Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

"បញ្ហា​ល្បែង​ស៊ីសង​បន្ត​​កើត​មាន​នៅ​ខេត្ត​ព្រះសីហនុ"

$
0
0

ប្រជាពលរដ្ឋ និង​អ្នក​ឃ្លាំមើល​ការងារ​អភិវឌ្ឍន៍​សង្គម ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា បទល្មើស​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​បាន​បន្ត​កើត​ឡើង​អនាធិបតេយ្យ ដោយ​គ្មាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។

​អាណាព្យាបាល​បាន​ចោទ​ថា ទីតាំង​មាន​បើក​ល្បែង​ជល់​មាន ភ្នាល់​បាល់ និង​ល្បែង​ឆ្នោត​កន្ទុយលេខ​ជាដើម បន្ត​កើត​មាន​​ដោយ​រលូន​មក​ដល់​ពេល​នេះ ទំនង​ជា​អាច​មាន​សមត្ថកិច្ច​ស្ថាប័ន​ខ្លះ​ជា​អ្នក​កាង​ការពារ ឬ​នៅ​ពី​ក្រោយ​បទល្មើស​ទាំង​នោះ ទើប​មិន​មាន​វិធានការ​បង្ក្រាប។

ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះសីហនុ បញ្ជាក់​ថា សមត្ថកិច្ច​មូលដ្ឋាន​នេះ មិន​ទាន់​អនុវត្ត​គោលនយោបាយ​ភូមិ-​ឃុំ​មាន​សុវត្ថិភាព ដែល​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ដាក់​ឲ្យ​អនុវត្ត មាន​ប្រសិទ្ធភាព​ទេ។ អាណាព្យាបាល​ចោទ​ថា ទីតាំង​បើក​ចាក់​ភ្នាល់​បាល់ សង្វៀន​ជល់​មាន់ និង​ទីតាំង​ចាក់​ឆ្នោត​កន្ទុយលេខ នៅ​បន្ត​បើក​ធ្វើ​អាជីវកម្ម​ជា​ធម្មតា និង​គ្មាន​សមត្ថកិច្ច​បង្ក្រាប​ទេ។

ក្រុម​ប្រជាពលរដ្ឋ​ទទូច​ឲ្យ​កម្លាំង​សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​នេះ ជួយ​បង្ក្រាប​ទីតាំង​ទទួល​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) នៅ​ក្រោយ​រោង​មហោស្រព​ចាស់​ខេត្ត​ព្រះសីហនុ និង​ទីតាំង​ល្បែង​ឆ្នោត​កន្ទុយ​លេខ មាន​ទីតាំង​នៅ​តាម​ទីផ្សារ​មួយ​ចំនួន មាន​ផ្សារលើ និង​ផ្សារ​ពាណិជ្ជកម្ម​ជាដើម។

លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ស្ថាប័ន​របស់​លោក​មិន​ធ្វេសប្រហែស​ក្នុង​ការ​បង្ក្រាប​ទេ។ លោក​បញ្ជាក់​ថា កម្លាំង​នគរបាល​នឹង​ចុះ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ល្បែង​ស៊ីសង​ខុស​ច្បាប់​នា​មូលដ្ឋាន​នេះ។ លោក​ស្នើ​ដល់​ប្រជាពលរដ្ឋ​ជួយ​ផ្ដល់​ព័ត៌មាន​ជុំវិញ​ទីតាំង​មាន​លេងល្បែង​ស៊ីសង និង​ឈ្មោះ​បុគ្គល​ជាប់​ពាក់ព័ន្ធ​បទល្មើស​បើក​ល្បែង​ស៊ីសង​ខុស​ច្បាប់​មក​សមត្ថកិច្ច​ដើម្បី​ឈាន​ដល់​ការ​ចុះ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ល្បែង​ស៊ីសង​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ឲ្យ​មាន​ប្រសិទ្ធភាព។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ខែ​ម្តងៗ ដែល​មាន​មន្ត្រី​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​មក​ចូលរួម តែង​បាន​រំឭក​ដល់​មន្ត្រី ពិសេស​កម្លាំង​សមត្ថកិច្ច​ជំនាញ​ឲ្យ​បន្ត​ចុះ​អនុវត្ត​គោលនយោបាយ​ភូមិ-​ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល ដាក់​ឲ្យ​អនុវត្ត​មាន​ប្រសិទ្ធភាព។

