Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គម្រោង​ភ្លើង​សញ្ញា​ចរាចរណ៍​ថ្មី​នៅ​រាជធានី​ភ្នំពេញ​នឹង​បញ្ចប់​នៅ​ដើម​ឆ្នាំ​២០១៨

$
0
0

គម្រោង​ភ្លើង​សញ្ញា​ចរាចរណ៍​ថ្មី​ដែល​មាន​តម្លៃ ១៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក នឹង​ត្រូវ​បញ្ចប់​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៨។ វិស្វករ​ជប៉ុន បញ្ជាក់​ថា ប្រព័ន្ធ​ភ្លើង​សញ្ញា​ចរាចរណ៍​ថ្មី នឹង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍។ ទោះ​បី​ជា​យ៉ាង​ណា អ្នក​ជំនាញ​ស្នើ​ឲ្យ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព។

វិស្វករ​ជប៉ុន កំពុង​ដំឡើង​ភ្លើង​ស្តុប​ចរាចរណ៍​ចំនួន ១០០ នៅ​ទីតាំង​ដែល​មាន​ការ​កកស្ទះ​ចរាចរណ៍​ទូទាំង​រាជធានី​ភ្នំពេញ និង​ដំឡើង​មជ្ឈមណ្ឌល​បញ្ជា​រួម​មួយ​ក្នុង​សាលា​រាជធានី​ភ្នំពេញ។

គម្រោង​ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​ចៃកា (JICA) មាន​រយៈពេល ២​ឆ្នាំ ចាប់​ពី​ខែ​មីនា ឆ្នាំ​២០១៦ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៨។

អ្នក​ជំនាញ​ជប៉ុន លោក អ៊ីវ៉ាសិ ហ៊ីដិយ៉ាគី (Iwase Hideaki) ទីប្រឹក្សា​បង្កើត​គម្រោង​អង្គការ​ចៃកា (JICA) អះអាង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៤ មេសា ថា ភ្លើង​ស្តុប​ចរាចរណ៍​ថ្មី នឹង​ជួយ​ឲ្យ​ការ​ធ្វើ​ដំណើរ​លឿន​ជាង​មុន ១៤​ភាគរយ ហើយ​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។ លោក​ថា ប្រព័ន្ធ​ដំណើរ​ភ្លើង​ស្តុប​ថ្មី នឹង​ចង​ភ្លើង​ស្តុប​ចរាចរណ៍​ទាំងអស់​ជា​ប្រព័ន្ធ​តែ​មួយ ដែល​ងាយស្រួល​សម្រាប់​បញ្ជា។ ឧទាហរណ៍ ភ្លើង​ស្តុប​នៅ​តាម​អនុ​តំបន់​ពេល​ដែល​វា​លោត​ពណ៌​បៃតង (សម្រាប់​ទៅ) នោះ និង​ស្តុប​បន្ទាប់​នឹង​លោត​ពណ៌​បៃតង (សម្រាប់​ទៅ) ដែរ ហើយ​ប្រព័ន្ធ​នេះ​ក៏​អនុញ្ញាត​ឲ្យ​គេ​កំណត់​រយៈពេល​លោត​ភ្លើង​សញ្ញា​ចរាចរណ៍​តាម​ការ​ចង់​បាន។

រាជធានី​ភ្នំពេញ មាន​ប្រជាជន​ប្រមាណ ២​លាន​នាក់ និង​ម៉ូតូ​ប្រមាណ ១​លាន ៥​សែន​គ្រឿង និង​រថយន្ត ៤០​ម៉ឺន​គ្រឿង។

អនុប្រធាន​មន្ទីរ​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ លោក ជូ គឹមទ្រី បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ការ​កើន​ឡើង​នូវ​ពលរដ្ឋ និង​មធ្យោបាយ​ធ្វើ​ដំណើរ កំពុង​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ជួប​ប្រទះ​នឹង​ការ​កកស្ទះ​ចរាចរណ៍​ធ្ងន់ធ្ងរ ពិសេស​នៅ​ស្តុប​កាណាឌីយ៉ា ស្តុប​ផ្លូវ​សាលដឺហ្គោល កែង​នឹង​ផ្លូវ​មុនីវង្ស ស្តុប​នាង​គង្ហីង ស្តាត​អូឡាំពិក ជាដើម។

បន្ថែម​ពី​លើ​នេះ អ្នក​ជំនាញ​ជប៉ុន លោក អ៊ីវ៉ាសិ ហ៊ីដិយ៉ាគី ពន្យល់​ថា ឥរិយាបថ​របស់​អ្នក​បើកបរ​ដែល​មិន​គោរព​ច្បាប់ ដូចជា​មិន​គោរព​ភ្លើង​សញ្ញា និង​សញ្ញា​ចរាចរណ៍ និង​ការ​ចត​យានយន្ត​លើ​ដង​ផ្លូវ សុទ្ធសឹងតែ​រួម​ចំណែក​ធ្វើ​ឲ្យ​ភ្នំពេញ​ក្លាយ​ជា​ទីក្រុង​កកស្ទះ​ចរាចរណ៍​ខ្លាំង។

លោក ជូ គឹមទ្រី ឆ្លើយតប​ថា អាជ្ញាធរ​កំពុង​ខិតខំ​អនុវត្ត​ច្បាប់​តាម​រយៈ​ការ​ផាក​ពិន័យ និង​រឹត​បន្តឹង​ច្បាប់​បន្ថែម​ទៀត។

អង្គការ​ចៃកា ជឿជាក់​ថា គម្រោង​ភ្លើង​សញ្ញា​ចរាចរណ៍​ថ្មី នឹង​ជួយ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ ហើយ​ស្នើ​ដល់​អាជ្ញាធរ​កែលំអ​បណ្ដាញ​ផ្លូវ រៀបចំ​ចំណត​យានយន្ត និង​ផ្លូវ​ថ្មើរ​ជើង​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​និង​ស្នើ​ឲ្យ​អ្នក​បើកបរ​ផ្លាស់ប្ដូរ​ឥរិយាបថ​ពេល​បើកបរ ដោយ​ត្រូវ​គោរព​តាម​ច្បាប់​ចរាចរណ៍។

បច្ចុប្បន្ន ភ្លើង​សញ្ញា​ចរាចរណ៍​ចំនួន​១២ ក្នុង​ចំណោម​១០០ កំពុង​ដាក់​ឲ្យ​ដំណើរការ​ហើយ ហើយ​នៅ​ពេល​ប្រព័ន្ធ​ថ្មី​ដាក់​ឲ្យ​ដំណើរការ បង្គោល​ភ្លើង​ស្តុប​ចាស់ នឹង​ត្រូវ​ដក​ចេញ។ ប្រព័ន្ធ​ភ្លើង​ស្តុប​ថ្មី នឹង​ដំណើរការ ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ ៧​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles