអីប៉ះពាល់ដល់កម្ពុជា នោះទេ។ អាហ្នឹងអាចប៉ះពាល់ទៅលើអង្គការមិនមែនរដ្ឋាភិបាល ដែលលោកទទួលលុយផ្ទាល់ពីសហរដ្ឋអាមេរិក»។
ទាក់ទងបញ្ហានេះ ត្រូវបានប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត អះអាងថា ថវិការបស់អង្គការមិនមែនរដ្ឋាភិបាល មានមកពីប្រភពផ្សេងៗគ្នា។ ដូច្នេះ អង្គការមិនមែនរដ្ឋាភិបាលមិនសូវរងផលប៉ះពាល់ប៉ុន្មានទេ។ ផ្ទុយទៅវិញ គឺប៉ះពាល់ខ្លាំងលើគម្រោងរបស់រដ្ឋាភិបាល៖ «ភាគច្រើនប៉ះលើរដ្ឋាភិបាល ដូចជាវិស័យយោធា ដូចជាគម្រោងផ្សេងៗទៀត សម្រាប់រាជរដ្ឋាភិបាល។ អ៊ីចឹងបើសិនជាសហរដ្ឋអាមេរិក ផ្ដាច់ យើងក៏មានការសោកស្ដាយដែរ ពីព្រោះជំនួយរបស់សហរដ្ឋអាមេរិកនេះ ក៏ចូលរួមអភិវឌ្ឍប្រទេសកម្ពុជា យើងដែរ ទោះជានៅក្នុងរដ្ឋាភិបាលក្ដី អ៊ិន.ជី.អូ (NGO) ក្ដី។ ប៉ុន្តែខ្ញុំគិតថា អ៊ិន.ជី.អូ មិនសូវជាប៉ះ ហើយសំខាន់ជំនួយរបស់សហរដ្ឋអាមេរិកនេះ ក៏វាជួយជំរុញផ្នែកលទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និយាយទៅសម្រាប់ប្រព័ន្ធនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្រៅពីការពង្រឹងលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ ហើយនិងសិទ្ធិមនុស្សហ្នឹង ក៏មានគម្រោងចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា យើងផងដែរ»។
លោក ផៃ ស៊ីផាន ទទួលស្គាល់ថា ការកាត់ជំនួយនេះពិតជាមានផលប៉ះពាល់គម្រោងក្នុងវិស័យសុខភាព និងវិស័យផ្សេងៗមួយចំនួនដែរ ប៉ុន្តែដោយសារទទួលស្គាល់ការលំបាករបស់សហរដ្ឋអាមេរិក កម្ពុជា ត្រូវប្រឹងដោយខ្លួនឯង និងពឹងលើអ្វីដែលខ្លួនមាន។ លោកបញ្ជាក់ទៀតថា កម្ពុជា មានជំនួយហិរញ្ញវត្ថុពីប្រភពផ្សេងៗ ជាពិសេសកម្ចីការប្រាក់ថោកពីប្រទេសចិន ដើម្បីទិសដៅអភិវឌ្ឍន៍ និងពង្រឹងសេដ្ឋកិច្ចរំដោះខ្លួនចេញពីប្រទេសចំណូលទាប ទៅចំណូលមធ្យម៖ «ហេតុដូចម្ដេចបានជាយើងយកជាមួយចិន ដែលមានជំនួយ និងកម្ចីប្រាក់ច្រើន? ពីព្រោះចិន គេមិនដាក់តម្លៃរបស់កម្ពុជា ហ្នឹងទៅក្នុងការប្រាក់ខ្ពស់ទេ។ ទាបជាងគេបំផុត ឬក៏អត់មានយកការប្រាក់ផង ឬជាជំនួយអត់សំណង។ ហេតុដូច្នេះហើយបានជាយើងប្រើប្រាស់ឲ្យចំទិសដៅ គឺពង្រឹងហេដ្ឋារចនាសម្ព័ន្ធរបស់យើង ដែលជាមូលដ្ឋានគ្រឹះនៃការធ្វើចរាចរណ៍ផលិតផលនៅក្នុងស្រុក ចេញពីទីប្រជុំជនទៅដល់ជនបទឲ្យបានធ្វើដំណើរថោក ការជញ្ជូនផលិតផលថោក ឬក៏យកពីជនបទមកទីក្រុងវិញ តាមទីផ្សារដោយតម្លៃថោកហ្នឹងឯង។ យើងយកមកប្រើប្រាស់សំខាន់បំផុត គឺបញ្ហាសុវត្ថិភាពថាមពល ការតភ្ជាប់ និងការពង្រឹងសមត្ថភាពរបស់យើង ដើម្បីចូលរួមនៅក្នុងវិស័យពាណិជ្ជកម្ម សហគមន៍ពាណិជ្ជកម្មនៅក្នុងតំបន់របស់យើង»។
ទោះជាយ៉ាងនេះក្ដី ទស្សនាវដ្ដីគោលនយោបាយការបរទេស (Foreign Policy Magazine) របស់សហរដ្ឋអាមេរិក ដែលផ្សាយកាលពីថ្ងៃទី២៤ មេសា បង្ហាញថា គម្រោងជំនួយដល់ប្រទេសកម្ពុជា សម្រាប់ឆ្នាំ២០១៨ ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ (Donald Trump) គ្រោងកាត់បន្ថយមានរហូតដល់ជាង ៧០% (៧០,៥%)។ តួលេខនេះ នឹងធ្វើឲ្យកម្ពុជា បាត់បង់ថវិកាជំនួយរហូតជាង ៥៤លានដុល្លារអាមេរិក។ កម្ពុជា ធ្លាប់ទទួលបានជំនួយពីអាមេរិកសរុបជាង ៧៧លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៦ កន្លងទៅ៕