អភិបាល​ខេត្ត​រូប​នេះ បាន​ព្រមាន​ចាត់​វិធានការ​ក្ដៅ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ម្ចាស់​ទីតាំង​ល្បែងភ្នាល់​ខុស​ច្បាប់ មាន​ល្បែង​ជល់​មាន់ ភ្នាល់​បាល់ និង​ឆ្នោត​កន្ទុយលេខ ដែល​មិន​សហការ​ជាមួយ​សមត្ថកិច្ច។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ការ​សង្ស័យ​ទៅ​លើ​កម្លាំង​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ខ្លះ​ថា ទំនង​ជា​អាច​ធ្វើ​ជា​ខ្នងបង្អែក​ឲ្យ​ឈ្មួញ​បើក​លេង​ល្បែង​ភ្នាល់​បាល់ ល្បែង​ជល់​មាន់ និង​ឆ្នោត​កន្ទុយលេខ ជាដើម ទើប​វង់ល្បែង​ស៊ីសង​ទាំង​នោះ​អាច​បន្ត​បើក​ធ្វើ​សកម្មភាព​ដោយ​ចំហ​មក​ដល់​ពេល​នេះ។

អ្នកស្រី ជៀប សុធារី៖ «ខ្ញុំ​សំណូមពរ​ដល់​កម្លាំង​សមត្ថកិច្ច​ថា បើសិនជា​រក​ឃើញ​ទីកន្លែង​ណា​មួយ​មាន​បើក​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ មាន​ល្បែង​ហ្គេម​បាញ់​ត្រី​ជាដើម គឺ​សមត្ថកិច្ច​បង្ក្រាប​បាន​តែ​នៅ​ទីកន្លែង​សាធារណៈ​ទេ ប៉ុន្តែ​ទីកន្លែង​ផ្សេងៗ ដែល​បើក​នៅ​តាម​ផ្លូវ​ក្នុង ឬ​នៅ​តាម​កន្លុកកន្លៀត សមត្ថកិច្ច​មិន​ដែល​បាន​ចូល​ទៅ​បង្ក្រាប​ទេ ហើយ​បាន​បើក​ធ្វើ​អាជីវកម្ម​មក​ដល់​ពេល​នេះ។ ខ្ញុំ​សំណូមពរ បើសិនជា​រក​ឃើញ​ថា មាន​កម្លាំង​សមត្ថកិច្ច​រូប​ណា​បាន​កាង​ការពារ​ទទួល​ផល​ប្រយោជន៍​ពី​ឈ្មួញ​ល្បែង​ស៊ីសង គួរ​ត្រូវ​មាន​ការ​ដាក់​ទោស​ពិន័យ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ទៅ​តាម​ការ​កំណត់​របស់​ច្បាប់ ព្រោះ​វា​ជា​ការ​ចូលរួម​ក្នុង​ការ​ការពារ​ជនល្មើស​ឲ្យ​ប្រព្រឹត្តិ​បទល្មើស»

ទោះ​យ៉ាង​ណា លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ព្រមាន​ដល់​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ មាន​មេឃុំ ចៅ​សង្កាត់ នាយ​ប៉ុស្តិ៍​រដ្ឋបាល និង​អធិការ​ក្រុង​ស្រុក​នានា ឲ្យ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ មាន​ល្បែងភ្នាល់​បាល់ ជល់​មាន់ ល្បែង​កន្ទុយលេខ និង​ល្បែងភ្នាល់​ផ្សេងៗ នៅ​តាម​ផ្ទះល្វែង​ជ្រក​ក្រោម​ស្លាក​បម្រើ​សេវា​អ៊ីនធឺណិត​ជាដើម ដែល​គ្មាន​អាជ្ញាប័ណ្ណ​ឲ្យ​មាន​ប្រសិទ្ធភាព។

យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះសីហនុ មិន​មាន​ជំនឿ​ថា  រដ្ឋបាល​ខេត្ត​នេះ អាច​បង្ក្រាប​បទល្មើស​ល្បែង​ស៊ីសង​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​អ្នក​ញៀន​ល្បែង​ស៊ីសង​ទាំង​នោះ មាន​ទាំង​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ ដោយ​មាន​មន្ត្រី​ខ្លះ​មាន​តួនាទី​ពាក់​ផ្កាយ​លើ​ស្មា ក៏​ញៀន​នឹង​ល្បែង​ចាក់​កន្ទុយ​លេខ និង​ភ្នាល់​បាល់​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles