អ្នកសង្កេតការណ៍គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា អង្គការខុមហ្វ្រែល (COMFREL) ប្រចាំខេត្តរតនគិរី អំពាវនាវឲ្យក្រុមការងារចែកប័ណ្ណព័ត៌មានបោះឆ្នោតប្រកាន់ជំហរអព្យាក្រឹត ដើម្បីចែកប័ណ្ណជូនប្រជាពលរដ្ឋដោយគ្មានការរើសអើងគណបក្សនយោបាយ។
អ្នកឃ្លាំមើលការចែកប័ណ្ណព័ត៌មានបោះឆ្នោតជូនប្រជាពលរដ្ឋនៅខេត្តរតនគិរី បញ្ជាក់ថា ជាងមួយសប្ដាហ៍កន្លងទៅនេះ មិនមានបាតុភាពអ្វីកើតមានក្នុងការចែកប័ណ្ណព័ត៌មាននេះទេ។
លេខាអង្គការខុមហ្វ្រែលប្រចាំខេត្តរតនគិរី លោក ជួន ភីនដារ៉ា បញ្ជាក់នៅថ្ងៃទី២៥ ខែមេសា ថា នៅសង្កាត់ឡាបានសៀក ក្រុងបានលុង ដែលមានប្រជាពលរដ្ឋរស់នៅច្រើន ការចែកប័ណ្ណព័ត៌មានបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងបានលទ្ធផលជាង ៤០ភាគរយនៃតួលេខអ្នកចុះឈ្មោះបោះឆ្នោតក្នុងឃុំចំនួនជាង ៦ពាន់នាក់។
លោកកត់សម្គាល់ថា ក្រុមការងារចុះចែកប័ណ្ណព័ត៌មានបោះឆ្នោតរួមមាន មេភូមិ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្ត្រីឃុំ-សង្កាត់រៀបចំការបោះឆ្នោត ហេតុនេះមន្ត្រីទាំងនោះត្រូវប្រកាន់ជំហរអព្យាក្រឹត ចែកប័ណ្ណព័ត៌មានបោះឆ្នោតជូនប្រជាពលរដ្ឋបានទទួលព័ត៌មានគ្រប់គ្រាន់ ដើម្បីទៅចូលរួមបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ៖ «ចៀសវាងការចោទប្រកាន់ផ្សេងៗទាក់ទងការជំរុញ ឬលួចឃោសនាបោះឆ្នោតឲ្យខ្ញុំអ៊ីចឹងណា។ យើងតែងប៉ះពាក្យហ្នឹង ដូច្នេះយើងសំណូមពរកុំឲ្យប្រើប្រាស់ភាពណាមួយដែលច្បាប់ហាមឃាត់»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញគោលការណ៍ឲ្យមន្ត្រីរៀបចំការបោះឆ្នោតឃុំ-សង្កាត់ សហការជាមួយអាជ្ញាធរភូមិ-ឃុំ ចែកប័ណ្ណព័ត៌មានបោះឆ្នោតជូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី១៧ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែឧសភា។ ក្នុងករណីប័ណ្ណនៅសល់ ត្រូវយករក្សាទុកនៅការិយាល័យគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមិនទាន់បានទទួលប័ណ្ណព័ត៌មានបោះឆ្នោតនេះបន្តទៀត។
ទាក់ទិនករណីនេះដែរ អតីតជំទប់ទី១ សង្កាត់ឡាបានសៀក និងជាបេក្ខជនលេខរៀងទី១ ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ របស់គណបក្សសង្គ្រោះជាតិ លោក ម៉ី ឌីន ទទួលស្គាល់ដែរថា រហូតមកទល់ពេលនេះ ការចែកប័ណ្ណព័ត៌មាននៅសង្កាត់ឡាបានសៀក មិនមានបាតុភាពអ្វីនោះទេ ក៏ប៉ុន្តែលោកនៅតែបារម្ភថា ការចែកប័ណ្ណព័ត៌មានបោះឆ្នោតតាមរយៈមន្ត្រីរៀបចំការបោះឆ្នោត និងមន្ត្រីមូលដ្ឋាន ដែលភាគច្រើនជាសមាសភាពគណបក្សកាន់អំណាច នឹងមិនអាចធ្វើឲ្យមានបរិយាកាសបោះឆ្នោតប្រព្រឹត្តទៅដោយអព្យាក្រឹតបានឡើយ បើទោះបីមានអ្នកសង្កេតការណ៍គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ឃ្លាំមើលបញ្ហានេះក្តី។ លោកថា ក្រុមការងារចុះចែកប័ណ្ណព័ត៌មានបោះឆ្នោត គួរមានសមាសភាពសមាជិកគណបក្សនយោបាយដែលបានចុះឈ្មោះចូលរួម ទើបមានតម្លាភាព៖ «អ្នកមិនគាំទ្រគេ គេមិនឲ្យដឹង។ យើងនៅបារម្ភអាហ្នឹង បើសិនអាចសុំ ស្នើសុំឲ្យគណបក្សនយោបាយជួយចែកគ្នាអ៊ីចឹងណា»។
ទោះបីជាយ៉ាងនេះក្តី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី លោក ប៉ែន ឈុនឌី បញ្ជាក់ថា ក្រុមការងារចែកប័ណ្ណព័ត៌មានបោះឆ្នោត រៀបចំឡើងតាមការណែនាំរបស់ គ.ជ.ប។ ដោយឡែកគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល អាចចាត់អ្នកសង្កេតការណ៍ឃ្លាំមើល និងធ្វើរបាយការណ៍ពីភាពអសកម្មរបស់ក្រុមការងារនេះបាន។ លោកបន្តថា រហូតមកទល់នឹងពេលនេះ ការចែកប័ណ្ណព័ត៌មាននៅខេត្តរតនគិរី មិនឃើញមានបាតុភាពអ្វីនៅឡើយ៖ «បទបញ្ជានីតិវិធីគេតម្រូវឲ្យអ៊ីចឹង ឲ្យមានមេភូមិ ក្រុមប្រឹក្សាឃុំ-សង្កាត់ មានគណបក្សនយោបាយជាអ្នកសង្កេតការណ៍ នេះជាបទបញ្ជារបស់ គ.ជ.ប»។
តួលេខរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ មានចំនួនជិត ៩ម៉ឺននាក់ (៨៧.២៧៣នាក់) រហូតមកទល់នឹងថ្ងៃទី២០ ខែមេសា ប្រជាពលរដ្ឋដែលបានទទួលប័ណ្ណព័ត៌មានបោះឆ្នោតមានចំនួនជាង ៣ពាន់នាក់ (៣.១៦៤១នាក់) ស្មើនឹង ៣០ភាគរយនៃតួលេខប្រជាពលរដ្ឋសរុប។
ការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ហើយការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧៕